« យ៉ូសែប និង អូលីវើរ ទទួលកូនសោបព្វជិតភាព » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា ( ឆ្នាំ២០២៤ )
« យ៉ូសែប និង អូលីវើរ ទទួលកូនសោបព្វជិតភាព » ដំណើររឿងព្រះគម្ពីរគោលលទ្ធិ និងសេចក្ដីសញ្ញា
ខែមេសា ឆ្នាំ១៨៣៦
យ៉ូសែប និង អូលីវើរ ទទួលកូនសោបព្វជិតភាព
ព្រះយេស៊ូវគ្រីស្ទ និងពួកទេវតាយាងមកព្រះវិហារបរិសុទ្ធខឺតឡង់
មួយសប្តាហ៍បន្ទាប់ពីព្រះវិហារបរិសុទ្ធខឺតឡង់បានឧទ្ទិសឆ្លង ពួកបរិសុទ្ធមួយពាន់នាក់បានមកជួបគ្នានៅក្នុងព្រះវិហារបរិសុទ្ធដើម្បីថ្វាយបង្គំព្រះអង្គសង្គ្រោះ ។ វាគឺជាថ្ងៃអាទិត្យបុណ្យអ៊ីស្ទើរ ។ យ៉ូសែប ស្ម៊ីធ អូលីវើរ ខៅឌើរី និងពួកសាវកដប់ពីរនាក់ បានចែកសាក្រាម៉ង់ដល់ពួកបរិសុទ្ធ
គោលលទ្ធិ និងសេចក្តីសញ្ញា ១១០ ក្បាលកណ្ឌ និង ពួកបរិសុទ្ធ, ១:២៣៩
បន្ទាប់ពីពិធីសាក្រាម៉ង់ យ៉ូសែប និង អូលីវើរ បានរកកន្លែងស្ងប់ស្ងាត់មួយនៅក្នុងព្រះវិហារបរិសុទ្ធ នៅពីក្រោយវាំងននដើម្បីអធិស្ឋាន ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១១០ ក្បាលកណ្ឌ និង ពួកបរិសុទ្ធ, ១:២៣៩
នៅពេលពួកគេបានបញ្ចប់ការអធិស្ឋាន នោះពួកគេបានងើយមើលទៅលើ ។ ព្រះយេស៊ូវគ្រីស្ទបានគង់នៅចំពោះមុខពួកលោក ! ទ្រង់បានដឹងថា ពួកបរិសុទ្ធបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ។ ទ្រង់បានមានបន្ទូលថា « យើងបានទទួលដំណាក់នេះហើយ » ។ ព្រះយេស៊ូវបានប្រាប់ យ៉ូសែប និង អូលីវើរ ថា ពរជ័យនៃព្រះវិហារបរិសុទ្ធនឹងនាំមកនូវសេចក្តីអំណរយ៉ាងខ្លាំងដល់មនុស្សជាច្រើន ។
គោលលទ្ធិ និងសេចក្តីសញ្ញា ១១០:១–១០
បន្ទាប់ពីព្រះយេស៊ូវយាងចាកចេញទៅ ព្យាការីពីព្រះគម្ពីរសញ្ញាចាស់ ម៉ូសេបានលេចមកចំពោះ យ៉ូសែប និង អូលីវើរ ។ លោកបានផ្តល់ឲ្យពួកគេនូវកូនសោបព្វជិតភាពនៃការប្រមូលផ្តុំអ៊ីស្រាអែល ។ នេះមានន័យថា ពួកគេអាចដឹកនាំកិច្ចការនៃការចែកចាយដំណឹងល្អ ។ ពួកគេអាចបញ្ជូនពួកអ្នកផ្សព្វផ្សាយសាសនាទៅទូទាំងពិភពលោក ដើម្បីនាំមនុស្សចូលទៅក្នុងសាសនាចក្ររបស់ព្រះអង្គសង្រ្គោះ ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:១១
បន្ទាប់មកព្យាការីអេលីយ៉ាស បានលេចមក ។ លោកបានផ្តល់ឲ្យ យ៉ូសែប និង អូលីវើរ នូវកូនសោដើម្បីស្តារសេចក្តីសញ្ញាអ័ប្រាហាំ ។ នេះមានន័យថា ពួកបរិសុទ្ធអាចទទួលបានពីព្រះអម្ចាស់នូវសេចក្តីសញ្ញាដូចគ្នាដែលអ័ប្រាហាំបានទទួល ។ ពួកគេនឹងមានអំណាចដើម្បីនាំមកនូវដំណឹងល្អ និងពរជ័យរបស់ព្រះទៅដល់មនុស្សគ្រប់ទីកន្លែងសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត ។
គោលលទ្ធិ និងសេចក្ដីសញ្ញា ១១០:១២
ទីបំផុត ព្យាការីអេលីយ៉ាបានលេចមក ។ លោកបានប្រគល់ឲ្យ យ៉ូសែប និង អូលីវើរ នូវកូនសោបព្វជិតភាពដើម្បីផ្សារភ្ជាប់ ឬបង្រួបបង្រួមគ្រួសារសម្រាប់ភាពអស់កល្បជានិច្ច ។ កិច្ចការដែលពួកបរិសុទ្ធបានធ្វើនៅក្នុងព្រះវិហារបរិសុទ្ធនឹងត្រូវបានទទួលយកនៅក្នុងស្ថានសួគ៌ ។ ឥឡូវនេះ សាសនាចក្រមានអំណាចដើម្បីធ្វើកិច្ចការរបស់ព្រះអង្គសង្គ្រោះ ហើយរៀបចំសម្រាប់ទ្រង់ដើម្បីយាងមកផែនដីម្ដងទៀត ។