« យ៉ូសែប និង ស៊ីឌនី ត្រូវបានគេវាយប្រហារ » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« យ៉ូសែប និង ស៊ីឌនី ត្រូវបានគេវាយប្រហារ » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ខែកុម្ភៈ ឆ្នាំ១៨៣២
យ៉ូសែប និង ស៊ីឌនី ត្រូវបានគេវាយប្រហារ
មនុស្សដែលក្រេវក្រោធព្យាយាមបញ្ឈប់ការងាររបស់ព្យាការីនៃព្រះ
មនុស្សមួយចំនួនចូលចិត្តអ្វីដែល យ៉ូសែប ស្ម៊ីធ បង្រៀនអំពីព្រះវរបិតាសួគ៌ ព្រះយេស៊ូវគ្រីស្ទ និងស្ថានសួគ៌ ។ ប៉ុន្ដែមនុស្សផ្សេងទៀតមិនចូលចិត្ដអ្វីដែលលោកបានបង្រៀននោះទេ ។ ពួកគេមួយចំនួនបានខឹងសម្បា ហើយចង់បញ្ឈប់ព្យាការីយ៉ូសែបមិនឲ្យបង្រៀន ។
គោលលទ្ធិ និងសេចក្តីសញ្ញា ៧៦; Saints ១:១៤៩–១៥០
នៅយប់មួយ យ៉ូសែបបាននៅរហូតដល់យប់ជ្រៅដើម្បីជួយអិមម៉ា ថែទាំកូនភ្លោះចិញ្ចឹមម្នាក់របស់ពួកគាត់ ។ កូនតូចនោះធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ។
Saints ១:១៥០
អិមម៉ាបានយកកូនតូចមក ហើយប្រាប់ឲ្យយ៉ូសែបសម្រាក ។ លោកត្រូវទៅផ្សព្វផ្សាយនៅពេលព្រឹក ។ ចុងក្រោយ ទាំងយ៉ូសែប និងអិមម៉ា បានសម្រាន្តលក់ ។
Saints ១:១៥០
ភ្លាមៗនោះ ទ្វារបានរបើកឡើង ហើយពួកមនុស្សមួយក្រុមដែលក្រេវក្រោធបានរត់ចូលមកក្នុងបន្ទប់នោះ ។ អិមម៉ាបានស្រែក កាលមនុស្សទាំងនោះបានចាប់ទាញដៃ ជើង និងសក់របស់យ៉ូសែប ។ ពួកគេបានអូសលោកចេញទៅក្រៅផ្ទះ ។
Saints ១:១៥០–១៥១
យ៉ូសែបបានព្យាយាមរើបម្រះចេញពីបុរសទាំងនោះ ប៉ុន្ដែពួកគេចាប់លោកជាប់ ។ យ៉ូសែបបានឃើញថាបុរសទាំងនោះក៏បានចាប់អូសមិត្ដភក្ដិរបស់លោក ស៊ីឌនី រិកដុន ចេញពីផ្ទះរបស់លោកដែរ ។
Saints ១:១៥១
បុរសទាំងនោះចាប់ហែកខោអាវរបស់យ៉ូសែប ហើយចាក់ជ័រកៅស៊ូស្អិតក្ដៅពេញលើខ្លួន និងសក់របស់លោក ។ បន្ទាប់មក ពួកគេចាក់ស្លាបសត្វពេញលើខ្លួនលោក ហើយបានរត់គេចខ្លួនទៅ ។
Saints ១:១៥២
បន្ទាប់ពីពួកមនុស្សទាំងនោះបានចាកចេញ យ៉ូសែបបានដើរទ្រេតទ្រោតចូលទៅក្នុងផ្ទះវិញ ។ អិមម៉ាបានភិតភ័យ នៅពេលដែលគាត់បានឃើញយ៉ូសែប ។ មិត្ដភក្ដិដែលរស់នៅក្បែរខាងបានឮអំពីអ្វីដែលកើតឡើង ហើយបានប្រញាប់ប្រញាល់មកជួយ ។ អិមម៉ាបានកោសជ័រចេញពីស្បែករបស់យ៉ូសែប ។ អិមម៉ា និងមិត្ដភក្តិរបស់គាត់បានជួយថែទាំយ៉ូសែប និងស៊ីឌនីពេញមួយយប់ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៥:៥; Saints ១:១៥៣
នៅថ្ងៃបន្ទាប់ យ៉ូសែបនៅតែមានការឈឺចាប់ពេញខ្លួន ។ ប៉ុន្តែលោកបានស្លៀកពាក់ និងបង្រៀនមនុស្សមួយក្រុមអំពីព្រះយេស៊ូវគ្រីស្ទ ។ ពួកមនុស្សមួយចំនួនដែលបានវាយប្រហារលោក បានស្ដាប់លោកបង្រៀន ។ ក្រោយមកនៅថ្ងៃដដែលនោះ យ៉ូសែបបានធ្វើបុណ្យជ្រមុជទឹកដល់មនុស្សបីនាក់ ។ លោកបានបន្ដធ្វើកិច្ចការរបស់ព្រះអម្ចាស់ ទោះបីជាមនុស្សបានប៉ុនប៉ងបញ្ឈប់លោកក្ដី ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ២៤:៨; Saints ១:១៥៣