សន្និសីទទូទៅ
ចូរ​ផ្ដោតចិត្ត​លើ​ព្រះវិហារ​បរិសុទ្ធ
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ចូរ​ផ្ដោតចិត្ត​លើ​ព្រះវិហារ​បរិសុទ្ធ

ខ្ញុំ​សូម​សន្យា​ថា ការចំណាយ​ពេល​កាន់តែ​ច្រើន​នៅ​ព្រះវិហារ​បរិសុទ្ធ នឹង​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​បងប្អូន ដែល​គ្មាន​របៀប​ណា​ផ្សេងទៀត​អាច​ផ្តល់​ឲ្យ​បាន​នោះ​ទេ ។

បង​ប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ អំឡុង​សម័យ​ប្រជុំ​ទាំង​ប្រាំ​នៃ​សន្និសីទ​ទូទៅ​ដ៏​វិសេស​វិសាល​នេះ យើង​បាន​ដកពិសោធ​ជា​ថ្មី​ម្តង​ទៀត​ថា ស្ថានសួគ៌​គឺ​នៅ​បើក​ចំហ ! ខ្ញុំ​សូម​អធិស្ឋាន​ថា បងប្អូន​បាន​កត់ត្រា​ការបំផុស​គំនិត​របស់​បងប្អូន​ទុក ហើយ​នឹង​ធ្វើ​តាម​ការបំផុស​គំនិត​នោះ​ទាំងស្រុង ។ ព្រះវរបិតា​សួគ៌​របស់​យើង និង​ព្រះរាជបុត្រា​ជាទី​ស្រឡាញ់​របស់​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ត្រៀម​ព្រះកាយ​ទ្រង់​រួច​ជា​ស្រេច​ដើម្បី​ជួយ​ដល់​បងប្អូន ។ ខ្ញុំ​សូម​ជំរុញ​បងប្អូន​ឲ្យ​បង្កើន​កិច្ចខិតខំ​របស់​ខ្លួន​ដើម្បី​ស្វែងរក​ជំនួយ​ពី​ទ្រង់ ។

ថ្មីៗ​នេះ ស៊ីស្ទើរ ណិលសុន និង​ខ្ញុំ​បាន​មាន​ឱកាស​ពិនិត្យ​មើល វីដេអូ​ព្រះគម្ពីរ​មរមន ស៊េរី​ថ្មី​រដូវកាល​ទី ៤ ។ វីដេអូ​ទាំងនោះ​បាន​បំផុស​គំនិត​ដល់​ពួក​យើង ! ខ្ញុំ​សូម​បង្ហាញ​ការដក​ស្រង់​ខ្លី​មួយ​មក​ពី​ឈុត​ឆាក​នេះ ដែល​បង្ហាញ​ពី​ការបង្ហាញ​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ​ដល់​ពួកសាសន៍​នីហ្វៃ ។

វា​សំខាន់​ណាស់​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ជ្រើសរើស​ដើម្បី​បង្ហាញ​ព្រះកាយ​ដល់​មនុស្ស​នៅ​ឯ​ព្រះវិហារ​បរិសុទ្ធ ។ ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​ដំណាក់​របស់​ទ្រង់ ។ ព្រះវិហារ​បរិសុទ្ធ​ពោរពេញ​ដោយ​ព្រះចេស្តា​របស់​ទ្រង់ ។ ឥឡូវ​នេះ​សូម​យើង​កុំ​មើល​រំលង​អ្វីៗ​ដែល​ព្រះអម្ចាស់​កំពុង​ធ្វើ​សម្រាប់​ពួកយើង​​ឡើយ ។ ទ្រង់​កំពុង​ធ្វើ​ឲ្យ​ព្រះវិហារ​បរិសុទ្ធរបស់​ទ្រង់​មាន​កាន់តែ​ជិត​បង្កើយ ។ ទ្រង់​កំពុង​បង្កើន​ល្បឿន​ឲ្យ​យើង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​នានា ។ ទ្រង់​កំពុង​បង្កើន​សមត្ថភាព​របស់​យើង​ដើម្បី​ជួយ​ប្រមូលផ្ដុំ​សាសន៍​អ៊ីស្រាអែល ។ ទ្រង់​ក៏​កំពុង​ធ្វើឲ្យ​មាន​ភាពងាយស្រួល​ដល់​ពួកយើង​ម្នាក់ៗ ដើម្បី​បន្សុទ្ធ​ជីវិត​ខាង​វិញ្ញាណ​របស់​យើង​ផងដែរ ។ ខ្ញុំ​សូម​សន្យា​ថា ការចំណាយ​ពេល​កាន់តែ​ច្រើន​នៅ​ព្រះវិហារ​បរិសុទ្ធ នឹង​ផ្តល់​ពរជ័យ​ដល់​ជីវិត​របស់​បងប្អូន ដែល​គ្មាន​របៀប​ណា​ផ្សេងទៀត​អាច​ផ្តល់​ឲ្យ​បាន​នោះ​ទេ ។

បច្ចុប្បន្ន​នេះ​យើង​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ១៦៨ ដែល​កំពុង​បើក​ដំណើរ និង​មាន​ព្រះវិហារ​បរិសុទ្ធ​ថ្មី​ចំនួន ៥៣ កំពុង​សាងសង់ ព្រមទាំង​មាន​ព្រះវិហារ​បរិសុទ្ធ​ចំនួន ៥៤ ទៀត នៅ​ក្នុង​ដំណាក់កាល​រចនា​រៀបចំ​សាងសង់ ! ខ្ញុំ​មាន​សេចក្តី​រីករាយ​ក្នុង​ការប្រកាស​ពីគម្រោង​របស់​យើង​ក្នុង​ការសាងសង់​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នៅ​តាម​ទីតាំង​នីមួយៗ​ដូច​ខាង​ក្រោម ៖ ប៊ូសាន ប្រទេស​កូរ៉េ; ណាហ្គា ប្រទេស​ហ្វីលីពីន; ស៊ានទីអេហ្គោ ប្រទេស​ហ្វីលីពីន; អ៊ីឃេត ប្រទេស​នីហ្សេរីយ៉ា; ឈីក្លាយ៉ូ ប្រទេសប៉េរូ មជ្ឈមណ្ឌល​ទីក្រុង ប៊ុយណូ អែរ៉ី ប្រទេសអាហ្សង់ទីន; ទីក្រុង​ឡុងទ្រីណា ប្រទេសប្រេស៊ីល; រីប៉ារាល ប្រាដូ ប្រទេសប្រេស៊ីល; វិលវ៉េតថាណេងហ្គោ ហ្គាតេម៉ាឡា; ទីក្រុងចាកសិនវីល, រដ្ឋផ្លរីដា ក្រោន រ៉ាភីត, មីស្សីហ្គិន; ប្រូសប៉េ, រដ្ឋតិចសាស់; ឡូនម៉ៅធិន, រដ្ឋណេវ៉ាដា; និង តាកូម៉ា រដ្ឋវ៉ាស៊ីនតោន ។

យើង​ក៏​កំពុង​ដាក់​គម្រោង​សាងសង់​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​ទៀត​ផងដែរ នៅក្នុង​តំបន់​ទីប្រជុំជន​ធំៗ​ដែល​បាន​ជ្រើសរើស ជា​កន្លែង​ដែល​មាន​បញ្ហា​ខ្លាំង​ក្នុង​ការចំណាយ​ពេល​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដែល​មាន​នៅ​ទីនោះ​ស្រាប់ ។ ហេតុដូច្នេះ​ហើយ ខ្ញុំ​រីករាយ​ដើម្បី​ប្រកាស​ទីតាំង​ចំនួន​បួន​បន្ថែម​ទៀត​នៅ​ក្បែរ​ទីក្រុង​ម៉ិកស៊ិក ជា​ទីតាំង​ដែល​ព្រះវិហារ​បរិសុទ្ធ​ថ្មី​នឹង​ត្រូវ​សាងសង់​នៅ ខ្វាណេវ៉ាកា ភ័រឆូកា តូឡូកា និង ធូឡា ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ខ្ញុំ សូម​បងប្អូន​ផ្តោតចិត្ត​លើ​ព្រះវិហារ​បរិសុទ្ធ តាម​របៀប​ដែល​បងប្អូន​មិន​ធ្លាប់​បាន​ធ្វើ​ពីមុន​មក ។ ខ្ញុំ​សូម​ផ្តល់​ពរជ័យ​ឲ្យ​បងប្អូន​ខិត​កាន់តែ​ជិត​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ​ជា​រៀងរាល់​ថ្ងៃ ។ ខ្ញុំ​ស្រឡាញ់​បងប្អូន ។ សូម​ព្រះ​គង់​នៅ​ជាមួយ​បងប្អូន លុះត្រា​យើង​ជួបគ្នា​ម្តងទៀត ខ្ញុំ​សូម​អធិស្ឋាន​នៅក្នុង​ព្រះនាម​ដ៏​ពិសិដ្ឋ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. វីដេអូ​ថ្មី​ទាំងនេះ​នឹង​មាន​ជាច្រើន​ភាសា​នៅលើ​កម្មវិធី​បណ្ណាល័យ​ដំណឹងល្អ និង​លើ​ប៉ុស្តិ៍​ជាច្រើន​ផ្សេងទៀត ។ រឿង​ជា​ភាគ​ទាំងនោះ​នឹង​ត្រូវបាន​ចុះផ្សាយ​ជា​រៀងរាល់​សប្តាហ៍ រាប់​ចាប់​ពី​ថ្ងៃនេះ​តទៅ បន្ទាប់​ពី​សន្និសីទ​នេះ ។

  2. គិត​ត្រឹម​ថ្ងៃ​ទី ១ ខែតុលា ឆ្នាំ ២០២២ ព្រះវិហារ​បរិសុទ្ធ​ចំនួន​បួន​ទៀត​កំពុង​​ជួសជុល​ ​មាន( សាំង ចច រដ្ឋយូថាហ៍, ម៉ែនធី រដ្ឋយូថាហ៍, សត លេក, និង កូឡាំបៃ រដ្ឋអូហៃអូ ) ហើយ​ព្រះវិហារ​បរិសុទ្ធ​ចំនួន​បី​កំពុង​រង់ចាំ​ការឧទ្ទិស​ឆ្លង មាន (ហាមីលតុន ប្រទេសនូវែលសេឡង់, គីតូ អេក្វាឌ័រ និង ប៊ែល ប្រទេស​ប្រេស៊ីល) ។