ដំណើររឿង​ក្នុង​ព្រះគម្ពីរ
គ្រួសារ ណៃត៍ និង​អ្នកដទៃ​ទៀត​ប្រមូលផ្តុំ​គ្នា​ទៅ​ស៊ីយ៉ូន


« គ្រួសារ ណៃត៍ និង​អ្នកដទៃ​ទៀត​ប្រមូលផ្តុំ​គ្នា​ទៅ​ស៊ីយ៉ូន » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា ( ឆ្នាំ២០២៤ )

« គ្រួសារ ណៃត៍ និង​អ្នកដទៃ​ទៀត​ប្រមូលផ្តុំ​គ្នា​ទៅ​ស៊ីយ៉ូន » ដំណើររឿង​ព្រះគម្ពីរ​គោលលទ្ធិ និង​សេចក្ដី​សញ្ញា

ខែធ្នូ ឆ្នាំ១៨៣០–ខែសីហា ឆ្នាំ១៨៣១

3:16

គ្រួសារ ណៃត៍ និង​អ្នកដទៃ​ទៀត​ប្រមូលផ្តុំ​គ្នា​ទៅ​ស៊ីយ៉ូន

ការគោរព​តាម​ការហៅ​របស់​ព្រះអម្ចាស់

ពូលី និង យ៉ូសែប ណៃត៍ ផ្លាស់​លំនៅ​ទៅកាន់​រដ្ឋ​អូហៃអូ​ជាមួយ​ពួកបរិសុទ្ធ​ផ្សេងទៀត ។

ពូលី និង យ៉ូសែប ណៃត៍ បានរស់នៅ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគាត់​នៅ​ទីក្រុង​នូវយ៉ោក ។ ពួកគាត់​ស្គាល់​ព្យាការី​យ៉ូសែប​ច្បាស់ ។ បន្ទាប់ពី​រៀន​ដំណឹងល្អ ពួកគាត់​បានជ្រើសរើស​ដើម្បី​ចូលរួម​ក្នុង​សាសនាចក្រ ។ នៅពេល​ដែល​ព្រះអម្ចាស់​សុំ​ឲ្យ​ពួកបរិសុទ្ធ​ផ្លាស់​លំនៅ​ទៅ​រដ្ឋ​អូហៃអូ គ្រួសារ ណៃត៍ បាន​គោរព​តាម ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៣៧; Saints ១:៣៣, ៩៤, ១០៩–១១០

លីម៉ាន ខូព្លី ស្វាគមន៍​ពួកបរិសុទ្ធ​នៅ​រដ្ឋ​អូហៃអូ ។

គ្រួសារ ណៃត៍ សប្បាយចិត្ដ​នៅពេល​ពួកគាត់​បានមកដល់​រដ្ឋ​អូហៃអូ ។ លីម៉ាន ខូព្លី ជា​សមាជិក​នៃ​សាសនាចក្រ បាននិយាយ​ថា​ពួកបរិសុទ្ធ​មួយ​ចំនួន​អាច​រស់នៅ​លើ​ដី​របស់​គាត់​បាន ។ នៅទីនោះ​មាន​ទីធ្លា​គ្រប់គ្រាន់​ដើម្បី​ដាំ​ដំណាំ និង​សាងសង់​ផ្ទះ ។ យ៉ូសែប ណៃត៍ និង​កូនប្រុស​របស់​គាត់ បាន​ខិតខំ​កាប់គាស់​ដី​ដើម្បី​ត្រៀម​សម្រាប់​ការដាំដុះ ។

Saints ១:១២៦–១២៧

ពួកបរិសុទ្ធ​បានចាកចេញ​ពី​ដី​របស់ លីម៉ាន ខូព្លី ។

ប៉ុន្ដែ​ថ្ងៃមួយ លីម៉ាន​បានផ្លាស់ប្ដូរ​ចិត្ដ​ទាក់ទង​នឹង​ដី​របស់​គាត់ ។ គាត់​មិន​ចង់​ឲ្យ​ពួកបរិសុទ្ធ​រស់នៅ​ទីនោះ​ទៀតទេ ។ គាត់​បានប្រាប់​ឲ្យ​គ្រួសារ ណៃត៍ និង​គ្រប់គ្នា​ចាកចេញ ។

Saints ១:១២៧

ពួកបរិសុទ្ធ​សួរ​ទៅកាន់ យ៉ូសែប ស្ម៊ីធ តើ​ពួកគេ​គួរ​ធ្វើ​បែបណា ។

ពួកបរិសុទ្ធ​បាន​មាន​ការព្រួយ​បារម្ភ ។ ឥឡូវនេះ ពួកគេ​មិនមាន​កន្លែង​រស់នៅ​ទេ ។ ពួកគេ​បានសួរ​ព្យាការី​យ៉ូសែប ថា​តើ​ពួកគេ​គួរ​ធ្វើ​បែបណា ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៤; Saints ១:១២៧

យ៉ូសែប​ប្រាប់​ពួកបរិសុទ្ធ​ឲ្យ​ទៅ​រដ្ឋ​មិសសួរី ដើម្បី​ស្ថាបនា​ស៊ីយ៉ូន ។

ព្រះអម្ចាស់​បានមាន​បន្ទូល​ថា ពួកបរិសុទ្ធ​ទាំងនេះ​គួរតែ​ទៅ​រដ្ឋ​មិសសួរី ដើម្បី​ស្ថាបនា​ស៊ីយ៉ូន ។ ស៊ីយ៉ូន​នឹងក្លាយ​ជា​ទីក្រុង​មួយ​ដែល​រាស្ដ្រ​របស់​ព្រះអម្ចាស់​អាច​ប្រមូលផ្ដុំ​គ្នា​បាន ។ នៅ​ស៊ីយ៉ូន ពួកគេ​នឹង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ជា​កន្លែង​ដែល​ពួកគេ​នឹង​ធ្វើ​សេចក្ដី​សញ្ញា ឬ​ការសន្យា​ជាមួយ​នឹង​ព្រះ ។ ទ្រង់​នឹង​ប្រទានពរ​ដល់​ពួកគេ ប្រសិនបើ​ពួកគេ​រក្សា​សេចក្ដី​សញ្ញា​ទាំងនេះ ។ គ្រួសារ ណៃត៍ មាន​សេចក្តី​រំភើប​ក្នុង​ការធ្វើ​ដំណើរ​ទៅ ។

គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៩:១–៨; ៤២:៣០–៣៦; ៤៥:៥៩–៦៦; ៥៤:៦–៩; ៥៧:១–២; Saints ១:១២៨

គ្រួសារ​របស់​ពូលី​ថែទាំ​គាត់​នៅតាម​ផ្លូវ​ទៅ​រដ្ឋ​មិសសួរី ។

កាល​ដែល​គ្រួសារ ណៃត៍ បានធ្វើ​ដំណើរ​ទៅ​រដ្ឋ​មិសសួរី ពូលី​បាន​ឈឺ​ធ្ងន់ ។ ស្វាមី​របស់​គាត់ យ៉ូសែប និង​កូនប្រុស​គាត់​ព្រួយចិត្ដ​ថា​គាត់​នឹង​មិនអាច​រស់នៅ​បានយូរ​ទៀត​ទេ ។ ប៉ុន្ដែ​ពូលី​បាន​ប្រាប់​គ្រួសារ​គាត់​ថា គាត់​ចង់នៅ​ស៊ីយ៉ូន មុនពេល​គាត់​ស្លាប់ ។ គាត់​ចង់បាន​ការណ៍​នេះ​ច្រើន​ជាង​អ្វីៗ​ទាំងអស់ ។

Saints ១:១២៨

គ្រួសារ ណៃត៍ បានមក​ដល់​រដ្ឋ​មិសសួរី ។

បន្ទាប់ពី​ការធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ គ្រួសារ ណៃត៍ បានមក​ដល់​មិសសួរី ។ ពូលី​បានមាន​អំណរគុណ​យ៉ាងខ្លាំង​ចំពោះ​ព្រះអម្ចាស់ ដែល​គាត់​អាចមាន​ជីវិត​ដើម្បី​មក​ឃើញ​ដែនដី​នេះ ។ គ្រួសារ ណៃត៍ គិតថា​ដែនដី​នេះ​គឺ​ស្រស់ស្អាត​ណាស់ ។ ពួកគាត់​មាន​សេចក្ដី​ជំនឿ​ថា ពួកគាត់​អាច​រក្សា​បទបញ្ញត្ដិ​របស់​ព្រះអម្ចាស់​ដើម្បី​ស្ថាបនា​ស៊ីយ៉ូន​នៅទីនោះ​បាន ។

Saints ១:១៣២

ពួកបរិសុទ្ធ​ដាក់​ថ្ម​មួយ​ដុំ​ដើម្បី​សម្គាល់​ទីកន្លែង​ដែល​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នឹងត្រូវ​សាងសង់ ។

ពួកបរិសុទ្ធ​បានពោល​ពាក្យ​ការអធិស្ឋាន​ពិសេស​មួយ ហើយ​បានហៅ​ដែនដី​ស៊ីយ៉ូន ថា​ជា​ទីកន្លែង​ដែល​រាស្ដ្រ​របស់​ព្រះអម្ចាស់​នឹង​មក ។ ព្យាការី​យ៉ូសែប​បានដាក់​ដុំ​ថ្ម​មួយ​ដុំ​ដើម្បី​សម្គាល់​ទីតាំង​របស់​ព្រះវិហារ​បរិសុទ្ធ ។ ប៉ុន្មាន​ថ្ងៃ​ក្រោយមក ពូលី​បានស្លាប់ ។ ព្រះអម្ចាស់​បានសន្យា​ថា ពួកបរិសុទ្ធ​ដែលបាន​មកដល់​ស៊ីយ៉ូន ហើយ​ស្លាប់​នឹង​បាន​សម្រាក​នៅឯ​ស្ថានសួគ៌ ។

គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:១–២; Saints ១:១៣២–១៣៣