២០២២
កុំ​ខ្លាច​ឡើយ ៖ ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ !
ខែ ឧសភា ឆ្នាំ ២០២២


កុំ​ខ្លាច​ឡើយ ៖ ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ !

សូម​ចាប់ផ្ដើម​ស្វែងរក​សុភមង្គល​ តាមរយៈ​ការឱប​ក្រសោប​យក​ការណ៍​ល្អ ​ដែល​យើង​មាន​រួច​ហើយ មក​ពី​អង្គ​ផ្ដល់​អំណោយ​ដ៏​ល្អ​គ្រប់​យ៉ាង គឺ​ព្រះគ្រីស្ទ ។

ខ្ញុំ​សូម​ថ្លែងសុន្ទរក​ថា​នៅ​ថ្ងៃនេះ​ទៅ​កាន់​មនុស្ស​វ័យ​ក្មេង​ក្នុង​សាសនាចក្រ​នេះ មាន​ន័យ​ថា​សម្រាប់អស់អ្នក​ដែល​មាន​អាយុ​ស្របាល​ប្រធាន រ័សុល អិម ណិលសុន ឬ​ក្មេង​ជាង​នេះ ។ ខ្ញុំ​កម្រ​ប្រើ​រូបភាព​ណាស់ ប៉ុន្ដែ​ខ្ញុំ​មិន​អាច​បដិសេធ​រូបភាព​នេះ បាន​ទេ ។

រូបភាព
សំបុត្រ​មកពី​ម៉ារីន អាណុល

cri de coeur ( គ្រី ឌឹ ឃ័រ )នេះ​គឺ​មក​ពី​មិត្ត​អាយុ​ប្រាំបី​ឆ្នាំ​របស់​ខ្ញុំ ឈ្មោះ​ម៉ារីន អាណុល ។ ខ្ញុំ​នឹង​បកប្រែ​អក្សរ​អេស៊ីព្ទ​បុរាណ​របស់​នាង​ឲ្យ​បងប្អូន​ស្ដាប់ ៖

ជូន​ចំពោះ​ប៊ីស្សព

សនិសីត​តូតៅ

គួរ​ឲ្យ​ធុញ​ណាស់ ហេតុអ្វី

យើង​តូវ

មើល​វា ? ប្រាប់​ខ្ញុំ​មក​ថា​ហេតុអ្វី

ដោរសេចតីម៉ោះម៉ាក ពី​ម៉ារីន

អាណុល ។

មែនហើយ​ ម៉ារីន សុន្ទរកថា​ដែល​ខ្ញុំ​នឹង​ថ្លែង​នេះ ​ប្រាកដ​ជា​ធ្វើ​ឲ្យ​ចៅ​ធុញ​ទៀត​ហើយ ។ ប៉ុន្ដែ​ពេល​ចៅ​សរសេរ​សំបុត្រ​រអ៊ូរទាំ​ទៅ​ប៊ីស្សព ​ចៅ​ត្រូវ​ប្រាប់​គាត់​ថា ឈ្មោះ​ខ្ញុំ​គឺ « ខៀរ៉ុន ។ អែលឌើរ ផាទ្រីក ខៀរ៉ុន » ។

អស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ហើយ ​ដែល​ជំងឺ​រាតត្បាត​ដូច​គ្រោះកាច​ក្នុង​ព្រះគម្ពីរ​ប៊ីប បាន​គ្របដណ្ដប់​ផែនដី​យើង ហើយ​ខណៈ​ដែល​គ្រោះកាច​នោះ​បញ្ឈប់​​អ្វីៗ​ស្ទើរ​តែ​ទាំងអស់​ក្នុង​សង្គម តែ​ជាក់​ស្ដែង វា​មិន​បាន​បញ្ឈប់​អំពើ​ឃោរឃៅ អំពើហិង្សា និង​ការឈ្លានពាន​ដ៏​ព្រៃផ្សៃ​ខាង​នយោបាយ​—ជាតិ ឬ​អន្តរជាតិ​នោះទេ ។ មិន​តែប៉ុណ្ណោះ យើង​នៅតែ​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​សង្គម និង​ខាង​វប្បធម៌ដ៏​យូរ រាប់​ទាំង​ការខ្វះខាត​ផ្នែក​សេដ្ឋកិច្ច ​ការបំផ្លាញ​បរិស្ថាន ភាពអគតិចំពោះ​ពូជសាសន៍ និង​អ្វីៗ​ជា​ច្រើន​ទៀត ។

គ្រា​ចលាចល និង​ងងឹតងងល់ខ្លាំង​បែប​នោះ ​អាច​បំបាក់​ទឹកចិត្ត​យុវវ័យពួកយើង ជា​អ្នក​ដែល​យើង​ចង់​ឃើញ​ថា​ពួកគេមាន​សុទិដ្ឋិនិយម និង​ចិត្តសាទរចំពោះជីវិត​នាពេល​អនាគត ។ គេ​និយាយ​ថា « អំណាច​របស់​យុវវ័យ​គឺជា​ទ្រព្យ​រួម​សម្រាប់​ពិភពលោក​នេះ​ទាំងមូល ។ យុវវ័យ … នេះ​ហើយ … ជា​អ្នក​ស្នង … សង្គម​យើង​នៅពេល​ខាង​មុខ » ។ លើសពី​នេះ កូនចៅ​របស់​យើង​គឺជា​អ្នកបន្ដ​វេន​យើង ដែល​​ជោគវាសនា​របស់​សាសនាចក្រ​នេះ​ស្ថិត​នៅក្នុង​កណ្ដាប់ដៃ​របស់​ពួកគេ ។

គិតពី​ស្ថានភាព​បច្ចុប្បន្ន​ យើង​អាច​យល់​បាន​ បើយុវវ័យ​ពុំ​សូវ​មាន​ឧត្តមគតិ​និយម​ដូច​មុន​ទៀត ។ បណ្ឌិត ឡូរី សានតូស ដែល​ជា​សាស្ដ្រាចារ្យ​នៅ​សាកលវិទ្យាល័យ យ៉េល បាន​បង្កើត​ថ្នាក់​មួយ​នាពេល​ថ្មីៗ​នេះ ​ឈ្មោះ​ថា ចិត្តវិទ្យា និង​ជីវិត​ល្អ ។ « ឆ្នាំ​ទីមួយ​ដែល​ថ្នាក់​នេះ​បើក នោះ​សឹងតែ [ មួយ​ភាគ​បួន ] នៃ​ស្ថាប័ន​សិស្ស​ថ្នាក់​បរិញ្ញាបត្រ [ ទាំងមូល ] បាន​ចុះឈ្មោះ​ចូល​រៀន » ។ បន្ទាប់មក មនុស្ស​ជាង ៦៤ លាន​នាក់​បាន​ចូល​ស្ដាប់​ផតខាស​របស់​គាត់ ។ ពេល​សរសេរ​អំពី​បាតុភូត​នេះ អ្នកសារព័ត៌មាន​ម្នាក់កត់សម្គាល់ថា តើ​ឈឺចាប់ប៉ុណ្ណា ​ដែល​ឃើញ​សិស្ស​វ័យក្មេង​ឆ្លាតវៃ​ជាច្រើន​នាក់—និង​មជ្ឈិមវ័យ​ផងដែរ— « ចង់​បាន​អ្វីមួយ​ដែល​ពួកគេ​បាន​បាត់បង់ » ឬ​ ចង់​បាន​អ្វីមួយ​ដែល​ពួកគេ​មិន​ធ្លាប់​មាន​ខ្លាំងណាស់ ។

ថ្ងៃ​នេះ​ខ្ញុំ​សូម​អង្វរ​ដល់​យុវវ័យ​ឪពុក​ម្ដាយ និង​មជ្ឈិមវ័យ ដែល​ផ្ដល់ដំបូន្មាន​ពួកគេថា ឲ្យ​​ចាប់ផ្ដើម​ស្វែងរក​សុភមង្គល​ តាមរយៈ​ការឱប​ក្រសោប​យក​ការណ៍​ល្អ និង​សុភមង្គល​ដែល​យើង​មាន​រួចហើយ មកពី​អង្គផ្ដល់​អំណោយ​ដ៏ល្អ​គ្រប់យ៉ាងគឺព្រះគ្រីស្ទ ។ នៅ​គ្រា​​នេះ ​មាន​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក​កំពុង​សួរ​សំណួរចេញពី​ចិត្ត យើង​គួរតែ​ឆ្លើយ​ជាមួយ​នឹង « ដំណឹង​ល្អ » នៃ​ព្រះសិក្ខាបទ​​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ លើក​កម្ពស់​បេសកកម្ម និង​សារលិខិត​របស់​ព្រះអង្គ​សង្គ្រោះ​នៃ​ពិភពលោក​នេះ ហើយ​ផ្ដល់​នូវ​របៀប​ដ៏សំខាន់​អស់កល្ប ដើម្បី​ស្វែងរក​ការណ៍​ល្អ​ផង និង​ធ្វើ​ការណ៍ល្អ​នៅ​គ្រា​ដ៏ចាំបាច់​បែប​នេះ​ផង ។

ប្រធាន រ័សុល អិម ណិលសុន បាន​ថ្លែង​ថា យុវវ័យ​ជំនាន់​នេះ​មាន​សមត្ថភាព​ដើម្បី « ជះ​ឥទ្ធិពល [ សម្រាប់​ការណ៍​ល្អ ] ក្នុងពិភពលោក​នេះ​ខ្លាំង​ជាង​ជំនាន់​ណាៗ​ទាំងអស់ » ។ យើង​​ទាំងអស់​គ្នា ​គួរតែ « [ ច្រៀង ] ​នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់ដ៏​ប្រោសលោះ »ប៉ុន្ដែ​​ត្រូវមាន​ការលត់ដំ— « ភាពជា​សិស្ស »—ជាអ្នក​​ការពារទប់ទល់នឹង​ឥរិយាបថ​អវិជ្ជមាន និង​ទម្លាប់​ដ៏បំផ្លិច​បំផ្លាញ ដែល​វា​រារាំងយើង ពេល​យើង​ព្យាយាម​ច្រៀង​ចម្រៀង​នៃ​សេចក្ដី​សង្គ្រោះ​ដ៏អស់កល្ប​នោះ ។

ទោះជា​យើង « ​នៅ​កន្លែង​ល្អ »ក្ដី ក៏​យើង​អាច​ជួប​រឿង​បែប​នោះ​ពី​មួយពេល​​ទៅ​​មួយពេល​ដែល​គំនិត​ទុទិដ្ឋិនិយម មើលឃើញ​តែ​រឿង​អាក្រក់ៗ​ជានិច្ច ។ បងប្អូន​ស្គាល់​ពាក្យ​ស្លោក​ពួកគេ​ថា « រឿង​តែងតែ​អាក្រក់ ពី​មុន​ពេល​វា​កើត​ឡើង » ។ ឱ នោះ​ជា​ទស្សនវិស័យ​ដ៏​គ្រោះថ្នាក់​មួយ ហើយ​ជីវិត​ពិត​ជា​អណោច​អធម​ណាស់ ! មែន​ហើយ ពេល​ខ្លះ​យើង​អាច​ចង់​រត់​ចេញ​ឲ្យ​ឆ្ងាយ​ពី​ស្ថានភាព​របស់​យើង ប៉ុន្ដែ​តាម​ពិត​យើង​មិន​គួរ​បោះបង់​អត្តសញ្ញាណ​ខ្លួនឯង​ទេ—​យើង​ជា​បុត្រា​បុត្រី​របស់​ព្រះ​ដ៏​មាន​ព្រះជន្ម​រស់ ដែល​ស្រឡាញ់​យើង ហើយ​តែងតែ​ត្រៀម​ចាំ​អភ័យទោស​ឲ្យ​យើង និង​មិន​បោះបង់​យើង​ចោល​ឡើយ ។ បងប្អូន​គឺ​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​របស់​ទ្រង់ ។ បងប្អូន​គឺ​ជា​បុត្រ​របស់​ទ្រង់​ដែល​ទ្រង់​បាន​ប្រទាន​ដល់បងប្អូន​នូវ​ព្យាការី និង​ការសន្យា អំណោយទាន​ខាង​វិញ្ញាណ និង​វិវរណៈ អព្ភូតហេតុ និង​សារលិខិត ព្រមទាំង​ពួកទេវតា​ជាច្រើន​នៅ​ទាំង​សងខាង​នៃ​វាំងនន ។១០

ទ្រង់​ក៏បាន​ប្រទាន​ដល់​បងប្អូន​នូវ​សាសនាចក្រ​មួយ ដែល​ពង្រឹងដល់​ក្រុមគ្រួសារ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ហើយ​ផ្សារភ្ជាប់​សម្រាប់​ភាពអស់កល្ប​ជានិច្ច​ផងដែរ ។ សាសនាចក្រ​មាន​ជាង ៣១,០០០ វួដ និង​សាខា ដែល​មាន​មនុស្ស​មក​ជួបជុំ​គ្នា ច្រៀង ហើយ​តម​អាហារ និង​អធិស្ឋាន​ឲ្យ​គ្នា​ទៅវិញ​ទៅ​មក ហើយ​ផ្ដល់​ជំនួយ​ដល់​ជនទ័លក្រ ។ នេះ​គឺជា​កន្លែង​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវបានហៅឈ្មោះ រាប់​អាន និងផ្ដល់​ការងារ​បម្រើ និង​ជា​កន្លែង​ដែល​មិត្ត និង​អ្នកជិតខាង​ស្ម័គ្រចិត្ត​បម្រើ​គ្នា​ទៅវិញ​ទៅមក​នៅក្នុង​ការហៅ ទាំង​កិច្ចការ​ខាង​សាសនា ទៅដល់​​កាតព្វកិច្ច​ថែទាំ​សម្អាត​អគារ ។ យុវមជ្ឈិមវ័យ—និង​គូ​ស្វាមីភរិយា​វ័យ​ចំណាស់​ជាច្រើនផងដែរ—​បម្រើ​បេសកកម្ម ចំណាយ​ប្រាក់​ផ្ទាល់​ខ្លួន​អស់​រាប់​ពាន់ យល់ព្រម​ទៅ​បម្រើ​នៅ​កន្លែង​ដែល​គេ​ត្រូវ​ហៅ​ឲ្យទៅ ហើយ​សមាជិក​ទាំង​ក្មេង​ទាំង​ចាស់​ទៅ​ព្រះវិហារ​បរិសុទ្ធ​ធ្វើ​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ ដើម្បី​ផ្សារភ្ជាប់​គ្រួសារ​មនុស្ស​ជាមួយគ្នា—ជា​សកម្មភាព​ដ៏អង់អាច​មួយ​ក្នុង​ពិភពលោក​ដែល​បែកខ្ញែកគ្នា​នេះ ប៉ុន្ដែ​វា​ប្រកាស​ថា ការបែកខ្ញែកបែប​នោះ​ គ្រាន់តែ​បណ្ដោះ​អាសន្ន​​ប៉ុណ្ណោះ ។ ទាំង​នេះ​ជា​មូលហេតុ​ពីរបី ដែល​យើង​អាច​ផ្ដល់​ឲ្យ ព្រោះតែ « សេចក្តី​សង្ឃឹម​របស់ [ យើង ] រាល់​គ្នា » ។១១

ពិត​ណាស់ នៅ​ជំនាន់​​របស់​យើង ពួកសិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ជួប​ប្រទះ​នឹង​បញ្ហា​ដ៏​ពិបាកៗ​ជាច្រើន ។ ថ្នាក់ដឹកនាំ​របស់​សាសនាចក្រ​នេះ កំពុង​ខំ​អស់​ពី​សមត្ថភាព​ស្វែងរក​ការដឹកនាំ​ពី​ព្រះអម្ចាស់ ដើម្បី​ដោះស្រាយ​ចំពោះ​បញ្ហា​ទាំងអស់​នោះ ។ បើ​បញ្ហា​មួយ​ចំនួន ពុំបាន ដោះស្រាយ​បានល្អទេ នោះ​ប្រហែល​ជាវា ​គឺជា​ផ្នែក​មួយនៃ​​ឈើឆ្កាង ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​នោះ ដែល​យើង​ត្រូវតែ​ផ្ទុក​ដើម្បី​ដើរតាម​ទ្រង់ ។១២ ច្បាស់ណាស់ ដោយសារតែ​មានគ្រា​ដ៏ងងឹត និង​បញ្ហា​ដ៏​ពិបាក នោះ​ព្រះ​បាន​សន្យា​ថា ទ្រង់​នឹង​ដឹកនាំ​ព្យាការី​នៅ​វេលា​ថ្ងៃដោយពពក ហើយ​នៅ​វេលា​យប់​ដោយ​បង្គោល​ភ្លើង ផ្ដល់​ដំបង​ដែក បើក​ផ្លូវ​ដ៏តូច​ចង្អៀត​ទៅកាន់​ផ្លូវ​ត្រង់ ហើយ​លើស​ពីនោះ ​ទ្រង់​ប្រទាន​ដល់​យើង​នូវ​អំណាច​ដើម្បី​បញ្ចប់​ដំណើរ​នេះ ។១៣

ដូច្នេះ សូម​មេត្តា​បន្ដ​នៅ​សកម្ម​ក្នុង​សាសនាចក្រ​នេះ ទោះជា​បងប្អូន​មិន​ចូលចិត្ត​ចំពោះអ្វីមួយ​ចំនួន​ក៏ដោយ ។ សូម​បង្ហាញ​ពន្លឺ របស់​ទ្រង់ហើយ​ឲ្យទៀន របស់​បងប្អូនទៅ​ដើម្បី​បុព្វហេតុ​នេះ ។១៤ បទចម្រៀង​នៅក្នុង​អង្គការ​បឋមសិក្សា​នេះ​និយាយ​ពិត​ជាត្រូវ ៖ ព្រះយេស៊ូវ ពិតជា « [ ចង់​ឲ្យ​បងប្អូន ] ធ្វើជា​ពន្លឺ » មែន ។១៥

នៅពេល​អ្នកដឹកនាំ​សាសន៍​យូដា លោក​យ៉ៃរ៉ុស បាន​អង្វរ​ព្រះយេស៊ូវ​ឲ្យ​ព្យាបាល​កូនស្រី​អាយុ ១២ ឆ្នាំ​របស់​លោក ដែល​ហៀប​នឹង​ស្លាប់​នៅឯ​ផ្ទះ ខណៈនោះ​ព្រះអង្គ​សង្គ្រោះ​នៅ​កណ្ដាល​ហ្វូង​មនុស្ស​​កកកុញ មាន​អ្នកបម្រើ​ម្នាក់​បាន​មក​ប្រាប់​ឪពុក​ដ៏​អន្ទះសា​រូប​នេះ​ថា « កូន​លោក​ស្លាប់​ហើយ កុំ​នៅ​រំខាន​ចិត្ត​លោកគ្រូ​ទៀត » ។

« ព្រះយេស៊ូវ​ក៏​ឮ ហើយ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា កុំ​ខ្លាច​ឡើយ ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ នោះ​នាង​នឹង​បាន​រស់​វិញ » ។១៦

ហើយ​នាង​ក៏​បាន​ព្យាបាល ។ ហើយ​បងប្អូន​នឹង​បាន​រស់​ដែរ ! « កុំ​ខ្លាច​ឡើយ ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ » ។

ដោយសារ​បងប្អូន​ម្នាក់ៗ​ដែល​ជា​អ្នកស្ដាប់​មាន​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​ព្រះ និង​សាសនាចក្រ​នេះ ខ្ញុំ​សូម​បញ្ចប់​ដោយ​ការប្រកាស​ដ៏ពិសេស​នេះ​ក្នុង​នាម​ជា​សាវក ។ មុនពេល​បងប្អូន​បាន​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បងប្អូន​បាន​មាន​ពន្លឺ​នៃ​ព្រះគ្រីស្ទ​​នៅក្នុង​ព្រលឹង​របស់​បងប្អូន​រួច​ហើយ១៧ ជា « ពន្លឺ​ដែល​នៅក្នុង​គ្រប់​ទាំងអស់ ដែល​ផ្ដល់​ជីវិត​ដល់​គ្រប់​ទាំងអស់ … »១៨ ហើយ​ជា​ឥទ្ធិពល​សម្រាប់​ការណ៍​ល្អ​នៅក្នុង​ចិត្ត​របស់​មនុស្ស​គ្រប់រូប ដែល​ធ្លាប់​បាន​រស់នៅ ឬ​នឹង​រស់នៅ ។ ពន្លឺ​នោះ​ត្រូវបាន​ប្រទាន​មក​ដើម្បី​ការពារ និង​បង្រៀន​បងប្អូន ។ សារលិខិត​ដ៏សំខាន់​នោះ​គឺ​ថា ជីវិត​គឺជា​អំណោយទាន​ដ៏មាន​តម្លៃ​បំផុត​មួយ ជា​អំណោយ​នឹង​ទទួល​បាន​អស់កល្ប​ជានិច្ច ​តាមតែរយៈ​ដង្វាយធួន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ។ ក្នុងនាម​ជា​ពន្លឺ ហើយ​ជា​ជីវិត​នៃ​ពិភពលោក១៩ព្រះរាជបុត្រា​បង្កើត​តែមួយ​របស់​ព្រះ​បាន​យាងមក ដើម្បី​ប្រទាន​ជីវិត​ដល់​យើង​ដោយយកឈ្នះ​លើ​សេចក្ដី​ស្លាប់ ។

យើង​ត្រូវតែ​ប្ដេជ្ញា​ចិត្ត​​ទាំងស្រុង​​ចំពោះ​អំណោយ​នៃ​ជីវិត​នេះ ហើយ​ផ្ដល់​ជំនួយ​ដល់​អស់​អ្នក​ដែល​កំពុង​ចង់​បោះបង់​អំណោយ​ដ៏ពិសិដ្ឋ​នេះចោល ។ ថ្នាក់ដឹកនាំ អ្នកផ្ដល់​ប្រឹក្សា មិត្តភក្ដិ គ្រួសារ—សូម​តាម​មើល​រោគសញ្ញា​នៃ​ជំងឺ​បាក់ទឹកចិត្ត ការអស់​សង្ឃឹម ឬ​អ្វីៗ​ដែល​បង្ហាញ​ពី​ការធ្វើ​បាប​ខ្លួនឯង ។ សូម​បងប្អូនស្ម័គ្រជួយ ។ សូម​ស្តាប់ ។ សូម​ធ្វើ​អន្ដរាគមន៍ ​តាមសមគួរ ។

ចំពោះ​យុវវ័យ​របស់​យើង​ដែល​កំពុង​មានបញ្ហា​អើយ មិន​ថា​ប្អូនៗ​មាន​កង្វល់ ឬ​ទុក្ខ​លំបាក​យ៉ាង​ណា​ទេ សេចក្ដី​ស្លាប់​ដោយ​ការធ្វើ​អត្តឃាត ពុំមែនជា​ចម្លើយ​នោះទេ ។ វា​នឹង​មិន​បំបាត់​ការឈឺចាប់​ដែល​ប្អូន​កំពុង​មាន​អារម្មណ៍ ឬ​ដែល​ប្អូន​គិត​ថា​ប្អូន​កំពុង​បង្ក​នោះ​ទេ ។ នៅ​ក្នុង​ពិភពលោក​មួយ​ដែល​ត្រូវការ​ពន្លឺ​យ៉ាង​ខ្លាំង​ក្រៃលែង ​ សូម កុំ បន្ថយ​ពន្លឺ​ដ៏​អស់កល្ប​ដែល​ព្រះ​បាន​ដាក់​នៅក្នុង​ព្រលឹង របស់​ប្អូន តាំងតែពីមុនប្អូនមកកាន់​ពិភពលោក​នេះ​ឡើយ ។ សូម​និយាយ​ប្រាប់​នរណាម្នាក់ ។ សូម​ស្វែងរក​ជំនួយ ។ សូម កុំ បំផ្លាញ​ជីវិត​ដែល​ព្រះគ្រីស្ទ​បានលះបង់​ព្រះជន្ម ​ទ្រង់ ដើម្បី​រក្សា​ជីវិត​យើង​នោះ​ឡើយ ។ ប្អូនៗ​អាច​រែក​បញ្ហា​ជីវិត​នៃ​ជីវិត​រមែង​ស្លាប់នេះបាន ដោយសារ​តែ​យើង​នឹង​ជួយ​ប្អូនៗ​ឲ្យរែក​វា​បាន ។ ប្អូន​រឹងមាំ​ជាង​អ្វី​ដែល​ប្អូន​គិត​ទៅទៀត ។ ប្អូន មាន ជំនួយ​មកពី​មនុស្ស​ដទៃ ​ជាពិសេស​មកពី​ព្រះ ។ ​ប្អូន​មានអ្នក​ស្រឡាញ់ មានតម្លៃ ហើយប្អូន​សំខាន់ ! ពួក​យើង​ត្រូវការ​ប្អូនៗ ! « កុំ​ខ្លាច​ឡើយ ឲ្យ​គ្រាន់តែ​ជឿ​ប៉ុណ្ណោះ » ។

មនុស្ស​ម្នាក់​ដែលបាន​ជួបនឹង​ស្ថានភាព​ដ៏​ពិបាក​ខ្លាំង​ជាង​ប្អូន និង​ខ្ញុំ​ ​បាន​អំពាវនាវថា « ចូរ​ទៅ​មុខ [ មិត្ត​វ័យក្មេង​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ] ។ ចូរ​មាន​ចិត្ត​ក្លាហាន​ចុះ … ហើយ​ចូរ​ទៅ ចូរទៅ​រក​ជ័យជម្នះ ! ចូរ​ឲ្យ​ចិត្ត​អ្នក​បាន​អរ​សប្បាយ ហើយ​រីករាយ​ជា​អតិបរមា​ចុះ » ។២០ យើង​មាន​អ្វីៗ​ជាច្រើន​ដែល​យើង​ត្រូវ​រីករាយ ។ យើង​មាន​គ្នា​ទៅវិញ​ទៅមក ហើយ​យើង​មាន​ទ្រង់ ។ សូម​កុំ​បដិសេធ​ចំពោះ​យើង​នូវ​ឱកាស​ក្នុង​ការ​មានប្អូនៗ ខ្ញុំ​សូម​អង្វរ​ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ និង​បរិសុទ្ធ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទជា​ម្ចាស់​របស់​យើង អាម៉ែន ៕