ឆ្នាំ ២០២៣
ព្យាការី​ធ្វើតាម​ព្យាការី
ខែ កញ្ញា ឆ្នាំ ២០២៣


« ព្យាការី​ធ្វើតាម​ព្យាការី » ដើម្បី​កម្លាំង​នៃ​យុវជន ខែ កញ្ញា ឆ្នាំ ២០២៣ ។

ការ​រៀបចំ​ខ្លួន​សម្រាប់ សន្និសីទ​ទូទៅ

ព្យាការី ធ្វើតាម​ព្យាការី

អ្នកណាម្នាក់​ក៏​អាច​ទទួល​បាន​ពរជ័យ​តាមរយៈ​ការដើរតាម​ព្យាការី—សូម្បី​តែ​ពួកសាវក ។

យើង​ត្រូវ​បាន​សុំ​ជា​បន្ត​បន្ទាប់​ឲ្យ​ធ្វើ​តាម​ព្យាការី ។ ប៉ុន្តែ​អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា​ហេតុ​អ្វី​សំឡេង​របស់​ព្យាការី​មាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ធ្វើ​តាម ។

នៅក្នុង​សន្និសីទទូទៅ ខែ មេសា​ឆ្នាំ ២០១៧ ប្រធាន ​ថូម៉ាស អេស ម៉នសុន ដែល​ជា​ព្យាការី​នៅពេល​នោះ បាន​សុំ​ឲ្យ​សមាជិក​សាសនាចក្រ កុំ​គ្រាន់តែ​អាន​ឡើយ តែ​សិក្សា​ព្រះគម្ពីរ​មរមន​ជារៀង​រាល់ថ្ងៃ ។ ប្រធាន រ័សុល អិម ណិលសុន និង​ប្រធាន ហិនរី ប៊ី អាវរិង លោក​ទាំងពីរ​បាន​ធ្វើ​តាម​ការប្រឹក្សា​របស់​ព្យាការី ហើយ​បាន​និយាយ​អំពី​អ្វី​ដែល​បាន​កើត​ឡើង ។

សាវក​ដែល​ស្តាប់​បង្គាប់

រូបភាព
រ័សុល អិម ណិលសុន

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​បាន​ខិតខំ​ធ្វើ​តាម​ការ​ទូន្មាន [ របស់​ប្រធាន​ម៉នសុន ] ។ ក្នុង​ចំណោម​រឿង​ផ្សេង​ទៀត ខ្ញុំ​បាន​ធ្វើ​បញ្ជី​ថាតើ​ព្រះគម្ពីរ​មរមន គឺជា​អ្វី អ្វី​ដែល​វា អះអាង អ្វី​ដែល​វា បដិសេធ អ្វី​ដែល​វា បំពេញ អ្វី​ដែល​វា បញ្ជាក់ និង​អ្វី​ដែល​វា បើក​សម្ដែង ។ ដោយ​ពិនិត្យ​មើល​ព្រះគម្ពីរ​មរមន​តាម​របៀប​នេះ វា​បាន​ក្លាយ​ជា​ការ​អនុវត្ត​មួយ​ដែល​ធ្វើ​ឲ្យ​យល់​ច្បាស់ ហើយ​បំផុស​គំនិត ! ខ្ញុំ​សូម​ឲ្យ​បងប្អូន​ម្នាក់ៗ​ធ្វើ​តាម​របៀប​នេះ » ។

ប្រធាន ណិលសុន បាន​បន្ត​ពន្យល់​ថា​លោក​បាន​សួរ​អ្នក​ដទៃទៀត​នូវ​សំណួរ​ស្រដៀង​គ្នា​នេះ ហើយ​បាន​រក​ឃើញ​ថា មាន​មនុស្ស​ជាច្រើន​ទទួល​ពរជ័យ​តាមរយៈ​ការធ្វើ​តាម​ការប្រឹក្សា​របស់​ប្រធាន​ ​ម៉នសុន ។ ព្រះអម្ចាស់​ដឹកនាំ​យើង ទាំង​អស់​គ្នា តាម​រយៈ​ព្យាការី ព្រះគម្ពីរ និង​វិវរណៈ​ផ្ទាល់​ខ្លួន​របស់​យើង ។

សាវក​ដ៏​ស្មោះត្រង់

រូបភាព
ហិនរី ប៊ី អាវរិង

ប្រធាន អាវរិង បាន​មាន​ប្រសាសន៍​ថា ៖ « ខ្ញុំ​បាន​អាន​ព្រះគម្ពីរ​មរមន​ជារៀង​រាល់ថ្ងៃ​អស់​រយៈពេល​ជាង ៥០ ឆ្នាំហើយ ។ ដោយសារ​ខ្ញុំ​បាន​ធ្វើ​រឿង​នេះ នោះ​ខ្ញុំអាច​មាន​ហេតុ​ផល​គ្រប់​គ្រាន់​ថា ប្រសាសន៍​របស់​ប្រធាន ម៉នសុន គឺ​សម្រាប់​អ្នក​ដទៃ​ផ្សេង​ទៀត ។ ប៉ុន្តែ​ដូច​បងប្អូន​ជាច្រើន​ដែរ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ការលើក​ទឹកចិត្ត​ពីព្យាការី និង​ការសន្យា​របស់​លោក​ចំពោះ​ខ្ញុំ​ឲ្យ​ខិតខំ​កាន់តែ​ខ្នះខ្នែង​ឡើង ។ » ។

ប្រធាន អាវរិង បាន​បន្ត​ថា ៖ « ការស្តាប់​តាម​ការទូន្មាន​របស់​ប្រធាន ម៉នសុន មាន​ឥទ្ធិពល​ពីរ​ដ៏​អស្ចារ្យ​ផ្សេង​ទៀត​លើ​រូប​ខ្ញុំ ៖ ទីមួយ ព្រះវិញ្ញាណ​ដែល​លោក​បាន​សន្យា​បាន​បង្កើត​នូវ​ស្មារតី​នៃ​ភាពសុទិដ្ឋិនិយម​អំពី​អ្វី​ដែល​កើត​ឡើង​នា​ពេល​ខាង​មុខ ទោះបីជា​ការរំជើបរំជួល​ក្នុង​ពិភពលោក​នេះ​ហាក់​ដូចជា​កើន​ឡើង​ក្តី ។ ហើយ​ទី​ពីរ ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ខ្ញុំ—និង​បងប្អូន—នូវ​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ទ្រង់​កាន់តែ​ខ្លាំងឡើង​ចំពោះ​អស់​អ្នក​ដែល​មាន​ទុក្ខ​ព្រួយ » ។

មនុស្ស​គ្រប់គ្នា

មនុស្ស​គ្រប់​គ្នា​អាច និង​គួរ​ធ្វើ​តាម​ការប្រឹក្សា​របស់​ព្យាការី​មកពី​សន្និសីទ​ទូទៅ ។ មិន​ថា​បងប្អូន​នៅ​កន្លែង​ណា​ក្នុង​ការធ្វើ​ដំណើរ​ខាង​វិញ្ញាណ​របស់​បងប្អូន​នោះ​ទេ បងប្អូន​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជានិច្ច មិន​ថា​បងប្អូន​ជា​សាវក អ្នក​ប្រែ​ចិត្ត​ជឿ​ថ្មី ឬ​នៅ​ក្នុង​ស្ថានភាព​បែបណា​ក៏ដោយ ។ វា​មិន​បាន​កាត់​បន្ថយ​តម្រូវការ​របស់​យើង​ដើម្បី​មាន​វិវរណៈ​ផ្ទាល់​ខ្លួន​ទេ វា​គឺជា​វិធី​មួយ​ទៀត​ដែល​ព្រះ​អាច​ប្រទាន​ពរ​ដល់​យើង​បាន ។ ប្រសិនបើ​សូម្បីតែ​សាវក​ក៏​អាច​ស្វែងរក​ពរជ័យ​បន្ថែម​តាម​វិធី​នេះ​បានដែរ ដូច្នោះ​យើង​ទាំងអស់គ្នា​ក៏​អាច​ធ្វើ​បាន​ដែរ ។