សន្និសីទទូទៅ
ការជួយ​ដល់​ជនក្រីក្រ និង​អ្នក​មាន​ទុក្ខលំបាក
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ការជួយ​ដល់​ជនក្រីក្រ និង​អ្នក​មាន​ទុក្ខលំបាក

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី បម្រើ​ដល់​អ្នក​ខ្វះខាត ហើយ​យើង​ក៏​ប្តេជ្ញា​ចិត្ត​ដើម្បី សហការ​ជាមួយ​អ្នក​ដទៃ​ទៀត​ក្នុង​កិច្ចខិតខំ​នោះ ។

បងប្អូន​ប្រុស​ស្រី ប្រធាន រ័សុល អិម ណិលសុន ជាទីស្រឡាញ់​របស់​យើង​នឹង​ថ្លែង​មក​កាន់​យើង​នៅ​ពេល​ក្រោយ​ក្នុង​សម័យ​ប្រជុំ​នេះ ។ លោក​បាន​ស្នើ​សុំ​ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​និយាយ​ទី​មួយ ។

ប្រធាន​បទ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ ទាក់ទង​នឹង​អ្វី​ដែល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​សមាជិក​បាន​ផ្តល់​ឲ្យ និង​ធ្វើ​សម្រាប់​ជន​ក្រីក្រ និង​អ្នក​មាន​វិបត្តិ ។ ខ្ញុំ​ក៏​នឹង​និយាយ​អំពី​ការ​ផ្តល់​ឲ្យ​ស្រដៀង​គ្នា​នេះ​របស់​មនុស្ស​ល្អៗ​ផ្សេង​ទៀត​ផងដែរ ។ ការ​ផ្តល់​ឲ្យ​ដល់​ជន​ខ្វះខាត គឺ​ជា​គោលការណ៍​មួយ​នៅ​ក្នុង​សាសនា​ដែល​ដើរ​តាម​អ័ប្រាហាំ និង​នៅ​ក្នុង​សាសនា​ផ្សេង​ទៀត​ទាំង​អស់ ។

ប៉ុន្មាន​ខែ​មុន​នេះ សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ បាន​រាយការណ៍​ជា​លើក​ដំបូង​អំពី​ទំហំ​នៃ​កិច្ចការ​មនុស្សធម៌​របស់​យើង​នៅ​ទូទាំង​ពិភព​លោក ។ ការចំណាយ​ក្នុង ឆ្នាំ ២០២១ របស់​យើង​សម្រាប់​អ្នក​ខ្វះខាត នៅ​ក្នុង​ប្រទេស​ចំនួន ១៨៨ នៅ​ទូទាំង​ពិភពលោក​មាន​ចំនួន ៩០៦ លាន​ដុល្លារ—គឺ​ជិត​មួយ​ពាន់​លាន​ដុល្លារ ។ លើស​ពី​នេះ​ទៀត សមាជិក​របស់​យើង​បាន​ស្ម័គ្រចិត្ត​ធ្វើការ​ជាង ៦ លាន​ម៉ោង​ក្នុង​បុព្វហេតុ​ដូចគ្នា​នេះ ។

ប្រាកដ​ណាស់ តួ​លេខ​ទាំង​នោះ​គឺ​ជា​របាយការណ៍​មិន​ទាន់​រៀបរាប់​អស់​អំពី​ការផ្តល់​ឲ្យ និង​ការ​ជួយ​របស់​យើង​នោះ​ទេ ។ របាយ​ការណ៍​នោះ​មិន​រួម​មាន​ការបម្រើ​ផ្ទាល់​ខ្លួន ដែល​សមាជិក​របស់​យើង​ធ្វើ​រៀងៗ​ខ្លួន នៅ​ពេល​ពួកគេ​ធ្វើ​ការងារ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​មុខងារ​ដែល​បាន​ហៅ និង​ការបម្រើ​ដោយ​ស្ម័គ្រចិត្ត​រវាង​សមាជិក និងសមាជិក​នោះ​ទេ ។ ហើយ​របាយការណ៍​ឆ្នាំ ២០២១ របស់​យើង​មិន​បាន​លើក​ឡើង ពី​អ្វី​ដែល​សមាជិក​របស់​យើង​ធ្វើ​ផ្ទាល់ តាម​រយៈ​អង្គការ​សប្បុរស​ធម៌​រាប់​មិន​អស់ ដែល​គ្មាន​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​សាសនាចក្រ​របស់​យើង​ទេ ។ ខ្ញុំ​សូម​ចាប់ផ្ដើម​ជាមួយ​ចំណុច​ទាំង​នេះ ។

