សន្និសីទទូទៅ
ការស្ថាបនា​ជីវិត​ទប់ទល់​នឹង​មារសត្រូវ​
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ការស្ថាបនា​ជីវិត​ទប់ទល់​នឹង​មារសត្រូវ​

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ យើង​អាច​បន្ដ​ស្ថាបនា​ជីវិត​ ដោយ​ការធ្វើតាម​គម្រោង និង​លក្ខណៈបច្ចេកទេស​ច្បាស់លាស់​នៃ​ការរចនា​ដ៏ទេវភាព ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះវរបិតាសួគ៌ា ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ នៅលើ​វេទិកា​ដ៏ស្រស់ស្អាត​ក្នុង​មជ្ឈមណ្ឌល​សន្និសីទ​នេះ យើង​បាន​ទទួល​ការទូន្មាន ការបំផុស​គំនិត ការណែនាំ និង​វិវរណៈ​ដ៏ច្រើន​លើសលុប ។ ជួនកាល អ្នកឡើង​និយាយ​បាន​ប្រើ​ការប្រៀប​ធៀប​ដែល​ទាក់ទង​នឹង​ចំណេះដឹង និង​បទពិសោធន៍​ ដើម្បី​បង្ហាញ​យ៉ាង​ច្បាស់ ប្រកប​ដោយ​អានុភាព​អំពី​គោលការណ៍​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

តាម​របៀប​នេះ យើង​អាច​រៀន​អំពី​យន្ដហោះ និង​ការហោះហើរ​ដែល​គម្លាត​ដ៏​តូច​មួយ​ពី​ដំបូង​អាច​នាំយើង​ឲ្យ​ទៅកាន់​កន្លែង​មួយ នៅ​ឆ្ងាយពី​ទិសដៅ​របស់​យើង ។ តាម​របៀប​នេះ​យើង​ក៏​បាន​រៀន​អំពី​ការប្រៀបធៀប​មួយ​អំពី​មុខងារ​នៃ​បេះដូង​យើង ទៅនឹង​ការផ្លាស់ប្ដូរ​ដួង​ចិត្ត​ដែល​តម្រូវ​ឲ្យមាន ដើម្បី​ឆ្លើយតប​នឹង​ការអញ្ជើញ​របស់​ព្រះអម្ចាស់​ឲ្យ​ដើរតាម​ទ្រង់ ។

លើក​នេះ ខ្ញុំ​សូមបន្ថែម​រឿងប្រៀបធៀប​មួយ ដែល​បាន​បំផុស​គំនិត​មកពី​ការ​រៀបចំ​វិស័យ​អាជីព​ការងារ​របស់​ខ្ញុំ ។ ខ្ញុំ​សំដៅ​ទៅលើ​ពិភព​វិស្វកម្ម​ស៊ីវិល ។ តាំងពី​ខ្ញុំ​សិក្សា​នៅសាកលវិទ្យាល័យ​ដំបូង ខ្ញុំ​បាន​ស្រមៃ​ដល់​ថ្ងៃ​ដែល​ខ្ញុំ​បាន​បំពេញ​លក្ខខណ្ឌ​ដើម្បី​បាន​ចូលរៀន​ថ្នាក់​មួយ​អំពី​របៀប​រចនា​អគារ និង​សំណង់​ផ្សេងទៀត ដែល​អាច​ចាត់ទុក​ថាជា​សំណង់ « ទប់​ការរញ្ជួយ​ដី » បាន ។

