២០១៨
ជំនួយ​របស់​ព្រះអម្ចាស់​តាមរយៈ​ការវះកាត់​ខួរក្បាល​ពីរដង
ខែ មិថុនា ឆ្នាំ ២០១៨


ជំនួយ​របស់​ព្រះអម្ចាស់​តាមរយៈ​ការវះកាត់​ខួរក្បាល​ពីរដង

ប្រ៊ីន ប៊ូឃើរ អៃដាហូ ស.រ.អា.

រូបភាព
getting an MRI

រចនារូបភាពដោយ ប៉ូននី ហូគីន

អំឡុងពេល​ការព្យាបាល​ដោយ​ចលនា​សម្រាប់​ការឈឺ​ខ្នង ខ្ញុំ​បាន​សម្គាល់​ឃើញ​ថា ខ្លួន​ប្រាណ​ខ្ញុំ​មួយ​ចំហៀង​ខ្លួន​ខាង​ឆ្វេង​មាន​សភាព​ខ្សោយ និង​ស្ពឹក ។ ពេល​ខ្ញុំ​ពន្យល់​ពី​រោគ​សញ្ញា​ទាំង​នេះ​ដល់​អ្នក​ឯកទេស​ខាង​ព្យាបាល​ដោយ​ចលនា​មក គាត់​មាន​កង្វល់ និង​ជំរុញ​ឲ្យ​ខ្ញុំ​ទៅ​ជួប​វេជ្ជបណ្ឌិត ។

ការថត អិម អ័រ អាយ បាន​បង្ហាញ​ថា ខួរ​ក្បាល​របស់​ខ្ញុំ​បាន​រីកលូតលាស់​នៅ​ពីក្រោម​ឆ្អឹង​លលាដ៍​ក្បាល​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​ទឹកខួរ​ឆ្អឹង​ខ្នង​កក​ស្ទះ​នៅ​ក្នុង​ក​របស់​ខ្ញុំ​អស់​ជា​ច្រើន​ឆ្នាំ ។ វា​បណ្តាល​ឲ្យ​មាន​ការឈឺ​ក្បាល ហើយឈឺ​ចាប់​ខ្លាំង និង​ឈឺ​ជាប់​ជានិច្ច ។ មាន​ជម្រើស​តែ​មួយ​គត់​គឺ​ការវះកាត់ ។ ប៉ុន្តែ​ទោះបី​ជា​ទទួល​ការវះកាត់​ក្តី ខ្ញុំ​នៅតែ​ឈឺចាប់​ជាប់​ជានិច្ច ។

ប្រាំមួយ​ខែ​ក្រោយ​មក ខ្ញុំ​បាន​ត្រឡប់​ទៅ​ជួប​វេជ្ជបណ្ឌិត​ខ្ញុំ​សម្រាប់​ការធ្វើ​តេស្ត​បន្ថែម​ទៀត ដើម្បី​គ្រាន់តែ​ចង់ដឹង​ថា តើ​ទឹក​ខួរ​ឆ្អឹង​ខ្នង​ដែល​កកស្ទះ​នោះ​រីក​កាន់តែ​ធំ​ឬ​យ៉ាង​ណា ។ ខ្ញុំ​មាន​ការភ័យខ្លាច​ក្នុងការ​ទទួលរង​ការវះកាត់​ដ៏​ឈឺចាប់​ម្តង​ទៀត ។ ស្វាមី​ខ្ញុំ និង​ខ្ញុំ​បាន​សាកសួរ​យោបល់​ខាង​វេជ្ជសាស្ត្រ​ជា​ច្រើន ហើយ​ក្រោយ​មកបាន​បន្ត​ឈាន​ទៅមុខ​ជាមួយ​នឹង​វេជ្ជបណ្ឌិត​ម្នាក់ ដែល​មាន​ទំនុកចិត្ត​ថា ការកាត់​ចេញនូវ​ផ្នែក​ខ្លះ​នៃ​ខួរក្បាល​របស់​ខ្ញុំ​អាច​នឹង​ជួយ​បញ្ហា​នេះ​បាន ។

ការជាសះស្បើយ​ពី​ការវះកាត់​ខួរ​ក្បាល​លើកទីពីរ​របស់​ខ្ញុំ​គឺ​ជា​បទពិសោធន៍​ដ៏​សែន​ឈឺ​ចាប់​បំផុត​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​ស្វែងរក​ព្រះវិញ្ញាណ​យ៉ាង​ខ្លាំង​ដើម្បី​លួងលោម​ខ្ញុំ ។ ខ្ញុំ​បាន​ស្តាប់​សុន្ទរកថា និង​ទំនុកតម្កើង បន្ត​អធិស្ឋាន ហើយ​បាន​ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព​ជា​ច្រើន​ដង ។

តាមរយៈ​ការជាសះស្បើយ​ដ៏​ឈឺចាប់​របស់​ខ្ញុំ នោះ​ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ព្រះ​សណ្តាប់​ការអធិស្ឋាន​របស់​ខ្ញុំ និង​ការអធិស្ឋាន​ដែល​មនុស្ស​ដទៃ​ទៀត​បាន​ថ្លែង​ជំនួស​ខ្ញុំ ។ ទ្រង់​បាន​បញ្ជូន​មនុស្ស​មក​ខ្ញុំ ពេល​ខ្ញុំ​ត្រូវការ​ពួកគេ ។ គិលានុបដ្ឋាយិកា​ក្នុង​វួដ​របស់​ខ្ញុំ បាន​ជួយ​ខ្ញុំ​ឲ្យ​រៀន​ពី​របៀប​គ្រប់គ្រង​ថ្នាំ​របស់​ខ្ញុំ ។ ឪពុក​មា និង​ម្តាយ​មីង​ខ្ញុំ បាន​ស្គាល់​ឃើញ​ពី​សញ្ញា​ខ្វះជាតិ​ទឹក ហើយ​បាន​នាំ​ខ្ញុំ​ទៅពេទ្យ ។ ហើយ​ក្មេង​ប្រុស​នៅ​ថ្នាក់បឋម​សិក្សា​ម្នាក់ ចង់​ជួយ​គ្រួសារ​យើង បាន​ទុក​ប្រដាប់ប្រដា​លេង​របស់​គាត់​នៅ​មុខ​ទ្វារ​ផ្ទះ​របស់​យើង​ឲ្យ​កូន​ប្រុស​ខ្ញុំ​លេង ។ តាមរយៈ​បទពិសោធន៍​នេះ និង​បទពិសោធន៍​ជា​ច្រើន​ទៀត ខ្ញុំ​អាច​ទទួល​អារម្មណ៍​ដែល​ថា ព្រះអង្គ​សង្គ្រោះ​បាន​ជ្រោមជ្រែង​ខ្ញុំ ហើយ​ទីបន្ទាល់​ខ្ញុំ​បាន​រីកចម្រើន​ឡើង​រៀងរាល់​ថ្ងៃ ។ នេះ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ និង​ពិសិដ្ឋ​ដែល​កើត​ឡើង​ពី​មនុស្ស​ម្នាក់​ដែល​ពោរពេញ​ដោយ​ការឈឺចាប់​ពិតប្រាកដ ។

ទោះបីជា​ការវះកាត់​លើកទី​ពីរ​របស់​ខ្ញុំ​បាន​ជោគជ័យ​ក្តី ភាព​មិន​ស្រណុកសុខស្រួល​របស់​ខ្ញុំ​នៅតែ​បន្ត​មាន ហើយ​ខ្ញុំ​បាន​រៀន សម្របខ្លួន​ទៅ​នឹង​ជីវិត​ដែល​មាន​ការឈឺចាប់​រាំរ៉ៃ ហើយ​ទុកចិត្ត​ថា ព្រះវរបិតាសួគ៌​មាន​ព្រះរាជបំណង​មួយ​នៅក្នុង​រឿង​នេះ ។ ប៉ុន្តែ​ខ្ញុំ​មាន​សេចក្តីសង្ឃឹម​នៅក្នុង​ការសន្យា​របស់​ទ្រង់​ថា ទ្រង់​នឹង​បន្ត​ពង្រឹង​ខ្ញុំ​នៅក្នុង​ឧបសគ្គ​របស់​ខ្ញុំ ដូច​ដែល​ទ្រង់​មាន​បន្ទូល​ថា ៖ « យើង​នឹង​ទៅពីមុខ​អ្នក ។ យើង​នឹង​នៅ​ខាង​ស្ដាំ​ដៃ​អ្នក ហើយ​ខាង​ឆ្វេង​ដៃ​អ្នក ហើយ​ព្រះវិញ្ញាណ​របស់​យើងនឹង​សណ្ឋិត​នៅក្នុង​ដួងចិត្ត​របស់​អ្នក ហើយ​ពួក​ទេវតា​របស់​យើង​នៅ​ព័ទ្ធ​ជុំ​វិញ​អ្នក ដើម្បី​ទ្រ​អ្នក​ឡើង » ( គ. និង ស. ៨៤:៨៨ ) ។