ឆ្នាំ ២០២៣
នៅពេល​មនុស្ស​ជាទី​ស្រឡាញ់​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត
ខែ កញ្ញា ឆ្នាំ ២០២៣


« នៅពេល​មនុស្ស​ជា​ទី​ស្រឡាញ់​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត » ដើម្បីកម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។

ជំនួយ ជីវិត

នៅពេល​មនុស្ស​ជាទី​ស្រឡាញ់​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត

ទាំងនេះ​ជា​យោបល់​ចំនួន​ប្រាំ​ដែល​ត្រូវចាំ​នៅពេល​ដែល​ប្អូន​ចង់​ជួយ​មនុស្ស​ណាម្នាក់​ដែល​កំពុង​មាន​បញ្ហា​ធ្លាក់​ទឹកចិត្ត ថប់បារម្ភ ឬ​បញ្ហា​ផ្លូវចិត្ត​ផ្សេងៗទៀត ។

រូបភាព
ស្ត្រី​ម្នាក់​ធ្វើ​សញ្ញា​រូប​បេះដូង​ដោយ​ដៃ​របស់​នាង

រចនា​រូបភាព​ដោយ ថូប៊ី ញ៉ូវសាំ

វា​អាច​ពិបាក​ពេល​មើល​ឃើញ​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ដ ការ​ថប់បារម្ភ ឬ​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ផ្សេងៗទៀត ។ ប្អូន​ប្រហែល​ជា​ចង់​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ ប៉ុន្តែ​មិន​ដឹង​ធ្វើ​អ្វី​ ។

ទាំងនេះ​ជា​យោបល់​មួយ​ចំនួន​ដែល​ត្រូវ​ចាំ​ទុក​ក្នុង​ចិត្ត​នៅ​ពេល​ដែល​ប្អូន​ពិចារណា​ពី​របៀប​ដើម្បី​ជួយ​នរណា​ម្នាក់​ដែល​កំពុង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​របស់​ពួកគេ ៖

១.​សូម​ឈោង​ទៅ​ជួយ ។

រូបភាព
យុវនារី​ម្នាក់​បាន​ឈោង​ទៅ​ជួយ​យុវជន​ដែល​សោកសៅ

ប្រសិន​បើ​ប្អូន​កំពុង​ឆ្ងល់​ថា​តើ​វា​ល្អ​បំផុត​ដើម្បី​ឈោង​ទៅ​ជួយ ឬ​នៅ​ឲ្យ​ឆ្ងាយ ចម្លើយ​គឺ ៖ ពិតណាស់ ឈោង​ទៅ​ជួយ ។ ទំនាក់ទំនង​ជិត​ស្និទ្ធ​ពិត​ជា​ជួយ​មនុស្ស​ដែល​កំពុង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​បាន ។ សូម​មាន​ទំនាក់ទំនង​ជាមួយ​ពួកគេ ។ សូម​ចូលរួម​ជាមួយ​ពួកគេ ។ វា​អាច​ជា​អ្វី​ដែល​សាមញ្ញ​និង​ធម្មតា ប៉ុន្តែ​សូម​ឈោង​ទៅ​ជួយ ។

២.​ចូរ​កុំ​ផ្តល់​ដំបូន្មាន លើកលែង​តែ​គេ​សុំ​ប្អូន ។

រូបភាព
យុវជន​អោបគ្នា

ប្រសិន​បើ​នរណា​ម្នាក់​មិន​បាន​សុំ​ជំនួយ​ពី​ប្អូន សូម​កុំ​ចាប់​ផ្តើម​ផ្តល់​ដំបូន្មាន​ឲ្យ​ពួកគេ​ឡើយ ។ លុះត្រា​តែ​គេ​សុំ​ប្អូន សូម​ផ្តោត​ទៅលើ​តែ​រឿង​មិត្តភាព ការយក​ចិត្ត​ទុក​ដាក់ និង​ការព្រួយ​បារម្ភ​ដោយ​ចិត្ត​សោ្មះសរ ។

៣.​សូម​ទន់ភ្លន់ វិជ្ជមាន និងមាន​ចិត្តអាណិតអាសូរ ។

រូបភាព
យុវនារី​ជាមួយ​ផ្កា

នៅ​ពេល​មនុស្ស​ម្នាក់​សុំ​ជំនួយ​របស់​ប្អូន សូម​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៍​សម្រាប់​ការបំផុសគំនិត ។ សូម​និយាយ​លើកទឹកចិត្ត ។ សូម​និយាយ​ជាមួយ​ពួកគេ​ដោយ​ទន់ភ្លន់ ។ សូម​និយាយ​រឿង​ដែល​វិជ្ជមាន ។ សូម​បង្ហាញ​ការយល់​ដឹង និង​សេចក្តី​អាណិតអាសូរ ។ សូម​ប្រាប់​ពួកគេ​ថា​ប្អូន​គាំទ្រ​ពួកគេ ហើយ​នៅ​ទី​នោះ​សម្រាប់​ពួកគេ​ផងដែរ ។ សូម​លើក​ទឹក​ចិត្ត​ពួកគេ​ដោយ​ទន់ភ្លន់​ឲ្យ​ស្វែងរក​ជំនួយ​វិជ្ជាជីវៈ ។

៤.​អត់ធ្មត់ និង​តស៊ូ ។

រូបភាព
យុវនារី និង​យុវជន​កំពុង​អង្គុយ

មនុស្ស​ដែល​កំពុង​ជួប​ការលំបាក ពេល​ខ្លះ​សំបកក្រៅ​ហាក់ដូចជា​មិន​ឆ្លើយ​តប ឬ​មាន​អំណរគុណ​នោះ​ទេ ។ ប៉ុន្តែ​សូម​មាន​ចិត្ត​អត់ធ្មត់ ។ សូម​នៅ​ជាប់​ជាមួយ​ពួកគេ ។ ការនៅ​ដាច់​ដោយ​ឡែក​តែឯង​គឺ​មិន​ល្អ​សម្រាប់​ពួកគេ​នោះទេ ។ សូមកុំ​ដក​ខ្លួន​ចេញ​ទាំង​ស្រុង ប្រសិនបើ​ពួកគេ​មិន​ឆ្លើយ​តប​មកវីញ​តាម​របៀប​ដែល​ប្អូន​ចង់​បាន ។

៥.​សូម​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ឯង​ផងដែរ ។

រូបភាព
យុវនារី​រត់​ជាមួយ​ឆ្កែ

សូម​ប្រាកដ​ថា​ប្អូន​កំពុង​ស្វែងរក​អំណរ​នៅក្នុង​ជីវិត​របស់​ប្អូន ។ សូម​បន្ត​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន​របស់​ប្អូន ។ សូម​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ សូមធ្វើ​រឿង​មួយ​ចំនួន​ទៀត​ដែល​ប្អូន​ចូល​ចិត្ត ។ សូម​កុំ​ឲ្យ​ភាពតានតឹង ឬ​ការព្រួយ​បារម្ភ​ពី​ស្ថានភាព​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ប្អូន​គ្រប​ដណ្ដប់​លើ​ជីវិត​របស់​ប្អូន​ឡើយ ។ សូម​​ឈោង​ទៅ​ជួយ​អ្នកដទៃ​សម្រាប់​ការគាំទ្រ ប្រសិនបើ​ប្អូន​ត្រូវការ​វា ។