សេចក្ដីពិត និងផែនការ
នៅពេលយើងស្វែងរកសេចក្ដីពិតអំពីសាសនា យើងគួរតែប្រើវិធីសាស្ត្រខាងវិញ្ញាណដែលសមរម្យសម្រាប់ការស្រាវជ្រាវនោះ ។
វិវរណៈសម័យទំនើបឲ្យនិយមន័យសេចក្ដីពិតថា « ការចេះដឹងអំពីការណ៍ទាំងឡាយដែលមាននៅពេលនេះ និងការណ៍ទាំងឡាយដែលមានមកហើយ ហើយនឹងការណ៍ទាំងឡាយដែលនឹងមាននៅខាងមុខ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:២៤ ) ។ នេះគឺជានិយមន័យត្រឹមត្រូវបំផុតសម្រាប់ផែនការនៃសេចក្ដីសង្គ្រោះ និង « ក្រុមគ្រួសារ ៖ ការប្រកាសដល់ពិភពលោក » ។
យើងរស់នៅក្នុងជំនាន់ដែលមាននូវព័ត៌មានសម្បូរបែប និងចែកចាយគ្នា ។ ប៉ុន្តែមិនមែនព័ត៌មានទាំងអស់សុទ្ធតែពិតប្រាកដទេ ។ យើងត្រូវតែប្រុងប្រយ័ត្ននៅពេលយើងស្វែងរកសេចក្ដីពិត និងជ្រើសរើសប្រភពសម្រាប់ការស្រាវជ្រាវនោះ ។ យើងមិនគួរចាត់ទុកប្រជាប្រិយភាព និងសិទ្ធិអំណាចលោកិយថាជាប្រភពនៃសេចក្ដីពិតដ៏មានគុណភាពឡើយ ។ យើងគួរតែប្រុងប្រយ័ត្នលើការពឹងផ្អែកទៅលើព័ត៌មាន ឬយោបល់ដែលផ្ដល់ឲ្យដោយតារាសម្ដែង អត្តពលករដ៏មានប្រជាប្រិយភាព ឬប្រភពអ៊ិនធើរណែតអនាមិកឡើយ ។ អ្នកឯកទេសក្នុងជំនាញមួយមិនគួរត្រូវបានចាត់ទុកជាអ្នកឯកទេសក្នុងសេចក្ដីពិតនៃប្រធានបទផ្សេងទៀតទេ ។
យើងគួរតែប្រុងប្រយ័ត្នលើការជំរុញចិត្តមកពីបុគ្គលដែលផ្ដល់ព័ត៌មាន ។ នេះជាមូលហេតុដែលព្រះគម្ពីរព្រមានយើងពីឧបាយកល្បផ្នែកសង្ឃ ( សូមមើល នីហ្វៃទី២ ២៦:២៩ ) ។ បើប្រភពគឺជាអនាមិក ឬមិនស្គាល់ឈ្មោះ នោះព័ត៌មានរបស់វាអាចគួរឲ្យសង្ស័យ ។
ការសម្រេចចិត្តផ្ទាល់ខ្លួនយើងគួរតែផ្អែកទៅលើព័ត៌មានចេញមកពីប្រភពនានា ដែលមានគុណភាពស្ដីពីប្រធានបទនោះ ហើយគ្មានទំនោរទៅរកការជំរុញចិត្តដ៏អាត្មានិយមទេ ។
I.
នៅពេលយើងស្វែងរកសេចក្ដីពិតអំពីសាសនា យើងគួរតែប្រើវិធីសាស្ត្រខាងវិញ្ញាណដែលសមរម្យសម្រាប់ការស្រាវជ្រាវនោះ ៖ ការអធិស្ឋាន សាក្សីមកពីព្រះវិញ្ញាណបរិសុទ្ធ និងការសិក្សាព្រះគម្ពីរ ព្រមទាំងប្រសាសន៍របស់ព្យាការីសម័យទំនើប ។ ខ្ញុំតែងតែក្រៀមក្រំនៅពេលឮនរណាម្នាក់ដែលប្រាប់ថា គេបានបាត់បង់សេចក្ដីជំនឿខាងសាសនាដោយសារតែការបង្រៀនរបស់លោកិយ ។ អ្នកទាំងឡាយដែលធ្លាប់មានទស្សនខាងវិញ្ញាណ អាចរងទុក្ខមកពីការដាក់ទោសខ្លួនឯងថាមានភាពងងឹតងងល់ខាងវិញ្ញាណ ។ ដូចប្រធាន ហិនរី ប៊ី អាវរិង បានមានប្រសាសន៍ថា « បញ្ហារបស់ពួកគេពុំផ្អែកទៅលើអ្វីដែលពួកគេគិតថាមើលឃើញនោះទេ ប៉ុន្តែផ្អែកទៅលើអ្វីដែលពួកគេមើលមិនទាន់ឃើញទៅវិញ » ។
វិធីសាស្ត្របែបវិទ្យាសាស្ត្រដឹកនាំយើងទៅរកអ្វីមួយដែលយើងហៅថាសេចក្ដីពិតខាងវិទ្យាសាស្ត្រ ។ ប៉ុន្តែ « សេចក្តីពិតខាងវិទ្យាសាស្ត្រ » ពុំមែនជាគោលបំណងពេញលេញនៃជីវិតទេ ។ អ្នកទាំងឡាយដែលពុំរៀន « ដោយសារការសិក្សា និងដោយសារសេចក្ដីជំនឿផង » ទេ ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:១១៨ ) នោះនឹងកំណត់ការយល់ដឹងរបស់ខ្លួនអំពីសេចក្ដីពិតនៅត្រឹមតែអ្វីដែលពួកគេអាចបញ្ជាក់បានតាមរយៈមធ្យោបាយបែបវិទ្យាសាស្ត្រប៉ុណ្ណោះ ។ ការធ្វើដូចនេះដាក់កម្រិតក្លែងបន្លំទៅលើការខិតខំស្វែងរកសេចក្ដីពិត ។
ប្រធាន ជែមស៍ អ៊ី ហ្វោស្ត បានមានប្រសាសន៍ថា « អ្នកទាំងឡាយដែលបាន [ ទទួលបុណ្យជ្រមុជទឹក ] រួចហើយ ដាក់ព្រលឹងអស់កល្បរបស់ពួកគេក្នុងភាពប្រថុយប្រថាន តាមរយៈការខិតខំស្វែងរកដោយមិនប្រុងប្រយ័ត្ន តាមតែរយៈប្រភពនៃការរៀនសូត្រខាងលោកិយ ។ យើងជឿថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ មាននូវភាពពោរពេញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អដែលជាចំណែកចាំបាច់នៃសេចក្ដីពិត និងការត្រាស់ដឹង » ។
យើងរកឃើញសេចក្ដីពិត និងអំណរស្ថិតស្ថេរតាមរយៈការមកស្គាល់ និងការធ្វើតាមសេចក្ដីពិតអំពីអត្តសញ្ញាណរបស់យើង ខ្លឹមសារនៃជីវិតរមែងស្លាប់ និងកន្លែងដែលយើងទៅពេលយើងស្លាប់ ។ សេចក្ដីពិតទាំងនោះមិនអាចរៀនបានដោយប្រើវិធីសាស្ត្របែបវិទ្យាសាស្ត្រ ឬខាងលោកិយបានទេ ។
II.
ឥឡូវនេះ ខ្ញុំនឹងថ្លែងអំពីសេចក្ដីពិតនៃដំណឹងល្អដែលបានស្ដារឡើងវិញ ដែលជាមូលដ្ឋានគ្រឹះនៃគោលទ្ធិនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ សូមពិចារណាអំពីសេចក្ដីពិតទាំងនេះដោយប្រុងប្រយ័ត្ន ។ ពួកគេពន្យល់ច្រើនអំពីគោលលទ្ធិ និង ការប្រតិបត្តិនានា ប្រហែលជារួមទាំងអ្វីខ្លះដែលពួកគេពុំទាន់យល់នៅឡើយ ។
មានព្រះមួយអង្គ ដែលជាព្រះវរបិតាសួគ៌ជាទីស្រឡាញ់របស់វិញ្ញាណទាំងអស់នៃមនុស្សដែលបានរស់នៅ ព្រមទាំងមនុស្សដែលនឹងរស់នៅលើផែនដី ។
ភេទប្រុសភេទស្រីគឺអស់កល្ប ។ ពីមុនយើងកើតមកលើផែនដីនេះ យើងបានរស់នៅជាវិញ្ញាណភេទប្រុស ឬភេទស្រីក្នុងវត្តមានរបស់ព្រះ ។
យើងទើបតែបានឮក្រុមចម្រៀងរោងឧបោសថនៅវិសាលដ្ឋានព្រះវិហារបរិសុទ្ធច្រៀងបទ « ខ្ញុំនឹងធ្វើតាមផែនការព្រះ » ។ នោះគឺជាផែនការដែលព្រះបង្កើតឡើង ដើម្បីឲ្យបុត្រាបុត្រីខាងវិញ្ញាណទាំងអស់អាចរីកចម្រើនអស់កល្បជានិច្ច ។ ផែនការនោះសំខាន់សម្រាប់យើងម្នាក់ៗ ។
ជាចំណែកក្នុងផែនការនោះ ព្រះបានបង្កើតផែនដីជាកន្លែងដែលបុត្រាបុត្រីខាងវិញ្ញាណជាទីស្រឡាញ់ទ្រង់ អាចកើតក្នុងជីវិតរមែងស្លាប់ដើម្បីទទួលបានរូបកាយខាងសាច់ឈាម និងមានឱកាសរីកចម្រើនអស់កល្បជានិច្ចតាមរយៈការធ្វើជម្រើសសុចរិតនានា ។
ដើម្បីឲ្យមានខ្លឹមសារ ជម្រើសក្នុងជីវិតរមែងស្លាប់ត្រូវតែធ្វើឡើងរវាងការប្រកួតប្រជែងនៃសេចក្ដីល្អ និងសេចក្ដីអាក្រក់ ។ វាត្រូវតែមានការផ្ទុយ ដូច្នោះទើបបច្ចាមិត្តដែលត្រូវបានបណ្ដេញចេញដោយសារតែការបះបោរនោះ ហើយត្រូវបានអនុញ្ញាតឲ្យមកល្បួងបុត្រាបុត្រីរបស់ព្រះឲ្យប្រព្រឹត្តផ្ទុយទៅនឹងផែនការរបស់ព្រះ ។
គោលបំណងនៃផែនការព្រះ គឺដើម្បីផ្ដល់ឱកាសឲ្យបុត្រាបុត្រីទ្រង់ជ្រើសរើសជីវិតអស់កល្បជានិច្ច ។ គោលបំណងនេះអាចសម្រេចបានតែតាមរយៈបទពិសោធន៍ក្នុងជីវិតរមែងស្លាប់ បន្ទាប់ពីស្លាប់ តាមរយៈភាពរីកចម្រើនបន្ទាប់ពីជីវិតរមែងស្លាប់នៅក្នុងពិភពវិញ្ញាណ ។
នៅក្នុងជីវិតរមែងស្លាប់ យើងទាំងអស់នឹងត្រូវមានបាប នៅពេលយើងធ្វើតាមការល្បួងអាក្រក់របស់មារសត្រូវ ហើយយើងនឹងស្លាប់នៅទីបំផុត ។ យើងបានទទួលយកឧបសគ្គទាំងនោះដោយផ្អែកទៅលើការអះអាងរបស់ផែនការនោះថា ព្រះជាព្រះវរបិតានឹងប្រទានព្រះអង្គសង្គ្រោះ ជាព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ ដែលនឹងសង្គ្រោះយើងតាមរយៈការរស់ឡើងវិញជាសាកលដល់ជីវិតខាងរូបកាយដែលបានស្លាប់ ។ ព្រះអង្គសង្គ្រោះក៏នឹងប្រទានដង្វាយធួនមួយដើម្បីបង់ថ្លៃជំនួសមនុស្សទាំងអស់ ឲ្យបានស្អាតពីអំពើបាបផ្អែកលើលក្ខខណ្ឌដែលទ្រង់បានដាក់ ។ លក្ខខណ្ឌទាំងនោះរួមមានសេចក្ដីជំនឿលើព្រះគ្រីស្ទ ការប្រែចិត្ត ពិធីបុណជ្រមុជទឹក អំណោយទានជាព្រះវិញ្ញាណបរិសុទ្ធ និងពិធីបរិសុទ្ធផ្សេងៗដែលធ្វើឡើងដោយសិទ្ធិអំណាចបព្វជិតភាព ។
ផែនការសុភមង្គលដ៏មហិមារបស់ព្រះផ្ដល់នូវតុល្យភាពឥតខ្ចោះមួយរវាងភាពយុត្តិធម៌អស់កល្ប និងសេចក្ដីមេត្តាករុណាដែលយើងអាចទទួលបានតាមរយៈដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ វាក៏ធ្វើឲ្យយើងបានកើតជាថ្មីនៅក្នុងព្រះគ្រីស្ទដែរ ។
ព្រះជាទីស្រឡាញ់ទ្រង់ជួយយើងម្នាក់ៗ ។ យើងដឹងថា តាមរយៈក្ដីស្រឡាញ់ទ្រង់ និងដោយសារតែដង្វាយធួននៃព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់នោះ « មនុស្សលោកទាំងអស់ អាចបានសង្គ្រោះ ដោយសារការគោរពតាមក្រឹត្យវិន័យ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ [ របស់ទ្រង់ ] ( មាត្រានៃសេចក្ដីជំនឿ ១:៣ បានគូសបញ្ជាក់បន្ថែម ) ។
សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ត្រូវបានស្គាល់ច្បាស់ថាជាសាសនាចក្រដែលផ្ដោតលើក្រុមគ្រួសារ ។ ប៉ុន្តែអ្វីដែលគេយល់មិនសូវច្បាស់គឺថា ការផ្ដោតលើក្រុមគ្រួសាររបស់យើង គឺត្រូវបានផ្ដោតលើសជាងទំនាក់ទំនងក្នុងជីវិតរមែងស្លាប់ទៅទៀត ។ ទំនាក់ទំនងអស់កល្បជានិច្ចក៏ជាមូលដ្ឋានគ្រឹះនៃសាសនារបស់យើងដែរ ។ « ក្រុមគ្រួសារគឺត្រូវបានតែងតាំងឡើងដោយព្រះ » ។ ក្នុងផែនការដ៏មហិមារបស់អង្គបង្កបង្កើតជាទីស្រឡាញ់យើង បេសកកម្មនៃសាសនាចក្រដែលបានស្ដារឡើងវិញរបស់ទ្រង់គឺត្រូវជួយបុត្រាបុត្រីនៃព្រះឲ្យទទួលបានពរជ័យដ៏ខ្ពស់នៃភាពតម្កើងឡើងក្នុងនគរសេឡេស្ទាល ដែលអាចទទួលបានតែតាមរយៈអាពាហ៍ពិពាហ៍អស់កល្បជានិច្ចរវាងបុរស និងស្ត្រីប៉ុណ្ណោះ ( សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១–៣ ) ។ យើងសូមអះអាងការបង្រៀនរបស់ព្រះអម្ចាស់ថា « ភេទប្រុសស្រីគឺជាលក្ខណៈពិសេសនៃអត្តសញ្ញាណ និងគោលបំណងរបស់បុគ្គលម្នាក់ៗ នៅជីវិតមុនផែនដី ជីវិតរមែងស្លាប់ និង នៅអស់កល្បជានិច្ច » ហើយថា « អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រីគឺជាផ្នែកមួយដ៏សំខាន់ក្នុងផែនការដ៏នៅអស់កល្បជានិច្ចរបស់ទ្រង់ » ។
ទីបំផុត ក្ដីស្រឡាញ់របស់ព្រះមហិមាណាស់ លើកលែងតែមនុស្សខ្លះដែលមានចេតនាក្លាយជាកូនអន្តរធានប៉ុណ្ណោះ ក្រៅពីនោះទ្រង់នឹងប្រទានជោគវាសនានៃសិរីល្អសម្រាប់បុត្រាបុត្រីទាំងអស់របស់ទ្រង់ ។ « បុត្រាបុត្រីទាំងអស់របស់ទ្រង់ » រួមទាំងអស់អ្នកដែលស្លាប់ទៅ ។ យើងធ្វើពិធីបរិសុទ្ធនានាសម្រាប់ពួកគេដោយពិធីជំនួសនៅក្នុងព្រះវិហារបរិសុទ្ធរបស់យើង ។ គោលបំណងនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ គឺដើម្បីធ្វើឲ្យបុត្រាបុត្រីទ្រង់សក្ដិសមនឹងកម្រិតសិរីល្អខ្ពស់បំផុត ដែលជាភាពតម្កើងឡើង ឬជីវិតអស់កល្បជានិច្ច ។ សម្រាប់អ្នកទាំងឡាយណាដែលគ្មានបំណងប្រាថ្នា ឬមិនសក្ដិសមនឹងកម្រិតនោះ ទោះជាកម្រិតទាបជាងក្ដី ព្រះនឹងប្រទាននគរសិរីល្អផ្សេងទៀត ។
នរណាក៏ដោយដែលយល់អំពីសេចក្ដីពិតអស់កល្បទាំងនេះ អាចយល់អំពីមូលហេតុដែលសមាជិកក្នុងសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគិតដូចអ្វីដែលយើងធ្វើ និងមានឥរិយាបថដូចអ្វីដែលយើងធ្វើ ។
III.
ឥឡូវនេះ ខ្ញុំនឹងលើកឡើងអំពីការអនុវត្តមួយចំនួននៃសេចក្ដីពិតអស់កល្បទាំងនេះ ដែលយើងអាចយល់បានតែពេលយើងគិតដល់ផែនការរបស់ព្រះប៉ុណ្ណោះ ។
ទីមួយ យើងគោរពសិទ្ធិជ្រើសរើសរបស់បុគ្គលម្នាក់ៗ ។ មនុស្សភាគច្រើនបានដឹងអំពីកិច្ចខិតខំដ៏ខ្លាំងក្លារបស់សាសនាចក្រដែលបានស្ដារឡើងវិញ ដើម្បីគាំទ្រឲ្យមានសេរីភាពសាសនានៅសហរដ្ឋអាមេរិក និងពាសពេញពិភពលោក ។ កិច្ចខិតខំទាំងនេះពុំគាំទ្រតែផលប្រយោជន៍យើងប៉ុណ្ណោះទេ ប៉ុន្តែយោងតាមផែនការទ្រង់ យើងព្យាយាមជួយបុត្រាបុត្រីទាំងអស់របស់ព្រះឲ្យរីករាយនឹងមានសេរីភាពក្នុងការជ្រើសរើស ។
ទីពីរ យើងគឺជាប្រជាជនផ្សព្វផ្សាយសាសនា ។ ពេលខ្លះ យើងសួរអំពីមូលហេតុដែលយើងបញ្ជូនអ្នកផ្សព្វផ្សាយសាសនាឲ្យធ្វើដូច្នោះក្នុងជាតិសាសន៍ជាច្រើន ទោះជាក្នុងចំណោមប្រជាជនកាន់សាសនាគ្រិស្ដក្ដី ។ យើងក៏ទទួលបានសំណួរដូចគ្នាអំពីមូលហេតុដែលយើងឧបត្ថម្ភប្រាក់រាប់លានដុល្លាដល់ជំនួយសប្បុរសធម៌ ដើម្បីជួយមនុស្សដែលមិនមែនជាសមាជិកក្នុងសាសនាចក្រយើង និងមូលហេតុដែលយើងមិនធ្វើឲ្យការជួយនេះពាក់ព័ន្ធទៅនឹងកិច្ចខិតខំផ្សព្វផ្សាយសាសនារបស់យើង ។ យើងធ្វើដូចនេះព្រោះយើងឲ្យតម្លៃមនុស្សទាំងអស់ជាបុត្រាបុត្រីរបស់ព្រះ—ជាបងប្អូនប្រុសស្រីយើង—ហើយយើងចង់ចែករំលែកភាពបរិបូរខាងវិញ្ញាណ និងខាងសាច់ឈាមជាមួយមនុស្សគ្រប់រូប ។
ទីបី ជីវិតរមែងស្លាប់គឺពិសិដ្ឋសម្រាប់យើង ។ ការតាំងចិត្តរបស់យើងចំពោះផែនការព្រះ តម្រូវឲ្យយើងជំទាស់នឹងការរំលូតកូន និងសុមរណៈ ។
ទីបួន មនុស្សខ្លះមានបញ្ហានឹងគោលជំហរមួយចំនួននៃសាសនាចក្រយើងស្ដីពីអាពាហ៍ពិពាហ៍ និងកូន ។ ចំណេះដឹងរបស់យើងអំពីផែនការនៃសេចក្ដីសង្គ្រោះរបស់ព្រះដែលបានបើកសម្ដែង តម្រូវឲ្យយើងជំទាស់នឹងសម្ភាធខាងសង្គម និងផ្លូវច្បាប់ដែលប្រព្រឹត្តផ្ទុយពីអាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី ហើយការផ្លាស់ប្ដូរនានាដែលធ្វើឲ្យភាន់ច្រឡំ ឬកែប្រែភេទប្រុសភេទស្រី ឬកែប្រែផ្ទុយពីធម្មជាតិរវាងភេទប្រុស និង ភេទស្រីឲ្យទៅជាភេទតែមួយ ។ យើងដឹងថា ទំនាក់ទំនង អត្តសញ្ញាណ និងតួនាទីរបស់បុរស និងស្ត្រីគឺចាំបាច់ក្នុងការសម្រេចបានផែនការដ៏មហិមារបស់ព្រះ ។
