២០១៨
បេសកកម្ម​ពីរ គ្រួសារ​ពីរ​បាន​ទទួល​ពរជ័យ
ខែ មិថុនា ឆ្នាំ ២០១៨


បេសកកម្ម​ពីរ គ្រួសារ​ពីរ​បាន​ទទួល​ពរជ័យ

ជូន មែននូអែល ហ្គូមែស្ស ទីក្រុង រ៉ូសារីយ៉ូ ប្រទេស អាហ្សង់ទីន

រូបភាព
planes over globe

រចនា​រូបភាព​ដោយ ខារ៉ូលីន វីបប៊ើត

អំឡុងពេលខ្ញុំ​បម្រើ​នៅបេសកកម្ម អារីហ្សូណា មេសា ជារឿយៗ​ខ្ញុំ​បាន​ទទួល​អ៊ីម៉ែល​ពី​បងស្រី​ខ្ញុំ​នៅប្រទេស អាហ្សង់ទីន ។ ណាថាលៀពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ទេ ។ ប៉ុន្មាន​ឆ្នាំ​មុន ពេល​កូនស្រី​របស់​គាត់​បាន​ស្លាប់​ទៅ គ្រួសារ​របស់​យើង​បាន​ព្យាយាម​ចែកចាយ​ដំណឹង​ល្អ​ជាមួយ​គាត់ ប៉ុន្តែ​គាត់​ពុំ​ដែល​មាន​ចិត្ត​រាក់ទាក់​ទទួល​យក​ឡើយ ។

ខ្ញុំ​បាន​បន្ត​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ជាមួយ​គាត់​ពេល​ខ្ញុំ​បម្រើ​បេសកកម្ម ។ នៅក្នុង​អ៊ីម៉ែល​មួយ ខ្ញុំ​បាន​ប្រាប់​គាត់​អំពី​ស្ត្រី​ម្នាក់​ដែល​ដៃគូខ្ញុំ និង​ខ្ញុំ​បាន​ជួប ។ កូនស្រី​របស់​គាត់​ក៏​បាន​ស្លាប់​ផងដែរ ។ យើង​បាន​ថ្លែង​ទីបន្ទាល់​អំពី​ក្រុមគ្រួសារ​អស់កល្ប​ជានិច្ច ហើយ​គាត់​បាន​មាន​អារម្មណ៍​សង្ឃឹម​អំពី​អ្វី​ដែល​យើង​បាន​ចែកចាយ ។ ខ្ញុំ​បាន​ប្រាប់​ណាថាលៀ​ថា គាត់​អាច​ទទួល​អារម្មណ៍​បែប​នោះ​ដែរ ។ គាត់​បាន​សរសេរ​ត្រឡប់​មក​វិញ ដោយ​ប្រាប់​ខ្ញុំ​ថា គាត់​ចង់​ទទួល​បាន​អារម្មណ៍​នៃ​សេចក្តីសង្ឃឹម​នោះ ប៉ុន្តែសេចក្តីជំនឿ​របស់​គាត់​ពុំ​ខ្លាំង​គ្រប់គ្រាន់​ឡើយ ។

ខ្ញុំ​បាន​សម្រេច​ចិត្ត​ផ្ញើ​សំបុត្រ​ដែល​សរសេរ​ដោយ​ដៃ​ទៅ ណាថាលៀ ដោយ​អញ្ជើញ​គាត់​ឲ្យ​អធិស្ឋាន​ទូលសូម​ជំនួយ​ដើម្បី​ជឿ ។ ខ្ញុំ​ក៏​បាន​ទទួល​ការបំផុសគំនិត​ឲ្យ​សរសេរ​កថាខណ្ឌ​មួយ​ជា​ភាសា​អង់គ្លេស និង​ប្រាប់​រឿង​នោះ​ដល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ ។ ណាថាលៀ​ចេះ​និយាយតែ​ភាសាអេស្ប៉ាញ ដូច្នេះ​ខ្ញុំ​បាន​ប្រាប់​គាត់​ឲ្យ​រកមើល​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​សូម​ឲ្យ​ពួកគេ​បកប្រែ​ឲ្យ​គាត់​ស្តាប់ ។ ខ្ញុំ​ស្គាល់​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ដែល​ចេះ​ភាសា​អង់គ្លេស ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​ទទួល​អ៊ីម៉ែល​មួយ​ពី​ណាថាលៀ ។ គាត់​បាន​រក​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​សូម​ពួកគេ​ឲ្យ​បកប្រែ​សំបុត្រ​របស់​ខ្ញុំ ។ ពួកគេ​បាន​អាន​សំបុត្រ​នោះ​ដោយ​ស្ងាត់ៗ ហើយ​ញញឹម ។ នៅពេល​ណាថាលៀ បាន​សួរ​ថា តើ​ខ្ញុំ​បាន​សរសេរ​អ្វីខ្លះ នោះ​ពួកគេ​បាន​តប​ថា « ចូរ​ពួកយើង​និយាយ​អំពី​ពាក្យ​ពេចន៍​ក្នុង​សំបុត្រ​នេះ ! » ខ្ញុំ​បាន​សរសេរ​ថា ណាថាលៀ​កំពុង​មាន​ការលំបាកដោយ​ការស្លាប់​របស់​កូនស្រី​គាត់ ហើយ​ខ្ញុំ​បាន​សូម​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​បង្រៀន​គាត់​អំពី​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​បាន​ចែកចាយ​សារលិខិត​ខ្លី​មួយ ហើយ​ណាថាលៀ​បាន​ចូលចិត្ត​អ្វី​ដែល​ពួកគេ​បាន​បង្រៀន ។ ក្រោយ​មក ណាថាលៀ បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​កំពុង​បម្រើ​បេសកកម្ម​នៅ មេសា រដ្ឋ អារីហ្សូណា ស.រ.អា. ។ អែលឌើរ​ម្នាក់​ឈ្មោះ ឡាសុន បាន​និយាយ​ថា ខ្ញុំ​មក​ពី​ទីក្រុង​នោះ ។

មួយ​ឆ្នាំក្រោយ​មក ខ្ញុំ​ត្រូវបាន​ផ្លាស់ប្តូរ​តំបន់​ទៅ​កន្លែង​ដែល​គ្រួសារ​របស់អែលឌើរ​ឡាសុន​រស់នៅ ។ ខ្ញុំ​បាន​ស្គាល់​គ្រួសារ​របស់​គាត់ ដូច​ដែល​គាត់​បាន​ស្គាល់​គ្រួសារ​ខ្ញុំ​ដែរ ហើយ​គ្រួសារ​ទាំង​ពីរ​បានទទួល​ពរ ។ អែលឌើរ ឡាសុន បាន​អធិស្ឋាន​ឲ្យ​ប្អូន​ប្រុស​របស់​គាត់​ដែល​កំពុង​មាន​ការលំបាក​នឹង​ទីបន្ទាល់​របស់​គាត់ ។ ខ្ញុំ​អាច​ទៅជួប​ប្អូន​ប្រុស​របស់​គាត់ជំនួសគាត់ ហើយ​ជួយ​គាត់​ពង្រឹង​ទីបន្ទាល់របស់គាត់ ។ អែលឌើរ ឡាសុន និង​ដៃគូ​របស់គាត់​បន្ត​បង្រៀន ណាថាលៀ ហើយ​ទីបំផុត​គាត់​បាន​ជ្រមុជទឹក ។ ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​បាន​បញ្ជូន​ពួកយើង​ទៅក្នុង​ទិសដៅ​ពីរ គឺ​ខ្ញុំ​ទៅរដ្ឋ អារីហ្សូណា ហើយ​អែលឌើរ ឡាសុន ទៅ​ប្រទេស​អាហ្សង់ទីន ដើម្បី​យើងទាំងពីរ​នាក់​អាច​ជួយ​ទ្រង់​ពង្រឹង​ដល់​ក្រុមគ្រួសារ​យើង​នៅក្នុង​ដំណឹងល្អ ។