២០២២
ស៊ូសាន អេច ផតធ័រ
ខែ ឧសភា ឆ្នាំ ២០២២


« ស៊ូសាន អេច ផតធ័រ » លីអាហូណា ខែ ឧសភា ឆ្នាំ ២០២២ ។

ស៊ូសាន អេច ផតធ័រ

ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ

ស៊ីស្ទើរ ស៊ូសាន អេច ផតធ័រ បាន​ថ្លែង​ថា « រឿង​មួយ​ដែល​បាន​បំផុស​គំនិត​របស់​យើង​កាល​ពី​ឆ្នាំមុន​គឺថា​តើ​យើង​អាច​ពង្រឹង​កុមារ​ខាងវិញ្ញាណ​ដោយ​របៀបណា ? » « ពេល​យើង​និយាយ​អំពី​ការ​ពង្រឹង​សេចក្ដីជំនឿ​នៃ​ជំនាន់​កំពុង​ពេញវ័យ រឿងនោះ​ត្រូវ​តែ​ចាប់ផ្ដើម​នៅក្នុង​អង្គការ​បឋមសិក្សា » ។

ស៊ីស្ទើរ ផតធ័រ មើលឃើញ​ពរជ័យ​ដែល​កើត​មាន​ចំពោះ​កុមារ​ដែល​បាន​ជ្រមុជទឹករួច ពេល​ពួកគេ​ចូលរួម​ជា​សមាជិក​ចុះ​សេចក្ដីសញ្ញា​នៃ​សាសនាចក្រ ។

គាត់​បាន​ពន្យល់​ថា « ជារឿយៗ មាន​តែ​ការធ្វើ​សកម្មភាព និងការ​បម្រើ​នោះ​ហើយ​ដែល​នឹង​បង្កើន​ទីបន្ទាល់​របស់​យើង ។ កុមារ​អាច​រៀន​ស្វែងរក​ការបំផុស​គំនិត​មកពី​ស្ថានសួគ៌ » ។

ពីមុន​ការហៅបម្រើ​របស់​គាត់​ជា​ប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ ប្រធាន ផតធ័រ បានបម្រើ​ជា​ទីប្រឹក្សា​ទីមួយ​ក្នុង​គណៈប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ​បាន​មួយ​ឆ្នាំ ។

គាត់​បាន​ថ្លែង​ថា កុមារ​ជាច្រើន​ពុំអាច​ចូលរួម​ក្នុង​ថ្នាក់​កុមារ​បានទេ​នៅ​អំឡុង​ជំងឺរាតត្បាត​កូវីដ-១៩ ។ គាត់​ក៏​បាន​ឃើញ និង​ដឹង​ពី​ការប្រឈម​ដែល​ស្ត្រី​នៅលីវ​បាន​ជួប ។ ស្វាមី​របស់​គាត់ អែលឌើរ ប្រ៊ូស ឌី ផតធ័រ នៃ​ពួក​ចិតសិប​នាក់​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ ២០១៦ ។

គាត់​បាន​ថ្លែង​ថា « មាន​ថ្ងៃ​អាទិត្យ​ជាច្រើន​ដង​ដែល​ខ្ញុំ​គ្មាន​ពិធី​សាក្រាម៉ង់ » ។

ពេល​គាត់​បាន​ចែកចាយ​បទពិសោធន៍​របស់​គាត់ ស្ត្រី​ផ្សេងទៀត​បាន​ប្រាប់​គាត់​ថា « ដោយសារ​តែ​អ្នក​កំពុង​បម្រើ​នៅ​ក្នុង​សាសនាចក្រ វា​ផ្ដល់​ឲ្យ​នូវ​ទស្សនវិស័យ​មួយ​ដ៏​ប្រសើរ​ចំពោះ​ខ្ញុំ​ថា សាសនាចក្រ​ត្រូវការ​ខ្ញុំ​ដែរ » ។

ស៊ូសាន អេលីស្សាប៊ែត ហូឡិន ផតធ័រ បាន​កើត​នៅថ្ងៃ​ទី ៣១ ខែ កក្កដា ឆ្នាំ​១៩៥៥ នៅក្រុង​ប៉ុនកា រដ្ឋ​អូក្លាហូម៉ា ស.រ.អា ដែល​ត្រូវ​ជា​កូន​របស់​លោក ហាន់ស៍ ជេ និង​លោកស្រី ឆាឡេន ខូឡេមិន ហូឡិន ហើយ​បាន​ធំដឹងក្ដី​ឡើង​នៅរដ្ឋ​នូវយ៉ក ស.រ.អា ។

គាត់​បាន​រៀបការ​នឹង​អែលឌើរ ផតធ័រ នៅថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ១៩៧៧ នៅ​ព្រះវិហារ​បរិសុទ្ធ​ឌីស៊ី​វ៉ាស៊ីងតោន ។ ពួកលោក​បាន​ចិញ្ចឹមបីបាច់​កូន​ទាំងបួន​នាក់​របស់​ពួកលោក​នៅ​សហរដ្ឋអាមេរិក​ភាគខាងកើត ប្រទេស​អាល្លឺម៉ង់ និង​រដ្ឋ​យូថាហ៍ ហើយ​បំពេញ​ការ​ចាត់តាំង​ក្នុង​សាសនាចក្រ​នៅ​តំបន់​អឺរ៉ុប​ខាងកើត ។

ស៊ីស្ទើរ ផងធ័រ បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​គីមីវិទ្យា​មកពី​សាកលវិទ្យាល័យ​ព្រិកហាំ​យ៉ង់ ។ គាត់​បាន​បម្រើការ​ជា​ជំនួយការ​មន្ទីរ​ពិសោធន៍​សម្រាប់​វិទ្យាស្ថាន​បច្ចេកវិទ្យា​ម៉ាស្សាឈូសេត និង​ជា​គ្រូ​គណិតវិទ្យា ។ គាត់​ក៏​ធ្លាប់​ស្ម័គ្រចិត្ត​ក្នុង​សហគមន៍ និង​អង្គការ​ស៊ីវិល​ជាច្រើន ។

ស៊ីស្ទើរ ផតធ័រ បាន​បម្រើ​ក្នុង​ក្រុម​ប្រឹក្សា​យោបល់​របស់​សមាគម​សង្គ្រោះ ហើយ​ការហៅបម្រើពីមុន​ផ្សេងៗ​ទៀត​របស់​គាត់​រួមមាន ទីប្រឹក្សា​គណៈប្រធាន​សមាគមសង្គ្រោះ​ស្តេក ប្រធាន​សមាគម​សង្គ្រោះ និង​ប្រធានយុវនារី​វួដ គ្រូបង្រៀន​គោលលទ្ធិ​នៃ​ដំណឹងល្អ និង​អ្នកដឹកនាំ​តន្ត្រី​ក្នុង​ថ្នាក់​កុមារ ។