ទីប្រាំ យើងក៏មានទស្សនវិស័យប្លែកមួយទៅលើកូនចៅដែរ ។ យើងចាត់ទុកការបង្កើត និងការចិញ្ចឹមបីបាច់កូនចៅថាជាចំណែកក្នុងផែនការព្រះ និងជាកាតព្វកិច្ចពិសិដ្ឋដ៏រីករាយនៃជនដែលបានទទួលឱកាសឲ្យធ្វើដូច្នេះ ។ ក្នុងទស្សនរបស់យើង សម្បត្តិធំបំផុតលើផែនដី និងស្ថានសួគ៌គឺកូនចៅ និងពូជពង្សយើង ។ ហេតុដូច្នោះហើយ យើងត្រូវតែបង្រៀន ហើយអះអាងលើគោលការណ៍ និងការអនុវត្តនានាដែលផ្ដល់នូវលក្ខខណ្ឌដើម្បីមានការអភិវឌ្ឍ និងសុភមង្គលដល់កូនចៅ—គឺកូនចៅទាំងអស់ ។
ចុងក្រោយបង្អស់ យើងគឺជាបុត្រាបុត្រីសំណព្វរបស់ព្រះវរបិតាសួគ៌ ដែលបានត្រាស់បង្រៀនយើងថា ភេទប្រុស និងភេទស្រី អាពាហ៍ពិពាហ៍រវាងបុរស និងស្ត្រី ព្រមទាំងការបង្កើត និងការចិញ្ចឹមបីបាច់កូនចៅគឺចាំបាច់ដល់ផែនការនៃសុភមង្គលដ៏មហិមារបស់ទ្រង់ ។ គោលជំហររបស់យើងស្ដីពីមូលដ្ឋានគ្រឹះទាំងនេះ ជាញឹកញាប់បណ្ដាលឲ្យមានការប្រឆាំងនឹងសាសនាចក្រ ។ យើងចាត់ទុកថានោះជារឿងចៀសមិនរួច ។ ការប្រឆាំងគឺជាចំណែកមួយក្នុងផែនការ ហើយការប្រឆាំងដ៏ខ្លាំងក្លារបស់សាតាំងត្រូវបានដាក់នៅត្រង់ចំណុចដែលសំខាន់បំផុតក្នុងផែនការរបស់ព្រះ ។ វាព្យាយាមបំផ្លាញកិច្ចការរបស់ព្រះ ។ វិធីសាស្ត្រចម្បងរបស់វាគឺធ្វើមិនឲ្យគេជឿលើព្រះអង្គសង្គ្រោះ និងសិទ្ធិអំណាចដ៏ទេវភាពរបស់ទ្រង់ លុបបំបាត់ចោលអានុភាពនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ មិនលើកទឹកចិត្តឲ្យប្រែចិត្ត បង្កើតវិវរណៈក្លែងក្លាយនិងមិនព្រមទទួលខុសត្រូវផ្ទាល់ខ្លួន ។ វាក៏ព្យាយាមបំភាន់រវាងភេទប្រុសភេទស្រី កែប្រែនិយមន័យនៃអាពាហ៍ពិពាហ៍ និងមិនលើកទឹកចិត្តឲ្យបង្កើតកូន—ជាពិសេសដល់ឪពុកម្ដាយដែលនឹងចិញ្ចឹមកូនចៅក្នុងសេចក្ដីពិត ។
IV.
