២០២២
មេរៀននៅ​ឯអណ្ដូងទឹក
ខែ ឧសភា ឆ្នាំ ២០២២


មេរៀននៅ​ឯអណ្ដូងទឹក

យើង​អាច​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ​ដើម្បី​ទទួល​បាន​កម្លាំង និង​ការព្យាបាល ដែល​នឹង​ជួយ​យើង​ឲ្យ​បំពេញ​អ្វីៗដែល​យើង​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​នៅទីនេះ ។

ខ្ញុំ​មាន​អំណរ​អ្វីម្ល៉េះ ដើម្បីជួបជុំ​នឹង​បងប្អូន​ម្នាក់ៗ​នៅ​ក្នុង​សម័យ​ប្រជុំ​ស្ត្រី​ក្នុង​សន្និសីទទូទៅ​នេះ !

ខ្ញុំ​បាន​ធំដឹង​ក្ដី​នៅ​ភាគខាងលិច​នៃ​ទីក្រុង​នូវ យ៉ក ហើយ​បាន​ចូលរួម​ក្នុង​សាខា​តូច​មួយ​ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ៣២ គីឡូម៉ែត្រ​ពី​ផ្ទះ​របស់​យើង ។ កាល ខ្ញុំ អង្គុយ​ក្នុង​ថ្នាក់​សាលា​ថ្ងៃ អាទិត្យ​នៅ​បន្ទប់​ក្រោម ដី​នៃ​សាលាប្រជុំ​ជួល​ដ៏​ចំណាស់​ជាមួយ​នឹង​មិត្ត តែ​ម្នាក់​របស់​ខ្ញុំ​ឈ្មោះ ផាទី ចូ ខ្ញុំ​ពុំ​ធ្លាប់​ស្រមៃ​ថា ខ្ញុំ​នឹង​បាន​ចូលរួម​នឹង​ស្ត្រី​រាប់​លាន​នាក់​នៅក្នុង​ពិភពលោក​បែប​នេះ​ឡើយ ។

កាលពី​ប្រាំឆ្នាំមុន ស្វាមីខ្ញុំ ឈ្មោះ ​ប្រ៊ូស មាន​ជំងឺ​ធ្ងន់ ពេល​យើង​កំពុង​បម្រើ​ជាមួយ​នឹង​ពួកបរិសុទ្ធ​ដែលបាន​ចាត់តាំង​នៅ​តំបន់​អ៊ឺរ៉ុប​ខាងកើត ។ យើង​បាន​ត្រឡប់មក​ផ្ទះ​វិញ ហើយ​គាត់​បានទទួល​មរណភាព​នៅ​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ។ ជីវិត​ខ្ញុំ​បានផ្លាស់ប្ដូរមួយរំពេច ។ ខ្ញុំ​មានទុក្ខ និង​មាន​អារម្មណ៍​ទន់ជ្រាយ ហើយ​ឈឺចាប់ ។ ខ្ញុំ​បាន​ទូល​អង្វរ​ព្រះអម្ចាស់ឲ្យ​ដឹកនាំ​ផ្លូវខ្ញុំ ៖ « តើ​ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ខ្លះ ? »

ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​បើកមើល​សំបុត្រ ស្រាប់​តែ​មាន​រូបថត​តូច​មួយក្នុង​កាតាឡុក​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់អារម្មណ៍ ។ ពេល​ខ្ញុំ​មើល​​ជិត ខ្ញុំបាន​ដឹង​ថា វា​គឺជា​គំនូរ​របស់​វិចិត្រករ​ម្នាក់​អំពី​ស្ត្រី​សាសន៍​សាម៉ារី និង​ព្រះយេស៊ូវ​នៅ​ឯ​អណ្ដូងទឹក ។ នៅគ្រា​នោះ ព្រះវិញ្ញាណ​បាន​ថ្លែង​មក​ខ្ញុំ​យ៉ាង​ច្បាស់​ថា « រឿងនោះគឺជា​អ្វី​ដែល​អ្នក​គួរតែ​ធ្វើ » ។ ព្រះវរបិតា​ដែល​ពេញ​ដោយ​ក្តី​ស្រឡាញ់​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​មក និង​រៀន​ពី​ព្រះ​អង្គ​សង្រ្គោះ ។

