ឆ្នាំ ២០២៣
លែង​ចោល​ទៅ ហើយ​ស្តាប់
ខែ កញ្ញា ឆ្នាំ ២០២៣


« លែង​ចោល​ទៅ ហើយ​ស្តាប់ » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។

លែង​ចោល​ទៅ ហើយ ស្តាប់

ខ្ញុំ​មាន​គម្រោង​ដើម្បី​សម្រេច​សុបិន​របស់​ខ្ញុំ ។ ប៉ុន្ដែ​ពេល​ខ្ញុំ​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ណែនាំ​ផ្លូវ​របស់​ខ្ញុំ ខ្ញុំ​បាន​ទទួល​ពរ​តាម​របៀប​ដ៏​ល្អប្រសើរ ។

រូបភាព
រូប​ទេសភាព

រចនា​រូបភាព​ដោយ ម៉ៃឃល​​ មូឡាន

នៅ​ពេល​ដែល​ខ្ញុំ​មាន​អាយុ​ជិត ១៧ ឆ្នាំ ខ្ញុំ​បាន​ផ្លាស់​ទៅ​ទីក្រុង សាន់​ហ្វ្រាន់ស៊ីស្កូ រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា.​ដើម្បី​ទៅ​រៀន​នៅ​សាលា​សិល្បៈ ។ ខ្ញុំ​បាន​សុបិន​ក្នុង​ការក្លាយ​ជា​អ្នក​រចនា​រូប​សម្រាប់​ក្រុមហ៊ុន ឌីសនី ។

នៅ​មហា​វិទ្យាល័យ ខ្ញុំ​បាន​រៀន​មិន​ត្រឹមតែ​សិល្បៈ​ប៉ុណ្ណោះទេ ។ ខ្ញុំ​បាន​រៀន​អំពី​ខ្លួនឯង​ថា​ជា​នរណា​ចំពោះ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ ។ ខ្ញុំ​មិន​មែន​នៅ​ផ្ទះ​ទៀត​ទេ ។ ឪពុក​ម្តាយ​របស់​ខ្ញុំ​មិន​បាន​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ពី​ដំណេក​ដើម្បី​នាំ​ខ្ញុំ​ទៅ​ព្រះ​វិហារ​ជា​រៀង​រាល់​ថ្ងៃ​អាទិត្យ​ទៀត​ទេ ។ គ្មាន​នរណា​ម្នាក់​ដឹង​ថា​តើ​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ដំណឹង​ល្អ​ឬ​អត់​នោះទេ ។ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវការ​ទ្រង់ ។ ខ្ញុំ​បាន​រក​មើល​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នេះ​នៅក្នុង​សៀវភៅ​ទូរសព្ឌ ។ នៅពេល​ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង​អគារ​ព្រះវិហារ​ហើយ​បាន​ឮ​ភ្លេង « ខ្ញុំ​ដឹង​ថា​ព្រះ​ប្រោស​លោះ​ខ្ញុំ​នៅ​រស់ » ( ទំនុក​តម្កើង ល.រ ៧៦ ) កំពុង​លេង​វា​មាន​អារម្មណ៍ថា​ដូច​ជា​នៅ​ផ្ទះ​អ៊ីចឹង ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ដឹង​ពី​អត្ថន័យ​នៃ​ដំណឹង​ល្អ​ចំពោះ​ខ្ញុំ​និង​អ្វី​ដែល​ខ្ញុំ ពិត​ជា ចង់​បាន ។

ធ្វើ​ឲ្យ​ព្រះអម្ចាស់​ក្លាយជា​លេខ​មួយ​នៅក្នុង​ជីវិត​របស់​ប្អូន

នៅ​ចំណុច​នោះ ខ្ញុំ​ចង់​ឲ្យ​ព្រះ​វរបិតា​សួគ៌​របស់​ខ្ញុំ​ស្ថិតនៅ​ក្នុង​គ្រប់​កិច្ចការ​​ទាំងអស់​ដែល​ខ្ញុំ​បាន​ធ្វើ ។ ឧទាហរណ៍ ខ្ញុំ​បាន​ចាប់​ផ្ដើម​សួរ​ទ្រង់​ថា​តើ​ទ្រង់​មាន​គំនិត​យ៉ាង​ដូចម្តេច​អំពី​ផែនការ​ការងារ​របស់​ខ្ញុំ និង​កន្លែង​ដែល​ខ្ញុំ​គួរ​ទៅ ។ នៅពេល​ខ្ញុំ​បាន​អធិស្ឋាន ហើយ​ទូលសួរ​សំណួរ​ទាំង​នេះ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​ថា​​ខ្ញុំ​ត្រូវ​ទៅ​កន្លែង​ផ្សេង​ទៀត ។

ខ្ញុំ​មាន​ចិត្ត​សោកសៅ​បន្តិច ។ ខ្ញុំ​បាន​រៀបចំ​សុបិន​ទាំង​អស់​របស់​ខ្ញុំ និង​ការ​ផ្តោត​របស់​ខ្ញុំ​ទៅ​លើ​ផែនការ របស់​ខ្ញុំ ។ ខ្ញុំ​បាន​គិត​ថា​ខ្ញុំ​បាន​ដឹង​យ៉ាង​ច្បាស់​ពី​កន្លែង​ដែល​ខ្ញុំ​នឹង​ត្រូវទៅ និង​អ្វី​ដែល​ខ្ញុំ​នឹង​ត្រូវ​ធ្វើ ។ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ទុក​ព្រះអម្ចាស់​ទី​មួយ​នៅក្នុង​ជីវិត​របស់​ខ្ញុំ ហើយ​នោះ​វា​មាន​ន័យ​ធំណាស់​ចំពោះ​ខ្ញុំ​ជាង​អ្វីៗ​ទាំងអស់ ។ ទោះបី​ជា​ខ្ញុំ​បាន​ដឹង​ថា​ផ្លូវ​របស់​ខ្ញុំ​ប្រហែល​ជា​មិន​ដូចជា​អ្វី​ដែល​ខ្ញុំ​បាន​ស្រមៃ​ក៏​ដោយ ក៏​ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​ខ្ញុំ​​ ហើយ​ខ្ញុំ​ទុក​ចិត្ត​លើ​ប្រាជ្ញា​របស់​ទ្រង់ ។

ខ្ញុំ​ត្រូវ​បាន​ដឹកនាំ​ទៅដល់ សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់–អៃដាហូ និង​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ នៅ ទីក្រុង ប្រូវ៉ូ រដ្ឋ យូថាហ៍ ដើម្បី​បញ្ចប់​បរិញ្ញាបត្ររបស់​ខ្ញុំ ។ ដោយ​មុន​ពេល​បញ្ចប់​ការសិក្សា ខ្ញុំ​បាន​ចុះ​កម្មសិក្សា​នៅ​ហ្គេម​ស្ទូឌីយ៉ូ​ក្នុង​មូលដ្ឋាន​មួយ​កន្លែង ។ ប្រហែល​មួយ​ឆ្នាំ​ក្រោយ​មក​ស្ទូឌីយ៉ូ​នោះ​ត្រូវ​បាន​ទិញ​ដោយ​ក្រុមហ៊ុន ឌីសនី ​ដោយ​មិន​បាន​ដឹងជាមុន​បន្ទាប់​ពី​ខ្ញុំ​ត្រូវ​បាន​ក្រុមហ៊ុន​ជួល​ឲ្យ​ធ្វើការ​ពេញម៉ោង​ដែល​បាន​នាំ​មក​នូវ​ឱកាស​ ​និង​ការ​រីក​ចម្រើន​ថ្មីៗ​ជាច្រើន ។

នៅ​ពេល​ប្អូន​លែងចោល​នូវ​អ្វី​ដែល​ប្អូន​គិត​ថា​ប្អូន​ត្រូវ​មាន នោះ​ព្រះអម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ប្អូន​នៅ​ពេល​មួយដែល​ត្រឹម​ត្រូវ​ជាមួយ​នឹង​អ្វី​ដែល​ពិត​ជា​ធ្វើ​ឲ្យ​ប្អូន​សប្បាយ​ចិត្ត ។ ប្អូនៗ​មិន​ដឹង​ថា​ព្រះអម្ចាស់​នឹង​នាំ​ប្អូន​ទៅ​ណា​នោះទេ ។ គ្រាន់តែ​លែងចោល ហើយ​ស្ដាប់ ។

ចូរ​ធ្វើ​កិច្ចការ​ណា​ដែល​មាន​អាទិភាព​មុនគេ​មុន ។

អំឡុង​ពេល​រៀន ខ្ញុំ​ត្រូវ​តែ​ឆ្លៀត​រវាង​ថ្នាក់​ផ្សេងៗ និង​កិច្ចការ​ផ្ទះ និង​ទំនួល​ខុស​ត្រូវ​ខាង​សាសនាចក្រ​ផងដែរ ។ ខ្ញុំ​ត្រូវ​តែ​ស្វែង​យល់​ថា​អ្វី​សំខាន់​ជាងគេ​សម្រាប់​ខ្ញុំ ។ តើ​ខ្ញុំ​ទៅ​សួរ​សុខ​ទុក្ខ​មនុស្ស​ដើម្បី​ផ្ដល់​ការងារ​បម្រើ​ដល់​ពួក​គេ ឬ​តើ​ខ្ញុំ​សិក្សា​សម្រាប់​ការប្រលង​នេះ ? តើ​ខ្ញុំ​ត្រូវ​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ​ឥឡូវ​នេះ ឬ​តើ​ខ្ញុំ​បញ្ចប់​កិច្ចការ​សាលា​នេះ ?

