សន្និសីទទូទៅ
ភួង​លម្អ​ជំនួស​ផេះ ៖ គន្លង​ព្យាបាល​នៃ​ការអភ័យទោស
សន្និសីទ​ទូទៅ​ខែ តុលា ឆ្នាំ ២០២២


ភួង​លម្អ​ជំនួស​ផេះ ៖ គន្លង​ព្យាបាល​នៃ​ការអភ័យទោស

ការរស់នៅ​ក្នុង​របៀប​មួយ​ដែល​បងប្អូន​ផ្ដល់​ឲ្យ​នូវ​ភួង​លម្អ​ជំនួស​ផេះ​នៃ​ជីវិត​របស់​បងប្អូន គឺ​ជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ​ដែល​ដើរតាម​ព្រះអង្គ​សង្គ្រោះ ។

គម្ពីរ​សំាយូអែល​ទី​១​មាន​នូវ​ដំណើររឿង​ដែល​យើង​មិន​សូវ​ស្គាល់​មួយ​អំពី​ដាវីឌ ដែល​ជា​អនាគត​ស្ដេច​អ៊ីស្រាអែល និង​ស្រ្តី​ម្នាក់​ឈ្មោះ​ថា អ័ប៊ីកែល ។

បន្ទាប់​ពី​ការស្លាប់​របស់​សាំយូអែល នោះ​ដាវីឌ និង​ពួកបុរស​របស់​លោក​បាន​រត់គេច​ពី​ស្ដេច​សូល ដែល​រក​សម្លាប់​លោក ។ ពួក​លោក​មើល​ថែទាំ​ហ្វូង​ចៀម និង​ជា​អ្នកបម្រើ​របស់​បុរស​ដ៏​មាន​ស្ដុកស្ដម្ភ​ម្នាក់​ឈ្មោះ​ថា ណាបាល ដែល​ជា​មនុស្ស​កំណាច​ចិត្ត​អាក្រក់ ។ ដាវីឌ​បាន​ចាត់​បុរស​ដប់​នាក់​ឲ្យ​ទៅ​ជម្រាបសួរ ណាបាល ហើយ​សុំ​ស្បៀង​អាហារ និង​គ្រឿងបរិក្ខារ​ដែល​ត្រូវការ​ជា​ច្រើន ។

ណាបាល បាន​ឆ្លើយតប​សំណើ​របស់​ដាវីឌ​ដោយ​ការប្រមាថ ហើយ​បាន​ដេញ​មនុស្ស​របស់​លោក​ឲ្យ​ទៅវិញ​ទាំង​ដៃ​ទទេ ។

ដោយ​ការអាក់អន់​ចិត្ត ដាវីឌ​បាន​រៀបចំ​មនុស្ស​របស់​លោក​ឲ្យ​ឡើង​ទៅ​ទាស់​នឹង ណាបាល និង​ពួកគ្រូ​របស់​គាត់​ទាំងអស់​ដោយ​និយាយ​ថា « វា​បាន​ប្រព្រឹត្ត​ការអាក្រក់​ស្នង​នឹង​ការល្អ​ដល់​យើង​វិញ » ។ អ្នកបម្រើ​ម្នាក់​បាន​ជម្រាប​ដល់ អ័ប៊ីកែល ដែល​ជា​ប្រពន្ធ​របស់​ ណាបាល​ អំពី​សេចក្ដី​អាក្រក់​ដែល​ប្ដី​របស់​នាង​បាន​ធ្វើ​ដាក់​មនុស្ស​របស់​ដាវីឌ ។ អ័ប៊ីកែល បាន​ប្រញាប់​ប្រញាល់​ប្រមូល​ស្បៀងអាហារ​និង​គ្រឿងបរិក្ខារ​ដែល​ចាំបាច់​ទាំងឡាយ ហើយ​ចេញ​ទៅ​សុំ​ផ្សះផ្សា ។

កាល​អ័ប៊ីកែល​បាន​ឃើញ​ដាវីឌ នោះ​នាង « ក្រាប​ផ្កាប់​មុខ​ចុះ​នឹង​ដី គោរព​ដល់​ដាវីឌ

« នាង​ទម្លាក់​ខ្លួន​នៅ​ទៀប​ជើង​លោក ជម្រាប​ថា ឱ​លោក​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ឲ្យ​ទោស នោះ​ធ្លាក់​មក​លើ​រូប​ខ្ញុំ​វិញ​ចុះ ។ …

« ដូច្នេះ … ព្រះយេហូវ៉ា​ទ្រង់​បាន​ឃាត់​លោក​មិន​ឲ្យ​កម្ចាយ​ឈាម ហើយ​មិន​ឲ្យ​សងសឹក​ដោយ​ដៃ​លោក​ឡើយ ។ …

« … រី​ឯ​ជំនូន​នេះ​ដែល​ខ្ញុំ​ម្ចាស់ ជា​អ្នកបម្រើ​របស់​លោក បាន​នាំ​យក​មកជូន ​នោះ​សូម​ចែក​ឲ្យ​ដល់​ពួកកំលោះ ។ …

« សូម​អត់​ទោស​សេចក្ដី​រំលង​នេះ​ដល់​បាវ​ស្រី​របស់​លោក​ផង ។ …

« ដាវីឌ​ក៏​ឆ្លើយ​នឹង​នាង​អ័ប៊ីកែល​ថា សូម​ក្រាប​ថ្វាយ​បង្គំ​ដល់​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ដែល​ទ្រង់​បាន​ចាត់​អ្នក ឲ្យ​មក​ជួប​នឹង​ខ្ញុំ​នៅ​ថ្ងៃនេះ ៖

ហើយ សូម ពរ ដល់ ប្រាជ្ញា របស់ អ្នក និង ដល់ ខ្លួន អ្នក ផង ដោយ ព្រោះ អ្នក បាន ឃាត់ មិន ឲ្យ ខ្ញុំ កំចាយ ឈាម ហើយ មិន ឲ្យ សងសឹក ដល់ គេ ដោយ ដៃ ខ្លួន ខ្ញុំ នៅ ថ្ងៃ នេះ ។ …

« នោះ​ដាវីឌ​ក៏​ទទួល​យក​ជំនូន​ពី​ដៃ​នាង ដែល​នាង​បាន​នាំយក​មក​ជូន​នោះ ដោយ​ពាក្យ​ថា សូម​អញ្ជើញ​ឡើង​ទៅឯ​ផ្ទះ​…​អ្នក​វិញ ដោយ​សុខសាន្ត ខ្ញុំ​បាន​យល់ព្រម​តាម​ពាក្យ​អ្នក​ហើយ ក៏​អរគុណ​ដល់​អ្នក​ដែរ » ។

ពួកគេ​បាន​ចាកចេញ​ទៅ​ដោយ​សុខសាន្ដ ។

នៅ​ក្នុង​ដំណើររឿង​នេះ អ័ប៊ីកែល​អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ស្ត្រី​មាន​អំណាច ឬ​ជា​និមិត្តសញ្ញា​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ តាមរយៈ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ទ្រង់​អាច​រំដោះ​យើង​ឲ្យ​រួច​ពី​អំពើបាប និង​ដួងចិត្ត​ដែល​មាន​កំហឹង​ជា​ទម្ងន់ ហើយ​ប្រទាន​ឲ្យ​យើង​នូវ​ការគាំពារ​ថែទាំ​ដែល​យើង​ត្រូវការ ។

ដូច​ជា​អ័ប៊ីកែល​បាន​ស្ម័គ្រចិត្ត​លើក​ដាក់​មក​លើ​ខ្លួន​នាង​នូវ​អំពើបាប​របស់​ណាបាល​ ព្រះអង្គ​សង្គ្រោះ​ក៏​ដូច្នេះ​ដែរ—ក្នុង​របៀប​មួយ​ដែល​មិន​អាច​យល់​បាន—ទ្រង់​បាន​លើកដាក់​មក​លើ​អង្គទ្រង់​នូវ​អំពើ​បាប​របស់​យើង និង​អំពើបាប​របស់​អ្នក​ទំាងឡាយ​ណា​ដែល​បាន​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់ ឬ​អាក់អន់​ចិត្ត ។ នៅ​ក្នុង​សួន​ច្បារ​គែតសេម៉ានី និង​នៅ​លើ​ឈើ​ឆ្កាង ទ្រង់​បាន​ទទួល​យក​អំពើ​បាប​ទាំងអស់​នេះ ។ ទ្រង់​បាន​នាំ​មក​នូវ​របៀប​មួយ​សម្រាប់​យើង​ដើម្បី​លះបង់​ចោល​នូវ​ដួងចិត្ត​ដែល​ពោរពេញ​ទៅដោយ​គំនុំ​សងសឹក ។ « របៀប » នោះ​គឺ​តាមរយៈ​ការអភ័យទោស—ដែល​អាច​ជា​រឿង​លំបាក​បំផុត​មួយ​ដែល​យើង​ធ្លាប់​ធ្វើ ហើយ​ក៏ជា​រឿង​ដ៏​ទេវភាព​មួយ​ខ្លាំង​បំផុត​ដែល​យើង​ធ្លាប់​ដក​ពិសោធន៍​ផងដែរ ។ នៅលើ​គន្លង​នៃ​ការអភ័យទោស អំណាច​ដ៏​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​អាច​ហូរ​ចូល​មក​ក្នុង​ជីវិត​របស់​យើង ហើយ​ចាប់ផ្ដើម​ព្យាបាល​ការឈឺចាប់​ដ៏​ជ្រាលជ្រៅ​នៃ​ដួងចិត្ត និង​ព្រលឹង​របស់​យើង​បាន ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​យើង​នូវ​សមត្ថភាព​ដើម្បី​អភ័យទោស ៖

« តាមរយៈ​ដង្វាយធួន​ដ៏​និរន្តរ​របស់​ទ្រង់ បងប្អូន​អាច​អភ័យទោស​ដល់​មនុស្ស​ដែល​ធ្វើ​ឲ្យ​បងប្អូន​ឈឺចាប់ និង​មនុស្ស​ដែល​ប្រហែល​ជា​នឹង​ពុំ​ព្រម​ទទួល​យក​ការ​ទទួល​ខុសត្រូវ​ចំពោះ​ភាពឃោរឃៅ ដែល​គេ​ធ្វើ​មក​លើ​បងប្អូន ។

« ជាធម្មតា វា​ងាយស្រួល​ដើម្បី​អភ័យ​ទោស​ដល់​មនុស្ស​ដែល​ស្វែងរក​ការអភ័យ​ទោស​ពី​បងប្អូន​ដោយ​ស្មោះ និង​ដោយ​រាបសា ។ ប៉ុន្តែ​ព្រះអង្គ​សង្គ្រោះ​នឹង​ប្រទាន​ដល់​បងប្អូន​នូវ​លទ្ធភាព​ដើម្បី​អភ័យទោស​ដល់​មនុស្ស​គ្រប់​គ្នា​ដែល​ធ្វើ​ខុស​ចំពោះ​បងប្អូន​ក្នុង​គ្រប់​រូបភាព ។ បន្ទាប់​មក ទង្វើ​ដ៏​ឈឺចាប់​របស់​ពួកគេ​ពុំ​អាច​បំផ្លាញ​ព្រលឹង​របស់​បងប្អូន​បាន​ទៀត​ឡើយ » ។

ការនាំ​យក​ស្បៀង​អាហារ និង​គ្រឿងបរិក្ខារ​របស់​អ័ប៊ីកែល​អាច​បង្រៀន​យើង​ថា ព្រះអង្គ​សង្គ្រោះ​ប្រទាន​ដល់​អស់​អ្នក​ដែល​មាន​ការឈឺចាប់ និង​រងរបួស នូវ​ការគាំពារ​ថែទាំ និង​ជំនួយ​ដែល​យើង​ត្រូវការ​ដើម្បី​ទទួល​បាន​ការព្យាបាល និង​បាន​ជា​សះស្បើយ ។ ពួក​យើង​មិន​ត្រូវ​បាន​ទុក​ឲ្យ​ដោះស្រាយ​ផល​លំបាក​នៃ​ទង្វើ​របស់​អ្នកដទៃ​ដោយ​ខ្លួន​យើង​ឡើយ យើង​ក៏​អាច​ជា​សះស្បើយ និង​មាន​ឱកាស​ទទួល​បាន​ការសង្គ្រោះ​ពី​ដួងចិត្ត​ដែល​មាន​កំហឹង​ជា​ទម្ងន់ និង​ទង្វើ​ផ្សេងៗទៀត​ដែល​អាច​កើត​មាន​ជាបន្ដ​បន្ទាប់​ផងដែរ ។

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « យើង​ជា​ព្រះអម្ចាស់​នឹង​អត់ទោស​ដល់​អ្នក​ណា ដែល​យើង​នឹង​អត់​ទោស ប៉ុន្តែ​រី​ឯ​អ្នក​វិញ គឺ​តម្រូវ​ឲ្យ​អត់​ទោស​ដល់​មនុស្ស​ទាំងអស់ » ។ ព្រះអម្ចាស់​តម្រូវ​ឲ្យ​យើង​អភ័យ​ទោស​ឲ្យ​មនុស្ស​ទាំងអស់​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​ខ្លួនឯង ។ ប៉ុន្តែ ទ្រង់​ពុំ​សុំ​ឲ្យ​យើង​ធ្វើ​វា​ដោយ​មិន​មាន​ជំនួយ​ពី​ទ្រង់ សេចក្ដី​ស្រឡាញ់ និង​ព្រះតម្រិះ​របស់​ទ្រង់​ឡើយ ។ តាមរយៈ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ទ្រង់ យើង​ម្នាក់ៗ​អាច​ទទួល​បាន​អំណាច​នៃ​ការពង្រឹង ការដឹកនាំ និង​ជំនួយ​ដែល​យើង​ត្រូវការ​ដើម្បី​អភ័យទោសឲ្យ​គេ​ផង និង​ទទួល​បាន​ការអភ័យទោស​ផង ។

សូម​បងប្អូន​ដឹង​ថា ការអភ័យទោស​ឲ្យ​នរណា​ម្នាក់​មិន​មាន​ន័យ​ថា បងប្អូន​ដាក់​ខ្លួនឯង​ឲ្យ​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​បងប្អូន​នឹង​បន្ត​មាន​ភាពឈឺចាប់​នោះ​ទេ ។ « យើង​អាច​ធ្វើការ​ឆ្ពោះ​ទៅ​រក​ការអភ័យទោស​ឲ្យ​នរណា​ម្នាក់​បាន ហើយ​នៅតែ​ទទួល​បាន​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​ឲ្យ​នៅ​ឆ្ងាយ​ពី​ពួកគេ » ។១០

ដូច​អ័ប៊ីកែល​បាន​ជួយ​ដាវីឌ​មិន​ឲ្យ « តូចចិត្ត​ស្ដាយ »១១ និង​ទទួល​បាន​ជំនួយ​ដែល​លោក​ត្រូវការ​ ដូច្នេះ​ព្រះអង្គ​សង្គ្រោះ​ក៏​នឹង​ជួយ​បងប្អូន​ដូចគ្នា​ដែរ ។ ទ្រង់​ស្រឡាញ់​បងប្អូន ហើយ​ទ្រង់​នឹង​ជួប​បងប្អូន​នៅលើ​ផ្លូវ​របស់​បងប្អូន « មាន​ទាំង​អំណាច​ប្រោស​ឲ្យ​ជា​នៅក្នុង​ចំអេង​ស្លាប​របស់​ទ្រង់ » ផង ។១២ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​មាន​ភាពសុខសាន្ត ។

ខ្ញុំ​សូម​ធ្វើជា​សាក្សី​ដោយ​ផ្ទាល់​អំពី​អព្ភូតហេតុ​នៃ​ការព្យាបាល​ដួងចិត្ត​ដែល​មាន​កំហឹង ។ ដោយ​មាន​ការអនុញ្ញាត​ពី​ឪពុក​ខ្ញុំ ខ្ញុំ​សូម​ចែកចាយ​ថា ខ្ញុំ​បាន​ធំ​ឡើង​នៅក្នុង​ផ្ទះ​មួយ ដែល​ខ្ញុំ​តែងតែ​មាន​អារម្មណ៍​អសុវត្ថិភាព ដោយសារ​តែ​ការធ្វើបាប​ផ្លូវចិត្ត និង​ពាក្យ​ប្រមាថ​មើលងាយ ។ នៅក្នុង​យុវវ័យ និង​យុវមជ្ឈិមវ័យ​របស់​ខ្ញុំ ខ្ញុំ​បាន​អន់ចិត្ត​នឹង​ឪពុក​របស់​ខ្ញុំ ហើយ​ខ្ញុំ​មាន​កំហឹង​ក្នុង​ចិត្ត​ដែល​កើត​ចេញពី​ការឈឺចាប់​នោះ ។

អស់​រយៈពេល​ជាច្រើន​ឆ្នាំ ខ្ញុំ​បាន​ខិតខំ​ស្វែករក​ភាពសុខសាន្ត និង​ការព្យាបាល​នៅលើ​គន្លង​នៃ​ការអភ័យទោស ហើយ​ខ្ញុំ​បាន​ដឹង​នៅក្នុង​របៀប​ដ៏​ជ្រាលជ្រៅ​មួយ​ថា ព្រះរាជបុត្រា​នៃ​ព្រះ​ដែល​បាន​ធួន​នឹង​អំពើបាប​របស់​ខ្ញុំ គឺជា​ព្រះអង្គ​សង្រ្គោះ​ដដែល ដែល​នឹង​សង្គ្រោះ​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់​យ៉ាងខ្លាំង ។ ខ្ញុំ​អាច​ជឿ​លើ​សេចក្ដីពិត​ទីមួយ​ហើយ​ក៏​ត្រូវ​ជឿ​លើ​សេចក្ដីពិត​ទីពីរ​ដែរ ។