ខ្ញុំ​សូម​ចែកចាយ​នឹង​បងប្អូន​នូវ​មេរៀន​ចំនួន​បី​ដែល​ខ្ញុំ​កំពុង​រៀន កាលខ្ញុំ​បន្ត​ផឹក « ទឹករស់ » មកពី​អណ្ដូង​របស់ទ្រង់ ។

ទីមួយ ៖ ស្ថានភាព​បច្ចុប្បន្ន និង​អតីតកាល​របស់យើង​ពុំ​កំណត់​ពី​អនាគត​របស់​យើងឡើយ

បងប្អូនស្រី ខ្ញុំ​ដឹង​ថា បងប្អូន​ភាគច្រើន​មានអារម្មណ៍​ដូចជា​ខ្ញុំ​ មិន​ប្រាកដ​ថា​ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ដ៏​ពិបាក ហើយការ​បាត់បង់​ដោយ​របៀបណា—ជា​ការ​បាត់បង់​ ដែល​ជីវិត​ពុំ​ទទួល​បានអ្វី​ដែល​សង្ឃឹមទុក បានអធិស្ឋាន​សូម និង​បាន​ដាក់ផែនការ ។

មិនថា​យើងមាន​ស្ថានភាព​បែបប​ណា​ទេ ជីវិត​របស់​យើង​ពិសិដ្ឋ​ មាន​អត្ថន័យ និងមាន​គោលបំណង ។ យើង​ម្នាក់ៗ​គឺជា​បុត្រី​សំណព្វ​នៃ​ព្រះ ដែលបាន​កើត​មក​ដោយ​មាន​ភាពជាព្រះ​នៅក្នុង​ព្រលឹង​យើង ។

ព្រះអង្គសង្គ្រោះ​យើង ព្រះយេស៊ូវ​គ្រីស្ទ​បាន​លាងសម្អាត និង​ព្យាបាលយើង​តាមរយៈ​ពលិកម្មធួន​របស់ទ្រង់ ជួយ​យើង​ឲ្យ​បំពេញ​គោលបំណង​​នៅលើ​ផែនដី ទោះជា​ការសម្រេចចិត្ត​របស់​សមាជិក​គ្រួសារ ស្ថានភាព​អាពាហ៍ពិពាហ៍​ សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត ឬ​ស្ថានភាព​​ផ្សេងទៀត​របស់​យើង​យ៉ាងណាក្ដី ។

សូមពិចារណា​អំពី​ស្ត្រី​នៅ​ឯ​អណ្ដូង​ទឹក​នោះ ។ តើ​ជីវិត​របស់​នាង​មាន​សភាព​យ៉ាងណា ? ព្រះយេស៊ូវ​បាន​ញាណដឹង​ថា នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​នាក់ ហើយ​បច្ចុប្បន្ន​ពុំ​បានរៀបការ​នឹង​បុរស​ដែល​នាង​កំពុង​រស់នៅ​ជាមួយ​ឡើយ ។ តែទោះជា​ស្ថានភាព​ជីវិត​នាង​លំបាកក្ដី ព្រះអង្គសង្គ្រោះ​​ ប្រកាសជាសាធារណៈ​​ដល់នាង​ថា ទ្រង់​គឺ​ជា​ព្រះ​មែស៊ី ។ ទ្រង់​​មាន​ព្រះបន្ទូល​ថា « ខ្ញុំ​នេះ​ហើយ ដែល​និយាយ​នឹង​នាង » ។

នាង​បាន​ក្លាយជា​សាក្សី​ដ៏​មាន​អានុភាព​ប្រកាស​ទៅកាន់​ប្រជាជន​ក្នុង​ក្រុង​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។ « នៅ​ក្រុង​នោះ ក៏​មាន​សាសន៍​សាម៉ារី​ជា​ច្រើន បាន​ជឿ​ដល់​ទ្រង់ ដោយ​ព្រោះ​ពាក្យ​ដែល​ស្ត្រី​នោះ » ។

ស្ថានភាព​បច្ចុប្បន្ន និង​អតីតកាល​របស់នាង​ពុំ​បាន​កំណត់​ពី​អនាគត​របស់​នាងឡើយ ។ ក៏ដូចនាង​ដែរ យើង​អាច​ជ្រើសរើស​ងាក​ទៅរក​ព្រះអង្គ​សង្គ្រោះ​នៅ​ថ្ងៃ​នេះ ដើម្បី​ទទួល​បាន​កម្លាំង និង​ការព្យាបាល ដែល​នឹង​ជួយ​យើង​ឲ្យ​បំពេញ​អ្វីៗដែល​យើង​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​នៅទីនេះ ។

ទីពីរ ៖ អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន យើង

ក្នុង​ខគម្ពីរ​ដែល​យើង​ស្គាល់​នៅ​គោលលទ្ធិ និង​សេចក្តី​សញ្ញា ព្រះអម្ចាស់​លើក​ទឹកចិត្ត​ស្ដ្រី និង​បុរស​ឲ្យ « ឧស្សាហ៍​ចូល​រួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជា​ច្រើន​តាម​បំណង​ចិត្ត​របស់​ខ្លួន ហើយ​នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន ដ្បិត​អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន​គេ

បងប្អូនស្រី អំណាច​គឺមាន​នៅ​ក្នុង​យើង ដើម្បី​នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន !

ប្រធាន​ណិលសុន បាន​បានថ្លែង​ទីបន្ទាល់​ថា « ស្ត្រី និង​បុរស​គ្រប់រូប​ដែល​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ហើយ​រក្សា​សេចក្ដីសញ្ញា​ទាំងនោះ និងចូលរួម​ក្នុង​ពិធីបរិសុទ្ធ​បព្វជិតភាព​ដោយ​សក្ដិសម អាច​ទទួល​​ព្រះចេស្ដា​របស់​​ព្រះ​ដោយផ្ទាល់ » ។

ខ្ញុំ​បាន​ដឹងថា ពេល​យើង​ខិតខំ​គោរព​សេចក្ដីសញ្ញា​ពិសិដ្ឋ​ដែល​បានធ្វើ​នៅ​ឯ​ពិធីបុណ្យ​ជ្រមុជទឹក និង​ក្នុង​ព្រះវិហារ​បរិសុទ្ធ នោះ​ព្រះអម្ចាស់​នឹង​ប្រទានពរ​យើង​នូវ « ព្រះចេស្ដា​នៃការ​ព្យាបាល និង​ភាព​រឹងមាំ​របស់ទ្រង់ព្រមទាំង « ការយល់ដឹង​ខាង​វិញ្ញាណ និង​ការភ្ញាក់ដឹងខ្លួន​ខាង​វិញ្ញាណ​ដែល [ យើង ] ពុំ​ធ្លាប់​មាន​ពី​មុនមក » ។

ទីបី ៖ « ចេញ​ពី​ការណ៍​ដ៏​តូចតាច នោះ​បណ្តាល​ឲ្យ​មាន​ការណ៍​ដ៏​ធំធេង​ឡើង »

នៅក្នុង​ទេសនកថា​នៅលើ​ភ្នំ ព្រះយេស៊ូវ​បានបង្រៀន​ពួកសិស្ស​ថា « អ្នក​រាល់​គ្នា​ជា​អំបិលនៃ​ផែនដី »ហើយ « អ្នក​រាល់​គ្នា​ជា ពន្លឺនៃ​លោកីយ៍ » ។ ក្រោយមក ទ្រង់​បាន​ប្រៀបធៀប​ការរីកចម្រើន​នៃ​នគរ​ស្ថានសួគ៌​ទៅ​នឹង​ដំបែ « ដែល​ស្ត្រី​ម្នាក់ បាន​យក​មក​លាយ​នឹង​ម្សៅ​៣​រង្វាល់ ទាល់​តែ​ម្សៅ​នោះ​បាន​ដោរ​ឡើង​គ្រប់​ទាំង​អស់ » ។១០

  • អំបិល

  • ដំបែ

  • ពន្លឺ

វត្ថុ​នីមួយៗ​ទាំង​នេះ​ជះឥទ្ធិពល​ដល់​អ្វីៗ​ដែល​នៅ​ជុំវិញ​វា ទោះ​ជា​ក្នុង​ចំនួន​តិច​ក្ដី ។ ព្រះអង្គ​សង្គ្រោះ​អញ្ជើញ​យើង​ឲ្យ​ប្រើ​ព្រះចេស្ដា​របស់ទ្រង់​ធ្វើជា​អំបិល ដំបែ និង ពន្លឺ ។

អំបិល

វាគួរឲ្យ​ភ្ញាក់ផ្អើល​ដែល​អំបិល​បន្តិច​ធ្វើ​ឲ្យ​រសជាតិ​អាហារ​ដែល​យើង​ទទួលទាន​ខុសប្លែក​គ្នា​យ៉ាងខ្លាំង ។ អំបិល​គឺជា​គ្រឿងផ្សំ​ម្យ៉ាង​ដែល​មិនសូវ​មាន​តម្លៃ ហើយ​សាមញ្ញ ។

នៅក្នុង​គម្ពីរ ពង្សាវតារក្សត្រ​ទី២ យើង​បាន​អាន​អំពី​« ក្មេងស្រី​ម្នាក់ »១១ដែល​ពួកស៊ីរី​បាន​ចាប់​ខ្លួន ហើយ​បាន​ក្លាយ​ជា​អ្នកបម្រើ​ប្រពន្ធ​របស់​ណាម៉ាន់ ជាមេទ័ព​ពួកស៊ីរី ។ នាងបាន​ធ្វើ ជាអំបិល ​នាង​នៅ​ក្មេង គ្មាន​ឋានៈ​ខាង​លោកិយ ហើយ​ជីវិត​នាង​ជាទាសករ​នៅ​ប្រទេស​ក្រៅ វាពុំមែន​ជា​អ្វី​ដែល​នាង​សង្ឃឹម​ចង់បាន​នោះឡើយ ។

ទោះជាយ៉ាងណា​ក្តី នាង​និយាយ​ពាក្យ​ពីរ​ប្រយោគ​ដោយព្រះ​ចេស្តា​នៃ​ព្រះ ​ថ្លែង​ទីបន្ទាល់​ទៅ​​​ភរិយា​របស់ ណាម៉ាន់​ថា « បើចៅហ្វាយ​នាង​ខ្ញុំ បាន​នៅ​ជា​មួយ​នឹង​ហោរា​ដែល​នៅ​ក្រុង​សាម៉ារី​ទៅ​អេះ នោះ​លោក​នឹង​មើល​រោគ​ឃ្លង់​នេះ​ឲ្យ​ជា​ទៅ » ។១២

ពាក្យ​សម្ដី​ដោយ​ជំនឿ​របស់នាង​ត្រូវ​បាន​គេ​ប្រាប់​ទៅ​ណាម៉ាន់ គាត់ក៏​បាន​ធ្វើ​តាម​ពាក្យនាង ​វា​ជួយ​គាត់​ទទួលបាន​ការព្យាបាល​ទាំងខាង​រូបកាយ និង​ខាង​វិញ្ញាណ ។

ជា​ញឹកញាប់​យើង​ផ្តោត​លើ​ពួក​អ្នកបម្រើ​ដែល​បាន​បញ្ចុះបញ្ចូល​ណាម៉ាន់​ឲ្យ​ទៅ​ងូតទឹក​នៅក្នុង​ទន្លេ​យ័រដាន់ តាម​ដែល​ព្យាការី​អេលីសេ​បានណែនាំ ប៉ុន្តែ​ណាម៉ាន់​នឹង​ទៅមិនដល់​ផ្ទះរបស់​អេលីសេ​ទេ បើគ្មាន « ក្មេងស្រី​ម្នាក់ » ​នោះ ។

ក្មួយៗ​អាច​នៅ​ក្មេង ឬ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មិន​សំខាន់ ប៉ុន្តែ​ក្មួយៗ​អាច​ធ្វើ ជា​អំបិលនៅ​ក្នុង​គ្រួសារ សាលារៀន និង​សហគមន៍​របស់​ក្មួយៗ​បាន ។

ដំបែ

តើ​បងប្អូន​ធ្លាប់ហូប​នំប៉័ង​ដែល​អត់​ដាក់​ដំបែដែរ​ឬទេ ? តើ​បងប្អូន​នឹង​ពិពណ៌នា​វា​របៀបណា ? ក្រាស់ ? ធ្ងន់ ? ពិបាក ? ពេលដាក់​ដំបែ​បន្តិច​ នោះ​សាច់​នំប៉័ង​ក៏​ដោរឡើង​ធ្វើ​ឲ្យ​វា​កាន់តែ​ស្រាល ហើយ​ទន់ ។

ពេលយើងយាង​អញ្ជើញ​ព្រះចេស្ដានៃ​ព្រះ​មក​ក្នុង​ជីវិត​ នោះ​យើងអាច​ជំនួស « ទុក្ខធ្ងន់ » ១៣ដោយ​ទស្សនវិស័យ​ដ៏​បំផុស​គំនិត ​ដែល​លើកស្ទួយ​ដល់​មនុស្ស​ដទៃ ហើយ​ឲ្យ​មនុស្ស​ជាច្រើន​ទទួល​ការព្យាបាល ។

ព្រឹក​ថ្ងៃបុណ្យ​គ្រីស្ទម៉ាស់​ មិត្ត​ខ្ញុំ​ម្នាក់​ដេក​នៅលើ​គ្រែទាំង​ភាព​សោកសៅ ។ កូនៗ​អង្វរ​គាត់​ឲ្យ​ក្រោកឡើង ប៉ុន្តែ​គាត់​​ឈឺចាប់ណាស់ ព្រោះ​តែ​ការ​លែងលះ​មិនទាន់​ដាច់ស្រេច​របស់​គាត់ ។ ពេល​ដេកយំលើ​គ្រែ នោះ​គាត់​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា​សួគ៌​ទូល​ប្រាប់​ទ្រង់​ពី​ភាពអស់សង្ឃឹម​ ។

នៅពេល​គាត់​អធិស្ឋាន​ចប់ ព្រះវិញ្ញា​ខ្សឹប​ប្រាប់គាត់ថា ព្រះស្គាល់​ការឈឺចាប់​របស់គាត់ ។ គាត់​ទទួលអារម្មណ៍​ដឹង​ពី​ក្ដីមេត្តា​របស់ទ្រង់ចំពោះគាត់ ។ បទពិសោធន៍ដ៏​ពិសិដ្ឋ​នេះ បញ្ជាក់ពី​អារម្មណ៍​គាត់ ហើយ​ផ្ដល់​សង្ឃឹម​ដល់​គាត់​ថា គាត់​ពុំ​មានទុក្ខ​តែឯកឯងឡើយ ។ នៅ​ព្រឹកនោះ​គាត់​បានក្រោកឡើង​​ចេញ​ទៅក្រៅ សូន្យ​រូបទឹកកក​លេង​ជាមួយ​នឹង​កូនៗ​របស់គាត់ ដោយ​ក្តី​រីករាយ និង​អំណរ ជំនួសភាព​សោកសៅ ។