កិច្ចការរបស់ព្រះអម្ចាស់កំពុងឆ្ពោះទៅមុខទោះជាមានការប្រឆាំងបង្កើតឡើង និងឥតឈប់ឈរ ដែលយើងប្រឈមមុខពេលយើងតស៊ូអនុវត្តតាមការបង្រៀនរបស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយក្ដី ។ ខ្ញុំសូមផ្ដល់ការណែនាំដល់បងប្អូនដែលស្ទាក់ស្ទើរព្រោះតែការប្រឆាំងនោះ ។
សូមចងចាំថា គោលការណ៍នៃការប្រែចិត្តមានដោយសារតែព្រះចេស្ដានៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ។ ដូចអែលឌើរ នែល អេ ម៉ាក់ស្វែល បានលើកទឹកចិត្តថា សូមកុំធ្វើជាមនុស្សក្នុងចំណោម « អ្នកដែលនឹងព្យាយាមកែប្រែសាសនាចក្រ ជាជាងកែប្រែខ្លួនពួកគេ » ។
ដូចអែលឌើរ ជែហ្វ្រី អ័រ ហូឡិន បានលើកទឹកចិត្តថា ៖
យើងអាចតោងឲ្យជាប់ទៅនឹងអ្វីដែលអ្នកបានដឹងរួចហើយនោះ ហើយឈរឲ្យរឹងមាំរហូតដល់ទទួលបានចំណេះដឹងបន្ថែម ។…
« … នៅក្នុងសាសនាចក្រនេះ អ្វីដែលយើងដឹងនឹងតែងតែសំខាន់ជាងអ្វីដែលយើងមិនដឹង » ។
សូមអនុវត្តសេចក្ដីជំនឿលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដែលជាគោលការណ៍ទីមួយនៃដំណឹងល្អ ។
ទីបំផុត សូមស្វែងរកជំនួយ ។ ថ្នាក់ដឹកនាំសាសនាចក្រយើងស្រឡាញ់បងប្អូន ហើយស្វែងរកការដឹកនាំខាងវិញ្ញាណដើម្បីជួយបងប្អូន ។ យើងផ្ដល់ធនធានជាច្រើនដែលអ្នកនឹងរកបាននៅគេហទំព័រ LDS.org និងការគាំទ្រដទៃទៀតសម្រាប់ការសិក្សាដំណឹងល្អនៅគេហដ្ឋាន ។ យើងក៏មានបងប្អូនប្រុសស្រីធ្វើការងារបម្រើ ដែលត្រូវបានហៅឲ្យផ្ដល់ជំនួយពេញដោយក្ដីស្រឡាញ់ ។
ព្រះវរបិតាសួគ៌ជាទីស្រឡាញ់យើងសព្វព្រះទ័យឲ្យបុត្រាបុត្រីទ្រង់មានអំណរ ដែលជាគោលបំណងនៃការបង្កបង្កើតយើង ។ ជោគវាសនាដ៏រីករាយនោះគឺអស់កល្ប ដែលយើងអាចទទួលបានដោយការឆ្ពោះទៅមុខតាមប្រសាសន៍ព្យាការីយើង ប្រធាន រ័សុល អិម ណិលសុន តែងហៅថា « ផ្លូវនៃសេចក្ដីសញ្ញា » ។ នេះជាសារលិខិតដំបូងរបស់លោកដែលបានថ្លែងក្នុងនាមជាប្រធានសាសនាចក្រ ៖ « ចូរបន្តដើរលើផ្លូវនៃសេចក្ដីសញ្ញា » ។ ការតាំងចិត្តរបស់បងប្អូនដើម្បីធ្វើតាមព្រះអង្គសង្គ្រោះ តាមរយៈការចុះសេចក្ដីសញ្ញាជាមួយទ្រង់ បន្ទាប់មករក្សាសេចក្ដីសញ្ញានោះ នឹងបើកទ្វារទៅកាន់ពរជ័យ ព្រមទាំងឯកសិទ្ធិខាងវិញ្ញាណទាំងអស់ ដែលមានចំពោះបុរស ស្ត្រី និងកុមារនៅគ្រប់ទីកន្លែង » ។
ខ្ញុំសូមថ្លែងទីបន្ទាល់ជាឧឡារិកថា សេចក្ដីដែលខ្ញុំថ្លែងទាំងអម្បាលម៉ានជាការពិត ហើយវាអាចកើតឡើងតាមរយៈការបង្រៀន និងដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ ដែលកើតមានដល់មនុស្សទាំងអស់ក្នុងផែនការដ៏មហិមារបស់ព្រះ ជាព្រះវរបិតាសួគ៌អស់កល្បជានិច្ចរបស់យើង ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។