២០២០
ការស្ដារ​ឡើងវិញ​ដែល​កំពុង​កើតឡើង
ខែ មេសា ឆ្នាំ ២០២០


ការស្ដារ​ឡើងវិញ​ដែល​កំពុង​កើតឡើង

ការស្ដារ​ឡើង​វិញ​បាន​ចាប់ផ្ដើម​នៅក្នុង​ព្រៃ​ពិសិដ្ឋ ២០០ ឆ្នាំ​កន្លង​មក​ហើយ ហើយ​វា​បន្ត​នៅ​សព្វថ្ងៃ​នេះ—ហើយ​អ្នក និង​ខ្ញុំ​អាច​ធ្វើ​ជា​ផ្នែក​របស់​វា ។

រូបភាព
Joseph Smith kneeling

បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​ខ្ញុំ ( ការនិមិត្ត​ដំបូង ) ដោយ វលធើរ រេន

នេះ​គឺជា​គ្រា​ដ៏​អស្ចារ្យ និង​រំភើប​ដើម្បី​រស់នៅ​លើ​ផែនដី ។ យើង​មាន​ពរជ័យ​នៃ​ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ដែល​កំពុង​តែ​កើតឡើង​នៅក្នុង​គ្រាកាន់កាប់​ត្រួតត្រា​នៃ​កាល​ពេញ​កំណត់​នេះ ជា​ការរៀបចំ​ដល់​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។ យើង​មិនត្រឹម​តែ​បាន​ឃើញ​ព្រឹត្តិការណ៍​ទាំងនេះ​លាត​ត្រដាង​នោះទេ តែ​ថែម​ទាំង​ជា​ផ្នែក​នៃ​ព្រឹត្តិការណ៍​ទាំងនេះ​ផងដែរ ។

ជួនកាល​យើង​និយាយ​អំពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ ដូច​ជា​វា​បាន​កើតឡើង​ទាំងអស់​ក្នុង​ពេល​តែ​មួយ ។ កាលពី​ពីររយ​ឆ្នាំ​មុន ការនិមិត្ត​ដំបូង​បាន​ចាប់ផ្ដើម​ដំណើរការ ប៉ុន្តែ​ពិតណាស់ ការស្ដារ​ឡើងវិញ​មិន​បាន​បញ្ចប់​នៅ​ទីនោះ​ទេ ។ កិច្ចការ​របស់​ព្រះអម្ចាស់​តាមរយៈ យ៉ូសែប ស៊្មីធ និង​សហការី​របស់​លោក​បានផ្ដើម​វា​ដោយ​ការបកប្រែ​ព្រះគម្ពីរ​មរមន ការស្ដារ​បព្វជិតភាព ការរៀបចំ​សាសនាចក្រ ការបញ្ជូន​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ការសាងសង់​ព្រះវិហារ​បរិសុទ្ធ ការរៀបចំ​សមាគមន៍​សង្គ្រោះ ជាដើម ។ ព្រឹត្តិការណ៍​នៃ​ការស្ដារ​ឡើងវិញ​ទាំងនេះ​បាន​ចាប់ផ្ដើម​នៅក្នុង​ឆ្នាំ ១៨២០ ហើយ​បាន​បន្ត​អស់​ពេញ​មួយ​ជីវិត​របស់ យ៉ូសែប ស៊្មីធ ។

