២០២២
អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ
ខែ ឧសភា ឆ្នាំ ២០២២


អំណាច​នៃ​សន្ទុះ​ខាង​វិញ្ញាណ

ថ្ងៃនេះ ខ្ញុំ​សូមឲ្យ​យោបល់​អំពី​សកម្មភាព​ជាក់លាក់​ប្រាំ​យ៉ាង ដែល​យើង​អាច​ធ្វើ​បាន ដើម្បី​ជួយ​យើង​ឲ្យ​រក្សា​សន្ទុះ​វិជ្ជមាន​ខាង​វិញ្ញាណ​នោះ ។

បង​ប្អូន​ប្រុស​ស្រី​ជា​ទី​ស្រឡាញ់ ខ្ញុំ​ស្រឡាញ់​បងប្អូន ។ ខ្ញុំ​ពេញ​ចិត្ត​ឱកាស​ដែល​បាន​នៅ​ជា​មួយ​បងប្អូន​នា​ថ្ងៃ​នេះ ។ ខ្ញុំ​អធិស្ឋាន​រាល់ថ្ងៃ​សូម​ឲ្យ​បងប្អូន​នឹង​បានការ​ការពារ​ពី​ការវាយ​ប្រហារ​ដ៏​សាហាវ​របស់​ពួកមារ​សត្រូវ ហើយសូម​ឲ្យ​មាន​កម្លាំង​ដើម្បី​បន្ដ​ឆ្ពោះ​ទៅ​មុខ មិន​ថាបងប្អូន​មាន​ឧបសគ្គអ្វីនោះទេ ។

ការសាកល្បង​ខ្លះ​គឺជា​បន្ទុក​ដ៏ធំ​ក្នុងខ្លួន ដែល​គ្មាន​នរណា​ម្នាក់​អាចមើល​ឃើញនោះ​ទេ ។ ឯ​ខ្លះ​ទៀត​បង្ហាញ​​លើ​ឆាក​ពិភពលោក​តែ​ម្ដង ។ ការប្រយុទ្ធ​ប្រដាប់​​អាវុធ​នៅ​អឺរ៉ុប​ខាងកើត​គឺជា​ការសាកល្បង​ប្រភេទ​មួយ​នេះ ។ ខ្ញុំ​បាន​ទៅ​ប្រទេស​អ៊ុយក្រែន និង​រុស្ស៊ី​ជាច្រើន​ដង ។ ខ្ញុំ​ស្រឡាញ់​ប្រជាជន ​ភាសា និង​ប្រទេស​នេះ ។ ខ្ញុំ​យំ ហើយ​អធិស្ឋាន​សម្រាប់​អស់អ្នក​ដែល​រងទុក្ខ​ដោយសារ​ជម្លោះ​នេះ ។ ក្នុង​នាម​ជា​សាសនាចក្រ​ យើងកំពុង​ខំ​អស់​ពី​សមត្ថភាពដើម្បី​ជួយដល់​អស់​អ្នក​ដែល​កំពុង​រងទុក្ខ និង​ខំ​តស៊ូ​រស់រាន​មាន​ជីវិត ។ យើង​សូម​អញ្ជើញ​គ្រប់គ្នា​ឲ្យបន្ដ​តម​អាហារ និង​អធិស្ឋាន​សម្រាប់​អស់​អ្នកដែល​កំពុង​រង​ទុក្ខដោយសារគ្រោះមហន្ដរាយ​នេះ ។ សង្គ្រាម​ណា​មួយ​គឺ​ជា​ការបំពាន​ដ៏​រន្ធត់​មួយ​លើ​អ្វីៗ​ដែល​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បង្រៀន និង​តាំង​ជំហរ ។

គ្មាន​ពួកយើង​ណាម្នាក់​ អាច​គ្រប់គ្រងលើ​ជាតិ​សាសន៍ ឬ​សកម្មភាព​របស់​អ្នកដទៃ​បាន​ទេ សូម្បីតែ​សមាជិក​ក្រុមគ្រួសារ​យើង​ផ្ទាល់​ ។ ប៉ុន្តែ​យើង​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន ។ បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់ ខ្ញុំសូមអំពាវនាវ​​នៅ​ថ្ងៃនេះ​ថា សូម​បញ្ចប់​ជម្លោះដែល​ដុតរោល​នៅក្នុង​ដួងចិត្ត របស់​បងប្អូនគេហដ្ឋាន របស់​បងប្អូននិង​​ជីវិត របស់​បងប្អូន សូម​កប់​ចោល​ទំនោរ​ចិត្ត​ណាមួយ និងទំនោរចិត្ត​ទាំងអស់​ណា​ដែល​ធ្វើឲ្យ​អ្នក​ដទៃ​ឈឺចាប់—មិន​ថា​ទំនោរ​ចិត្ត​ទាំងនោះ​ ជា​កំហឹង ការនិយាយ​អាក្រក់ ឬការថ្នាំងថ្នាក់​​ចំពោះអ្នក​ដែល​ធ្វើឲ្យ​បងប្អូន​ឈឺចាប់​នោះទេ ។​ ព្រះអង្គ​សង្គ្រោះ​ត្រាស់​បង្គាប់​យើង​ឲ្យ​បែរ​ទៅ​ថ្ពាល់ម្ខាង​ទៀតឲ្យ​ស្រឡាញ់​ពួកខ្មាំង​សត្រូវ​ និង​អធិស្ឋាន​ឲ្យ​អ្នកណា​ដែល​ធ្វើ​ទុក្ខ​បៀតបៀន​ដល់​យើង​វិញ ។

វា​អាច​ជា​ការពិបាក​យ៉ាង​ខ្លាំង ដែល​ត្រូវ​រំសាយ​កំហឹង​ពេល​យើង​មាន​អារម្មណ៍​ថាយើង​ត្រូវនោះ ។ វា​អាច​មើល​ទៅ​ដូច​ជា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ដើម្បី​អភ័យទោស​ឲ្យ​អ្នក​ដែល​បំផ្លិច​បំផ្លាញ​ដល់​មនុស្ស​ស្លូតត្រង់ ។ ប៉ុន្ដែ​ព្រះអម្ចាស់​ដាស់តឿន​យើង​ឲ្យ « អត់ទោស​ដល់​មនុស្ស​ទាំងអស់ » ។

យើង​គឺជា​អ្នកដើរតាម​ម្ចាស់​នៃ​មេត្រីភាព ។ យើង​ត្រូវការ​ភាពសុខសាន្ដ​នាពេល​នេះ​ជាង​ពេល​ណាៗ​ទាំងអស់ ​មាន​តែ​ទ្រង់​ប៉ុណ្ណោះ​អាច​ប្រទាន​ដល់​យើង​បាន ។ តើ​យើង​អាច​រំពឹងថា មានភាព​សុខសាន្ដ​ក្នុង​ពិភពលោក​នេះ​ដោយ​របៀប​ណា បើ​យើង​ម្នាក់ៗ​​មិន​ស្វែងរក​ភាពសុខសាន្ដ និង​ភាពសុខដុម​ផង​នោះ ? បងប្អូន​ប្រុសស្រី ខ្ញុំ​ដឹង​ថា អ្វី​ដែល​ខ្ញុំ​ស្នើសុំ​នេះ​មិន​ងាយស្រួល​នោះទេ ។ ប៉ុន្ដែ​អ្នក​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ គួរតែ​ធ្វើជា​គំរូ​ឲ្យ​មនុស្ស​ទាំង​អស់​ក្នុង​ពិភពលោក​នេះ​ធ្វើ​តាម ។ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ធ្វើ​អ្វី​គ្រប់យ៉ាង ដើម្បី​បញ្ចប់​ជម្លោះ​ផ្ទាល់ខ្លួន​ដែល​កំពុង​ដុត​រោល​នៅ​ក្នុង​ដួងចិត្ត និង​ជីវិត​របស់​បងប្អូន​បច្ចុប្បន្ន​នេះ ។

ខ្ញុំ​សូម​គូស​បញ្ជាក់​ពី​ការអំពាវនាវ​នេះ ដោយ​ពិភាក្សា​អំពី​គោលគំនិត​មួយ​ដែល​រំឮក​ខ្ញុំ​ថ្មីៗ​នេះ ពេល​ខ្ញុំ​មើល​គេ​លេង​កីឡា​បាល់​បោះ ។

នៅ​ក្នុង​ការលេង​នោះ នៅ​តង់​ទីមួយ​គឺ​ជា​ការប្រយុទ្ធ​ចុះ​ឡើងៗ​រវាង​ក្រុម​ទាំងពីរ ។ បន្ទាប់មក អំឡុង​ប្រាំ​វិនាទី​ចុងក្រោយ​នៃ​តង់ទីមួយ​នោះ ខ្សែ​ប្រយុទ្ធ​ខាង​ក្រុម​មួយ​បាន​បោះបាល់​ចូលទី ទទួល​​បាន​បី​ពិន្ទុ​ពេញ ។ តែមួយ​វិនាទី​ចុងក្រោយ សមាជិក​ក្រុម​គាត់​នោះ ក៏ចាប់​បាន​បាល់​ម្ដងទៀត ហើយ​បោះ​ចូលទី​​ចំ​ពេល​កណ្ដឹង​រោទិ៍​បញ្ចប់តង់​ទីមួយ ! ដូច្នេះ ក្រុម​នេះ​បាន​ទៅកាន់​បន្ទប់​សម្រាក ដោយ​ទទួល​បាន​បួន​ពិន្ទុ​នាំ​មុខ​គេ ទាំង​មាន​សន្ទុះ​យ៉ាង​ខ្លាំង ។ ពួកគេ​បន្ដ​មាន​សន្ទុះចិត្ត​ទៅ​លេង​ក្នុង​តង់​ទីពីរ ហើយ​ទទួល​បាន​ជ័យ​ជម្នះ ។

សន្ទុះ គឺ​មាន​អានុភាព​ណាស់ ។ យើង​ទាំងអស់​គ្នា​ធ្លាប់​មាន​បទពិសោធន៍​អំពី​វាតាម​របៀប​ផ្សេងៗ​—ឧទាហរណ៍ ពេល​ឡាន​បង្កើន​ល្បឿន ឬ​ការយល់​ខុសគ្នា​​ប្រែ​ទៅជា​ការប្រកែក​គ្នា​ភ្លាមៗ ។

ដូច្នេះ ខ្ញុំ​សុំ​សួរ​ថា « តើ​មាន​អ្វី​​ដែល​នាំ​ឲ្យមាន សន្ទុះ​ខាង​វិញ្ញាណ ? » យើង​បាន​ឃើញ​គំរូ​នៃ​សន្ទុះ​វិជ្ជមាន​ និង​អវិជ្ជមាន​ ។ យើង​ស្គាល់​អ្នកដើរតាម​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ប្រែចិត្ត​ជឿ ហើយ​រីកចម្រើន​សេចក្ដីជំនឿ​របស់​ពួកគេ ។ ប៉ុន្ដែ​យើង​ក៏​ស្គាល់​អ្នកជឿ​ដែល​ធ្លាប់​តាំងចិត្ត​មុតមាំ ត្រូវ​វង្វេង​ចេញផងដែរ ។ សន្ទុះ​អាច​ប្រែប្រួល ។

