២០១៨
ការកាន់ខ្ជាប់​ដ៏​មាន​តុល្យភាព
ខែ មិថុនា ឆ្នាំ ២០១៨


ការកាន់ខ្ជាប់ ដ៏​មាន​តុល្យភាព

ដកស្រង់​ចេញ​មកពី​សុន្ទរកថា​ការប្រជុំ​ធម្មនិដ្ឋាន « These Are Your Days » បាន​ថ្លែង​នៅ​សាកលវិទ្យាល័យ ព្រិកហាំ យ៉ង់-អៃដាហូ នៅថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៥ ។ ដើម្បី​ទទួល​បាន​សុន្ទរកថា​ពេញលេញ​ជា​ភាសា​អង់គ្លេស សូម​ចូល​ទៅ​គេហទំព័រ web.byui.edu/devotionalsandspeeches ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​អាច « រីករាយ​ដរាប​ដល់​ចុង​បំផុត » បាន នៅពេល​យើង​ធ្វើ​តាម​ការបំផុសគំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ជ្រើសរើស​ធ្វើ​ល្អ​ជាង​ធ្វើ​អាក្រក់ និង​​ធ្វើ​ឲ្យ​មាន​តុល្យភាព​ក្នុង​ការទទួលខុសត្រូវ​ទាំងឡាយ​របស់​យើង ។

រូបភាព
balancing act

ថ្មីៗ​នេះ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​កូនៗ ក្មួយ​ស្រីៗ និង​មិត្តយុវវ័យ​ម្នាក់​របស់​ខ្ញុំ​ដើម្បី​ទទួល​បាន​ការយល់​ដឹង​អំពី​សំណួរ ឧបសគ្គ ភាពស្មុគស្មាញ និង​ជ័យជម្នះ​នានា​ដែល​ពួកយុវមជ្ឈិមវ័យ​ជួប​ប្រទះ​នាសព្វថ្ងៃ​នេះ ។ ខ្ញុំ​បាន​ពិចារណា និង​អធិស្ឋាន​អំពី​អ្វី​ដែល​បាន​ចែកចាយ​ជាមួយ​ខ្ញុំ ហើយ​ខ្ញុំ​បាន​សង្ខេប​វា​ទៅ​ជា​ចំណុច​មួយ​ចំនួន ដែល​ខ្ញុំ​នឹង​ចែកចាយ​ឥឡូវនេះ​ដោយ​ក្តីសង្ឃឹម​ថា វា​អាច​ជួយ​ឆ្លើយតប​សំណួរ និង​ឧបសគ្គ​ទាំង​នោះ ។

ស្ដាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ

ផ្ទុយ​ពី​របៀប​ដែល​ប្អូនៗ​មួយ​ចំនួន​មាន​អារម្មណ៍​នា​គ្រា​ខ្លះ នោះ​ខ្ញុំ​សូម​ប្រកាស​ថា ព្រះវរបិតា​សួគ៌​របស់​យើង​ពិតជា​ឆ្លើយ​តប​ការអធិស្ឋាន​របស់​យើង​តាម​របៀប​របស់​ទ្រង់ ។ សូម​ពិចារណា​ពី​ខគម្ពីរ​ដូច​តទៅ​នេះ ៖

« ដ្បិត​អស់​អ្នកណា​ដែល​សូម​នោះ​រមែង​បាន ហើយ​អ្នក​ណា​ដែល​រក​នោះ​រមែង​ឃើញ​ហើយ​នឹង​បើក​ឲ្យ​អ្នក​ណា​ដែល​គោះ​ដែរ » ( នីហ្វៃទី​៣ ១៤:៨ ) ។

« តែ​បើ​អ្នក​រាល់​គ្នា​ណា​មួយ​ខ្វះ​ប្រាជ្ញា មាន​តែ​សូម​ដល់​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា​ឥត​បន្ទោស​ផង នោះ​ទ្រង់​នឹង​ប្រទាន​ឲ្យ » ( យ៉ាកុប ១:៥ ) ។

« មើលចុះ យើង​នឹង​ប្រាប់​អ្នក​នៅ​ក្នុង​គំនិត​របស់​អ្នក និង​នៅក្នុង​ចិត្ត​របស់​អ្នក​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដែល​នឹង​សណ្ឋិត​មក​លើអ្នក ហើយ​ដែល​នឹង​គង់នៅ​ក្នុង​ចិត្ត​របស់​អ្នក » ( គ. និង ស. ៨:២ ) ។

ដូច្នោះ តើ​យើង​ទទួល​ចម្លើយ និង​វិវរណៈ​តាម​របៀប​ណា ? តើ​យើង​ដឹង​ថា វា​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ និងពុំ​មែន​កើត​មកពី​ការគិត​ផ្ទាល់​របស់​ខ្ញុំ​យ៉ាង​ដូចម្តេច ? ខ្ញុំ​សូម​ចែកចាយ​បទពិសោធន៍​ពីរ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ដែល​វា​បាន​ក្លាយ​ជា​លំនាំ ។

បន្ទាប់​ពី​ស៊ីស្ទើរ ថេ និង​ខ្ញុំ​បាន​ណាត់​ដើរលេង​ជាគូ​អស់​មួយ​រយៈពេល​មក វា​ស​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់​ថា ខ្ញុំ​ចង់​ចំណាយ​ពេល​អស់កល្ប​ជានិច្ច​ជាមួយ​គាត់ ។ ប្រាកដ​ណាស់ ខ្ញុំ​បាន​យក​វា​ធ្វើ​ជា​ប្រធានបទ​នៃ​ការអធិស្ឋាន និង​ការតម​អាហារ​ដោយ​ស្មោះសរ ។ គ្មាន​ការផ្លាស់ប្តូរ​ជាក់លាក់​ណា​មួយ​នៅក្នុង​អារម្មណ៍​ខ្ញុំ​បាន​កើត​ឡើង​នា​ពេល​ក្រោយ​មក​ទៀត​ឡើយ ។ ខ្ញុំ​គ្មាន​អារម្មណ៍​ខ្មួលខ្មាញ់​នៅ​ក្នុង​ទ្រូង​ខ្ញុំ​ឡើយ ។ ប៉ុន្ដែ​ខ្ញុំ​បាន​បន្ត​មាន​អារម្មណ៍​ល្អ​អំពី​ការសម្រេច​ចិត្ត​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​ខិតខំ​ព្យាយាម ។ ស៊ីស្ទើរ ថេ បាន​ទទួល​ចម្លើយ​ដូច​គ្នា ដូច្នេះ​យើង​បាន​រៀបការ​ជាមួយ​គ្នា ។ ចាប់​តាំង​ពី​បទពិសោធន៍​នោះ​មក ខ្ញុំ​បាន​ធ្វើ​ការសម្រេច​ចិត្ត​ជាច្រើន​តាម​របៀប​ស្រដៀង​គ្នា​នោះ ( សូមមើល គ. និង ស. ៦:២២–២៣ ) ។

ផ្ទុយ​ពី​បទពិសោធន៍​ទាំង​នោះ ឥឡូវ​ខ្ញុំ​មាន​ការចាត់តាំង​ជាក់លាក់​មក​ពី​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ឲ្យ​ហៅ​ប្រធាន​ស្តេក​ថ្មី​ម្នាក់ ។ នៅពេល​ខ្ញុំ​បាន​បំពេញ​តាម​ការចាត់តាំង​នេះ​នៅក្នុង​ស្មារតី​នៃ​ការអធិស្ឋាន និង​ការតមអាហារ ខ្ញុំ​បាន​ទទួល​ពរ​ជាមួយ​នឹង​ការបំផុសគំនិត​ខុសៗ​គ្នា​ដែល​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ពី​បុគ្គល​ដែល​គួរតែ​ត្រូវ​ហៅ​បម្រើ ។ ជួនកាល ការបំផុសគំនិត​កើត​ឡើង​មុនពេល ជួនកាល​អំឡុងពេល ឬ​ជួនកាល​កើត​ឡើង​បន្ទាប់​ពី​ដំណើរការ​នៃ​ការសម្ភាសន៍ ។ ខ្ញុំ​តែងតែ​មាន​អារម្មណ៍​ខ្មួលខ្មាញ់​នៅ​ក្នុង​ទ្រូង​ខ្ញុំ​ជានិច្ច ។ ចាប់តាំង​ពី​ពេល​នោះ​មក ខ្ញុំ​បាន​ទទួល​ស្គាល់​ថា នោះ​គឺ​ជា​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​នាំ​ផ្លូវ​ខ្ញុំ​ក្នុង​ការចាត់តាំង​បែប​នោះ ។

ហេតុអ្វី​មាន​ភាពខុសប្លែក​គ្នា​នៅក្នុង​របៀប​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ទាក់ទង​ជាមួយ​ខ្ញុំ​ដូច្នេះ ? ខ្ញុំ​មិនដឹង​ទេ ។ រឿង​ដ៏​សំខាន់​នោះ​គឺ​ថា ខ្ញុំ​បាន​រៀន​ទទួល​ស្គាល់​លំនាំ​ទាំង​នេះ​ក្នុង​របៀប​នានា​ដែល​ខ្ញុំ​ទទួល​វិវរណៈ​ផ្ទាល់​ខ្លួន ។ ខ្ញុំ​ទទួល​ការលួងលោម និង​មាន​ទំនុកចិត្ត​ក្នុងការ​ធ្វើតាម​ការទូន្មាន​ដូច​តទៅ​នេះ ៖ « ចូរ​មាន​ចិត្ត​រាបសា ហើយ​ព្រះអម្ចាស់​ជា​ព្រះ​របស់​អ្នក​នឹង​ដឹក​ដៃ​អ្នក ហើយ​ប្រទាន​ចម្លើយ​ដល់​បទអធិស្ឋាន​ទាំងឡាយ​របស់​អ្នក » ( គ. និង ស. ១១២:១០ ) ។

ជ្រើសរើស​សេចក្តី​ល្អ​ជាជាង​សេចក្តី​អាក្រក់

មនុស្ស​មួយ​ចំនួន​គិត​ថា វា​កាន់តែ​លំបាក​ឡើងៗ​ក្នុង​ការញែក​ឲ្យ​ដាច់​រវាង​រឿង​ខុស និង​ត្រូវ ។ វា​ហាក់​មាន​ភាព​ស្រពិចស្រពិល​កាន់តែ​ខ្លាំង​ឡើង ។ មាន​ទស្សនៈ​ពុំ​ត្រឹមត្រូវ ប៉ុន្តែ​មាន​ប្រជាប្រិយភាព​ជាច្រើន​នៅ​ជំនាន់​នេះ​ទំនង​ជា​មានន័យ​ខ្លឹមសារ​នៅ​ពេល​គេ​មើល​វា​តាម​ទស្សនៈ​ដ៏​តូច​ចង្អៀត​មួយ ។ ប៉ុន្តែ​សំរាម​ចាស់​ដែល​បាន​ខ្ចប់​ដោយ​កញ្ចប់​ថ្មី ហើយ​បាន​ផ្សាយ​ពាណិជ្ជកម្ម​ដោយ​ភាព​ច្នៃប្រឌិត​ក្ដី ក៏​វា​នៅ​តែ​ជា​សំរាម ។

ការញែក​ឲ្យ​ដឹង​រវាង​រឿង​ត្រូវ និង​ខុស​គឺ​គ្មាន​អ្វី​ពិបាក​ឡើយ ។ ទោះបី​ពីមុន​យើង​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ក្តី​ក៏​យើង​បាន​ទទួល​ពរ​ជ័យ​ជាមួយ​នឹង​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដែរ ៖

« ដ្បិត​មើលចុះ ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង​ត្រូវ ហេតុដូច្នោះ​ហើយ ខ្ញុំ​បង្ហាញ​ដល់​អ្នក​នូវ​វិធី​វិនិច្ឆ័យ ដ្បិត​គ្រប់​ទាំង​អ្វីៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយ​ដែល​បញ្ចុះបញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​គឺ​បាន​ចាត់​មក​ពី​ព្រះចេស្តា និង​អំណោយទាន​នៃ​ព្រះគ្រីស្ទ ហេតុដូច្នេះ​ហើយ​អ្នក​រាល់​គ្នា​អាច​ដឹង​ដោយ​តម្រិះ​ដ៏​ឥតខ្ចោះ​ថា​មក​ពី​ព្រះ ។

