២០១៨
ពីមួយ​ទំព័រ​ទៅ​មួយ​ទំព័រ​ថ្លែង​ទីបន្ទាល់​ថា យើង​ជឿ
ខែ មិថុនា ឆ្នាំ ២០១៨


ពីមួយ​ទំព័រ​ទៅ​មួយ​ទំព័រ​ថ្លែង​ទីបន្ទាល់​ថា យើង​ជឿ

ពេល​មិត្តភក្តិ​របស់​ខ្ញុំ​បាននិយាយ​ថា ពួក​មរមនពុំជឿ​លើ​ព្រះគ្រីស្ទ នោះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​អាន​ព្រះគម្ពីរមរមន​តាម​របៀប​ថ្មី​មួយទាំងស្រុង ។

រូបភាព
Book of Mormon with image of Christ

« ពួកមរមន​ពុំមែន​ជា​ពួកគ្រិស្តសាសនិក » ។

សេចក្តីថ្លែង​នេះ​មក​ពី​មិត្ត​រួម​ថ្នាក់​ម្នាក់​នៅ​វិទ្យាល័យ​របស់​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការភ្ញាក់​ផ្អើល ។

ខ្ញុំ​បាន​និយាយ​ថា « ប្រាកដ​ណាស់ ​ពួកយើង​គឺ​ជា​គ្រិស្តសាសនិក » ។

គាត់​បាន​និយាយ​ពេល​គាត់​បាន​ចេញ​ទៅ ដោយ​ពុំ​ទុក​ឱកាស​ឲ្យ​ខ្ញុំ​បាន​ឆ្លើយ​តប​ឡើយ​ថា « អញ្ចឹង ហេតុអ្វី​អ្នក​អាន​ព្រះគម្ពីរ​មរមន ? » ។

ខ្ញុំ​បាន​គិត​ច្រើន​អំពី​សំណួរ​របស់​គាត់ ។ ប្រាកដ​ណាស់ ចម្លើយ​នោះ​គឺ​ថា ពួកមរមន គឺជា គ្រិស្តសាសនិក ហើយ​ព្រះគម្ពីរ​មរមន​ គឺជា សក្ខីយបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​អានវា​ជាមួយ​ព្រះគម្ពីរ​ប៊ីប​ដើម្បី​រៀន​បន្ថែម​ទៀត​អំពី​ព្រះអង្គសង្គ្រោះ ។

ខ្ញុំ​បានអាន​ព្រះគម្ពីរ​មរមន​កាល​ពីមុន ។ ខ្ញុំ​បាន​ដឹង​ថា វា​គឺជា​ព្រះគម្ពីរ​ពិត ។ ប៉ុន្តែ​ដោយសារ​តែ​សំណួរ​របស់​មិត្តភក្តិ​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​បំផុស​គំនិត​ឲ្យ​សិក្សា​វា​តាម​របៀប​ថ្មី​មួយ ដោយតាម​ដានថា តើ​គម្ពីរ​មរមន​ថ្លែង​ញឹកញាប់​ប៉ុណ្ណា​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ពេល​ខ្ញុំ​ធ្វើ​បែប​នោះ ខ្ញុំ​មាន​ក្តីអស្ចារ្យ​ណាស់ ។

ខ្ញុំ​ស្ទើរតែ​មិន​បើក​គម្ពីរ​ផង ពេល​ខ្ញុំ​អា​ន​នៅលើ​ទំព័រ​ចំណង​ជើង​ដែល​ថា ព្រះគម្ពីរ​មរមន​ត្រូវបាន​សរសេរ​ឡើង​ដើម្បី​បញ្ចុះបញ្ចូល​អ្នក​អាន « ថា​ព្រះយេស៊ូវ​គឺ​ជា​ព្រះគ្រីស្ទ ជាព្រះ​ដ៏​នៅអស់កល្ប​ជានិច្ច ដែល​បាន​សម្ដែង​រូបអង្គ​ទ្រង់​ដល់​គ្រប់​ទាំង​សាសន៍ » ។

នៅក្នុង​បុព្វកថា​ព្រះគម្ពីរ​មរមន ខ្ញុំ​អាន​ថា « ព្រឹត្តការណ៍​ដ៏សំខាន់​បំផុត ដែល​មានកត់ត្រា​ទុក​ក្នុងព្រះគម្ពីរមរមន គឺជា​ការ​ងារ​បម្រើ​នៃ​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ផ្ទាល់​នៅក្នុង​ចំណោម​ពួកសាសន៍​នីហ្វៃ បន្ទាប់ពី​ទ្រង់​មានព្រះជន្ម​រស់ឡើងវិញ » ។ វា​ថ្លែង​ថា អស់​អ្នក​ដែល​ទទួល​ទីបន្ទាល់​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា បញ្ជី​នេះ​ពិត « ក៏​នឹង​បាន​ដឹង​ដោយ​សារ​ព្រះ​ចេស្ដា​ដដែល​ថា ព្រះយេស៊ូវ​គឺ​ជា​ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក » ។

