សន្និសីទទូទៅ
ចូរ​ស្មោះត្រង់​ចំពោះ​ព្រះ និង​កិច្ចការ​របស់​ទ្រង់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ចូរ​ស្មោះត្រង់​ចំពោះ​ព្រះ និង​កិច្ចការ​របស់​ទ្រង់

យើង​ទាំងអស់​គ្នា​ត្រូវ​ស្វែងរក​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អំពី​ព្រះយេស៊ូវគ្រីស្ទដើម្បី​ទប់​អស់​ទាំង​តណ្ហា​របស់​យើង ប្រែចិត្ត​ពី​អំពើ​បាប ហើយ​ស្មោះត្រង់​ចំពោះ​ព្រះ និង​កិច្ចការ​របស់​ទ្រង់ ។

កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ខ្ញុំ​បានទទួល​ការ​ចាត់តាំង​អម​ដំណើរ​ប្រធាន អិម. រ័សុល បាឡឺដ និង អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ទៅ​ទស្សនកិច្ច​នៅ​ចក្រភព​អង់គ្លេស ជា​កន្លែង​ដែល​យើង​ទាំង​បី​នាក់​ធ្លាប់​បាន​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​កាលនៅ​វ័យ​ក្មេង ។ យើង​មាន​ឯកសិទ្ធិ​ដើម្បី​បង្រៀន និង​ថ្លែង​ទីបន្ទាល់ ព្រម​ទាំង​រំឭក​អំពី​ប្រវត្តិ​សាសនាចក្រ​ដំបូងនៅ​កោះ​អង់គ្លេសជា​កន្លែង​ដែល​តាលួត ហ៊ីប៊ើរ ស៊ី ឃិមបឹល របស់​ខ្ញុំ និង​មិត្ត​របស់​លោក​ធ្វើជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង​នៅ​ទីនោះ ។

ប្រធាន រ័សុល អិម ណិលសុន បាន​ចំអន់​ពួកយើង​អំពី​ការចាត់តាំង​នេះ ដោយ​ថ្លែង​ថា វា​មិន​ធម្មតា​ទេ ដែល​ចាត់តាំង​សាវក​បី​រូបឲ្យ​ទៅ​ទស្សនកិច្ច​តំបន់​នោះ ដែល​ពួកលោក​បាន​បម្រើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​កាល​នៅ​យុវវ័យ​នោះ ។ លោក​បាន​ទទួល​ស្គាល់​ថា យើង​ទាំង​បី​នាក់​ប៉ង​ចង់​ឲ្យ​ចាត់​ទៅ​ទស្សនកិច្ច​បេសកកម្ម​ដើម​របស់​ពួកយើង ។ លោក​បាន​ពន្យល់​យ៉ាង​ច្បាស់​ពី​កាតព្វកិច្ច​នេះ​ទាំង​ទឹកមុខ​ញញឹមថា បើ​មាន​សាវក​បី​នាក់​ផ្សេង​ទៀតដែល​បាន​បម្រើ​ក្នុង​បេសកកម្ម​ដូចគ្នាកាល​ពី​ជាង ៦០ ឆ្នាំ​មុន នោះ​ពួកលោក​ក៏​អាច​ទទួល​ការចាត់តាំង​ស្រដៀង​គ្នា​នេះ​ផងដែរ ។

រូបភាព
ហើប៊ើរ ស៊ី ឃឹមបឹល

ពេលត្រៀម​ខ្លួន​ធ្វើតាម​ការចាត់តាំង​នោះ ខ្ញុំ​បាន​អាន​អត្ថបទ ជីវិត​របស់​ហ៊ីប៊ើរ ស៊ី ឃិមបឹលឡើងវិញ ដែល​បាន​សរសេរ​ដោយ​ចៅប្រុស​ របស់​លោកឈ្មោះ អ័រសុន អេហ្វ វីតនី ដែល​ក្រោយ​មក​ត្រូវបាន​ហៅ​បម្រើ​ជា​សាវក ។ ម្តាយ​ជា​ទី​គោរព​របស់​ខ្ញុំ​បាន​ឲ្យ​សៀវភៅ​មួយ​ក្បាល​នេះ​មក​ខ្ញុំ កាល​ខ្ញុំ​មាន​អាយុ​ជិត​ប្រាំពីរ​ឆ្នាំ ។ យើង​បាន​រៀបចំ​ខ្លួន​ចូលរួម​ពិធី​ឧទ្ទិស​ឆ្លង​វិមាន នេះ​គឺ​ជា​ទីកន្លែង​នោះ​ហើយ នៅថ្ងៃ​ទី ២៤ ខែ កក្កដា ឆ្នាំ ១៩៤៧ ដោយ​ប្រធាន ចច អ័លប៊ើត ស៊្មីធ ។ ម្តាយ​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ស្គាល់ ហ៊ីប៊ើរ ស៊ី ឃិមបឹល ដែល​ជា​ជីដូន​ជីតា​របស់​ខ្ញុំ​កាន់តែ​ច្បាស់ ។

សៀវភៅ​នេះ​មាន​សេចក្តីថ្លែងការណ៍​ដ៏​ជ្រាលជ្រៅ​មួយ ជូន​ប្រធាន​ឃិមបឹល ដែល​វា​សំខាន់​សម្រាប់​ជំនាន់​យើង​នេះ ។ ពីមុន​ពេល​ចែកចាយ​សេចក្តីថ្លែង​ការណ៍​នេះ ខ្ញុំ​សូម​ប្រាប់​អំពី​ប្រវត្តិ​រឿង​នេះ​បន្តិច ។

