ឆ្នាំ ២០១០-២០១៩
ពួក​ព្យាការី​ថ្លែង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ
ខែ មេសា ឆ្នាំ ២០១៨


ពួក​ព្យាការី​ថ្លែង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

ការ​មាន​ពួក​ព្យាការី​គឺជា​សញ្ញា​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់ ។ ពួក​លោក​ប្រាប់​ឲ្យ​ដឹង​អំពី​ការ​សន្យា ព្រមទាំង​និស្ស័យ​ពិត​នៃ​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ ។

បងប្អូន​ប្រុស​ស្រី​ជា​ទីស្រឡាញ់ មិន​ថា​បងប្អូន​នៅ​ទី​ណា​ទេ ខ្ញុំ​ចង់​សម្ដែង​ការ​អរគុណ​ដ៏​ស្មោះ​ស​យ៉ាង​ជ្រាល​ជ្រៅ​របស់​ខ្ញុំ​ចំពោះ​ការ​គាំទ្រ​របស់​បងប្អូន​កាល​ពី​ម្សិល​មិញ ។ ទោះ​ជា​យ៉ាង​ណា ខ្ញុំ​មាន​អារម្មណ៍​ថា​និយាយ​ស្ទើរ​តែ​មិន​ចេញ​ដូចជា​ម៉ូសេ ខ្ញុំ​លួងលោម​ខ្លួន​ឯង​ដោយ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ទៅ​លោក​ម៉ូសេ ៖

« តើ​អ្នក​ណា​បាន​បង្កើត​មាត់​មនុស្ស តើ​អ្នក​ណា​ដែល​ធ្វើ​ឲ្យ​គ ឬ ឲ្យ​ថ្លង់ ឲ្យ​ភ្លឺ ឬ ឲ្យ​ខ្វាក់ នោះ​បើ​មិនមែន​អញ​ជា​ព្រះយេហូវ៉ា​ប៉ុណ្ណោះ​ទេ ?

« ដូច្នេះ​ចូរ​ឯង​ទៅ​ឥឡូវ​ចុះ យើង​នឹង​នៅជាមួយ​នឹង​មាត់​ឯង ព្រមទាំង​បង្រៀន​សេចក្តី​ដែល​ឯង​ត្រូវ​និយាយ​ផង » ( និក្ខមនំ ៤:១១–១២, សូម​មើល​ផង​ដែរ ខ​ទី ១០ ) ។

ខ្ញុំ​ក៏​បាន​ទទួល​ការ​លួង​លោម​ចិត្ត​ដោយ​សារ​សេចក្ដី​ស្រឡាញ់ និង​ការ​គាំទ្រ​ពី​ភរិយា​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​ដែរ ។ គាត់​គឺជា​គំរូ​មួយ​នៃ​សេចក្ដី​ល្អ សេចក្ដីស្រឡាញ់ និង​មាន​ការ​លះបង់​ខ្ពស់​ចំពោះ​ព្រះអម្ចាស់​សម្រាប់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ ។ ខ្ញុំ​ស្រឡាញ់​គាត់​អស់​ពី​ដួង​ចិត្ត​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ឥទ្ធិពល​វិជ្ជមាន​ដែល​គាត់​បាន​ផ្ដល់​ឲ្យ​យើង ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ទៅ​កាន់​បងប្អូន​ថា ប្រធាន រ័សុល អិម ណិលសុន គឺ​ជា​ព្យាការី​របស់​ព្រះ​នៅ​លើ​ផែនដី ។ ខ្ញុំ​ពុំ​ធ្លាប់​មនុស្ស​ដែល​មាន​សន្ដាន​ចិត្តល្អ ហើយ​មាន​សេចក្ដី​ស្រឡាញ់​ច្រើន​ជាង​លោក​ឡើយ ។ ទោះ​ជា​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្វះ​សមត្ថភាព​ចំពោះ​ការ​ហៅ​ដ៏​ពិសិដ្ឋ​នេះ​ក្ដី ក៏​ប្រសាសន៍ និង​ទឹក​មុខ​ដ៏​ទន់​ភ្លន់​របស់​លោក នៅ​ពេល​លោក​ផ្ដល់​ការ​ទទួល​ខុសត្រូវ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​អារម្មណ៍​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គ​សង្គ្រោះ​ដែរ ។ សូម​អរគុណ​ប្រធាន​ណិលសុន ។ ខ្ញុំ​គាំទ្រ​លោក ហើយ​ខ្ញុំ​ស្រឡាញ់​លោក ។

តើ​វា​ពុំ​មែន​ជា​ពរជ័យ​មួយ​ទេ​ឬ​អី ដែល​យើង​មាន​ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ​នៅ​លើ​ផែនដី​ក្នុង​ជំនាន់​ដែល​យើង​រស់នៅ ជា​អ្នក​ដែល​ខិតខំ​ចង់​ស្គាល់​ព្រះទ័យ​របស់​ព្រះអម្ចាស់ ហើយ​ធ្វើ​តាម​នោះ ? វា​គឺជា​ការលួង​លោម​ចិត្ត​មួយ​ដើម្បី​ដឹង​ថា យើង​មិន​ឯកោ​នៅ​ក្នុង​ពិភពលក​នេះ​ឡើយ ទោះ​ជា​ជួប​ឧបសគ្គ​ជីវិត​បែប​ណា​ក្ដី ។ ការ​មាន​ពួក​ព្យាការី​គឺជា​សញ្ញា​មួយ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​ចំពោះ​កូនចៅ​របស់​ទ្រង់ ។ ពួក​លោក​ប្រាប់​ឲ្យ​ដឹង​អំពី​ការ​សន្យា ព្រមទាំង​និស្ស័យ​ពិត​នៃ​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ​ដល់​រាស្ត្រ​ទ្រង់ ។ ខ្ញុំ​បាន​ដឹង​កិច្ចការ​នោះ​តាមរយៈ​បទពិសោធន៍​របស់​ខ្ញុំ​ផ្ទាល់ ។

ដប់​ប្រាំបី​ឆ្នាំ​មុន ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​ទទួល​ទូរសព្ទ​មួយ​មក​ពី​ប្រធាន ជែមស៍ អ៊ី ហ្វោស្ត ពេល​នោះ​លោក​គឺជា​ទីប្រឹក្សា​ទីពីរ​នៅ​ក្នុង​គណៈប្រធាន​ទីមួយ ។ លោក​បាន​ហៅ​ឲ្យ​យើង​បម្រើ​ជា​ប្រធាន​បេសកកម្ម និង​ដៃ​គូ​នៅ​ប្រទេស​ព័រទុយហ្គាល់ ។ លោក​បាន​ប្រាប់​យើង​ថា យើង​មាន​ពេល​តែ​ប្រាំមួយ​សប្ដាហ៍​ប៉ុណ្ណោះ ពីមុន​យើង​ចាប់​ផ្ដើម​បេសកកម្ម​នោះ ។ ទោះ​ជា​យើង​មាន​អារម្មណ៍​មិន​បាន​ត្រៀមខ្លួន ហើយ​ខ្វះ​សមត្ថភាព​ក្ដី ក៏​យើង​បាន​ទទួល​យក​ការ​ហៅ​នោះ​ដែរ ។ កង្វល់​ដ៏​សំខាន់​បំផុត​របស់​យើង​នៅ​ពេល​នោះ គឺ​ការ​ទទួល​បាន​ទិដ្ឋាការ​ដើម្បី​បម្រើ​នៅ​ក្នុង​ប្រទេស​នោះ ដោយសារ​យើង​ដឹង​ថា វា​ត្រូវ​ចំណាយ​ពេល​ពី​ប្រាំ​មួយ​ទៅ​ប្រាំ​បី​ខែ ស្រប​តាម​បទពិសោធន៍​កាល​ពី​មុន ។

បន្ទាប់​មក ប្រធាន​ហ្វោស្ត បាន​សួរ​ថា តើ​យើង​មាន​សេចក្ដី​ជំនឿ​ថា ព្រះអម្ចាស់​នឹង​ធ្វើ​អព្ភូតហេតុ​មួយ ហើយ​ថា យើង​នឹង​អាច​ដោះ​ស្រាយ​បញ្ហា​ទិដ្ឋាការ​នោះ​បាន​យ៉ាង​លឿន​ដែរ​ឬ​ទេ ។ ចម្លើយ​របស់​យើង​គឺ​ថា « យើង​ជឿ » ហើយ​បាន​ចាប់ផ្ដើម​រៀបចំ​ភ្លាមៗ ។ យើង​បាន​រៀបចំ​ឯកសារ​ដែល​តម្រូវ​សម្រាប់​ធ្វើ​ទិដ្ឋាការ យក​គ្រួសារ​ថ្មីថ្មោង​របស់​យើង​ទៅ​ស្ថាន​កុង​ស៊ុល​ឲ្យ​បាន​លឿន​បំផុត ។ មាន​សុភាព​ស្ត្រី​ម្នាក់​បាន​ជួប​យើង​នៅទី​នោះ ។ ដោយ​ពិនិត្យ​មើល​ឯកសារ​របស់​យើង ហើយ​ដឹង​ថា យើង​នឹង​ទៅ​ធ្វើ​អ្វី​នៅ​ប្រទេស​ព័រទុយហ្គាល់​នោះ នាង​បាន​សួរ​យើង​ថា « តើ​អ្នក​ទាំងពីរ​ពិត​ជា​ទៅ​ជួយ​ប្រជាជន​នៅ​ប្រទេស​ខ្ញុំ​មែន​ឬ ? » យើង​បាន​ឆ្លើយ​យ៉ាង​ម៉ឺង​ម៉ាត់​ថា « មែន​ហើយ » ហើយ​បាន​ពន្យល់​ថា យើង​នឹង​ជា​តំណាង​ឲ្យ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ថ្លែង​ទីបន្ទាល់​អំពី​ទ្រង់ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់​នៅ​ក្នុង​ពិភពលោក​នេះ ។ យើង​បាន​ត្រឡប់​ទៅ​ទី​នោះ​វិញ​នៅ​បួន​សប្ដាហ៍​ក្រោយ ដើម្បី​ទទួល​ទិដ្ឋាការ ហើយ​បាន​ទៅ​តំបន់​បេសកកម្ម​ក្នុង​រយៈពេល​តែ​ប្រាំមួយ​សប្ដាហ៍ ដូច​ដែល​ព្យាការី​មួយ​រូប​របស់​ព្រះ​បាន​សុំ​ឲ្យ​យើង​ធ្វើ ។

បងប្អូន​ប្រុស​ស្រី ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​​របស់​ខ្ញុំ​ដោយ​អស់​ពី​ដួង​ចិត្ត​ថា ពួក​ព្យាការី​ថ្លែង​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ពួក​លោក​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ និង​បេសកកម្ម​ដ៏​ទេវភាព​របស់​ទ្រង់​នៅ​លើ​ផែនដី ។ ពួក​លោក​តំណាង​ឲ្យ​ព្រះតម្រិះ និង​ព្រះទ័យ​នៃ​ព្រះអម្ចាស់ ហើយ​ត្រូវ​បាន​ហៅ​ជា​តំណាង​របស់​ទ្រង់ ហើយ​បង្រៀន​យើង​នូវ​អ្វី​ដែល​យើង​ត្រូវធ្វើ​ដើម្បី​ត្រឡប់​ទៅ​រស់​នៅ​ក្នុង​វត្តមាន​របស់​ព្រះ និង​ព្រះរាជបុត្រា​របស់​ទ្រង់​ព្រះយេស៊ូវគ្រីស្ទ ។ យើង​មាន​ពរ នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង ហើយ​ធ្វើ​តាម​ការ​បង្រៀន​របស់​ពួក​លោក ។ ដោយ​ការ​ធ្វើ​តាម​ពួកលោក ជីវិត​របស់​យើង​មាន​ភាព​រីករាយ ហើយ​មិន​សូវ​ស្មុគស្មាញ ការ​លំបាក និង​បញ្ហា​របស់​យើង​ងាយ​នឹង​ទ្រាំទ្រ ហើយ​យើង​បង្កើត​គ្រឿង​សឹក​ខាង​វិញ្ញាណ​មួយ​ជុំវិញ​យើង ដែល​វា​នឹង​ការពារ​យើង​ពី​ការ​វាយ​ប្រហារ​របស់​មារសត្រូវ​នៅ​ក្នុង​ជំនាន់​របស់​យើង ។

នៅ​ថ្ងៃ​បុណ្យ​អ៊ីស្ទើរ​នេះ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​យ៉ាង​មុតមាំ​ថា ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់ឡើង​វិញ ទ្រង់​មាន​ព្រះជន្ម​រស់ ហើយ​ថា ទ្រង់​ដឹកនាំ​សាសនាចក្រ​របស់​ទ្រង់​នៅ​លើផែនដី​តាមរយៈ ពួក​ព្យាការី ពួក​ព្យាការី អ្នក​មើល​ឆុត និង អ្នក​ទទួល​វិវរណៈ​របស់​ទ្រង់ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ទ្រង់​គឺ​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​នៃ​ពិភពលោក ហើយ​ថា តាមរយៈ​ទ្រង់ យើង​អាច​ត្រូវ​បាន​សង្គ្រោះ ហើយ​តម្កើង​ឡើង​នៅ​ក្នុង​វត្តមាន​របស់​ព្រះ​ជា​ទីស្រឡាញ់​របស់​យើង ។ ខ្ញុំ​ស្រឡាញ់​ទ្រង់ ខ្ញុំ​ស្ងើច​សរសើរ​ដល់​ទ្រង់ ។ ខ្ញុំ​ចង់​ធ្វើ​តាម​ទ្រង់ ហើយ​ធ្វើ​តាម​ព្រះទ័យ​របស់​ទ្រង់ ហើយ​ក្លាយ​កាន់​តែ​ដូចជា​ទ្រង់ ។ ខ្ញុំ​សូម​ពោល​ពាក្យ​ទាំង​នេះ​ដោយ​រាបសា នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន។