២០២២
ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរ​សប្បាយ​ចុះ
ខែ ឧសភា ឆ្នាំ ២០២២


ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរ​សប្បាយ​ចុះ

យើង​បាន​កើត​មក​នៅ​គ្រា​នេះ​សម្រាប់​គោលបំណង​ដ៏​ទេវភាព​មួយ គឺ​ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល ។

ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ដោយ​លើក​ទឹក​ចិត្ត​ទៅកាន់ ថូម៉ាស ប៊ី ម៉ាស ជា​អ្នកប្រែចិត្តជឿ​ថ្មី​ម្នាក់​ថា « ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរ​សប្បាយ​ចុះ ត្បិត​ម៉ោង​នៃ​បេសកកម្ម​របស់​អ្នក​មក​ដល់​ហើយ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៣១:៣ ) ។

ខ្ញុំ​ជឿ​ថា ការអញ្ជើញ​នេះ​អាច​ប្រើ​ជា​ការបំផុស​គំនិត​មួយ​សម្រាប់​សមាជិក​គ្រប់រូប​ក្នុង​សាសនាចក្រ ។ យ៉ាងណាមិញ យើង​ម្នាក់ៗ​បានទទួល​បេសកកម្ម​ពី​ព្រះវរបិតាសួគ៌​របស់យើង​ឲ្យ​ប្រមូល​ផ្តុំ​វង្ស​អ៊ីស្រាអែល​នៅ​ទាំង​សង​ខាង​វាំងនន ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​ថា « ការ​ប្រមូលផ្ដុំ​នោះ គឺ​ជាកិច្ចការ​ដ៏​សំខាន់​បំផុត​នៅលើ​ផែនដី​សព្វថ្ងៃ​នេះ ។ ពុំ​មាន​អ្វី​ផ្សេងទៀត​អាច​សម្បើម​ជាង មាន​សារៈសំខាន់​ជាង និង​មាន​ឫទ្ធិ​ជាង​កិច្ចការ​នេះ​នោះទេ » ។

ប្រាកដ​ណាស់ មាន​បុព្វហេតុ​ដ៏​ស័ក្ដសម​ជា​ច្រើន​ក្នុង​ពិភពលោក​នេះ ។ វា​មិន​អាច​រៀបរាប់​ឲ្យ​អស់​បាន​ទេ ។ ប៉ុន្តែ តើ​បងប្អូន​មិន​ចង់​ចូលរួម​ក្នុង​បុព្វហេតុ​ដ៏​អស្ចារ្យ​ដែល​បងប្អូន​អាច​សម្រេច​បាន ហើយ​ដែល​ការរួម​ចំណែក​របស់​បងប្អូន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដ៏​ចាំបាច់​ទេឬអី ? ការប្រមូលផ្ដុំ​នេះ​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ដ៏​អស់កល្ប​មួយ​ចំពោះ​មនុស្ស​ទាំងអស់​គ្នា ។ មនុស្ស​គ្រប់​វ័យ​ទាំងអស់​អាច​ចូលរួម​នៅក្នុង​បុព្វហេតុ​នេះ មិន​ថា​ពួកគេ​មាន​ស្ថានភាព​បែបណា និង​រស់នៅ​ទីណា​នោះ​ទេ ។ គ្មាន​បុព្វហេតុ​ណា​ផ្សេង​ទៀត​នៅក្នុង​ពិភពលោក​នេះ ដែល​រួបរួម​បញ្ចូល​គ្នា​ជាង​នេះ​នោះ​ទេ ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ជា​ពិសេស​ដល់​យុវវ័យ​ថា « ព្រះវរបិតាសួគ៌​របស់​យើង​បាន​រក្សា​ទុក​វិញ្ញាណ​ដ៏​អស្ចារ្យៗ​បំផុត​ជាច្រើន​—ប្រហែលជា … ក្រុម​ដ៏​ល្អបំផុត​របស់​ទ្រង់—សម្រាប់​ដំណាក់កាល​ចុង​ក្រោយ​នេះ ។ ពួក​វិញ្ញាណ​ដ៏​អស្ចារ្យៗ ជា​វិរៈបុរស​ទាំងនោះ—អ្នក​ដែល​សំខាន់​បំផុត​ទាំងនោះ—គឺ​ជា ប្អូនៗ !

មែនហើយ បងប្អូន​ត្រូវបាន​រៀបចំ​តាំង​ពី​មុន​ជីវិត​នេះ ហើយ​បាន​កើត​មក​ពេល​ឥឡូវ​នេះ ដើម្បី​ចូលរួម​នៅក្នុង​កិច្ចការ​នៃ​ការប្រមូលផ្ដុំ​អ៊ីស្រាអែល​ទាំង​សងខាង​នៃ​វាំងនន នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៣៨:៥៣–៥៦ ) ។

ហេតុអ្វី​បាន​ជា​បុព្វហេតុ​នេះ​សំខាន់​ខ្លាំង​ម្ល៉េះ ? ពីព្រោះ « តម្លៃ​នៃ​ព្រលឹង​ទាំង​ឡាយ​គឺ​មហិមា​ណាស់​ចំពោះ​ព្រះនេត្រ​នៃ​ព្រះ » ( គោលលទ្ធិ និង សេចក្ដី​សញ្ញា ១៨:១០ ) ។ ហើយ​ពីព្រោះ « អស់​អ្នក​ណា​ដែល​ជឿ​ដល់ [ ព្រះយេស៊ូវគ្រីស្ទ ] ហើយទទួល​បុណ្យ​ជ្រមុជ​ទឹក អ្នក​នោះ​ហើយ​ដែល​នឹង​បានសង្គ្រោះ … ហើយ​ដែល​នឹងគ្រង​នគរ​ព្រះ​ទុកជា​មរតក » ( នីហ្វៃទី៣ ១១:៣៣ ) ។ លើស​ពី​នេះ​ទៀត « គ្រប់​អ្វីទាំង​អស់ ដែល [ ព្រះ​វរបិតា ] មាន នោះ​នឹង​ត្រូវ​បាន​ប្រទាន​ដល់ » អស់​អ្នក​ដែល​ទទួល​ពិធី​បរិសុទ្ធ​របស់​ទ្រង់ ហើយ​រក្សា​សេចក្ដីសញ្ញា​របស់​ទ្រង់​ផងដែរ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៣៨ ) ។ បន្ថែម​លើ​នោះ « មាន​អ្នក​ច្រូត​តិច​ទេ » ( លូកា ១០:២

មានតែ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ប៉ុណ្ណោះ ដែល​យើង​រកឃើញ​អំណាច សិទ្ធិអំណាច និង​មធ្យោបាយ​ដើម្បី​ផ្ដល់​ពរជ័យ​បែបនោះ​ទៅកាន់​មនុស្ស​ដទៃ​ទៀត មិន​ថា​នៅរស់ ឬ​ស្លាប់​ក៏ដោយ ។

ដូច​ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា « រាល់​ពេលដែល​ប្អូនៗ​ធ្វើ អ្វី​មួយដើម្បី​ជួយ នរណា​ម្នាក់—ទាំង​សងខាង​នៃ​វាំងននបោះ​ជំហាន​ទៅ​ធ្វើ​សេចក្ដីសញ្ញា​ជា​មួយ​នឹង​ព្រះ ហើយ​ទទួល​ពិធីបរិសុទ្ធ​នៃ​បុណ្យជ្រមុជទឹក និង​ព្រះវិហារបរិសុទ្ធ​ដ៏​សំខាន់​របស់​ពួកគេ នោះ​ប្អូនៗ​កំពុង​ជួយ​ប្រមូល​អ៊ីស្រាអែល ។ ដូច្នោះ​វា​សាមញ្ញ » ។

ទោះ​ជា​មាន​របៀប​ជា​ច្រើន​ដើម្បី​ជួយ​ក្នុង​ការប្រមូលផ្ដុំ​ ខ្ញុំ​សូម​និយាយ​អំពី​របៀប​មួយ​ជា​ពិសេស ៖ ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញម៉ោង ។ ចំពោះ​ប្អូន​ភាគច្រើន នេះ​មានន័យ​ថា​ជា​អ្នកផ្សព្វផ្សាយ​សាសនា​​បង្រៀនដំណឹងល្អ ។ ចំពោះ​ប្អូន​ភាគច្រើន​ផ្សេង​ទៀត នេះ​មានន័យ​ថា​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផ្នែក​សេវាកម្ម ។ ប៉ុន្តែ​ពិភពលោក​នេះ​ព្យាយាម​ប្រើប្រាស់​ភាពភ័យខ្លាច និង អសន្តិសុខ ដើម្បីបង្វែរ​យុវវ័យ​ចេញ​ពី​ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​បំផុត​នេះ ។

ការបង្វែរ​មួយ​ចំនួន​ផ្សេងទៀត​អាច​ជា​ការប្រឈម​នឹង​រោគ​រាតត្បាត​សកល ការបោះបង់​ចោល​ការងារ​ល្អ​មួយ ការផ្អាកពី​ការអប់រំ ឬចាប់អារម្មណ៍​នរណា​ម្នាក់ជា​ពិសេស​ ។ គ្រប់គ្នា​នឹង​មាន​នូវបញ្ហា​ប្រឈម​ផ្ទាល់​ខ្លួន​របស់​គាត់ ។ ការបង្វែរ​បែប​នោះ​អាច​កើតឡើងគឺ​នៅចំពេល​ចាប់ផ្ដើម​ការបម្រើ​ដល់ព្រះអម្ចាស់​តែម្ដង ហើយ​ជម្រើស​ដែលស្ដែង​ថា​ ចាំ​ធ្វើ​ការ​បម្រើ​នៅពេល​ក្រោយទៀត ដែល​ជម្រើសនេះ មិន​ងាយស្រួលបែបនេះជានិច្ច​នោះ​ទេ ។

ខ្ញុំ​ស្គាល់បទពិសោធន៍ចំពោះ​ចិត្ត​អំពល់​បែបនេះ​ក្នុង​នាម​ជាយុវវ័យ​ម្នាក់ ។ កាល​ខ្ញុំ​កំពុង​រៀបចំ​ចេញ​បេសកកម្ម​របស់​ខ្ញុំ មាន​ការជ្រៀតជ្រែក​ដ៏​ភ្ញាក់ផ្អើល​មួយ​ចំនួន​បាន​ព្យាយាម​បំបាក់​ទឹកចិត្ត​ខ្ញុំ ។ មួយ​គឺ​ពេទ្យធ្មេញ​របស់​ខ្ញុំ ។ ពេល​គាត់​បាន​ដឹង​ថា ការណាត់ជួប​របស់​ខ្ញុំ​គឺ​ដើម្បី​ខ្ញុំ​អាច​ធ្វើ​អ្នកផ្សព្វផ្សាយ​សាសនា នោះ​គាត់​បាន​ព្យាយាម​រារាំង​ខ្ញុំ​ពី​ការបម្រើ ។ ខ្ញុំ​មិន​បាន​គិត​ទាល់តែ​សោះ​ថា ពេទ្យធ្មេញ​របស់​ខ្ញុំ​ប្រឆាំង​នឹង​សាសនាចក្រ ។

ការរំខាន​ពី​ការអប់រំ​របស់​ខ្ញុំ​ក៏​ស្មុគស្មាញ​ផងដែរ ។ ពេល​ខ្ញុំ​បាន​សុំ​ការឈប់​សម្រាក​រយៈពេល​ពីរ​ឆ្នាំ​ពី​កម្មវិធី​សាកលវិទ្យាល័យ​របស់​ខ្ញុំ គេ​បាន​ផ្ដល់​ដំណឹង​ដល់​ខ្ញុំ​ថា មិន​អាច​ធ្វើ​បាន​ទេ ។ ខ្ញុំ​នឹង​បាត់បង់​កន្លែង​របស់​ខ្ញុំ​នៅ​សាកលវិទ្យាល័យ ប្រសិន​បើ​ខ្ញុំ​មិន​ត្រឡប់​មក​វិញ​ក្នុង​ពេល​មួយ​ឆ្នាំ​ទេ​នោះ ។ នៅក្នុង​ប្រទេស​ប្រេស៊ីល រឿង​នេះ​គឺ​ធ្ងន់ធ្ងរ​ណាស់ ដោយសារ​លក្ខណៈ​វិនិច្ឆ័យ​តែ​មួយ​គត់​សម្រាប់​ការចូល​រៀន​នៅក្នុង​កម្មវិធី​សាកលវិទ្យាល័យ គឺ​ការប្រឡង​ដ៏​ពិបាក និង​ប្រកួតប្រជែង​ខ្លាំង​មួយ ។

បន្ទាប់ពី​ការទទូច​ម្តង​ហើយ​ម្តង​ទៀត គេ​បាន​ផ្ដល់​ដំណឹង​ដោយ​ស្ទាក់ស្ទើរ​ដល់​ខ្ញុំ​ថា បន្ទាប់ពី​អវត្តមាន​រយៈពេល​មួយ​ឆ្នាំ ខ្ញុំ​អាច​ស្នើសុំ​ការលើកលែង បើ​មាន​ហេតុផល​ពិសេស​ណា​មួយ​នោះ ។ គេ​អាច​អនុញ្ញាត​ឲ្យ ឬ​មិន​ឲ្យ ។ ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ ពេល​គិត​ពី​ការប្រលង​ដ៏លំបាកដើម្បីចូលរៀន​ម្ដង​ទៀត បន្ទាប់​ពី​មិន​បានរៀន​សម្រាប់​រយៈ​ពីរ​ឆ្នាំ​នោះ ។

ខ្ញុំ​ក៏បាន​ចាប់​អារម្មណ៍​នឹង​យុវនារី​ម្នាក់​ជា​ពិសេស​ផងដែរ ។ មិត្តភក្តិ​របស់ខ្ញុំ​មួយ​ចំនួន ក៏​ចាប់​អារម្មណ៍​នាង​ដែរ ។ ខ្ញុំ​បាន​គិត​ក្នុង​ចិត្ត​ថា « បើ​ខ្ញុំ​ទៅ​បម្រើ​បេសកកម្ម ខ្ញុំ​កំពុង​តែ​បាត់បង់ឱកាស » ។

ប៉ុន្តែ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ គឺជា​អង្គបំផុស​គំនិត​ដ៏​អស្ចារ្យ​របស់​ខ្ញុំ មិន​ឲ្យ​ខ្ញុំ​ភ័យ​ខ្លាច​ចំពោះ​អនាគត កាលដែល​ខ្ញុំ​ពុះពារ​បម្រើ​ទ្រង់​ដោយ​អស់​ពី​ចិត្ត​ខ្ញុំឡើយ ។

ទ្រង់​ក៏​មាន​បេសកកម្ម​ដើ​ម្បី​បំពេញ​ផងដែរ ។ តាម​ព្រះបន្ទូល​ផ្ទាល់​របស់​ទ្រង់ ទ្រង់​បាន​ពន្យល់​ថា « ពី​ព្រោះ​ខ្ញុំ​បាន​ចុះ​ពី​ស្ថានសួគ៌​មក មិន​មែន​នឹង​ធ្វើ​តាម​ចិត្ត​ខ្ញុំ​ទេ គឺ​តាម​បំណង​ព្រះហឫទ័យ​នៃ​ព្រះ​វិញ ដែល​ទ្រង់​ចាត់​ឲ្យ​ខ្ញុំ​មក » ( យ៉ូហាន ៦:៣៨ ) ។ ហើយ​តើ​បេសកកម្ម​របស់​ទ្រង់​ងាយស្រួល​ដែរ​ឬទេ ? ប្រាកដ​ជាមិន​ស្រួលឡើយ ។ ការរងទុក្ខ​របស់​ទ្រង់ ដែល​ជា​ផ្នែក​ដ៏​ចាំបាច់​នៃ​បេសកកម្ម​របស់​ទ្រង់ បណ្ដាល​ឲ្យ​ទ្រង់ « ជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស ហើយ​ត្រូវ​រង​ទុក្ខ ព្រម​ទាំង​រូប​កាយ និង​វិញ្ញាណ​ផង—ហើយ​ដើម្បី​កុំ​ឲ្យ [ ទ្រង់ ] ត្រូវ​ផឹក​ពែង​ល្វីង ហើយ​រួញ​ខ្លាច—

« ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សូម​ព្រះ​វរបិតា​បាន​សិរី​ល្អ ហើយ [ ទ្រង់ ] បាន​ទទួល​ទាន និង​សម្រេច​ការ​រៀបចំ [ របស់​ទ្រង់ ] ចំពោះ​កូន​ចៅ​មនុស្ស » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ១៩:១៨–១៩ ) ។

ការបម្រើ​បេសកកម្ម​ពេញ​ម៉ោង​អាចមើល​ទៅ​ដូច​ជា​ពិបាក​សម្រាប់​យើង ។ ប្រហែល​ជា​វា​តម្រូវ​ឲ្យ​យើង​លះបង់​អ្វី​ដែល​សំខាន់​ទុក​មួយអន្លើសិន ។ ព្រះអម្ចាស់​ពិត​ជាជ្រាបដឹង​ពី​រឿង​នេះ ហើយ​ទ្រង់​នឹង​តែងតែ​គង់​នៅ​ក្បែរ​យើង​ជានិច្ច ។

តាមពិត​ទៅ នៅក្នុង​សារលិខិត​​ទៅកាន់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា នៅក្នុង ប្រកាស​ដំណឹងល្អ​របស់​យើង គណៈប្រធាន​ទីមួយ​សន្យា​ថា « ព្រះអម្ចាស់​នឹង​ប្រទាន​រង្វាន់ និង​ពរជ័យ​ដ៏​មហិមា​ដល់​អ្នក នៅពេល​អ្នក​បម្រើ​ទ្រង់​ដោយ​រាបសា និង​ដោយ​ការអធិស្ឋាន » ។ វា​ជា​ការពិត​ដែល​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ​ត្រូវបាន​ប្រទាន​ពរ តាម​របៀប​នេះ ឬ​តាម​របៀប​នោះ ប៉ុន្តែ​មាន​ភាពខុសគ្នា​មួយ​រវាង​ការត្រូវបាន​ប្រទានពរ និង​ការត្រូវបាន​ប្រទានពរ​យ៉ាង​បរិបូរ​នៅក្នុង​ការបម្រើ​របស់​ទ្រង់ ។

តើចាំ​បាន​ពី​បញ្ហា​ប្រឈម​ដែលខ្ញុំ​បានលើក​ឡើងពី​មុន​ពេល​បេសកកម្ម​របស់​ខ្ញុំដែរឬ​ទេ ? ពេទ្យ​ធ្មេញរបស់​ខ្ញុំ ? ខ្ញុំ​បាន​រក​ពេទ្យធ្មេញ​ម្នាក់​ផ្សេង​ទៀត ។ សាកលវិទ្យាល័យ​របស់​ខ្ញុំ ? ពួកគេ​បាន​ធ្វើ​ការលើកលែង​ដល់​ខ្ញុំ ។ ចាំ​ពី​យុវនារី​នោះ​ទេ ? នាង​បាន​រៀបការ​នឹង​មិត្ត​ដ៏​ល្អ​ម្នាក់​របស់​ខ្ញុំ ។

ប៉ុន្តែ ព្រះ​ពិតជា​បាន​ប្រទានពរ​ដល់​ខ្ញុំ​យ៉ាង​បរិបូរ ។ ហើយ​ខ្ញុំ​បាន​រៀន​ថា ពរជ័យ​របស់​ព្រះអម្ចាស់​អាច​បាន​មក​ក្នុង​របៀប​ដែល​ខុស​ពី​របៀប​ដែល​យើង​រំពឹងទុក ។ ទោះយ៉ាងណា គំនិត​របស់ទ្រង់​មិនមែន​ជា​គំនិត​របស់​យើង​ទេ ( សូមមើល អេសាយ ៥៥:៨–៩ ) ។

ក្នុង​ចំណោម​ពរជ័យ​ដ៏​បរិបូរ​ជា​ច្រើន ដែល​ទ្រង់​បាន​ប្រទាន​ដល់​ខ្ញុំ​សម្រាប់​ការបម្រើ​ទ្រង់​ជា​អ្នកផ្សព្វផ្សាយ​សាសនាចក្រ​ពេញ​ម៉ោង នោះ​គឺ​សេចក្ដី​ជំនឿ​ដែល​កាន់តែ​កើន​ឡើង​លើ​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ព្រមទាំង​ការចេះដឹង និង​ទីបន្ទាល់​ដែល​កាន់តែ​រឹងមាំ អំពី​ការបង្រៀន​របស់​ទ្រង់ ដើម្បី​មិន​ឲ្យ​ខ្ញុំ​យោលយោគ​ដោយ​ងាយ​ទៅតាម « ខ្យល់​នៃ​សេចក្តី​បង្រៀន​បោក » ( អេភេសូរ ៤:១៤ ) ។ ខ្ញុំ​លែង​ខ្លាច​ក្នុង​ការបង្រៀន ។ សមត្ថភាព​របស់​ខ្ញុំ​ដើម្បី​ប្រឈម​នឹង​ឧបសគ្គ​នានា​ដោយ​សុទិដ្ឋិនិយម​បាន​កើន​ឡើង ។ ដោយ​ការសង្កេត​មើល​បុគ្គល​ម្នាក់ៗ និង​គ្រួសារ​ទាំងឡាយ ដែល​ខ្ញុំ​បាន​ជួប ឬ​បាន​បង្រៀន​កាល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា ខ្ញុំ​បាន​រៀន​ថា ការបង្រៀន​របស់​ព្រះ​គឺ​ពិត ពេល​ទ្រង់​មាន​ព្រះបន្ទូល​ថា អំពើបាប​ពុំ​នាំ​មក​នូវ​សុភមង្គល​ដ៏​ពិត​នោះ​ទេ ហើយ​ថា ការគោរព​ប្រតិបត្តិ​ដល់​បទបញ្ញត្តិ​របស់​ព្រះ ជួយ​យើង​ឲ្យ​ចម្រុង​ចម្រើន​ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ( សូមមើល ម៉ូសាយ ២:៤១; អាលម៉ា ៤១:១០ ) ។ ហើយ​ខ្ញុំ​បាន​រៀន​ដោយ​ខ្លួនឯង​ថា ព្រះ​គឺ​ជា​ព្រះ​នៃ​អព្ភូតហេតុ ( សូមមើល មរមន ៩ ) ។

ការណ៍​ទាំងអស់​នេះជា​ឧបករណ៍​នៅក្នុង​ការរៀបចំ​របស់​ខ្ញុំ​សម្រាប់​ជីវិត​មជ្ឈិមវ័យ រួម​ទាំង​អាពាហ៍ពិពាហ៍ និង​បព្វជិតភាព ការបម្រើ​សាសនាចក្រ និង​ជីវិត​ការងារ និង​សហគមន៍​ដែល​អាច​កើត​មាន​ផងដែរ ។

បន្ទាប់​ពី​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​ប្រយោជន៍​ពី​ភាពក្លាហាន​ដែល​កើនឡើង​របស់​ខ្ញុំ ដើម្បី​បង្ហាញ​ខ្លួន​ជា​អ្នក​ដើរតាម​ព្រះយេស៊ូវគ្រីស្ទ និង​សាសនាចក្រ​របស់​ទ្រង់​ដោយ​ស្មោះត្រង់ នៅក្នុង​គ្រប់​ស្ថានភាព​ទាំងអស់ និង​ទៅកាន់​មនុស្ស​ទាំងអស់ ថែម​ទាំង​ការចែកចាយ​ដំណឹងល្អ​ជាមួយ​នឹង​ស្ត្រី​ដ៏​ស្រស់​សោភា​ម្នាក់ ដែល​បាន​ក្លាយ​ជា​ដៃគូ​ដ៏​អស់កល្ប​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ដែល​ប្រកប​ដោយ​គុណធម៌ ឈ្លាសវៃ រីករាយ ជា​រស្មី​ព្រះអាទិត្យ​ក្នុង​ជីវិត​ខ្ញុំ ។

មែនហើយ ព្រះ​បាន​ប្រទាន​ពរ​ដល់​ខ្ញុំ​យ៉ាង​បរិបូរ លើស​ពី​អ្វី​ដែល​ខ្ញុំ​នឹក​ស្រមៃ ដូច​ទ្រង់​នឹង​ប្រទានពរ​ដល់​អស់​អ្នក​ដែល « បម្រើ​ទ្រង់​ដោយ​រាបសា និង​ដោយ​ការអធិស្ឋាន » ។ ខ្ញុំ​មាន​អំណរគុណ​អស់កល្ប​ជានិច្ច​ចំពោះ​ព្រះ សម្រាប់​សេចក្ដីល្អ​របស់​ទ្រង់ ។

បេសកកម្ម​របស់​ខ្ញុំ​ពិតជា​បាន​ដុះខាត់​ជីវិត​របស់​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​ថា កិច្ចខិតខំ​ដើម្បី​ទុកចិត្ត​លើ​ព្រះ​គឺ​សម​នឹង​តម្លៃ​ណាស់ គឺ​ទុកចិត្ត​លើ​ប្រាជ្ញា និង​សេចក្ដី​មេត្តា​ករុណា ព្រមទាំង​ការសន្យា​របស់​ទ្រង់ ។ លើស​ពី​អ្វី​ទាំងអស់ ទ្រង់​ជា​ព្រះវរបិតា​យើង ដោយ​គ្មាន​ការសង្ស័យ នោះ​ទ្រង់​មាន​ព្រះទ័យ​ចង់​បាន​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង ។

យុវវ័យ​នៅ​ទូទាំង​ពិភពលោក​ជា​ទីស្រឡាញ់ ខ្ញុំ​សូម​ផ្ញើ​ការអញ្ចើញ​ដូច​គ្នា ដែល​ព្យាការី​របស់​យើង ប្រធាន ណិលសុន បាន​អញ្ចើញ​ដល់​ប្អូនៗ​ទាំងអស់​គ្នា « ឲ្យ​ចូល​បម្រើ​ក្នុង​កងទ័ព​យុវវ័យ​របស់​ព្រះអម្ចាស់​ដើម្បី​ជួយ​ប្រមូល​វង្សអ៊ីស្រាអែល » ។ ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖

« គ្មានអ្វី ដែល​សារៈសំខាន់​ខ្លាំង​ជាង​នោះទេ ។ គ្មានអ្វីទាល់តែសោះ ។

« ការ​ប្រមូល​ផ្ដុំ​នេះ​គួរ​តែ​មានអត្ថន័យ ទាំង​ស្រុងចំពោះ​ប្អូនៗ ។ នេះ​គឺ ជា​បេសកកម្ម​ដែល​ប្អូនៗ​ត្រូវ​បាន​បញ្ជូន​មក​ផែនដី » ។

យើង​បាន​កើត​មក​នៅ​គ្រា​នេះ​សម្រាប់​គោលបំណង​ដ៏​ទេវភាព​មួយ គឺ​ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល ។ ពេល​យើង​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង យើង​នឹង​ជួប​ឧបសគ្គ​នៅ​ពេល​ខ្លះ ប៉ុន្តែ​ព្រះអម្ចាស់​ផ្ទាល់​ជា​គំរូ និង​ជា​មគ្គទេសគ៍​ដ៏​អស្ចារ្យ​របស់​យើង​នៅក្នុង​គ្រប់​កាលៈទេសៈ​បែបនេះ ។ ទ្រង់​ជ្រាប​ថា បេសកកម្ម​ដ៏​លំបាក​មួយ​មាន​សភាព​បែប​ណា ។ ដោយ​មាន​ជំនួយ​ពី​ទ្រង់ នោះ​យើង​អាច​ធ្វើ​រឿង​ពិបាកៗ​បាន ។ ទ្រង់​នឹង​គង់​នៅ​ក្បែរ​យើង ( សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៨៨ ) ហើយ​ទ្រង់​នឹង​ប្រទានពរ​យើង​យ៉ាង​ច្រើន កាលដែល​យើង​បម្រើ​ទ្រង់​ដោយ​រាបសា ។

ជាមួយ​នឹង​ហេតុផល​ទាំងនេះ ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ​ថា ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ទៅកាន់ ថូម៉ាស ប៊ី ម៉ាស និង​យើង​ទាំងអស់​គ្នា​ថា « ចូរ​លើក​ចិត្ត​អ្នក​ឡើង ហើយ​អរ​សប្បាយ​ចុះ ត្បិត​ម៉ោង​នៃ​បេសកកម្ម​របស់​អ្នក​មក​ដល់​ហើយ » ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. ប្រធាន រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវវ័យ ថ្ងៃ​ទី ៣ ខែ មិថុនា ឆ្នាំ ២០១៨ ) គេហទំព័រ HopeofIsrael.ChurchofJesusChrist.org ។

  2. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ។

  3. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ។

  4. ប្រកាស​ដំណឹងល្អ​របស់​យើង ៖ មគ្គុទេសក៍​ចំពោះ​ការបម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនាឆ្នាំ ២០១៩ ) វ៉ុល ។

  5. រ័សុល អិម ណិលសុន « សង្ឃឹម​អ៊ីស្រាអែល » ។