ខណៈ​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ ជាប់​ក្នុង​គុក​លិបើធី នោះ​ពួកសាវក ព្រិក ហាំយ៉ង់ និង ហ៊ីប៊ើរ ស៊ី ឃិមបឹល ទទួល​ខុស​ត្រូវ​មើល​លើ​ការជម្លៀស​ពួកបរិសុទ្ធ​ចេញ​ពី​រដ្ឋ​មិសសួរី ក្រោម​ស្ថានភាព​ដ៏​តានតឹង​បំផុត ។ ការជម្លៀស​នេះ​តម្រូវ​ឲ្យ​ធ្វើ​ជា​ទ្រង់ទ្រាយ​ធំ ព្រោះ​តែ​មាន​បញ្ជា​ឲ្យ​សម្លាប់​ចោល មក​ពី​លោក លិលបឺន ដ័បបុលយូ បកស៍ ជា​អភិបាល​រដ្ឋ​មិសសួរី ។

ជិត ៣០ ឆ្នាំ​ក្រោយ​មក ហ៊ីប៊ើរ ស៊ី ឃិមបឹល ដែល​កាល​នោះ​នៅក្នុង​គណៈប្រធាន​ទី​មួយ​បាន​សញ្ជឹង​គិត​ពី​ប្រវត្តិ​នេះ​សម្រាប់​ជំនាន់​ថ្មី​លោក​បង្រៀន​ថា « ខ្ញុំ​សូម​និយាយ​ទៅ​កាន់​អ្នក​ថា អ្នក​រាល់​គ្នា​ជា​ច្រើន​នឹង​ឃើញ​គ្រា ដែល​អ្នក​នឹង​មាន​បញ្ហា ការសាកល្បង និង​ការបៀតបៀន​ទាំងអស់ ដែល​អ្នក​អាច​ឈរ​ការពារ និង​មាន​ឱកាស​ច្រើន ដើម្បី​បង្ហាញ​ថា អ្នក ស្មោះត្រង់​ចំពោះ​ព្រះ និង​កិច្ចការ​របស់​ទ្រង់ »

ហ៊ីប៊ើរ បាន​បន្ត​ថា ៖ « ដើម្បី​តទល់​នឹង​ការលំបាក​ដែល​នឹង​កើត​មាន​ឡើង វា​ចាំបាច់​ថា អ្នក​ត្រូវ​មាន​ចំណេះដឹង​អំពី​សេចក្តី​ពិត​នៃ​កិច្ចការ​នេះ​ដោយ​ខ្លួន​ឯង ។ ការលំបាក​ទាំង​នោះ​នឹង​មាន​ខ្លាំង​ណាស់ ហើយ​បើ​បុរស ឬ​ស្ត្រី​ណា គ្មាន​ចំណេះ​ដឹង ឬ​សាក្សី​ផ្ទាល់​ខ្លួន​ទេ នោះ​ពួកគេ​នឹង​ឃ្លាត​ចេញ ។ បើ អ្នក​មិន​ទាន់​មាន​ទីបន្ទាល់​ទេ សូម​រស់នៅ​ដោយ​ត្រឹមត្រូវ ហើយ​អំពាវនាវ​ដល់​ព្រះអម្ចាស់​កុំ​ឈប់ឈ​ឡើយ [ រហូត​ដល់ ] អ្នក [ ទទួល​បាន ] ទីបន្ទាល់​នោះ​ជាមុន​សិន ។ បើ​មិន​ដូច្នោះ​ទេ អ្នក​មិន​អាច​ទប់​ទល់​នឹង​វា​បាន​ឡើយ ។ … គ្រា​នោះ​នឹង​មក​ដល់ ​គ្មាន​បុរស ឬ​ស្ត្រី​ណា​ម្នាក់​អាច​កាន់ខ្ជាប់​ដោយសារ​ពន្លឺ​ដែល​ខ្ចី​គេ​នោះ​ឡើយ ។ បុគ្គល​ម្នាក់ៗ​នឹង​ត្រូវ​ដឹកនាំ​ដោយ​ពន្លឺ​ដែលនៅក្នុង​ខ្លួន​ពួកគេ​ផ្ទាល់ » ។ បើ​អ្នក​គ្មាន​ទីបន្ទាល់​ទេ នោះ​អ្នក​នឹង​មិន​អាច​ទប់ទល់​នឹង​វា​បាន​ឡើយ ដូច្នេះ ចូរស្វែងរក​ទីបន្ទាល់​អំពី​ព្រះយេស៊ូវ ហើយ​តោង​ជាប់​នឹង​ទីបន្ទាល់​នោះ ហើយ​កាល​គ្រា​សាកល្បង​នោះ​មក​ដល់ នោះ​អ្នក​មិន​អាច​ជំពប់​ដួល ឃ្លាត​ចេញ​ឡើយ » ។

យើង​ម្នាក់ៗ​ត្រូវការ​ទីបន្ទាល់​ផ្ទាល់ខ្លួន​អំពី​កិច្ចការ​របស់​ព្រះ និង​តួនាទី​ដ៏​ចម្បង​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គោលលទ្ធិ និង សេចក្តី​សញ្ញា​កណ្ឌ​ទី ៧៦ ចែង​អំពី​លំដាប់​ទាំង​បី​នៃ​សិរីល្អ និង​ប្រៀបធៀប​សិរី​ល្អ​សេឡេស្ទាល​ទៅ​នឹង​ព្រះអាទិត្យ ។ បន្ទាប់​មក កណ្ឌ​នោះ​ប្រៀបធៀប​នគរ​ទេរេសទ្រាល​ទៅ​នឹង​ព្រះចន្ទ ។

វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា ព្រះអាទិត្យ​មាន​ពន្លឺ​ផ្ទាល់​របស់​វា ប៉ុន្តែ​ព្រះ​ចន្ទ​វិញ​គឺ​ជា​ពន្លឺ​ចំណាំង​ផ្លាត ឬ « ពន្លឺ​ខ្ចី​ពី​គេ » ។ និយាយ​អំពី​នគរ​ទេរេសទ្រាល ខ​ទី ៧៩ ចែង​ថា « ពួក​គេ​នេះ​ហើយ ដែល​ពុំ​ក្លាហាន​ថ្លែង​ទី​បន្ទាល់​ពី​ព្រះ​យេស៊ូវ » ។ យើង​មិន​អាច​ទទួល​បាន​នគរ​សេឡេស្ទាល និង​រស់នៅ​ជាមួយ​ព្រះ​ជា​ព្រះវរបិតា ដោយសារ​ពន្លឺ​ខ្ចី​គេ​ទេ យើង​ត្រូវការ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ និង​ដំណឹងល្អ​បស់​ទ្រង់ ។

យើង​រស់នៅ​ក្នុង​ពិភព​មួយ ដែល​មាន​សេចក្ដី​ទុច្ចរិត​ច្រើន ហើយ​បែរ​ចិត្ត​ចេញ​ពី​ព្រះ ព្រោះ​តែ​សិក្ខាបទ​នៃ​មនុស្ស​លោក ។ គំរូ​មួយ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ព្រះគម្ពីរ​អំពី​កង្វល់​របស់ ហ៊ីប៊ើរ ស៊ី ឃិមបឹល ក្នុង​ការស្វែងរក​ទីបន្ទាល់​នៃ​កិច្ចការ​របស់​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ គឺមាន​ប្រកាស​ឲ្យ​ដឹង​នៅក្នុង​ការទូន្មាន​របស់​អាលម៉ា ទៅ​កាន់​កូន​ប្រុស​ទាំង​បី​នាក់​របស់​លោកគឺ—ហេលេមិន ស៊ិបឡុន និង កូរីអានតុន ។១០ កូន​ប្រុស​ពីរ​នាក់​របស់​លោក​ស្មោះត្រង់​ចំពោះ​ព្រះ និង​កិច្ចការ​របស់​ទ្រង់ ។ ប៉ុន្ដែ​កូន​ប្រុស​ម្នាក់​បាន​ធ្វើ​ការសម្រេច​ចិត្ត​មិន​ល្អ​មួយ​ចំនួន ។ ចំពោះ​ខ្ញុំ​ការទូន្មាន​ដ៏​សំខាន់​របស់​អាលម៉ា​គឺ​ថា លោក​បាន​ទូន្មាន​ពួកគេ​ក្នុង​នាម​ជា​ឪពុក ដើម្បី​ជា​ប្រយោជន៍​ដល់​កូនៗ​លោក​ផ្ទាល់ ។

កង្វល់​ដំបូង​របស់​អាលម៉ា ក៏​ដូចជា​កង្វល់​របស់ ហ៊ីប៊ើរ ស៊ី ឃិមបឹល ដែរ​គឺ​ថា ពួកកូន​របស់​លោក​ម្នាក់ៗ​ត្រូវ​មាន​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ ស្មោះត្រង់​ចំពោះ​ព្រះ និង​កិច្ចការ​របស់​ទ្រង់ ។

នៅក្នុង​ការបង្រៀន​ដ៏​អស្ចារ្យ​របស់​អាលម៉ា​ដល់ កូន​ប្រុស ហេលេមិន​លោក​បាន​សន្យា​យ៉ាង​អង់អាច​ដល់​អស់​អ្នក​ដែល « ដាក់​ទី​ទុក​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ព្រះ អ្នក​នោះ​ហើយ ដែល​នឹង​បាន​គាំទ្រ​នៅ​ក្នុង​ការ​ពិសោធន៍​របស់​គេ និង​វិបត្តិ​របស់​គេ និង​សេចក្ដី​ទុក្ខ​វេទនា​របស់​គេ ហើយ​នឹង​ត្រូវ​បាន​លើក​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់ » ។១១

ដោយសារ​អាលម៉ា​បាន​ទទួល​ការបើក​បង្ហាញ​មួយ ដែល​លោក​បាន​ឃើញ​ទេវតា​មួយ​អង្គ នោះ​វា​ជា​រឿង​កម្រ​ណាស់ ។ ការបំផុសគំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺ​មាន​កាន់តែ​សាមញ្ញ ។ ការបំផុសគំនិត​ទាំង​នេះ​អាច​មាន​សារៈសំខាន់​ស្មើ​គ្នា​ទៅ​នឹង​ការបង្ហាញ​ពី​ទេវតា​ផងដែរ ។ ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​បង្រៀន ៖ « ការបំផុស​គំនិត​ដល់​មនុស្ស​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ គឺ​មាន​សារៈសំខាន់​ជាង​ការ​និមិត្ត​មួយ​ទៅ​ទៀត ។ ពេល​ព្រះវិញ្ញាណ​មាន​បន្ទូល​ទៅ​កាន់​វិញ្ញាណ​មនុស្ស នោះ​វាជាប់​ក្នុង​ព្រលឹង​ពួកគេ ដែក​ពិបាក​នឹង​រលុប​ខ្លាំង​ណាស់ » ។១២

