២០២២
ការជួយ​ដល់​ពិភពលោក​ទាំងមូល
ខែ ឧសភា ឆ្នាំ ២០២២


ការជួយ​ដល់​ពិភពលោក​ទាំងមូល

សមាជិក​នៃ​គណៈប្រធានទីមួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បន្ត​ការងារ​បម្រើ​របស់​ពួកលោក​ក្នុងនាម​ជា​ព្យាការី អ្នក​មើលឆុត និង​អ្នក​ទទួល​វិវរណៈ ដោយ​ការធ្វើ​ជា​សាក្សី​នៅទូទាំង​ពិភពលោក​អំពី​ការស្តារឡើងវិញ​នៃ​ដំណឹងល្អ និង​ពរជ័យ ទាំងឡាយ​នៃ​ការធ្វើតាម​ព្រះអង្គ​សង្រ្គោះ ។ នេះ​គឺជា​កិច្ចការ​មួយ​ចំនួន​ដែល​ពួកលោក​សម្រេច​បាន​ចាប់តាំង​ពី​សន្និសីទ​ទូទៅ​លើក​មុន ។

សមាជិក​នៃ​គណៈប្រធាន​ទីមួយ

សម្រាប់​សេចក្តី​សង្ខេប​ពី​ការងារ​បម្រើ​របស់​ប្រធាន​រ័សុល អិម ណិលសុន ចាប់តាំង​ពី​សន្និសីទ​ទូទៅ​លើក​មុន សូមមើល​ទំព័រ ១៣៥ ។

កាល​ថ្លែង​សុន្ទរកថា​នៅ​សាកលវិទ្យាល័យ​រ៉ូម ប្រទេស​អ៊ីតាលី ប្រធាន ដាល្លិន អេក អូក ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​ទីមួយ​បាន​មាន​ប្រសាសន៍​ថា សេរីភាព​ខាង​សាសនា​បាន​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សង្គម ហើយ​លោក​បាន​លើកទឹកចិត្ត​មនុស្ស​ដែល​មាន​ជំនឿ​ឲ្យ « ស្វែងរក​របៀប​នានា​ដើម្បី រៀន​ពី​គ្នា​ទៅវិញ​ទៅមក និង​ពង្រឹង​ការយល់ដឹង​ទូទៅ​ដែល​ជួយ​យើង​ទៅវិញ​ទៅមក » ។

សមាជិក​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់

ប្រធាន អិម រ័សុល បាឡឺដ ជា​ប្រធាន​ស្តីទី និង​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និង​ឃ្វីនថិន អិល ឃុក បាន​ធ្វើការងារ​បម្រើ​នៅ​ចក្រភព​អង់គ្លេស​ទាំងមូល ដោយ​ជួប​ជាមួយ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​នៃ​សាសនាចក្រ ។ ពួក​លោក​ទាំងបី​នាក់​បាន​បម្រើ​បេសកកម្ម​នៅ​ចក្រភព​អង់គ្លេស កាល​ដែល​ពួកលោក​នៅ​ក្មេង ហើយ​អែលឌើរ ហូឡិន និង​អែលឌើរ ឃុក បាន​ធ្វើ​ជា​ដៃគូ​នឹង​គ្នា ។

អែលឌើរ ដេវីឌ អេ បែដណា បាន​ថ្លែង​សុន្ទរកថា​នៅ​ឯ​ការប្រជុំ​ធម្មនិដ្ឋាន​នៅ​យ័រដាន់ ។ នៅ​សហគមន៍​អ៊ីស្លាម​អារ៉ាប់ រួម លោក​បានជួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ស្តេក អាប៊ូ ដាប៊ី ហើយ​បាន​ទៅ​ទស្សនកិច្ច​ទីតាំង ដែល​នឹង​សង់​ព្រះវិហារ​បរិសុទ្ធ​នៅ​ថ្ងៃ​ខាងមុខ ។ នៅ បារ៉ែន លោក​បាន​ជួប​ជាមួយ​សមាជិក​នៃ​វួដ​ម៉ាណាម៉ា ហើយ​បាន​ធ្វើ​ការប្រជុំ​ធម្មនិដ្ឋាន​សម្រាប់​យុវវ័យ ។

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន បាន​ក្លាយ​ជា​សាវក​ដំបូង​គេ​ដែល​បាន​ទៅ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​ហ្គាំប៊ី ។ លោកបាន​ជួប​ជាមួយ​ប្រធានាធិបតី និង​ស្រ្តី​ទីមួយ ព្រមទាំង​ប្រធានាធិបតី​ស្តីទី​នៃ​សាធារណរដ្ឋ ហើយ​បាន​ពិភាក្សា​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​សាសនាចក្រ និង​មូលនិធិ​របស់​ស្រ្តី​ទីមួយ ដើម្បី​ជួយ​ដល់អ្នក​ដែល​ខ្វះខាត ។ អែលឌើរ គ្រីស្តូហ្វឺសិន ក៏​បាន​ទស្សនកិច្ច​ប្រទេស កូតឌីវ័រ, នីហ្សេរីយ៉ា និង​ហ្គាណា​ផងដែរ ។

អំឡុង​ការប្រជុំ និង​ការបំពាក់​បំប៉ន​នៅ​ប្រទេស កូឡុំប៊ី និង អេក្វាឌ័រ អែលឌើរ នែល អិល អាន់ឌើរសិន បាន​នឹកឃើញ​ពី​សមាជិក​សាសនាចក្រ​ជាច្រើន​នាក់​ដែល​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​កូវីដ ។ លោក​បាន​ជួប​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ប្រធាន​បេសកកម្ម​ចំនួន ៣៦ នាក់ ព្រមទាំង​ភរិយា​របស់​ពួកគាត់ និង​ថ្នាក់ដឹកនាំ​ស្ដេក ដោយ​ជារឿយៗ​លោក​មាន​ប្រសាសន៍​ជា​ភាសា​អេស្ប៉ាញ ។ ក្នុង​ការប្រជុំ​ធម្មនិដ្ឋាន​មួយ​នៅប្រទេស​កូឡុំប៊ី លោក​បាន​ថ្លែង​អំពី​ការពង្រឹង​ដល់​អាពាហ៍ពិពាហ៍ និង​ក្រុមគ្រួសារ ។

នៅប្រទេស​ប៉ាណាម៉ា អែលឌើរ ហ្គែរី អ៊ី ស្ទីវ៉ែនសុន បាន​ក្លាយ​ជា​សាវក​ដំបូងគេ​ដែល​បាន​ទៅ​ទស្សនកិច្ច​នៅកោះ​កាទី​ទុពីឡេ នៅ​ប្រជុំកោះ សាន ប្លាស ដែលមាន​ទីតាំង​នៅ​ស្រុក​ជនជាតិ​ដើម​ភាគតិច​ហ្គូណា យ៉ាឡា ប្រមាណជា​ពីរម៉ោង​កន្លះ​ពី​ទីក្រុង​ប៉ាណាម៉ា ។

អែលឌើរ ហ្គើរីត ដបុលយូ ហ្គង បាន​ថ្លែង​ទៅកាន់​យុវវ័យ​នៅ​ប្រទេស​ហ្វីលីពីន​អំពី​ការធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឈ្លាសវៃ និង​អំពី​ការលើក​ដាក់​ព្រះនាម​របស់​ព្រះយេស៊ូវ​គ្រីស្ទ​មកលើ​ខ្លួន​ពួកគេ ។ លោក​បាន​ជួប​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ហើយ​នៅក្នុង​ព្រឹត្តិការណ៍នៃ​ការចាក់ផ្សាយ​មួយ​នៅទូទាំង​ប្រទេស​ហ្វីលីពីន លោក​បាន​ថ្លែង​ទៅកាន់​យុវមជ្ឈិមវ័យ​នៅលីវ ។

នៅ​ក្នុង​ប្រទេស​កំណើត​របស់​លោក​គឺ​ប្រទេស​ប្រេស៊ីល អែលឌើរ អូលីសេស សូរ៉េស បាន​ទូន្មាន​ដល់​ពួក​មជ្ឈិមវ័យ​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​ផ្ដោត​លើ​ព្រះអង្គ​សង្គ្រោះ ។ លោក​បាន​ប្រាស់​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យ​អនុវត្ត​សេចក្ដីជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចាក់គ្រឹះ​នៅក្នុង​សេចក្ដីពិត ។ ជាច្រើនខែ​ក្រោយមក អែលឌើរ សូរ៉េស បានត្រឡប់​ទៅ​ប្រទេស​ប្រេស៊ីលវិញ​ដើម្បី​ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​សេរីភាព​សាសនា ។ លោក​ក៏​បានជួប​នឹង​ប្រធានាធិបតី​ស្តីទី​នៃ​សាធារណរដ្ឋ​ដូមីនីកែន និង​ជាមួយ​ឯកអគ្គរដ្ឋទូត​គុយបា​ប្រចាំ​ប្រទេស​នោះ​ផងដែរ ។ សាសនាចក្រ​មាន​មណ្ឌល​មួយ និង​សាខា​ចំនួន​បួន​កន្លែង​នៅ​ប្រទេស​គុយបា ។

នៅក្នុង​ការប្រជុំ​តាម​អនឡាញ អែលឌើរ ឌៀថើរ អេហ្វ អុជដូហ្វ បាន​ថ្លែង​ទៅកាន់​យុវវ័យ ពួក​អ្នកផ្សព្វផ្សាយ​សាសនា និង​ថ្នាក់ដឹកនាំ​សាសនាចក្រ​នៅ​តំបន់​អាស៊ី អែលឌើរ ឃ្វីនថិន អិល ឃុក បាន​ថ្លែង​ទៅកាន់​ពួក​មជ្ឈិមវ័យ​វ័យក្មេង​នៅ​តំបន់​អឺរ៉ុប អឺរ៉ុប​ខាងកើត អាហ្វ្រិក និង​មជ្ឈឹមបូព៌ា អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន​បានថ្លែង​ទៅកាន់​ពួក​មជ្ឈិមវ័យ​វ័យក្មេង​ជា​ភាសា​ព័រទុយហ្គាយ អែលឌើរ នែល អិល អាន់ឌើរសិន បានថ្លែង​ទៅកាន់​ពួក​មជ្ឈិមវ័យ​វ័យក្មេង​រស់នៅ​អាមេរិក​ឡាទីន និង​អេស្ប៉ាញ អែលឌើរ រ៉ូណល អេ រ៉ាសបាន បាន​ថ្លែងទៅកាន់​ពួក​មជ្ឈិមវ័យ​វ័យក្មេង​ដែល​និយាយ​ភាសា​អង់គ្លេស និង​អែលឌើរ ឌែល ជី រ៉ង់ឡាន់ បានថ្លែង​ទៅកាន់​ពួក​មជ្ឈិមវ័យ​វ័យក្មេង​ជា​ភាសា​បារាំង ។