ពន្លឺ

តើ​ត្រូវ​មាន​ពន្លឺខ្លាំង​ប៉ុណ្ណា​ដើម្បីចាក់​ទម្លុះ​ភាពងងឹត​នៅ​ក្នុង​បន្ទប់​មួយ​បាន ? រស្មីពន្លឺ​ដ៏​តូចមួយ ។ រស្មី​ពន្លឺ​នៅ​ទីងងឹត​មួយ​អាច​ចេញ​មកពី​ព្រះចេស្ដា​នៃ​ព្រះ​នៅ​ក្នុង​ខ្លួន​របស់​បងប្អូន ។

ទោះជា​បងប្អូន​ឯកោ ពេល​ព្យុះភ្លៀង​ជីវិត​បក់បោក​ក្ដី ក៏​បងប្អូន​អាច​បញ្ចេញ​ពន្លឺ​នៅ​ក្នុង​ភាពងងឹត​នៃ​ការ​យល់ខុស ការ​ភាន់ច្រឡំ និង​ការ​ឥត​ជំនឿ​ដែរ ។ ពន្លឺ​នៃ​សេចក្ដីជំនឿ​​លើ​ព្រះគ្រីស្ទ​របស់​បងប្អូន អាច​ស្ថិតស្ថេរ​​រឹងមាំ ដើម្បី​ជួយ​នាំ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ទៅ​រក​សុវត្ថិភាព និង​ភាពសុខសាន្ត ។

បងប្អូន​ស្រី ពេល​យើង​ផ្ដល់​អំបិល​បន្ដិច ​ដំបែ​មួយ​ស្លាបព្រា និង​រស្មីពន្លឺ ​សាយភាយចេញទៅ នោះ​ដួងចិត្ត​ជាច្រើន​ អាច​ត្រូវ​បាន​ផ្លាស់ប្ដូរ ហើយ​ជីវិត​ជាច្រើន​បាន​ទទួល​ពរ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអង្គ​សង្គ្រោះគឺជា​អំបិល​នៅ​ក្នុង​ជីវិត​របស់​យើង ព្រោះទ្រង់​អញ្ជើញ យើងឲ្យ​ភ្លក់​នូវ​អំណរ និង​សេចក្ដីស្រឡាញ់​របស់​ទ្រង់ ។១៤ ទ្រង់គឺជា​ដំបែ ​ពេល​ជីវិត​របស់​យើង​មានភាព​លំបាក ព្រោះទ្រង់​នាំ​យក​សេចក្ដីសង្ឃឹម​មក​ឲ្យ​យើង១៥និង​លើក​បន្ទុក​យើងឡើង​១៦ដោយ​​ព្រះចេស្ដា​ដ៏ឥត​ប្រៀប​ផ្ទឹម និង​ក្ដីស្រឡាញ់​ដ៏​ប្រោសលោះ​របស់​ទ្រង់ ។១៧ទ្រង់គឺជា​ពន្លឺ​របស់​យើង​១៨ព្រោះ​ទ្រង់​បំភ្លឺ​ផ្លូវ​យើងឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ។

ខ្ញុំ​សូម​អធិស្ឋាន​សូម​ឲ្យយើង​អាច​មករក​ព្រះអង្គ​សង្គ្រោះ ដូចជា​ស្ត្រី​នៅ​ឯ​មាត់​អណ្ដូងទឹក​ដែរ ហើយ​ផឹក​ទឹករស់​របស់​ទ្រង់ ។ បន្ទាប់មក យើង​អាច​ប្រកាស​ជាមួយ​សាសន៍​សាម៉ារី​ថា « ឥឡូវ​នេះ យើង​ជឿ មិន​មែន​ដោយ​ព្រោះ​ពាក្យ​សម្ដី​របស់​អ្នក​ទៀត​ទេ គឺ​ជឿ​ដោយ​ព្រោះ​បាន​ឮ​ទ្រង់​ផ្ទាល់​ខ្លួន​យើង​វិញ ហើយ​យើង​ដឹង​ថា ទ្រង់​ជា​ព្រះគ្រីស្ទ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​មនុស្ស​លោក​ពិត​ប្រាកដ​មែន » ។១៩ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។