ទោះ​ជា​អ្វីៗ​ដែល​ព្រះ​បាន​បើក​បង្ហាញ​តាមរយៈ យ៉ូសែប ស៊្មីធ ជា​ការណ៍​ដ៏​អស្ចារ្យ ប៉ុន្តែ​ការស្ដារ​ឡើងវិញ​មិន​បាន​បញ្ចប់​នៅក្នុង​ជីវិត​របស់​យ៉ូសែប​នោះ​ទេ ។ តាមរយៈ​ពួកព្យាការី​បន្ទាប់​ពី​លោក យើង​បានទទួល​ការណ៍​ទាំងឡាយ​បែប​នោះ ​ដែល​ជា​ការអភិវឌ្ឍ​ជា​បន្ត​បន្ទាប់​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ ព្រះគម្ពីរ​បន្ថែម ការបកប្រែ​ព្រះគម្ពីរ​ទៅ​ជា​ភាសា​ជា​ច្រើន ការប្រកាស​ដំណឹងល្អ​ទៅ​ទូទាំង​ពិភពលោក ការរៀបចំ​សាលា​ថ្ងៃ​អាទិត្យ យុវនារី កុមារ និង​កូរ៉ុម​បព្វជិតភាព និង​ការកែ​សម្រួល​ជា​ច្រើន​ដល់​ការរៀបចំ និង​និតិវិធី​របស់​សាសនាចក្រ ។

ប្រធាន រ័សុល អិម ណិលសុន បាន​មាន​ប្រសាសន៍ ៖ « យើង​ជា​សាក្សី​ដល់​ដំណើរការ​មួយ​នៃ​ការស្ដារ​ឡើងវិញ ។ ប្រសិន​បើ​បងប្អូន​គិត​ថា សាសនាចក្រ​ត្រូវបាន​ស្ដារ​ឡើងវិញ​ពេញលេញ​ហើយ​នោះ នោះ​បងប្អូន​ទើបតែ​ឃើញ​ការចាប់ផ្ដើម​ប៉ុណ្ណោះ ។ មាន​អ្វីៗ​ជា​ច្រើន​ដែល​នឹង​កើតឡើង ។… ចាំ​ដល់​ឆ្នាំ​ក្រោយ ។ ហើយ​​ឆ្នាំ​ក្រោយ​ទៀត ។ សូម​លេប​ថ្នាំ​គ្រាប់​វីតាមីន​របស់​អ្នក ។ ហើយ​សម្រាក​ឲ្យ​ស្រួល​ខ្លួន​ចុះ ។ វា​នឹង​មាន​រឿង​រំភើប​ចិត្ត​កើត​ឡើង » ។​

ដោយ​យល់ស្រប​នឹង​ការប្រកាស​របស់​ប្រធាន ណិលសុន​ដែល​ថា​ការស្ដារ​ឡើងវិញ​កំពុង​តែ​បន្ត នោះ​យើង​បានឃើញ​ការកែសម្រួល​សំខាន់ៗ​ជា​ច្រើន​នៅក្នុង​សាសនាចក្រ តាំងពី​លោក​បានក្លាយ​ជា​ប្រធាន​សាសនាចក្រ ។ ក្នុង​ចំណោម​ការកែសម្រួល​នោះ គឺ​ការ​ធ្វើ​រចនាសម្ព័ន្ធ​កូរ៉ុម​បព្វជិតភាព​ឡើងវិញ ការងារ​បម្រើ​ជំនួស​ឲ្យ​ការបង្រៀន​តាមផ្ទះ និង​ការបង្រៀន​សួរសុខទុក្ខ និង​ការអនុវត្ត​នូវ​របៀប​នៃ​ការសិក្សា​ដំណឹងល្អ​ដែល​ផ្ដោត​នៅក្នុង​ផ្ទះ និង​គាំទ្រ​ដោយ​សាសនាចក្រ ។ ការកែសម្រួល​បន្ថែម​ទៀត​បាន​កើតឡើង​នៅ​ពេល​នោះ និង​ការកែសម្រួល​បន្ថែម​ទៀត​នឹង​មក​នៅ​ពេល​ខាង​មុខ ។

