វិវរណៈសម្រាប់សាសនាចក្រ វិវរណៈសម្រាប់ជីវិតរបស់យើង
នៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ ។
វាគឺជាឯកសិទ្ធិដ៏រុងរឿងអ្វីម៉្លេះដើម្បីអបអរបុណ្យអ៊ីស្ទើរជាមួយនឹងបងប្អូននៅថ្ងៃអាទិត្យនេះក្នុងសន្និសីទទូទៅ ! គ្មានអ្វីដែលអាចសក្ដិសមជាងការរំឭកដល់ព្រឹត្តិការណ៍ដ៏សំខាន់បំផុតដែលពុំធ្លាប់កើតឡើងនៅលើផែនដីនេះ ដោយការថ្វាយបង្គំតួអង្គដ៏សំខាន់បំផុតដែលបានយាងមកលើផែនដីនេះ ។ នៅក្នុងកិច្ចការនេះ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទពួកបរិសុទ្ធថ្ងៃចុងក្រោយ យើងថ្វាយបង្គំទ្រង់ដែលបានចាប់ផ្ដើមដង្វាយធួនដ៏និរន្តរនៅក្នុងសួនច្បារគែតសេម៉ានី ។ ទ្រង់បានស្ម័គ្រព្រះទ័យដើម្បីរងទុក្ខចំពោះអំពើបាប និងភាពទន់ខ្សោយរបស់យើងម្នាក់ៗ ដែលការរងទុក្ខនោះបានធ្វើឲ្យទ្រង់« ត្រូវច្រួចលោហិតចេញពីគ្រប់រន្ធញើស » ។ ទ្រង់ត្រូវបានគេឆ្កាងនៅលើឈើឆ្កាងនៅភ្នំកាល់វ៉ារី ហើយបានក្រោកឡើងនៅថ្ងៃទីបីជាអង្គដែលមានព្រះជន្មរស់ឡើងវិញដំបូងគេក្នុងចំណោមបុត្រាបុត្រីនៃព្រះវរបិតាសួគ៌យើង ។ ខ្ញុំស្រឡាញ់ទ្រង់ ហើយសូមថ្លែងទីបន្ទាល់ថា ទ្រង់មានព្រះជន្មរស់ ! ទ្រង់ដឹកនាំ ហើយណែនាំដល់សាសនាចក្ររបស់ទ្រង់ ។
បើគ្មានដង្វាយធួនជានិរន្តររបស់ព្រះដ៏ប្រោសលោះនៃយើងទេ នោះក៏គ្មានយើងណាម្នាក់មានសង្ឃឹមនឹងត្រឡប់ទៅឯព្រះវរបិតាសួគ៌នៃយើងបានឡើយ ។ បើគ្មានការមានព្រះជន្មរស់ឡើងវិញរបស់ទ្រង់ទេ នោះសេចក្ដីស្លាប់នឹងជាចុងបញ្ចប់ ។ ដង្វាយធួនរបស់ព្រះអង្គសង្គ្រោះនៃយើងបានធ្វើឲ្យជីវិតអស់កល្បជានិច្ច និងអតមភាពអាចកើតមានដល់យើងគ្រប់គ្នា ។
ដោយសារតែបេសកកម្មដ៏សំខាន់របស់ទ្រង់ និងសេចក្ដីសុខសាន្តដែលទ្រង់ប្រទានដល់ពួកអ្នកដើរតាមទ្រង់ ទើបភរិយាខ្ញុំ វេនឌី និងខ្ញុំទទួលបានអារម្មណ៍លួងលោមចិត្តនៅយប់ថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៨ កាលយើងភ្ញាក់ឡើងទទួលទូរសព្ទមួយថា ប្រធានថូម៉ាស អេស ម៉នសុន បានទទួលមរណភាព ។
យើងនឹកប្រធាន ម៉នសុនខ្លាំងណាស់ ! យើងកោតសរសើរចំពោះជីវិត និងកេរដំណែលរបស់លោក ។ ក្នុងនាមជាបុរសមួយរូបពោរពេញដោយវិញ្ញាណដ៏អស្ចារ្យ លោកបានបន្សល់ទុកនូវឥទ្ធិពលដែលមិនអាចបំភ្លេចបានដល់មនុស្សទាំងអស់ដែលបានស្គាល់លោក និងចំពោះសាសនាចក្រដែលលោកស្រឡាញ់ ។
នៅថ្ងៃ អាទិត្យទី ១៤ ខែ មករា ឆ្នាំ ២០១៨ នៅបន្ទប់ខាងលើនៃព្រះវិហារបរិសុទ្ធសលត៍ លេក គណៈប្រធានទីមួយត្រូវបានបង្កើតឡើងវិញតាមគន្លងដ៏សាមញ្ញ ហើយពិសិដ្ឋដែលព្រះអម្ចាស់បានស្ថាបនា ។ បន្ទាប់មក នៅក្នុងជំនុំដ៏មុតមាំមួយកាលពីម្សិលមិញ សមាជិកសាសនាចក្រទូទាំងពិភពលោកបានលើកដៃដើម្បីបញ្ជាក់សកម្មភាពដែលបានធ្វើកាលពីមុនដោយពួកសាវក ។ ខ្ញុំមានអំណរគុណយ៉ាងរាបសាចំពោះការគាំទ្ររបស់បងប្អូន ។
ខ្ញុំក៏មានអំណរគុណចំពោះបុគ្គលដែលបានធ្វើកិច្ចការនេះពីមុនខ្ញុំផងដែរ ។ ខ្ញុំមានឯកសិទ្ធិដើម្បីបម្រើនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់អស់រយៈពេល ៣៤ ឆ្នាំ ហើយស្គាល់យ៉ាងជិតស្និទ្ធនឹងប្រធានសាសនាចក្រពីមុនៗចំនួន ១០ រូបក្នុងចំណោម ១៦ រូប ។ ខ្ញុំបានរៀនយ៉ាងច្រើនមកពីពួកលោកម្នាក់ៗ ។
ខ្ញុំក៏ជំពាក់គុណច្រើនណាស់ដែរចំពោះដូនតារបស់ខ្ញុំ ។ ជីដូនជីតាទួតខ្ញុំទាំងប្រាំបីនាក់គឺជាអ្នកប្រែចិត្តជឿក្នុងសាសនាចក្រនៅទ្វីបអឺរ៉ុប ។ ពួកគាត់ម្នាក់ៗបានលះបង់អ្វីគ្រប់យ៉ាងដើម្បីមកកាន់ទីក្រុងស៊ីយ៉ូន ។ លុះជំនាន់ក្រោយមកទៀត ជីដូនជីតាខ្ញុំមួយចំនួនពុំបាននៅបន្ដស្មោះត្រង់នោះទេ ។ ជាលទ្ធផល ខ្ញុំពុំត្រូវបានចិញ្ចឹមបីបាច់នៅក្នុងគេហដ្ឋានដែលផ្ដោតលើដំណឹងល្អឡើយ ។
ខ្ញុំស្រឡាញ់ឪពុកម្ដាយរបស់ខ្ញុំ ។ ពួកគាត់គឺជាមនុស្សសំខាន់បំផុតចំពោះខ្ញុំ ហើយបានបង្រៀនខ្ញុំនូវមេរៀនសំខាន់ៗជាច្រើន ។ ខ្ញុំមិនអាចអរគុណពួកគាត់អស់ឡើយ ចំពោះគ្រួសារដ៏រីករាយដែលពួកគាត់បានបង្កើតសម្រាប់ខ្ញុំ និងបងប្អូនរបស់ខ្ញុំ ។ ប៉ុន្តែខ្ញុំបានដឹងថា ខ្ញុំកំពុងខ្វះអ្វីម្យ៉ាង ទោះជាខ្ញុំនៅក្មេងក្ដី ។ មានថ្ងៃមួយ ខ្ញុំបានជិះរថយន្តក្រុងមួយទៅបណ្ណាគារអិល.ឌី.អេស.ដើម្បីរកសៀវភៅមួយអំពីសាសនាចក្រនេះ ។ ខ្ញុំចូលចិត្តការរៀនសូត្រអំពីដំណឹងល្អ ។
កាលខ្ញុំបានយល់អំពីពាក្យសម្ដីនៃប្រាជ្ញាវាងវៃ ខ្ញុំចង់ឲ្យឪពុកម្ដាយខ្ញុំរស់នៅតាមក្រឹត្យវិន័យនោះ ។ ដូច្នេះមានថ្ងៃមួយ កាលខ្ញុំនៅក្មេង ខ្ញុំបានទៅបន្ទប់ក្រោមដី ហើយបានទៅវាយបំបែកស្រាដាក់ក្នុងដបទាំងអស់ដែលមាននៅទីនោះ ! ខ្ញុំរំពឹងចង់ឲ្យឪពុកខ្ញុំដាក់ទោសដល់ខ្ញុំ ប៉ុន្តែគាត់មិនបាននិយាយអ្វីសោះ ។
កាលខ្ញុំធំពេញវ័យ ហើយបានចាប់ផ្ដើមយល់អំពីសារៈសំខាន់នៃផែនការរបស់ព្រះវរបិតាសួគ៌ ជារឿយៗ ខ្ញុំនិយាយប្រាប់ខ្លួនឯងថា « ខ្ញុំមិនចង់បានអំណោយបុណ្យគ្រីស្ទម៉ាសទៀតទេ ! ខ្ញុំគ្រាន់តែចង់ផ្សារភ្ជាប់នឹងឪពុកម្ដាយខ្ញុំប៉ុណ្ណោះ » ។ ព្រឹត្តិការណ៍ដ៏យូរដែលខ្ញុំប្រាថ្នាចង់បាននោះមិនបានកើតឡើងទេ រហូតឪពុកម្ដាយខ្ញុំមានអាយុជាង ៨០ ឆ្នាំ ទើបវាបានកើតឡើង ។ ខ្ញុំពុំអាចសម្តែងនូវអំណរដែលខ្ញុំបានទទួលអារម្មណ៍នៅថ្ងៃនោះ ហើយរៀងរាល់ថ្ងៃខ្ញុំទទួលអំណរនៃការផ្សារភ្ជាប់ របស់ពួកគាត់ ហើយខ្ញុំបានផ្សារភ្ជាប់ជាមួយនឹងពួកគាត់ ។
នៅឆ្នាំ ១៩៤៥ កាលខ្ញុំរៀននៅសាលាពេទ្យ ខ្ញុំបានរៀបការនឹង ឌេនហ្សេល វ៉ាយ នៅក្នុងព្រះវិហារបរិសុទ្ធសលត៍ លេក ។ គាត់ និងខ្ញុំមានពរ ដោយមានកូនស្រីដ៏ស្រស់ស្អាតប្រាំបួននាក់ និងកូនប្រុសដ៏មានតម្លៃម្នាក់ ។ នៅថ្ងៃនេះ គ្រួសារដែលបន្តកើនឡើងជានិច្ចរបស់យើងគឺជាអំណរដ៏អស្ចារ្យបំផុតមួយនៃជីវិតរបស់ខ្ញុំ ។
នៅឆ្នាំ ២០០៥ បន្ទាប់ពីរៀបការបានជិត ៦០ ឆ្នាំ ភរិយាជាទីស្រឡាញ់របស់ ឌេនហ្សេល បានទទួលមរណភាពដោយមិនបានរំពឹងទុក ។ ខ្ញុំបានឈឺចាប់ស្ទើរតែមិនអាចទ្រាំទ្របានអស់មួយរយៈ ។ ប៉ុន្តែសារលិខិតនៃបុណ្យអ៊ីស្ទើរ និងការសន្យានៃការរស់ឡើងវិញបានគាំទ្រដល់រូបខ្ញុំ ។
បន្ទាប់មក ព្រះអម្ចាស់បាននាំ វេនឌី វ៉តសិន មកក្នុងជីវិតខ្ញុំ ។ យើងបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធសលត៍ លេក នៅថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០០៦ ។ ខ្ញុំស្រឡាញ់គាត់ ! គាត់គឺជាស្ត្រីដ៏អស្ចារ្យម្នាក់—ជាពរជ័យដ៏ធំចំពោះខ្ញុំ ចំពោះគ្រួសារយើង និងចំពោះសាសនាចក្រទាំងមូល ។
ពរជ័យទាំងនេះនីមួយៗបានកើតមានដោយសារតែការស្វែងរក និងស្ដាប់តាមការបំផុសគំនិតពីព្រះវិញ្ញាណបរិសុទ្ធ ។ ប្រធាន ឡូរែនសូ ស្នូ បានមានប្រសាសន៍ថា « នេះគឺជាឯកសិទ្ធិដ៏ធំរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយគ្រប់រូប … ដែលវាគឺជាសិទ្ធិរបស់យើងដើម្បីទទួលបានការបើកសម្ដែងមកពីព្រះវិញ្ញាណនៅក្នុងជីវិតរបស់យើងជារៀងរាល់ថ្ងៃ » ។
រឿងមួយដែលព្រះវិញ្ញាណបានបំផុសគំនិតខ្ញុំម្ដងហើយម្ដងទៀត ចាប់តាំងពីការហៅថ្មីរបស់ខ្ញុំជាប្រធានសាសនាចក្រនេះ គឺថាព្រះអម្ចាស់ស្ម័គ្រព្រះទ័យដើម្បីបើកសម្ដែងព្រះទ័យ និងព្រះឆន្ទៈរបស់ទ្រង់ ។ ឯកសិទ្ធិនៃការទទួលបានវិវរណៈគឺជាអំណោយទានមួយក្នុងចំណោមអំណោយទានដ៏ធំបំផុតដែលព្រះប្រទានឲ្យបុត្រាបុត្រីរបស់ទ្រង់ ។
តាមរយៈការបើកសម្ដែងមកពីព្រះវិញ្ញាណបរិសុទ្ធ ព្រះអម្ចាស់នឹងជួយយើងនៅរាល់ការខិតខំដោយសុចរិតរបស់យើង ។ នៅក្នុងបន្ទប់វះកាត់មួយ—ដោយមិនច្បាស់អំពីនីតិវិធីដែលមិនធ្លាប់ធ្វើពីមុនមក—ខ្ញុំបានឈរនៅក្បែរអ្នកជំងឺម្នាក់ ហើយបានដកពិសោធន៍នូវការបង្ហាញមកពីព្រះវិញ្ញាណបរិសុទ្ធអំពីបច្ចេកទេសនៅក្នុងគំនិតរបស់ខ្ញុំ ។
ដើម្បីពង្រឹងសំណើសុំរៀបការរបស់ខ្ញុំទៅកាន់ វេនឌី ខ្ញុំបានប្រាប់គាត់ថា « បងដឹងអំពីវិវរណៈ និងរបៀបទទួលវា » ។ គួរឲ្យសរសើរគាត់ណាស់—កាលខ្ញុំបានចាប់ផ្ដើមរៀនអំពីបុគ្គលិកលក្ខណៈរបស់គាត់—នោះគាត់បានស្វែងរក ហើយបានទទួលវិវរណៈផ្ទាល់ខ្លួនរបស់គាត់អំពីរឿងយើងរួចហើយ ដែលវាបានផ្ដល់ភាពក្លាហានឲ្យគាត់និយាយពាក្យថា យល់ព្រម ។
ក្នុងនាមជាសមាជិកមួយរូបក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ខ្ញុំបានអធិស្ឋានរៀងរាល់ថ្ងៃទូលសូមវិវរណៈ ហើយថ្លែងអំណរគុណចំពោះព្រះអម្ចាស់គ្រប់ពេលដែលទ្រង់បានមានបន្ទូលមកកាន់ដួងចិត្ត និងគំនិតរបស់ខ្ញុំ ។
សូមនឹកស្រមៃអំពីអព្ភូតហេតុនៃការណ៍នោះ ! មិនថាយើងមានការហៅអ្វីនៅក្នុងសាសនាចក្រទេ យើងអាចអធិស្ឋានទៅព្រះវរបិតាសួគ៌របស់យើង ហើយទទួលបានការណែនាំ និងការដឹកនាំ ដឹងអំពីគ្រោះថ្នាក់ និងការអូសទាញ ហើយអាចសម្រេចកិច្ចការដែលយើងមិនអាចធ្វើដោយខ្លួនឯងបាន ។ បើយើងពិតជាទទួលព្រះវិញ្ញាណបរិសុទ្ធ ព្រមទាំងរៀនញៀនដឹង ហើយយល់អំពីការបំផុសគំនិតរបស់យើង នោះយើងនឹងត្រូវបានណែនាំនៅគ្រប់បញ្ហា ទោះតូច ឬធំក្ដី ។
ថ្មីៗនេះ កាលខ្ញុំជួបនឹងកិច្ចការដ៏លំបាកនៃការជ្រើសរើសទីប្រឹក្សាពីររូប ខ្ញុំបានងឿងឆ្ងល់ថា តើខ្ញុំអាចរើសយកតែពីររូបយ៉ាងម៉េចទៅ ក្នុងចំណោមបុរសដប់ពីររូប បើពួកលោកសុទ្ធតែជាមនុស្សដែលខ្ញុំស្រឡាញ់ ហើយគោរព ។
ដោយសារខ្ញុំដឹងថា ការបំផុសគំនិតល្អគឺពឹងផ្អែកទៅលើព័ត៌មានល្អ ខ្ញុំបានជួបនឹងពួកសាវកម្នាក់ម្ដងៗប្រកបដោយការអធិស្ឋាន ។ បន្ទាប់មក ខ្ញុំបានដកខ្លួនទៅបន្ទប់មួយនៅក្នុងព្រះវិហារបរិសុទ្ធតែម្នាក់ឯង ហើយស្វែងរកព្រះទ័យរបស់ព្រះអម្ចាស់ ។ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់បានណែនាំខ្ញុំឲ្យជ្រើសយកប្រធាន ដាល្លិន អេក អូក និងប្រធាន ហិនរី ប៊ី អាវរិង ឲ្យបម្រើជាទីប្រឹក្សារបស់ខ្ញុំនៅក្នុងគណៈប្រធានទីមួយ ។
តាមរបៀបដូចគ្នានេះដែរ ខ្ញុំសូមថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់បានបំផុសគំនិតដល់ការហៅរបស់អែលឌើរ ជែរីត ដបុលយូ ហ្គង និងអែលឌើរ អូលីសេស សូរ៉េស ឲ្យទទួលការតែងតាំងជាពួកសាវករបស់ទ្រង់ ។ ខ្ញុំ និងពួកយើងសូមស្វាគមន៍ដល់ពួកលោកមកកាន់ការបម្រើភាពជាបងប្អូនប្រុសដ៏វិសេសនេះ ។
កាលយើងជួបជុំគ្នាជាក្រុមប្រឹក្សានៃគណៈប្រធានទីមួយ និងកូរ៉ុមនៃពួកដប់ពីរនាក់ នោះបន្ទប់ប្រជុំរបស់យើងក្លាយជាបន្ទប់នៃវិវរណៈ ។ ព្រះវិញ្ញាណគឺគង់នៅទីនោះ ។ កាលយើងជួបនឹងបញ្ហាស្មុគស្មាញ ដំណើរការដ៏រំភើបមួយបានបើកសម្ដែង កាលសាវកមួយរូបៗបង្ហាញគំនិត និងទស្សនៈរបស់ខ្លួនដោយសេរី ។ ទោះជាយើងអាចមានទស្សនៈផ្ដួមផ្ដើមខុសៗគ្នាក្ដី ក៏សេចក្ដីស្រឡាញ់ដែលយើងមានចំពោះគ្នាគឺមានជានិច្ច ។ សាមគ្គីភាពរបស់យើងជួយយើងឲ្យដឹងពីព្រះទ័យរបស់ព្រះអម្ចាស់សម្រាប់សាសនាចក្ររបស់ទ្រង់ ។
នៅក្នុងការប្រជុំរបស់យើង មតិភាគច្រើនមិនដែលឈ្នះទេ ! យើងស្ដាប់គ្នាទៅវិញទៅមកប្រកបដោយការអធិស្ឋាន ហើយពិភាក្សាគ្នារហូតដល់យើងមានសាមគ្គីភាព ។ បន្ទាប់មក កាលយើងយល់ព្រមគ្រប់គ្នា នោះព្រះចេស្ដាបង្រួបបង្រួមនៃព្រះវិញ្ញាណបរិសុទ្ធមានភាពរំភើបខ្លាំងណាស់ ! យើងដកពិសោធន៍អ្វីដែលព្យាការី យ៉ូសែប ស៊្មីធ បានស្គាល់ កាលលោកបានបង្រៀនថា « កាលយើងមានអារម្មណ៍រួបរួម យើងទទួលបានអំណាចជាមួយនឹងព្រះ » ។ គ្មានសមាជិកក្នុងគណៈប្រធានទីមួយ ឬកូរ៉ុមនៃពួកដប់ពីរនាកណាម្នាក់ធ្វើការសម្រេចចិត្តដែលជាប្រយោជន៍ដល់សាសនាចក្ររបស់ព្រះអម្ចាស់ ដោយគ្មានការទូលសួរទ្រង់នោះឡើយ !
បងប្អូនប្រុសស្រី តើយើងអាចក្លាយជាបុរស និងស្ត្រី—ពួកអ្នកបម្រើដូចជាព្រះគ្រីស្ទ—ដែលព្រះអម្ចាស់សព្វព្រះទ័យចង់ឲ្យយើងប្រែក្លាយតាមរបៀបណា ? តើយើងអាចស្វែងរកចម្លើយចំពោះសំណួរដែលបំភាន់យើងតាមរបៀបណា ? បើបទពិសោធន៍ដ៏អស្ចារ្យរបស់យ៉ូសែប ស្ម៊ីធនៅក្នុងព្រៃពិសិដ្ឋបង្រៀនយើងអំពីអ្វីមួយ នោះគឺថា ស្ថានសួគ៌បានបើក ហើយថាព្រះមានបន្ទូលមកកាន់បុត្រាបុត្រីរបស់ទ្រង់ ។
ព្យាការី យ៉ូសែប ស៊្មីធ បានដាក់គន្លងមួយឲ្យយើងធ្វើតាមនៅក្នុងការឆ្លើយនឹងសំណួររបស់យើង ។ ដោយបានណែនាំទៅរកការសន្យារបស់យ៉ាកុបថា បើយើងខ្វះប្រាជ្ញាមានតែសូមដល់ព្រះ នោះក្មេងប្រុសយ៉ូសែបបានទូលសួរសំណួររបស់លោកដោយផ្ទាល់ទៅព្រះវរបិតាសួគ៌ ។ លោកបានស្វែងរកវិវរណៈផ្ទាល់ខ្លួន ហើយការស្វែងរករបស់លោកបានបើកនូវគ្រាកាន់កាប់ត្រួតត្រាចុងក្រោយនេះ ។
ដូចគ្នានេះដែរ តើការស្វែងរករបស់បងប្អូននឹងបើកបង្ហាញអ្វីខ្លះដល់បងប្អូន ? តើបងប្អូនខ្វះប្រាជ្ញាអ្វីខ្លះ ? តើអ្វីទៅដែលបងប្អូនមានអារម្មណ៍ថា ជាសេចក្ដីត្រូវការបន្ទាន់មួយដើម្បីដឹង ឬយល់ ? សូមធ្វើតាមគំរូរបស់ព្យាការីយ៉ូសែប ។ សូមស្វែងរកកន្លែងស្ងប់ស្ងាត់មួយ ជាកន្លែងដែលបងប្អូនអាចទៅជាទៀងទាត់ ។ សូមធ្វើចិត្តរាបសានៅចំពោះព្រះ ។ សូមបង្ហើរដួងចិត្តរបស់បងប្អូនទៅរកព្រះវរបិតាសួគ៌ ។ សូមងាកមករកទ្រង់ទូលសូមចម្លើយ និងការលួងលោមចិត្ត ។
សូមអធិស្ឋាននៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទអំពីកង្វល់ ការភ័យខ្លាច ភាពទន់ខ្សោយរបស់បងប្អូន—ពិតណាស់ ជាបំណងប្រាថ្នានៅក្នុងដួងចិត្តរបស់បងប្អូន ។ បន្ទាប់មក ចូរស្តាប់ ! សូមសរសេរគំនិតដែលកើតមានក្នុងគំនិតរបស់បងប្អូន ។ សូមកត់ត្រាអារម្មណ៍របស់បងប្អូន ហើយធ្វើសកម្មភាពតាមអ្វីដែលបងប្អូនត្រូវបានបំផុសគំនិតឲ្យធ្វើ ។ កាលបងប្អូនធ្វើដំណើរការនេះម្ដងហើយម្ដងទៀតរៀងរាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំ បងប្អូននឹង « រីកចម្រើននៅក្នុងគោលការណ៍នៃវិវរណៈ » ។
តើព្រះពិតជាចង់មានបន្ទូលមកកាន់បងប្អូនមែនទេ ? មែនហើយ ! « ដូចជាមនុស្សណាម្នាក់លាតដៃខ្សោយទៅបញ្ឈប់ទន្លេមិសសួរី នៅក្នុងដំណើរវាដែលបានសម្រេចទុក … នោះក៏ដូចជាបង្អាក់ព្រះដ៏មានមហិទ្ធិឫទ្ធិពីការចាក់តម្រិះពីស្ថានសួគ៌ មកលើក្បាលនៃពួកបរិសុទ្ធថ្ងៃចុងក្រោយយ៉ាងនោះដែរ »។
បងប្អូនពុំចាំបាច់ឆ្ងល់ថាតើអ្វីគឺពិតនោះទេ ។ បងប្អូនពុំចាំបាច់ឆ្ងល់ថា បងប្អូនគួរទុកចិត្តនរណាដោយមានសុវត្ថិភាពនោះទេ ។ តាមរយៈវិវរណៈផ្ទាល់ខ្លួន បងប្អូនអាចទទួលសាក្សីដោយផ្ទាល់ថា ព្រះគម្ពីរមរមនគឺជាបន្ទូលរបស់ព្រះ ថាយ៉ូសែប ស៊្មីធគឺជាព្យាការី ហើយថា នេះគឺជាសាសនាចក្ររបស់ព្រះអម្ចាស់ ។ មិនថាមនុស្សដទៃនិយាយ ឬធ្វើអ្វីនោះទេ គ្មាននរណាម្នាក់ដកយកសាក្សីមួយដែលកើតមាននៅក្នុងដួងចិត្ត និងគំនិតរបស់បងប្អូនអំពីការពិតបានឡើយ ។
ខ្ញុំសូមលើកទឹកចិត្តបងប្អូនឲ្យខិតខំបន្ថែមទៀតលើសពីលទ្ធភាពខាងវិញ្ញាណរបស់បងប្អូននៅពេលនេះ ដើម្បីទទួលបានវិវរណៈផ្ទាល់ខ្លួន ពីព្រោះព្រះអម្ចាស់បានសន្យាថា « បើសិនជាអ្នក [ ស្វែងរក ] នោះអ្នកនឹងបានទទួលវិវរណៈថែមទៅលើវិវរណៈ តម្រិះថែមទៅលើតម្រិះ ដើម្បីឲ្យអ្នកអាចបានស្គាល់សេចក្ដីអាថ៌កំបាំងទាំងឡាយ និងរបស់ទាំងឡាយដ៏ប្រកបដោយសេចក្ដីសុខសាន្ត — ដែលនឹងនាំឲ្យមានសេចក្ដីអំណរ ជាអ្វីដែលនាំឲ្យមានជីវិតដ៏នៅអស់កល្បជានិច្ច » ។
មានរឿងអ្វីជាច្រើនទៀតដែលព្រះវរបិតាសួគ៌សព្វព្រះទ័យចង់ឲ្យបងប្អូនដឹង ។ ដូចដែលអែលឌើរ នែល អេ ម៉ាក់ស្វែល បានបង្រៀនថា « ចំពោះអស់អ្នកដែលមានភ្នែកមើល និងត្រចៀកស្ដាប់ វាបង្ហាញយ៉ាងច្បាស់ណាស់ថា ព្រះវរបិតា និងព្រះរាជបុត្រាកំពុងតែបង្ហាញអំពីរឿងអាថ៌កំបាំងនៃសាកលលោកនេះ ! »
គ្មានអ្វីមួយដែលធ្វើឲ្យស្ថានសួគ៌បើកចំហរ ដូចជាការដាក់បញ្ចូលគ្នានៃការកើនឡើងនូវបរិសុទ្ធភាព ការគោរពប្រតិបត្តិយ៉ាងមុតមាំ ការស្វែងរកដោយស្មោះ ការទទួលទានបន្ទូលនៃព្រះគ្រីស្ទរៀងរាល់ថ្ងៃនៅក្នុងព្រះគម្ពីរមរមន និងការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងពង្សប្រវត្តិជាទៀងទាត់នោះឡើយ ។
ប្រាកដណាស់ ប្រហែលជាមានពេលខ្លះបងប្អូនមានអារម្មណ៍ថា ហាក់ដូចជាស្ថានសួគ៌បានបិទ ។ ប៉ុន្តែខ្ញុំសូមសន្យាថា កាលបងប្អូនបន្តមានការគោរពប្រតិបត្តិ ដោយបង្ហាញការដឹងគុណចំពោះរាល់ពរជ័យដែលព្រះអម្ចាស់បានប្រទានដល់បងប្អូន ហើយកាលបងប្អូនគោរពតាមវេលាកាលរបស់ព្រះអម្ចាស់ដោយអត់ធ្មត់ នោះបងប្អូននឹងទទួលបានចំណេះដឹង និងការយល់ដឹងដែលបងប្អូនស្វែងរក ។ រាល់ពរជ័យដែលព្រះអម្ចាស់មានសម្រាប់បងប្អូន—សូម្បីតែអព្ភូតហេតុ—នឹងកើតមានតាមក្រោយ ។ នោះហើយគឺជាអ្វីដែលវិវរណៈផ្ទាល់ខ្លួននឹងធ្វើសម្រាប់បងប្អូន ។
ខ្ញុំមានភាពសុទិដ្ឋិនិយមចំពោះអនាគត ។ វានឹងពោរពេញដោយឱកាសសម្រាប់បងប្អូនម្នាក់ៗដើម្បីរីកចម្រើន បរិច្ចាគ ហើយយកដំណឹងល្អទៅគ្រប់ទិសទីនៃផែនដីនេះ ។ ប៉ុន្តែខ្ញុំក៏មិនបានដឹងជាមុនអំពីអនាគតដែរ ។ យើងរស់នៅក្នុងពិភពលោកមួយដែលស្មុគស្មាញ និងកាន់តែចម្រូងចម្រាស ។ លទ្ធភាពដ៏ខ្ជាប់ខ្ជួននៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងវដ្ដសារព័ត៌មាន ២៤ ម៉ោង ធ្វើឲ្យយើងថប់បារម្ភជាមួយនឹងសារលិខិតឥតឈប់ឈរ ។ បើយើងសង្ឃឹមចង់ស្វែងរកអ្វីមួយដែលមានតម្លៃតាមរយៈទស្សនជាច្រើន និងទស្សនវិជ្ជារបស់មនុស្សដែលវាយប្រហារដល់សេចក្ដីពិត នោះយើងត្រូវតែរៀនទទួលវិវរណៈ ។
ព្រះអង្គសង្គ្រោះ និងព្រះដ៏ប្រោសលោះរបស់យើង ព្រះយេស៊ូវគ្រីស្ទ នឹងធ្វើកិច្ចការដ៏អស្ចារ្យបំផុតរបស់ទ្រង់មួយចំនួនចន្លោះពេលនេះរហូតដល់ពេលទ្រង់យាងមកម្ដងទៀត ។ យើងនឹងឃើញការបង្ហាញដ៏អស្ចារ្យថា ព្រះជាព្រះវរបិតា និងព្រះរាជបុត្រាស្ងួនភ្ញារបស់ទ្រង់ធ្វើជាអធិបតីលើសាសនាចក្រនេះដោយភាពរុងរឿង និងសិរីល្អ ។ ប៉ុន្តែនៅពេលខាងមុខ វានឹងមិនអាចរស់រានខាងវិញ្ញាណបានឡើយ បើគ្មានព្រះចេស្ដាណែនាំ ដឹកនាំ និងលួងលោមចិត្តជាប់ជានិច្ចមកពីព្រះវិញ្ញាណបរិសុទ្ធនោះ ។
បងប្អូនប្រុសស្រីជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំសូមអង្វរបងប្អូនឲ្យបង្កើនសមត្ថភាពខាងវិញ្ញាណរបស់បងប្អូនដើម្បីទទួលបានវិវរណៈ ។ ចូរឲ្យថ្ងៃអាទិត្យនៃបុណ្យអ៊ីស្ទើរនេះក្លាយជាគ្រាដ៏មានន័យមួយនៅក្នុងជីវិតរបស់បងប្អូន ។ សូមជ្រើសធ្វើកិច្ចការខាងវិញ្ញាណដែលបានតម្រូវឲ្យធ្វើ ដើម្បីរីករាយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយស្ដាប់ឮព្រះសូរសៀងនៃព្រះវិញ្ញាណឲ្យបានញឹកញាប់ ហើយកាន់តែច្បាស់ ។
ខ្ញុំសូមដាស់តឿនដល់បងប្អូនជាមួយនឹងមរ៉ូណៃនៅថ្ងៃឈប់សម្រាកនៃបុណ្យអ៊ីស្ទើរនេះ ឲ្យ« មករកព្រះគ្រីស្ទ ហើយចូរយកនូវអំណោយទានដ៏ល្អទាំងអស់ » ដោយចាប់ផ្ដើមជាមួយនឹងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធ ជាអំណោយទានដែលអាច ហើយនឹងផ្លាស់ប្ដូរជីវិតរបស់បងប្អូន ។
យើងគឺជាពួកអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ ។ សេចក្ដីពិតដ៏សំខាន់បំផុតដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើជាសាក្សីដល់បងប្អូនគឺថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ ។ ទ្រង់មានព្រះជន្មរស់ ! ទ្រង់គឺជាព្រះអង្គគាំទ្រយើងជាមួយព្រះវរបិតា ជាព្រះដ៏គំរូ និងជាព្រះដ៏ប្រោសលោះរបស់យើង ។ នៅថ្ងៃអាទិត្យនៃបុណ្យអ៊ីស្ទើរនេះ យើងអបអរចំពោះពលិកម្មដ៏ធួនរបស់ទ្រង់ ការមានព្រះជន្មរស់ឡើងវិញដ៏ពិតរបស់ទ្រង់ និងភាពជាព្រះរបស់ទ្រង់ ។
នេះគឺជាសាសនាចក្ររបស់ទ្រង់ ដែលបានស្ដារឡើងវិញតាមរយៈព្យាការី យ៉ូសែប ស្ម៊ីធ ។ ដោយសេចក្ដីស្រឡាញ់ចំពោះបងប្អូនគ្រប់គ្នា ខ្ញុំសូមថ្លែងទីបន្ទាល់នេះនៅក្នុងព្រះនាមដ៏ពិសិដ្ឋនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន។