« អេលីយ៉ា អេប៊ល » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« អេលីយ៉ា អេប៊ល » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ឆ្នាំ១៨៣៨
អេលីយ៉ា អេប៊ល
បេសកកម្មនៃសេចក្តីជំនឿ និងភាពក្លាហាន
ព្រះអម្ចាស់បានហៅបុរសម្នាក់ឈ្មោះ អេលីយ៉ា អេប៊ល ឲ្យធ្វើជាអ្នកផ្សព្វផ្សាយសាសនា ។ អេលីយ៉ាបានបង្រៀន យូនេស និង ឆាលស៍ ហ្វ្រែងឃ្លីន អំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ គាត់បានប្រាប់ពួកគេបន្ថែមអំពីព្រះគម្ពីរមរមន និងព្យាការី យ៉ូសែប ស្ម៊ីធ ។ យូនេស និងឆាលស៍ បានជឿលើអ្វីដែលគាត់បានបង្រៀន ហើយចង់ចូលរួមនឹងសាសនាចក្រ ។ អេលីយ៉ាបានធ្វើបុណ្យជ្រមុជទឹកឲ្យពួកគេ ។
Saints ១:៣១៦
អេលីយ៉ាបានចេញទៅចែកចាយដំណឹងល្អនៅក្រុងផ្សេងមួយទៀត ។ ពីរបីខែក្រោយមក នាយប់មួយ គាត់បានមានសុបិនមួយអំពីមិត្ដរបស់គាត់ យូនេស ។ នៅក្នុងសុបិននោះ យូនេសមិនបានប្រាកដចិត្ដទៀតទេថា ព្រះគម្ពីរមរមនគឺពិត ឬថា យ៉ូសែប ស្ម៊ីធ គឺជាព្យាការីឡើយ ។ នៅពេលដែលអេលីយ៉ាបានភ្ញាក់ឡើង គាត់បានត្រឡប់ទៅមើលយូនេសភ្លាមៗ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ៧៥:២៧; Saints ១:៣១៥–៣១៦
យូនេសបានភ្ញាក់ផ្អើលនៅពេលឃើញអេលីយ៉ា នៅមាត់ទ្វារផ្ទះរបស់នាង ! សុបិនរបស់អេលីយ៉ាគឺត្រូវណាស់ ៖ យូនេសមិនបានជឿលើព្រះគម្ពីរមរមន ឬ យ៉ូសែប ស្ម៊ីធ ទៀតឡើយ ។
Saints ១:៣១៧
អេលីយ៉ាបានសូមឲ្យយូនេសមកស្ដាប់លោកផ្សព្វផ្សាយនៅសាលាមួយ ។ កាលនាងបានឮពាក្យពេចន៍របស់អេលីយ៉ា នាងបានទទួលអារម្មណ៍នៃព្រះវិញ្ញាណបរិសុទ្ធម្ដងទៀត ។ នាងបានដឹងថាដំណឹងល្អគឺពិត !
Saints ១:៣១៧
អេលីយ៉ាបានសន្យានឹងយូនេសថា គាត់នឹងត្រឡប់មកវិញក្នុងរយៈពេលពីរសប្តាហ៍ទៀតដើម្បីផ្សព្វផ្សាយម្តងទៀត ។ ប៉ុន្តែមនុស្សមួយចំនួននៅក្នុងទីក្រុងមិនចង់ឲ្យគាត់ត្រឡប់មកវិញទេ ។ បន្ទាប់ពីអេលីយ៉ាបានចាកចេញ ពួកគេបានចាប់ផ្ដើមប្រាប់គ្រប់គ្នាថា អេលីយ៉ាបានសម្លាប់មនុស្ស ។ ពួកគេបានផ្ដល់រង្វាន់ដល់ជនណាដែលរកគាត់ឃើញ ។
Saints ១:៣១៨
យូនេសបានដឹងថា ប្រជាជនបាននិយាយកុហកអំពីអេលីយ៉ា ។ គាត់មិនបានសម្លាប់នរណាម្នាក់ទេ ។ គាត់ជាបុរសល្អ និងជាអ្នកបម្រើរបស់ព្រះ ។ នាងដឹងថា ការកុហករបស់ពួកគេនឹងមិនបញ្ឈប់អេលីយ៉ា កុំឲ្យមកក្នុងក្រុងរបស់ពួកគេដើម្បីផ្សព្វផ្សាយឡើយ ។ យូនេសបានប្រាប់ប្រជាជនថា អេលីយ៉ានឹងត្រឡប់មកវិញ ។ នាងបាននិយាយថា « ព្រះនឹងការពារគាត់ » ។
Saints ១:៣១៨
អេលីយ៉ាពិតជាបានត្រឡប់មកវិញមែន ។ គាត់បានមកសាលាដដែល ដែលគាត់បានផ្សព្វផ្សាយពីលើកមុន ។ នៅក្នុងសាលាមានមនុស្សកកកុញដែលចង់ឲ្យគេចាប់ខ្លួនគាត់ ។ អេលីយ៉ាបានឈរនៅចំពោះមុខហ្វូងមនុស្ស ។ គាត់បាននិយាយថា ប្រសិនបើពួកគេចង់ចាប់ខ្លួនគាត់ ពួកគេគួរតែធ្វើវាឥឡូវនេះ មុនពេលគាត់ចាប់ផ្តើមបង្រៀន ។ បើមិនដូច្នេះទេ ពួកគេគួរតែអនុញ្ញាតឲ្យគាត់បង្រៀន ។
Saints ១:៣១៨
គ្មាននរណាកម្រើកឡើយ ។ អេលីយ៉ាបានរង់ចាំ ប៉ុន្តែហ្វូងមនុស្សអង្គុយនៅក្នុងភាពស្ងៀមស្ងាត់ ។ អេលីយ៉ាបានច្រៀងទំនុកតម្កើងមួយបទ ពោលពាក្យអធិស្ឋាន ហើយបង្រៀនដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។ ព្រះចេស្តានៃព្រះគង់នៅជាមួយនឹងគាត់ ។ បន្ទាប់ពីគាត់បានបញ្ចប់ការបង្រៀន គាត់បាននិយាយជាមួយមិត្ដរបស់គាត់ យូនេស និង ឆាលស៍ ហើយបន្តបេសកកម្មរបស់គាត់ដោយភាពសុខសាន្ដ ។
Saints ១:៣១៩