គំរូ​មួយ​នៅ​ទ្វីប​អាហ្វ្រិក​ខាង​លិច

ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ធម្មជាតិ​ដែល​កំពុង​តែ​បន្ត​នៃ​ការស្ដារ​ឡើងវិញ​បាន​ទទួល​ឥទ្ធិពល​មក​ពី​រយៈពេល​ប្រាំ​ឆ្នាំ​ដែល​ខ្ញុំ​បាន​ចំណាយ​ពេល​បម្រើ​នៅក្នុង​គណៈប្រធាន​តំបន់​អាហ្វ្រិក​ខាង​លិច ។ ខ្ញុំ​បាន​មាន​ទីបន្ទាល់​អំពី​ដំណឹងល្អ តាំងពី​ខ្ញុំ​ជា​យុវជន​ម្នាក់ ។ ប៉ុន្តែ​កាល​រស់នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ខ្ញុំ​បាន​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​អាហ្វ្រិក​ខាង​លិច​ដំបូងៗ​មួយ​ចំនួន​ដែល​បាន​ទទួល​ដំណឹងល្អ ។ ខ្ញុំ​ក៏​បាន​ឃើញ​សាសនាចក្រ​រីករាលដាល​យ៉ាង​លឿន​នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក ដោយ​មាន​វួដ និង​ស្តេក​រាប់រយ​ត្រូវបាន​បង្កើត​ឡើង ព្រះវិហារ​បរិសុទ្ធ និង​សាលា​ប្រជុំ​បំពេញ​កន្លែង​បន្ថែម​ដោយ​សមាជិក​ដ៏​ស្មោះត្រង់ ព្រមទាំង​ស្ត្រី និង​បុរស​ល្អៗ​ដែល​ឱប​ក្រសោប​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​ដោយ​អស់ពី​ដួងចិត្ត​របស់​ពួកគេ ។ ខ្ញុំ​បាន​ឃើញ​ការបំពេញ​ការព្យាករ​របស់ យ៉ូសែប ស៊្មីធ ដោយ​ផ្ទាល់​ភ្នែក​ខ្ញុំ ដែល​ថា​សាសនាចក្រ « នឹង​បំពេញ​ពិភពលោក​នេះ » ។

សមាជិក​ដ៏​ស្មោះត្រង់​ដូចនោះ​ពីររូប​គឺ ជេមស៍ អ៊ីវូដហ្សី និង ហ្វ្រិដឺរិក អែនវី បាន​ជួយ​ខ្ញុំ​នៅ​ថ្ងៃ​មួយ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អាក្រា ហ្គាណា ។ ជា​ច្រើន​ឆ្នាំ​មុនពេល​ដែល​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​មក​ដល់​ប្រទេស​ហ្គាណា ជេមស៍​ជា​ផ្នែក​នៃ​ក្រុម​មួយ​ដែល​មាន​មនុស្ស​ប្រហែល ១០០០​នាក់ ដែល​បាន​ប្រើប្រាស់​ព្រះគម្ពីរ​មរមន និង​សម្ភារ​សាសនាចក្រ​ផ្សេងៗ​ទៀត​នៅក្នុង​ការបម្រើ​ខាង​សាសនាចក្រ​របស់​ពួកគេ ។ ពួកគេ​បាន​អធិស្ឋាន​សូម​ឲ្យ​ថ្ងៃ​នោះ​មកដល់​ដែល​សាសនាចក្រ​នឹង​មក​ប្រទេស​ហ្គាណា ។ គាត់​បាន​ចូលរួម​ជាមួយ​នឹង​យុវជន​ផ្សេង​ទៀត​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​ហ្គាណា ហើយ​បង្រៀន​ដំណឹងល្អ​ដែល​មាន​ក្នុង​សម្ភារ​របស់​យើង ។ ពេល​ពួក​អ្នក​ផ្សព្វផ្សាយ​បាន​មកដល់​នៅក្នុង​ឆ្នាំ ១៩៧៨ គាត់​បាន​ទទួល​បុណ្យ​ជ្រមុជទឹក​នៅ​ថ្ងៃ​ទីមួយ​ដែល​បុណ្យជ្រមុជ​ទឹក​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ធ្វើ​ឡើង​នៅក្នុង​ប្រទេស​ហ្គាណា ។

រូបភាព
Frederick Antwi

ហ្វ្រិដ អែនវី ជា​សមាជិក​ត្រួសត្រាយ​ផ្លូវ​របស់​សាសនាចក្រ​នៅក្នុង​ប្រទេស​ហ្គាណា

ពេល​ហ្វ្រិដ​ជា​សមាជិក​ដំបូងៗ គាត់​បាន​ចូលរួម​បុណ្យសព​របស់​សាច់ញាតិ​ម្នាក់​ដែល​ជា​មេកន្ទ្រាញ​កុលសម្ព័ន្ធ​មួយ ។ នៅទីនោះ គាត់​បាន​ដឹង​ថា ផែនការ​ក្រុមគ្រួសារ​គឺ​ឲ្យ​គាត់​ធ្វើ​ជា​មេកន្ទ្រាញ​ថ្មី ។ ដោយ​ដឹង​ថា​មុខតំណែង​មួយ​បែបនោះ នឹង​បណ្ដាល​ឲ្យ​គាត់​ធ្វើ​អ្វីៗ​ដែល​ផ្ទុយ​ពី​ជំនឿ​ដំណឹងល្អ​របស់​គាត់ នោះ​គាត់​បាន​ប្រញាប់​ចាកចេញ​ភ្លាម​បន្ទាប់​ពីការបញ្ចុះ​សព ហើយ​មិន​បាន​ទទួល​យក​មុខតំណែង​មួយ​ដែល​នឹង​នាំ​ភាពលេចធ្លោ និង​ទ្រព្យសម្បត្តិ​ដល់​គាត់​ទេ ។

នៅពេល​ដែល​ព្រះវិហារ​បរិសុទ្ធ​អាក្រា​បាន​ឧទ្ទិស​ឆ្លង ទាំង​ជេមស៍ និង​ហ្វ្រិដ បាន​ធ្វើ​ដំណើរ​ជាង​បួន​ម៉ោង​មួយ​ជើង ជារៀងរាល់​សប្ដាហ៍​ដើម្បី​ពួកគេ​អាច​ធ្វើ​ជា​អ្នកធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ កាលដែល​ខ្ញុំ​បាន​ធ្វើ​ពិធី​បរិសុទ្ធ​ជាមួយ​ពួកគេ ខ្ញុំ​ត្រូវបាន​គ្របដណ្ដប់​ដោយ​វិញ្ញាណ​នៃ​ប្រវត្តិសាស្ត្រ​ដែល​ហ៊ុំព័ទ្ធ​ជុំវិញ​ខ្ញុំ ។ ដោយ​បាន​ដឹង​ពី​ប្រវត្តិ​សាសនាចក្រ​នៅក្នុង​ទ្វីប​អាហ្វ្រិក ដែល​ពួកគេ​ទាំងពីរ​ជា​អ្នក​តំណាង នោះ​ខ្ញុំ​បាន​មាន​អារម្មណ៍​ស្ទើរតែ​ដូចជា​មាន យ៉ូហាន ថេលើរ ឬ វិលហ្វួឌ វូឌដ្រុព្វ ឬ​សមាជិក​សាសនាចក្រ​ពី​ដំបូងៗ​ផ្សេង​ទៀត​នៅ​ជាមួយ​ខ្ញុំ​ធ្វើ​ពិធី​បរិសុទ្ធ​ទាំងនោះ ។