យើង​ពុំ​ធ្លាប់​ត្រូវការ​សន្ទុះ វិជ្ជមាន ខាង​វិញ្ញាណ​ដូច​ជា​ពេល​នេះ​ ដើម្បី​ទប់ទល់​នឹង​ល្បឿន​ដ៏​ខ្លាំង​របស់​អារក្ស និង​សញ្ញា​កាន់​តែ​អាក្រក់​នៃ​សម័យ​នេះ​ដូច្នេះទេ ។ សន្ទុះ​វិជ្ជមាន​ខាង​វិញ្ញាណ​នឹង​រក្សា​ឲ្យ​យើង​ឆ្ពោះ​ទៅមុខ ទោះជា​មាន​ជំងឺ​រាតត្បាត រលក​ស៊ូណាមី ការផ្ទុះ​ភ្នំភ្លើង និង​ការប្រយុទ្ធ​ប្រដាប់​អាវុធដ៏ភ័យខ្លាច និង​មិន​ប្រក្រតីក្ដី ។ សន្ទុះ​ខាង​វិញ្ញាណ​អាច​ជួយ​យើង​ឲ្យ​តទល់​នឹង​ការវាយ​ប្រហារ​ដ៏​ទុច្ចរិត និង​ឥត​ឈប់ឈរ​​របស់​ពួកមារសត្រូវ ​ដែល​​វាខំ​បំផ្លាញ​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​ម្ដង​បន្ដិចៗ ។

សកម្មភាព​ជា​ច្រើន​អាច​បង្កើត​ឲ្យ​មាន​សន្ទុះ​វិជ្ជមាន​ខាង​វិញ្ញាណ ។ ការគោរព​ប្រតិបត្តិ សេចក្ដី​ស្រឡាញ់ ការបន្ទាប​ខ្លួន ការបម្រើ និង​ការដឹងគុណ គឺ​គ្រាន់តែ​ជា​ចំណុច​មួយចំនួន​ប៉ុណ្ណោះ ។

ថ្ងៃនេះ ខ្ញុំ​សូមឲ្យ​យោបល់​អំពី​សកម្មភាព​ជាក់លាក់​ប្រាំ​យ៉ាង ដែល​យើង​អាច​ធ្វើ​ដើម្បី​ជួយ​យើង​ឲ្យ​បន្ដ​មាន​សន្ទុះ​វិជ្ជមាន​ខាង​វិញ្ញាណ ។

ទីមួយ ៖ ​ដើរនៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​បន្ដ​នៅលើ​ផ្លូវ​នោះ ។

មិនយូរប៉ុន្មានកន្លងទៅនេះ ខ្ញុំ​មានសុបិន​យ៉ាង​ច្បាស់មួយថា ខ្ញុំ​បានជួប​នឹង​ក្រុមមនុស្ស​ដ៏ធំមួយ ។ ពួកគេ​បាន​សួរ​​​សំណួរ​ជាច្រើនដល់ខ្ញុំ ភាគ​ច្រើនគឺសួរ​អំពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​ហេតុអ្វី​វាសំខាន់ខ្លាំង​ដូច្នេះ ។

ក្នុង​សុបិន​ខ្ញុំនោះ ខ្ញុំបានពន្យល់​ថា យើង​ចូលក្នុង​​ផ្លូវ​នៃ​សេចក្ដីសញ្ញា​តាមការទទួល​បុណ្យ​​ជ្រមុជទឹក ហើយធ្វើ​សេចក្ដីសញ្ញា​ដំបូង​របស់យើង​ជាមួយ​នឹងព្រះ ។ រាល់ពេល​ដែល​យើង​ទទួលទាន​សាក្រាម៉ង់ នោះ​យើង​សន្យា ម្ដងទៀតថា​នឹង​លើក​ដាក់​មកលើ​ខ្លួន​នូវ​ព្រះនាម​នៃ​ព្រះអង្គ​សង្គ្រោះ ចងចាំ​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។ ព្រះ​អះអាងតបយើងវិញថា​ យើង​អាច​មានព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​គង់​នៅ​ជាមួយ​នឹង​យើង ជា​ដរាប

ក្រោយមក យើង​ចុះ​សេចក្ដីសញ្ញា​បន្ថែម​ទៀត​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ជា​កន្លែង​ដែល​យើង​ទទួល​បាន​ការសន្យា​កាន់តែ​អស្ចារ្យ​ ។ ពិធីបរិសុទ្ធ និង​សេចក្តីសញ្ញា​ទំាងឡាយ​ អនុញ្ញាត​ឲ្យ​យើង​ទទួលបាន​ព្រះចេស្ដា​នៃ​ព្រះ ។ ផ្លូវ​នៃ​សេចក្ដីសញ្ញា​គឺជា​ផ្លូវ តែមួយ​គត់ ដែល​នាំ​ទៅរក​ភាពលើកតម្កើង​ និង​ជីវិត​ដ៏អស់កល្ប​ជានិច្ច ។

ក្នុង​សុបិន​របស់​ខ្ញុំ មាន​ស្ត្រី​ម្នាក់​សួរ​ថា តើ​មនុស្ស​ម្នាក់​ដែល​បាន​បំបាក់​សេចក្ដីសញ្ញា អាច​ត្រឡប់​មក​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​វិញ​បាន​ដោយ​របៀប​ណា ។ ចម្លើយ​របស់ខ្ញុំ​ទៅសំណួរគាត់​ វានាំ​ទៅរក​យោបល់​ទីពីរ​របស់​ខ្ញុំ ៖

ស្វែងរក អំណរ នៃ​ការប្រែចិត្ត​ជារៀង​រាល់​ថ្ងៃ ។

តើ​ការប្រែចិត្ត​សំខាន់​យ៉ាងដូចម្ដេច ? អាលម៉ា​បាន​បង្រៀន​ថា យើង​គួរតែ « កុំ​ផ្សាយ​សាសនា​ពី​អ្វី​ឡើយ ក្រៅពី​ការប្រែចិត្ត និង​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះអម្ចាស់ » ។ ការប្រែចិត្ត​ គឺតម្រូវឲ្យមានពី​មនុស្ស​ដែល​មានទំនួល​ខុសត្រូវ​គ្រប់រូប ដែល​ចង់​បាន​សិរីល្អ​ដ៏អស់កល្ប ។ គ្មាន​ករណី​លើកលែង​នោះ​ឡើយ ។ នៅ​ក្នុង​វិវរណៈ​មួយ​ទៅ​កាន់​ព្យាការី យ៉ូសែប ស្ម៊ីធ ព្រះអម្ចាស់​បាន​វាយ​ផ្ចាល​ថ្នាក់ដឹកនាំ​សាសនាចក្រ​ពីមុន ដែល​ពុំ​បង្រៀន​ដំណឹងល្អ​ដល់​កូនចៅ​របស់​ពួកគេ ។ ការប្រែចិត្ត គឺជាគន្លឹះ​ឆ្ពោះ​ទៅកាន់​ការរីក​ចម្រើន ។ សេចក្ដី​ជំនឿ​ដ៏​បរិសុទ្ធ​ រក្សា​យើង​ឲ្យ​បន្ដ​ឆ្ពោះ​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​នេះ ។

សូម​កុំ​ខ្លាច ឬ​ពន្យារ​ពេល​ប្រែចិត្ត​ឡើយ ។ សាតាំង​វា​អរ​សប្បាយនឹង​ទុក្ខ​វេទនា​របស់​បងប្អូន ។ សូម​បញ្ឈប់​វា ។ សូម​បណ្ដេញ​ឥទ្ធិពល​របស់​វា​ចេញពី​ជីវិត​​បងប្អូន ! សូម​ចាប់ផ្ដើម​នៅ​ថ្ងៃនេះ ដើម្បី​ទទួល​បាន​អំណរ​នៃ​ការសម្រាត​ភាព​ខាង​សាច់ឈាម​ចេញ ។១០ ព្រះអង្គ​សង្គ្រោះ​ស្រឡាញ់​យើង​ជានិច្ច ប៉ុន្ដែ ជាពិសេស នៅពេល​យើង​ប្រែចិត្ត ។ ទ្រង់​បាន​សន្យា​ថា ទោះជា « អស់​ទាំង​ភ្នំ​ធំ​នឹង​បាត់​ទៅ​បាន អស់​ទាំង​ភ្នំ​តូច​នឹង​រើ​ចេញ​ទៅ … ប៉ុន្តែ សេចក្តី​សប្បុរស​របស់​យើង នឹង​មិន​ដែល​ឃ្លាត​បាត់​ពី​ឯង​ឡើយ » ។១១

បើ​បងប្អូន​មាន​អារម្មណ៍​ថា បងប្អូន​បាន​វង្វេង​ចេញពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ទៅ​ឆ្ងាយ ឬ​យូរ​ហើយ ហើយ​គ្មាន​ផ្លូវអាច​ត្រឡប់​មកវិញ​នោះវាពុំ​ត្រឹមត្រូវទេ ។១២ សូម​ទាក់ទង​ទៅ​ប៊ីស្សព ឬ​ប្រធាន​សាខា​របស់​បងប្អូន ។ លោក​គឺជា​ភ្នាក់ងារ​របស់​ព្រះអម្ចាស់ ហើយ​នឹង​ជួយ​បងប្អូន​ឲ្យ​ទទួល​បាន​អំណរ និង​ភាពធូរស្បើយ​មកពី​ការប្រែចិត្ត ។

ឥឡូវ សូម​ប្រយ័ត្ន ៖ ការត្រឡប់​ទៅកាន់​ផ្លូវ​នៃ​សេចក្ដីសញ្ញា​វិញ ពុំ មាន​ន័យ​ថា ជីវិត​នឹង​ងាយស្រួល​នោះទេ ។ ផ្លូវ​នេះ​ពិបាក​ ហើយ​ពេលខ្លះ​យើង​មាន​អារម្មណ៍​ថា ​ដូចជា​ឡើង​ភ្នំ​ដ៏​ចោត​មួយដូច្នោះដែរ ។១៣ ទោះជា​យ៉ាងណា​ការឡើង​នេះ រៀបចំ​ឡើង​ដើម្បី​សាកល្បង និង​បង្រៀន​យើង ទាំង​បន្សុទ្ធ​ធម្មជាតិ​របស់​យើង និង​ជួយ​យើង​ឲ្យ​ក្លាយជា​ពួកបរិសុទ្ធ ។ វាគឺជា​ផ្លូវតែមួយគត់ ដែលនាំ​ទៅរក​ភាព​លើក​តម្កើង ។ ព្យាការី​របស់យើង ១៤ ពិពណ៌នា​អំពី « ​ស្ថានភាព​ដ៏​មាន​ពរ និង​រីករាយ​នៃ​អស់​អ្នក​ណា​ដែល​កាន់​តាម​ព្រះបញ្ញត្តិ​ទាំងឡាយ​នៃ​ព្រះ ។ ដ្បិត​មើលចុះ ពួកគេ​បាន​ពរ​គ្រប់យ៉ាង ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ​ផង ហើយ​បើសិនជា​ពួកគេ​រក្សា​ការស្មោះត្រង់​ដរាប​ដល់​ចុង​បំផុត នោះ​ពួកគេ​នឹង​ត្រូវបាន​ទទួល​នៅ​ស្ថានសួគ៌ … [ ហើយ ] រស់នៅ​ជាមួយ​នឹង​ព្រះ​ក្នុង​ស្ថានភាព​សុភមង្គល​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » ។១៥

