២០២០
តើ​អ្នក​និយាយ​អ្វី ពេល​មិត្តភក្ដិ​របស់​អ្នក​មិន​ជឿ​ថា រឿង​ដូច​ជា​ការនិមិត្ត​ដំបូង​អាច​កើត​ឡើង​នោះ ?
ខែ មេសា ឆ្នាំ ២០២០


សំណួរ និង​ចម្លើយ

តើ​អ្នក​និយាយ​អ្វី ពេល​មិត្តភក្ដិ​របស់​អ្នក​មិន​ជឿ​ថា ការនិមិត្ត​ដំបូង​អាច​កើត​ឡើង​នោះ ?

រូបភាព
Confused Caucasian girl laying on blanket texting on cell phone - stock photo

អភិវឌ្ឍ​សេចក្តី​ជំនឿ

ជាមួយ​នឹង​សំណួរ​ខាង​វិញ្ញាណ យើង​មិន​ត្រឹម​តែ​ត្រូវការ​ភាពសម​ហេតុផល​ប៉ុណ្ណោះ​នោះ​ទេ យើង​ក៏​ត្រូវការ​មាន​សេចក្ដី​ជំនឿ​ផងដែរ ដើម្បី​ដឹង​ថា ការនិមិត្ត​ដំបូង​ពិត​ជា​អាច​កើតឡើង​មែន ។ យើង​អាច​អភិវឌ្ឍ​សេចក្ដី​ជំនឿ​នោះ ដោយ​ការសូម​ដល់​ព្រះវរបិតាសួគ៌ និង​ស្ដាប់តាម​ព្រះវិញ្ញាណ ។

ជូលៀ ប៊ី អាយុ ១៧ ឆ្នាំ រដ្ឋ កាលីហ្វ័រញ៉ា ស.រ.អា

សិក្សា​ព្រះគម្ពីរ​ប៊ីប

សូម​ឲ្យ​មិត្តភក្ដិ​អ្នក​សិក្សា​ព្រះគម្ពីរប៊ីប ។ បើ​ពួកគេ​ជឿ​លើ​វា ដូច​ជា​ព្រះបន្ទូល​នៃ​ព្រះ នោះ​ពួកគេ​គួរតែ​ជឿ​ថា ព្រះ​ពិត​ជា​មាន​ព្រះបន្ទូល​មកកាន់​យើង​នៅសព្វថ្ងៃ​នេះ ដោយ​ការនិមិត្ត​ដូច​ជា​ការនិមិត្ត​ដំបូង ដោយសារ​ទ្រង់​បាន​ធ្វើ​ដូច​គ្នា​នេះ​ជាមួយ​នឹង​អ័ដាម ម៉ូសេ អេសាយ និង​ពួកព្យាការី​ផ្សេងៗ​ទៀត តាម​របៀប​ខុសៗ​គ្នា​ជា​ច្រើន ។

អែលឌើរ មូអានដា អាយុ ២២ ឆ្នាំ បេសកកម្ម​កេនយ៉ា​ណៃរ៉ូប៊ី

សូម​ដល់​ព្រះ

ភាពពិត​ដែល​ថា ការក្បត់​សាសនា​បន្ត​អស់​រាប់រយ​ឆ្នាំ ពុំ​មាន​ន័យ​ថា ព្រះ​បាន​បញ្ឈប់​ការនិមិត្ត​របស់​ទ្រង់​នោះ​ទេ ។ យើង​ត្រូវ​មាន​ដួងចិត្ត​រាបទាប ហើយ​សូម​ដល់​ព្រះ​ដោយ​ចេតនា​ពិត និង​ចិត្ត​ស្មោះត្រង់ ដូចជា យ៉ូសែប ស៊្មីធ បាន​ធ្វើ ។

ជើរើមី អាយុ ១៩ ឆ្នាំ ទីក្រុង​គីន​ស្សាសា សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ

ជឿ​លើ​ព្រះ

ខ្ញុំ​នឹង​សួរ​មិត្តភក្ដិ​ខ្ញុំ​ថា « តើ​អ្នក​ជឿ​លើ​ព្រះ​ទេ ? តើ​អ្នកជឿ​ថា ទ្រង់​បានបង្កើត​អ្វីៗ​ទាំងអស់​ទេ ? តើ​អ្នកជឿ​ថា ទ្រង់​បាន​យាង​ទៅជួប​នឹង​ពួកព្យាការី​កាលពី​បុរាណ​ដែរ​ឬ​ទេ ? ហើយ​ប្រសិន​បើ​អ្នក​ជឿ ហេតុអ្វី​អ្នក​មិន​ជឿ​ថា​វា​អាច​កើតឡើង​ឥឡូវ​នេះ វា​អាច​កើតឡើង​បាន » ។

សារ៉ា អិម អាយុ ១៦ ឆ្នាំ រដ្ឋ​យូថាហ៍ ស.រ.អា

ចែកចាយ​ទីបន្ទាល់​របស់​អ្នក

ខ្ញុំ​ចែកចាយ​ទីបន្ទាល់​របស់​ខ្ញុំ​ជាមួយ​មិត្តភក្ដិ​ខ្ញុំ​ថា ព្រះវរបិតាសួគ៌​របស់​យើង​បើកសម្ដែង​ការណ៍​ទាំងឡាយ​ដល់​បុត្រា​បុត្រី​ទ្រង់ ពេលដែល​ពួកគេ​សូម​ដល់​ទ្រង់​ដោយ​ចិត្ត​ស្មោះត្រង់ ដើម្បី​ដឹង​សេចក្ដី​ពិត ។ យ៉ូសែប ស៊្មីធ បាន​មាន​បំណង​ប្រាថ្នា​ដើម្បី​ដឹង​សេចក្ដី​ពិត ហើយ​លោក​បាន​អនុវត្ត​ទៅតាម​សេចក្ដី​ជំនឿ​របស់​លោក ។ អ្នក​ក៏​អាច​រីករាយ​នឹង​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​ផងដែរ ប្រសិនបើ​អ្នក​សូម​ដល់​ព្រះវរបិតាសួគ៌​នៅក្នុង​ការអធិស្ឋាន​ដោយ​អស់​ពី​ដួងចិត្ត​អ្នក ។

ម៉ារ៉ា ស៊ី អាយុ ២០ ឆ្នាំ លីម៉ា ប្រទេស​ប៉េរូ

រូបថត​មក​ពី Getty Images