ឆ្នាំ ២០២៣
ពួកស្ងួនភ្ងា​នៃ​ព្រះ
ខែ កញ្ញា ឆ្នាំ ២០២៣


« ពួកស្ងួនភ្ងា​នៃ​ព្រះ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។

ចូរ​មក​តាម​ខ្ញុំ

កូរិនថូស ទី១ ១១

ពួកស្ងួនភ្ងា នៃ ព្រះ

នៅក្នុង​ផែនការ​នៃ​សុភមង្គល​របស់​ព្រះ យុវនារី និង​យុវជន​មាន​គោលបំណង​ដ៏​ទេវភាព​គ្រប់ៗគ្នា អ្នកទាំងអស់គ្នា​គឺជា​ពួក​ស្ងួនភ្ងា និង​ត្រូវការ​ជាចាំបាច់ ។

រូបភាព
អែលឌើរ ហ្គុង ជាមួយ​យុវវ័យ

សូម​ស្រមៃមើល​ថា តើ​តន្ត្រី​នឹង​មាន​លក្ខណៈ​បែបណា ប្រសិនបើ ឧបករណ៍​ភ្លេង​ទាំងអស់​មាន​សំឡេង​ដូចគ្នានោះ ។ ចុះ​បើ​ខ្ទង់​ភ្លេង​នៅលើ​ព្យាណូ​លេង​ចេញ​ណោត​ភ្លេង​ដូចគ្នា ឬ​ប្រសិនបើ​សំឡេង​ទាំងអស់​នៅក្នុង​ក្រុមចម្រៀង​​ដូចគ្នា​វិញ ? នេះ​នឹង​ធ្វើ​ឲ្យ​តន្ត្រី​គួរឲ្យ​ធុញទ្រាន់ ខ្លាំងណាស់ !

ឧបករណ៍​តន្រ្តី​នានា និង​សំឡេង​ក្រុមចម្រៀង​មាន​សម្លេង និង​សូរ​ខុសៗគ្នា​យ៉ាងរីករាយ ។ ខ្ទង់​ទាំងអស់​នៅលើ​ព្យាណូ​ផ្ដល់​នូវ​បទភ្លេង​ជាច្រើន ហើយ​ក្រុមចម្រៀង​ផ្ដល់​នូវ​ភាពពិរោះ​ដ៏​សម្បូរបែប ។ ត្រែ​បារំាង ត្រែ​ធូបា​​ វីយ៉ូឡុង និង​ស្គរ​នីមួយៗ​បន្ថែម​សំឡេង​ពិរោះ​ពិសេស​ទៅ​ឲ្យ​ក្រុមតន្ត្រី ។

កម្លាំង និង​អំណោយទាន

ដូច​ជាមួយ​តន្ត្រី​ដែរ ព្រះវរបិតាសួគ៌​មាន​សេចក្តីរីករាយ​ចំពោះ​ទេពកោសល្យ ចរិតលក្ខណៈ និង​បទពិសោធន៍​ផ្សេងៗ​របស់​បុត្រាបុត្រី​របស់​ទ្រង់ ម្នាក់ៗ​គឺជា​បុត្រា ឬ​បុត្រី​ជាទីស្រឡាញ់ ។ មិនថា​អ្នក​មាន​កាលៈទេសៈ​បែបណា ទោះ​នៅ​ទីកន្លែង​ណា​ដែល​អ្នក​រស់នៅ​ទោះក្នុង​ចំណោម​ជាតិសាសន៍​ទាំងឡាយ​ណាក៏ដោយ ព្រះវរបិតាសួគ៌​អបអរសាទរ​នូវ​សក្ដានុពល​ដ៏និរន្តរ៍​របស់​អ្នក ដែល​អ្នក​អាច​ក្លាយ​ទៅជា​តាមរយៈ​ការគោរព​ប្រតិបត្តិ ព្រះគុណ និង​សេចក្ដី​ស្រឡាញ់ ។

រូបភាព
យុវជន​កំពុង​លេង​ព្យាណូ

ដោយ​សេចក្ដីស្រឡាញ់​ដ៏អស្ចារ្យ ទ្រង់​អញ្ជើញ​ក្មួយ​ឲ្យ​ស្វែងរក​អត្តសញ្ញាណ​ដ៏ទេវភាព​របស់​ក្មួយ ហើយ​បំពេញ​នូវ​គោលបំណង​ដ៏ទេវភាព​របស់​ក្មួយ ។ ទ្រង់​លើកទឹកចិត្ត​ក្មួយ​ឲ្យ​អភិវឌ្ឍ​អំណោយទាន​ខាងវិញ្ញាណ​របស់​ក្មួយ ចរិត​លក្ខណៈ​ជាព្រះ និង​លទ្ធភាព​ដ៏ធំធេង​នានា ។ ហើយ​ទ្រង់​ប្រទាន​ឱកាស​ជារៀង​រាល់ថ្ងៃ​ដល់​ក្មួយ​ដើម្បី​រៀន​មើល និង បម្រើ​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​របស់​ក្មួយ ដូច​ដែល​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ដែរ ។

នៅក្នុង​ផែនការ​ដ៏ទេវភាព​របស់​ព្រះ យើង​មក​លើ​ផែនដី​នេះ​តាមរយៈ​ម្តាយ និង​ឪពុក ។ ក្រុមគ្រួសារ​ត្រូវការ​លោកទាំងពីរ​នាក់នោះ ។ ទាំងពីរ​នាក់ គឺជា​ដៃគូ​ស្មើភាពគ្នា ឪពុកម្ដាយ​ចិញ្ចឹម​បីបាច់ និង​ផ្គត់ផ្គង់​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ ។ នៅក្នុង​ផ្ទះ​របស់​យើង ឪពុក និង​ស្វាមី គឺត្រូវ​ធ្វើ​ជា​អធិបតី​ដោយ​ភាពសុភាព​រាបសា ភាពស្លូតបូត និង សេចក្ដីស្រឡាញ់​ដោយ​ស្មោះ—គុណសម្បត្តិ​សុចរិត​ដែល​បុរស និងស្ត្រី ត្រូវការ​នៅក្នុង​ទំនាក់ទំនង​ទាំងអស់​របស់​យើង ។ នៅក្នុង​ទំនាក់ទំនង​ណាមួយក៏​ដោយ ឋានសួគ៌​យំសោក​នៅពេល​ណា​ដែល​មាន​ការរំលោភបំពាន មាន​ការគៀបសង្កត់ ឬ​ការបង្ខិត​បង្ខំ​គ្រប់ប្រភេទ​ដែល​ប្រព្រត្តិ​ដោយ​បុរស ឬ​ស្ត្រី ។ ការបញ្ចុះបញ្ចូល ការអត់ធន់ សប្បុរសធម៌ និង​ចំណេះដឹង​ដ៏បរិសុទ្ធ​គឺជា​គុណសម្បត្តិ​របស់​ព្រះគ្រីស្ទ​ដែល​យើង​ម្នាក់ៗ​ស្វែងរក ។

ពិតណាស់ គ្មាន​នរណា​ម្នាក់​ល្អឥតខ្ចោះ​ទេ—ក៏​គ្មាន​គ្រួសារ​ណាមួយ​ល្អឥតខ្ចោះ​ដែរ ។ មិនថា​អ្នក​មាន​កាលៈទេសៈ​បែបណា​នោះទេ សូម​គោរព​ឪពុកម្ដាយ និង​ស្រឡាញ់​គ្រួសារ​របស់​ក្មួយ—គ្រួសារ​ដែល​ក្មួយ​មាន និង​គ្រួសារ​ដែល​ក្មួយ​នឹង​មាន​នៅថ្ងៃ​ណាមួយ ។ ព្រះអង្គសង្រ្គោះ​របស់​យើង​អាច​ជួយ​ក្មួយ​ឲ្យ​យល់, អភ័យទោស, និង​លើកទឹកចិត្ត​ដល់​អ្នក​ដែល​នៅ​ជុំវិញ​ក្មួយ ។ ពេល​ក្មួយ​ធ្វើ​ឲ្យ​អស់ពី​សមត្តភាព នោះ​ព្រះអម្ចាស់​នឹង​ជួយ និង​ដឹកនាំ​ក្មួយ ។ សូម​ចងចាំ​ពី​ជំហរ​របស់​ក្មួយ​នៅ​ចំពោះ​មុខ​ព្រះអម្ចាស់ និង​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់​គឺ​ត្រូវបាន​កំណត់​ដោយ​ចរិកលក្ខណៈ និង​សេចក្ដីសុចរិត​ផ្ទាល់ខ្លួន​របស់​ក្មួយ​ក្នុង​ការរក្សា​សេចក្ដីសញ្ញា​របស់​ក្មួយ​ជាមួយនឹង​ព្រះ ។

