២០២២
ទ្រង់​មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជានៅ​ក្នុង​ចំអេង​ស្លាប​របស់​ទ្រង់ ៖ យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យជម្នះ
ខែ ឧសភា ឆ្នាំ ២០២២


ទ្រង់​នឹង​មាន​ព្រះ​ជន្ម​រស់​ឡើងវិញ ដោយ​អំណាច​ប្រោស​ឲ្យ​ជា​នៅ​ក្នុង​ស្លាប​ទ្រង់ ៖

យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យជម្នះ

ព្រះយេស៊ូវ​បាន​យកឈ្នះ​ការរំលោភ​បំពាន​នៃ​លោកិយ​នេះ ដើម្បី​ប្រទាន​អំណាច​ដល់​បងប្អូន មិន​គ្រាន់​តែ​ឲ្យ រួច​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​យកឈ្នះ និង មាន​ជ័យជម្នះ តាម​រយៈ​ទ្រង់​នៅ​ថ្ងៃ​មួយ ។

ម៉ារីន ខ្ញុំ​ជាអែលឌើរ ហូឡិន ហើយ​អ្វីៗ​ហៀប​នឹងធ្លាក់ចុះ​ក្រោម ។

យើង​ខ្ញុំ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យជម្នះ

យើងគ្រប់​គ្នា​ចាប់អារម្មណ៍លើរឿងរ៉ាវដែល​​បាន​រួច​ជីវិត​ពី​គ្រោះថ្នាក់​នានា ។ យើង​ស្តាប់ឮ​​រឿង​និទាន​ពីអ្នករុករកដ៏​ក្លាហាន និង​មនុស្ស​សាមញ្ញ​ដូចគ្នា ចេះគ្រប់គ្រងស្ថានការ​ដើម្បី​ការពារ​ជីវិតខ្លួន ហើយនៅក្នុង​កាលៈទេសៈ​ដ៏​រន្ធត់ដែល​មិន​អាច​ធ្វើអ្វីបាន ប៉ុន្តែ​គ្រាន់​តែ​សួរខ្លួន​ឯងថា « តើ​ខ្ញុំ​អាច​ធ្វើ​រឿងបែប​នោះ​បាន​ដែរ​ឬ​ទេ ? »

ខ្ញុំ​គិត​ភ្លាមៗ​អំពី​អ្នករុករក​ជនជាតិ​អង់គ្លេស​ឈ្មោះ Ernest Shackleton និង​នាវិក​នៃ​កប៉ាល់​របស់​គាត់ HMS Endurance, ដែល​បាន​លិច​នៅ​ក្នុង​សមុទ្រទឹកកក​អង់តាក់ទិក ហើយ​បន្ទាប់​មក​បាន​ជាប់​គាំង​នៅ​លើ​វាល​សមុទ្រ​ទឹកកក​នោះ​អស់រយៈ​ពេល​ជិត​ពីរ​ឆ្នាំ ។ ទោះបី​ជា​មាន​លក្ខខណ្ឌ​ដ៏​អាក្រក់​បំផុត​ក៏​ដោយ ការដឹកនាំ​ដ៏​វិសេសវិសាល​របស់ Shackleton និង​ការដោះស្រាយ​បាន​ជួយ​សង្គ្រោះ​ជីវិត​បុរស​ទាំងឡាយ​របស់​គាត់ ។

បន្ទាប់​មក​ខ្ញុំ​គិត​អំពី​ក្រុម​អវកាសយានិក​ អាប៉ូឡូ ១៣ ដែល​ត្រូវ​ទៅចុះចត​នៅ​ឋាន​ព្រះច័ន្ទ ! ប៉ុន្តែ​មានមហន្តរាយ​បាន​កើតឡើង ធុង​អ៊ុកស៊ីហ្សែន​បាន​ផ្ទុះ បេសកកម្មនោះ​ត្រូវ​លុបចោល ។ ដោយ​ខ្វះ​អុកស៊ីសែន ក្រុម​អវកាសយានិក និង​ក្រុម​អ្នក​គ្រប់គ្រង​បេសកកម្ម​នៅ​លើ​ផែនដី​បាន​បង្កើត​ការច្នៃប្រឌិត​យ៉ាង​ប៉ិនប្រសប់ ដើម្បីនាំ​អវកាសយានិក​ទាំងបីនាក់​មកកាន់​ផែនដី​វិញ​ដោយ​សុវត្ថិភាព ។

ខ្ញុំ​ស្ងើច​សសើរ​ដល់​ការរួច​ជីវិត​ពី​គ្រោះថ្នាក់​ដ៏​រន្ធត់​នៃបុគ្គល និង​ក្រុមគ្រួសារ​ទាំងឡាយ ដែល​បាន​រងគ្រោះ​ដោយ​សង្គ្រាម ​ជាប់ឃុំ​នៅក្នុង​ជំរុំ និងអស់​អ្នក​ដែល​​ក្លាយ​ជា​ជនភៀសខ្លួន អ្នក​ដែល​ក្លាយជាវីរជន និង​ក្លាហានដែលរក្សាភ្លើង​​នៃ​ក្ដីសង្ឃឹម​ក្នុង​ដួងចិត្ត​​ជនរងគ្រោះ ជា​អ្នក​ដែល​ផ្តល់​សេចក្តីល្អ​ទល់នឹង​ភាពឃោរឃៅ ហើយជា​អ្នក​ដែល​​ជួយដល់​អ្នក​ផ្សេង​​ឲ្យ​តស៊ូ​រស់បាន​មួយ​ថ្ងៃ​បន្តទៀត ។

តើ​បងប្អូន ឬ​ខ្ញុំ​អាច​រួច​ជីវិត​ពី​ស្ថានភាព​ណាមួយ​នៃ​ស្ថានភាព​ដ៏​ធ្ងន់ធ្ងរ​ទាំងនេះបាន​ដែរ​ឬ​ទេ ?

ទោះ​ជា​យ៉ាង​ណា បងប្អូន​មួយ​ចំនួន​ប្រហែល​ជា​គិត​អំពី​ដំណើររឿង​របស់​អ្នក​រួច​ជីវិត​ពី​គ្រោះថ្នាក់​ទាំងឡាយ ហើយ​បាន​ដឹង​ថា បងប្អូន​កំពុង​តែរស់នៅ​ក្នុង​ស្ថានភាព​រួច​ជីវិត​ពី​គ្រោះថ្នាក់​មួយ​ដែរ ឥឡូវ​នេះក្នុង​នាម​ជា​ជនរងគ្រោះ​នៃ​ការរំលោភ​បំពាន ការមិន​យកចិត្ត​ទុកដាក់ ការគំរាមកំហែង អំពើហឹង្សា​ក្នុង​គ្រួសារ ឬ​ការរងទុក្ខ​ប្រភេទ​នេះ ។ បងប្អូន​កំពុង​ប្រឈម​នឹង​ការព្យាយាម​អស់​ពី​សមត្ថភាព ដើម្បី​រួច​ជីវិត​ពី​ស្ថានភាព​មួយ ដែល​មាន​អារម្មណ៍​ដូចគ្នា​ខ្លាំង​​ទៅ​នឹង​កប៉ាល់ខូចយ៉ាង​ធ្ងន់ធ្ងរ ឬ​បេសកកម្ម​ដ៏​មាន​សង្ឃឹម​មួយ​ត្រូវ​លុបចោល​ភ្លាមៗ ។ តើ​បងប្អូន​នឹង​ត្រូវបាន​សង្គ្រោះ​ដែរ​ឬ​ទេ ហើយ តើ​បងប្អូន​នឹងធ្វើ​ឲ្យ​ខ្លួនឯង​រួចជីវិត ​ពីរឿងរ៉ាវ​គ្រោះថា្នក់​ដែល​បងប្អូន​ឆ្លងកាត់​បាន​ដែរ​ឬ​ទេ ?

ចម្លើយគឺ បាន ។ បងប្អូន​អាច​រួច​ជីវិត​បាន ។ បងប្អូន​ត្រូវបាន​ជួយឲ្យ​រួចជីវិត​មកហើយ បងប្អូន​ត្រូវបាន​សង្គ្រោះ​រួចមកហើយ—ដោយ​ព្រះ​មួយ​អង្គ ដែល​បាន​រង​ទារុណកម្ម​ដ៏​ឈឺចាប់ជំនួស​បងប្អូន​កំពុង​រងទុក្ខ ហើយ​បាន​ស៊ូទ្រាំ​នឹង​ទុក្ខវេទនាជំនួស​បងប្អូន​កំពុង​ស៊ូទ្រាំ ។ ព្រះយេស៊ូវ​បាន​យកឈ្នះ​លើការរំលោភ​បំពាន​នៃ​លោកិយ​នេះដើម្បី​ប្រទាន​អំណាច​ដល់​បងប្អូន មិន​គ្រាន់តែឲ្យ រួច​ជីវិតប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដើម្បី​យកឈ្នះ និង មាន​ជ័យជម្នះតាម​រយៈ​ទ្រង់​នៅ​ថ្ងៃ​មួយ—ដើម្បី​ងើបចេញ​ពី​ភាពឈឺចាប់ សេចក្ដី​វេទនា ទុក្ខព្រួយ ហើយ​ឃើញ​ថា​វា​ត្រូវបាន​ជំនួស​ដោយ​ភាពសុខសាន្ត​វិញ ។

សាវក​ប៉ុល​សួរ​ថា ៖

« តើ​អ្នក​ណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្តី​ស្រឡាញ់​របស់​ផង​ព្រះគ្រីស្ទ​បាន តើ​សេចក្តី​ទុក្ខ​លំបាក ឬ​សេចក្តី​វេទនា សេចក្តី​បៀតបៀន សេចក្តី​អត់ឃ្លាន សេចក្តី​អាក្រាត សេចក្តី​អន្តរាយ ឬ​ដាវ​ឬ​អី ? …

« ទេ គឺ​ក្នុង សេចក្តី​ទាំង​នោះ យើង​ខ្ញុំ ​វិសេស​លើស​ជាង​អ្នក​ដែល​មាន​ជ័យជម្នះដោយសារ​ព្រះអង្គ​ដែល​ទ្រង់​ស្រឡាញ់​យើង » ។

ការសន្យា​ចំពោះ​សេចក្ដី​សញ្ញា​អ៊ីស្រាអែល

បងប្អូន​នឹង​ចងចាំ​ពេល​ដែល ប្រធាន រ័សុល អិម ណិលសុន បាន​ចេញ​ការអញ្ជើញ​នៅ​ក្នុង​សន្និសីទទូទៅ​ដូច​តទៅ​នេះ ។ លោក​បាន​មាន​ប្រសាសន៍ថា ៖ « នៅ​ពេល​បងបញអូន​សិក្សា​ព្រះគម្ពីរ … ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​បងប្អូន​ឲ្យ​ធ្វើ​បញ្ជី​មួយ​ពីអ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់​បានសន្យា​ថា ទ្រង់​នឹង​ធ្វើ​សម្រាប់​សេចក្តីសញ្ញា​អ៊ីស្រាអែល ។ ខ្ញុំ​គិត​ថា​បងប្អូន​នឹង​ភ្ញាក់ផ្អើល ! »

នេះ​គ្រាន់​តែ​ជា​ការសន្យា​ដ៏​មាន​អានុភាព និង​លួងលោម​មួយ​ចំនួន ដែល​គ្រួសារ​ខ្ញុំ​បាន​រកឃើញ ។ សូម​ស្រមៃ​ថា ព្រះអម្ចាស់​កំពុង​មាន​ព្រះបន្ទូលទាំងអស់នេះ​ទៅកាន់​បងប្អូន—ទៅកាន់ បងប្អូន ដែល​កំពុង​តែ​រួច​ជីវិត—ពីព្រោះ​វា គឺ សម្រាប់​បងប្អូន ៖

កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ ។

យើង​ស្គាល់​សេចក្តី​ទុក្ខ​ព្រួយ​របស់​ពួកអ្នក ដូច្នេះ​យើង​បាន​ចុះ​មក ដើម្បី​នឹង​ជួយ​ដោះ​ពួកអ្នក​ឲ្យ​រួច ។

យើង​នឹង​មិន​ដែល​លះបង់​ចោល​ពួកអ្នក​ឡើយ ។

ព្រះនាម​របស់​យើង​នៅ​ក្នុង​ពួកអ្នក ហើយ​ពួក​ទេវតា​របស់​យើង​ថែរក្សា​ពួកអ្នក ។

យើង​នឹង​ធ្វើ​ការ​អស្ចារ្យ​នៅ​ក្នុង​ពួក​អ្នក ។

ចូរ​ដើរ​ជាមួយ​យើង រៀន​អំពី​យើង យើង​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សម្រាក ។១០

យើង​នៅ​កណ្ដាល​ពួកអ្នក ។១១

ឯង​ជា​របស់​ផង​យើង ។១២

ចំពោះ​អស់​អ្នក​ដែល​កំពុង​តែ​ខំប្រឹង​ឲ្យ​បាន​រួច​ជីវិត​ពី​គ្រោះថ្នាក់

ជាមួយ​នឹង​ការអះអាង​ទាំងនោះ​នៅក្នុង​ចិត្ត ខ្ញុំ​ចង់​និយាយ​ដោយ​ផ្ទាល់ ទៅកាន់​អស់​បងប្អូន​ដែល​មាន​អារម្មណ៍​ថា​ដូចជា​គ្មាន​ច្រក​ចេញ​សម្រាប់​រឿងរ៉ាវឲ្យ​រួច​ជីវិត​ពី​គ្រោះថ្នាក់​របស់​ពួកគេ​ផ្ទាល់ ដោយសារ​ការប៉ះទង្គិចផ្លូវចិត្ត​មកពី​សកម្មភាព​ដ៏​ឃោរឃៅ​របស់​មនុស្ស​ផ្សេង​ទៀត ។ ប្រសិន​បើ​នេះ​ជា​រឿងរ៉ាវ​ដែល​បានរួច​ជីវិត​ពី​គ្រោះថ្នាក់​របស់​បងប្អូន យើង​ទួញយំ​ជាមួយ​បងប្អូន ។ យើង​ចង់​ឲ្យ​បងប្អូន​យកឈ្នះ​ការភាន់​ច្រឡំ ភាពអាម៉ាស់ និង​ភាពភ័យខ្លាច​យើង​ពិត​ជា​ចង់​យ៉ាង​ខ្លាំង ហើយ​តាម​រយៈ​ព្រះយេស៊ូវគ្រីស្ទ យើង​ចង់​ឲ្យ​បងប្អូន មាន​ជ័យ​ជម្នះ

ពី​ជនរងគ្រោះ​ទៅ​ជា​អ្នករួច​ជីវិត ពី​អ្នករួច​ជីវិត​ទៅ​ជា​អ្នក​មាន​ជ័យជម្នះ

ប្រសិន​បើ​បងប្អូន​បានជួប​នឹង​ការរំលោភ​បំពាន អំពើហឹង្សា ឬ​ការគៀបសង្កត់​បែប​ណា​ក៏​ដោយ បងប្អូន​អាច​នឹង​មាន​គំនិត​ថា ព្រឹត្តិការណ៍​ទាំងនេះ​ជា​កំហុស​របស់​បងប្អូន ហើយ​ថា​បងប្អូន​សម​នឹង​រែកពុន​ភាពអាម៉ាស់ និង​អារម្មណ៍​ខុសឆ្គង​នោះ ។ បងប្អូន​អាច​នឹង​មាន​គំនិត​ដូចជា ៖

  • ខ្ញុំ​អាច​ការពារ​វា​បាន ។

  • ព្រះ​មិន​ស្រឡាញ់​ខ្ញុំ​ទៀត​ទេ ។

  • គ្មាន​នរណា​ម្នាក់​​ស្រឡាញ់​ខ្ញុំ​ទៀត​ទេ ។

  • ខ្ញុំ​កែ​លែង​ឡើងហើយ ។

  • ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​មាន​សម្រាប់​អ្នក​ផ្សេង ប៉ុន្តែ​មិន​មែន​សម្រាប់​ខ្ញុំ​ទេ ។

គំនិត និង​អារម្មណ៍​ដ៏​ខុសឆ្គង​ទាំងនេះ អាច​ជា​ការរារាំង​ពី​ការស្វែងរក​ជំនួយ​ពី​គ្រួសារ មិត្តភក្ដិ ថ្នាក់ដឹកនាំ ឬ​អ្នកជំនាញ ហេតុ​ដូច្នេះ​​បងប្អូន​បាន​ប្រយុទ្ធ​ទប់ទល់តែម្នាក់ឯង ។ បើ​បងប្អូន​បាន​ស្វែងរក​ជំនួយ​ពី​មនុស្ស​ដែល​បងប្អូន​ទុកចិត្ត​រួច​ហើយ បងប្អូន​អាច​នៅតែ​មាន​គំនិត​នៃ​ការខ្មាស់អៀន និង​សូម្បី​តែ​ស្អប់​ខ្ពើម​ខ្លួន​ឯង​ផង ។ ការប៉ះ​ទង្គិច​មក​ពី​ព្រឹត្តិការណ៍​ទាំងនេះ​អាច​ដិតជាប់​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ បងប្អូន​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ បងប្អូន​នឹង​មាន​អារម្មណ៍​ប្រសើរ​ឡើង ប៉ុន្តែ យ៉ាង​ណា​មិញ ថ្ងៃ​នោះ​មិន​ទាន់​មក​ដល់​ទេ ។