អ្វី​ដែល​ខ្ញុំ​បាន​ឃើញ បាន​ដក​ពិសោធន៍ និង​បានទទួល​អារម្មណ៍​នៅក្នុង​អាហ្វ្រិក​ខាងលិច គឺ​ជា​ផ្នែក​នៃ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ហេណុក​ថា​នឹង​កើតឡើង ៖ « ហើយ​រីឯ​សេចក្ដី​សុចរិត នោះ​យើង​នឹង​ចាត់​ឲ្យ​ចុះ​មក​ពី​ស្ថាន​សួគ៌ ហើយ​ឯសេចក្ដី​ពិត នោះ​យើង​នឹង​ចាត់​ឲ្យ​ចេញ​ពី​ផែនដី​ទៅ ដើម្បី​ទៅ​ធ្វើ​បន្ទាល់​ពី​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​របស់​យើង … ហើយ​សេចក្ដី​សុចរិត និង​សេចក្ដី​ពិត នោះ​យើង​នឹង​បណ្ដាល​ឲ្យ​បោស​ផែនដី ដូច​ជា​ទឹកជំនន់ ដើម្បី​ប្រមូល​ពួក​អ្នក​ជម្រើស​របស់​យើង​ពី​ទិស​ទាំង​បួន​នៃ​ផែនដី » ( ម៉ូសេ ៧:៦២ ) ។

ខ្ញុំ​បានឃើញ​ភាពសុចរិត និង​សេចក្ដីពិត​ដែល​កំពុង​រីករាលដាល​យ៉ាង​លឿន​នៅក្នុង​ទ្វីប​អាហ្វ្រិក ហើយ​ពួក​ជម្រើស​កំពុង​ត្រូវបាន​ប្រមូល​ផ្ដុំ​ពី​ផ្នែក​នោះ​នៃ​ផែនដី ។ ទីបន្ទាល់​របស់​ខ្ញុំ​អំពី​ការស្ដារ​ឡើងវិញ​ត្រូវបាន​ពង្រឹង ដោយសារ​ខ្ញុំ​បានឃើញ​ផ្នែក​ដ៏​សំខាន់​នៃ​ការស្ដារ​ឡើងវិញ​នោះ​កំពុង​កើតឡើង​នៅ​នឹង​មុខ​ខ្ញុំ ។

ខ្ញុំ​ក៏​បានឃើញ​អ្វី​ផ្សេង​ទៀត​ផងដែរ​អំពី​ការស្ដារ​ឡើងវិញ​ដែល​កំពុង​តែ​បន្ត​នេះ ៖ សេចក្ដី​ជំនឿ​ដ៏​រស់រវើក និង​ថាមពល​ខាង​វិញ្ញាណ​ក្នុង​ចំណោម​សមាជិក​អាហ្វ្រិក ។ ខ្ញុំ​បាន​ឮ អែលឌើរ ដេវីឌ អេ បែតណា នៃ​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរនាក់ មាន​ប្រសាសន៍​ថា « ខឺតឡង់ [ ជា​កន្លែង​ដែល​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បានរស់នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៨៣០ ] គឺ​មិនគ្រាន់តែ​នៅ​ក្នុង​រដ្ឋ​អូហៃអូ​ប៉ុណ្ណោះទេ ។ វា​ក៏​នៅក្នុង​អាហ្វ្រិក​ផងដែរ » ។ មនុស្ស​ជាច្រើន​កំពុង​ចូលរួម​សាសនាចក្រ​នៅក្នុង​អាហ្វ្រិក ដោយ​ផ្អែកលើ​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​ប្រកប​ដោយ​អានុភាព​របស់​ពួកគេ ។ សមាជិក​ថ្មីៗ​ទាំងនោះ​នាំមក​នូវ​ថាមពល​ខាង​វិញ្ញាណ និង​តម្រូវការ​ដើម្បី​រៀន​ដំណឹងល្អ​បន្ថែម​ទៀត ។ សម្រាប់​ពួកគេ ការស្ដារ​ឡើងវិញ​គឺ​កំពុងតែ​បន្ត​នៅក្នុង​ស្មារតី​ផ្ទាលខ្លួន ។ ពេល​ពួកគេ​រៀន​បន្ថែម ហើយ​បន្ថែម​ទៀត​អំពី​សាសនាចក្រ នោះ​សេចក្ដីពិត​នៃ​ដំណឹងល្អ​បន្ត​លាត​ត្រដាង​ដល់​ទស្សនវិស័យ​របស់​ពួកគេ ។ វា​ដូចគ្នា​សម្រាប់​យើង​ទាំងអស់គ្នា​ផងដែរ ពេល​យើង​បន្ត​ពង្រីក​ចំណេះដឹង​ខាង​ដំណឹងល្អ​របស់​យើង ។

របៀប​បី​យ៉ាង​ដើម្បីជួយ​នៅក្នុង​ការស្តារឡើងវិញ​ដែល​កំពុង​កើតឡើង

ព្រះ​បាន​ប្រទាន​ដល់​យើង​នូវ​ឱកាស​ដ៏​ប្រសើរ​លើសលប់​ដើម្បី​បំពេញ​មុខងារ​យ៉ាង​សំខាន់​នៅក្នុង​កិច្ចការ​នេះ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « រូប​កាយ [ នៃ​សាសនាចក្រ ] ក៏​ត្រូវ​ការ​អវយវៈ​ទាំង​អស់​ដែរ » ( គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១១០ ) ។ សមាជិក​សាសនាចក្រ​ទាំងអស់​មាន​ពរជ័យ​នៃ​ការចូលរួម​នៅក្នុង​ការស្តារឡើងវិញ​ដែល​កំពុង​កើតឡើង ។ តើ​យើង​ធ្វើ​ដូច្នោះ​ដោយ​របៀប​ណា ?

របៀប​មួយ​ដែល​យើង​ចូលរួម គឺ​ដោយការ​ធ្វើ និង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ។ ពិធី​បរិសុទ្ធ​ទាំងឡាយ រួមទាំង​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារ​បរិសុទ្ធ ពុំ​មាន​គោលបំណង​មួយ​ទេ លើកលែង​តែ​មនុស្ស​ពិតជា​ធ្វើ និង​រក្សា​សេចក្ដីសញ្ញា​ដែល​ទាក់ទង​នឹង​ពិធី​បរិសុទ្ធ​នោះ ។ ស៊ីស្ទើរ ប៉ូនី ផាកកិន អតីត​ប្រធាន​សមាគម​សង្គ្រោះ​ទូទៅ បាន​បង្រៀន​ថា « ការធ្វើ​សេចក្ដី​សញ្ញា​ទាំងឡាយ គឺ​ជា​ការបង្ហាញ​ពី​ដួងចិត្ត​ដែល​មាន​ឆន្ទៈ ការរក្សា​សេចក្ដីសញ្ញា​ជា​ការបង្ហាញ​ពី​ដួងចិត្ត​ដែល​ស្មោះត្រង់ » ។

ដោយការធ្វើ និង​រក្សា​សេចក្ដី​សញ្ញា យើង​មិន​ត្រឹម​តែ​រៀបចំ​ខ្លួន​យើង​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​នោះទេ តែ​ថែមទាំង​ជួយ​រៀបចំ និង​ពង្រឹង​អ្វី​ដែល​ព្រះអម្ចាស់​ហៅ​ថា « រាស្ត្រ​របស់​យើង​ដែល​នៅ​ក្នុង​សេចក្ដី​សញ្ញា » ទៀតផង ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៤២:៣៦ ) ។ យើង​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ព្រះ ហើយ​ក្លាយ​ជា​ផ្នែក​នៃ​រាស្ត្រ​ដែល​នៅក្នុង​សេចក្ដីសញ្ញា​របស់​ទ្រង់​ តាមរយៈ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ពិធី​បញ្ជាក់ ពិធី​សាក្រាម៉ង់ បព្វជិតភាព​មិលគីស្សាដែក និង​ពិធី​បរិសុទ្ធ​ព្រះវិហារ​បរិសុទ្ធ​ទាំងឡាយ ។

របៀប​ទីពីរ​ដែល​យើង​អាច​ចូលរួម​នៅក្នុង​ការស្ដារ​ឡើងវិញ​ដែល​កំពុង​កើតឡើង គឺ​ដោយ​ការបំពេញ​ការហៅ​បម្រើ និង​ការចាត់តាំង​ដែល​យើង​ទទួល ។ នោះ​ហើយ​ជា​របៀប​ដែល​សាសនាចក្រ​ឈាន​ឆ្ពោះ​ទៅមុខ ។ គ្រូបង្រៀន​ដែល​មាន​ចិត្ត​ឧទ្ទិស​បង្រៀន​ដំណឹងល្អ​ទៅ​កុមារ យុវវ័យ និង​មនុស្ស​ពេញវ័យ ។ ​បងប្អូន​ប្រុសស្រី​ដែល​ផ្ដល់​ការងារ​បម្រើ​ថែទាំ​សមាជិក​ម្នាក់ៗ​នៃ​សាសនាចក្រ ។ គណៈប្រធាន និង​គណៈប៊ីស្សព​ផ្ដល់​ការណែនាំ​ដល់​ស្តេក មណ្ឌល វួដ សាខា កូរ៉ុម អង្គការ ថ្នាក់ និង​ក្រុម​ទាំងឡាយ ។ ថ្នាក់​ដឹកនាំ​យុវវ័យថែទាំ​យុវនារី និង​យុវជន ។ ស្មៀន និង​លេខា​កត់ត្រា​ព័ត៌មាន​ចាំបាច់​ដែល​ត្រូវបាន​កត់ត្រា​នៅ​ស្ថានសួគ៌ ហើយ​អ្នក​ផ្សេង​ជា​ច្រើន​ទៀត​បំពេញ​មុខងារ​យ៉ាង​សំខាន់​បំផុត​នៅក្នុង​ការរៀបចំ​មនុស្ស​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ ។

រូបភាព
members in Ghana

យុវវ័យ​តម្រង់​ជួរ​ដើម្បី​ចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​អាក្រា​ហ្គាណា ។

របៀប​ទីបី​ដែល​យើង​អាច​ចូលរួម​នៅក្នុង​ការស្ដារ​ឡើងវិញ គឺ​ដោយ​ការជួយ​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល ។ តាំងពី​ពេល​ដំបូង​បំផុត​នៃ​ការស្ដារ​ឡើងវិញ ការណ៍​នេះ​ជា​ផ្នែក​សំខាន់​មួយ​នៃ​កិច្ចការ​នោះ ។ ដូច​ដែល​បាន​បង្រៀន​ដោយ​ប្រធាន ណិលសុន យើង​មាន​ឱកាស និង​កាតព្វកិច្ច​ដើម្បី​ជួយ​នៅក្នុង​ការ​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​ដែល​កើតឡើង​នៅ​ផ្នែក​សងខាង​នៃ​វាំង​នន ។ នៅក្នុង​សារបញ្ចប់​របស់​លោក​នៅក្នុង​សន្និសីទ​ទូទៅ​ដំបូង​របស់​លោក​ក្នុង​នាម​ជា​ប្រធាន​សាសនាចក្រ ប្រធាន​ណិលសុន​បាន​ថ្លែង​យ៉ាង​ច្បាស់​ថា « សារលិខិត​របស់​យើង​ទៅកាន់​ពិភពលោក​គឺ​សាមញ្ញ ហើយ​ដោយ​ស្មោះ ៖ ពួក​យើង​សូម​អញ្ជើញ​បុត្រា​បុត្រី​របស់​ព្រះ​ទាំងអស់​ដែល​នៅ​សងខាង​នៃ​វាំងនន​ឲ្យ​មក​រក​ព្រះអង្គសង្គ្រោះ ទទួល​យក​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​ដ៏​បរិសុទ្ធ ទទួល​បាន​អំណរ​យូរ​អង្វែង និង​សក្ដិសម​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច » ។

ការប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​នