២០១៨
ការពង្រីក​ពរជ័យ​នៃ​បព្វជិតភាព
ខែ មិថុនា ឆ្នាំ ២០១៨


« ការពង្រីក​ពរជ័យ​នៃ​បព្វជិតភាព » លីអហូណា ខែ មិថុនា ឆ្នាំ ២០១៨

ការពង្រីក​ពរជ័យ​នៃ​បព្វជិតភាព

រូបភាព
ក្រុម​គ្រួសារ​ដើរ​នៅក្បែរ​ព្រះវិហារបរិសុទ្ធ​ហ្គាណា

គ្រួសារ​មួយ​ដើរ​លើ​បរិវេណ​ព្រះវិហារ​បរិសុទ្ធ អាក្រា ហ្គាណា ជា​ព្រះវិហារ​បរិសុទ្ធ​មួយ​នៃ​ព្រះវិហារ​បរិសុទ្ធ​ទាំង​ប្រាំបី​ដែល​បាន​ប្រកាស កំពុង​សាងសង់ ឬ​កំពុង​ដំណើរការ​នៅ​ទ្វីប​អាហ្វ្រិក ។

ព្រះគម្ពីរ​មរមន​បង្រៀន​ថា​គ្រប់ « មនុស្ស​ទាំងអស់​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » រួម « ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី » ( នីហ្វៃទី​២ ២៦:៣៣) ។ ដោយសារ​ព្រះស្រឡាញ់​ពួកយើង​ទាំងអស់​គ្នា នោះ​ទ្រង់​បាន​ប្រទាន​របៀប​មួយ​សម្រាប់​ពួកយើង​ម្នាក់ៗ​ឲ្យ​ត្រឡប់​ទៅ​កាន់​ទ្រង់​វិញ ( សូមមើល ម៉ូសេ ៥:៩; មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៣) ។ នៅក្នុងប្រវត្តិសាស្ដ្រ​នៃ​សាសនាចក្រទាំង​មូល មនុស្ស​គ្រប់​អស់​ទាំង​សាសន៍ និង​ជាតិពន្ធ​បាន​ជ្រមុជទឹក​ដើម្បី​សម្រេច​បាន​នូវ​គោលបំណង​នោះ ហើយ​បាន​រស់នៅ​ជា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដ៏​ស្មោះត្រង់ ។

ចាប់តាំង​ពី​ពាក់​កណ្តាល​សតវត្សរ៍​ឆ្នាំ ១៨០០ សាសនាចក្រ​ពុំ​បាន​តែងតាំង​ពួក​បុរស​ស្បែក​ខ្មៅ​ពូជពង្ស​អាហ្វ្រិក​ឲ្យ​មាន​បព្វជិតភាព ឬ​អនុញ្ញាត​ឲ្យ​ពួកបុរស ឬ​ស្ត្រី​ស្បែក​ខ្មៅ​ចូលរួម​នៅក្នុង​ពិធិបរិសុទ្ធ​នៃ​អំណោយទាន​ពិសិដ្ឋ ឬ​ពិធីផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ឡើយ ។ អស់​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ទ្រឹស្តី​ជា​ច្រើន​ត្រូវបាន​លើក​ឡើង​ពី​ការ​ឈាន​ទៅ​រក​ការ​បង្ហាញ​ភស្តុតាង​ត្រឹមត្រូវ​អំពី​ការដាក់​កំហិត ។ អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​គូស​បញ្ជាក់​ថា ទ្រឹស្តី​ណា​ដែល​ព្យាយាម​ពន្យល់​អំពី​ការដាក់​កំហិត​នោះ​គឺ​ជា « ទម្លាប់​របស់​អ្នក​ស្រុក » ដែល​យើង​មិន​ត្រូវ​ជឿ​តាម​រហូត​មក​នោះ​ទេ ៖ « មិន​ថា​ការពន្យល់​នោះ​ល្អ​ប៉ុណ្ណា​ទេ ខ្ញុំ​គិត​ថា រឿង​នោះ​ស្ទើរតែ​ទាំងអស់​នៅ​ខ្វះ​ចន្លោះ និង/ឬ​ខុស​ឆ្គង ។ … យើង​ពុំ​ដឹង​ពី​មូលហេតុ​ដែល​ការអនុវត្ត​នោះ …បាន​កើត​ឡើង​ឡើយ » ។

ពួកព្យាការី និង​ប្រធាន​សាសនាចក្រ​ជា​ច្រើន​រួម​ទាំង ព្រីកហាំ យ៉ង់ ផង​បាន​សន្យា​ថា នឹង​មាន​ថ្ងៃ​មួយ​ដែល​នឹង​កើត​ឡើង នៅពេល​ពួកបុរស​ទាំងអស់​ដែល​សក្តិសម​នឹង​ទទួល​បាន​បព្វជិតភាព ។ ការដឹង​ពី​ការសន្យា​ទាំង​នេះ និង​ការមើល​ឃើញ​នូវ​សេចក្ដី​ស្មោះត្រង់​របស់​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ស្បែក​ខ្មៅ​ នោះ​ថ្នាក់​ដឹកនា​សាសនាចក្រ​នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី ២០ « បាន​ទូល​អង្វរ​យ៉ាង​យូរ និង​ដោយ​ស្មោះសរ … ទូល​សូម​ព្រះអម្ចាស់​នូវ​ការណែនាំ​មក​ពី​ព្រះ » ។

វិវរណៈ​មក​ពី​ព្រះ

សេចក្តីណែនាំ​នេះ​បាន​កើត​មាន​ដល់​ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ១៨៩៥–១៩៨៥ ) « បន្ទាប់​ពី​ធ្វើ​ការស្មឹងស្មាធ និង​ការអធិស្ឋាន​ដ៏​ខ្លាំង​នៅក្នុង​បន្ទប់​ដ៏​ពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ » ។ នៅ​ថ្ងៃ​ទី ១ ខែ មិថុនា ឆ្នាំ ១៩៧៨ ព្រះអម្ចាស់​បាន​បើក​សម្តែង​ទៅ​កាន់​ព្យាការី​របស់​ទ្រង់ និង​សមាជិក​នៃ​គណៈប្រធាន​ទី​មួយ ព្រមទាំង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ថា « ថ្ងៃ​នៃ​ការសន្យា​ដ៏​យូរ [ បាន ] កើត​ឡើង នៅពេល​បុរស​ស្មោះត្រង់ និង​សក្តិសម​គ្រប់​រូប​ក្នុង​សាសនាចក្រ​អាច​ទទួល​បាន​បព្វជិតភាព​ដ៏​បរិសុទ្ធ ជាមួយ​នឹង​អំណាច​ដើម្បី​អនុវត្ត​សិទ្ធិ​អំណាច​បព្វជិតភាព​នៃ​ព្រះ ហើយ​រីករាយ​ជាមួយ​នឹង​មនុស្ស​ជា​ទីស្រឡាញ់​របស់​គាត់​នូវ​គ្រប់ពរជ័យ​ទាំងអស់​ដែល​កើត​ឡើង​មក​ពី​បព្វជិតភាព​នោះ រួមទាំង​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ផងដែរ » ។

នៅក្នុង​ការប្រកាស​អំពី​វិវរណៈ​នេះ គណៈប្រធាន​ទីមួយ​បាន​ថ្លែង​ថា « យើង​សូម​ថ្លែង​ដោយ​ម៉ឺង​ម៉ាត់​ថា ឥឡូវ​នេះ​ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់​នៅ​ទូទាំង​ផែនដី​នេះ​ដឹង​ពី​ព្រះទ័យ​ទ្រង់​ដែល​ចង់​ឲ្យ​ពួកគេ​ទទួល​បាន​ពរជ័យ​នោះ » ។

អំឡុង​ពេល​សន្និសីទ​ទូទៅ​បន្ទាប់​នោះ គណៈប្រធាន​ទីមួយ​បាន​រៀបរាប់​ពី​វិវរណៈ​នេះ​ដល់​សមាជិក​សាសនាចក្រ ដែល​បាន​ទទួល​យក​វា​ថា​ជា « ព្រះបន្ទូល និង​ព្រះទ័យ​របស់​ព្រះអម្ចាស់ » និង​គាំទ្រ សេចក្តី​ប្រកាស​ជា​ផ្លូវការទី ២ ថា​ជា​ផ្នែក​មួយ​នៃ​បទ​ព្រះគម្ពីរ​ដោយ​ឯកច្ឆន្ទ ។

លទ្ធផល​នៃ​វិវរណៈ

រូបភាព
យុវជន​បង្រៀន

យុវជន​ម្នាក់​បង្រៀន​អំឡុង​ពេល​ប្រជុំ​កូរ៉ុម​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ជា​កន្លែង​ដែល​វួដ​ភាគច្រើន​មាន​សមាជិក​មក​ពី​ប្រទេស​ចម្រុះ​ជុំ​វិញ​ពិភពលោក ។

ឥទ្ធិពល​នៃ​វិវរណៈ​នេះ​គឺ​អស្ចារ្យ​យ៉ាង​ខ្លាំង ។ ព្រះ​ពុំ​គ្រាន់តែ​ពង្រីក​ពរជ័យ​នៃ​បព្វជិតភាព និង​ព្រះវិហារ​បរិសុទ្ធ​ដល់​សមាជិក​សក្តិសម​គ្រប់រូប​ដោយ​មិន​គិត​អំពី​ពូជសាសន៍​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ទ្រង់​ថែមទាំង​អនុញ្ញាត​ឲ្យ​ពិធីបរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ​អាច​ត្រូវបាន​ធ្វើ​ឡើង​សម្រាប់​មនុស្ស​គ្រប់​រូប​ដែល​ធ្លាប់​បាន​រស់នៅ​ផងដែរ ។

ជាមួយ​នឹង​វិវរណៈ​នេះ ឱកាស​នានា​ដើម្បី​ពង្រីក​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ក៏​កើត​មាន​ឡើង ហើយ​សមាជិកភាព​បាន​រីក​សុះសាយ​ឡើង​នៅក្នុង​ចំណោម​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស គ្រប់​ភាសា ហើយ​និង​គ្រប់​ទាំង​ប្រជាជន​ជា​ច្រើន ។