ប៉ុន្តែ​អ្វីៗ​ដែល​បញ្ចុះ​បញ្ចូល​ឲ្យ​មនុស្ស​ធ្វើ​អាក្រក់ ហើយ​មិន​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ ហើយ​បដិសេធ​ទ្រង់ ហើយ​មិន​បម្រើ​ព្រះទេ នោះ​អ្នករាល់គ្នា​អាច​ដឹង​ដោយ​តំរិះ​ដ៏​ឥតខ្ចោះ​ថា មក​ពី​អារក្ស ត្បិត​តាម​របៀប​នេះ​ហើយ​ដែល​អារក្ស​ប្រព្រឹត្ត ដ្បិត​វា​មិន​ដែល​បញ្ចុះ​បញ្ចូល​មនុស្ស​ឲ្យ​ធ្វើ​ល្អ​ឡើយ » ( មរ៉ូណៃ ៧:១៦–១៧ ) ។

ការសាកល្បង​មួយ​ដ៏​ធំ​បំផុត​មួយ​នៅ​ជំនាន់​របស់​យើង​គឺ​ការគាំទ្រ​ព្យាការី​នៅរស់ ។ ភាគច្រើន​ពួកយើង​នឹង​និយាយ​ថា « អូ៎ រឿង​នោះ​គឺ​ងាយស្រួល​ទេ ។ ខ្ញុំ​ដឹង​ពី​រឿង​នោះ​ហើយ ។ ខ្ញុំ​បាន​ធ្វើ​វា​ហើយ » ។

ប៉ុន្តែ​វា​អស្ចារ្យ​ណាស់​ក្នុងការ​មើល​ឃើញ​របៀប​ដែល​មនុស្ស​មួយ​ចំនួន​ដែល​ទំនង​ជា​គាំទ្រ​ដល់​ព្យាការី​នៅ​រស់​មាន​ប្រតិកម្ម​ចំពោះ​ទស្សនៈ​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​ចំនួន​នៅ​ជំនាន់​បច្ចុប្បន្ន​នេះ ។ នៅពេល​យើង​ជួប​នឹង​សម្ពាធ​ពី​មនុស្ស​ស្រករ​គ្នា ពួកយើង​មួយ​ចំនួន​ធ្វើ​ហាក់​ដូចជា ឬ​បង្កើត​ទស្សនៈ​នានា​ដែល​ផ្តល់​ជា​យោបល់​ថា យើង​ពុំដឹង​ថា​មាន​ព្យាការី​នៅ​រស់​ឡើយ ។

ស្វែងរក​តុល្យភាព​ត្រឹមត្រូវ

តើ​អ្នក​មាន​អ្វី​ដែល​ត្រូវ​ធ្វើ​ជាច្រើន រហូតដល់​ថ្នាក់​អ្នក​មាន​អារម្មណ៍​ថា អ្នក​ត្រូវ​បាន​ទាញ​ឲ្យ​ដើរ​ទៅ​រក​ទិសដៅ​ខុសគ្នាឬ ? ប៉ុន្ដែ​អ្នក​ដឹង​ទេ ? វា​នឹង​កាន់តែ​ពិបាក​ទៅៗ​ប៉ុណ្ណោះ ។ ដូច្នេះ​សំណួរ​សួរ​ថា ៖ តើ​អ្នក​ស្វែងរក​តុល្យភាព​ដ៏​ត្រឹមត្រូវ​ដោយ​របៀប​ណា ?

សូម​រំឭក​ចាំ​ជានិច្ច​ថា ធម្មជាតិ​ដ៏​អស់កល្ប​នៃ​វិញ្ញាណ​របស់​យើង​និង​អត្តសញ្ញាណ​របស់​អ្នក​គឺថា អ្នក​ជា​បុត្រា ឬ​បុត្រី​ម្នាក់​របស់​ព្រះ ។ សូម​ផ្តោត​ថាមពល​របស់​អ្នក​លើ​សេចក្តីពិត​នោះ និង​អត្ថន័យ​របស់​វា ។ នោះ​រឿង​ផ្សេង​ទៀត​នឹង​ចាកចេញ​ពី​ជីវិត​របស់​អ្នក ឬ​ក៏​ចូល​មក​តាម​កន្លែង​ត្រឹមត្រូវ​របស់​វា ។​ ខគម្ពីរ​ពីរ​អាច​ធ្វើ​ជា​គោលការណ៍​ណែនាំ​ចំណុច​នេះ ៖

« ចូរ​អ្នក​ស្វែងរក​នគរ​នៃ​ព្រះ និង​សេចក្ដី​សុចរិត​របស់​ទ្រង់​ជា​មុន​សិន ទើប​គ្រប់​របស់​ទាំង​នោះ​នឹង​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា​ថែម​ទៀត​ផង » ( នីហ្វៃ​ទី៣ ១៣:៣៣ ) ។

« ត្រូវ​ប្រមូល​ទ្រព្យសម្បត្តិ​ទុក​សម្រាប់​ខ្លួន​នៅ​ឯ​ស្ថានសួគ៌​វិញ ដែល​ជា​កន្លែង​គ្មាន​កន្លាត ឬ​ច្រែះ​ស៊ី​បំផ្លាញ​ឡើយ ក៏​គ្មាន​ចោរ​ទំលុះ ឬ​ប្លន់​ផង ៖

ពី​ព្រោះ​សម្បត្តិ​ទ្រព្យ​របស់​អ្នក​ស្ថិត​នៅ​កន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​នៅ​កន្លែង​នោះ​ដែរ » ( ម៉ាថាយ ៦:២០–២១ ) ។

តើ​ប្អូនៗ​ជឿ​ទេ​ថា ខ្ញុំ​ធ្លាប់​ស្ថិត​នៅក្នុង​ស្ថានភាព​ដូច​ជា​ប្អូនៗ​ដែរ ។ មាន​គ្រា​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ​កាល​ខ្ញុំ​មាន​ការងារ​ពេញ​ម៉ោង​មួយ ទៅសាលា​រៀន​ពេល​យប់ ហើយ​មាន​ការងារ​ទីពីរ​ក្រៅ​ម៉ោង​មួយ​បន្ទាប់​ពី​សាលា​រហូត​ដល់​យប់ជ្រៅ​ឈាន​ដល់​ទាបភ្លឺ — គឺ​អំឡុងពេល​ដែល​ស៊ីស្ទើរ ថេ និង​ខ្ញុំ​កំពុង​ចិញ្ចឹម​គ្រួសារ​ថ្មោងថ្មី​របស់​យើង ។ ខ្ញុំ​មាន​ពេល​តែ​ពីរបី​ម៉ោង​សម្រាប់​ដេក ពីរ​បី​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍​អស់​រយៈពេល​ពីរ​ខែ ។ លើស​ពី​នោះ​ទៅ​ទៀត ខ្ញុំ​កំពុង​បម្រើ​នៅក្នុង​គណៈប៊ីស្សព​វួដ ។

រូបភាព
feeding a baby

នោះ​គឺ​ជា​គ្រា​មួយ​ដ៏​ស្វិតស្វាញ​បំផុត​នៅ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​គិត​ថា ខ្ញុំ​មិន​ដែល​ប្រើប្រាស់​ពេល ២៤ ម៉ោង​ក្នុង​មួយ​ថ្ងៃ​ឲ្យ​មាន​ប្រសិទ្ធិភាព​ដូច​ខ្ញុំ​បាន​ប្រើ​វា​អំឡុង​ពេលនោះ​ឡើយ ។

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ១៩១០–២០០៨ ) រំឭក​យើង​ថា យើង​មាន​ការទទួលខុសត្រូវ​ចំពោះ​គ្រួសារ​យើង ចំពោះ​និយោជក​យើង ចំពោះ​ព្រះអម្ចាស់ និង​ចំពោះ​ខ្លួន​យើង ។

