២០១៨
ឥទ្ធិពល​របស់​ឪពុក​សុចរិត
ខែ មិថុនា ឆ្នាំ ២០១៨


ឥទ្ធិពល​របស់​ឪពុក​សុចរិត

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ កាលីហ្វូញ៉ា ស.រ.អា. ។

តាមរយៈ​ការពឹងផ្អែក​ទៅលើ​អ្នក​ដើរតួ​ជា​ឪពុក​សុចរិត និង​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ នោះ​ខ្ញុំ​បានរៀន​ពី​អត្ថន័យ​ដ៏​ពិត​នៃ​ភាព​ជាឪពុក ។

រូបភាព
Warren family

រូបថត​របស់​អ្នក​និពន្ធ​ជាមួយ​ស្វាមី​គាត់ និង​កូន​ស្រី​ដោយ ចេស៊ី វ៉រែន

កាល​ធំ​ដឹង​ក្តី​ឡើង ខ្ញុំ​គ្មាន​ឪពុក​នៅលើ​ផែនដី​នេះ​នៅក្នុង​ជីវិត​ខ្ញុំ​ ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​ប្រភេទ​នៃ​សេចក្តីស្រឡាញ់​ដែល​ព្រះវរបិតាសួគ៌​មាន​សម្រាប់​ខ្ញុំ​ឡើយ ។ ផ្ទុយទៅវិញ ខ្ញុំ​បាន​សង្កេត​មើល​បុរស​ដទៃ​ទៀត​ដែលបាន​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ និង​គំរូ​នានា​អំពី​ភាព​ជាឪពុក​ពិតប្រាកដ ។​ ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ( ១៩២០–២០០៧ ) ទីប្រឹក្សា​ទី​ពីរ​ក្នុង​គណៈប្រធាន​ទី​មួយ​បាន​បង្រៀន​ថា « ភាពជា​ឪពុក​ដ៏​ថ្លៃថ្នូរ​ផ្តល់​ដល់​យើង​នូវ​គំនិត​មួយ​ចំនួន​តូច​អំពី​លក្ខណៈ​នៃ​ភាព​ជា​ព្រះ​របស់​ព្រះវរបិតា​ដែល​គង់​នៅស្ថានសួគ៌​របស់​យើង » ។ តាមរយៈ​គំរូ​របស់អ្នក​ដើរ​តួ​ជា​ឪពុក​ជា​ច្រើន រួម​ទាំង​សមាជិក​គ្រួសារ​ ថ្នាក់ដឹកនាំ​សាសនាចក្រ បុរស​សុចរិត​នៅក្នុង​ព្រះគម្ពីរ រួមទាំង​គ្រូបង្រៀន​តាម​ផ្ទះ​ដ៏​ឧស្សាហ៍​ព្យាយាម​ផងដែរ ខ្ញុំ​បាន​រៀន​អំពី​បុគ្គលិកលក្ខណៈ​របស់​ព្រះវរបិតាសួគ៌ និង​លក្ខណៈ​ដ៏​ថ្លៃថ្នូរ​របស់​ឪពុក​នៅលើផែនដីនេះ​អាច​អភិវឌ្ឍបានដើម្បី​ធ្វើ​តាម​គំរូ​របស់​ទ្រង់ ។ នៅ​ទីបំផុត ខ្ញុំ​អាច​បង្វែរ​ការឈឺចាប់​ដែល​ខ្ញុំ​មាន​ដែល​បណ្តាល​មកពីការខ្វះ​ឪពុក​នៅលើ​ផែនដី​នេះ ឲ្យ​ទៅ​ជា​មាន​សេចក្តីរីករាយ​ទៅលើ​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​ដែល​ខ្ញុំ​អាច​អភិវឌ្ឍ​ជាមួយ​ព្រះវរបិតាសួគ៌ ។

ខ្ជាប់ខ្ជួន និង​ជួយ​ជ្រោមជ្រែង

ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​របស់​យើង​គឺ​ពុំ​ប្រែប្រួល​ឡើយ ។ យើងបាន​អាន​ថា ទ្រង់ « នៅតែ​ដដែល​ទោះពី​ថ្ងៃម្សិល ថ្ងៃនេះ និង​រហូត​តទៅ » ( មរមន ៩:៩ ) ។ ខ្ញុំ​បាន​សង្កេត​មើល​ឪពុក​នៅលើ​ផែន​ដី​ដ៏ឧត្តុង្គ​ឧត្តម ធ្វើតាម​គំរូ​របស់​ព្រះវរបិតាសួគ៌​អំពី​ការ​ពុំ​ចេះ​ងាករេ ។ ឪពុក​ដ៏ថ្លៃថ្នូរ​ម្នាក់​គឺ​ពិតស្មោះត្រង់​ចំពោះ​ពាក្យ​សម្តី​របស់​គាត់​នៅក្នុង​គ្រប់​កិច្ចការ​ទាំងអស់ ។ គាត់​យល់​ថា ការជួយ​កូនៗ​របស់​គាត់​ដោយ​ខ្ជាប់ខ្ជួន​ឲ្យ​ទទួល​អារម្មណ៍ថា មាន​សុវត្ថិភាព និង​មាន​គេ​ស្រឡាញ់ ហើយ​គាត់​ត្រូវ​មាន​វត្តមាន​ទាំង​ក្នុង​គ្រា​ដែល​មាន​វិបត្តិ និង​អំណរ ។

ព្រះវរបិតាសួគ៌​របស់យើង​ក៏​យល់​អំពី​ប្រភេទ​នៃ​ការខិតខំ​ដែល​តម្រូវ​ឲ្យ​មាន ដើម្បី​មាន​ភាពសក្តិសម​រស់នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ទ្រង់​វិញ ។ ទ្រង់​ស្គាល់​ឈ្មោះ​យើង​ម្នាក់ៗ ហើយ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​មាន​ឧបសគ្គ​ដើម្បី​បន្សុទ្ធ​យើង ។ ឪពុក​នៅលើ​ផែនដី​ដ៏​ថ្លៃថ្នូរ​ក៏​អនុញ្ញាត​ឲ្យ​កូនៗ​របស់​គាត់​មាន​ការពុះពារ​យូរៗ​ម្តង ដោយសារ​គាត់​ដឹង​ថា ឧបសគ្គ​ទាំង​នោះនាំ​មក​នូវ​ឱកាស​រីកចម្រើន ។

ស្វាមី​របស់​ខ្ញុំ​គឺ​ជា​សិល្បៈករ​គុណ​យ៉ាង​ស្ទាត់​ជំនាញ​ម្នាក់ ។ ឪពុក​របស់​គាត់​បាន​បង្រៀន​គាត់ ហើយ​ជារឿយៗ​គាត់​ប្រាប់​ថា ឪពុក​របស់​គាត់​តឹងរឹង​នឹង​គាត់​ជាង​កូន​សិស្ស​ផ្សេងៗ​ទៀត ។ ការលត់ដំ​ខ្លួន​របស់​ឪពុក​គាត់​បាន​ពង្រឹង​ដល់​គាត់ និង​ជួយ​គាត់​ឲ្យ​រីកចម្រើន​កាន់តែ​លឿន ។ ដូច​ជា​ព្រះវរបិតាសួគ៌​របស់​យើង​ដែរ ឪពុក​នៅលើ​ផែនដី​ដ៏ថ្លៃថ្នូរ​លើក​ទឹកចិត្ត​កូនៗ​របស់​ខ្លួន ឲ្យ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​របស់​ពួកគេ ដោយ​ផ្តល់​កម្លាំង សេចក្ដី​ស្រឡាញ់ និង​ការជួយ​ជ្រោមជ្រែង ។

« កិច្ចការ​គ្មាន​ទីបញ្ចប់ »

កិច្ចការ​របស់​ព្រះវរបិតាសួគ៌​យើង​គឺ​អស់កល្ប និង​គ្មាន​ទីបញ្ចប់​ឡើយ ( សូមមើល អាលម៉ា ១២:២៥–៣៣ ) ។ នៅក្នុង​របៀប​ដូច​គ្នា​នោះ កិច្ចការ​របស់​ឪពុក​នៅ​លើ​ផែនដី​ដ៏​ថ្លៃថ្នូរ​នេះ​ក៏គ្មាន​ទីបញ្ចប់​ផងដែរ ។ ឪពុក​ដ៏​ថ្លៃថ្នូរ​ធ្វើ​កិច្ចការ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ព្យាយាម​ស្វែងរក​សេចក្តីសុចរិត ។ ពួកគាត់​ពិត​ស្មោះត្រង់​ក្នុង​ការគោរព​តាម​បទបញ្ញត្តិ​ព្រះ ។ ពួកគាត់​ទុក​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន​មួយ​អន្លើរ​សម្រាប់សេចក្តីល្អ​ដល់​គ្រួសារ​របស់​ពួកគាត់ ។ នៅក្នុង « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ព្យាការី​នៅរស់​បាន​បង្រៀន​ថា « តាម​ការរៀបចំ​ដ៏​ទេវភាព​នេះ ឪពុក​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ជា​អ្នក​ដឹកនាំ​នៅក្នុង​គ្រួសារ​របស់​ខ្លួន ដោយ​សេចក្តី​ស្រឡាញ់ និង សេចក្តី​សុចរិត ហើយ​មាន​ភារកិច្ច​ក្នុង​ការផ្គត់ផ្គង់​សេចក្តីត្រូវការ​ក្នុង​ជីវិត ព្រម​ទាំង​ការពារ​ក្រុម​គ្រួសារ​ខ្លួន​ផង » ។ កិច្ចការ​នេះ​ពុំ​គ្រាន់តែជា​ការការពារ​ខាង​រូបកាយ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការការពារ​ខាង​វិញ្ញាណ​ផងដែរ ។ ឪពុក​ដ៏ថ្លៃថ្នូរ​ដឹកនាំ​តាមរយៈគំរូ ហើយ​ផ្តល់​សេចក្តីស្រឡាញ់ និង​ការទូន្មាន​ដល់​កូនៗ​របស់​ពួកគាត់ ។ ពួកគាត់​ក៏​ព្រមាន​ទាស់​នឹង​គ្រោះថ្នាក់​ខាង​វិញ្ញាណ នៅពេល​ចាំបាច់ ។

រចនា​សម្ព័ន្ធ​របស់​គ្រួសារ​ដ៏​មាន​ឥទ្ធិពល

នៅក្នុង​អត្ថបទ New York Times « The Stories That Bind Us » របស់​លោក ប្រ៊ូស ហ្វៀលើ ផ្តល់​នូវ​ទស្សនវិស័យ​នៃ​ការសិក្សា​នានា​ទាក់ទង​នឹង​ការធ្វើ​ឲ្យ​គ្រួសារ​មាន​ភាពយ៉ាប់យ៉ឺន ។ នៅក្នុង​ការសិក្សា​ទាំង​នេះ អ្នក​ចិត្ត​វិទ្យា​បា​នរកឃើញ​ថា កូនៗ​ដែល​បង្ហាញ​នូវ​ភាព​រឹងប៉ឹង​ដ៏​អស្ចារ្យ គឺ​ជា​ក្មេង​ដែល​បាន​ជួប​នឹង​រចនា​សម្ព័ន្ធ​របស់​គ្រួសារ​ដ៏​មាន​ឥទ្ធិពល ដែល​បាន​ជួយ​ពួកគេ​ឲ្យ​ទទួល​អារម្មណ៍​ថា ពួកគេ​ជា​ចំណែក​នៃ​អ្វី​មួយ​ដែល​ធំជាង​នោះ ។ ហ្វៀលើ​បាន​ថ្លែង​ថា « ប្រសិនបើ​អ្នក​ចង់​បាន​គ្រួសារ​មួយ​ដ៏​រីករាយ សូម​បង្កើត បន្សុទ្ធ និង​ប្រាប់​ឡើង​វិញ​នូវគ្រា​វិជ្ជមាន​នានា​របស់​គ្រួសារ​អ្នក និង​សមត្ថភាព​របស់​អ្នក​ដើម្បី​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​ពី​គ្រា​ដ៏​លំបាកនានា ។ ទង្វើ​បែប​នោះ​អាច​បង្កើននូវ​ភាព​ពិសេស​នានា​ដែល​គ្រួសារ​របស់​អ្នក​នឹង​ជោគជ័យ​អស់​ជា​ច្រើន​ជំនាន់​បន្តបន្ទាប់​ទៀត » ។

គំរូ​នេះ​អាច​ឃើញ​នៅក្នុង ម៉ូសេ ១ ។ ម៉ូសេ​មាន​អំណាច​ដោយសារ​ចំណេះ​របស់​លោក​អំពី​ផែនការ​របស់​ព្រះ និង​អត្តសញ្ញាណ​នៃ​ភាព​ជា​ព្រះ​របស់​លោក​ផ្ទាល់ ។ ពេល​សាតាំង​បាន​មក​ល្បួង​លោក ម៉ូសេ​បាន​ឆ្លើយ​តប​យ៉ាង​មុត​មាំ​ថា « តើ​អ្នក​ជា​នរណា ? ដ្បិត​មើល​ចុះ ខ្ញុំ​ជា​បុត្រ​នៃ​ព្រះ​នៅ​ក្នុង​រូប​ដូច​ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់ ហើយ​ចុះ​តើ​សិរី​ល្អ​របស់​អ្នក​នៅ​ឯណា ដែល​គួរ​ឲ្យ​ខ្ញុំ​ថ្វាយ​បង្គំ ? » ( ម៉ូសេ ១:១៣ ) ។ បន្ទាប់​មក​ម៉ូសេ ថែមទាំង​មាន​ចិត្ត​ក្លាហាន​បញ្ជា​ឲ្យ​សាតាំង​ចាកចេញ​ទៀត​ផង ។

ឪពុក​នៅលើ​ផែនដី​ដ៏​ថ្លៃថ្នូរ​ផ្តល់​អំណាច​ដល់​កូនៗ​របស់​ពួកគាត់ តាមរយៈ​ការរំឭក​ពួកគេ​អំពី​អត្តសញ្ញាណ​នៃ​ភាព​ជា​ព្រះ​របស់​ពួកគេ​ ក្នុងនាម​ជាបុត្រ​ខាង​វិញ្ញាណ​របស់​ព្រះ ។ ពួកគាត់​ជួយ​ស្ថាបនា​គ្រួសារ​រឹងប៉ឹង​មួយ តាមរយៈ​គំរូ​ល្អ​របស់​ខ្លួន ហើយ​ប្រាកដ​ថា កូនៗ​របស់​គាត់​បាន​ចូលរួម​ចំណែក​នៅក្នុង​ការស្ថាបនា​នោះ ។ ការណ៍​នេះ​ផ្តល់​ស្មារតី​មួយ​នៃ​គោលបំណង​ដ៏​រឹងប៉ឹង និង​ទំនុកចិត្ត​ដើម្បី​មាន​ជ័យជម្នះ​ដល់​កូនៗ​របស់​ពួកគាត់ ។

ការ​ស្វែងរក​ស្វាមី​ដ៏​ថ្លៃថ្នូរ

កាល​ខ្ញុំ​កំពុង​នៅ​ដើរ​លេង​ជា​គូ ខ្ញុំ​បាន​ស្វែងរក​ដៃគូ​អស់កល្ប​ជានិច្ច​ដែល​នឹង​ធ្វើ​ជា​ឪពុក​ដ៏​ថ្លៃថ្នូរ ។ ចាប់តាំងពី​ខ្ញុំ​ធំ​ដឹង​ក្តី​ឡើង​ដោយ​គ្មាន​គំរូ​នោះ​នៅក្នុង​កុមារ​ភាព​របស់​ខ្ញុំ នោះ​វា​កាន់តែ​ពិបាក​សម្រាប់​ខ្ញុំ​ក្នុង​ការ​ដឹង​នូវ​បុគ្គលិក​លក្ខណៈ​ទាំងអស់​ដែល​ឪពុក​នៅលើ​ផែនដី​ដ៏​ថ្លៃថ្នូរ​គួរ​តែ​មាន ។ ខ្ញុំ​មាន​ការខក​ចិត្ត​ដែល​ពរ​លោក​អយ្យកោ​របស់ខ្ញុំ​ពុំ​បាន​ផ្តល់​ការណែនាំ​លម្អិត​ច្រើន​អំពី​បុគ្គល​ដែល​ព្រះវរបិតាសួគ៌​ចង់​ឲ្យ​ខ្ញុំ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ឡើយ ។ ពរនោះ​គ្រាន់តែ​ប្រាប់​ថា ខ្ញុំ​គួរតែ​ស្វែងរក​នរណា​ម្នាក់​ដែល​អាច​នាំ​ខ្ញុំ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ប៉ុន្តែ​ទោះបីវា​ជា​ការណែនាំ​ដ៏​សាមញ្ញ​ក្តី ក៏​វា​ហាក់ដូចជា​មាន​ការលំបាក​ផងដែរ ។ ទោះបីជា​ខ្ញុំ​មាន​បទពិសោធន៍​វិជ្ជមាន​មួយ​ចំនួន​នៃ​ការដើរ​លេង​ជា​គូ​ក្តី ជា​រឿយៗ​ខ្ញុំ​បានបារម្ភ​ថា គ្មាន​បុរស​ដែល​មាន​លក្ខណៈ​បែប​នោះ​ពិតប្រាកដ​ឡើយ ឬ​ខ្ញុំ​ត្រូវ​រងទុក្ខ​ដោយ​ការសាកល្បង​ស្វែងរក​ស្វាមី​នេះ​ដោយ​គ្មាន​ទីបញ្ចប់​ឡើយ ។

ទោះបីជា​បទពិសោធន៍​ពីមុនធ្វើ​ឲ្យ​ខ្ញុំ​មាន​ការថប់បារម្ភ​ក្តី ខ្ញុំ​បាន​បន្ត​អធិស្ឋាន​ស្វែងរក​ស្វាមី​ដែល​នឹង​ធ្វើ​ជា​ឪពុក​សុចរិត​សម្រាប់​កូនៗ​របស់​ខ្ញុំ ដែល​នឹង​ស្រឡាញ់​ពួកគេ ហើយ​បន្ត​មាន​វត្តមាន​នៅក្នុង​ជីវិត​របស់​ពួកគេ ។ ដូច​ជា​ម្តាយ​ដ៏ស្មោះត្រង់​របស់​ខ្ញុំ​ផងដែរ ខ្ញុំ​បាន​ដឹង​ថា ទោះបីមាន​រឿង​អ្វី​កើត​ឡើង​ក្តី ខ្ញុំ​នឹង​អាច​ពឹងផ្អែក​លើ​ព្រះវរបិតា​អស់កល្ប​របស់​ខ្ញុំ​សម្រាប់​ការជួយ​ជ្រោមជ្រែង ។

ដោយ​ក្តីភ្ញាក់ផ្អើល និង​ក្តីរីករាយ ខ្ញុំ​បាន​ទទួល​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ​នៅ​ចំកាលវិភាគ​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ព្រះវរបិតាសួគ៌ ។ វា​គឺ​ជា​ការព្យាបាល​ដល់​ខ្ញុំ ដើម្បី​សង្កេត​មើល​គំរូ​នៃ​សេចក្តីស្រឡាញ់​របស់​ស្វាមី​ខ្ញុំ​អំពី​លក្ខណៈ​ដែល​ឪពុក​ម្នាក់​គួរ​មាន ។ ខ្ញុំ​មាន​អំណរ​គុណ​ដែល​គាត់​ធ្វើ​តាម​គំរូ​ដែល​បាន​ផ្តល់​ជា​គំរូ​ដោយ​ពួកព្យាការី និង​ពួក​សាវក ហើយ​ថា គាត់​ជ្រើសរើស​ដើម្បី​រីករាយ និង​ស្រឡាញ់​ខ្ញុំ​ដោយ​គ្មាន​ភាពអាត្មានិយម ។ គំរូ​របស់​គាត់​ក្នុងនាម​ជា​ស្វាមី​ដែល​មាន​ក្តីស្រឡាញ់​ក៏​បាន​ផ្តល់​ពរ​ដល់​កូនៗ​របស់​យើង​ផងដែរ ។ ដួង​ចិត្ត​របស់​ខ្ញុំ​ពោរពេញ​ដោយ​អំណរ​គុណ​ចំពោះ​សេចក្តីស្មោះត្រង់​របស់​គាត់​ដែល​បាន​ឆ្លង​កាត់​ការសាកល្បង​នានា គំរូ​របស់​គាត់អំពីការខិតខំ​ធ្វើការ ភាពសក្តិសម​របស់​គាត់​ដើម្បី​អនុវត្ត​បព្វជិតភាព និង​ភាពបរិសុទ្ធ សេចក្តីស្រឡាញ់​ដ៏​ឥតងាករេ​ដែល​គាត់​បាន​បង្ហាញ​ក្នុង​នាម​ជា​ឪពុក​វ័យ​ក្មេង​មួយ​រូប ។

ឪពុក​ដែល​នៅ​ជុំវិញ​យើង

រូបភាព
watercolor painting

រូបភាព​ដែល​លាប​ដោយ​ថ្នាំទឹក​ពណ៌ ដោយ​អ្នក​និពន្ធ​អំពី​ស្វាមី និង​កូនស្រីរបស់​គាត់ ។ គាត់​ត្រូវបាន​បំផុសគំនិត​ឲ្យ​ចាប់​យក​ផ្នែក​សិល្បៈ​គំនូរ​ដោយ​គ្រូបង្រៀន​តាម​ផ្ទះ​របស់​គាត់—ដែល​ជា​អ្នកដើរតួ​ធ្វើជា​ឪពុក​ម្នាក់​នៅក្នុង​ជីវិត​គាត់ ។

គ្មាន​ដែន​កំណត់​ចំពោះ​ឥទ្ធិពល​នៃ​បុរស​ម្នាក់​ដែល​យល់​ដូច​ជា​ម៉ូសេ​ស្គាល់អំពី​ខ្លួន​របស់​គាត់​ឡើយ ។ ស៊ិស្ទើរ ស្សើរី ឌូ អតីត​ទីប្រឹក្សា​ទី​ពីរ​នៅក្នុង​គណៈប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បង្រៀន​ថា ស្ត្រី​ទាំងអស់មានការ​អប់រំ​ឲ្យ​បំពេញ​តួនាទី​នៃ​ភាព​ជាម្តាយ ទោះបី​ជាពួកគេ​ពុំ​ទាន់​ក្លាយ​ជា​ម្តាយ​ក្តី ។ គាត់​បាន​ថ្លែង​ទីបន្ទាល់​ថា « យើង​ទាំងអស់​គ្នា​គឺ​ជា​ម្តាយ​នៅក្នុងសាសន៍អ៊ីស្រាអែល ហើយ​ការហៅ​របស់​យើង​គឺ​ដើម្បីស្រឡាញ់ និង​ជួយ​ដឹកនាំ​ជំនាន់​ដែល​កំពុង​ពេញ​វ័យ​ឆ្លង​កាត់ផ្លូវ​ដ៏​គ្រោះថ្នាក់​នៃ​ជីវិត​រមែង​ស្លាប់​នេះ » ។ បុរស​ដែល​ជា​គំរូ​សុចរិត​ក្នុងការ​បំពេញ​តួនាទី​នៃ​ការធ្វើ​ជា​ឪពុក​នៅក្នុង​សាសន៍អ៊ីស្រាអែល និង​គំរូ​ដ៏​មាន​គុណ​ធម៌​របស់​គាត់​អាច​ជះ​ឥទ្ធិពល​ហួស​ពី​គ្រួសារ​របស់​ពួកគេ​ផ្ទាល់​ទៅ​ទៀត ។

បន្ទាប់​ពី​ឧបសគ្គ​នៅ​កុមារភាព​របស់​ខ្ញុំ ខ្ញុំ​មាន​ទំនុកចិត្ត​ថា ព្រះវរបិតា​សួគ៌​បាន​ជ្រាប​ដឹង​យ៉ាង​ពិត​ប្រាកដនូវ​អ្វី​ដែល​ខ្ញុំ​ត្រូវការ ដើម្បី​ធ្វើ​ឲ្យ​ខ្ញុំ​ទុកចិត្តលើ​ដៃគូ​អស់កល្ប​ជានិច្ច​របស់​ខ្ញុំ ។ គាត់​ធ្វើ​ជា​គំរូ​ដ៏​ខ្ជាប់ខ្ជួន​ជាច្រើន​អំពី​ភាព​ជា​ឪពុក​នៅក្នុង​ជីវិត​ខ្ញុំ ។ ទាំង​នេះ​រួមមាន​ទាំង​ជីតា​សុចរិត​របស់​ខ្ញុំ ដែល​ស្រឡាញ់​ព្រះអម្ចាស់ និង​ជា​គ្រូបង្រៀន​តាម​ផ្ទះ​ដ៏​ឧស្សាហ៍​ព្យាយាម​ដែល — យល់​អំពី​ដែន​កំណត់​នៃ​ហិរញ្ញវត្ថុ​របស់​គ្រួសារ​ខ្ញុំ — បាន​យក​ខ្ញុំ​ឲ្យ​ធ្វើ​ជា​កូន​សិស្ស​របស់​គាត់​នៅក្នុង​ស្ទូឌីយ៉ូ​សិល្បៈ​របស់​គាត់ ហើយបំផុស​គំនិត​ខ្ញុំ​ឲ្យ​ធ្វើ​តាម​គន្លង​វិជ្ជាជីវៈ​របស់​គាត់ ។​ នៅក្នុង​ជីវិត​ជា​យុវមជ្ឈិមវ័យ​របស់​ខ្ញុំ ការព្យាបាល​សួគ៌ា​ក៏​ត្រូវបាន​ប្រទាន​មក​តាមរយៈ​ពរជ័យ​ដែល​ពុំ​បាន​រំពឹង​ទុក​នៃ​ការ​ទទួល​ឪពុក​ចុង​ដ៏​សុចរិត​ម្នាក់ ដែល​មាន​ចិត្ត​អត់ធ្មត់​ជាមួយ​នឹង​ភាពស្ទាក់ស្ទើរ​របស់​ខ្ញុំ ដើម្បី​ទុកចិត្ត​លើ​អ្នកដើរតួ​ជា​ឪពុក ហើយ​ដែល​បន្ត​បង្ហាញ​សេចក្តីសប្បុរស​ដល់​ខ្ញុំ ។

តាមរយៈ​ឥទ្ធិពល​សុចរិត​របស់​អ្នកដើរតួ​ជា​ឪពុក​ទាំង​នេះ នោះ​ខ្ញុំ​រក​ឃើញ​សេចក្តីសង្ឃឹម ការព្យាបាល និង​អំណរ ។ ខ្ញុំ​មាន​អំណរគុណ​ដល់​បុរស​ទាំងអស់​ដែល​ធ្វើ​តាម​គំរូ​ដែល​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​បាន​បង្កើត​ឡើង ហើយ​ព្យាយាម​ធ្វើ​ជា​គំរូ​អំពី​ភាព​ជា​ឪពុក​ដ៏​ថ្លៃថ្នូរ ។

កំណត់​ចំណាំ

  1. ជេម អ៊ី ហ្វោស្ត « Them That Honour Me I Will Honour » Liahona ខែ កក្កដា ឆ្នាំ ២០០១ ទំព័រ ៥៤ ។

  2. « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ១៤៥ ។

  3. Bruce Feiler « The Stories That Bind Us » New York Times ថ្ងៃ​ទី ១៥ ខែ មិនា ឆ្នាំ ២០១៣ គេហទំព័រ nytimes.com ។

  4. ស្សើរី អិល ឌូ « Are We Not All Mothers ? » Liahona ខែ មករា ឆ្នាំ ២០០២ ទំព័រ ១១៣ ។