ឆ្នាំ ២០២៣
វិធី ៤ យ៉ាង​ដើម្បី​ពង្រឹង​គ្រួសារ​របស់​អ្នក
ខែ កញ្ញា ឆ្នាំ ២០២៣


« វិធី ៤ យ៉ាង​ដើម្បី​ពង្រឹង​គ្រួសារ​របស់​អ្នក » ដើម្បី​កម្លាំង​នៃ​យុវជន ខែ តុលា ឆ្នាំ ២០២៣ ។

វិធី យ៉ាង​ដើម្បី ពង្រឹង គ្រួសារ​របស់អ្នក

អ្នកអាច​ពង្រឹង​ក្រុម​គ្រួសារ​របស់អ្នក​ឲ្យ​រឹងមាំ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ដោយ​ការរស់នៅ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

មិន​ថា​គ្រួសារ​របស់អ្នក​រឹងមាំ​ប៉ុនណា​នោះទេ វា​តែងតែ​ត្រូវការ​កម្លាំង​បន្ថែម​ទៀត​ជានិច្ច ។ សព្វថ្ងៃ​នេះ ការ​វាយ​ប្រហារ​ទៅ​លើ​គ្រួសារ​ហាក់​ដូចជា​កំពុង​បន្ត​កើនឡើង ។ រឿងនេះ​គឺ​ដោយសារ​តែ​សាតាំង​ដឹងថា ក្រុមគ្រួសារ​មាន​សារៈសំខាន់​ចំពោះ​ផែនការ​របស់​ព្រះវរបិតាសួគ៌ ។ ប្រសិន​បើ​មាន​អ្វី​មួយ​ដែល​មារសត្រូវ​អាច​ធ្វើ​ដើម្បី​បង្អាក់​ដល់​ជីវិត​គ្រួសារ​បាន នោះ​វា​ប្រាកដ​ជា​ព្យាយាម​ធ្វើ ។

ទោះបីជា​គ្មាន​គ្រួសារ​ណា​ល្អឥតខ្ចោះ​ក៏​ដោយ ក៏​គ្រួសារ​របស់អ្នក​មាន​អ្វីមួយ​ដែល​ធ្វើឲ្យ​រឿង​នេះ​អាច​កើតឡើង​បាន ហើយ​គ្មាន​គ្រួសារ​ណា​ផ្សេងទៀត​មាន​ឡើយ ៖ គឺរូបអ្នក ! ហើយ​អ្នក​មាន​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​ខាង​អ្នក ។ ពួកព្យាការី និង​ពួកសាវក​បាន​បង្រៀន​ថា « សុភមង្គល​នៅក្នុង​ជីវិត​គ្រួសារ​អាច​កើត​មាន​ឡើង​បាន​នៅពេល​ធ្វើ​តាម​ការបង្រៀន​របស់​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ » ។

ទាំងនេះ​ជា​វិធី​មួយ​ចំនួន​ដែល​ដំណឹងល្អ​របស់​ព្រះអម្ចាស់​អាច​ពង្រឹង និង​នាំ​ឲ្យ​មាន​សុភមង្គល​ដល់​គ្រួសារអ្នក​បាន ៖

  • ក្រុមគ្រួសារ​អាច​ផ្សារភ្ជាប់​សម្រាប់​ភាព​អស់កល្ប​ជានិច្ច​ ។

  • ក្រុមគ្រួសារ​អាច​រីករាយ​នឹង​ការ​ចំណាយ​ពេល​ជាមួយគ្នា ផ្តល់​ការបម្រើ​ដល់​គ្នា​ទៅវិញ​ទៅមក និង​ទទួល​អារម្មណ៍​នៃ​ការ​មាន​ចំណែក​នៅក្នុង​គ្រួសារ និង​នៃ​អត្តសញ្ញាណ​ដ៏​ទេវភាព ។

  • ក្រុម​គ្រួសារ​អាច​ពឹងផ្អែក​ទៅលើ​ព្រះចេស្ដា​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ដោះស្រាយ​នូវ​ការ​យល់​ខុស ជម្លោះ និង​ឧបសគ្គ​នានា​បាន តាមរយៈ​ការប្រែចិត្ត ការ​អភ័យទោស និង​សេចក្ដី​ជំនឿ ។

ទាំងនេះ​ជា​វិធី​៤​យ៉ាង​ដែល អ្នក អាច​ពង្រឹង​គ្រួសារ​របស់​ប្អូន​បាន​តាមរយៈ​ការរស់នៅ​តាម​ដំណឹងល្អ ៖