តើ​យើង​អាច​ធ្វើ​ឲ្យ​ការទទួលខុសត្រូវ​ទាំង​នោះ​មាន​តុល្យភាព​ដោយ​របៀប​ណា ? ប្រធាន ហ៊ីងគ្លី បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​គិត​ថា រឿង​នោះ​មិន​ពិបាក​ឡើយ ។ ខ្ញុំ​បាន​បម្រើ​ក្នុង​មុខងារ​ជាច្រើន​នៅ​ក្នុង​សាសនាចក្រ​នេះ ។ ខ្ញុំ​ជា​ឪពុក​ដែល​មាន​កូន​ប្រាំនាក់ ដែល​នៅ​ក្មេង ហើយ​កំពុង​ចម្រើន​វ័យ​ឡើង នៅ​ពេល​ដែល​ខ្ញុំ​កំពុង​បម្រើ​នៅក្នុង​មុខងារ​ផ្សេងៗ​ជាច្រើន​នោះ ។ … យើង​មាន​ភាពរីករាយ​ក្នុង​ជីវិត ។ យើង​ធ្វើ​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ។ យើង​បាន​ធ្វើ​នូវ​អ្វី​ដែល​សាសនាចក្រ​រំពឹង​ចង់​បាន​ឲ្យ​ពួកយើង​ធ្វើ » ។

រីករាយ​ដរាប​ដល់​ចុង​បំផុត

ការកាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត​ពុំ​មែន​ជា​ការគូស​បញ្ជី​ដំណឹងល្អ​ថា​យើង​ធ្វើ​បាន​ហើយ ​បន្ទាប់​មក​និយាយ​ថា ៖ « ខ្ញុំ​ល្អ​ហើយ​នោះ​ទេ ។ ឥឡូវ​នេះ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​គឺ​ត្រូវ​បន្ត​ទៅមុខ​ដោយ​ពុំ​ចាំបាច់​ប្រឹងប្រែង​អ្វី​បន្ថែម​ទៀត​ឡើយ ហើយ​គ្រាន់តែ​បន្ត​ធ្វើ​កិច្ចការ​នោះ​ប៉ុណ្ណោះ » ។ ផ្ទុយ​ទៅវិញ វា​គឺ​ជាការបន្ត​រៀនសូត្រ និង​រីក​ចម្រើនឡើង ។ ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ការប្រែចិត្ត និង​ការផ្លាស់ប្តូរ​ជាប់​ជានិច្ច — វា​គឺ​ជា​ការឡើង​ភ្នំ​ពុំ​មែន​ជា​ការដើរ​លំហែរ​នៅក្នុង​សួន​ឧស្យាន​ឡើយ ។

ស្តេច​បេនយ៉ាមីន​មាន​បន្ទូល​ថា « ចូរ​ឲ្យ​ឃើញ​ថា គ្រប់​ការណ៍​ទាំង​នេះ ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​ប្រាជ្ញា និង​របៀប​រៀប​រយ ដ្បិត​មិន​ត្រូវ​ឲ្យ​អ្នក​ណា​រត់​លឿន​ជាង​កម្លាំង​ដែល​គេ​មាន​នោះ​ឡើយ » ( ម៉ូសាយ ៤:២៧ ) ។

ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​មួយ​ចំនួន​បាន​យក​វគ្គ​បទគម្ពីរ​នេះ​ធ្វើ​ជា​លេស​ក្នុង​ការគ្មាន​ឆន្ទៈ​ដើម្បី​ព្យាយាម​កាន់តែ​ខ្លាំង ឬ​ធ្វើ​កិច្ចការ​នានា​ឲ្យ​អស់​ពីសមត្ថភាព​របស់​ពួកគេ ។ អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា ពួកគេ​ផ្តោត​តែ​ទៅលើ​វគ្គបទគម្ពីរ​តែ​ពាក់កណ្តាល​ដំបូង​ប៉ុណ្ណោះ ។

នេះ​គឺ​ជា​វគ្គបទគម្ពីរ​ពាក់​កណ្តាល​ទៀត ៖ « ជា​ការ​ចាំបាច់​ឲ្យ​អ្នក​នោះ​ត្រូវ​ព្យាយាម ដើម្បី​គេ​អាច​បាន​រង្វាន់ ហេតុដូច្នេះ​ហើយ​គ្រប់​ការណ៍​ទាំងអស់​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​តាម​របៀប​រៀប​រយ » ។ វគ្គបទគម្ពីរ​ទាំង​ពីរ​បញ្ចូល​គ្នា​បញ្ជាក់​ច្បាស់​នូវ​អត្ថន័យ​នៃ​ការធ្វើ​កិច្ចការ​នានា​នៅក្នុង​ប្រាជ្ញា និង​តាម​របៀប​រៀបរយ ។

រូបភាព
trophy

មិត្ត​ភក្ដិ​ដែល​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​បាន​ណែនាំ​ខ្ញុំ​ឲ្យ​ស្គាល់​បាតុភូត​មួយ​ហៅថា ខ្យល់​ទី​ពីរ ដែល​ជា​អារម្មណ៍​មួយ​នៃ​ការទទួល​បាន​ថាមពល​ស្រស់ស្រាយ​ឡើង​វិញ ដែល​ផ្តល់​កម្លាំង​ដល់​អ្នក​ឲ្យ​បន្ត​ព្យាយាម​ទៀត ទោះបីជា​អ្នក​អស់​កម្លាំង​ក៏​ដោយ ។

ដូច​គ្នា​នឹង​ការស្វែងរក​ខ្យល់​ទីពីរ​នៅក្នុង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ជីវិត​របស់​គាត់ នោះ​មិត្ត​ភក្ដិ​របស់​ខ្ញុំ​បាន​និយាយ​ថា ៖ « ក្នុង​នាម​ជា​និស្សិត​មហាវិទ្យាល័យ វា​ពិតជា​ងាយស្រួល​ណាស់​ក្នុងការ​មក​ដល់​ផ្ទះ​វិញ​នៅ​យប់​អាធ្រាត ហើយ​ធ្វើការ​ដោះ​សារ​ថា គេ​នឿយហត់​ណាស់​មិន​អាច​អធិស្ឋាន ឬ​អាន​ព្រះគម្ពីរ ឬ​សូម្បី​តែ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ឲ្យ​បាន​ទៀងទាត់​បាន​ឡើយ ។ វា​អាច​មាន​ការដោះសារ​ជាច្រើន​ក្នុងការ​ពុំធ្វើ​កិច្ចការ​ទាំង​នេះ ជាពិសេស​សម្រាប់​និស្សិត​មហាវិទ្យាល័យ ។ ប៉ុន្តែ​នៅ​ទីបញ្ចប់ យើង​ត្រូវតែ​ស្វែងរក​ខ្យល់​ទីពីរ​របស់​យើង ហើយ​ធ្វើ​នូវ​កិច្ចការ​តូចតាច​ទាំង​នោះ » ។

ប្រហែល​ជា​ជំនួស​ឲ្យ ការកាន់ខ្ជាប់​ ដរាប​ដល់​ចុង​បំផុត នោះ​យើង​អាច​ស្វែងរក​ខ្យល់​ទីពីរ​របស់​យើង — គឺ​ខ្យល់​ខាង​វិញ្ញាណ​របស់​យើង — ហើយ រីករាយ ដរាប​ដល់​ចុង​បំផុត ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​អាច​ធ្វើ​បែប​នោះ​បាន នៅពេល​យើង​ធ្វើការ​តាម​ការបំផុសគំនិត​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ជ្រើសរើស​ធ្វើ​ល្អ​ជាង​ធ្វើ​អាក្រក់ និងធ្វើ​ឲ្យ​ការទទួលខុសត្រូវ​របស់​យើង​មាន​តុល្យភាព ។

កំណត់​ចំណាំ

  1. សូមមើល អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន « The Great Commandment — Love the Lord » Ensign ខែ ឧសភា ឆ្នាំ ១៩៨៨ ទំព័រ ៤ ។

  2. Teachings of Gordon B. Hinckley ( ឆ្នាំ ១៩៩៧ ) ទំព័រ ៣៣ ។