ឆ្នាំ ២០២៣
តើ​បងប្អូន​នឹង​រៀបចំខ្លួន​សម្រាប់​សន្និសីទ​ទូទៅ​ដោយ​របៀបណា
ខែ កញ្ញា ឆ្នាំ ២០២៣


« តើ​បងប្អូន​នឹង​រៀបចំខ្លួន​សម្រាប់សន្និសីទ​ទូទៅ​ដោយ​របៀបណា » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។

ការ​រៀបចំ​ខ្លួន​សម្រាប់ សន្និសីទ​ទូទៅ

តើ​បងប្អូន​នឹង​រៀបខ្លួន​សម្រាប់ សន្និសីទ​ទូទៅ ដោយ​របៀបណា

យុវវ័យ​ទាំងនេះ​បាន​រៀន​ច្រើន​ពី​សន្និសីទ​ទូទៅ ។ តើ​បងប្អូន​អាច​រៀបចំខ្លួន​ដើម្បី​មាន​បទពិសោធន៍​ដ៏​មាន​អត្ថន័យ​នេះយ៉ាង​ដូចម្ដេច ?

ខ្ញុំ​ចង់​ធ្វើ​តាម​ព្យាការី

រូបភាព
យុវជន​ម្នាក់

ខ្ញុំ​បាន​រៀបចំខ្លួន​ឯង​សម្រាប់​សន្និសីទ​ទូទៅ​នៅ ខែ តុលា ឆ្នាំ ២០២២ ដោយ​ការអាន​អំពី​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ព្រះគម្ពីរ​មរមន និង​នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។

នៅក្នុង​អំឡុង​ពេល​សន្និសីទ​ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​មក​កាន់​យើង និង​បាន​ធ្វើ​ទីបន្ទាល់​អំពី​សារៈ​សំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ ។ ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ពរជ័យ​ដ៏​អស់កល្ប​ជានិច្ច​ត្រូវបាន​សន្យា ហើយ​បងប្អូន​ទទួល​បាន​អារម្មណ៍​នៃ​វិញ្ញាណ​ដ៏​ស្រស់​ស្អាត​នៅ​ពេល​បងប្អូន​ទៅ​ទីនោះ ។

មិន​ទាន់​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ក្នុង​ប្រទេស នីការ៉ាហ្គា នៅ​ឡើយ​ទេ ប៉ុន្តែ​មាន​ព្រះវិហារ​បរិសុទ្ធ​មួយត្រូវ​បាន​ប្រកាស​ហើយ ។ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​អាច​ស្តាប់​ពាក្យ​សម្តី​របស់​ប្រធាន ណែលសុន ហើយ​ទៅ​ព្រះវិហារ​បរិសុទ្ធ​នៅ​ពេល​ដែលសាងសង់ហើយ ។

នៅពេល​ខ្ញុំ​មើល​សន្និសីទ ខ្ញុំ​មាន​អារម្មណ៍​ថា​ព្រះ​វិញ្ញាណ​បាន​ថ្លែង​ទីបន្ទាល់​ថា​ខ្ញុំ​ស្ថិត​នៅ​កន្លែង​ដែល​ត្រឹមត្រូវ​ហើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ចិត្ត​របស់​ខ្ញុំ​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ ។

កាឡូស អិម នីការ៉ាហ្គា

ការព្យាបាល​គឺមាន​សម្រាប់​មនុស្ស​ទាំងអស់

រូបភាព
យុវនារី

មុន​សន្និសីទ​ទូទៅ​នៅ ខែ តុលា ឆ្នាំ ២០២២ ខ្ញុំ​បាន​សញ្ជឹងគិត​ពី​រឿង​ដែល​បាន​កើត​ឡើង​នៅក្នុង​ជីវិត​របស់​ខ្ញុំ​កាលពី​ពេល​ថ្មីៗ​នេះ ។ មាន​រឿង​ជាច្រើន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កង្វល់​ក្នុង​ចិត្ត​មុនពេល​សន្និសិទ ហើយ​ខ្ញុំ​ចង់​មាន​អារម្មណ៍​ធូរស្រាល​​ សេចក្តីសុខសាន្ត និង​ភាពរឹងមាំ ។

ក្នុង​អំឡុង​ពេល​សន្និសីទ អែលឌើរ ឃ្វីនថិន អិល ឃុក នៃ​ពួក​សាវក​ទាំង​ដប់​ពីរ​នាក់​បាន​មាន​ប្រសាសន៍​ថា « ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ការព្យាបាល​គឺ​មាន​សម្រាប់​មនុស្ស​ទាំងអស់ » ។

ពាក្យ​ទាំង​នោះ​បាន​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​សេចក្ដី​សុខសាន្ត និង​សេចក្ដី​សង្ឃឹម ។ នៅពេល​ខ្ញុំ​ធ្វើ​ខុស និង​ជ្រើស​រើស​ខុស ខ្ញុំ​អាច​ទទួល​បាន​ការអភ័យ​ទោស និង​មាន​អារម្មណ៍​សុខសាន្ត​តាម​រយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ហើយ​ទោះ​ជា​ខ្ញុំ​មាន​អារម្មណ៍​ឈឺចាប់​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​អាច​ជា​សះស្បើយ​បាន​ដែរ ។ យើង​ទាំងអស់​គ្នា​អាច​មាន​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត និង​ការព្យាបាល​ដូចគ្នា​នៅពេល​យើង​ប្រែ​ចិត្ត​ពី​អំពើ​បាប​របស់​យើង ហើយ​ខិតខំ​ដើម្បី​ឲ្យកាន់​តែ​ប្រសើរ​ឡើង​ជា​រៀងរាល់​ថ្ងៃ ។

ខេ ឌី ប្រទេស ហ្វីលីពីន

ការរៀបចំ​សម្រាប់​សន្និសីទ​របស់​បងប្អូន

ចំណាយ​ពេល​តែ​មួយ​នាទី​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​សន្និសីទ ហើយ​បងប្អូន​នឹង​មាន​បទពិសោធន៍​ដ៏ល្អ​ប្រសើរ​មួយ ។ ដូច្នេះ​តើ​បងប្អូន​អាច​រៀបចំ​បាន​ដោយ​របៀបណា ? ចាប់ផ្តើម​ដោយ​ការសរសេរ​សំណួរ​របស់​បងប្អូន ! សូម​ពិចារណា​សំណួរ​របស់​បងប្អូន​ខណៈពេល​ដែល​បងប្អូន​មើល​សន្និសីទ ហើយ​បងប្អូន​នឹង​មាន​ការភ្ញាក់​ផ្អើល​ថា​ជារឿយៗ អ្នកថ្លែង​សុន្ទរកថា​ហាក់​ដូច​ជា​កំពុង​និយាយ​មក​កាន់​បងប្អូន​ដោយ​ផ្ទាល់​អ៊ីចឹង ។