ម៉ូសាយ 24

ជំពូក​ទី ២៤

អាមូឡុន​បៀតបៀន​អាលម៉ា និង​ប្រជាជន​លោក — ពួក​គេ​នឹង​ត្រូវ​យក​ទៅ​សម្លាប់​ចោល បើ​គេ​អធិស្ឋាន — ព្រះ​អម្ចាស់​ទ្រង់​សម្រាល​បន្ទុក​របស់​ពួក​គេ — ទ្រង់​ដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ហើយ​គេ​ត្រឡប់​ទៅ​សារ៉ាហិមឡា​វិញ។ ប្រមាណ​ជា​ឆ្នាំ ១៤៥–១២០ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា អាមូឡុន​បាន​ទទួល​ការ​ប្រោសប្រណី​នៅ​ក្នុង​ព្រះ​នេត្រ​នៃ​ស្ដេច​របស់​ពួក​លេមិន ហេតុ​ដូច្នេះ​ហើយ ស្ដេច​របស់​ពួក​លេមិន​បាន​អនុញ្ញាត​ឲ្យ​ទ្រង់ និង​បង​ប្អូន​របស់​ទ្រង់​បាន​តែងតាំង​ឡើង​ជា​គ្រូបង្រៀន​លើ​ប្រជាជន មែន​ហើយ គឺ​លើ​ប្រជាជន​ដែល​នៅ​លើ​ដែនដី​សេមឡុន ហើយ​នៅ​លើ​ដែនដី​សៃឡោម ហើយ​នៅ​លើ​ដែនដី​អាមូឡុន​ផង​ដែរ។

ព្រោះ​ពួក​លេមិន​បាន​យក​បាន​ដែនដី​ទាំង​អស់​នេះ ហេតុ​ដូច្នេះ​ហើយ ស្ដេច​របស់​ពួក​លេមិន បាន​តែងតាំង​ស្ដេច​ឲ្យ​ត្រួត​ត្រា​លើ​ដែនដី​ទាំង​អស់​នេះ។

ហើយ​ឥឡូវ​នេះ ស្ដេច​របស់​ពួក​លេមិន មាន​នាម​ថា លេមិន ដោយ​ដាក់​តាម​នាម​របស់​បិតា​ទ្រង់ ហេតុ​ដូច្នេះ​ហើយ ទើប​ទ្រង់​មាន​នាម​ថា ស្ដេច​លេមិន ហើយ​ទ្រង់​គឺជា​ស្ដេច​លើ​ប្រជាជន​ជា​ច្រើន។

ហើយ​ទ្រង់​បាន​តែងតាំង​បង​ប្អូន​របស់​អាមូឡុន​ឲ្យ​ធ្វើ​ជា​គ្រូបង្រៀន​នៅ​គ្រប់​ដែនដី​ដែល​ប្រជាជន​ទ្រង់​យក​បាន ម្ល៉ោះ​ហើយ ទើប​ភាសា​នីហ្វៃ​ត្រូវ​បាន​ចាប់​ផ្ដើម​បង្រៀន​នៅ​ក្នុង​ចំណោម​ប្រជាជន​លេមិន​ទាំង​អស់។

ហើយ​ពួក​គេ​ជា​ប្រជាជន​ដែល​រាប់​អាន​គ្នា ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ពុំ​ស្គាល់​ព្រះ​ដែរ រីឯ​បង​ប្អូន​អាមូឡុន ក៏​មិន​បាន​បង្រៀន​ពួក​គេ​អំពី​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ ឬ​ក៏​អំពី​ក្រឹត្យ​វិន័យ​លោក​ម៉ូសេ​ទេ ហើយ​ពួក​គេ​ក៏​មិន​បាន​បង្រៀន​ពួក​គេ អំពី​ពាក្យ​ពេចន៍​របស់​អ័ប៊ីណាដៃ​ដែរ

ប៉ុន្តែ ពួក​គេ​បាន​បង្រៀន​ពួក​នោះ​ថា គេ​ត្រូវ​កត់​បញ្ជី​របស់​ខ្លួន​ទុក ហើយ​ថា គេ​អាច​សរសេរ​រក​គ្នា​ទៅ​វិញ​ទៅ​មក។

ម្ល៉ោះ​ហើយ ពួក​លេមិន​បាន​ចាប់​ផ្ដើម​កើន​នូវ​ទ្រព្យសម្បត្តិ ហើយ​បាន​ចាប់​ផ្ដើម​លក់​ដូរ​ទៅ​វិញ​ទៅ​មក ហើយ​បាន​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ ហើយ​បាន​ចាប់​ផ្ដើម​ទៅ​ជា​ប្រជាជន​មួយ​ដ៏​ប្រកប​ដោយ​កលល្បិច ហើយ​មាន​ប្រាជ្ញា​ស្រប​តាម​ប្រាជ្ញា​នៃ​លោកិយ មែន​ហើយ ជា​ប្រជាជន​មួយ​ដ៏​ប្រកប​ដោយ​កលល្បិច ចូល​ចិត្ត​ធ្វើ​អំពើ​ទុច្ចរិត​គ្រប់​បែប​យ៉ាង ហើយ​លួច​ប្លន់ លើក​លែងតែ​គេ​មិន​ធ្វើ​ការ​នេះ​នៅ​ក្នុង​ចំណោម​បង​ប្អូន​គេ​ផ្ទាល់​ប៉ុណ្ណោះ។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា អាមូឡុន​បាន​ចាប់​ផ្ដើម​អនុវត្ត​សិទ្ធិ​អំណាច​ទៅ​លើ​អាលម៉ា និង​បង​ប្អូន​របស់​លោក ហើយ​បាន​ចាប់​ផ្ដើម​បៀតបៀន​លោក ហើយ​ឲ្យ​កូន​ចៅ​ទ្រង់​បៀតបៀន​កូន​ចៅ​របស់​អាលម៉ា និង​បង​ប្អូន​លោក​ដែរ។

ព្រោះ​អាមូឡុន​ស្គាល់​អាលម៉ា​ថា លោក​ធ្លាប់​ធ្វើ​ជា​សង្ឃ​របស់​ស្ដេច ហើយ​ថា លោក​នេះ​ហើយ​ដែល​បាន​ជឿ​តាម​ពាក្យ​ពេចន៍​របស់​អ័ប៊ីណាដៃ ហើយ​ត្រូវ​បាន​ស្ដេច​ដេញ​ចេញ ហេតុ​ដូច្នេះ​ហើយ ទើប​ទ្រង់​ខឹង​នឹង​លោក ព្រោះ​ទ្រង់​នៅ​ក្រោម​បង្គាប់​ស្ដេច​លេមិន តែ​ទ្រង់​បាន​អនុវត្ត​សិទ្ធិ​អំណាច​ទៅ​លើ​ពួក​គេ ហើយ​ដាក់​ការ​ធ្ងន់ៗ​ឲ្យ​គេ​ធ្វើ ហើយ​ដាក់​អ្នក​ត្រួត​កិច្ចការ​ឲ្យ​ត្រួតត្រា​លើ​ពួក​គេ។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សេចក្ដី​វេទនា​របស់​គេ​មាន​ទំហំ​ធំ​ណាស់ រហូត​ដល់​គេ​បាន​ចាប់​ផ្ដើម​អំពាវនាវ​យ៉ាង​ខ្លាំង​ដល់​ព្រះ។

១១ហើយ​អាមូឡុន​បាន​បញ្ជា​ឲ្យ​ពួក​គេ​ឈប់​អំពាវនាវ ហើយ​ទ្រង់​បាន​ដាក់​ពួក​ទាហាន​យាម​ឲ្យ​មើល​ពួក​គេ​ថា បើ​ឃើញ​អ្នក​ណា​អំពាវនាវ​ដល់​ព្រះ អ្នក​នោះ​ហើយ​នឹង​ត្រូវ​យក​ទៅ​សម្លាប់​ចោល។

១២ហើយ​អាលម៉ា និង​ប្រជាជន​របស់​លោក ពុំ​បាន​បន្លឺ​សំឡេង​អំពាវនាវ​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ​ទេ តែ​បាន​ថ្វាយ​ដួង​ចិត្ត​គេ​ដល់​ទ្រង់​វិញ ហើយ​ទ្រង់​បាន​ជ្រាប​នូវ​គំនិត​ដែល​នៅ​ក្នុង​ចិត្ត​គេ។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សំឡេង​នៃ​ព្រះ​អម្ចាស់​បន្លឺ​មក​គេ ក្នុងសេច​ក្តី​វេទនា​របស់​គេ​ថា ៖ ចូរ​ងើប​ក្បាល​ឡើង ហើយ​ចូរ​ក្សាន្ត​ចិត្ត​ចុះ ព្រោះ​យើង​ដឹង​នូវ​សេចក្ដី​សញ្ញា ដែល​អ្នក​រាល់​គ្នា​បាន​ធ្វើ​ជាមួយ​នឹង​យើង ហើយ​យើង​នឹង​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​រាស្ត្រ​យើង ហើយ​នឹង​ដោះ​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព។

១៤ហើយ​យើង​នឹង​សម្រាល​បន្ទុក​ទាំង​ឡាយ​ដែល​ដាក់​នៅ​លើ​ស្មា​អ្នក​ផង ហើយ​សូម្បីតែ​រូប​អ្នក​ក៏​នឹង​មិន​អាច​ចាប់​អារម្មណ៍​ថា មាន​បន្ទុក​ទាំង​នោះ​នៅ​លើ​ខ្នង​អ្នក​ឡើយ ទោះ​នៅ​ពេល​អ្នក​ជាប់​នៅ​ក្នុង​សេវក​ភាព​ក្ដី ហើយ​យើង​នឹង​ធ្វើ​ការ​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា អាច​ឈរ​ជា​សាក្សី​ដល់​យើង​ពី​អំណឹះ​ត​ទៅ ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ជា​ពិត​ប្រាកដ​ថា យើង​ជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ មក​រក​រាស្ត្រ​យើង​ក្នុង​ពេល​គេ​ស្ថិត​ក្នុង​សេចក្ដី​វេទនា។

១៥ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទុក​ទាំង​ឡាយ​ដែល​ដាក់​នៅ​លើ​អាលម៉ា និង​បង​ប្អូន​លោក ត្រូវ​បាន​សម្រាល​ទៅ មែន​ហើយ ព្រះ​អម្ចាស់​ទ្រង់​បាន​ចម្រើន​កម្លាំង​ឲ្យ​គេ ដើម្បី​ឲ្យ​គេ​អាច​ទ្រ​បន្ទុក​ទាំង​ឡាយ​របស់​គេ​បាន​ដោយ​ងាយ ហើយ​ពួក​គេ​បាន​ធ្វើ​តាម​អស់​ទាំង​ព្រះ​ហឫទ័យ​នៃ​ព្រះ​អម្ចាស់ ដោយ​ការ​រីករាយ និង​ដោយ​ការ​អត់ធន់។

១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សេចក្ដី​ជំនឿ និង​សេចក្ដី​អត់ធន់​របស់​គេ​មាន​ទំហំ​ធំ រហូត​ដល់​សំឡេង​នៃ​ព្រះ​អម្ចាស់​បាន​បន្លឺ​មក​គេ​ទៀត​ថា ៖ ចូរ​ក្សាន្ត​ចិត្ត​ចុះ ព្រោះ​ថ្ងៃ​ស្អែក យើង​នឹង​ដោះ​អ្នក​ឲ្យ​រួច​ផុត​ពី​សេវក​ភាព​ហើយ។

១៧ហើយ​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​អាលម៉ា​ថា ៖ ចូរ​អ្នក​នាំ​មុខ​ប្រជាជន​នេះ ហើយ​យើង​នឹង​ទៅ​ជាមួយ​នឹង​អ្នក ហើយ​ដោះ​ប្រជាជន​នេះ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព។

១៨ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា អាលម៉ា និង​ប្រជាជន​របស់​លោក បាន​ប្រមូល​ហ្វូង​ចៀម​របស់​គេ​ក្នុង​ពេល​យប់ ព្រម​ទាំង​ធញ្ញជាតិ​របស់​គេ​ផង មែន​ហើយ គេ​បាន​ប្រមូល​ហ្វូង​ចៀម​របស់​គេ​អស់​ពេញ​មួយ​យប់។

១៩ហើយ​ដល់​ព្រឹក​ឡើង ព្រះ​អម្ចាស់​ទ្រង់​សណ្ដំ​ឲ្យ​ពួក​លេមិន​ដេក​លក់​ស្កប់ មែន​ហើយ ឯ​ពួក​អ្នក​ត្រួត​កិច្ចការ​របស់​គេ​ទាំង​អស់ ក៏​លង់លក់​ក្នុង​ដំណេក​ដែរ។

២០ហើយ​អាលម៉ា និង​ប្រជាជន​របស់​លោក បាន​ចេញ​ដំណើរ​ទៅ​ក្នុង​ទី​រហោស្ថាន ហើយ​កាល​ពួក​គេ​បាន​ធ្វើ​ដំណើរ​អស់​រយៈ​ពេញ​មួយ​ថ្ងៃ​ហើយ នោះ​គេ​បាន​បោះ​ត្រសាល​នៅ​ក្នុង​ច្រក​ភ្នំ​មួយ ហើយ​គេ​បាន​ហៅ​ច្រក​ភ្នំ​ថា អាលម៉ា ពី​ព្រោះ​លោក​បាន​នាំ​ផ្លូវ​គេ​នៅ​ក្នុង​ទី​រហោស្ថាន។

២១មែន​ហើយ ហើយ​នៅ​ក្នុង​ច្រក​ភ្នំ​អាលម៉ា ពួក​គេ​បាន​ថ្វាយ​អំណរគុណ​របស់​គេ​ដល់​ព្រះ ពី​ព្រោះ​ទ្រង់​បាន​មេត្តាករុណា​ដល់​ពួក​គេ ហើយ​បាន​សម្រាល​បន្ទុក​ទាំង​ឡាយ​របស់​គេ ហើយ​បាន​ដោះ​គេ​ឲ្យ​រួច​ផុត​ពី​សេវក​ភាព ព្រោះ​ពួក​គេ​ស្ថិតនៅ​ក្នុង​សេវក​ភាព ហើយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ដោះ​ពួក​គេ​បាន​ឡើយ លើក​លែងតែ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ​ប៉ុណ្ណោះ។

២២ហើយ​ពួក​គេ​បាន​ថ្លែង​អំណរគុណ​ដល់​ព្រះ មែន​ហើយ អស់​ទាំង​ពួក​បុរស​របស់​គេ និង​អស់​ទាំង​ពួក​ស្ត្រី​របស់​គេ និង​អស់​ទាំង​កូន​ចៅ​របស់​គេ ដែល​អាច​បន្លឺ​សំឡេង​ឡើង​ក្នុង​ការ​សរសើរ​តម្កើង​ដល់​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ។

២៣ហើយ​ឥឡូវ​នេះ ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​ព្រះ​បន្ទូល​ទៅ​អាលម៉ា​ថា ៖ ចូរ​ប្រញាប់​ឡើង ហើយ​នាំ​ខ្លួន​អ្នក និង​ប្រជាជន​នេះ​ចេញ​ពី​ដែនដី​នេះ​ភ្លាម ព្រោះ​ពួក​លេមិន​បាន​ភ្ញាក់​ពី​ដេក​ហើយ ហើយ​កំពុងតែ​ដេញ​តាម​អ្នក ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​ចេញ​ពី​ដែនដី​នេះ​ទៅ ហើយ​យើង​នឹង​បញ្ឈប់​ពួក​លេមិន​នៅ​ក្នុង​ច្រក​ភ្នំ​នេះ ដើម្បី​កុំ​ឲ្យ​គេ​ដេញ​តាម​ប្រជាជន​នេះ​ហួស​ពី​ទី​នេះ​ទៅ។

២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ចេញ​ពី​ច្រក​ភ្នំ ហើយ​បាន​ធ្វើ​ដំណើរ​ចូល​ក្នុង​ទី​រហោស្ថាន។

២៥ហើយ​បន្ទាប់​ពី​ពួក​គេ​បាន​ចូល​ក្នុង​ទី​រហោស្ថាន​អស់​រយៈ​ពេល​១២​ថ្ងៃ នោះ​ពួក​គេ​បាន​មក​ដល់​ដែនដី​សារ៉ាហិមឡា ហើយ​ស្ដេច​ម៉ូសាយ​បាន​ទទួល​ពួក​គេ​ដោយ​ក្ដី​អំណរ៕