២០២២
ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ផ្ដល់ពរ​ដល់​ជីវិត​ខ្ញុំ​ជា​រៀងរហូត
ខែ ឧសភា ឆ្នាំ ២០២២


ការបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ផ្ដល់ពរ​ដល់​ជីវិត​ខ្ញុំ​ជា​រៀងរហូត

ខ្ញុំ​សូម​អធិស្ឋានឲ្យក្មួយៗ​ដែល​ជា​យុវជន និង​យុវនារី ព្រមទាំង​ឪពុក​ម្ដាយ​​នឹង​មើល​ឃើញ ហើយ​ស្គាល់​ថាការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នឹង​ផ្ដល់​ពរ​ដល់​ជីវិត​របស់​ក្មួយៗ​ជា​រៀងរហូតរបៀបណា ។

សូម​អរគុណ​ប្រធាន​ណិលសុន ចំពោះ​ការ​ចែកចាយ​ដំបូន្មាន​នោះ​ជា​ថ្មី​អំពី​ការ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។

បងប្អូន​ប្រុសស្រី ច្រើន​ឆ្នាំ​កន្លង​ទៅ កាលខ្ញុំ​កំពុង​និយាយ​នៅ​ក្នុង​សន្និសីទទូទៅ ភ្នែក​ខាង​ឆ្វេង​របស់​ខ្ញុំ​ស្រាប់​មើល​លែង​ឃើញ​ដោយ​សារ​តែ​ជំងឺ​ភ្នែករបស់​មនុស្ស​ចាស់​ ហើយ​កាន់តែ​​ទៅៗ​រហូត​ធ្វើ​ឲ្យ​​ខ្ញុំ​​មើល​លែង​ឃើញ ។

ពេល​ខ្ញុំ​ជួបនឹង​បញ្ហា​នេះ ខ្ញុំ​កាន់​តែ​មាន​អំណរ​គុណ​ចំពោះ​ចក្ខុវិស័យ​ម្យ៉ាងទៀត រួម​ទាំង​ចក្ខុវិស័យ​ចំពោះ​អ្វី​ដែលបានកើតឡើង ។ ពេល​ខ្ញុំ​ក្រឡេក​មើល​ទៅ​អតីតកាល ខ្ញុំ​បាន​ឃើញ​បទពិសោធន៍ជាក់លាក់ ​ដែល​បាន​ធ្វើ​ឲ្យ​ខុសគ្នា​យ៉ាងខ្លាំង​មួយ ។ បទពិសោធន៍​មួយនោះ គឺជា​របៀប​ដែល​ការ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​របស់​ខ្ញុំ ​នៅ​ប្រទេស​អង់គ្លេស​បានប្រទាន​ពរ​ដល់​ជីវិត​ខ្ញុំ ហើយ​​បង្កើត​រូបរាង​ជោគ​វាសនា​ខាង​វិញ្ញាណ​ខ្ញុំ ។

ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​របៀប​ដែល​បញ្ហា​សេដ្ឋកិច្ច ទាក់ទង​នឹង​វិបត្តិ​សេដ្ឋកិច្ចដ៏ធំ​នៅ​ទស្សវត្សរ៍ ឆ្នាំ ១៩៣០ បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មិន​ល្អ​ចំពោះ​ឪពុកម្តាយ​ខ្ញុំ និង​គ្រួសារ​របស់​យើង ។ ឪពុក​ខ្ញុំ​បាន​ខិតខំ​ជួយ​ស្ដារហាង​លក់​រថយន្ត​របស់​គាត់ និង​ផ្គត់ផ្គង់​គ្រួសារ​ក្នុង​គ្រា​ដ៏​លំបាក​នេះ រហូត​ឪពុក​ម្ដាយ​ខ្ញុំ​ឈប់​ទៅ​ព្រះវិហារ​មួយ​រយៈ ។

ទោះ​ជា​យើង​ពុំ​បាន​ទៅ​ចូលរួម​ការ​ប្រជុំ​ក្នុង​ព្រះវិហារ​ជា​គ្រួសារ​ក្ដី ក៏​វា​មិន​បាន​រារាំង​ខ្ញុំ​មិន​ឲ្យ​ទៅ​ជាមួយ​មិត្ត​​ខ្ញុំ​ម្ដងម្កាល​នោះឡើយ ។