រូបភាព
ពិធី​សាក្រាម៉ង់

បព្វជិតភាព និង​ផែនការ​របស់​ព្រះ

ព្រះ​ជា​ព្រះ​វរបិតាសួគ៌​ស្រឡាញ់​យើង​ខ្លាំង ហើយ​ស្គាល់​យើង​ច្បាស់​ជាង​យើង​ស្រឡាញ់ ឬ​ស្គាល់​ខ្លួនឯង​ទៅ​ទៀត ។ សិទ្ធិ​អំណាច​បព្វជិតភាព​របស់​ទ្រង់​ត្រូវបាន​ប្រទាន​ឲ្យ​ដើម្បី​ផ្ដល់​ពរជ័យ​ដល់​បុត្រាបុត្រី​ទាំងអស់​របស់​ទ្រង់ ។ បងប្អូន​ប្រុស​ដែល​មាន​ភាពសក្តិសម​កាន់​បព្វជិតភាព ប៉ុន្តែ​ពួកគេ មិនមែន ជា​បព្វជិតភាព​ទេ ។ ប្រធាន រ័សុល អិម ណិលសុន បង្រៀន​ថា​បព្វជិតភាព « គឺ​ទាក់ទង​នឹង​បងប្អូន​ក្នុងនាម​ជា [ ស្ត្រី ] ក៏ដូចជា​ចំពោះ​បុរស​ណាមួយ​ផងដែរ » ។ បព្វជិតភាព​ផ្តល់​ឲ្យ​បុរស និង​ស្ត្រី « សិទ្ធិ​ទទួល​បាន … ទ្រព្យ​ខាងវិញ្ញាណ​ទាំងអស់​ដែល​ព្រះអម្ចាស់​មាន​គឺ​សម្រាប់​បុត្រាបុត្រី​របស់​ទ្រង់ » ។

រូបភាព
យុវជន និង​យុវនារី​នៅ​ក្បែរ​កុំព្យូទ័រ

ការបម្រើ​រួមគ្នា

នៅក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ យើង​ប្រឹក្សាគ្នា​នៅក្នុង​ក្រុមប្រឹក្សា​នៅពេល​យើង​បម្រើ​រួមគ្នា ។ នៅក្នុង​ក្រុមប្រឹក្សា​របស់​យើង ថ្នាក់ដឹកនាំ​ស្វែងរក​ការយល់​ដឹង និង គំនិត​ផ្សេងៗ​ពី​មនុស្ស​ទាំងអស់ រួមទាំង​យុវជន និង​យុវនារី​ផងដែរ ។ នៅក្នុង​ករណី​នីមួយៗ យើង​ឈានទៅ​ដល់​ការសម្រេចចិត្ត​កាន់តែ​ល្អប្រសើរ និង​ទទួល​បាន​ជោគជ័យ​កាន់តែ​ច្រើន​នៅក្នុង​ការបម្រើ​របស់​ព្រះអម្ចាស់​នៅពេល​យើង​ឲ្យ​តម្លៃ​ដល់​ការរួមចំណែក​របស់​គ្នា​ទៅវិញ​ទៅមក ហើយ​ធ្វើការ​ជាមួយគ្នា ជា​បងប្អូន​ប្រុសស្រី​នៅក្នុង​កិច្ចការ​របស់​ទ្រង់ ។

នៅក្នុង​វួដ និង​សាខា​របស់​យើង យុវនារី និង​យុវជន​ដឹកនាំ​ថ្នាក់រៀន និង​កូរ៉ុម ។ នៅក្នុង​ក្រុមប្រឹក្សា​យុវវ័យ​ក្នុង​វួដ ថ្នាក់ដឹកនាំ​យុវវ័យ​របស់​យើង​រួមគ្នា​ជួយ​យុវវ័យ​ម្នាក់ៗ​ឲ្យ​តភ្ជាប់​ជាមួយនឹង​ស្ថានសួគ៌ ថ្នាក់ដឹកនាំ សាសនាចក្រ​របស់​យើង និង​យុវវ័យ​ដទៃ​ទៀត ។ ក្នុង​នាមជា​ដៃគូរ​អ្នក​ផ្ដល់​ការបម្រើ​ដល់​មនុស្ស​ពេញវ័យ យុវជន និង​យុវនារី របស់​យើង​បាន​ជួយ និង​ប្រទានពរ​ដល់​មនុស្ស​ជាច្រើន ។ នៅក្នុង​ការបម្រើ​របស់​យើង យើង​ទាំងអស់គ្នា​រួបរួមគ្នា ។

រូបភាព
យុវជន និង​យុវនារី​បម្រើ​ជាមួយគ្នា

ពិតជា​ពរជ័យ​ដ៏ល្អ​មួយ​ដែល​យុវជន និង​យុវនារី ធ្វើ​ជាសាក្សី​ឲ្យ​ពិធីបរិសុទ្ធ​នៃ​ដំណឹងល្អ​ដែល​បាន​ស្តារឡើងវិញ ។ ក្មួយ​គឺជា​សាក្សី​ឲ្យ​ពិធីបុណ្យ​ជ្រមុជទឹក ទាំង​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​អ្នក​នៅរស់ និង​ពិធីបុណ្យ​ជ្រមុជទឹក​ឲ្យ​បុព្វការីជន​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ក្មួយ​ក៏​បម្រើ​នៅ​កន្លែង​ផ្សេងៗទៀត​នៅក្នុង​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ផងដែរ ។

ពរជ័យ​នៃ​សេចក្ដីសញ្ញា​ជាមួយនឹង​ព្រះ

បុគ្គល​ម្នាក់ៗ យុវនារី និង​យុវជន​ម្នាក់ៗ ចុះ​សេចក្ដីសញ្ញា​ពិសិដ្ឋ​ជាមួយនឹង​ព្រះ ។ នៅពេល​យើង​គោរព​តាម​ដោយ​សោ្មះស្ម័គ្រ នោះ​សេចក្តីសញា​របស់​យើង​ជាមួយនឹង​ព្រះ​នឹង​នាំ​មក​នូវ​ពរជ័យ​ទាំងឡាយ​របស់​ទ្រង់—ច្រើនជាង​អ្វី​ដែល​យើង​អាច​ស្រមៃ​ដល់​ទៅទៀត ។ សេចក្ដីសញ្ញា​របស់​យើង​ជាមួយនឹង​ព្រះ​អាច​ញែក​ការប៉ងប្រាថ្នា និង​សកម្មភាព​របស់​យើង​ចេញជា​បរិសុទ្ធ​បាន ។ សេចក្ដីសញ្ញា និង​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះគ្រីស្ទ​អាច​ជួយ​យើង​ឲ្យ​ក្លាយ​ទៅជា​កូន​របស់​ព្រះ—រាបសា អត់ឱន ពោរពេញ​ទៅ​ដោយ​សេចក្ដីស្រឡាញ់ ( សូមមើល ម៉ូសាយ ៣:១៩ ) ។ នៅក្នុង​គ្រប់អ្វីៗ​ដែល​យើង​ធ្វើ យើង​ចាប់ផ្ដើម​ឡើង​ជាមួយនឹង​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ជ្រើសរើស​ទ្រង់​មុនគេ​ក្នុង​ចំណោម​ការជម្រើស​ជាច្រើន​របស់​យើង ហើយ​យើង​ដាក់​ទ្រង់​ដំបូងគេ​នៅក្នុង​ជម្រើស​នីមួយៗ​ដែល​យើង​ធ្វើ ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

ចូរ​មើល​ទៅ​ព្រះអង្គ​សង្គ្រោះ

ក្មួយ​អាច​មាន​អារម្មណ៍​សប្បាយ​រីករាយ កក់ក្ដៅ​ក្នុង​ចិត្ត​របស់​ក្មួយ នៅពេល​ក្មួយ​ដាក់​ព្រះយេស៊ូវគ្រីស្ទ​នៅ​ចំ​ចំណុច​កណ្តាល​នៃ​ការរៀនសូត្រ​នៃ​ដំណឹងល្អ ការបម្រើ សកម្មភាព​នានា និង​ការអភិវឌ្ឍ​ផ្ទាល់ខ្លួន និង​ពេល​ក្មួយ​ជ្រើសរើស​ធ្វើ​ល្អ ។ ការខិតខំ​របស់​ក្មួយ​ដែល​ផ្តោត​ទៅលើ​ព្រះគ្រីស្ទ​ជាចម្បង​អាច​មាន​ភាពសប្បាយ​រីករាយ និង​មាន​រង្វាន់​នៅពេល​ដែល​ក្មួយ​ជួយ​អ្នកដទៃ​ដោយ​មាន​សេចក្ដីអាណិតអាសូរ និង​សេចក្ដីស្រឡាញ់​ដ៏ពិត​ប្រាកដ ។

រឿង​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន​កើតឡើង​នៅពេល​យុវជន និង​យុវនារី​ស្រឡាញ់​ព្រះអម្ចាស់ ហើយ​ធ្វើការ​បម្រើ​រួមគ្នា​ដោយ​សាមគ្គីភាព និង ភាព​សុខដុមរមនា ។ នេះ​ជា​ការពិត​នៅក្នុង​ថ្នាក់សិក្ខាសាលា សកម្មភាព​ជាប្រចាំ​របស់​យុវវ័យ និង​នៅ ដ.ក.យ. ។

រូបភាព
យុវនារី

ដោយ​មាន​សេចក្តីស្រឡាញ់​ដ៏អស្សកល្ប ព្រះវរបិតាសួគ៌​របស់​យើង​អញ្ជើញ​យុវនារី និង​យុវជន​គ្រប់រូប​ឲ្យ « មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ » ( នីហ្វៃ​ទី ២ ២៦:៣៣ ) ។

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ស្រឡាញ់​ខ្ញុំ ។ ទ្រង់ទាំងទ្វេ​នឹង​ជួយ ហើយ​ប្រទានពរ​ដល់​ក្មួយ​ឲ្យ​មាន​សុភមង្គល​ដ៏ពិត​ប្រាកដ ។ សូម​ជ្រើសរើស​ព្រះអង្គសង្គ្រោះ​របស់​យើង​មុនគេ​បង្អស់ ។ សូម​ទុកចិត្ត​លើ​ព្រះ ហើយ​រួបរួម​គ្នា​តែមួយ​នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ ជាមួយនឹង​អ្នក​ទាំងឡាយ​ដែល​នៅជុំវិញ​ក្មួយ ។ ក្នុង​នាមជា​កូន​ជាទី​ស្រឡាញ់​របស់​ព្រះ ក្មួយ​អាច​ភ្ជាប់ និង​ចូលរួម​ចំណែក​នៅក្នុង​សហគមន៍​របស់​ពួកបរិសុទ្ធ ដែល​ជា​សាសនាចក្រ​ដែល​បាន​ស្ដារឡើងវិញ​របស់​ទ្រង់ គឺ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ ។ ក្មួយ​ជា​នរណា ហើយ​នឹង​ក្មួយ​កំពុង​តែក្លាយ​ជា​នរណា គឺជា​អ្វី​ដែល​ត្រូវការ​នៅក្នុង​ពិភពលោក​សព្វថ្ងៃនេះ ។ អ្វី​ដែល​ជា​ភាពខុសគ្នា​ដែល​ក្មួយ​អាច​ធ្វើ​បាន​ក្នុង​គ្រួសារ​របស់​ក្មួយ នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ និង​ក្នុង​ពិភពលោក​នេះ ។

នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ រឿង​ល្អ​ទាំងអស់​គឺ​អាច​សម្រេច​ទៅ​បាន ។ នៅក្នុង​ព្រះយេស៊ូវគ្រីស្ទ រឿង​ពិត​ទាំងអស់​នឹង​កើត​ឡើង ទៅតាម​ពេលវេលា និង​វិធី​របស់​ព្រះ ។ ក្នុង​នាមជា​សាក្សី​ពិសេស​ម្នាក់​របស់​ទ្រង់ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់ និង​សន្យា ។