រូបភាព
មនុស្ស​កំពុង​អធិស្ឋាន

រចនា​រូបភាព​ដោយ ឡៃ ធី ស្ស៊ែង

លើកទឹកចិត្ត​ឲ្យអធិស្ឋាន

ក្រុម​គ្រួសារ​កាន់តែ​រឹងមាំ​ជាងមុន​នៅ​ពេល​ពួកគេ​អធិស្ឋាន​ជាមួយ​គ្នា ។ ការអធិស្ឋាន​អាច​ប្រទាន​ពរ​ដល់​ក្រុមគ្រួសារ​របស់ប្អូន​នូវ​ភាពសុខសាន្ដ សេចក្តីស្រឡាញ់ និង​ភាពសុខដុមរមនា ។ ប្រសិន​បើ​ការអធិស្ឋាន​មិនមែន​ជា​ទម្លាប់​នៅក្នុង​គ្រួសារ​របស់​អ្នក​ទេ សូម​អធិស្ឋាន​ដើម្បី​ដឹង​ពី​របៀប​ដែលអ្នក​អាច​ជួយ​គ្រួសារ​របស់​អ្នកឲ្យ​អធិស្ឋាន​ជាមួយ​គ្នា ។ សូម​ត្រៀមខ្លួន​ដើម្បី​ធ្វើតាម​ចម្លើយ​ដែល​អ្នកទទួល​បាន ។

ទៅ​ព្រះវិហារ​ជាមួយ​គ្នា

នៅ​ព្រះវិហារ​យើង​រៀន​អំពី​ដំណឹង​ល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ យើង​ក៏​ទទួលទាន​សាក្រាម៉ង់ ហើយ​ចុះ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ​ថា យើង​ព្រម​លើកដាក់​មក​លើ​ខ្លួន​យើង​នូវ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ចងចាំ​ទ្រង់​ជានិច្ច​ ( សូមមើល ម៉ូសាយ​​ ១៨:៨-១០; គោលលទ្ធិ និង សេចក្តីសញ្ញា​​ ២០:៧៧,​៧៩ ) ។

ការចូលរួម​នៅ​ព្រះវិហារ​ជា​គ្រួសារ​ជួយ​នាំ​សមាជិក​គ្រួសារ​ទាំងអស់​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះ ហើយ​ជិតស្និទ្ធ​នឹង​គ្នា​ទៅវិញទៅមក​ផងដែរ ។ វា​ត្រូវការ​ការប្តេជ្ញា​ចិត្ត​ដើម្បី​ទៅ​ព្រះវិហារ​ជា​រៀងរាល់​សប្តាហ៍ ប៉ុន្តែ​ព្រះ​នឹង​ប្រទាន​ពរ​ដល់​ការ​ខិតខំ​របស់​អ្នក ។ ប្រសិនបើ​គ្រួសារ​របស់​អ្នក​ជ្រើសរើស​មិន​ទៅ​ព្រះវិហារ​ជាមួយអ្នក​ទេ សូម​ដឹង​ថា​ការចូលរួម​របស់អ្នក​នឹង​ពង្រឹងអ្នក ហើយ​ជួយអ្នក​ស្វែងរក​វិធី​ផ្សេងទៀត​ដើម្បី​ពង្រឹង​គ្រួសារ​របស់​អ្នក ។

រូបភាព
អគារ​សាសនាចក្រ

សេចក្ដីស្រឡាញ់ និង​ការបម្រើ

ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន « ស្រឡាញ់​ដល់​គ្នា​ទៅវិញទៅមក ដូចជា​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា​ដែរ »​(យ៉ូហាន ១៥:១២) ។ សូម​ប្រាប់​គ្រួសារ​អ្នក​ថា អ្នក​ស្រឡាញ់​ពួកគេ​ប៉ុនណា—ទោះបី​អ្នក​ប្រាកដ​ថា​ពួកគេ​បាន​ដឹង​ហើយ​ក៏ដោយ ។ ការបង្ហាញ​សេចក្ដីស្រឡាញ់​របស់អ្នក​ចំពោះ​គ្រួសារ​របស់អ្នក​តាមរយៈ​ពាក្យសម្ដី និង​សកម្មភាព នឹង​យាងអញ្ជើញ​ព្រះវិញ្ញាណ​ឲ្យចូល​ទៅក្នុង​ផ្ទះ​របស់អ្នក ។

ការបម្រើ​សមាជិក​គ្រួសារ​គឺ​ជា​វិធី​ដ៏​សំខាន់​មួយ​ដើម្បី​បង្ហាញ​សេចក្ដីស្រឡាញ់​របស់អ្នក ។ ហើយ​ការបម្រើ​អ្នកដទៃ​ជាមួយគ្នា​ក៏​ធ្វើឲ្យ​គ្រួសារ​របស់​អ្នក​ជិតស្និទ្ធ​នឹង​គ្នា ហើយ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះវរបិតាសួគ៌​ផង​ដែរ ។ អ្នក​មិន​ចាំបាច់​រៀបចំ​គម្រោង​នៃ​ការបម្រើ​ដ៏​ធំ​មួយ​នោះ​ទេ ។ ការបម្រើ​អាច​ជា​រឿងសាមញ្ញ ដូចជា​ការរៀបចំ​អាហារ​ដែលអ្នក​ចូលចិត្ត​សម្រាប់​អ្នកជិតខាង​ជាដើម ។ ការបម្រើ​ជា​គ្រួសារ​នាំមក​នូវ​សេចក្ដីអំណរ ពីព្រោះ​ដូច​ដែល​យើង​បាន​អាន​នៅ​ក្នុង​បទគម្ពីរ « កាលណា​អ្នករាល់គ្នា​នៅក្នុង​ការបម្រើ​ដល់​មនុស្ស​ទូទៅ នោះ​អ្នករាល់គ្នា​គ្រាន់តែ​នៅក្នុង​ការបម្រើ​ដល់​ព្រះ​របស់​អ្នក​តែ​ប៉ុណ្ណោះ »​(ម៉ូសាយ ២:១៧) ។

រូបភាព
ក្មេងស្រី និង​លោកយាយ​ឱបគ្នា

រស់នៅ​តាម​ដំណឹងល្អ

ក្រុមគ្រួសារ​ជាច្រើន​មាន​សមាជិក​ដែល​មិនមែន​ជា​សមាជិក​សាសនាចក្រ ឬ​ដែល​បាន​ជ្រើសរើស​ឈប់​ទៅ​ព្រះវិហារ ។ ដោយ​គ្មាន​ការគាំទ្រ​ពី​គ្រួសារ វា​អាច​ពិបាក​ក្នុង​ការចូលរួម​នៅ​ព្រះវិហារ ។ ប្រសិនបើ​គ្រួសារ​របស់​ប្អូន​ស្ថិត​ក្នុង​ស្ថានភាព​ស្រដៀងគ្នា​នេះ សូម​ចងចាំ​ថា​ប្អូន​នៅតែ​អាច​ជា​ឥទ្ធិពល​ដ៏​វិជ្ជមាន​មួយ​ដដែល តាមរយៈ​ការរស់នៅ​តាម​ដំណឹងល្អ ។

សូម​ឲ្យ​គ្រួសារ​របស់​អ្នក​ឃើញអ្នក​រស់នៅ​តាម​អ្វី​ដែល​អ្នក​ជឿ ។ អ្នកមិន​ដឹងថា​ពេលណា​ពួកគេ​កំពុង​មើល​អ្វី​ដែលអ្នក​និយាយ និង​ធ្វើ​នោះ​ទេ ។ ការណ៍​នេះ​នឹង​នាំមក​នូវ​ពន្លឺ​នៃ​ដំណឹង​ល្អ​ទៅដល់​គ្រួសារ​របស់​អ្នក ។ មិន​ថា​ស្ថានភាព​គ្រួសារ​របស់អ្នក​យ៉ាងណា​ទេ ការខិតខំ​យ៉ាង​ខ្ជាប់ខ្ជួន​របស់​អ្នក​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ អាច​បើក​ទ្វារ​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ ជះ​ឥទ្ធិពល និង​លើកស្ទួយ​ដល់​គ្រួសារ​របស់អ្នក​បាន ហើយ​ជួយ​ពួកគេ​ឲ្យ​ខិត​កាន់តែ​ជិត​ព្រះអង្គសង្គ្រោះ គឺ​ព្រះយេស៊ូវគ្រីស្ទ​ផងដែរ ។

កំណត់​ចំណាំ

  1. «ក្រុមគ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » នៅលើ​គេហទំព័រ ChurchofJesusChrist.org ។