ឆ្នាំ ២០២៣
មេរៀន​ចំនួន​បី​មក​ពី យ៉ូសែប ស្មីធ កាល​វ័យ​ជំទង់
ខែ កញ្ញា ឆ្នាំ ២០២៣


« មេរៀន​ចំនួន​បី​មក​ពី យ៉ូសែប ស្មីធ កាល​វ័យ​ជំទង់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។

មេរៀន​​ចំនួនបី​ មក​ពី យ៉ូសែប ស្ម៊ីធ កាល​វ័យ​ជំទង់

សូម​មើល​អ្វី​ដែល​ប្អូន​អាច​រៀន​បាន​មកពី​បទពិសោធន៍​របស់​ព្យាការី​កាលពី ២០០ ឆ្នាំមុន ។

រូបភាព
យុវជន​ម្នាក់

តើ​ប្អូន​ធ្លាប់​មាន​អារម្មណ៍​ថា​វា​ពិបាក​ក្នុង​ការយល់​អំពី​មនុស្ស​នៅ​ក្នុង​អតីតកាល​ដែរ​ឬ​ទេ ? ពួកគេ​បាន​រស់នៅ​យូរណាស់​មកហើយ—តើ​ពួកគេ​ពិតជា​អាច​បង្រៀន​ប្អូន​អំពី​ជីវិត​របស់​ប្អូន​ដែរឬទេ ? បាទ​ពិតណាស់ ! យ៉ូសែប ស្ម៊ីធ គឺ​ជា​គំរូ​ដ៏​ល្អ​មួយ ។ នៅ​ពេល​លោក​មាន​អាយុ ១៨ ឆ្នាំ លោកបាន​រៀន​រឿង​មួយ​ចំនួន​អំពី​ការទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន និង​ទំនាក់ទំនង​របស់​លោក​ជាមួយ​ព្រះវរបិតាសួគ៌​ ។ មេរៀន​ទាំងនោះ​អាច​ជួយ​ប្អូន​នៅ​សព្វថ្ងៃ​នេះបាន ។

មេរៀន #១ ៖ ពេល​ខ្លះ​វា​ត្រូវការ​ពេល​ដើម្បី​ទទួល​បាន​ចម្លើយ ។

ចម្លើយ​ចំពោះ​ការអធិស្ឋាន​មិនមែន​តែងតែ​កើត​ឡើង​ភ្លាមៗ​នោះទេ ។ ការរង់ចាំ​មិន​ងាយស្រួល​នោះទេ—ជាពិសេស​នៅពេល​ដែល​ចម្លើយ​ភ្លាមៗ​មាន​នៅលើ​អ៊ីនធឺណិត​ស្ទើរតែ​គ្រប់​សំណួរ​ទាំងអស់​នោះ ។

ប្រសិន​បើ​ប្អូន​មាន​អារម្មណ៍​ថា​វា​ចំណាយ​ពេល​យូរ​ ​សម្រាប់​ព្រះ​ឆ្លើយតប​មក​ប្អូន​វិញ នោះ​មិនមែន​មាន​តែ​ប្អូន​ម្នាក់​ទេ​ដែល​មាន​អារម្មណ៍​បែបនោះ ។ យ៉ូសែប ស្ម៊ីធ មាន​អាយុ ១២ ឆ្នាំ នៅ​ពេល​ដែល​លោក​បាន​ចាប់ផ្តើម​គិត​អំពី « កង្វល់​សំខាន់ៗ​ចំពោះ​សុខុមាលភាព​នៃ​ព្រលឹង​អមតៈ [ របស់​លោក ] » ។ លោក​បាន​ពុះពារ​ជាមួយ​នឹង​សំណួរ​ទាំងឡាយ​អំពី​ភាពសក្តិសម​ផ្ទាល់ខ្លួន​របស់​លោក និង​អំពើ​ទុច្ចរិត​របស់​លោកិយ រយៈ​ពេល​ពីរ​ឆ្នាំ ។ វា​ចំណាយ​ពេល​ពីរ​ឆ្នាំ​ក្នុង​ការពិចារណា សិក្សា​ព្រះគម្ពីរ និង​ដោះស្រាយ​ចំងល់​ចំពោះ​សំណួរ​ទាំងនោះ​ពីមុន​ពេល​ព្រះ​​ និង​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​កាយ​ឲ្យ​លោក​ឃើញ​នៅក្នុង​ព្រៃ​ដ៏​ពិសិដ្ឋ ។

វា​ក៏ដូច​គ្នា​ជាមួយ​នឹង​យើង​ផងដែរ ។ នៅពេល​យើង​មាន​សំណួរ​មួយ វា​ប្រហែលជា​ត្រូវ​ចំណាយពេល​ជាច្រើន ថ្ងៃ ខែ ឬ​សូម្បី​ដល់​ឆ្នាំ​ពីមុនពេល​ដែល​យើង​ទទួល​បាន​ចម្លើយ ។ ប៉ុន្តែ​វា​មិន​ជា​ថ្វី​នោះ​ទេ ! កិច្ចការ​ដែល​យើង​ធ្វើ​ខណៈពេល​កំពុង​រង់ចាំ​គឺ​ចាំបាច់​ណាស់ ។ សូម​ចាំ​ពី​អ្វី​ដែល​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ទាំង​ដប់​ពីរ​នាក់​បាន​បង្រៀន​ថា ៖ « គ្រាប់​ពូជ​ត្រូវ​តែ​ចិញ្ចឹមបីបាច់ ហើយ​យើង​ត្រូវ​តែ​រង់ចាំ​វា​ឲ្យ​លូតលាស់​ធំល្អ​សិន » ។

រូបភាព
យ៉ូសែប ស្ម៊ីធ​កំពុង​អាន​សំបុត្រ​របស់​យ៉ាកុប

មេរៀន #២ ៖ ព្រះ​ទ្រង់​ស្គាល់​ឈ្មោះ​យើង​ម្នាក់ៗ​យ៉ាង​ច្បាស់ ។

មុនពេល​លោក​មាន​អាយុ ១៨ ឆ្នាំ យ៉ូសែប បាន​ជួប​ព្រះវរបិតា ព្រះយេស៊ូវ​គ្រីស្ទ និង​ទេវតា​មរ៉ូណៃ ។ ការណ៍​ទាំងនោះ​ពិតជា​អស្ចារ្យ​ណាស់ ! ហើយ​ព្រះ​ដ៏ទេវភាព​ទាំងនេះ​សុទ្ធតែ​បាន​ស្គាល់​ឈ្មោះ​របស់ យ៉ូសែប ។ ពួកទ្រង់​ស្គាល់​លោក​ដោយ​ផ្ទាល់ !

ព្រះ​ក៏​ស្គាល់​ប្អូនៗ​ដោយ​ផ្ទាល់​ផងដែរ ។ ប្អូន​គឺជា​បុត្រ​របស់​ទ្រង់ ​ហើយ​ទ្រង់​ស្គាល់​ឈ្មោះ​របស់​ប្អូន ។ ព្រះ​បាន​បង្រៀន​សេចក្ដី​ពិត​នេះ​អំពី​ការបង្កបង្កើត​របស់​ទ្រង់​ថា ៖ « គ្រប់​ការណ៍​ទាំង​អស់​សុទ្ធ​តែ​បាន​រាប់​ចំ​ពោះ​យើង ត្បិត​របស់​ទាំង​នោះ​ជា​របស់​ផង​យើង ហើយ​យើង​ស្គាល់​របស់​ទាំង​នោះ » ( ម៉ូសេ​ ១:៣៥ ) ។

ផ្នែក​មួយ​នៃ​មូលហេតុ​ដែល យ៉ូសែប មាន​ទំនុកចិត្ត​ក្នុង​ការធ្វើ​អ្វី​ដែល​លោក​បាន​សុំ​ឲ្យ​ធ្វើ​នោះ គឺ​មក​ពី​លោក​ដឹង​ថា​លោក​គឺ​ជា​បុត្រ​របស់​ព្រះ ទ្រង់​ស្គាល់​លោក​ដោយ​ផ្ទាល់ ។

រូបភាព
យ៉ូសែប ស្ម៊ីធ នៅក្នុង​ព្រៃ​ពិសិដ្ឋ

មេរៀន #៣ ៖ នៅពេល​យើង​ប្រែ​ចិត្ត នោះ​យើង​បើក​ដួងចិត្ត​សម្រាប់​​បទពិសោធន៍​ខាងវិញ្ញាណ ។

ការជំរុញ​ដ៏​ចម្បង​មួយ​របស់ យ៉ូសែប ដើម្បី​ទៅ​ព្រៃ​ពិសិដ្ឋ​គឺ​ដើម្បី​ប្រែចិត្ដ​ពី​អំពើ​បាប​របស់​លោក ។ នោះ​គឺ​ជា​មូលហេតុ​ដូច​គ្នា​ដែល​លោក​បាន​អធិស្ឋាន​នៅ​យប់​ដែល​ទេវតា មរ៉ូណៃ បាន​លេចឡើង​ចំពោះ​លោក ៖ « សូម​ក្ដី​អភ័យទោស​ចំពោះ​អស់​ទាំង​អំពើ​បាប និង​អំពើ​ឆ្កួត​លីលា [ របស់​លោក ] » ( យ៉ូសែប​ស្ម៊ីធ—ប្រវត្ដិ ១:២៩ ) ។ ការណ៍​នេះ​បង្រៀន​យើងចំណុចពីរ​យ៉ាង ៖

ទីមួយ បើ​យើង​បាន​ធ្វើ​ខុស​ឆ្គង នោះ​យើង​មិន​គួរ​គិតថា​យើង​មិន​សក្កិសម​នឹង​អធិស្ឋាន​នោះទេ ។ យ៉ូសែប បាន​ប្រព្រឹត្ត​« អំពើ​បាប និង​អំពើ​ឆ្កួត​លីលា » ប៉ុន្តែ​លោក​នៅ​តែ​ដឹង​ថា​លោក​អាច​អធិស្ឋាន ហើយ​ទទួល​បាន​ការអភ័យទោស ។

ទីពីរ នៅ​ពេល​យើង​ប្រែចិត្ដ យើង​អាច​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​កាន់តែ​ខ្លាំងឡើងៗ ។ ដូច​អែលឌើរ ជ័គ ក្លេប៊ីនហ្គាត នៃ​ពួក​ចិតសិប​នាក់​បាន​ពន្យល់​ថា « ទំនុក​ចិត្ត​ខាង​វិញ្ញាណ​កើនឡើង ពេល​បងប្អូន​ប្រែចិត្ត​ពី​អំពើបាប ទោះតូច ឬធំ ដោយ​ស្ម័គ្រចិត្ត និង​ពេញដោយ​ក្ដីអំណរ » ។

ប្រធាន​រ័សុល អិម ណិលសុន​បាន​បង្រៀន​ថា​ ​ការ​ប្រែ​ចិត្ត​ជួយ​យើង​ឲ្យ​ក្លាយ​កាន់តែ​ដូច​ជា​ព្រះអង្គសង្រ្គោះ ។ នៅពេល​យើង​ប្រែ​ចិត្ត យើង​នឹង​មាន​ឱកាស​ទទួល​ឥទ្ធិពល​មកពី​ព្រះវរបិតាសួគ៌​របស់​យើង ។ « យើង​ជ្រើសរើស​រីកចម្រើន​ខាង​វិញ្ញាណ ហើយ​ទទួល​បាន​អំណរ—ជា​អំណរ​នៃ​ការ​ប្រោសលោះ​នៅ​ក្នុង​ទ្រង់ » ។

ដូច្នេះ​ប្រសិនបើ​ប្អូន​ត្រូវការ​ការប្រែចិត្ដ​ពី​អ្វី​មួយ សូម​ធ្វើ​វា​ទៅ ! វា​មិន​ត្រឹម​តែ​នឹង​នាំ​ឲ្យ​ប្អូន​មាន​សេចក្ដី​សុខសាន្ត និង​ជួយ​ប្អូន​ឲ្យ​កាន់តែ​ដូច​ជា​ព្រះអង្គ​សង្គ្រោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ជួយ​ប្អូន​ឲ្យ​មាន​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ទទួល​បាន​ចម្លើយ​ចំពោះ​ការអធិស្ឋាន​ផងដែរ ។

យ៉ូសែប ស្ម៊ីធ ប្រហែល​ជា​បាន​រស់នៅ​ជា​យូរ​មក​ហើយ ប៉ុន្តែ​មេរៀន​ដែល​លោក​បាន​រៀន​កាល​ពី​វ័យ​ជំទង់​នោះ​ នៅ​តែ​អាច​ជួយ​ប្អូន​បាន​នៅ​ថ្ងៃ​នេះ​ផងដែរ ។ វា​គ្រាន់តែ​ជា​ហេតុផល​មួយ​ទៀត​ដែល​ត្រូវ​មាន​អំណរគុណ​ចំពោះ​ព្យាការី យ៉ូសែប ស្ម៊ីធ ។