រាល់​ពេល​ដែល​ខ្ញុំ​ទុក​ព្រះអម្ចាស់​មុនគេ ហើយ​ធ្វើ​កិច្ចការ​ដែល​ទ្រង់​ហៅ​ខ្ញុំ​ឲ្យ​ធ្វើ នោះ​អ្វីៗ​តែង​តែ​ដំណើរការ​​ទៅមុខ ហើយងាយ​ស្រួល​ជានិច្ច ។ ទ្រង់​តែងតែ​រក្សា​ការសន្យា​របស់​ទ្រង់​ជា​និច្ច ។ នៅ​ពេល​យើង​ដាក់​ព្រះអម្ចាស់​មុនគេ នោះ​អ្វីៗ​ផ្សេង​ទៀតនឹង​ដំណើរការ​ដោយ​រលូន ។

ពេល​ខ្ញុំ​ទៅ​រៀន​នៅ​សកលវិឡាល័យ ខ្ញុំ​បាន​ប្រឈម​មុខ​នឹង​ជម្រើស​ស្រដៀង​គ្នា​នេះ​ផងដែរ ។ នៅ​ពេល​នោះ ​ខ្ញុំ​គឺ​ជា​ប្រធាន​យុវនារី​វួដ ។ មាន​ថ្ងៃមួយ​ខ្ញុំ​ត្រូវ​ជ្រើសរើស​រវាង​ការសិក្សា​សម្រាប់​ការប្រឡង និង​ការជួយ​យុវនារី​រៀបចំ​ផែនការ​សម្រាប់​សកម្មភាព​មួយ ។ ខ្ញុំ​បាន​ទៅ​ជាមួយនឹង​យុវនារី ។ ជាមួយ​ពេល​ទំនេរ​ដែល​ខ្ញុំ​មាន ខ្ញុំ​បាន​អធិស្ឋាន​ហើយ​ខ្ញុំ​បាន​សិក្សា​ដោយ​អស់ពី​សមត្ថភាព​របស់​ខ្ញុំ​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ។ មិន​ដឹងយ៉ាង​ម៉េចទេ ខ្ញុំ​បាន​ប្រលង​ជាប់ ហើយ​មាន​និទ្ទេស​ល្អ​ជាង​អ្វី​ដែល​ខ្ញុំ​បាន​គិត​ទៅទៀត ។​

សូម​ទុក​ឲ្យ​ទ្រង់​ដឹកនាំ​ប្អូនៗ

ព្រះវរបិតាសួគ៌​នឹង​ដឹកនាំ​ប្អូន ។ ទ្រង់​ស្រឡាញ់​ប្អូន ហើយ​ដឹង​យ៉ាងច្បាស់​ថា​ប្អូន​នៅត្រង់​ចំណុច​ណា ។ ទ្រង់​ដឹង​យ៉ាង​ច្បាស់​ថា​អ្វី​ដែល​នឹង​ប្រទាន​ពរ​ដល់​ប្អូន​បំផុត និង​នៅ​ពេល​ណា ។

នៅក្នុង​ជីវិត​របស់​ខ្ញុំ អ្វីៗ​បាន​ផ្លាស់​ប្ដូរ​ហើយ​ប្ដូរ​ច្រើន​គួរសម​ដែរ ។ ប៉ុន្តែ​ទ្រង់​បានគង់​នៅគ្រប់ពេល ។ នៅពេល​ដែល​ខ្ញុំ​ធ្វើ​តាម​ការដឹកនាំ​របស់​ទ្រង់​សម្រាប់​ខ្ញុំ នោះ​អ្វីៗ​បាន​ក្លាយ​ជា​រឿង​ដ៏​ស្រស់​ស្អាត ។ មិន​ដូច​អ្វី​ដែល​ខ្ញុំ​បាន​គិត​នោះ​ទេ ប៉ុន្តែ​ស្រស់​ស្អាត ។

ទ្រង់សព្វព្រះទ័យ​ក្លាយ​ជា​ផ្នែក​មួយ​នៅក្នុង​ជីវិត​របស់​យើង​។ ប្រសិន​បើ​យើង​អាច​គ្រាន់តែ​អនុញ្ញាត​ឲ្យ​ទ្រង់​ចូល​ក្នុង​ជីវិត​របស់​យើង នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ដ៏​អស្ចារ្យ​ជាច្រើន​កំពុង​រង់ចាំ​យើង​គ្រប់ៗគ្នា ។ តើ​មាន​អ្វីខ្លះ​ទៀត​ដែល​ទ្រង់​មាន​សម្រាប់​ប្អូន​ដែល​ប្អូន​មិន​អាច​មើល​ឃើញ ?