សន្និសីទទូទៅ
យើង​អាច​ធ្វើ​កិច្ចការ​ពិបាក​តាមរយៈ​ទ្រង់
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


យើង​អាច​ធ្វើ​កិច្ចការ​ពិបាក​តាមរយៈ​ទ្រង់

យើង​រីកចម្រើន​ក្នុង​ភាពជាសិស្ស​របស់​យើង នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​ក្នុង​គ្រាលំបាក ។

ក្នុង​អំឡុងពេល​នៃ​ការបម្រើ​នៅលើ​ផែនដី​របស់​ព្រះអង្គ​សង្គ្រោះ ទ្រង់​បាន​ឃើញ​បុរស​ម្នាក់​ដែល​ខ្វាក់​ភ្នែក ។ ពួក​សិស្ស​របស់​ព្រះ​យេស៊ូវ​បាន​ទូល​សួរថា « លោក គ្រូ តើ អ្នក ណា បាន ធ្វើ បាប មនុស្ស នេះ ឬ ឪពុក ម្តាយ របស់ គាត់ បាន ជា គាត់ កើត មក ខ្វាក់ ដូច្នេះ ? »

ចម្លើយ​ដ៏​ច្បាស់លាស់ ពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ស្មោះត្រង់​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ធានា​ដល់​យើង​ថា ទ្រង់​ញាណ​ដឹង​ពី​ការពុះពារ​របស់​យើង ៖ « មិន​មែន​ដោយ​ព្រោះ​អ្នក​នេះ ឬ​ឪពុក​ម្តាយ​គាត់​បាន​ធ្វើ​បាប​ទេ គឺ​ដើម្បី​ឲ្យ​ការ​របស់​ព្រះ បាន​សម្តែង​មក​ក្នុង​ខ្លួន​គាត់​វិញ »

ខណៈ​ពេល​ដែល​បញ្ហា​ខ្លះ​អាច​កើត​ឡើង​ដោយសារ​តែ​ចេតនា​មិន​គោរព​ប្រតិបត្តិ នោះ​យើង​ដឹង​ថា​ឧបសគ្គ​ជា​ច្រើន​ក្នុង​ជីវិត​កើត​ឡើង​ដោយសារ​ហេតុផល​ផ្សេងៗ​ទៀត ។ មិន​ថា​ប្រភព​នៃ​បញ្ហា​ប្រឈម​របស់​យើង​ជា​អ្វី​នោះ​ទេ វា​អាច​ជា​ឱកាស​មាស​ដើម្បី​រីកចម្រើន ។

គ្រួសារ​យើង​មិន​បាន​រួចផុត​ពី​ទុក្ខលំបាក​ក្នុង​ជីវិត​ឡើយ ។ កាល​ខ្ញុំ​ធំ​ឡើង​ខ្ញុំ​កោតសរសើរ​ដល់​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន ។ គ្រួសារ​បែប​នេះ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ខ្ញុំ ជា​ពិសេស​នៅ​ពេល​ខ្ញុំ​បាន​រកឃើញ​សាសនាចក្រ​នៅ​វ័យ​ជំទង់ តាម​រយៈ​លោកពូ សាហ្វូ និង​ភរិយា​របស់​គាត់​នៅ​តាកូរ៉ាឌី ប្រទេស ហ្គាណា ដែល​ជា​ញាតិ​ខាង​ម្តាយ​របស់​ខ្ញុំ ។

នៅ​ពេល ហាណា និង​ខ្ញុំ​បាន​រៀបការ យើង​មាន​ចិត្ត​ចង់​បំពេញ​តាម​ពរជ័យ​របស់​លោក​អយ្យកោ​របស់​យើង ដែល​បង្ហាញ​ថា យើង​នឹង​ទទួល​បាន​ពរ ដោយ​មាន​កូន​ជា​ច្រើន ។ ទោះ​ជា​យ៉ាង​ណា​ក៏​អំឡុង​ពេល​ពរពោះ​កូន​ប្រុស​ទី​បី​របស់​យើង នោះ​យើង​បាន​បញ្ជាក់​ពី​ខាង​វេជ្ជសាស្ត្រ​ថា ហាន់ណា នឹង​មិន​អាច​មាន​កូន​ទៀត​បាន​នោះ​ទេ ។ ដោយ​អំណរគុណ ទោះ​បី​ជា ខេននេត បាន​កើត​មក​ក្នុង​ស្ថានភាព​មួយ​ដែល​គំរាម​កំហែង​ដល់​អាយុជីវិត​ទាំង​កូន និង​ម្តាយ​ក្តី​ក៏​គាត់​បាន​កើត​មក​ដោយ​សុវត្ថិភាព ហើយ​ទាំង​កូន​និង​ម្តាយ​បាន​ជា​សះស្បើយ​ឡើង​វិញ​ដែរ ។ គាត់​អាច​ចាប់​ផ្តើម​ចូលរួម​យ៉ាង​ពេញលេញ​ក្នុង​ជីវិត​គ្រួសារ​របស់​យើង—រួម​ទាំង​ការចូលរួម​ក្នុង​សាសនាចក្រ ការអធិស្ឋាន​ជា​ក្រុមគ្រួសារ​ប្រចាំ​ថ្ងៃ ការសិក្សា​ព្រះគម្ពីរ រាត្រី​ជួបជុំ​ក្រុមគ្រួសារ និង​សកម្មភាព​កម្សាន្ត​ដ៏​ល្អៗ​ផងដែរ ។

ទោះ​ជា​យើង​ត្រូវ​កែតម្រូវ​ការរំពឹងទុក​របស់​យើង​នៃ​ការ​មាន​គ្រួសារ​ធំ​មួយ​ក៏​ដោយ វា​ពិត​ជា​រីករាយ​ក្នុង​ការអនុវត្តន៍​ការបង្រៀន​ពី « ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » ជាមួយ​នឹង​កូនៗ​ជា​ទីស្រឡាញ់​របស់​យើង​ទាំង​បី​នាក់​ដែរ ។ ការធ្វើ​តាម​ការបង្រៀន​ទាំង​នោះ​បាន​បន្ថែម​អត្ថន័យ​ជា​ច្រើន​ដល់​ជំនឿ​របស់​ខ្ញុំ​ដែល​កំពុង​រីកចម្រើន ។

ដូច​ដែល​សេចក្តី​ប្រកាស​បាន​ចែង​ថា ៖ « អាពាហ៍ពិពាហ៍​រវាង​បុរស និង​ស្ត្រី គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ផែនការ​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ។ កូនចៅ​មាន​សិទ្ធិ​នឹង​ទទួល​កំណើត​មក​ក្នុង​ចំណង​នៃ​អាពាហ៍ពិពាហ៍ ហើយ​និង​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​ដោយ​ឪពុក​ម្តាយ ដែល​គោរព​ប្រតិបត្តិ​តាម​សច្ចា​នៃ​អាពាហ៍ពិពាហ៍​ដោយ​ស្មោះត្រង់​ទាំងស្រុង » ។ នៅ​ពេល​យើង​ដាក់​គោលការណ៍​ទាំង​នេះ​ជា​ការអនុវត្ត នោះ​យើង​បាន​ទទួល​ពរជ័យ ។

ទោះជា​យ៉ាង​ណា នៅ​ចុង​សប្តាហ៍​មួយ​អំឡុងពេល​ការបម្រើ​ជា​ប្រធាន​ស្តេក​របស់​ខ្ញុំ យើង​បាន​ឆ្លងកាត់​នឹង​ការសាកល្បង​ដ៏​អាក្រក់​បំផុត​ដែល​ឪពុកម្តាយ​អាច​ជួប ។ គ្រួសារ​របស់​យើង​បាន​ត្រឡប់​មក​ពី​សកម្មភាព​សាសនាចក្រ​វិញ ហើយ​បាន​ជួបជុំ​គ្នា​ទទួល​ទាន អាហារ​ថ្ងៃត្រង់ ។ បន្ទាប់មក​កូនប្រុស​ទាំង​បី​នាក់​របស់​យើង​បាន​ចេញ​ទៅ​លេង​ក្នុង​បរិវេណ​ផ្ទះ​របស់​យើង ។