ការណ៍​នេះ​នាំ​យើង​ទៅ​រក​ការទូន្មាន​របស់​អាលម៉ា​ចំពោះ​កូន​ប្រុស​ទី​ពីរ​របស់​លោក​គឺ​ស៊ិបឡុន ។ ស៊ិបឡុន​សុចរិត​ដូច​ជា​បង​ប្រុស​របស់​លោក​ហេលេមិន​ដែរ ។ ដំបូន្មាន​ដែល​ខ្ញុំ​ចង់​គូស​បញ្ជាក់​នោះ​គឺ អាលម៉ា ៣៨:១២ ដែក​ចែង​ថា « ចូរ​ឲ្យ​ឃើញ​ថា កូន​ទប់​អស់​ទាំង​តណ្ហា​របស់​កូន ដើម្បី​ឲ្យ​កូន​អាច​បាន​ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ » ។

ការទប់​គឺជា​ពាក្យ​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។ នៅពេល​យើង​ជិះ​សេះ យើង​ប្រើ​បង្ហៀរ​ដើម្បី​នាំ​ផ្លូវ​សេះ​នោះ ។ ពាក្យ​ដ៏​ល្អ​ដែល​មានន័យ​ដូច​នឹង​ពាក្យ​នេះ​គឺ ដឹកនាំ គ្រប់គ្រង ឬ​ទប់ស្កាត់ ។ ព្រះគម្ពីរ​សញ្ញា​ចាស់​ប្រាប់​យើង​ថា យើង​បាន​ស្រែក​ដោយ​អំណរ ពេល​យើង​បាន​ដឹង​ថា យើង​នឹង​មាន​រូប​រាងកាយ ។១៣ រាងកាយ​មិន​ទុច្ចរិត​ទេ—វា​ស្រស់ស្អាត ហើយ​សំខាន់—ប៉ុន្តែមាន​ចំណង់មួយ​ចំនួន បើ​មិន​ប្រើ​ឲ្យ​សមស្រប ហើយ​ទប់​វា​ឲ្យ​ត្រឹមត្រូវ​ទេ នោះ​វា​អាច​បំបែក​យើង​ចេញ​ពី ព្រះ និង​កិច្ចការ​របស់​ទ្រង់ ហើយ​វា​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ទីបន្ទាល់​របស់​យើង ។

ចូរ​និយាយ​អំពី​ចំណង់​ពីរ​យ៉ាង ជា​ពិសេស​គឺ—ទី​មួយ កំហឹង និង​ទីពីរ​សេចក្ដីសម្រើប ។១៤ វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា បើ ទាំង​កំហឹង និង​សេចក្តីសម្រើប​មិន​អាច​ទប់ ឬ​គ្រប់គ្រង​បានទេ នោះ​អាច​បណ្ដាល​ឲ្យ​មាន​ការឈឺ​ចាប់​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ​ថយ​ចុះ និង​ញែក​យើង​ចេញ​ពី​ព្រះ និង​កិច្ចការ​របស់​ទ្រង់ ។ មារសត្រូវ​ឆ្លៀត​ឱកាស​គ្រប់​ពេល​ដើម្បី​ដាក់​អំពើ​ហិង្សា និង​រឿង​អសីលធម៌​ឲ្យ​មាន​ពេញ​ក្នុង​ជីវិត​យើង ។

នៅ​ក្នុង​គ្រួសារ​មួយ​ចំនួន វា​ជា​រឿង​ធម្មតា​ដែល​ស្វាមី ឬ​ប្រពន្ធ​ខឹង​សម្បារ វាយ​ប្រពន្ធ ឬ​ប្តី ឬ​កូន​របស់ខ្លួន ។ នៅ​ខែ​កក្កដា ខ្ញុំ​បាន​ចូលរួម​ក្នុង​វេទិកា​សភា​ភាគី​ក្នុង​ចក្រភព​អង់គ្លេស នៅ​ទីក្រុង​ឡុងដ៍ ។១៥ អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី និង​យុវវ័យ​ត្រូវ​បាន​លើក​ឡើង​ថា ជា​បញ្ហា​ដ៏​ធំ​មួយ​នៅ​ទូទាំង​ពិភព​លោក ។ ក្រៅ​ពី​អំពើ​ហិង្សា អ្នក​ផ្សេងទៀត​មាន​អំពើ​ហិង្សា​ខាង​ពាក្យ​សម្តី ។ ការប្រកាស​អំពី​ក្រុម​គ្រួសារ​ប្រាប់​យើង​ថា អស់​អ្នក « ដែល​ធ្វើ​បាប​ភរិយា ឬ​កូន​ចៅ…គង់​តែ​ថ្ងៃ​ណា​មួយ​នឹង​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​ព្រះ » ។១៦

ប្រធាន ណិលសុន បាន​បញ្ជាក់​យ៉ាង​មុតមាំ​នៅ​ព្រឹក​ម្សិលមិញ​នេះ ។​១៧ សូម​សម្រេច​ចិត្ត​របស់​អ្នក ទោះ​បី​ជា​ឪពុកម្ដាយ​របស់​អ្នក​បាន ឬ​មិន​បាន​ធ្វើ​បាប​អ្នក​ក្ដី គឺ​អ្នក​នឹង​មិន​បំពាន​ស្វាមី ឬភរិយា ឬ​កូនៗ​ខាង​រូបកាយ ឬ​ផ្លូវចិត្ត​ឡើយ ។

នៅក្នុង​ជំនាន់​របស់​យើង ឧបសគ្គ​ដ៏​ចម្បង​មួយ​គឺ ជម្លោះ និង​អំពើ​ហិង្សា​ខាង​ពាក្យ​សម្តី ទាក់ទង​ទៅ​នឹង​បញ្ហា​សង្គម ។ មានករណី​ជា​ច្រើន​កំហឹង និង​អំពើហិង្សា​ខាង​ពាក្យ​សម្តី​បាន​ជំនួស​ដោយ​ហេតុផល ការពិភាក្សា និង​សេចក្តីគួរសម ។ មនុស្ស​ជា​ច្រើន​បាន​បោះ​ចោល​ការដាស់​តឿន​របស់​សាវក​រៀមច្បង​នៃ​ព្រះអង្គ​សង្គ្រោះ​គឺ​ពេត្រុស ឲ្យ​ស្វែងរក​គុណសម្បត្តិ​ដូចជា​ព្រះគ្រីស្ទ គឺ ចេះ​អត់​សង្កត់ អត់ធ្មត់ ចេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ចេះ​រាប់​អាន​គ្នា​ជា​បង​ប្អូន និង​សេចក្ដីសប្បុរស ។១៨ ពួកគេ​ក៏​បាន​បោះ​ចោល​នូវ​ភាពរាបសា​ដែល​ជា​គុណសម្បត្តិ​ដូច​ជា​ព្រះគ្រីស្ទ​ផងដែរ ។

ក្រៅ​ពី​ការគ្រប់គ្រង​កំហឹង និង​ការ​ទប់​អស់​ទាំង​ចំណង់ យើង​ត្រូវ​ដឹកនាំ​ជីវិត​ឲ្យ​មាន​សីលធម៌​ដ៏​បរិសុទ្ធ គ្រប់គ្រង​គំនិត ពាក្យ​សម្តី និង​ទង្វើ​របស់​យើង ។ យើង​ត្រូវ​ចៀសវាង​ពី​ការណ៍​អាសគ្រាម ត្រូវ​ចេះ​វាយតម្លៃ​អំពី​ភាព​សមរម្យ​នៃ​អ្វី​ដែល​យើង​កំពុង​ចាក់​មើល​តាម​អ៊ិនធឺណិត​នៅក្នុង​ផ្ទះ​យើង ហើយ​ចៀសវាង​ពី​ការប្រព្រឹត្ត​អំពើ​បាប​គ្រប់​ទម្រង់ ។

រឿង​នេះ​នាំ​យើង​ទៅការទូន្មាន​របស់​អាលម៉ា​ដល់​ការីអានតុន​ជា​កូន​ប្រុស​របស់​លោក ។ កូរីអានតុន ខុស​ពី​បងៗ​របស់​គាត់ គឺ​ហេលេមិន និង​ស៊ិបឡុន គាត់​បាន​ពាក់ព័ន្ធ​នឹង​ការរំលង​ខាង​សីលធម៌ ។

ដោយសារ​កូរីអានតុន​បាន​ពាក់ព័ន្ធ​ក្នុង​អំពើ​អសីលធម៌ វា​ចាំបាច់​ដែល​អាលម៉ា​បង្រៀន​កូន​អំពី​ការប្រែចិត្ត ។ លោក​ត្រូវ​តែ​បង្រៀន​កូន​ពី​ភាពធ្ងន់ធ្ងរ​នៃ​អំពើបាប រួច​បង្រៀន​ពី​របៀប​ដើម្បី​ប្រែចិត្ត ។១៩

ដូច្នេះ​ការទូន្មាន​ពី​ការទប់ស្កាត់​របស់​អាលម៉ា គឺ​ជា​ការទប់​អស់​ទាំង​ចំណង់ ប៉ុន្តែ​ការទូន្មាន​របស់​លោក គឺ​សម្រាប់​អស់​អ្នក​ដែល​បាន​រំលង ឲ្យ​ប្រែចិត្ត​ចេញ ។ ប្រធាន​ណិលសុន​បាន​ផ្តល់​ដំបូន្មាន​ដ៏​អស្ចារ្យ​ដល់​សមាជិក អំពី​ការប្រែចិត្ត​នៅ​ក្នុង​សន្និសីទ​ទូទៅ​ខែ​មេសា​ឆ្នាំ ២០១៩ ។ លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការប្រែចិត្ត​ជា​រៀងរាល់​ថ្ងៃ គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ជីវិត​របស់​យើង ។ លោក​បាន​បង្រៀន​ថា « ការប្រែ​ចិត្ត​ពុំ​មែន​ជា​ព្រឹត្តិការណ៍​ដែល​កើត​មាន​តែ​ម្ដង​នោះ​ទេ វា​គឺ​ជា​ដំណើរការ​មួយ ។ វា​គឺ​ជា​គន្លឹះ​ឆ្ពោះ​ទៅ​កាន់​សុភមង្គល និង​ភាព​សុខសាន្ដ​ក្នុង​គំនិត ។ « ការប្រែចិត្ត​ប្រចាំ​ថ្ងៃ​គឺ​ជា​ច្រក​ទ្វារ​ទៅ​កាន់​បរិសុទ្ធភាព ហើយ​បរិសុទ្ធភាព​នាំ​មក​នូវ​កម្លាំង » ។២០ បើ កូរីអានតុន បាន​ធ្វើ​ដូច​អ្វី​ដែល​ប្រធាន​ណិលសុន​បាន​ទូន្មាន នោះ​លោក​អាច​ប្រែចិត្ត​ភ្លាមៗ នៅ​ពេល​លោក​បាន​ចាប់ផ្តើម​រីករាយ​នឹង​គំនិត​នានា​ដែល​មិន​បរិសុទ្ធ ។ ការរំលង​ធំៗ​នឹង​មិន​កើត​មាន​ឡើង​ទេ ។

ដំបូន្មាន​ចុង​បញ្ចប់​ដែល​អាលម៉ា​បាន​ទូន្មាន​ដល់​កូន​ប្រុស​របស់​លោក គឺ​ជា​គោលលទ្ធិ​ដ៏​សំខាន់​បំផុត​មួយ​ចំនួន នៅ​ក្នុង​ព្រះគម្ពីរ​ទាំងអស់ ។ វា​ទាក់ទង​នឹង​ដង្វាយធួន​ដែល​បាន​ធ្វើ​ឡើង​ដោយ​ព្រះយេស៊ូវគ្រីស្ទ ។

អាលម៉ា​បាន​ថ្លែង​ទីបន្ទាល់​ថា ព្រះគ្រីស្ទ​នឹង​យក​អំពើ​បាប​ទាំង​ឡាយ​ចេញ ។២១ ប្រសិន​បើ​គ្មាន​ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ​ទេ នោះ​គោលការណ៍​ដ៏​អស់កល្ប​ជានិច្ច​នៃ​សេចក្តី​យុត្តិធម៌ នឹង​តម្រូវ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម ។២២ ដោយសារ​តែ​ដង្វាយធួន​ព្រះអង្គ​សង្គ្រោះ នោះ​សេចក្ដីមេត្តា​ករុណា​អាច​ឈ្នះ ដល់​អស់​អ្នក​ដែល​បាន​ប្រែចិត្ត ហើយ​អាច​អនុញ្ញាត​ឲ្យ​ពួកគេ​ត្រឡប់​ទៅ​ទីវត្តមាន​របស់​ព្រះ​វិញ ។ វា​ជា​ការណ៍​ល្អ​ដល់​យើង ដើម្បី​ពិចារណា​ពី​គោលលទ្ធិ​ដ៏​អស្ចារ្យ​នេះ ។

គ្មាន​នរណា​ម្នាក់​អាច​ត្រឡប់​ទៅ​ព្រះ​វិញ​បាន ដោយ​សារ​តែ​កិច្ចការ​ល្អ​របស់​ខ្លួន​ផ្ទាល់​នោះ​ទេ យើង​ទាំងអស់​គ្នា​ត្រូវការ​អត្ថប្រយោជន៍​នៃ​ការបូជា​របស់​ព្រះអង្គ​សង្គ្រោះ ។ មនុស្ស​ទាំងអស់​មាន​បាប ហើយ​មាន​តែ​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​យើង​អាច​ទទួល​បាន​សេចក្ដីមេត្តា​ករុណា ហើយ​រស់​នៅ​ជាមួយ​ព្រះ ។២៣

អាលម៉ា​ក៏​បាន​ផ្តល់​ដំបូន្មាន​ដ៏​អស្ចារ្យ​ដល់​កូរីអានតុន សម្រាប់​យើង​ទាំងអស់​គ្នា​ដែល​បាន​ឆ្លងកាត់​ត្រូវ ឬ​នឹង​ត្រូវ​ឆ្លងកាត់​ដំណើរការ​ប្រែចិត្ត ទោះ​បី​ជា​អំពើ​បាប​ទាំង​នោះ​ស្រាល ឬ​ធ្ងន់ធ្ងរ ដូច​អំពើបាប​ដែល​បាន​ប្រព្រឹត្ត​ដោយ​កូរីអានតុន​ក្តី ។ ខទី ២៩ នៃ​អាលម៉ា ៤២ ចែង​ថា « ហើយ​ឥឡូវ​នេះ កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ពុំ​មាន​បំណង​ចង់​ឲ្យ​រឿង​ទាំង​នេះ ធ្វើ​ឲ្យ​កូន​កង្វល់​ចិត្ត​ត​ទៅ​ទៀត​ទេ ហើយ​ទុក​ឲ្យ​តែ​អំពើ​បាប​របស់​កូន​បារម្ភ​ដល់​កូន​តែប៉ុណ្ណោះ​បាន​ហើយ គឺ​ការ​បារម្ភ​នេះ​ហើយ ដែល​អាច​ញ៉ាំង​ឲ្យ​កូន​ប្រែ​ចិត្ត » ។

កូរីអានតុន​បាន​ស្តាប់​តាម​ដំបូន្មាន​របស់​អាលម៉ា ហើយ​បាន​ទាំង​ប្រែចិត្ត ហើយ​បម្រើ​ប្រកប​ដោយ​កិត្តិយស ។ ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ការព្យាបាល​គឺ​មាន​សម្រាប់​មនុស្ស​ទាំងអស់ ។

នៅ​ជំនាន់​របស់​អាលម៉ា នៅ​ជំនាន់​របស់ ហ៊ីប៊ើរ ឃិមបឹល ហើយ​ប្រាកដ​ណាស់​នៅ​ជំនាន់​របស់​យើង នោះ​យើង​ទាំងអស់​គ្នា​ត្រូវ​ស្វែងរក​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ទប់​អស់​ទាំង​តណ្ហា​របស់​យើង ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង និង​ស្វែងរក​ភាពសុខសាន្ត តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ហើយ​ស្មោះត្រង់​ចំពោះ​ព្រះ និង​កិច្ចការ​របស់​ទ្រង់ ។

នៅក្នុង​សុន្ទរកថា និង​ជា​ថ្មី​ម្តង​ទៀត​នៅ​ព្រឹកនេះ ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍​អំពី​រឿង​នេះ តាម​របៀប​នេះ ៖ « ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ទទួល​ខុស​ត្រូវចំពោះ​ទីបន្ទាល់​របស់​បងប្អូន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សូម​ខិតខំ​ដើម្បី​មាន​ទីបន្ទាល់​នោះ ។ សូម​មាន​វា​ផ្ទាល់ខ្លួន ។ សូម​ខ្វល់ខ្វាយ​ពី​វា ។ សូម​ចិញ្ចឹម​បីបាច់​វា ដើម្បីឲ្យ​វា​លូតលាស់ ។ បន្ទាប់​មក សូម​មើល​អព្ភូតហេតុ​កើត​ឡើង​ក្នុង​ជីវិត​របស់​បងប្អូន » ។២៤

ខ្ញុំ​មាន​អំណរគុណ​ដែល​ឥឡូវ​នេះ យើង​នឹង​ស្តាប់​ពី​ប្រធាន​ណិនសុន ។ ខ្ញុំ​សូម​ថ្លែងទីបន្ទាល់​ថា ប្រធាន​ណិលសុន​គឺ​ជា​ព្យាការី​របស់​ព្រះ​នៅ​ជំនាន់​របស់​យើង ។ ខ្ញុំ​ស្រឡាញ់ និង​ផ្តល់​តម្លៃ​ដល់​ការបំផុស​គំនិត និង​ការណែនាំ​ដ៏​អស្ចារ្យ ដែល​យើង​ទទួល​បាន​តាមរយៈ​លោក ។

ក្នុង​នាម​ជា​សាវក​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​ម្នាក់ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ដ៏​មុត​មាំ​របស់​ខ្ញុំ​អំពី​ភាព​ជា​ព្រះ​របស់​ព្រះអង្គ​សង្គ្រោះ និង​ភាពពិត​នៃ​ដង្វាយធួន​របស់​ទ្រង់ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ៕

កំណត់​ចំណាំ

  1. សូមមើល Ronald K. Esplin « A Great Work Done in That Land » Ensign ខែ កក្កដា ឆ្នាំ ១៩៨៧ ទំព័រ ២០ ៖ « នៅ​ថ្ងៃ​ទី ១៣ ខែ មិថុនា Elder Kimball, Orson Hyde, Joseph Fielding និង​មិត្ត​របស់​ ហ៊ីប៊ើរ គឺ Willard Richards បាន​ចាកចេញ​ពី​ទីក្រុង ខឺតឡង់ ទៅ​ប្រទេស​អង់គ្លេស ។ នៅទីក្រុង ញូវយ៉ក កាលពី​ថ្ងៃទី ២២ ខែ មិថុនា ជនជាតិ​កាណាដា Isaac Russell, John Goodson និង John Snyder បាន​ចូលរួម​ជាមួយ​ពួកលោក ។ បន្ទាប់មក អ្នក​ផ្សព្វផ្សាយ​សាសនា​ទាំង​ប្រាំ​ពីរ​នាក់​បាន​កក់​សំបុត្រ​នាវា​ទៅ​ទីក្រុង Liverpool នៅ Garrick » ។ ( សូមមើល Heber C. Kimball papers, ១៨៣៧–១៨៦៦; ​Willard Richards journals and papers, ១៨២១–១៨៥៤,បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ ទីក្រុង​សលត៍ លេក ) ។

  2. វិមាន នេះ​គឺ​ជា​កន្លែង​នោះ​ហើយ មាន​ទីតាំង​ស្ថិត​នៅខាង​កើត​នៃ​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ នៅ​ច្រក​រូង​ភ្នំ Emigration, បុណ្យ​រំឭក​ខួប​លើក​ទី ១០០ នៃ​ការមក​ដល់​របស់​ពួកបរិសុទ្ធ​ចូល​ទៅ​ជ្រលង​ភ្នំ សលត៍ លេក នៅថ្ងៃ​ទី ២៤ ខែ កក្កដា ឆ្នាំ ១៨៤៧ ។ វិមាន​នេះ​មាន​រូប​ចម្លាក់​របស់ ព្រិកហាំ យ៉ង់ , ហ៊ីប៊ើរ ស៊ី ឃិមបឹល និង វិលហ្វួឌ វូឌដ្រុព្វ ។

  3. ពួកបរិសុទ្ធ​ចន្លោះ​ពី ៨,០០០ ទៅ ១០,០០០ នាក់​បាន​រត់​គេច​ពី​រដ្ឋ មិសសួរី នៅដើម​ឆ្នាំ ១៨៣៩ ដើម្បី​គេច​ពី​អំពើ​ហិង្សា​របស់​ក្រុម​ការពារ​សណ្តាប់​ធ្នាប់​ក្នុង​សហគមន៍ និង ពួកមនុស្ស​កំណាច ។ ក្រោម​ការដឹក​នាំរបស់ ព្រិកហាំ យ៉ង់ និង ហ៊ីប៊ើរ ស៊ី ឃិមបឹល នោះ​គណៈកម្មាធិការ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ប្រមូល​សម្ភារ ស្ទង់​មើល​ពី​តម្រូវការ និង​បង្កើត​ផ្លូវ​សម្រាប់​ការចេញ​ទៅ​រដ្ឋ អិលលីណយ នៅ​រដូវ​រងារ​ក្នុង​រយៈចម្ងាយ ៣២០ គីឡូម៉ែត្រ ។ ប្រជាជន​ដែល​មាន​ចិត្ត​មេត្តា នៅក្នុងទីក្រុង ឃ្វីនស៊ី បាន​ផ្តល់​ជម្រក​បណ្តោះ​អាសន្ន​ដល់​ពួកបរិសុទ្ធ​ដែល​រងទុក្ខ តាមរយៈ​ការផ្តល់​ជម្រក និង​អាហារ ។ ( សូមមើល Saints: The Story of the Church of Jesus Christ in the Latter Daysvol. 1, The Standard of Truth, 1815–1846( 2018), 375–77; William G. Hartley, “The Saints’ Forced Exodus from Missouri,” in Richard Neitzel Holzapfel and Kent P. Jackson, eds., Joseph Smith: The Prophet and Seer( 2010), 347–89 ។

  4. នៅក្នុង Orson F. Whitney Life of Heber C. Kimball: An Apostle, the Father and Founder of the British Mission ( ឆ្នាំ ១៩៤៥ ) ទំព័រ ៤៤៩ ការគូស​បញ្ជាក់​បាន​បន្ថែម ។

  5. សូម​មើល Orson F. Whitney Life of Heber C. Kimball ទំព័រ ៤៥០ ។

  6. សូមមើល ម៉ូសេ ១:៣៩« កិច្ចការ​នៃ​សេចក្តីសង្ក្រោះ និង​ភាពតម្កើង​ឡើង »​វគ្គ​សូមមើល​ផងដែរ « ១.២ នៅក្នុង ក្បួនខ្នាត​ទូទៅ ៖ ការបម្រើ​នៅក្នុង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយគេហទំព័រ ChurchofJesusChrist.org ។ យើង​មក​កាន់​ព្រះគ្រីស្ទ ហើយ​ជួយ​ក្នុង​កិច្ចការ​របស់​ព្រះ តាមរយៈ​ការ​រស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ មើលថែ​ដល់​អ្នក​ខ្វះខាត អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ទទួល​យក​ដំណឹងល្អ និង​បង្រួប​បង្រួម​ក្រុមគ្រួសារ​សម្រាប់​ភាពអស់កល្ប​ជានិច្ច ។ សូមមើល​ផងដែរ គោលលទ្ធិ និង សេចក្តីសញ្ញា ១១០​ដែល​រៀបចំ​កូនសោ ដែល​បាន​ផ្ដល់​ឲ្យ​សម្រាប់​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ ។

  7. សូមមើល​ផងដែរ កូរិនថូស ទី ១ ១៥:៤០–៤១ ។

  8. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៤៥:២៧ ។

  9. សូមមើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:២៩ ។

  10. អាលម៉ា​គឺ​ជា​កូន​ប្រុស​របស់​អាលម៉ា​ដែល​ជា​ព្យាការី ។ លោក​គឺ​ជា​មេ​ចៅក្រម​នៃ​ប្រជាជន និង​ជា​សង្ឃ​ជាន់​ខ្ពស់ ព្រម​ទាំង​ជា​ព្យាការី ។ លោក​បាន​ដក​ពិសោធន​ការប្រែចិត្ត​ជឿ​ប្រកប​ដោយ​អព្ភូតហេតុ​កាល​លោក​នៅ​ជា​យុវជន ។

  11. អាលម៉ា ៣៦:៣ ។

  12. យ៉ូសែប ហ្វីលឌីង ស្ម៊ីធ « The First Presidency and the Council of the Twelve » Improvement Era ខែ វិច្ឆិកា ឆ្នាំ ១៩៦៦ ទំព័រ ៩៧៩ ។

  13. សូមមើល យ៉ូប ៣៨:៧ ។

  14. សូមមើល អាលម៉ា ៣៩:៩ ។ អាលម៉ា​បង្គាប់​កូរីអាន​តុន​ថា « កុំ​ទៅ​តាម [ សេចក្តី​សម្រើប ] នៃ​ភ្នែក​របស់​ខ្លួន​ឡើយ » ។

  15. ក្រុម​ដៃគូ​សភា​ទាំងអស់, សម័យ​ប្រជុំ​សភា, ថ្ងៃ អង្គារ ទី ៥ ខែ កក្កដា ឆ្នាំ ២០២២ « ការទប់ស្កាត់​អំពើ​ហិង្សា និង​ការលើកកម្ពស់​សេរីភាព​នៃ​ជំនឿ » ។

  16. « The Family: A Proclamation to the World » គេហទំព័រ ChurchofJesusChrist.org;សូមមើល​ផងដែរ ផាទ្រីក ខៀរ៉ុន « He Is Risen with Healing in His Wings: We Can Be More Than ConquerorsLiahonaខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៣៧–៣៩ ។

  17. សូមមើល​រ័សុល អិម ណិលសុន « What Is True?Liahonaខែ វិច្ឆិកា ឆ្នាំ ២០២២ ទំព័រ ២៩ ។

  18. សូមមើល ពេត្រុសទី ២ ១:៥–១០ ។

  19. សូមមើល អាលម៉ា ៣៩:៩ ។

  20. រ័សុល អិម ណិលសុន « We Can Do Better and Be BetterLiahonaខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ៦៧, ៦៨ ។

  21. សូមមើល អាលម៉ា ៣៩:១៥ ។

  22. សូមមើល អាលម៉ា ៤២:១៦ ។

  23. សូមមើល នីហ្វៃទី ២ ២៥:២៣ ។

  24. Russell M. Nelson, Facebook, Aug. 1, 2022, facebook.com/russell.m.nelson; Twitter, Aug. 1, 2022, twitter.com/nelsonrussellm; Instagram, Aug. 1, 2022, instagram.com/russellmnelson; see also « Choices for Eternity »​worldwide devotional for young adults, May 15, 2022), broadcasts.ChurchofJesusChrist.org ។