២០១៨
បាន​ទទួល​ពរ​ដោយ​ការប្រកាស​សេចក្តីជំនឿ​របស់​ខ្ញុំ
ខែ មិថុនា ឆ្នាំ ២០១៨


បាន​ទទួល​ពរ​ដោយ​ការប្រកាស​សេចក្តីជំនឿ​របស់​ខ្ញុំ

គ្រីស្ទីន ម៉ាក់អែលឌើររី រដ្ឋ​ម៉ាស្សាឈូសេតស៍ ស. រ. អា.

រូបភាព
friends walking around campus

ឌីលីន ម្ស៉ាស

ខ្ញុំ​បាន​ជ្រមុជទឹក​កាល​ខ្ញុំ​មាន​អាយុ ១៩ ឆ្នាំ ។ គ្រួសារ និង​មិត្តភក្តិ​ជាច្រើន​របស់​ខ្ញុំ​ពុំ​បាន​ទទួល​យក​ការសម្រេច​ចិត្ត​របស់​ខ្ញុំ​ក្នុងការ​ចូល​ជា​សមាជិក​ព្រះវិហារ​ឡើយ ប៉ុន្តែ​ការណ៍​នេះ​ពុំ​បាន​បញ្ឈប់​ខ្ញុំ​ទេ ។ ពីរ​សប្ដាហ៍​ក្រោយ​មក ខ្ញុំ​បាន​ចាប់​ផ្តើម​ឆ្នាំ​ទីពីរ​​នៅ​មហាវិទ្យាល័យ ។ ពេល​ខ្ញុំ​ត្រឡប់​ទៅ​បរិវេណ​នៃ​មហាវិទ្យាល័យ​វិញ ខ្ញុំ​មាន​ការព្រួយ​បារម្ភ​អំពី​សេចក្តីជំនឿ​ថ្មី​របស់​ខ្ញុំ ។

ខ្ញុំ​បាន​ចាប់ផ្តើម​បារម្ភ​ថា ខ្ញុំ​នឹង​គ្មាន​ភាពក្លាហាន​​ដើម្បី​ការពារ​សាសនា​របស់​ខ្ញុំឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកោ ។ ខ្ញុំ​ពុំ​ធ្លាប់​បាន​ជួប​សមាជិក​សាសនាចក្រ​ណា​ម្នាក់​នៅ​មហាវិទ្យាល័យ​ឡើយ ហើយ​ខ្ញុំ​ពុំ​ដឹង​ថា​ទៅ​រក​សាលាប្រជុំ​ឯណា​ទេ ហើយ​ក៏​មិន​ដឹង​ថា​មាន​វួដ ឬ​សាខា​ណា​មួយ​នៅ​ក្បែរ​ទីនោះ​ឬ​អត់ ។ ខ្ញុំ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌​ទូល​សូម​សេចក្តីក្លាហាន ។ ខ្ញុំ​បាន​អធិស្ឋាន​ថា ខ្ញុំ​នឹង​មាន​ទំនុក​ចិត្ត​ដើម្បី​ការពារ​ជំនឿ​ថ្មី​របស់​ខ្ញុំ​ដែល​ខ្ញុំ​ទើប​រក​ឃើញ​នោះ ។

ពីរបីថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​ជួយ​មនុស្ស​មួយ​ចំនួន​ប្តូរ​មក​នៅ​ទីនេះ ។ ខ្ញុំ​បាន​ជួប​យុវជន​ម្នាក់​ឈ្មោះ ប្រែន ហើយ​យើង​បាន​ក្លាយ​ជា​មិត្តភក្តិ​នឹង​គ្នា ។ នៅ​ថ្ងៃ​មួយ យើង​បាន​ដើរ​ក្នុង​បរិវេណ​មហា​វិទ្យាល័យ កាល​គាត់​បានសួរ​ខ្ញុំ​អំពីផែនការ​របស់​ខ្ញុំ​សម្រាប់​ថ្ងៃ​អាទិត្យ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​ទៅ​ព្រះវិហារ ។

គាត់បាន​សួរ​ថា « តើ​បងទៅ​ព្រះវិហារ​មួយ​ណា ? »

ទោះបី​ជា​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​បុក​ពោះក្តី ក៏​ខ្ញុំ​បាន​និយាយ​ដោយ​ក្លាហាន​ថា « ខ្ញុំ​ទៅ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ » ។

ខ្ញុំ​មាន​មោទនភាព​ចំពោះ​ខ្លួន​ឯង​ណាស់ ! ខ្ញុំ​ក៏​​មាន​ការភ័យ​ព្រួយ​អំពី​ប្រតិកម្ម​ឆ្លើយ​តប​របស់​ប្រែន​ដែរ ។ ភ្លាម​នោះ ខ្ញុំ​បាន​ឃើញ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ពីមុន​ប្រែន​​និយាយ នោះ​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​នឹង​ត្រឡប់​មក​វិញ​ឥឡូវ​ហើយ ។ ខ្ញុំ​បាន​រត់​ទៅ​រក​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។​ ពួកគេ​មាន​ចិត្ត​រីករាយ​ជួប​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​យ៉ាង​លម្អិត​នូវ​ព័ត៌មាន​ដែល​ខ្ញុំ​ត្រូវ​ការ​ដើម្បី​ទៅ​ព្រះវិហារ​នៅ​ថ្ងៃ​បន្ទាប់ ។

ខ្ញុំ​បានដើរ​ត្រឡប់​ទៅ​រក​ប្រែន​វិញ ហើយ​បាន​ពន្យល់​គាត់​នូវ​រឿង​ដែល​បានកើត​ឡើង ។ ខ្ញុំ​ក៏​បានចែកចាយ​បន្តិចបន្តួច​អំពី​សាសនាចក្រ​ជាមួយ​គាត់​ផងដែរ ហើយ​យើង​បាន​បន្ត​ដើរ​ដោយ​គ្មាន​អ្វី​ខុសប្លែក​ពីពេល​មុន​ឡើយ លើកលែងតែ​ឥឡូវ​នេះ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ពេញ​ខ្លួន​តែ​ម្តង ។ ខ្ញុំ​ក៏​បាន​ទទួល​អារម្មណ៍​កក់ក្តៅ និង​ភាពសុខសាន្ត​ដែល​មាន​តែ​ព្រះវិញ្ញាណ​ប៉ុណ្ណោះ​ដែល​អាច​ប្រទាន​ឲ្យ​បាន ។ ខ្ញុំ​បាន​ព្រួយ​បារម្ភ​ពី​ការនៅ​ឯកោ ហើយ​មិន​ដឹង​ថា​ព្រះវិហារ​នៅ​ឯណា ។ ប៉ុន្តែ​ខ្ញុំ​ជឿ​ថា អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​នោះ​ដែល​មក​ចំ​កន្លែង​នៅ​គ្រា​នោះ​គឺ​ជា​របៀប​របស់​ព្រះវរបិតាសួគ៌​ប្រទាន​ពរជ័យ​ដល់​ខ្ញុំ​ដោយសារ​តែ​ការប្រកាស​សេចក្តីជំនឿ​របស់​ខ្ញុំ ។

រយៈពេល​ជាង ១០ ឆ្នាំ​​បាន​កន្លង​ផុត​ទៅ ហើយ​ចាប់​តាំង​ពី​ថ្ងៃ​នោះ​មក ខ្ញុំ​ពុំ​ដែល​ភ័យ​ខ្លាច​ក្នុងការ​និយាយ​ថា « ខ្ញុំ​គឺ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធថ្ងៃ​ចុងក្រោយ​ឡើយ ! »