ភរិយា​របស់​ខ្ញុំ​មាន​អារម្មណ៍​ប្រាប់​ដដែលៗ​ថា មាន​អ្វី​មួយ​មិន​ប្រក្រតី​កើតឡើង ។ គាត់​បាន​សុំ​ឲ្យ​ខ្ញុំ​ទៅ​មើល​កូនៗ​នៅ​ពេល​យើង​កំពុង​លាងចាន ។ ខ្ញុំ​មាន​អារម្មណ៍​ថា​ពួកគេ​មិន​អី​ទេ ដោយសារ​យើង​អាច​ឮ​សំឡេង​លេង​ដ៏​សប្បាយ​របស់​ពួកគេ ។

នៅ​ទីបំផុត នៅ​ពេល​យើង​ទាំង​ពីរ​នាក់​បាន​ទៅ​មើល​កូនៗ​របស់​យើង យើង​ឃើញ​កូន ខេននេត អាយុ​ទើប ១៨ ខែ ដ៏​តូច​របស់​យើង​បាន​ធ្លាក់​ចូល​ក្នុង​ធុងទឹក​ដែល​បងៗ​របស់​គាត់​មិន​បាន​ដឹង​ឡើយ ។ យើង​ប្រញាប់​បញ្ជូន​គាត់​ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​គ្រប់​ការព្យាយាម​ទាំងអស់​ដើម្បី​ធ្វើ​ឲ្យ​គាត់​ដកដង្ហើម​វិញ គឺ​គ្មាន​សង្ឃឹម​ឡើយ ។

យើង​ខូច​ចិត្ត​ជា​ខ្លាំង ដែល​យើង​មិន​មាន​ឱកាស​ដើម្បី​ចិញ្ចឹម​កូន​ដ៏​មាន​តម្លៃ​របស់​យើង​ក្នុង​អំឡុង​ពេល​នៃ​ជីវិតរមែង​ស្លាប់​នេះ ។ ទោះបី​ជា​យើង​ដឹង​ថា ខេននេត ជា​ផ្នែក​មួយ​នៃ​គ្រួសារ​អស់កល្ប​ជានិច្ច​​របស់​យើង​ក្តី ក៏​ខ្ញុំ​បាន​ឃើញ​ថា​ខ្លួនឯង​មាន​ការសង្ស័យ​ថា​ហេតុអ្វី​បាន​ជា​ព្រះ​អាច​បណ្តោយ​ឲ្យ​សោកនាដកម្ម​នេះ​កើត​ឡើង​ចំពោះ​រូប​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​កំពុង​ខិតខំ​អស់​ពី​សមត្ថភាព​ដើម្បី​លើក​តម្កើង​ការហៅ​របស់​ខ្ញុំ​នោះ ។ ខ្ញុំ​ទើប​តែ​ត្រឡប់​មក​ផ្ទះ​វិញ​ពី​ការបំពេញ​កាតព្វកិច្ច​មួយ​របស់​ខ្ញុំ​ក្នុង​ការបម្រើ​ដល់​ពួកបរិសុទ្ធ ។ ហេតុអ្វី​បាន​ជា​ព្រះ​មិន​អាច​ទតឃើញ​ពី​ការបម្រើ​របស់​ខ្ញុំ និង​ជួយ​សង្គ្រោះ​កូនប្រុស និង​គ្រួសារ​របស់​យើង​ពី​សោកនាដកម្ម​នេះ ? កាលណា​ខ្ញុំ​កាន់​តែ​គិត​ពី​រឿង​នោះ ខ្ញុំ​កាន់​តែ​ឈឺចាប់ ។

ភរិយា​ខ្ញុំ​មិន​ដែល​ស្តីបន្ទោស​ខ្ញុំ​ចំពោះ​ការមិន​ឆ្លើយតប​នឹង​ការបំផុស​គំនិត​របស់​គាត់​ទេ ប៉ុន្តែ​ខ្ញុំ​បាន​រៀន​មេរៀន​ដែល​ផ្លាស់ប្តូរ​ជីវិត និង​បាន​បង្កើត​ច្បាប់​ពីរ ដែល​មិន​ត្រូវ​បំពាន​ឡើយ ។

ច្បាប់​ទី ១ ៖ ស្តាប់​តាម និង​យកចិត្ត​ទុកដាក់​ចំពោះ​ការបំផុសគំនិត​របស់​ភរិយា​របស់​បងប្អូន ។

ច្បាប់​ទី ២ ៖ ប្រសិនបើ​បងប្អូន​មិន​ច្បាស់​ចំពោះ​ហេតុផល​ណា​មួយ សូម​យោង​ទៅ​ច្បាប់​ទី ១ ។

ទោះបី​បទពិសោធន៍​នេះ​ពិបាក ហើយ​យើង​នៅ​តែ​សោកសៅ​ក៏​ដោយ ក៏​ទីបំផុត​បន្ទុក​ដ៏​ធ្ងន់​របស់​យើង​ត្រូវ​បាន​ធូរស្រាល​ដែរ ។ ភរិយា​ខ្ញុំ និង​ខ្ញុំ​បាន​រៀន​មេរៀន​នោះ​យ៉ាង​ច្បាស់​មក​ពី​ការបាត់បង់​របស់​យើង ។ យើង​ចាប់ផ្តើម​មាន​អារម្មណ៍​រួបរួម និង​ចងភ្ជាប់​ដោយ​សេចក្ដីសញ្ញា​នៃ​ព្រះវិហារបរិសុទ្ធ​របស់​យើង យើង​ដឹង​ថា យើង​អាច​បាន ខេននេត ជា​របស់​យើង​មក​វិញ នៅ​ក្នុង​ពិភពលោក​ខាង​មុខ ដោយសារ​តែ​គាត់​បាន​កើត​នៅ​ក្នុង​សេចក្ដី​សញ្ញា ។ យើង​ក៏​ទទួល​បាន​បទពិសោធន៍​ចាំបាច់ ដើម្បី​បម្រើ​អ្នកដទៃ និង​យល់ចិត្ត​ចំពោះ​ការឈឺចាប់​របស់​ពួកគេ​ផងដែរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ភាពឈឺចាប់​របស់​យើង​បាន​រសាយ​បាត់​ទៅ កាល​យើង​បាន​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ ។ បទពិសោធន៍​របស់​យើង​នៅ​តែ​បន្ត​ពិបាក ប៉ុន្តែ​យើង​បាន​រៀន​ជាមួយ​សាវក​ប៉ុល​ថា​យើង « អាច​នឹង​ធ្វើ​គ្រប់​ទាំង​អស់​បាន ដោយ‌សារ​ព្រះ‌គ្រីស្ទ [ បាន​ចម្រើន​កំឡាំង​យើង ] » បើ​យើង​ផ្តោត​នៅ​លើ​ទ្រង់

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « នៅ​ពេល​ជីវិត​របស់​យើង​ផ្តោត​លើ​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​របស់​ព្រះ…ព្រមទាំង​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​របស់​ទ្រង់ នោះ​យើង​អាច​មាន​អំណរ មិន​ថា​មាន​អ្វី​កំពុង​កើត​ឡើង—ឬ មិន​កើត​ឡើង—នៅ​ក្នុង​ជីវិត​យើង​នោះ​ទេ » ។ លោក​បាន​បន្ត​មាន​ប្រសាសន៍​ថា « អំណរ​កើត​មាន​ឡើង ហើយ​ដោយសារ​តែ​ទ្រង់ » ។

យើង​អាច​មាន​ចិត្ត​រីករាយ ហើយ​ពោរពេញ​ដោយ​សេចក្តី​សុខសាន្ត​ក្នុង​គ្រា​លំបាក​របស់​យើង ។ សេចក្តី​ស្រឡាញ់​ដែល​យើង​ទទួល​បាន​ដោយសារ​ព្រះអង្គ​សង្គ្រោះ និង ដង្វាយធួន​របស់​ទ្រង់​ក្លាយ​ជា​ប្រភព​ដ៏​មាន​អានុភាព​ចំពោះ​យើង​ក្នុងគ្រា​សាកល្បង​របស់​យើង ។ « អ្វីៗ​ទាំងអស់​ដែល​អយុត្តិធម៌ [ និង​ពិបាក ] នៅ​ក្នុង​ជីវិត​នេះ អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​យុត្តិធម៌​តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ » ។ ទ្រង់​បាន​បញ្ជា​ថា « ដោយសារ​ខ្ញុំ​នៅ​លោកិយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តីវេទនា​មែន ប៉ុន្តែ​ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ​ហើយ » ទ្រង់​អាច​ជួយ​យើង​ស៊ូទ្រាំ​នឹង​ការឈឺចាប់ ជំងឺ និង​ការសាកល្បង​ទាំងឡាយ ដែល​យើង​ឆ្លងកាត់​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

យើង​រកឃើញ​ដំណើររឿង​ក្នុង​ព្រះគម្ពីរ​ជា​ច្រើន​អំពី​ពួក​អ្នកដឹកនាំ​ដ៏​អស្ចារ្យ និង​ថ្លៃថ្នូរ ដូចជា យេរេមា យ៉ូប យ៉ូសែប ស្ម៊ីធ និង​នីហ្វៃ ដែល​មិន​បាន​រួចផុត​ពី​ការពុះពារ និង​ឧបសគ្គ​នៃ​ជីវិត​រមែងស្លាប់​ឡើយ ។ ពួកលោក​ជា​មនុស្ស​រមែង​ស្លាប់​ដែល​បាន​រៀន​គោរព​ប្រតិបត្តិ​ព្រះអម្ចាស់ ទោះជា​ស្ថិត​ក្នុង​ស្ថានភាព​ដ៏​លំបាក​ក៏​ដោយ ។

នៅ​គ្រា​ដ៏​លំបាក​ក្នុង​គុក​លីប៊ើធី យ៉ូសែប ស្ម៊ីធ​ស្រែក​យំ​ថា ៖ « ឱ​ព្រះអង្គ​អើយ តើ​ព្រះអង្គ​គង់​នៅ​ទីណា ? » ហើយ​តើ​ព្រះ​ពន្លា​ដែល​គ្រប​បាំង​ទីបំពួន​ទ្រង់​នៅ​ទី​ណា ? » ព្រះអម្ចាស់​បាន​បង្រៀន​យ៉ូសែប ស្ម៊ីធ ឲ្យ​តស៊ូ​ឲ្យ​ខ្លាំង ១០ហើយ​បាន​សន្យា​ថា ប្រសិនបើ លោក​បាន​ធ្វើ​អ្វីៗ​ទាំងអស់​នេះ​ដែល​ផ្តល់​ឲ្យ​លោក​នូវ​បទពិសោធន៍ និង​សម្រាប់​សេចក្តី​ល្អ​របស់​លោក ។១១

សូម​គិត​ពិចារណា​ពី​បទពិសោធន៍​ផ្ទាល់ខ្លួន​របស់ខ្ញុំ ខ្ញុំ​ដឹង​ថា​ខ្ញុំ​បាន​រៀន​មេរៀន​ដ៏ល្អ​បំផុត​ក្នុង​អំឡុងពេល​ដ៏​លំបាក​បំផុត ដែល​ជា​ពេលវេលា​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ដែល​នាំ​ខ្ញុំ​ចេញ​ពី​កន្លែង​សុខស្រួល​របស់​ខ្ញុំ ។ ទុក្ខលំបាក​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​កាល​ពី​យុវវ័យ ខណៈ​ដែល​រៀន​អំពី​សាសនាចក្រ​តាមរយៈ​ថ្នាក់​សិក្ខាសាលា ក្នុងនាម​ជា​អ្នកប្រែចិត្ត​ជឿ​ថ្មី និង​ក្នុងនាម​ជា​អ្នកផ្សព្វ​ផ្សាយសាសនា​ពេញម៉ោង និង​បញ្ហា​ប្រឈម​ដែល​ខ្ញុំ​បាន​ឆ្លងកាត់​ក្នុងការ​អប់រំ​របស់ខ្ញុំ ក្នុង​ការព្យាយាម​លើក​តម្កើង​ការហៅ​របស់ខ្ញុំ និង​ក្នុងការ​ចិញ្ចឹម​គ្រួសារ បានរៀបចំ​ខ្ញុំ សម្រាប់​អនាគត ។ កាលណា​ខ្ញុំ​ឆ្លើយតប​ដោយ​រីករាយ​ចំពោះ​កាលៈទេសៈ​លំបាក​ដោយ​សេចក្តី​ជំនឿ​លើ​ព្រះអម្ចាស់ នោះ​ខ្ញុំ​ក៏​កាន់តែ​រីកចម្រើន​ក្នុង​ភាពជាសិស្ស​របស់​ខ្ញុំ​ផងដែរ ។

រឿង​លំបាកៗ​ក្នុង​ជីវិត​របស់​យើង​មិន​គួរភ្ញាក់ផ្អើល​ទេ នៅ​ពេល​យើង​បាន​ដើរ​លើ​ផ្លូវ​តូច និង​ផ្លូវចង្អៀត​នេះ ។១២ ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​រៀន « ស្តាប់​បង្គាប់ ដោយសារ​ការ​ដែល​ទ្រង់​រង​ទុក្ខ​លំបាក »១៣ នៅពេល​យើង​ធ្វើតាម​ទ្រង់ ជាពិសេស​ក្នុង​គ្រាលំបាក​របស់​យើង នោះ​យើង​អាច​រីកចម្រើន​កាន់តែ​ដូច​ទ្រង់ ។

សេចក្ដី​សញ្ញា​មួយ​ដែល​យើង​ធ្វើ​ជាមួយ​ព្រះអម្ចាស់​គឺ​ការរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការថ្វាយ ។ ការថ្វាយ​តែងតែ​ជា​ផ្នែក​មួយ​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ។ វា​គឺ​ជា​ការរំឭក​អំពី​ការពលិកម្ម​ធួន​ដ៏​មហិមា​របស់​ព្រះយេស៊ូវគ្រីស្ទ​សម្រាប់​មនុស្ស​ទាំងអស់​ដែល​បាន​រស់នៅ ឬ​នឹង​រស់នៅ​លើ​ផែនដី​នេះ ។

រូបភាព
ពួក​អ្នកផ្សព្វផ្សាយសាសនា​របស់​អែលឌើរ

ខ្ញុំ​ដឹង​ថា ព្រះអម្ចាស់​តែងតែ​ផ្តល់​សំណង​ដល់​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​យើង​ជានិច្ច ។ តើ​ចាំ​ទេ​អំពី​អ្វី​ដែល​បាន​សន្យាដល់​ខ្ញុំ​នៅក្នុង​ពរជ័យ​របស់​លោក​អយ្យកោ​របស់ខ្ញុំ ? ពរជ័យ​នោះ​គឺ​កំពុង​តែ​បំពេញ​ហើយ ។ ភរិយា​ខ្ញុំ និង​ខ្ញុំ​បានបម្រើ​ជាមួយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​រាប់រយ​នាក់​មកពី​ជាង ២៥ ប្រទេស ក្នុង​បេសកកម្ម​នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​ហ្គាណា ។ ពួកយើង​ស្រឡាញ់​ពួកគេ​ដូចជា​កូន​របស់​យើង​ដូច្នោះ ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​រីកចម្រើន​ក្នុង​ភាពជាសិស្ស​របស់​យើង នៅពេល​យើង​អនុវត្ត​សេចក្តីជំនឿ​លើ​ព្រះអម្ចាស់​ក្នុង​គ្រាលំបាក ។ នៅពេល​យើង​ធ្វើ​ដូច្នេះ ទ្រង់​នឹង​ពង្រឹង​យើង​ដោយ​ព្រះទ័យ​មេត្តា​ករុណា ហើយ​ជួយ​រែក​បន្ទុក​របស់​យើង ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