នៅ​ពេល​ដែល​សេចក្ដី​ស្រឡាញ់​របស់​ខ្ញុំ​មាន​សម្រាប់​ព្រះអង្គ​សង្គ្រោះ​បាន​កើនឡើង ដូច្នេះ​ខ្ញុំ​ក៏​ប្រាថ្នា​ចង់​ឲ្យ​អំណាច​ដ៏​ប្រោសលោះ​របស់​ទ្រង់​ព្យាបាល​ការឈឺចាប់ និង​កំហឹង​របស់​ខ្ញុំ ។ វា​គឺ​ជា​ដំណើរការ​មួយ​ដែល​មាន​រយៈពេល​ជា​ច្រើន​ឆ្នាំ ដែល​ទាមទារ​ឲ្យ​មាន​ភាពក្លាហាន ភាពងាយរងគ្រោះ ការតស៊ូ និង​ការរៀន​ដាក់​ទី​ទុកចិត្ត​ទៅលើ​អំណាច​ដ៏​ទេវភាព​របស់​ព្រះអង្គ​សង្គ្រោះ ដើម្បី​សង្គ្រោះ និង​ព្យាបាល ។ ខ្ញុំ​នៅតែ​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ ប៉ុន្តែ​ដួងចិត្ត​របស់​ខ្ញុំ​លែង​ខឹងក្រោធ​ចងគំនុំ​ទៀត​ហើយ ។ ខ្ញុំ​ត្រូវ​បាន​ប្រទាន​ឲ្យ​មាន « ចិត្ត​ថ្មី »១៣ចិត្ត​មួយ​ដែល​មាន​អារម្មណ៍​ស្រឡាញ់​ផ្ទាល់ខ្លួន​ដ៏​ជ្រាលជ្រៅ និង​ស្ថិតស្ថេរ​របស់​ព្រះអង្គ​សង្គ្រោះ ដែល​ទ្រង់​បាន​គង់​នៅ​ក្បែរ​ខ្ញុំ ដឹកនាំ​ខ្ញុំ​ទៅ​កាន់​កន្លែង​ដែល​ប្រពៃ​ដោយ​ទន់ភ្លន់ និង​អត់ធ្មត់ ដែល​បាន​ទួញសោក​ជាមួយ​ខ្ញុំ ហើយ​ជ្រាប​ពី​ទុក្ខព្រួយ​របស់​ខ្ញុំ ។

ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​ខ្ញុំ​នូវ​ពរជ័យ​ជា​សំណង​ជាច្រើន ដូច​ដែល​អ័ប៊ីកែល​បាន​នាំ​អ្វី​ដែល​ដាវីឌ​ត្រូវការ​ដែរ ។ ទ្រង់​បាន​បញ្ជូន​គ្រូ​ណែនាំ​មក​ក្នុង​ជីវិត​ខ្ញុំ ។ ហើយ​អ្វី​ដែល​ផ្អែមល្ហែម និង​ផ្លាស់ប្ដូរ​ខ្លាំង​បំផុត​នោះ​គឺ​ជា​ទំនាក់ទំនង​របស់​ខ្ញុំ​ជាមួយ​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ ។ តាមរយៈ​ទ្រង់​ខ្ញុំ​បាន​ដឹង​ដោយ​មាន​អំណរគុណ​អំពី​សេចក្ដី​ស្រឡាញ់​ដ៏​ទន់ភ្លន់ ប្រកប​ដោយ​ការការពារ និង​ការណែនាំ​របស់​ព្រះវរបិតា​ដ៏​ល្អ​ឥតខ្ចោះ ។

អែលឌើរ រីឆាដ ជី ស្កត បាន​មាន​ប្រសាសន៍ ៖ « បងប្អូន​មិនអាច​លុបចោល​រឿង​ដែល​បាន​កើតឡើង​រួចហើយ​បាន​ទេ ប៉ុន្តែ​បងប្អូន​អាច​អភ័យទោស​បាន ។១៤ ការអភ័យទោស​ផ្សះផ្សា​ស្នាមរបួស​ដ៏​ឈឺចាប់​ខ្លោច​ផ្សា ពី​ព្រោះ​វា​អនុញ្ញាត​ឲ្យ​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​សម្អាត​ដួងចិត្ត និង​គំនិត​ដែល​ពុល​ដោយសារ​ចិត្តស្អប់​របស់​បងប្អូន ។ វា​លាង​សម្អាត​សតិសម្បជញ្ញៈ​របស់​បងប្អូន​ចេញ​ពី​បំណង​ចង់​សងសឹក ។ វា​ផ្ដល់​កន្លែង​សម្រាប់​ការបន្សុទ្ធ ការព្យាបាល និង​ការស្ដារ​ឡើងវិញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអម្ចាស់ » ។១៥

ឪពុក​នៅ​លើ​ផែនដី​របស់​ខ្ញុំ​ក៏​បាន​ផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​ប្រកប​ដោយ​អព្ភូតហេតុ​ផងដែរ​នៅ​ប៉ុន្មាន​ឆ្នាំនេះ ហើយ​បាន​បែរ​ទៅរក​ព្រះអម្ចាស់—ជា​អ្វី​មួយ​ដែល​ខ្ញុំ​នឹក​ស្មាន​មិនដល់​ទាល់​តែ​សោះ​ក្នុង​ជីវិត​នេះ ។ នេះ​ជា​ទីបន្ទាល់​មួយ​ទៀត​របស់​ខ្ញុំ​អំពី​អំណាច​ដ៏​ពេញលេញ និង​ផ្លាស់ប្ដូរ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ខ្ញុំ​ដឹង​ថា ទ្រង់​អាច​ព្យាបាល​មនុស្ស​មាន​បាប និង​អស់​អ្នក​ដែល​បាន​ប្រព្រឹត្ត​អំពើបាប​ទាស់​នឹង​ពួកគេ​បាន ។ ទ្រង់​គឺ​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​នៃ​ពិភពលោក​នេះ ដែល​បាន​លះបង់​ព្រះជន្ម​របស់​ទ្រង់ ដើម្បី​យើង​អាច​រស់​ម្ដង​ទៀត​បាន ។ ទ្រង់​មាន​បន្ទូល ៖ « ព្រះវិញ្ញាណ​ព្រះអម្ចាស់​សណ្ឋិត​លើ​ខ្ញុំ ពីព្រោះ​ទ្រង់​បាន​ចាក់​ប្រេង​តាំង​ខ្ញុំ ឲ្យ​ផ្សាយ​ដំណឹងល្អ​ដល់​មនុស្ស​ទ័លក្រ ទ្រង់​បាន​ចាត់​ខ្ញុំ​ឲ្យ​មក ដើម្បី​នឹង ប្រោស​មនុស្ស​ដែល​មាន​ចិត្ត​សង្រេងហើយ​ប្រកាស​ប្រាប់ពី​សេចក្តី​ប្រោសលោះ​ដល់​ពួកឈ្លើយ និង​សេចក្តី​ភ្លឺ​ឡើងវិញ​ដល់​មនុស្ស​ខ្វាក់ ហើយ​ឲ្យ ដោះ​មនុស្ស​ដែល​ត្រូវ​គេ​ជិះជាន់​ឲ្យ​រួច១៦

ទ្រង់​ប្រទាន​ការព្យាបាល ការជា​សះស្បើយ និង​ការរំដោះ ដល់​អស់​អ្នកណា​ដែល​មាន​ចិត្ត​សង្រេង ជាប់ឃុំឃាំង ត្រូវ​គេ​ជិះជាន់ និង​ប្រហែល​ជា​ខ្វាក់ ដោយសារ​តែ​ការឈឺចាប់ ឬ​អំពើបាប ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ការព្យាបាល និង​ការជាសះស្បើយ​ដែល​ទ្រង់​ប្រទាន​ឲ្យ​គឺ​មាន​ពិត​មែន ។ ពេលវេលា​នៃ​ការជា​សះស្បើយ​គឺ​រៀងៗ​ខ្លួន ហើយ​យើង​មិនអាច​វិនិច្ឆ័យ​ពេលវេលា​របស់​អ្នក​ដទៃ​បាន​ទេ ។ វា​ជា​ការសំខាន់​ក្នុង​ការអនុញ្ញាត​ឲ្យ​ខ្លួនឯង​មាន​ពេល​វេលា​ចាំបាច់​ដើម្បី​ជា​សះស្បើយ និង​មាន​ចិត្ត​ល្អ​ចំពោះ​ខ្លួន​ឯង​នៅ​ក្នុង​ដំណើរការ​នៃ​ការព្យាបាល​នេះ ។ ព្រះអង្គ​សង្គ្រោះ​តែងតែ​មាន​ព្រះទ័យ​មេត្តាករុណា និង​យក​ចិត្ត​ទុកដាក់​ជានិច្ច ហើយ​ត្រៀម​ព្រះកាយ​រួច​ជា​ស្រេច​ដើម្បី​ប្រទាន​ជំនួយ​ដែល​យើង​ត្រូវការ ។១៧

នៅ​លើ​គន្លង​នៃ​ការអភ័យទោស និង​ការព្យាបាល មាន​ជម្រើស​មួយ​ដើម្បី​កុំ​បន្ដ​ធ្វើ​តាម​គន្លង ឬ​ទំនាក់ទំនង​មិន​ល្អ​នោះ​នៅ​ក្នុង​ក្រុមគ្រួសារ​របស់​យើង ឬ​នៅ​កន្លែង​ផ្សេង​ទៀត ។ យើង​អាច​មាន​ សន្ដានចិត្តល្អ​ ជា​ការឆ្លើយតប​នឹង​ភាពឃោរឃៅ សេចក្ដី​ស្រឡាញ់​ជា​ការឆ្លើយតប​នឹង​ការស្អប់ ភាពទន់ភ្លន់​ជា​ការឆ្លើយតប​នឹង​ភាពគំរោះ​គំរោយ សុវត្ថិភាព​ជា​ការឆ្លើយតប​នឹង​ទុក្ខព្រួយ ហើយ​សេចក្ដី​សុខសាន្ដ​ជា​ការឆ្លើយតប​នឹង​ជម្លោះ ទាំងអស់​នេះ​គឺ​ស្ថិត​នៅក្រោម​ឥទ្ធិពល​របស់​យើង ។

ការផ្ដល់​នូវ​អ្វី​ដែល​បងប្អូន​មិន​បាន​ទទួល​គឺ​ជា​ផ្នែក​មួយ​ដ៏​មាន​ឥទ្ធិពល​នៃ​ការព្យាបាល​ដ៏​ទេវភាព ដែល​អាច​ទទួល​បាន​តាមរយៈ​សេចក្ដី​ជំនឿ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ ការរស់នៅ​ក្នុង​របៀប​មួយ​ដែល​បងប្អូន​ផ្ដល់​ឲ្យ​នូវ​ភួង​លម្អ​ជំនួស​ផេះ​នៃ​ជីវិត​របស់​បងប្អូន ដូច​ជា​អេសាយ​បាន​មាន​ប្រសាសន៍១៨ គឺ​ជា​សកម្មភាព​នៃ​សេចក្ដី​ជំនឿ​ដែល​ដើរតាម​គំរូ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​រងទុក្ខ​គ្រប់យ៉ាង​ដើម្បី​ទ្រង់​អាច​ជួយ​ដល់​យើង​តាម​ជម្ងឺ​របស់​យើង ។

យ៉ូសែប​នៃ​ស្រុក​អេស៊ីព្ទ​បាន​រស់​នៅ​ក្នុង​ជីវិត​ផេះផង់ ។ លោក​ត្រូវ​បាន​បងៗ​របស់​លោក​ស្អប់ ក្បត់ លក់លោក​ទៅក្នុង​សេវកភាព ត្រូវ​ជាប់​ទោស​ទាំង​គ្មាន​កំហុស ហើយ​អ្នក​ដែល​សន្យា​ថា​នឹង​ជួយ​លោក​បាន​បំភ្លេច​លោក​ចោល ។ ប៉ុន្ដែ លោក​បាន​ដាក់ទី​ទុកចិត្ត​ទៅលើ​ព្រះយេហូវ៉ា ។ « ព្រះយេហូវ៉ា​ទ្រង់​គង់​ជាមួយ​នឹង​យ៉ូសែប »១៩ ហើយ​ទ្រង់​បាន​ញែក​ការសាកល្បង​ទាំងឡាយ​របស់​លោក​ឲ្យ​ទៅ​ជា​ពរជ័យ និង​ភាពរីកចម្រើន​ផ្ទាល់​ខ្លួន​លោក​វិញ—និង​ទៅជា​ការសង្គ្រោះ​ក្រុមគ្រួសារ​របស់​លោក និង​សាសន៍​អេស៊ីព្ទ​ទាំងអស់ ។

នៅពេល​យ៉ូសែប​បាន​ជួប​នឹង​បងៗ​របស់​លោក​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​នៅ​ស្រុក​អេស៊ីព្ទ ការអភ័យទោស និង​ទស្សនវិស័យ​ដ៏​ស្អាតស្អំ​របស់​លោក​បាន​បង្ហាញ​នៅក្នុង​ពាក្យ​សម្ដី​ដ៏​សប្បុរស ដែល​លោក​បាន​មាន​ប្រសាសន៍ ៖

« ឥឡូវ នេះ កុំ ឲ្យ អ្នក រាល់ គ្នា ព្រួយ ឬ តូច ចិត្ត ដោយ បាន លក់ ខ្ញុំ មក ទី នេះ ឡើយ ពី ព្រោះ គឺ ព្រះ ទេ តើ ដែល ទ្រង់ ចាត់ ខ្ញុំ មក ជា មុន ដើម្បី នឹង រក្សា ជីវិត អ្នក រាល់ គ្នា ទុក ។ …

« ដូច្នេះ​មិន​មែន​អ្នក​រាល់​គ្នា​ដែល​ឲ្យ​ខ្ញុំ​មក​ទី​នេះ​ទេ គឺ​ជា​ព្រះ​វិញ​ទេ​តើ » ។២០

តាមរយៈ​ព្រះអង្គ​សង្គ្រោះ ជីវិត​របស់​យ៉ូសែប​បាន​ប្រែ​ជា « ភួង​លម្អ​ជំនួស​ផេះ » ។២១

ខេវិន ជេ វើសហ្សិន ជា​ប្រធាន​នៃ​សកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ. បាន​មាន​ប្រសាសន៍​ថា ព្រះ « អាច​ធ្វើ​ឲ្យ​មាន​ការណ៍​ល្អ … មិន​ត្រឹម​តែ​ចេញ​ពី​ជោគជ័យ​របស់​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ចេញ​ពី​ភាពបរាជ័យ​របស់​យើង និង​ភាពបរាជ័យ​របស់​មនុស្ស​ដទៃ​ដែល​នាំ​ឲ្យ​យើង​ឈឺចាប់​ផងដែរ ។ ព្រះ​ទ្រង់​ល្អ និង​មាន​ព្រះចេស្ដា​ខ្លាំង​ដល់​ថ្នាក់​នោះ​មែន » ។២២

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា គំរូ​ដ៏​អស្ចារ្យ​នៃ​សេចក្ដី​ស្រឡាញ់ និង​ការអភ័យទោស​គឺ​មកពី​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​មាន​បន្ទូល​ទាំង​ឈឺចាប់​ខ្លាំង​ថា « ឱ​ព្រះវរបិតា​អើយ សូម​អត់​ទោស​ដល់​អ្នក​ទាំងនេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អ្វី​ទេ » ។២៣

ខ្ញុំ​ដឹង​ថា ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌​សព្វ​ព្រះទ័យ​ឲ្យ​យើង​ម្នាក់ៗ​ដែល​ជា​បុត្រាបុត្រី​របស់​ទ្រង់​មាន​នូវ​សេចក្ដីល្អ និង​ក្ដីសង្ឃឹម ។ នៅក្នុង​គម្ពីរ​យេរេមា យើង​អាន​ថា « ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​មាន​ព្រះបន្ទូល​ថា យើង​ស្គាល់​សេចក្តី​ដែល​យើង​គិត​ពី​ដំណើរ​ឯងរាល់​គ្នា មិនមែន​គិត​ធ្វើ​សេចក្តី​អាក្រក់​ទេ គឺ​គិត​ឲ្យ​បាន​សេចក្តីសុខ​វិញ » ។២៤

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះមែស៊ី​ផ្ទាល់ខ្លួន​របស់​បងប្អូន ជា​ព្រះប្រោសលោះ និង​ព្រះអង្គ​សង្គ្រោះ​ដ៏​ជា​ទី​ស្រឡាញ់​របស់​បងប្អូន ដែល​ជ្រាប​រាល់​ការអង្វរករ​ក្នុង​ដួងចិត្ត​របស់​បងប្អូន ។ ទ្រង់​សព្វ​ព្រះទ័យ​ឲ្យ​បងប្អូន​ទទួល​បាន​ការព្យាបាល និង​មាន​សុភមង្គល ។ ទ្រង់​ស្រឡាញ់​បងប្អូន ។ ទ្រង់​ព្រះកន្សែង​ជាមួយ​បងប្អូន​នៅ​ក្នុង​ទុក្ខសោក​របស់​បងប្អូន ហើយ​អរ​ព្រះទ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​បងប្អូន​បាន​ជា​សះស្បើយ ។ សូម​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម និង​ទទួល​យក​ព្រះហស្ដ​ដែល​ប្រកប​ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ដែល​តែងតែ​លាត​សន្ធឹង២៥នៅ​ពេល​យើង​ដើរ​នៅ​លើ​គន្លង​ព្យាបាល​នៃ​ការអភ័យទោស នេះ​ជា​ការអធិស្ឋាន​របស់​ខ្ញុំ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ៕