នៅ​ជំនាន់​នោះ ការ​ចេញ​បេសកកម្ម​គឺ​ដក់​ជាប់​ក្នុង​គំនិត​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​ពិភាក្សា​វា​ជាមួយ​នឹង​ឪពុកម្ដាយ​​ខ្ញុំ​ទេ ។

ពេល​ចូលរៀន​ទៅ​មហារិទ្យាល័យ មិត្ត​ខ្ញុំមួយចំនួន ព្រមទាំង​រូបខ្ញុំ​បាន​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម ។ ពេលជួប​នឹង​ប៊ីស្សព​ ខ្ញុំ​បាន​ដាក់​ពាក្យ​បេសកកម្ម​របស់​ខ្ញុំ ខណៈដែល​ឪពុក​ម្ដាយ​ខ្ញុំ​មិន​នៅ​ផ្ទះ ។ ពេល​ឪពុកម្ដាយ​ខ្ញុំ​ត្រឡប់​មកវិញ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ពួកគាត់​ភ្ញាក់​ផ្អើល​ជាមួយ​នឹង​ដំណឹង​ថា ខ្ញុំ​ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​នៅ​ចក្រភព​អង់គ្លេស ។ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ការ​គាំទ្រ​ដោយ​រីករាយ​របស់​ពួកគាត់​ចំពោះ​ការ​សម្រេច​ចិត្តនេះ ហើយអរគុណ​មិត្តល្អៗ​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​សម្រេច​ចិត្ត​បម្រើ ។

ការ​បម្រើ​​ជា​អ្នកផ្សព្វផ្សាយ​សាសនារបស់ខ្ញុំ ​បាន​រៀបចំ​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្វាមី និង​ឪពុក​កាន់តែ​ល្អ ព្រមទាំង​ជោគជ័យ​នៅ​ក្នុង​អាជីវកម្មផងដែរ ។ វា​ក៏​បាន​រៀបចំ​ខ្ញុំ​សម្រាប់​ការ​បម្រើ​ព្រះអម្ចាស់ និង​សាសនាចក្រ​របស់​ទ្រង់ពេញ​មួយ​ជីវិត​ផង​ដែរ ។

នៅ​សន្និសីទ​ទូទៅ​ខែ មេសា ឆ្នាំ ១៩៨៥ ខ្ញុំ​ត្រូវ​បាន​ចាត់​ឲ្យ​និយាយ​នៅ​ក្នុង​សម័យ​ប្រជុំ​បព្វជិតភាព ។ ខ្ញុំ​បាន​រៀបចំ​សុន្ទរកថា​​សម្រាប់​ក្រុម​យុវជន ។ ខ្ញុំ​បាន​និយាយ​អំពី​ការរៀបចំ​ខ្លួន​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​ថ្លែង​ថា « ការ​បំពាក់​បំប៉ន​ទាំងអស់​ដែល​ខ្ញុំ​បាន​ទទួលក្នុងការ​ចាត់តាំង​របស់​ខ្ញុំ​ក្នុង​សាសនាចក្រ គ្មាន​អ្វី​សំខាន់​ជាង​ការ​បំពាក់​បំប៉ន​ដែល​ខ្ញុំ​បាន​ទទួល ​កាលបម្រើ​បេសកកម្ម​ពេញម៉ោង​​ជា​អែលឌើរ​វ័យ​ដប់ប្រាំបួន​ឆ្នាំ​​នោះ​ឡើយ » ។

ព្រះអម្ចាស់​ស្គាល់​បងប្អូន ។ ពេល​បងប្អូន​កំពុង​បម្រើ​បេសកកម្ម នោះ​បងប្អូន​នឹងមាន​បទពិសោធន៍​ដែល​នឹង​ជួយ​បងប្អូន​ឲ្យ​ស្គាល់ទ្រង់​កាន់​តែល្អ​ប្រសើរ ។ បងប្អូន​នឹង​រីកចម្រើន​ខាង​វិញ្ញាណ​នៅ​ក្នុង​ការ​បម្រើ​ទ្រង់ ។ បងប្អូន​នឹង​ត្រូវ​ចាត់​ឲ្យ​បម្រើ​មនុស្ស​ដទៃ​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។ ទ្រង់​នឹងប្រទាន​បទពិសោធន៍​ដល់​បងប្អូន​ដោយការ​បំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះអម្ចាស់​នឹងអនុញ្ញាត​ឲ្យ​បងប្អូន​បង្រៀន​នៅ​ក្នុង​ព្រះនាម​របស់​ទ្រង់ ។ បងប្អូន​អាច​បង្ហាញ​ទ្រង់​ថា ទ្រង់​អាច​ទុកព្រះទ័យ​លើ​បងប្អូន ហើយ​ពឹង​ផ្អែក​លើ​បងប្អូន​បាន ។

​ជាង​ប្រាំ​ខែ​មុន អែលឌើរ ជែហ្វ្រី អ័រ ហូឡិន និង​អែលឌើរ ឃ្វីនថិន អិល ឃុក ដែល​ធ្លាប់​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ប្រទេស​អង់គ្លេស​ បាន​អម​ដំណើរ​ខ្ញុំ​ធ្វើ​ទៅ​ជួប​នឹង​សមាជិក និង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​នៅ​លើ​ទឹកដី​ដ៏​ស្រស់​ស្អាត​នោះ ។ កាល​នៅទីនោះ ខ្ញុំ​បាន​នឹក​គិត​ពី​បទពិសោធន៍​​ខ្ញុំ​ក្នុង​នាម​ជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា បេសកកម្ម​​ខ្ញុំ​គឺជា​កន្លែង​ ដែល​ខ្ញុំ​បាន​ដឹង​ថា ព្រះវរបិតា​សួគ៌ និង​ព្រះអង្គ​សង្គ្រោះ​​ខ្ញុំ ​គឺព្រះយេស៊ូវគ្រីស្ទ ​ស្គាល់ ហើយ​ស្រឡាញ់​ខ្ញុំ ។

ខ្ញុំ​មាន​ពរ​ដោយ​មាន​ប្រធាន​បេសកកម្ម​ដ៏​អស្ចារ្យ​ពីរ​រូប​គឺ​ប្រធាន សេលវ៉យ ជេ បូយើរ និង​ស្តេណើរ រីឆាដ ព្រម​ទាំង​ដៃគូដ៏​ល្អ​របស់​ពួកលោក​គឺ ហ្គេឌី បូឃើរ និង ជេន រីឆាដ ។ ពេល​ខ្ញុំ​គិត​ឡើង​វិញ ខ្ញុំ​អាច​មើល​ឃើញ​កាន់​តែ​ច្បាស់​ថា ពួកគាត់​បាន​ទុក​ចិត្ត ហើយ​ស្រឡាញ់​ខ្ញុំ ។ ពួកគាត់​បាន​បង្រៀន​ដំណឹងល្អដល់ខ្ញុំ ។ ពួកគាត់​​រំពឹង​យ៉ាង​ច្រើន​ពីខ្ញុំ ។ ពួកគាត់​បាន​ផ្ដល់​ការចាត់តាំង​លំបាកៗ និងទទួល​ខុសត្រូវ​ភាពជា​អ្នក​​ដឹកនាំ​ជា​ច្រើន​ដល់​ខ្ញុំ ដើម្បី​ជួយ​ខ្ញុំ​ឲ្យ​រីកចម្រើន ហើយ​រៀបចំខ្ញុំសម្រាប់​ការ​បម្រើ​ពេញ​មួយ​ជីវិត ។

ខ្ញុំ​ក៏​បាន​នឹក​គិត​ពី​ការ​ហៅ​មក​ពី​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ឲ្យ​ធ្វើ​ជា​អធិបតី​លើ​បេសកកម្ម​តូរង់តូ ប្រទេស​កាណាដា ជាមួយ​នឹង​ភរិយា​ជា​ទីស្រឡាញ់​​ខ្ញុំ បាបារ៉ា និង​កូនៗពួក​យើងផងដែរ ។ ប្រធាន​ ឃឹមបឹល បាន​ហៅពួក​យើង​ឲ្យ​បម្រើ​នៅ​ខែ​មេសា ឆ្នាំ ១៩៧៤ ​បន្ទាប់​ពី​លោក​បាន​ផ្ដល់​សារលិខិត​ដ៏​បំផុស​គំនិត​អំពី​អ្នក​ផ្សព្វផ្សាយ​សាសនា​ចំណង​ជើង​ថា « ពេល​ពិភពលោក​នេះ​នឹង​ត្រូវ​បានផ្លាស់ប្រែចិត្ត​ជឿ » ។ នៅ​ក្នុង​សារលិខិត​នោះ​ ប្រធាន​ឃឹមបឹល​ បាន​ពន្យល់​ពី​ទស្សនវិស័យ​របស់​លោក​អំពីរបៀប​ដែល​ដំណឹងល្អ​​នឹង​ត្រូវ​នាំ​ទៅ​ជុំ​វិញ​ពិភពលោក ។ លោក​បាន​អំពាវនាវ​សុំឲ្យ​មាន​​អ្នកផ្សព្វផ្សាយសាសនា​កាន់​តែ​ច្រើន​មក​ពី​ជុំវិញ​ពិភពលោក ។ លោក​បាន​រំឭក​យើង​អំពី​ការ​រំពឹង​ទុករបស់​ព្រះអម្ចាស់ « ថា​មនុស្ស​គ្រប់រូប​គួរតែ … បន្លឺ​សំឡេង​ព្រមាន​ដល់​បណ្ដាជន​នៅលើ​ផែនដី » ។ ការបង្រៀន​របស់​ប្រធាន​ឃឹម​បឹល អំពី​ការ​រំពឹង​ទុក​ចំពោះ​យុវជន ដើម្បី​បម្រើ​បេសកកម្ម​ បាន​ក្លាយ​ជា​ប្រធាន​បទ​នៃ​ការ​សន្ទនា​នៅ​ក្នុង​គ្រួសារ​ជុំវិញ​ពិភពលោក ។ ការរំពឹង​ទុក​នោះ​ ពុំ​​ផ្លាស់ប្ដូរ​ឡើយ ។ ខ្ញុំ​មាន​អំណរគុណ ដែល​ប្រធាន​​ រ័សុល អិម ណិលសុន ក៏​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​រំពឹង​ទុក​របស់​ព្រះអម្ចាស់​នៅ​ព្រឹក​នេះ ។

អស់​រយៈពេល​ជិត ១០ ឆ្នាំ​ហើយ ចាប់តាំង​ពី​ប្រធាន​ថូម៉ាស អេស ម៉នសុន​បាន​ប្រកាសអំពីការ​បន្ថយ​អាយុ​ចេញ​ផ្សព្វផ្សាយ​សាសនា​សម្រាប់​យុវជន និង​យុវនារី ។ តាម​ទស្សនៈខ្ញុំ ហេតុផល​​ចម្បង​មួយ​ចំពោះ​ការ​ផ្លាស់ប្ដូរ​នេះ គឺ​​ផ្ដល់​ឱកាស​​ផ្លាស់ប្ដូរ​ជីវិតពេលចេញ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនាទៅ​ដល់​យុវវ័យឲ្យ​កាន់តែច្រើន​ ។

ក្នុង​នាម​ជា​សាវក​មួយ​រូប​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ឥឡូវ​នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​យុវជន—និង​យុវនារី​ដែល​មាន​បំណង​​ចង់​បម្រើ​បេសកកម្ម ឲ្យ​ចាប់ផ្ដើម​ឥឡូវ​នេះ​ ពិភាក្សា​នឹង​ឪពុក​ម្ដាយ​របស់​ក្មួយៗ​អំពី​ការ​បម្រើ​បេសកកម្ម ។ ខ្ញុំ​ក៏​សូម​អញ្ជើញ​ក្មួយ​ឲ្យ​ពិភាក្សា​នឹង​មិត្ត​របស់​ក្មួយ​អំពី​ការ​បម្រើ​បេសកកម្ម​ផង​ដែរ ហើយ​​បើ​មិត្ត​ម្នាក់​​ក្មួយៗណាម្នាក់​មិន​ប្រាកដ​ក្នុង​ចិត្ត​អំពី​ការ​បម្រើ​បេសកកម្ម សូម​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ពិភាក្សា​នឹង​ប៊ីស្សព​របស់​ពួកគេ ។

សូម​តាំង​ចិត្ត​ខ្លួនឯង និង​ចំពោះ​ព្រះវរបិតា​សួគ៌​របស់​ក្មួយៗ​ថា ក្មួយៗ​នឹង​បម្រើបេសកកម្ម ហើយ​ចាប់​ពី​ពេល​នេះទៅ ក្មួយៗនឹង​ខិតខំ​រក្សាដួង​ចិត្ត ដៃ និង​គំនិត​របស់​ក្មួយៗ​ឲ្យ​ស្អាត​ស្អំ និង​ស័ក្ដិសម ។ ខ្ញុំ​សូម​អញ្ជើញ​ក្មួយៗ​ឲ្យ​ទទួល​បាន​ទីបន្ទាល់​ដ៏​រឹងមាំ​អំពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

ឪពុក​ម្ដាយ​នៃ​យុវវ័យ​ដ៏​អស្ចារ្យ​អើយ បងប្អូន​មាន​តួនាទី​ដ៏សំខាន់​ក្នុង​ដំណើរការនៃការ​រៀបចំ​ខ្លួន​នេះ ។ សូម​ចាប់ផ្ដើម​​នៅ​ថ្ងៃនេះ ពិភាក្សា​នឹង​កូនៗអំពី​ការ​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ។ យើង​ដឹង​ថា គ្រួសារមានឥទ្ធិពល​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​ការ​ជួយ​យុវជន​យុវនារី​របស់​យើង​ឲ្យ​រៀបចំខ្លួន ។

បើ​ក្មួយៗ​ស្ថិត​នៅ​ក្នុង​ចន្លោះអាយុ​​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា ប៉ុន្តែ​មិន​ទាន់​បាន​បម្រើ​នៅ​ឡើយ ដោយសារ​តែ​ជំងឺ​រាតត្បាត ឬ​ហេតុផល​ផ្សេងទៀត ខ្ញុំ​សូម​អញ្ជើញ​ក្មួយៗ​ឲ្យ​បម្រើ​ឥឡូវ​នេះ ។ សូម​ពិភាក្សា​នឹង​ប៊ីស្សព​របស់​ក្មួយៗ ហើយ​រៀបចំខ្លួន​បម្រើ​ព្រះអម្ចាស់ ។

ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ប៊ីស្សព​ឲ្យជួយ​យុវជន និង​យុវនារី​គ្រប់​រូប ​ដែល​ជិត​ដល់​អាយុ​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ឲ្យ​រៀបចំខ្លួន​បម្រើ ហើយ​ខ្ញុំ​ក៏​សូម​លើក​ទឹក​ចិត្ត​ប៊ីស្សព​ឲ្យ​ស្គាល់​អ្នក​ដែល​មាន​អាយុ​គ្រប់​គ្រាន់ហើយ ប៉ុន្តែ​ពុំ​ទាន់​បាន​បម្រើ​នៅ​ឡើយ ។ សូម​អញ្ជើញ​យុវជន​ម្នាក់ៗ​ឲ្យ​ធ្វើ​​ជា​អ្នកផ្សព្វផ្សាយ​សាសនា រួម​ទាំង​យុវនារី​ដែល​មាន​បំណង​ចង់​បម្រើ​ផងដែរ ។

ចំពោះ​ក្មួយៗ​ដែល​ជា​​អ្នកផ្សព្វផ្សាយ​សាសនា ​កំពុងបម្រើ​នា​ពេល​បច្ចុប្បន្ន​នេះ ពួកយើង​សូម​អរគុណច្រើនណាស់ ។ បេសកកម្ម​របស់​ក្មួយៗ ​ស្ថិតនៅ​អំឡុង​ជំងឺ​រាតត្បាត​ទូទាំងពិភពលោក ។ ជាលទ្ធផល បទពិសោធន៍​បេសកកម្មរបស់​ក្មួយ​ ពុំ​ដូចជា​បទពិសោធន៍​បេសកកម្ម​ខ្ញុំ ឬ​បទពិសោធន៍​របស់​អ្នកផ្សព្វផ្សាយ​ផ្សេងទៀត​ដែល​បម្រើ​ពី​មុន​ឆ្នាំ​ ២០២០ ឡើយ ។ ខ្ញុំ​ដឹង​ថា វា​ពុំ​មែន​ជារឿង​ងាយ​ស្រួល​ទេ ។ ប៉ុន្តែ​ទោះ​ជា​ស្ថិត​នៅ​ក្នុង​គ្រា​ដ៏​លំបាក​ទាំង​នេះ​ក្ដី ក៏​ព្រះអម្ចាស់​មាន​កិច្ចការ​មួយ​ឲ្យ​ក្មួយ​ធ្វើ​ដែរ ហើយ​ក្មួយធ្វើ​វា​បាន​យ៉ាង​អស្ចារ្យ​បំផុត ។ ឧទាហរណ៍ ក្មួយ​បាន​ប្រើ​បច្ចេកវិទ្យា​តាម​របៀប​ថ្មី​ស្វែង​រកអ្នក​​ដែល​ត្រៀម​ខ្លួន​រៀន​អំពី​ការ​ស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​ក្មួយ​ៗបម្រើ​ដោយ​ឧស្សាហ៍​ព្យាយាមតាម​លទ្ធភាព​របស់ខ្លួន ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ចំពោះ​ការ​ខិតខំ​របស់​ក្មួយៗ ។ ខ្ញុំ​ដឹង​ថា ការ​បម្រើ​របស់​ក្មួយ​ៗនឹង​ផ្ដល់​ពរ​ជ័យដល់​ជីវិត​ក្មួយៗ ។

ពេល​ក្មួយៗ​ត្រូវ​បាន​ដោះ​លែង​ពី​បេសកកម្ម​ សូម​ចាំ​ថា ក្មួយ​ៗពុំ​បាន​ដោះលែង​ពី​សកម្មភាព​ក្នុង​សាសនាចក្រ​នោះទេ ។ សូម​បន្ត​បង្កើត​ទម្លាប់ល្អៗ​ដែល​ក្មួយៗ​បាន​រៀន​ក្នុង​បេសកកម្ម សូម​បន្ត​ពង្រឹង​ទីបន្ទាល់​របស់​ក្មួយៗ ខិតខំ​ធ្វើ​ការ អធិស្ឋាន និង​គោរពប្រតិបត្តិ​ចំពោះ​ព្រះអម្ចាស់ ។ សូម​គោរព​​សេចក្ដីសញ្ញា​ដែល​ក្មួយ​បាន​ធ្វើ ។ សូម​បន្ត​ផ្ដល់​ពរ និង​បម្រើ​មនុស្ស​ដទៃ ។

ខ្ញុំ​សូម​អធិស្ឋានឲ្យក្មួយៗ​ដែល​ជា​យុវជន និង​យុវនារី ព្រមទាំង​ឪពុក​ម្ដាយ​​នឹង​មើល​ឃើញ ហើយ​ស្គាល់​ថាការ​បម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា នឹង​ផ្ដល់​ពរ​ដល់​ជីវិត​របស់​ក្មួយៗ​ជា​រៀងរហូតរបៀបណា ។ សូម​ឲ្យ​ក្មួយ​ៗដឹង​នៅ​ក្នុង​គំនិត និង​​ចិត្ត​អំពី​អានុភាព​នៃ​ការ​អញ្ជើញ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​អ្នកផ្សព្វផ្សាយ​សាសនា​ដ៏អស្ចារ្យ​ជា​ពួក​បុត្រា​របស់​ម៉ូសាយ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ចូរ​ទៅ … ហើយ​តាំង​ពាក្យ​របស់​យើង​ចុះ តែ​អ្នក​ត្រូវ​អត់ធន់​ក្នុង​ការ​អត់ធ្មត់ និង​ការ​ឈឺ​ចាប់ ដើម្បី​អ្នក​អាច​បង្ហាញ​នូវ​គំរូ​ល្អ​ទាំង​ឡាយ …​ក្នុង​យើង ហើយ​យើង​នឹង​យក​អ្នក​ធ្វើ​ជា​គ្រឿង​ឧបករណ៍​មួយ​ក្នុង​ដៃ​យើង​ដល់​ការ​សង្គ្រោះ​ព្រលឹង​ជា​ច្រើន » ។

សូម​ឲ្យ​ព្រះ​ប្រទាន​ពរ​ដល់​យុវវ័យ​នៃ​សាសនាចក្រនេះ ដែលមាន​បំណង​ប្រាថ្នា​រៀបចំខ្លួន ហើយ​បម្រើ​ទ្រង់ ដែល​ខ្ញុំ​ថ្វាយ​នៅ​ព្រឹក​នេះ ក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. អិម. រ័សុល បាឡឺត « Prepare to Serve » Ensign ខែ ឧសភា ឆ្នាំ ១៩៨៥ ទំព័រ ៤១ ។

  2. សូមមើល​ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល « When the World Will Be ConvertedEnsignខែ តុលា ឆ្នាំ ១៩៧៤ ទំព័រ ២–១៤ ។ សុន្ទរកថា​នេះ​បាន​ថ្លែង​នៅ​ថ្ងៃទី ៤ ខែ មេសា ឆ្នាំ ១៩៧៤ នៅ​សិក្ខាសាលា​អ្នក​តំណាង​ភូមិភាគ ។

  3. គោលលទ្ធិ និង សេចក្ដីសញ្ញា ៦៣:៣៧ ។

  4. សូមមើល ថូម៉ាស អេស ម៉នសុន «Welcome to Conference » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៤–៥ ។

  5. អាលម៉ា ១៧:១១ ។