នៅ​ឆ្នាំ ១៨៣១ ក្រោយ​ពី​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​ត្រូវ​បាន​រៀបចំ​ហើយ​មិន​ដល់​ពីរ​ឆ្នាំ​ផង ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​នេះ ដើម្បី​ណែនាំ​សមាជិក​របស់​សាសនាចក្រ ហើយ​ខ្ញុំ​ជឿ​ថា ក៏​ជា​ណែនាំ​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ទ្រង់​នៅ​ទូទាំង​ពិភព​លោក​ផងដែរ ៖

« មើល​ចុះ មិន​សម​ឲ្យ​យើង​ត្រូវ​បញ្ជា​នូវ​គ្រប់​អ្វីៗ​ទាំងអស់​ទេ ដ្បិត​អ្នក​ណា​ដែល​ត្រូវ​គេ​បង្ខំ​នូវ​គ្រប់​អ្វីៗ​ទាំងអស់ អ្នក​នោះ​មាន​ឈ្មោះ​ថា​ជា​បាវ​ខ្ជិល​ច្រអូស ហើយ​មិន​មាន​ប្រាជ្ញា​ទៅ​វិញ ។….

យើង​ប្រាប់​ជា​ប្រាកដ​ថា មនុស្ស​លោក​ត្រូវ​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជាច្រើន​តាម​បំណង​ចិត្ត​របស់​ខ្លួន ហើយ​នាំ​មក​នូវ​សេចក្ដី​សុចរិត​ដ៏​ច្រើន

ដ្បិត​អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន​គេ ម៉្លោះ​ហើយ ពួកគេ​ជា​ភ្នាក់ងារ​ចំពោះ​ខ្លួន​គេ​ផ្ទាល់ ។ ហើយ​ដរាបណា​មនុស្ស​លោក​ប្រព្រឹត្ត​អំពើល្អ នោះ​ពួកគេ​នឹង​ពុំ​ត្រូវ​បាត់បង់​រង្វាន់​របស់​ខ្លួន​ឡើយ » ។

ក្នុង​រយៈ​ពេល​ជាង ៣៨ ឆ្នាំ​ក្នុង​នាម​ជា​សាវក​មួយ​រូប និង​ក្នុង​រយៈ​ពេល​ជាង ៣០ ឆ្នាំ​នៃ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ នោះ​ខ្ញុំ​បាន​ឃើញ​កិច្ចខិតខំ​ដ៏​សប្បុរស​ជា​ច្រើន​ពី​អង្គការ និង​មនុស្ស​នានា ដែល​វិវរណៈ​នេះ​ពិពណ៌នា​ថា ជា « ប្រយោជន៍​ល្អ » ហើយ « [ នាំ​មក ] នូវ​សេចក្ដី​សុចរិត​ដ៏ច្រើន » ។ មាន​គំរូ​រាប់​មិន​អស់​អំពី​ការបម្រើ​ផ្នែក​មនុស្សធម៌​បែប​នេះ​នៅ​ទូទាំង​ពិភពលោក ហួស​ពី​ព្រំដែន​របស់​យើង​ផ្ទាល់ និង​ហួស​ពី​ចំណេះ​ដឹង​ទូទៅ​របស់​យើង ។ ដោយ​ពិចារណា​អំពី​រឿង​នេះ ខ្ញុំ​គិត​អំពី​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន​-គឺ​ស្តេច​បេនយ៉ាមីន ដែល​សុន្ទរក​ថា​របស់​ទ្រង់​រួម​មាន​សេចក្ដី​ពិត​ដ៏​អស់​កល្ប​ជា​និច្ច​នេះ ៖ « កាលណា​អ្នក​រាល់​គ្នា​នៅ​ក្នុង​ការ​បម្រើ​ដល់​មនុស្ស​ទូ​ទៅ នោះ​អ្នក​រាល់​គ្នា​គ្រាន់​តែ​នៅ​ក្នុង​ការ​បម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ » ។

ការបម្រើ​ផ្នែក​សុខុមាលភាព និង​មនុស្សធម៌​ជា​ច្រើន ដល់​មនុស្ស​ទូទៅ​របស់​យើង ត្រូវ​បាន​បង្រៀន និង​អនុវត្ត​ដោយ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ និង​ដោយ​យើង​ជា​សមាជិក​របស់​សាសនា​ចក្រនេះ ។ ឧទាហរណ៍ ៖ យើង​តម​អាហារ​នៅ​ដើម​ខែ​នីមួយៗ ហើយ​បរិច្ចាគ​ប្រាក់​ដែល​យ៉ាង​ហោច​ណាស់​ស្មើ​នឹង​តម្លៃ​អាហារ​ដែល​មិន​បាន​បរិភោគ​នោះ ជួយ​អ្នក​ខ្វះខាត​នៅក្នុង​ក្រុមជំនុំ​របស់​យើង​ផ្ទាល់ ។ សាសនាចក្រ​ក៏​បាន​រួម​ចំណែក​យ៉ាង​ច្រើន​ក្រាស់ក្រែល ដល់​ការបម្រើ​ផ្នែក​មនុស្ស​ធម៌ និង​ការបម្រើ​ផ្សេងៗ​ទៀត នៅ​ទូទាំង​ពិភព​លោក​ផង​ដែរ ។

ទោះបី​អ្វីៗ​ទាំងអស់​ដែល​សាសនាចក្រ​របស់​យើង​ធ្វើ​ដោយ​ផ្ទាល់​ក្តី ក៏​ការបម្រើ​ផ្នែក​មនុស្ស​ធម៌​ភាគ​ច្រើន ទៅ​កាន់​បុត្រាបុត្រី​របស់​ព្រះ​នៅ​ទូទាំង​ពិភព​លោក ត្រូវ​បាន​​ធ្វើ​ឡើង​ដោយ​មនុស្ស និង​អង្គការ​នានា ដែល​គ្មាន​ទំនាក់ទំនង​ជា​ផ្លូវការ​ជាមួយ​សាសនាចក្រ​របស់​យើង​នោះ​ទេ ។ ដូច​សាវក​ម្នាក់​បាន​សង្កេត ៖ « ព្រះ​កំពុង​ប្រើ​មនុស្ស​ជា​ច្រើន​ដើម្បី​សម្រេច​នូវ​កិច្ចការ​ដ៏​ធំ ហើយ​អស្ចារ្យ​របស់​ទ្រង់ ។ … វា​មាន​ភាព​ធំ ហើយ​អស្ចារ្យ​ពន់​ពេក​សម្រាប់​មនុស្ស​មួយ​ក្រុម » ។ ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ យើង​ត្រូវ​តែ​ទទួល​ស្គាល់​បន្ថែម​ទៀត និង​មាន​អំណរ​គុណ​ចំពោះ​ការបម្រើ​របស់​អ្នក​ដទៃ ។

សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្តេជ្ញា​ចិត្ត​ដើម្បី បម្រើ ដល់​អ្នក​ខ្វះខាត ហើយ​យើង​ក៏​ប្តេជ្ញា​ចិត្ត​ដើម្បី សហការ ជាមួយ​អ្នក​ដទៃ​ទៀត​ក្នុង​កិច្ចខិតខំ​នោះ​ដែរ ។ ថ្មីៗ​នេះ​យើង​បាន​ធ្វើ​អំណោយ​ដ៏​ធំ​មួយ​ជូន​ដល់​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​របស់​អង្គការ​សហ​ប្រជាជាតិ ។ អស់​ជា​ច្រើន​ទសវត្សរ៍​នៃ​ការងារ​មនុស្សធម៌​របស់​យើង មាន​អង្គការ​ពីរ​ដែល​លេចធ្លោ​សម្រាប់​ការសហការ​ដ៏​សំខាន់​នោះ​គឺ ៖​ចូលរួម​គម្រោង​នានា​ជាមួយ​ភ្នាក់ងារ​កាកបាទ​ក្រហម និង​អឌ្ឍចន្ទ​ក្រហម​នៅក្នុង​ប្រទេស​ជា​ច្រើន បាន​ផ្តល់​ជំនួយ​ដ៏​ចាំបាច់​ដល់​បុត្រាបុត្រី​របស់​ព្រះ ក្នុង​អំឡុង​ពេល​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​ជម្លោះ​នានា ។ ដូច​គ្នា​នេះ​ដែរ យើង​មាន​កំណត់​ត្រា​ជំនួយ​ដ៏​វែង​មួយ​ជាមួយ​នឹង​ Catholic Relief Services ។ អង្គការ​ទាំង​នេះ​បាន​បង្រៀន​យើង​ច្រើន​អំពី​ការសង្គ្រោះ​ជា​កម្រិត​ថ្នាក់​ពិភព​លោក ។

យើង​ក៏​ធ្លាប់​មាន​ការសហការ​គ្នា​ប្រកប​ដោយ​ផ្លែផ្កា​ជាមួយ​អង្គការ​ផ្សេងៗ​ទៀត រួម​មាន អង្គការ​ជំនួយ​មូស្លីម អង្គការ Water for People និង IsraAID នេះ​គ្រាន់​តែ​ឈ្មោះ​មួយ​ចំនួន​ប៉ុណ្ណោះ ។ ដោយសារ​អង្គការ​មនុស្ស​ធម៌​នីមួយៗ មាន​ផ្នែក​ជាក់លាក់​ផ្ទាល់​ខ្លួន​ដែល​ត្រូវ​ធ្វើ នោះ​យើង​គ្រាន់តែ​ចូលរួម​ចំណែក​ក្នុង​គោលដៅ​រួម​ទាំង​នោះ ដើម្បី​ជួយ​សង្គ្រោះ​ការរងទុក្ខ​ក្នុង​ចំណោម​បុត្រាបុត្រី​របស់​ព្រះ ។ ទាំង​អស់​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​របស់​ព្រះ​​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ ។

វិវរណៈ​សម័យ​ទំនើប​បង្រៀន​ថា ព្រះអង្គសង្គ្រោះ​របស់​យើង​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា « ពន្លឺ​ពិត ដែល​បំភ្លឺ​ដល់​មនុស្ស​ទាំងអស់ ដែល​កើត​មក​ក្នុង​លោកិយ » ។ ដោយ​កិច្ចការ​នេះ បុត្រាបុត្រី​ទាំង​អស់​របស់​ព្រះ ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​បម្រើ​ទ្រង់ និង​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក អស់​ពី​ចំណេះ​ដឹង និង​សមត្ថភាពដ៏​ល្អ​បំផុត​របស់​ពួកគេ ។

ព្រះគម្ពីរ​មរមន​បង្រៀន​ថា « អ្វី​ក៏​ដោយ​ដែល​អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ ហើយ​ឲ្យ​ស្រឡាញ់​ព្រះ ហើយ​ឲ្យ​បម្រើ​ទ្រង់ គឺ​ផុស​គំនិត​មក​ពី​ព្រះ » ។

ដោយ​បន្ត ៖

« ដ្បិត​មើលចុះ ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​ត្រូវ​បាន​ប្រទាន​ដល់​មនុស្ស​គ្រប់​រូប ដើម្បី​ឲ្យ​គេ​អាច​ដឹង​ខុស និង​ត្រូវ ហេតុដូច្នោះ​ហើយ ខ្ញុំ​បង្ហាញ​ដល់​អ្នក​នូវ​វិធី​វិនិច្ឆ័យ ដ្បិត​គ្រប់​ទាំង​អ្វីៗ​ដែល​អញ្ជើញ​ឲ្យ​ធ្វើ​ល្អ ហើយ​ដែល​បញ្ចុះបញ្ចូល​ឲ្យ​ជឿ​ដល់​ព្រះគ្រីស្ទ នោះ​គឺ​បាន​ចាត់​មក​ពី​ព្រះចេស្តា និង​អំណោយទាន​នៃ​ព្រះគ្រីស្ទ …

ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ … អ្នក​រាល់​គ្នា​ស្គាល់​នូវ​ពន្លឺ​ដែល​អ្នក​រាល់​គ្នា​អាច​យក​ទៅ​វិនិច្ឆ័យ ឯ​ពន្លឺ​នោះ​គឺជា​ពន្លឺ​នៃ​ព្រះ​គ្រីស្ទ » ។

នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​បុត្រាបុត្រី​របស់​ព្រះ ជួយ​ដល់​បុត្រាបុត្រី​ដទៃ​ទៀត​របស់​ព្រះ ជាមួយ​នឹង​តម្រូវការ​សំខាន់​របស់​ពួកគេ​សម្រាប់ អាហារ ការថែទាំ​សុខភាព និង​ការបង្រៀន ។

កាលពី ១០ ឆ្នាំ​មុន គ្រួសារ ខាន់​ដារី ជា​ស្វាមី​ភរិយា​​កាន់​សាសនាស៊ីក នៅក្នុង​ប្រទេស​អារ៉ាប់​រួម បាន​ផ្តួចផ្តើម​កិច្ច​ខិតខំ​ដ៏​អស្ចារ្យ​មួយ ដើម្បី​ផ្តល់​អាហារ​ដល់​ជន​ស្រេក​ឃ្លាន ។ តាម​រយៈ​វិហារ Guru Nanak Darbar Sikh នោះ​ថ្មីៗនេះ​ពួកគេ​ផ្តល់​អាហារ​បួស​ជាង ៣០.០០០ ចាន​ជា​រៀងរាល់​ចុង​សប្តាហ៍ ដល់​អស់​អ្នក​ដែលឈានជើង​ចូល​ក្នុង​វិហារ​របស់​ពួកគេ មិនថា​ពួកគេ​កាន់​សាសនា​អ្វី ឬ​មានជាតិសាសន៍​អ្វី​នោះទេ ។ បណ្ឌិត ខាន់​ដារី ពន្យល់​ថា « យើង​ជឿ​ថា មនុស្ស​ទាំង​អស់​គ្នា​គឺ​តែ​មួយ គឺ​យើង​ជា​បុត្រាបុត្រី​របស់​ព្រះ​មួយ​អង្គ ហើយ​យើង​នៅ​ទីនេះ​ដើម្បី​បម្រើ​មនុស្ស​ជាតិ » ។

ការផ្តល់​ការថែទាំផ្នែក​វេជ្ជសាស្ត្រ និង​ទន្តសាស្ត្រ​ដល់​អ្នកខ្វះខាត គឺ​ជា​ឧទាហរណ៍​មួយ​ទៀត ។ នៅ​ទីក្រុង ឈីកាហ្គោ ខ្ញុំ​បាន​ជួប​វេជ្ជបណ្ឌិត​ឈ្មោះ ហ្សាហឺ សាឡូល សញ្ជាតិ ស៊ីរី-អាមេរិក ជា​វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់ ។ លោក​ជា​ស្ថាបនិក​ម្នាក់​របស់​អង្គការ MedGlobal ដែល​រៀបចំ​អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​ ដែល​ស្ម័គ្រចិត្ត​ចំណាយ​ពេលវេលា ជំនាញ ចំណេះដឹង និង​ភាព​ជា​អ្នក​ដឹកនាំ​របស់​ពួកគេ ដើម្បី​ជួយ​អ្នកដទៃ​ពេល​មាន​វិបត្តិ​នានា ដូចជា សង្គ្រាម​នៅ​ស៊ីរី ​ជា​ទី​ដែល​វេជ្ជបណ្ឌិត សាឡូល បាន​ប្រថុយ​ជីវិត​ខ្លួន ក្នុង​ការផ្តល់​ការថែទាំ​សុខភាព​ដល់​ជន​ស៊ីវិល ។ អង្គការ MedGlobal និង​អង្គការ​នានា​ស្រដៀង​គ្នា​នេះ ( រួមមាន ពួក​អ្នក​ជំនាញ​ដែល​ជាពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ជា​ច្រើន​នាក់ ) បង្ហាញ​ថា ព្រះ​កំពុង​ជំរុញ​ចិត្ត​ឲ្យ​អ្នក​ជំនាញ​ដែល​មាន​ជំនឿ​សាសនា ផ្តល់​ការ​ជួយ​សង្គ្រោះ​ដល់​ជន​ក្រីក្រ​ដែល​ត្រូវការ​ជំនួយ នៅ​ទូទាំង​ពិភពលោក ។

បុត្រាបុត្រី​ជា​ច្រើន​របស់​ព្រះ​ដែល​មិន​អាត្មា​និយម កំពុង​ចូលរួម​ក្នុង​កិច្ច​ខិតខំ​បង្រៀន​នៅ​ទូទាំង​ពិភព​លោក​ផងដែរ ។ ឧទាហរណ៍​ដ៏​ល្អ​មួយ ដែល​យើង​ស្គាល់​តាមរយៈ​កិច្ច​ខិតខំ​ផ្នែក​មនុស្ស​ធម៌​របស់​យើង គឺ​ទង្វើ​របស់​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ថា លោក ហ្គាព្រីយ៉ែល ដែល​ធ្លាប់​ជា​ជនភៀស​ខ្លួន​ពី​សង្គ្រាមផ្សេងៗ នៅក្នុង​ឱកាស​ជាច្រើន ។ ថ្មីៗ​នេះ លោក​បាន​សង្កេត​ឃើញ​ថា កុមារ​ដែល​ជា​ជនភៀស​ខ្លួន​រាប់​រយ​ពាន់​នាក់​នៅ​អាហ្វ្រិក​ខាង​កើត ត្រូវការ​ជំនួយ​ដើម្បី​បន្ត​ក្តី​សង្ឃឹម​របស់​ពួកគេ​ឲ្យ​នៅ​កើត​មាន និង​ឲ្យ​គំនិត​របស់​ពួកគេ​នៅសកម្ម ។ លោក​បាន​រៀបចំ​គ្រូ​បង្រៀន​ផ្សេង​ទៀត នៅ​ក្នុង​​ចំណោម​ប្រជាជន​ភៀស​ខ្លួន​នោះ ទៅ​ក្នុង​អ្វី​ដែល​ពួកគេ​ហៅ​ថា « សាលា​រៀន​ដើម​ឈើ » ​ជា​កន្លែង​ដែល​កុមារ​ត្រូវ​បាន​ប្រមូល​ផ្តុំ​គ្នា​រៀន នៅ​​ក្រោម​ម្លប់​ដើមឈើ ។ លោក​មិន​បាន​រង់ចាំ​អ្នក​ដទៃ​រៀបចំ ឬ​ដឹកនាំ​នោះ​ទេ ប៉ុន្តែ​លោក​បាន​ដឹកនាំ​កិច្ច​ខិតខំ​នេះ​ដោយ​ខ្លួន​លោក​ផ្ទាល់ ដែល​បាន​ផ្តល់​​ឱកាស​រៀនសូត្រ​ដល់​កុមារ​ថ្នាក់​បឋម​សិក្សា​រាប់​ពាន់​នាក់ អំឡុង​ពេល​ដ៏​តានតឹង​ជា​ច្រើន​ឆ្នាំ​នៅជំរំជន​ភៀស​ខ្លួន​នោះ ។

ប្រាកដ​ណាស់ ឧទាហរណ៍​ទាំង​បី​នេះ​មិន​មាន​ន័យ​ថា អ្វីៗ​ទាំងអស់​ដែល​បាន​និយាយ ឬ​ធ្វើ​ដោយ​អង្គការ ឬ​បុគ្គល​ទាំងនេះ ជា​ការធ្វើ​ល្អ​ពិតប្រាកដ ឬ​មក​ពី​ព្រះ​នោះ​ទេ ។ ឧទាហរណ៍​ទាំង​នេះ​ពិត​ជា​បង្ហាញ​ថា ព្រះ​បំផុស​គំនិត​ដល់​អង្គការ និង​បុគ្គល​ជា​ច្រើន​ឲ្យ​ធ្វើ​ល្អ​ឲ្យ​បាន​ច្រើន ។ វា​ក៏​បង្ហាញ​ផង​ដែរ​ថា ពួក​យើង​បន្ថែម​ទៀត គួរ​តែ​ទទួល​ស្គាល់​កិច្ចការល្អ ដែល​អ្នក​ដទៃ​ទៀត​ធ្វើ ហើយ​គាំទ្រ​កិច្ចការ​នោះ ទៅ​តាម​ពេលវេលា និង​ធនធាន​ដែល​យើង​មាន ។

នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំនួន​អំពី​ការបម្រើ​ដែល​សាសនាចក្រ​គាំទ្រ ហើយ​ដែល​សមាជិក​របស់​យើង និង​មនុស្ស ព្រមទាំង​អង្គការ​ល្អៗ​ផ្សេង​ទៀត​ក៏​គាំទ្រ​ផ​ងដែរ ដោយ​បុគ្គល​ម្នាក់ៗ​បាន​បរិច្ចាគ​ទាំង​ពេលវេលា និង​ថវិកា ។

ខ្ញុំ​សូម​ចាប់ផ្ដើម​ជា​មួយ​នឹង​សេរីភាព​ខាង​សាសនា ។ នៅ​ក្នុង​ការគាំទ្រ​ដល់​ផ្នែក​នោះ យើង​ផ្តល់​ប្រយោជន៍​ដល់​ខ្លួន​យើង​ផ្ទាល់ ហើយ​ក៏​ផ្តល់​ប្រយោជន៍​ដល់​សាសនា​ផ្សេងៗ​ទៀត​ផងដែរ ។ ដូច​ប្រធាន​ទី​មួយ​របស់​យើង​គឺ យ៉ូសែប ស្ម៊ីធ បាន​បង្រៀន « យើង​ខ្ញុំ​សូម​អះអាង​យក​សិទ្ធិ​ក្នុង​ការថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​មហិទ្ធិឫទ្ធិ ស្រប​តាម​ការ​ណែនាំ​នៃ​សម្បជញ្ញៈ​របស់​យើង​ខ្ញុំ ហើយ​សូម​បណ្ដោយ​ឲ្យ​មនុស្ស​ទាំង​អស់​មាន​សិទ្ធិ​ដូច​គ្នា ចូរ​ឲ្យ​គេ​ថ្វាយ​បង្គំ​តាម​របៀប​ណា នៅ​ទីណា ឬ​អ្វី​ក៏​ដោយ​ដែល​គេ​ប្រាថ្នា » ។១០

ឧទាហរណ៍​ផ្សេង​ទៀត​អំពី​ផ្នែក​មនុស្ស​ធម៌​របស់​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ និង​ជំនួយ​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​ស្ម័គ្រចិត្ត​ពី​សំណាក់​សមាជិក​របស់​យើង គឺ​មាន​ដូច​ជា សាលារៀន មហា​វិទ្យាល័យ និង​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​របស់​យើង និង​ជំនួយ​ដែល​មិន​សូវ​មាន​គេ​ស្គាល់​របស់​យើង ប៉ុន្តែ​ឥឡូវ​នេះ​បាន​បោះពុម្ព​ផ្សាយ​នូវ​ការបរិច្ចាគក្នុង​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន សម្រាប់​ការជួយ​សង្គ្រោះ​ដល់​អស់​អ្នក​ដែល​រងគ្រោះ​ដោយសារ​ការបំផ្លិចបំផ្លាញ និង​ការបំផ្លាញ​ដោយ​គ្រោះមហន្តរាយ​ធម្មជាតិ ដូច​ជា​ព្យុះ​សង្ឃរា និង​ការរញ្ជួយ​ដី​ជា​ដើម ។

មាន​សកម្មភាព​សប្បុរសធម៌​ផ្សេង​ទៀត​ដែល​រាប់​មិន​អស់ ដែល​សមាជិក​យើង​គាំទ្រ តាមរយៈ​ការបរិច្ចាគ និង​កិច្ចខិតខំ​ដោយ​ស្ម័គ្រចិត្ត​របស់​ពួកគេ​នោះ ប៉ុន្តែ​ការលើក​ឡើង​ពី​ឧទាហរណ៍​មួយ​ចំនួន​នេះ នឹង​ផ្តល់​ជា​យោបល់​អំពី​សេចក្តីសប្បុរស​ផ្សេងៗ និង​សំខាន់​ជា​ច្រើន​របស់​ពួកគេ ៖ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រកាន់​ពូជសាសន៍ និង​ការរើសអើង​ផ្សេងទៀត, ការស្រាវជ្រាវ​ស្តី​ពី​របៀប​ការពារ និង​ព្យាបាល​ជំងឺ, ការជួយ​ជនពិការ, ការគាំទ្រ​តន្ត្រី និង​អង្គការ​សារមន្ទីរ​នានា និង​ការកែលម្អ​បរិយាកាស​ផ្នែក​សីលធម៌ និង​រាងកាយ​សម្រាប់​មនុស្ស​ទាំង​អស់ ។

កិច្ចខិតខំ​ទាំងអស់​នៃ​ផ្នែក​មនុស្សធម៌​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ព្យាយាម​ធ្វើ​តាម​គំរូ​របស់​មនុស្ស​សុចរិត​មួយ​ក្រុម​នៅ​ក្នុង​ព្រះគម្ពីរ​​មរមន ៖ « ម្ល៉ោះ​ហើយ នៅ​ក្នុង​កាលៈទេសៈ​ដ៏​ចម្រុង​ចម្រើន​របស់​គេ ពួក​គេ​ពុំ​បាន​ដេញ​ជន​ណា​ចេញ​ដែល​អាក្រាត ឬ​ជន​ណា​ដែល​អត់ឃ្លាន ឬ​ជន​ណា​ដែល​ស្រេក ឬ​ជន​ណា​ដែល​ឈឺ … ហើយ​ពួក​គេ … មាន​ចិត្ត​ទូលំទូលាយ​ទៅ​លើ​មនុស្ស​គ្រប់​រូប ទាំង​ចាស់​ទាំង​ក្មេង ទាំង​បាវ​គេ​ទាំង​អ្នក​សេរី ទាំង​ប្រុស ទាំង​ស្រី ទោះ​ជា​នៅ​ក្រៅ​សាសនាចក្រ ឬ​នៅ​ក្នុង​សាសនាចក្រ​នោះ​ក្ដី » ។១១

ខ្ញុំ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​ពន្លឺ និង​ព្រះវិញ្ញាណ​របស់​ទ្រង់​ដឹកនាំ​បុត្រាបុត្រី​ទាំងអស់​នៃ​ព្រះ​ក្នុង​ការជួយ​ដល់​ជនក្រីក្រ និង​អ្នក​មាន​ទុក្ខ​លំបាក​ទូទាំង​ពិភពលោក ។ នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