ទីបំផុត ថ្ងៃ​រៀន​មុខវិជ្ជា​នេះ​បាន​មក​ដល់ ។ សម្ដី​ដំបូងរបស់​សាស្ដ្រាចារ្យ​គឺ​ថា ៖ « ប្អូនៗ​ច្បាស់​ជា​អន្ទះសា​ចង់​ចាប់ផ្ដើម​មុខវិជ្ជា​នេះ ហើយ​ចង់​រៀន​ពី​របៀប​រចនា​សំណង់ អគារ​ទប់​ការរញ្ជួយ​ដី​ណាស់ » ពួកយើង​ជាច្រើន​នាក់​ងក់​ក្បាល ។ បន្ទាប់​មក សាស្ដ្រាចារ្យ​បាន​បន្ដ​ថា « ខ្ញុំ​សោកស្ដាយ​ដែល​ត្រូវ​ប្រាប់​ប្អូនៗ​ថា ពុំ​មាន​ទេ ព្រោះ​ខ្ញុំ​មិន​អាច​បង្រៀន​ប្អូនៗ​ពី​របៀប​រចនា​អគារ​មួយ ដែល ‹ ប្រឆាំង › ឬ​ទប់ទល់​នឹងការរញ្ជួយ​ដី​បាន​ទេ ។ គាត់​បាន​និយាយ​ថា « វា​មិន​អាច​នោះ​ទេ ព្រោះ​ការរញ្ជួយ​ដី​នៅ​តែ​កើត​ឡើង​ដដែលៗ ទោះជា​យើង​ពេញចិត្ត​ឬអត់​ក្ដី » ។

រួច គាត់​បាន​បន្ថែម​ថា « អ្វី​ដែល​ខ្ញុំ​អាច​បង្រៀន​ប្អូនៗ​បាន​គឺ​ប្រាប់ពី របៀប​ដើម្បី​រចនា​សំណង់អគារ​ដែល​ធន់​នឹង​ការរញ្ជួយ​ដី​ជា​សំណង់​ដែល​អាច​ធន់​នឹង​កម្លាំង​រញ្ជួយ​ដី ដើម្បី​វា​នៅតែ​បន្ដ​ឈរ​ដោយ​មិន​រង​ការខូចខាត​ខ្លាំង ហើយវា​អាច​បន្ដ​ផ្ដល់​សេវាកម្ម​តាម​មុខងារ​ដើម​របស់​វា » ។

វិស្វករ​ធ្វើការ​គណនា ប្រាប់ពី​ទំហំ គុណភាព និង​លក្ខណៈ​នៃ​គ្រឹះ សសរ ធ្នឹម ប្លង់សេ​បេតុង និង​ធាតុ​សំណង់​ផ្សេងទៀត​ដែល​ត្រូវ​រចនា ។ លទ្ធផល​ទាំងនេះ​បង្កើត​បានជា​គម្រោង និងលក្ខណៈ​បច្ចេកទេស​ដែល​អ្នកសាងសង់​ត្រូវតែ​ធ្វើតាម​យ៉ាង​ហ្មត់ចត់ ដើម្បី​ឲ្យ​ការងារ​នេះ​ចេញ​ជា​រូបរាង ហើយ​បំពេញ​តាម​គោលបំណង​ដែល​វា​ត្រូវបាន​រចនា និង​សាងសង់​ឡើង​នោះ ។

ជាង ៤០ ឆ្នាំ​កន្លងទៅនេះ ចាប់​តាំងពី​មេរៀន​ដំបូង​ក្នុង​ថ្នាក់​វិស្វកម្ម​ធន់​នឹង​ការរញ្ជួយដី​មក ខ្ញុំ​នៅតែ​ចងចាំ​យ៉ាង​ច្បាស់ អំពី​គ្រា​ដំបូង​ដែល​ខ្ញុំបាន​យល់​ពេញលេញ​កាន់តែ​ច្បាស់​អំពី​សារៈសំខាន់​ដែល គោលគំនិត​នេះ​នឹង​មាន​នៅ​គ្រប់​សំណង់​ដែល​ខ្ញុំ​នឹង​រចនា​នៅក្នុង​ជីវិត​អាជីព​នាពេល​អនាគត​របស់​ខ្ញុំ ។ មិន​តែ​ប៉ុណ្ណោះ រឿងដែល​កាន់តែ​សំខាន់​ជាង​នោះ—គឺ​ថា វា​នឹង​មាន​វត្តមាន​ជា​អចិន្ដ្រៃយ៍​នៅក្នុង​ការស្អាង​ជីវិត​ផ្ទាល់ខ្លួន​ខ្ញុំ និង​ជីវិត​អ្នក​ដែល​ខ្ញុំ​អាច​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ទៅលើ​ពួកគេ ។