ការរំលោភ​បំពាន​មិន​បាន​ជា មិន​មែន​ជា ហើយ​នឹង​មិន​ដែល​ជា​កំហុស​របស់​បងប្អូន​ឡើយ មិន​ថា​អ្នកប្រព្រឹត្ត ឬ​អ្នកផ្សេង​អាច​និយាយ​ផ្ទុយ​ពី​នោះ​ក៏​ដោយ ។ នៅពេល​ដែល​បងប្អូន​ធ្លាប់​ជា​ជនរងគ្រោះ​ដោយសារ​ភាពឃោរឃៅ ការស្មន់ ឬ​អំពើ​ខុសឆ្គង​ណា​មួយ នោះ​បងប្អូន​មិន​មែន​ជាមនុស្ស​ដែល​ត្រូវការ​ការប្រែចិត្ត​នោះ​ទេ បងប្អូន​មិនមែនជា​អ្នក​ទទួល​ខុសត្រូវ​នោះ​ទេ ។

បងប្អូន​មិន​មែន​មាន​ភាពស័ក្ដិសម​តិចជាង ឬ​មាន​តម្លៃ​តិច​ជាង ឬ​ទទួល​សេចក្ដី​ស្រឡាញ់​តិចជាង ក្នុង​នាម​ជា​មនុស្ស​ម្នាក់ ឬ​ក្នុង​នាម​ជាកូន​ម្នាក់របស់​ព្រះ ដោយសារ​តែ​អ្វី​ដែល​មនុស្ស​ម្នាក់​ផ្សេង​ទៀត​បាន​បំពាន​ចំពោះ​បងប្អូន​នោះ​ឡើយ ។

ឥឡូវនេះ​ព្រះអម្ចាស់​មិន​ទត​មើល​បងប្អូន ហើយ​ក៏​មិន​ដែល​ធ្លាប់​បាន​ទតមើល​​បងប្អូន​ថា​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​មើលងាយ​នោះ​ទេ ។ មិន​ថា​មាន​អ្វី​បាន​កើតឡើង​ចំពោះ​បងប្អូន​នោះ​ទេ ទ្រង់ មិនមាន​ភាពអាម៉ាស់ ឬ​ខកចិត្ត​ដោយសារ​បងប្អូន​ឡើយ ។ ទ្រង់​ស្រឡាញ់​បងប្អូន នៅក្នុង​របៀប​មួយ​ដែល​បងប្អូន​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ ។ ហើយ​បងប្អូន នឹង ដឹង​ពី​របៀប​នោះ កាលដែល​បងប្អូន​ដាក់​ទីទុកចិត្ត​លើ​ការសន្យា​របស់​ទ្រង់ និង​កាលដែល​បងប្អូន​រៀន​ជឿ​លើ​ទ្រង់ ពេល​ទ្រង់​មាន​ព្រះបន្ទូល​ថា បងប្អូន​មាន « តម្លៃ​វិសេស នៅ​ភ្នែក [ ទ្រង់ ] » ។១៣

បងប្អូន​មិន​ត្រូវបាន​កំណត់​ដោយ​សារតែ​រឿងរ៉ាវ​អាក្រក់ៗ​ទាំងនេះ ដែល​គេ​ធ្វើ​ចំពោះ​បងប្អូន​នោះ​ទេ ។ នៅ​ក្នុង​សេចក្ដីពិត​ដ៏​រុងរឿង បងប្អូន​ត្រូវ​បាន​កំណត់​ដោយ​អត្តសញ្ញាណ​ដែល​មាន​នៅ​អស់កល្ប​ជានិច្ច​របស់​បងប្អូន ជា​បុត្រ​ម្នាក់​របស់​ព្រះ ហើយ​ដោយ​សេចក្ដី​ស្រលាញ់ និង​ការអញ្ជើញ​ដ៏​ឥតខ្ចោះ និង​និរន្តរ៍​របស់​អង្គ​បង្កបង្កើត​របស់​បងប្អូន ឲ្យ​មក​ទទួល​ការព្យាបាល​ទាំងស្រុង និង​ពេញលេញ ។

ទោះបី​​ហាក់ដូច​ជា​មិន​អាច​ធ្វើ​ទៅរួច ធ្វើ​មិនបាន​ក្ដី ក៏​ការព្យាបាល អាច បានមក​តាម​រយៈ​អព្ភូតហេតុ នៃ​អំណាច​ប្រោសលោះ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​មាន​ព្រះជន្ម​រស់​ឡើង​វិញ « មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា នៅ​ក្នុង​ចំអេង​ស្លាប » ។១៤

ព្រះអង្គសង្គ្រោះ​ប្រកប​ដោយ​សេចក្ដី​មេត្តា​ករុណា​របស់​យើង ដែល​ទ្រង់​មាន​ជ័យ​ជម្នះ​លើ​ភាពងងឹត និង​ភាពពុក​រលួយ មាន​ព្រះចេស្ដា​ដើម្បី​កែ​កំហុស ទាំងអស់ជា​សេចក្ដីពិត​ដែល​ផ្ដល់​ដល់​ជីវិត​សម្រាប់​អស់​អ្នក​ទាំងឡាយ​ដែល​ត្រូវ​អ្នក​ដទៃ​បំពាន​លើ ។ ១៥

សូម​ដឹង​ថា ព្រះអង្គ​សង្គ្រោះ​បាន​យាង​ចុះ​មក​ក្រោម​អ្វី ទាំងអស់ ទ្រង់​ជ្រាប​ដឹង​ទោះ​ជា​មាន​អ្វី​​បាន​កើតឡើង​ចំពោះ​បងប្អូន​ក៏​ដោយ ។ ដោយ​ហេតុនេះ​ហើយ​ទើប​ទ្រង់​ជ្រាប​ច្បាស់​ពី​អារម្មណ៍​ភ័យ​ខ្លាច ការអាម៉ាស់​និង​អារម្មណ៍​ខូច​ខាត​ដែល​ត្រូវ​គេ​បោះ​បង់​ចោល ។​១៦ ដោយ​ជម្រៅ​នៃ​ការរងទុក្ខ​ដ៏​ធួន​របស់​ទ្រង់ នោះ​ព្រះអង្គសង្គ្រោះ​ផ្តល់​ក្តីសង្ឃឹម​ចំពោះ​អ្នក​ដែល​គិត​ថា បាន​បាត់បង់​ជា​រៀង​រហូត និង​ផ្តល់កម្លាំង​ដល់​អ្នក​ដែល​គិត​ថា​គ្មាន​កម្លាំង ហើយ​ការព្យាបាល​ដល់​អ្នក​ដែល​គិត​ថា​មិន​អាច​ជា ។

ឥរិយាបថបំពាន​ត្រូវ​បាន​ថ្កោលទោស​យ៉ាង​ច្បាស់លាស់ ដោយ​ព្រះអម្ចាស់ និង​ដោយ​ព្យាការី​របស់​ទ្រង់

មិន​មាន​កន្លែង​សម្រាប់​ការរំលោភ​បំពាន​ទេ—ទាំង​ផ្លូវកាយ ផ្លូវភេទ អារម្មណ៍ ឬ​ពាក្យសម្ដី—នៅក្នុង​គេហដ្ឋាន ប្រទេស ឬ​វប្បធម៌​ណាមួយ​ឡើយ ។ ពុំ​មាន​អ្វី​ដែល​ភរិយា កូន ឬ​ស្វាមី​អាច​ធ្វើ ឬ​និយាយ ដែល​ធ្វើ​ឲ្យ​ពួកគេ « សម​នឹង​ទទួល » ការវាយដំ​នោះ​ឡើយ ។ គ្មាន​នរណា​ម្នាក់ នៅក្នុង​ប្រទេស ឬ​វប្បធម៌​ណាមួយ ធ្លាប់ « ស្នើសុំ » ការបំពាន ឬ​អំពើ​ហឹង្សា​ពី​នរណា​ម្នាក់​ផ្សេង​ទៀត​ដែល​មាន​សិទ្ធិអំណាច ឬ​ដោយ​នរណា​ម្នាក់​ដែល​ធំ​ជាង និង​រឹងមាំ​ជាង​នោះ​ទេ ។

អស់​អ្នក​ដែល​ធ្វើ​ការរំលោភ​បំពាន ឬ​ដែល​ព្យាយាម​លាក់បាំង​អំពើបាប​ដ៏​កាចសាហាវ​របស់​ពួកគេ អាច​ចៀសវាង​ពី​វា​បានតែ​​មួយ​រយៈប៉ុណ្ណោះ ។ ប៉ុន្តែ​ព្រះអម្ចាស់​ដែល​ទតឃើញ​ការណ៍​គ្រប់​ទាំងអស់ ជ្រាបដឹង​ពី​ទង្វើ និង​គំនិត ព្រមទាំង​បំណង​នៅក្នុង​ដួងចិត្ត​ទាំងនោះ ។១៧ ទ្រង់​ជា​ព្រះ​នៃ​សេចក្ដី​យុត្តិធម៌ ហើយ​ទ្រង់​នឹង​ប្រើ​សេចក្ដី​យុត្តិធម៌​ដ៏​ទេវភាព​របស់​ទ្រង់​ដល់​អស់​អ្នក​ដែល​ធ្វើ​អំពើបាប ។១៨

ប្រកប​ដោយ​អព្ភូតហេតុ នោះ​ព្រះអម្ចាស់​ក៏​ជា​ព្រះ​នៃ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​អ្នក​ដែល​ប្រែ​ចិត្ត​យ៉ាង​ពិត​ប្រាកដ​ផងដែរ ។ ពួក​អ្នកបំពាន—រួម​ទាំង​ពួក​អ្នក​ដែល​ធ្លាប់​រំលោភ​បំពាន​លើ​ខ្លួនឯង​ដែរ—ដែល​សារភាព លះបង់​អំពើបាប​របស់​ពួកគេ ហើយ​ធ្វើ​អ្វីៗ ទាំងអស់ នៅក្នុង​អំណាច​របស់​ខ្លួន ដើម្បី​ទូទាត់ និង​ផ្ដល់​សំណង​វិញ មាន​សិទ្ធិ​ទទួល​បាន​ការអត់ទោស​តាមរយៈ​អព្ភូតហេតុ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ ។

ចំពោះ​អ្នក​ដែល​ត្រូវបាន​គេ​ចោទ​ប្រកាន់​ទាំង​បំពាន ទម្ងន់​នៃ​ការចោទ​ប្រកាន់​នេះ​គឺ​មិន​អាច​ថ្លែង​បាន​ទេ ហើយ​វា​នាំ​ឲ្យ​មាន​ការឈឺចាប់​យ៉ាង​ធ្ងន់ធ្ងរ ។ ប៉ុន្តែ​ពួកគេ​ក៏​ត្រូវ​បាន​ប្រទានពរ ដោយសារ​ការរងទុក្ខ​ជំនួស​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​ពួកគេ និង​ចំណេះដឹង​ដែល​ទីបំផុត​សេចក្តីពិត​នឹង​ឈ្នះ ។

ប៉ុន្តែ​អ្នកបំពាន​គេ​ដែល​មិន​ប្រែចិត្ត នឹង​ឈរ​នៅ​ចំពោះ​ព្រះអម្ចាស់ ដើម្បី​ទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​សាហាវ​យង់ឃ្នង​របស់​ពួកគេ ។

ព្រះអម្ចាស់​ផ្ទាល់​មាន​ភាពច្បាស់លាស់​ណាស់ នៅក្នុង​ការថ្កោលទោស​របស់​ទ្រង់​ចំពោះ​ការរំលោភ​បំពាន​គ្រប់​ប្រភេទ ៖ « ប៉ុន្តែ បើ​អ្នក​ណា​ធ្វើ​ឲ្យ​កូន​តូច​ណា​មួយ​នេះ ដែល​ជឿ​ដល់​ខ្ញុំ រវាត​ចិត្ត​ចេញ នោះ​ស៊ូ​ឲ្យ​គេ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​ចង​ក​អ្នក​នោះ ហើយ​ពន្លង់​ទៅ​ក្នុង​សមុទ្រ​ទី​ជ្រៅ​វិញ ធ្វើ​យ៉ាង​នោះ​នឹង​មាន​ប្រយោជន៍​ដល់​អ្នក​នោះ​ជាជាង » ។១៩

សេចក្ដី​បញ្ចប់

មិត្ត​ជា​ទីស្រឡាញ់ ដែល​បានរង​របួស​យ៉ាង​ធ្ងន់ធ្ងរ —ហើយ​ចំពោះ​បញ្ហា​នោះ អ្នក​ណា​ក៏​ដោយ​ដែល​បាន​ទទួល​ភាពអយុត្តិធម៌​ក្នុង​ជីវិត​—​បងប្អូន​អាច​មាន​ការចាប់ផ្ដើម​ថ្មី ។ នៅក្នុង​សួនច្បារ​គែតសេម៉ានី និង​នៅលើ​ភ្នំ​លលាដ៏​ក្បាល ព្រះយេស៊ូវ « បាន​លើក​ដាក់​មក​លើ​អង្គ​ទ្រង់​នូវ … រាល់ ការ​បារម្ភ និង​រាល់​ការ​រងទុក្ខ​ដែល​បងប្អូន និង​ខ្ញុំ … បាន​ដក​ពិសោធន៍ »២០ហើយ​ទ្រង់​បាន​យកឈ្នះ​លើ​វា​ទាំងអស់ ! ដោយ​លាត​ព្រះហស្ដ ព្រះអង្គ​សង្គ្រោះ​ផ្តល់​អំណោយ​ទាន​នៃ​ការព្យាបាល​ដល់​បងប្អូន ។ ដោយ​ភាពក្លាហាន ការអត់ធ្មត់ និង​ការផ្តោត​ចិត្ត​ដ៏​ស្មោះត្រង់​លើ​ទ្រង់ មិន​យូរ​ប៉ុន្មាន​ទេ បងប្អូន​អាច​ទទួល​យក​អំណោយ​នេះ​យ៉ាង​ពេញលេញ ។ បងប្អូន​អាច​លះបង់​ការឈឺចាប់​របស់​បងប្អូន ហើយ​ទុក​វា​នៅ​ព្រះបាទ​ទ្រង់ ។

ព្រះអង្គ​សង្គ្រោះ​ដ៏​ទន់ភ្លន់​របស់​បងប្អូន​បាន​ប្រកាស​ថា « ឯ​ចោរ វា​មក​ប្រយោជន៍​តែ​នឹង​លួច សម្លាប់ ហើយ​បំផ្លាញ​ប៉ុណ្ណោះ តែ​ឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​មក ដើម្បី​ឲ្យ [ អ្នក ] រាល់​គ្នា​មាន​ជីវិត ហើយ​ឲ្យ [ អ្នក ] មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង » ។២១ បងប្អូន​ជា​អ្នករួច​ជីវិត បងប្អូន​អាច​បាន​ជា ហើយ​បងប្អូន​អាច​ទុកចិត្ត​ថា បងប្អូន​នឹង​ឈ្នះ និង​មាន​ជ័យ​ជម្នះ តាមរយៈ​ព្រះចេស្ដា និង​ព្រះគុណ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ព្រះយេស៊ូវ​មាន​ជំនាញ​ខាង ធ្វើឲ្យ​គ្រប់យ៉ាង​អាច​ដំណើរការ​ទៅបាន ។ ទ្រង់​បានយាង​មក​ទីនេះ ដើម្បី​ធ្វើ​ឲ្យ​អ្វី​ដែល​មិនអាច​ទៅ​រួច អាច​ទៅរួច សម្រេច​សេចក្តី​ប្រោសលោះ​ដែល​មិន​អាច​ប្រោសលោះ​បាន ដើម្បី​ប្រោស​ជន​ដែល​មិន​បាន​ប្រោស​ឲ្យ​ជា កែ​អ្វី ដែល​មិន​ត្រឹមត្រូវ​ឲ្យ​ត្រឹមត្រូវ ដើម្បី​សន្យា​ដល់​បុគ្គល​ដែល​មិន​អាច​សន្យា​បាន ។២២ ហើយ​ទ្រង់​ធ្វើ​វា​បាន​ល្អ​ណាស់ ។ តាម​ពិត​ទៅ ទ្រង់​ធ្វើ​វា​បាន​ល្អ​ឥតខ្ចោះ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ជា​អង្គ​ព្យាបាល​របស់​យើង អាម៉ែន ៕

សម្រាប់​ព័ត៌មាន និង​ធនធាន​បន្ថែម សូមមើល « Abuse » នៅ​លើ​គេហទំព័រ ChurchofJesusChrist.org និង​នៅ​ក្នុង​កម្មវិធី Gospel Library ។