ដោយ​បូក​ផ្សំ​ជាមួយ​នឹង​ការប្រែចិត្ត​ជារៀង​រាល់ថ្ងៃ នោះ​ការដើរនៅ​លើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា​នឹង​បង្កើន​សន្ទុះ​វិជ្ជមាន​ខាង​វិញ្ញាណ ។

យោបល់​ទីបី​របស់​ខ្ញុំ ៖ រៀន​អំពី​ព្រះ និង​របៀប​ដែល​ទ្រង់​ធ្វើការ ។

ឧបសគ្គ​ដ៏ធំ​បំផុត​មួយ​របស់​យើង​នៅ​សព្វថ្ងៃ​នេះ​គឺ ការញែកដឹង​រវាង​សេចក្ដីពិត​របស់ព្រះ និង​ការបោក​បញ្ឆោត​របស់​សាតាំង ។ នោះ​ជា​ហេតុ​ដែល​ព្រះអម្ចាស់​បាន​ព្រមាន​យើង​ឲ្យ « អធិស្ឋាន​ជានិច្ច … ប្រយោជន៍​ឲ្យ [ យើង ] អាច​យកឈ្នះ​លើ​អារក្ស​សាតាំង​បាន ហើយ … រួច​ផុតពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នកបម្រើ​របស់​អារក្សសាតាំង ដែល​ទ្រទ្រង់​កិច្ចការ​របស់​វា​នោះ » ។១៦

ម៉ូសេ​ផ្ដល់​ជា​គំរូ​មួយអំពីរបៀបញែកដឹង​រវាង​ព្រះ និង​សាតាំង ។ នៅពេល​សាតាំង​មកល្បួង​លោក ម៉ូសេ លោក​បាន​ដឹងពី​ការបោក​បញ្ឆោត​នេះ ព្រោះ​លោក​ទើបតែ​បាន​ជួប​នឹង​ព្រះ​ផ្ទាល់ ។ ម៉ូសេ​ស្គាល់​ភា្លម​ថា សាតាំង​ជា​នរណា ហើយ​បាន​បញ្ជា​វា​ឲ្យ​ថយចេញ ។១៧ ពេល​សាតាំង​មិន​ព្រម​ចេញ នោះ​ម៉ូសេ​បាន​ដឹង​ពី​របៀប​អំពាវនាវ​សូម​ជំនួយ​បន្ថែម​ពី​ព្រះ ។ ម៉ូសេ​បាន​ទទួល​កម្លាំង​មកពី​ព្រះ ហើយ​បាន​ស្ដីបន្ទោស​ឲ្យ​អារក្ស ម្ដងទៀត ដោយ​ពោល​ថា « នែ៎​សាតាំង ចូរ​ថយ​ចេញពី​ខ្ញុំ​ទៅ ដ្បិត​ខ្ញុំ​នឹង​ថ្វាយបង្គំ​ដល់​ព្រះ​តែមួយ​អង្គ​ប៉ុណ្ណោះ » ។១៨

យើង​​គួរ​តែ​ធ្វើ​តាម​គំរូ​នោះ ។ សូម​បណ្ដេញ​ឥទ្ធិពល​​សាតាំង​ចេញពី​ជីវិត​របស់​បងប្អូន ! សូម​កុំ​ដើរតាម​វា​ចុះ​ទៅកាន់ « ជង្ហុក​នៃ​សេចក្ដី​វេទនា និង​ទុក្ខ​លំបាក​ដ៏​មិន​ចេះ​ចប់​មិន​ចេះ​ហើយ » របស់​វា​ឡើយ ។១៩

ដោយ​ល្បឿន​ដ៏គួរឲ្យ​ភ័យខ្លាចនេះ បើ​មិនបីបាច់ទីបន្ទាល់​ « ដោយ​ព្រះ​បន្ទូល​ដ៏​ល្អ​នៃ​ព្រះ »២០ ជារៀង​រាល់​ថ្ងៃទេ វា​អាច​វិនាស​បាន ។ ដូច្នេះ ថ្នាំ​បន្សាប​គម្រោង​ក្បត់​របស់​សាតាំង​គឺ ៖ យើង​ត្រូវការ​បទពិសោធន៍​នៃ​ការថ្វាយ​បង្គំ​ព្រះអម្ចាស់ និង​ការសិក្សា​ដំណឹងល្អ​របស់​ទ្រង់​ជារៀង​រាល់ថ្ងៃ ។ ខ្ញុំសូម​អង្វរ​បងប្អូន​ឲ្យ​ទុក​ឲ្យ​ព្រះ​ឈ្នះ​នៅក្នុង​ជីវិត​បងប្អូន ។ សូម​ថ្វាយ​​​ពេលវេលា​របស់​បងប្អូន​ទៅ​ទ្រង់ឲ្យ​បាន​សមរម្យ ។ កាល​បងប្អូន​ធ្វើ​ដូច្នោះ សូម​កត់សម្គាល់​អំពីអ្វី​ដែល​នឹង​កើតឡើង​ដល់​សន្ទុះ​វិជ្ជមាន​ខាង​វិញ្ញាណ​របស់​បងប្អូន ។

យោបល់​ទី ៤ ៖ ស្វែងរក និង​រំពឹង​ថាមាន​អព្ភូតហេតុ ។

មរ៉ូណៃ​បាន​អះអាងនឹង​យើង​ថា « ព្រះ​ទ្រង់​ក៏​ពុំទាន់​ឈប់​ទៅជា​ព្រះ​នៃ​អព្ភូតហេតុ » ដែរ ។២១ រាល់ គម្ពីរ​ទាំងអស់​ក្នុង​ព្រះគម្ពីរ​បង្ហាញ​ពី​ការស្ម័គ្រ​ព្រះទ័យ​របស់​ព្រះអម្ចាស់ ក្នុង​ការធ្វើ​អន្ដរាគមន៍​ដល់​ជីវិត​របស់​អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់ ។២២ ទ្រង់​បាន​ញែក​សមុទ្រ​ក្រហម​ឲ្យ​ម៉ូសេ បាន​ជួយ​នីហ្វៃ​ឲ្យ​យក​ផ្ទាំង​លង្ហិន​ និង​បាន​ស្ដារ​សាសនាចក្រ​របស់​ទ្រង់​ឡើងវិញ​តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ។ អព្ភូតហេតុ​នីមួយៗទាំងនេះ​​ត្រូវការ​ពេលវេលា ហើយ​អាចនឹង​មិន​ដូច​បេះបិទ​តាម​សំណើ ដែល​បុគ្គល​ទាំងនោះ​បាន​ទូលសូមពី​ព្រះអម្ចាស់​នោះ​ទេ ។

ដូចគ្នា​នេះ​ដែរ ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់ បងប្អូននូវ​អព្ភូតហេតុ បើបងប្អូន​ជឿ​លើ​ទ្រង់ « ដោយ​ឥត​សង្ស័យ​អ្វី » នោះ ។២៣ សូម​ធ្វើ​កិច្ចការ​ខាង​វិញ្ញាណ​ដើម្បី​ស្វែងរក​អព្ភូតហេតុ ។ សូម​អធិស្ឋាន​ទូលសូម​ព្រះ​ឲ្យ​ជួយ​បងប្អូន​អនុវត្ត​សេចក្ដី​ជំនឿ​បែប​នោះ ។ ខ្ញុំ​សូម​សន្យា​ថា បងប្អូន​អាច​ដក​ពិសោធន៍​ដោយ​ផ្ទាល់​ថា ព្រះយេស៊ូវ​គ្រីស្ទ « ទ្រង់​រមែង​ចម្រើន​កម្លាំង​ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កម្លាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ » ។២៤ កិច្ចការ​តិចតួចនឹង​បង្កើន​សន្ទុះ​ខាង​វិញ្ញាណ​របស់​បងប្អូន ជាង​ការដឹង​ថា ព្រះអម្ចាស់​កំពុង​ជួយ​បងប្អូន​ឲ្យ​រើ​ភ្នំ​នៅក្នុង​ជីវិត​របស់​បងប្អូន​ទៅ​ទៀត ។

យោបល់​ទី ៥ ៖ បញ្ចប់​ជម្លោះ​នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន​របស់​បងប្អូន ។

ខ្ញុំ​សូម​បញ្ជាក់​ការអំពាវនាវ​របស់​ខ្ញុំ​ម្ដងទៀត ឲ្យ​បញ្ចប់ជម្លោះ​នៅក្នុង​ជីវិត របស់​បងប្អូន ។ សូមអនុវត្តការបន្ទាប​ខ្លួន ភាព​ក្លាហាន និង​ភាពរឹងមាំ ​ដែល​តម្រូវ​ឲ្យ​មាន ​ដើម្បី​អភ័យទោស​ផង និងទទួលការអភ័យទោស​ផង ។ ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា « ដ្បិត​បើ [ យើង ] អត់ទោស​ចំពោះ​ការរំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរបិតា​នៃ [ យើង ] ដែល​គង់នៅ​ស្ថានសួគ៌ ទ្រង់​នឹង​អត់ទោស​ឲ្យ [ យើង ] ដែរ » ។២៥

​ចាប់ពី​ថ្ងៃនេះទៅរយៈពេលពីរ​សប្ដាហ៍ទៀត​ យើង​នឹង​ប្រារព្ធ​ធ្វើ​បុណ្យ​អ៊ីស្ទើរ ។ ទំរាំ​ដល់​ថ្ងៃនោះ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ខិតខំ​បញ្ចប់ជម្លោះ​ផ្ទាល់ខ្លួន ដែល​ធ្វើឲ្យ​​បងប្អូនធ្ងន់ចិត្ត ។ តើ​អាច​មាន​ទង្វើ​ដឹងគុណណា​ដែល​កាន់តែ​សក្ដិសម​ ថ្វាយ​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះដង្វាយធួន​របស់​ទ្រង់​ដែរ​ឬទេ ? បើ​មិនអាចអភ័យទោស​នៅ​ពេល​បច្ចុប្បន្ននេះ​ទេ សូម​ទូល​អង្វរ​សូម​អំណាចនៃ​ព្រះលោហិត​ដ៏ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ឲ្យ​ជួយ​ដល់​បងប្អូន ។ កាល​បងប្អូន​ធ្វើ​ដូច្នោះ ខ្ញុំ​សន្យា​ថា បងប្អូន​នឹង​មាន​ភាព​សុខសាន្ដ​ផ្ទាល់ខ្លួន និង​មាន​​សន្ទុះ​ខាង​វិញ្ញាណកាន់តែខ្លាំង ។

ពេល​ព្រះអង្គ​សង្គ្រោះ​​ធ្វើ​ដង្វាយធួន​សម្រាប់​មនុស្ស​ទាំងអស់ នោះ​ទ្រង់​បាន​បើក​ផ្លូវ​ឲ្យអ្នក​ដែល​ធ្វើតាម​ទ្រង់ ​ទទួល​បាននូវ​ព្រះចេស្ដានៃ​ការព្យាបាល ការពង្រឹង និងការ​ប្រោសលោះ​របស់​ទ្រង់ ។ អភ័យឯកសិទ្ធិ​ខាង​វិញ្ញាណ​ទាំងនេះ​នឹង​កើត​មាន​ដល់​អ្នកទាំងអស់ណា ដែល​ព្យាយាម​ស្ដាប់​ និង​ធ្វើតាម​ទ្រង់ ។

បងប្អូន​ប្រុសស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ​អើយ ខ្ញុំ​សូម​អង្វរ​បងប្អូន​ដោយអស់ពី​ចិត្ត ខ្ញុំលើក​ទឹកចិត្ត បងប្អូន​ឲ្យ​ដើរលើ​ផ្លូវ​នៃ​សេចក្ដីសញ្ញា ហើយ​នៅលើផ្លូវនោះ​រហូត​ទៅ ។ សូម​ដក​ពិសោធន៍​នៃអំណរមកពី​ការប្រែចិត្ត​ជារៀង​រាល់ថ្ងៃ ។ រៀន​អំពី​ព្រះ និង​របៀប​ដែល​ទ្រង់​ធ្វើកិច្ចការ ។ សូម​ស្វែងរក និង​រំពឹង​ថាមាន​អព្ភូតហេតុ ។ សូម​ព្យាយាម​បញ្ចប់​ជម្លោះ​នៅក្នុង​ជីវិត​របស់​បងប្អូន ។

ពេលណា​បងប្អូន​ធ្វើ​​តាមអ្វី​​ទាំងនេះ ​ខ្ញុំ​សន្យា​ថា បងប្អូន​នឹង​មាន​លទ្ធភាព​ឆ្ពោះ​ទៅមុខ​នៅលើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា​ដោយ​សន្ទុះ​ដ៏កាន់តែខ្លាំង មិន​ថា​បងប្អូន​ជួប​នឹង​ឧបសគ្គ​អ្វី​នោះទេ ។ ហើយ​ខ្ញុំ​សន្យា​ថា បងប្អូន​នឹង​មាន​កម្លាំង​កាន់តែខ្លាំង​ដើម្បីទប់ទល់​នឹង​ការល្បួង កាន់​តែ​សុខសាន្ដ​ក្នុង​ចិត្ត និង​សេរីភាព​ពី​ការភ័យខ្លាច ព្រមទាំង​សាមគ្គីភាព​ក្នុង​ក្រុមគ្រួសារ​កាន់​តែ​ខ្លាំង​ផងដែរ ។

ព្រះ​មាន​ព្រះជន្ម​រស់ ! ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ! ទ្រង់​មាន​ព្រះជន្ម​រស់ ! ទ្រង់​ស្រឡាញ់​យើង ហើយ​នឹង​ជួយ​ដល់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ការណ៍​នេះ ក្នុង​ព្រះនាម​ដ៏ពិសិដ្ឋ​នៃ​ព្រះប្រោសលោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល នីហ្វៃ​ទី​៣ ១២:៣៩ ។

  2. សូមមើល នីហ្វៃ​ទី​៣ ១២:៤៤ ។

  3. គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦៤:១០; សូមមើល​ផងដែរ ខទី ៩ ។

  4. ដូច​ដែល​សាវក​ប៉ុល​បាន​មាន​ប្រសាសន៍ « ចូរ​អរ​ព្រះគុណ​ក្នុង​គ្រប់​ការណ៍​ទាំងអស់ » ( ថែស្សាឡូនីច ទី១ ៥:១៨ ) ។ ថ្នាំ​បន្សាប​ដ៏ពូកែ​ស័ក្តិសិទ្ធិ​បំផុត​មួយ​សម្រាប់​ការអស់​សង្ឃឹម ការបាក់​ទឹកចិត្ត និង​ការសោកសៅ​ខាង​វិញ្ញាណ គឺជា​ការដឹងគុណ ។ តើ​មាន​អ្វីខ្លះ ដែល​យើង​អាច​អរព្រះគុណ​ដល់​ព្រះ​បាន ? សូម​អរព្រះគុណ​ដល់​ទ្រង់​សម្រាប់​សម្រស់​នៃ​ផែនដី​នេះ សម្រាប់​ការស្តារ​ដំណឹងល្អ​ឡើងវិញ និង​សម្រាប់​របៀប​ដ៏ច្រើន​រាប់​មិន​អស់​ដែល​ទ្រង់ និង​ព្រះរាជបុត្រា​របស់​ទ្រង់​ធ្វើឲ្យ​ព្រះចេស្ដា​របស់​ទ្រង់​មាន​ដល់​ពួកយើង​នៅលើ​ផែនដី​នេះ ។ សូម​អរ​ព្រះគុណ​ដល់​ទ្រង់​​សម្រាប់​ព្រះគម្ពីរ សម្រាប់​ទេវតា​ដែល​បាន​ឆ្លើយតប​នឹង​ការអង្វរ​របស់​យើង​ដើម្បី​ឲ្យ​ព្រះ​ជួយ សម្រាប់​វិវរណៈ និង​សម្រាប់​ក្រុមគ្រួសារ​ដ៏នៅ​អស់កល្ប​ជានិច្ច ។ ហើយ​សំខាន់​បំផុត​នោះ​គឺ សូម​អរព្រះគុណ​ដល់​ព្រះ​សម្រាប់​អំណោយទាន​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​ធ្វើឲ្យ​យើង​អាច​បំពេញ​បេសកកម្ម ដែល​យើង​ត្រូវបាន​បញ្ជូន​មក​ផែនដី​នេះ​ឲ្យ​សម្រេច​បាន ។

  5. ដើម្បី​យល់ពី​ផ្លូវ​នៃ​សេចក្ដីសញ្ញា​នេះ វា​សំខាន់​ដើម្បី​យល់ថា សេចក្ដីសញ្ញា​មួយ​ពាក់ព័ន្ធ​នឹង​ការតាំងចិត្ត​ទៅមក​រវាង​ព្រះ និង​បុត្រា ឬ​បុត្រី​របស់​ទ្រង់ ។ នៅក្នុង​សេចក្ដីសញ្ញា​មួយ ព្រះ​ប្រទាន​លក្ខខណ្ឌ ហើយ​យើង​យល់ព្រម​តាម​លក្ខខណ្ឌ​ទាំងនោះ ។ ជា​ថ្នូរ ព្រះ​ប្រទាន​ការសន្យា​ដល់​យើង ។ សេចក្ដីសញ្ញា​ជាច្រើន​បាន​អម​ដោយ​ទីសម្គាល់​ខាងក្រៅ—ឬ​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ—ដែល​យើង​ចូលរួម​ដោយ​មាន​វត្តមាន​ពី​សាក្សី​ជាច្រើន ។ ឧទាហរណ៍ ពិធីបុណ្យ​ជ្រមុជទឹក​គឺជា​ទីសម្គាល់​មួយ​ដល់​ព្រះអម្ចាស់​ថា បុគ្គល​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​នេះ បាន​ចុះ​សេចក្ដីសញ្ញា​ដើម្បី​រក្សា​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។

  6. សូមមើល មរ៉ូណៃ ៤:៣; ៥:២; គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:៧៧, ៧៩ ។

  7. ម៉ូសាយ ១៨:២០ ។

  8. សូមមើល ម៉ូសេ ៦:៥០, ៥៧ ។

  9. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៩៣:៤០–៤៨ ។

  10. សូមមើល ម៉ូសាយ ៣:១៩ ។

  11. អេសាយ ៥៤:១០បាន​បន្ថែម​ការគូស​បញ្ជាក់; សូមមើល​ផងដែរ នីហ្វៃ​ទី​៣ ២២:១០ សេចក្ដី​សប្បុរស បាន​បកប្រែ​មកពី​ពាក្យ​ភាសា​ហេព្រើរ hesed ជា​ពាក្យ​ដ៏មាន​អានុភាព​មួយ​ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ ដែល​រួមមាន​សេចក្ដី​សប្បុរស សេចក្ដី​មេត្តា​ករុណា សេចក្ដី​ស្រឡាញ់​ដល់​សេចក្ដី​សញ្ញា និង​អ្វី​ជាច្រើន​ទៀត ។

  12. វា​អាច​ទៅរួច​ដើម្បី​ធ្វើការ​សង​អំពើបាប​មួយ​ចំនួន ប៉ុន្ដែ​មិនមែន​សម្រាប់​អំពើបាប​ផ្សេងទៀត​នោះទេ ។ បើ​បុគ្គល​ម្នាក់រំលោភបំពាន ឬ​វាយ​ប្រហារ​អ្នកដទៃ​ទៀត ឬ​បើ​មនុស្ស​ម្នាក់​ឆក់យក​ជីវិត​របស់​មនុស្ស​ម្នាក់ទៀត នោះ​វា​មិន​អាច​ធ្វើការ​សង​ពេញលេញ​បាន​ទេ ។ អ្នកប្រព្រឹត្ត​អំពើបាប​នៅក្នុង​ករណី​ទាំងនោះ​អាច​ធ្វើ​បាន​ច្រើន ហើយ​នៅ​ជំពាក់​ច្រើន ។ ដោយសារតែ​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ដើម្បី​អភ័យទោស​ដល់​បំណុល​ដែល​នៅតែ​ជំពាក់​នេះ យើង​អាច​មកកាន់​ទ្រង់​បាន មិន​ថា​យើង​បាន​វង្វេង​ទៅ​ឆ្ងាយ​ប៉ុណ្ណា​នោះ​ទេ ។ នៅពេល​យើង​ប្រែចិត្ត​ដោយ​ស្មោះសរ នោះ​ទ្រង់​នឹង​អភ័យទោស​ឲ្យ​យើង ។ យើង​មិន​អាច​បង់​ថ្លៃ ឬ​​សង​បំណុល​ដែល​នៅ​ជំពាក់​​ដោយសារ​អំពើបាប​របស់​យើង​រូចអស់បាន​ទេ មាន​តែ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ ជា​អង្គ​ដែល​អាច​ប្រទាន​អំណោយទាន​នៃ​សេចក្ដី​មេត្តា​ករុណា​បាន ។ ព្រះឆន្ទៈ​របស់​ទ្រង់​ដើម្បី​អភ័យទោស​ឲ្យ​បំណុល​ដែល​នៅជាប់​ជំពាក់​របស់​យើង គឺជា​អំណោយ​ដ៏មាន​តម្លៃ​បំផុត ។

  13. សូមមើល នីហ្វៃ​ទី​២ ៣១:១៨–២០ ។

  14. ព្យាការី​សាសន៍​នីហ្វៃ​គឺ​ស្ដេច​បេនយ៉ាមីន ។

  15. ម៉ូសាយ ២:៤១ ។

  16. គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០:៥; បាន​បន្ថែម​ការគូស​បញ្ជាក់ ។

  17. សូមមើល ម៉ូសេ ១:១៦សូមមើល​ផងដែរ ខ ១:១–២០ ។

  18. ម៉ូសេ ១:២០ ។

  19. ហេលេមិន ៥:១២ ។

  20. មរ៉ូណៃ ៦:៤ ។

  21. មរមន ៩:១៥; សូមមើល​ផងដែរ ខទី ១៩ ។

  22. សាវក​យ៉ូហាន​បាន​ប្រកាស​ថា លោក​បាន​កត់ត្រា​អព្ភូតហេតុ​របស់​ព្រះអង្គ​សង្គ្រោះ « ដើម្បី​ឲ្យ [ យើង ] បាន​ជឿ​ថា ព្រះយេស៊ូវ​ជា​ព្រះគ្រីស្ទ » ( យ៉ូហាន ២០:៣១ ) ។

  23. មរមន ៩:២១ ។

  24. អេសាយ ៤០:២៩ ។

  25. ម៉ាថាយ ៦:១៤ ។