ខ្ញុំ​បាន​បើក​ទៅ « ទី​បន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ » ដែល​បាន​ថ្លែង​ថា មាន​ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ពួកគេ​នូវ​ផ្ទាំង​នោះ​ដែល​ព្រះគម្ពីរ​មរមនត្រូវ​បាន​បកប្រែ​ចេញ​មក ហើយ​ថា « យើង​ដឹង​ថា ដោយ​សារ​ព្រះ​គុណ​នៃ​ព្រះ​ដ៏​ជា​ព្រះ​វរបិតា និង​ព្រះ​យេស៊ូវ​គ្រីស្ទ​ជា​ព្រះ​អម្ចាស់​របស់​យើង ​យើង​បាន​មើល​ឃើញ ហើយ​ធ្វើ​បន្ទាល់​ថា អ្វីៗ​ទាំង​អស់​មាន​ជា​ការ​ពិត​មែន » ។

បន្ទាប់​មក « ទី​បន្ទាល់​នៃ​ព្យាការី​យ៉ូសែប​ស៊្មីធ » បាន​ប្រាប់​អំពី​ការយាង​មក​ជួប​របស់​ទេវតា​មរ៉ូណៃ ដែល​បាន​ថ្លែង​ថា ព្រះគម្ពីរ​មរមន​មាន​នូវ​ភាព​ពោរពេញ​នៃ​ដំណឹង​ល្អ​ដ៏នៅអស់កល្ប​ជានិច្ច « ដូច​ជា​ព្រះ​អង្គ​សង្គ្រោះ​ទ្រង់​បាន​ប្រទាន​ឲ្យ​ប្រជាជន​ជំនាន់​ដើម » នៅ​ទ្វីប​អាមេរិក ។

រូបភាព
Christ visiting the Americas

អំណាច​ការប្រែចិត្តជឿ​នៃព្រះគម្ពីរ​មរមន ដោយ បិន សូវួដ

ខ្ញុំ​មិន​ទាន់​បាន​អាន​ដល់ នីហ្វៃ​ទី​១ ផង ខ្ញុំ​បាន​រកឃើញ​ភស្តុតាង​ជា​ច្រើន​រួច​ទៅហើយ !

ខ្ញុំ​បាន​បន្ត​ស្រាវជ្រាវ​ទៀត ។ នៅ​ក្នុង​នីហ្វៃ​ទី​១ ខ្ញុំ​បាន​ឃើញ​ថា លីហៃ​បាន​ដឹង​អំពី​ការយាង​មក​របស់​ព្រះមែស៊ី ( សូមមើល នីហ្វៃ​ទី១ ១:១៩ ) ។ ខ្ញុំ​បាន​អាន​អំពី​ការព្យាករ​របស់​លោក​អំពី​ព្រះប្រោសលោះ « ដែល​នឹង​លោះ​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក » ( នីហ្វៃ​ទី១ ១០:១០; សូមមើល ខ​ទី ៤–១០ ) ។ ខ្ញុំ​បាន​អាន​ការពិពណ៌​របស់​នីហ្វៃ​អំពី​ការប្រសូត​របស់​ព្រះគ្រីស្ទ ការបម្រើ​របស់​ទ្រង់ ការសុគត ការមានព្រះជន្មរស់​ឡើង​វិញ និង​ការយាង​ទៅទ្វីប​អាមេរិកជំនាន់​បុរាណ​នា​ពេល​អនាគត​ ( សូមមើល នីហ្វៃ​ទី១ ១០–១២ ) ។

ខ្ញុំ​បាន​អាន​ការព្យាករ​ដែល​ថា ព្រះគម្ពីរ​មរមន​នឹង​បញ្ជាក់​សេចក្តីពិត​នៃ​ព្រះគម្ពីរ​ប៊ីប​ថា « កូន​ចៀម​នៃ​ព្រះ គឺ​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ហើយ​គឺជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភពលោក ហើយ​ថា មនុស្ស​ទាំង​អស់​ត្រូវ​តែ​មក​រ​ក​ព្រះ​អង្គ បើ​ពុំ​នោះ​សោត​ទេ ពួក​គេ​នឹង​ពុំ​បាន​សង្គ្រោះ​ឡើយ » ( នីហ្វៃ​ទី១ ១៣:៤០ ) ។ ហើយ​ខ្ញុំ​បាន​អាន​ទីបន្ទាល់​របស់​នីហ្វៃ​ថា « គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​និង​គ្រប់​ទាំង​ប្រជាជន​នឹង​រស់​នៅ​ដោយ​សុខសាន្ត​ជាមួយ​នឹង​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល ប្រសិនបើ​ពួក​គេ​ព្រម​ប្រែចិត្ត » ( នីហ្វៃទី១ ២២:២៨ ) ។

នៅ​ថ្ងៃ​បន្ទាប់​ខ្ញុំ​បាន​អាន​ដល់​ទំព័រ​ទី ៥៣ ។ ខ្ញុំ​ទើប​តែ​អាន​ចប់​គម្ពីរ មួយ នៃ​ព្រះគម្ពីរ​មរមន​តែ​ប៉ុណ្ណោះ ប៉ុន្តែមាន​សាក្សីដ៏មាន​ឥទ្ធិពល​អ្វី​ម៉្លេះ​ដែល​ខ្ញុំ​បាន​ទទួល​រួច​ទៅ​ហើយ !

នៅ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​មក ខ្ញុំ​បាន​ឃើញថា ពីមួយ​ទំព័រ​ទៅ​មួយ​ទំព័រ​មាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ការនិមិត្ត​ដែល​ទ្រង់​បាន​បង្ហាញ​ដល់ពួកព្យាការី និង​ការពិពណ៌នា​ល​ម្អិត​នៃ​ការបម្រើ​របស់​ទ្រង់​នៅក្នុង​ចំណោម​ពួក​អាមេរិក​កាំង​បុរាណ ។ ខ្ញុំ​បាន​បញ្ចប់​ការអានរបស់​ខ្ញុំ​ជាមួយ​នឹង​ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល​របស់​មរ៉ូណៃ​អំពី​ព្រះយេស៊ូវគ្រីស្ទ ( សូមមើល មរ៉ូណៃ ៩ ) ការអញ្ជើញ​របស់​លោក​ឲ្យ « សូម​សួរ​ដល់​ព្រះ​ជា​ព្រះ​វរបិតា​ដ៏​គង់​នៅ​អស់​កល្ប​ជានិច្ច នៅក្នុង​ព្រះនាម​នៃ​ព្រះគ្រីស្ទ ប្រសិនបើ [ ព្រះគម្ពីរ​មរមន ] ពិត » ( មរ៉ូណៃ ១០:៤ ការ​គូស​បញ្ជាក់​បាន​បន្ថែម ) និង​ការអញ្ជើញ​ដោយ​ទន់ភ្លន់ និង​ញ៉ាំង​ដួងចិត្តនៅ​ទំព័រ​ចុង​ក្រោយ​ឲ្យ « មក​រក​ព្រះគ្រីស្ទ » ( មរ៉ូណៃ ១០:៣០, ៣២ ) ។

ខ្ញុំ​បាន​ឃើញ​ថា ព្រះគម្ពីរ​មរមន ផ្ទុយ​ពី​សេចក្តីថ្លែង​របស់​មិត្តរួម​ថ្នាក់​ខ្ញុំ​ទាំងស្រុង ។ ប្រសិនបើ​ពួក​គ្រិស្តសាសនិក​គឺ​ជា​បុគ្គល​ម្នាក់​ដែល​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​ពី​មួ​យ​ទំព័រ​ទៅ​មួយ​ទំព័រ​នៅក្នុង​ព្រះគម្ពីរ​មរមន​ថ្លែង​ទីបន្ទាល់​ថា « យើង​ជឿ​លើ​ទ្រង់​មែន ! »

ទីបំផុត​ខ្ញុំ​បាន​ឃើញ​មិត្តភក្តិ​របស់​ខ្ញុំ​ម្តង​ទៀត ។ ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​បទពិសោធន៍រ​បស់​ខ្ញុំ ហើយ​អញ្ជើញ​គាត់​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ។ គាត់​បាន​បដិសេធ​ដោយ​គួរសម ប៉ុន្តែ​បាននិយាយ​ថា គាត់​រីករាយ​ដែល​ខ្ញុំទទួល​យក​ព្រះយេស៊ូវ​ជា​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ ។ ហើយ​បន្ទាប់​ពី​ការពិភាក្សា​របស់​យើង​មក ខ្ញុំ​គិត​ថា​គាត់​បាន​យល់​ច្បាស់​ជាង​មុន​នូវ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ ពេល​ខ្ញុំ​និយាយ​ថា « ប្រាកដ​ណាស់ ពួកយើង​គឺ​ជា​គ្រិស្តសាសនិក » ។