យើង​ពិតជា​មាន​ពរជ័យ​ណាស់​ដែល​អាច​ពឹងផ្អែក​លើ​ចំណេះដឹង​អំពី​ផែនការ​នៃ​សេចក្តី​សង្គ្រោះ​ដែល​បង្កើត​ឡើង​ដោយ​ព្រះវរបិតា​សួគ៌​យើង ដើម្បី​មាន​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​ពឹងផ្អែក​លើ​ការដឹកនាំ​ដ៏​បំផុស​គំនិត​របស់​ព្យាការី​ដែល​នៅរស់ ! ចំណេះដឹង​ទាំងអស់​នេះ​បង្កើត​បានជា « ផែនការ » និង « លក្ខណៈ​បច្ចេកទេស » ដែល​រចនា​ឡើង​ដ៏​ទេវភាព បង្រៀន​យើង​យ៉ាង​ច្បាស់​ពី​របៀប​សាង​ជីវិត​ដ៏រីករាយ—ជា​ជីវិត​ដែល​ទប់ទល់​នឹង​អំពើបាប ទប់ទល់​នឹង​ការល្បួង ទប់ទល់​នឹង​ការវាយ​ប្រហារ​ពី​សាតាំង ដែល​ខិតខំ​ខ្នះខ្នែង​រារាំង​ដល់​ជោគ​វាសនា​ដ៏​អស់កល្ប​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតា​សួគ៌ និង​ក្រុមគ្រួសារ​ជាទី​ស្រឡាញ់​របស់​យើង ។

ព្រះអង្គ​សង្គ្រោះ​ផ្ទាល់​ត្រូវបាន « ទុក​ឲ្យ​ល្បួង​ដោយ​អារក្ស » នៅ​ពេល​ធ្វើការងារ​បម្រើ​ពី​ដំបូង ។ ប៉ុន្ដែ​ព្រះយេស៊ូវ​ទទួល​បាន​ជោគជ័យ​លើ​ការសាកល្បង​ដ៏ធំ​នោះ ។ តើ​ឥរិយាបថ​តតាំង​នឹង​សាតាំង ឬ​ការល្បួង​របស់​វា​បាន​ជួយ​ទ្រង់​យ៉ាង​ដូចម្ដេច ? អ្វី​ដែល​ធ្វើឲ្យ​ព្រះយេស៊ូវ​ទទួល​ជោគជ័យ​លើ​គ្រា​ដ៏​លំបាក​ទាំង​នោះ គឺ​ការរៀបចំ​ខាង​វិញ្ញាណ​របស់​ទ្រង់ ដែល​ជួយ​ឲ្យ​ទ្រង់​ស្ថិត​ក្នុង​លក្ខខណ្ឌ​មួយ​អាច​ទប់ទល់​នឹង​ការល្បួង​របស់​មារសត្រូវ ។

តើ​កត្តា​អ្វីខ្លះ​ដែល​បាន​ជួយ​ព្រះអង្គ​សង្គ្រោះ​រៀបចំខ្លួន​ជា​ស្រេច​សម្រាប់​គ្រា​ដ៏សំខាន់​នោះ ?

ដំបូង ទ្រង់​បាន​តម​អាហារ ៤០ យប់ ៤០ ថ្ងៃ វា​គឺ​ជា​ការតម​អាហារ​មួយ​ដែល​មាន​អម​ទៅ​ដោយ​ការអធិស្ឋាន​ជាប្រចាំ ។ ដូច្នេះ ទោះ​ជា​ព្រះកាយ​ទ្រង់​ទន់ខ្សោយ​ក្ដី ក៏​ព្រះវិញ្ញាណ​ទ្រង់​នៅ​រឹងមាំ ។ សំណាង​ល្អ​ដែល​យើង​មិន​ត្រូវបាន​សុំ​ឲ្យ​តម​អាហារ​ក្នុង​រយៈពេល​ដ៏យូរ​បែប​នោះ—តែ​ជាការ​តម​រយៈពេល ២៤ ម៉ោង​មួយ​ខែ​ម្ដងវិញ—ជា​ការតម​អាហារ​នាំឲ្យ​យើង​មាន​កម្លាំង​ខាង​វិញ្ញាណ និង​រៀបចំ​យើង​ឲ្យ​តតាំង​នឹង​ការសាកល្បង​ក្នុង​ជីវិត​នេះ ។

នៅ​កន្លែង​ទីពីរ នៅក្នុង​ដំណើររឿង​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ទ្រាំ​នឹង​ការល្បួង យើង​មើល​ឃើញ​ថា ទ្រង់​តែង​តប​នឹង​សាតាំង​ដោយ​មាន​បទគម្ពីរ​ក្នុង​ព្រះតំរិះ​ជានិច្ច ហើយ​ដកស្រង់​បទគម្ពីរ មក​អនុវត្ត​នៅ​ចំ​ពេល​តែម្ដង ។

ពេល​សាតាំង​ល្បួង​ទ្រង់​ឲ្យ​ប្រែ​ថ្ម​ទៅជា​នំប៉័ង ដើម្បី​ទ្រង់​អាច​ចម្អែត​ការស្រេកឃ្លាន​ព្រោះតែ​ការតម​អាហារ​ដ៏យូរ នោះ ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « មាន​សេចក្តី​ចែង​ទុក​មក​ដូច្នេះ មនុស្ស​មិន​មែន​រស់ ដោយសារ​តែ​នំបុ័ង​ប៉ុណ្ណោះ​ទេ គឺ​រស់​ដោយសារ​គ្រប់​ទាំង​ព្រះបន្ទូល ដែល​ចេញ​ពី​ព្រះឱស្ឋ​ព្រះ​មក​ដែរ » ។ បន្ទាប់​មក ពេល​ព្រះអម្ចាស់​គង់នៅ​កំពូល​ព្រះវិហារ​បរិសុទ្ធ អារក្ស​បាន​ព្យាយាម​ល្បួង​ទ្រង់​ឲ្យ​បង្ហាញ​ព្រះចេស្ដា​របស់​ទ្រង់ តែ​ព្រះអម្ចាស់​បាន​តប​ដោយ​សិទ្ធិ​អំណាច​ថា « មាន​សេចក្តី​ចែង​ទុក​ដូច្នេះ​ទៀត កុំ​ឲ្យ​ឯង​ល្បួង​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង​ឡើយ » ។ ហើយ​ព្រះអម្ចាស់​បាន​តប​នឹង​ការប៉ុនប៉ង​លើក​ទីបី​របស់​សាតាំង​ថា « ដ្បិត​មាន​សេចក្តី​ចែង​ទុក​មក​ថា ឯង​ត្រូវ​ថ្វាយបង្គំ​ដល់​ព្រះអម្ចាស់ ជា​ព្រះ​នៃ​ឯង ហើយ​ត្រូវ​គោរព​ដល់​ទ្រង់​តែមួយ​ព្រះអង្គ​ប៉ុណ្ណោះ » ។

ព្រឹត្តិការណ៍​នៃ​ការរញ្ជួយ​ដី​បន្សល់​ទុក​ស្នាម​នៅលើ​សំណង់​នានា ដែល​បាន​រចនា និង​សាងសង់​ឡើង​យ៉ាង​ត្រឹមត្រូវ—ជា​លទ្ធផល​វា​មាន​ស្នាម​ប្រេះ គ្រឿង​សង្ហារឹម ឬ​ពិដាន​ធ្លាក់ចុះ ហើយ​បង្អួច​បាក់​បែក​ជាដើម ។ ប៉ុន្ដែ​អគារ​ដ៏ធំ​ដែល​បាន​រចនា និង​សាងសង់​ឡើង​យ៉ាង​ល្អ​នេះ នឹង​ឈរការពារ​អ្នក​ដែល​រស់នៅ​ក្នុង​នោះ ហើយ​បើ​មាន​ការជួសជុល​ខ្លះៗ នោះ​វា​នឹង​មាន​លក្ខណៈ​ដូច​ដើម​វិញ ។

តាម​លំនាំ​ស្រដៀង​គ្នា​នេះ ការញាំញី​ពី​ពួកមារសត្រូវ​ក៏​អាច​បណ្ដាល​ឲ្យមាន « ស្នាមប្រេះ » ឬ​ការខូចខាត​តាម​ផ្នែក​ខ្លះ​នៅក្នុង​ជីវិត​របស់​យើង​ដែរ ទោះបីជា​យើង​ខិតខំ​កសាង​ជីវិត​យើង​ស្របតាម​ការរចនា​របស់​ព្រះ​ដ៏ល្អ​ឥតខ្ចោះ​ក្ដី ។ « ស្នាមប្រេះ » ទាំងនេះ​អាច​កើតឡើង​ក្នុង​ទម្រង់​ជា អារម្មណ៍​ក្រៀមក្រំ ឬ​ការសោកស្ដាយ​ដែល​បាន​ប្រព្រឹត្ត​ខុស ឬ​ការធ្វើ​អ្វីៗ​មិន​បាន​ល្អ​ឥតខ្ចោះ ឬមាន​អារម្មណ៍​ថា​យើង​មិន​ល្អ​ដូច​យើង​ចង់​បាន ។

ប៉ុន្ដែ​អ្វីដែល​សំខាន់​បំផុត​នោះ​គឺ ដោយសារ​តែ​ការ​ធ្វើតាម​គម្រោង និង​លក្ខណៈបច្ចេកទេស​ដែល​បាន​រចនា​ដោយ​ព្រះ គឺ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នោះហើយ ទើប​យើង​បន្ដ​ឈរ​បាន​ដដែល ។ សំណង់​ជីវិត​របស់​យើង​ពុំបាន​រលំ ដោយសារតែ​ការ​វាយប្រហារ​របស់​មារសត្រូវ ឬ​ស្ថានភាព​លំបាក​ដែល​យើង​ត្រូវ​ប្រឈម​មុខ​នោះ​ឡើយ ប៉ុន្ដែ​យើង​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ឆ្ពោះ​ទៅមុខ ។

អំណរ ដែល​បាន​សន្យា​នៅក្នុង​បទ​គម្ពីរ​គឺជា​គោលបំណង​នៃ​ជីវិត​របស់​យើងដែល​យើង​ពុំ​គួរ​យល់ខុស​​ថា យើង​នឹង​គ្មាន​ការលំបាក ឬ​ទុក្ខព្រួយ ហើយ​ថា​យើង​នឹង​មិន​មាន « ស្នាម​ប្រេះ » ​មកពី​ការល្បួង ឧបសគ្គ ឬ​ការសាកល្បង​ពិតៗ​ក្នុង​ជីវិត​លើ​ផែនដី​របស់​យើង​នោះឡើយ ។

អំណរ​នេះ​ជាប់ទាក់ទង​នឹង​ទស្សនៈវិស័យរបស់​នីហ្វៃ​អំពី​ជីវិត​ កាល​លោក​ថ្លែង​ថា « ដោយ​បាន​ឃើញ​សេចក្ដី​ទុក្ខ​វេទនា​ទាំងឡាយ នៅក្នុង​ដំណើរ​នៃ​ជីវិត​ខ្ញុំ ទោះជា​យ៉ាងណា​ក៏ដោយ គង់តែ​បាន​ប្រោស​ប្រណី​ជាខ្លាំង​ពី​ព្រះអម្ចាស់​អស់​មួយ​ជីវិត​ខ្ញុំ​ដែរ » ។ អស់​មួយ​ជីវិត​របស់​លោក ! សូម្បី​តែនៅ​ថ្ងៃ​ដែល​នីហ្វៃ​បាន​រងទុក្ខ​កាល​ដែល​បងប្រុស​បង្កើត​មិន​យល់ និង​បដិសេធ​លោក សូម្បីតែ​នៅពេល​ពួកគេ​បាន​ចង​លោក​នៅលើ​សំពៅ សូម្បីតែ​នៅ​ថ្ងៃ​ដែល​ឪពុក​របស់​លោក លីហៃ​បាន​លាចាក​លោក​ទៅ និង​សូម្បីតែ​នៅពេល​លេមិន និង​លេមយួល​ក្លាយជា​សត្រូវ​របស់​ប្រជាជន​លោក​ក្ដី ។ ទោះជា​មានថ្ងៃ​ដ៏លំបាក​ទាំងនោះ​ក្ដី ក៏​នីហ្វៃ​នៅតែ​បាន​ប្រោស​ប្រណី​ជាខ្លាំង​មកពី​ព្រះអម្ចាស់​ដែរ ។

យើង​អាច​មាន​ចិត្តស្ងប់​កាល​ដឹង​ថា ព្រះអម្ចាស់​នឹង​មិន​អនុញ្ញាត​ឲ្យ​យើង​រង​ការល្បួង​ហួសពី​អ្វី​ដែល​យើង​អាច​ទ្រាំទ្រ​បាន​នោះ​ឡើយ ។ អាលម៉ា​អញ្ជើញ​យើង​ឲ្យ « ចាំ​យាម និង​អធិស្ឋាន​ជានិច្ច ដើម្បី​កុំ​ឲ្យ [ យើង ] ត្រូវ​ល្បួង​លើស​ជាង​អ្វី​ដែល [ យើង ] រាល់គ្នា​អាច​អត់ទ្រាំ​បាន​ឡើយ ម្ល៉ោះ​ហើយ សូម​ឲ្យ​បាន​នាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ឲ្យ​បាន​ក្លាយ​ទៅជា​រាបទាប ស្លូតបូត ចុះ​ចូល ទ្រាំទ្រ ពោរពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ និង​គ្រប់​ទាំង​សេចក្ដី​អត់ធ្មត់ » ។

គោលការណ៍​ដដែល​នេះ​អាច​អនុវត្ត​ចំពោះការសាកល្បង​ក្នុង​ជីវិត ។ អាំម៉ូន រំឭក​យើង​អំពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ ៖ « ចូរ​ទៅ … ចូរ​ទ្រាំ​ដោយ​សេចក្ដី​អត់ធ្មត់​នូវ​ការទុក្ខ​វេទនា​ទាំងឡាយ​របស់​អ្នក​ចុះ ហើយ​យើង​នឹង​ប្រទាន​ដល់​អ្នក​នូវ​ជ័យជម្នះ » ។១០

ព្រះអម្ចាស់​តែងតែ​ប្រទាន​ជំនួយ​ដល់​យើង​ជានិច្ច ពេល​យើង​ប្រឈម​មុខ​នឹង​ពួកមារសត្រូវ ការល្បួង ការមិន​យល់ដឹង ទុក្ខ​លំបាក និង​សូម្បី​តែ​សេចក្ដី​ស្លាប់​ក្ដី ។ ទ្រង់​ព្រះ​បន្ទូល​ថា « ហើយ​ឥឡូវ​នេះ យើង​ប្រាប់​អ្នក​ជា​ប្រាកដ​ថា ហើយ​អ្វី​ដែល​យើង​ប្រាប់​ដល់​មនុស្ស​ម្នាក់ គឺ​យើង​ប្រាប់​ដល់​មនុស្ស​ទាំងអស់ ចូរ​សង្ឃឹម​ឡើង កូនក្មេង​តូច​អើយ ដ្បិត​យើង​នៅ​កណ្ដាល​ពួកអ្នក ហើយ​យើង​ពុំបាន​បោះបង់​ចោល​អ្នក​ឡើយ » ។១១ ទ្រង់​នឹង​ពុំ​ដែល​បោះបង់​យើង​ចោល​ឡើយ !

ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ យើង​អាច​បន្ដ​ស្ថាបនា​ជីវិត​ ដោយ​ការធ្វើតាម​គម្រោង និង​លក្ខណៈបច្ចេកទេស​ច្បាស់ៗ​នៃ​ការរចនា​ដ៏ទេវភាព ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះវរបិតា ហើយ​សម្រេច​បាន​តាមរយៈ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ដូច្នេះ​ហើយ ដោយសារ​តែ​ព្រះគុណ​ដែល​មាន​ដល់​យើង​តាមរយៈ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​យើង​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការសា្ថបនា​ជីវិត​មួយ​ដែល​ទប់ទល់​នឹង​អំពើបាប ទប់ទល់​នឹង​ការល្បួង ហើយ​ត្រូវបាន​ពង្រឹង​ឲ្យ​ស៊ូទ្រាំ​នឹង​គ្រា​ក្រៀមក្រំ និង​លំបាក​ក្នុង​ជីវិត​របស់​យើង ។ ហើយ​លើសពី​នេះ យើង​នឹង​ស្ថិត​ក្នុង​លក្ខខណ្ឌ​ដើម្បី​ទទួល​បាន​ពរជ័យ​ទាំងអស់​ដែល​បាន​សន្យា​តាមរយៈ​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