ការបង្រៀន​របស់​សាសនាចក្រ

ដោយសារ​កិច្ចការ​របស់​ព្រះអម្ចាស់​បាន​បន្ត​រីក​រាលដាល​នៅ​ទូទាំង​ពិភពលោក នោះ​សមាជិក​សាសនាចក្រ​បាន​រីករាយ​នឹង​សករាជ​ថ្មី​នៃ​សាមគ្គីភាព​កាន់តែ​ប្រសើរ​ឡើង ។ នៅពេល​សមាជិក​សាសនាចក្រ​មាន​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដទៃ​ទៀត​មក​ពី​ជាតិសាសន៍ និង​វប្បធម៌​ជាច្រើន​បាន​កើន​ឡើង នោះ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​បាន​គូស​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការស្រឡាញ់ និង​ភាពរឹងមាំ​រវាង​គ្នា​នឹង​គ្នា ហើយ​លុប​បំបាត់​ចោល​នូវ​ការរើសអើង និង​ការប្រកាន់​ពូជសាសន៍​គ្រប់​ប្រភេទ ។

ប្រធាន អិម រ័សុល បាឡឺដ ដែល​ជា​ប្រធាន​ស្តីទី​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​បង្រៀន​ថា « យើង​ត្រូវ​ឱប​ក្រសោប​កូនចៅ​របស់​ព្រះ​ដោយ​ចិត្ត​អាណិត​មេត្តា ហើយ​លុប​បំបាត់​នូវ​ការរើសអើង​គ្រប់​ប្រភេទ រួមទាំង​ការប្រកាន់​ពូជ​សាសន៍ ភេទ និង​សញ្ជាតិ ។ ចូរ​ឲ្យ​គេ​និយាយ​ថា យើង​ពិតជា​ជឿ​ថា ​ពរជ័យ​នៃ​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នេះ​គឺ​សម្រាប់​កូន​ចៅ​គ្រប់​រូប​របស់​ព្រះ » ។ និយាយ​អំពី​គ្រួសារ​អស់កល្ប​ជានិច្ច​របស់​ព្រះ ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ៖ « មាន​តែ​ការយល់​ដឹង​អំពី​ភាព​ជា​បិតា​របស់​ព្រះ​ដ៏​ពិត​ប៉ុណ្ណោះ ទើប​អាច​នាំ​មក​នូវ​អំណរគុណ​ដ៏​ពេញលេញ​នៃ​ភាព​ជា​បងប្អូន​នៃ​មនុស្ស​ពិត​ប្រាកដ ។ ការយល់​ដឹង​នោះ​បំផុស​ឲ្យ​មាន​បំណង​ប្រាថ្នា​បង្កើត​ជា​ស្ពាន​នៃ​ការសហការ​គ្នា​ជំនួស​ឲ្យ​ជញ្ជាំង​នៃ​ការបែងចែក​វណ្ណៈ​រវាង​គ្នា​នឹង​គ្នា » ។

ការ​ឆ្ពោះ​ទៅ​មុខ​ជាមួយ​គ្នា

រូបភាព
ឪពុក និង​កូន​អង្គុយ​នៅក្នុង​ព្រះវិហារ

ខណៈ​ដែល​យើង​ពុំ​ដឹង​រឿង​គ្រប់​យ៉ាង នោះ​មាន​រឿង​មួយ​ចំនួន​ដែល​យើង​ម្នាក់ៗ​អាច​ដឹង​បាន ។ យើង​អាច​ដឹង​ថា ព្រះ​ស្រឡាញ់​យើង ហើយ​ទ្រង់​មាន​ផែនការ​សម្រាប់​យើង​ទាំងអស់​គ្នា​ដើម្បី​ជួបជុំ​គ្នា​ជា​គ្រួសារ​ដ៏​អស់កល្ប ។ យើង​អាច​ដឹង​ថា នេះ​គឺជា​សាសនាចក្រ​របស់​ព្រះអម្ចាស់​ដែល​បាន​ស្តារ​ឡើង​វិញ ហើយ​ថា​ទ្រង់​ដឹកនាំ​សាសនាចក្រ​នេះ​តាមរយៈ​ពួក​ព្យាការី​របស់​ទ្រង់ ។ ការមាន​សាក្សី​ផ្ទាល់​ខ្លួន​អំពី​សេចក្តីពិត​ទាំង​នេះ​អាច​ជួយ​បាន នៅពេល​យើង​បន្ត​ឆ្ពោះ​ទៅមុខ​ជាមួយ​គ្នា​ឆ្លង​កាត់​ឱកាស និង​ឧបសគ្គ​នានា​ដែល​យើង​នឹង​ជួប​ប្រទះ​នៅ​តាម​ផ្លូវ​ដើម្បី​ប្រែក្លាយ​ដូចជា​ទ្រង់​នោះ ( សូមមើល មរ៉ូណៃ ៧:៤៨) ។