២០២២
ប្រធាន ណិលសុន ធ្វើការងារ​បម្រើ
ខែ ឧសភា ឆ្នាំ ២០២២


ប្រធាន ណិលសុន ធ្វើការងារ​បម្រើ

ដោយប្រើ​ការចាក់ផ្សាយ​ការប្រជុំ​ធម្មនិដ្ឋាន និង​ការ​ចុះផ្សាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប្រធាន រ័សុល អិម ណិលសុន បន្ត​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យមក​រក​ព្រះគ្រីស្ទ ហើយ​រៀនពីទ្រង់ ។

អំឡុង​ការចាក់ផ្សាយ​ការ​ប្រជុំ​ធម្មនិដ្ឋាន​មួយ ប្រធាន ណិលសុន បាន​លើក​ទឹកចិត្ត​ដល់​សមាជិក​សាសនាចក្រ​នៅ​រដ្ឋ​អូក្លាហូម៉ា និង​រដ្ឋ​កាន់សាស ស.រ.អា ឲ្យ​ផ្ដោតលើ « អំណោយទាន​ដ៏​អស្ចារ្យ​បំផុត​មួយ​ដែល​ព្រះវរបិតា​សួគ៌​នៃ​យើង​បានប្រទាន​ដល់​យើង ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ផ្ដោត​លើ​ទ្រង់ និង​ព្រះរាជបុត្រា​សំណព្វ​របស់​ទ្រង់ » លោក​បាន​ថ្លែង​ដូច្នេះ ។ « ខ្ញុំ​សំដៅ​លើ​ព្រះគម្ពីរ​មរមន ។ វា​គឺជា​អំណោយទាន​ពី​ព្រះ​សម្រាប់​យើង ។ វា​គឺជា​មូលដ្ឋាន​នៃ​សាសនា​របស់​យើង ដោយសារ​វា​មាន​នូវ​ចំណុច​ដ៏សំខាន់ គឺ​ការផ្ដោតលើ​គោលលទ្ធិ​របស់​ទ្រង់ » ។

ដោយ​ថ្លែង​ទៅកាន់​សមាជិក​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ស.រ.អា អំឡុង​ការចាក់ផ្សាយ​មួយ នោះ​ប្រធាន ណិលសុន​បាន​ផ្ដល់​ការអញ្ជើញ​ចំនួន​បី រួមមាន ៖ (១) ស្វែងរក​សេចក្ដីពិត​តាមរយៈ​ការអធិស្ឋាន ការ​ស្រាវជ្រាវ​បទគម្ពីរ និង​ការសិក្សា​ប្រសាសន៍​របស់​ពួកព្យាការី ពួក​អ្នកមើលឆុត និង​ពួក​អ្នក​ទទួល​វិវរណៈ (២) បង្កើន​អានុភាព និង​ការញាណ​ដឹង​ខាងវិញ្ញាណ​ដោយ​ចុះ​សេចក្ដីសញ្ញា​ជាមួយ​នឹង​ព្រះ និង​ការរក្សាសេចក្តីសញ្ញា​នោះ និង​(៣) ចូលរួម​យ៉ាងសកម្ម​នៅ​ក្នុង​ការ​ជួយ​ប្រមូលផ្ដុំ​អ៊ីស្រាអែល ។

ហើយ​នៅក្នុង​ការ​ចាក់ផ្សាយ​មួយ​ទៅ​កាន់ ៤៨ ប្រទេស ប្រធាន ណិលសុន បាន​រំឭក​ពួក​បរិសុទ្ធ​នៅអឺរ៉ុប​ថា « មិត្តភក្ដិ​របស់​បងប្អូន​ជាច្រើន​នាក់​កំពុង​ស្វែងយល់​ពី ហេតុផល​ដែល​ពួកគេ​នៅលើ​ផែនដី​នេះ ។ ពួកគេ​ចង់ដឹង​ប្រសិនបើ​ជីវិត​មាន​អត្ថន័យ និង​គោលបំណង​ណាមួយ ។ ពួកគេ​ចង់​ធ្វើ​ឲ្យ​មាន​ភាព​ខុសប្លែក​នៅក្នុង​ពិភពលោក​នេះ ។ ពួកគេ​ងឿងឆ្ងល់​ពី​បុគ្គល​ដែល​ពួកគេ​អាច​ទុកចិត្ត​បាន ។ តើ​បងប្អូន​ដឹង​ទេ​ថា បងប្អូន​មាន​ចម្លើយ​ដែល​មិត្តភក្ដិ​ទាំងនោះ​កំពុង​ស្វែងរក ?

នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប្រធាន ណិលសុន បាន​អញ្ជើញ​យើង​កុំ​ឲ្យគ្រាន់តែ​មាន​អារម្មណ៍​ដឹងគុណ​តែម្យ៉ាង ប៉ុន្តែ​ត្រូវ​បង្ហាញ​វាចេញ​មក​ផង ។ លោក​អញ្ជើញ​យើង​ឲ្យ​បើក​ដួងចិត្ត​របស់​យើង​សម្រាប់​អ្នក « ដែល​ប្រហែល​ជា​កំពុង​ស្មុគស្មាញ​មើល​មិនឃើញ​ពី​ពន្លឺ​របស់​ព្រះអង្គ​សង្គ្រោះ ហើយ​ទទួល​អារម្មណ៍​ពី​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ » ។ លោក​បាន​លើកទឹកចិត្ត​យើង​ឲ្យ « ធ្វើការ​រួមគ្នា​ឲ្យ​នាំមុខ​នៅក្នុង​ការបោះបង់ចោល​នូវ​អាកប្បកិរិយា និង​សកម្មភាព​នៃ​ការរើសអើង » ។ ហើយ​លោក​បាន​ថ្លែង​ទីបន្ទាល់​ថា « មាន​ប្រភព​មួយ​ដែល​យើង​ទាំងអស់​គ្នា​អាច​ងាក​ទៅរក ទោះ​ជា​ដើម្បី​ពង្រីក​សេចក្ដីស្រឡាញ់​របស់​យើង​​ចំពោះ​មនុស្ស​ដទៃ ឬ​កែ​ដួងចិត្ត​របស់​យើង​ពេល​វា​ខ្ទេចខ្ទាំ​ក្ដី ប្រភព​នោះគឺ—ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ » ។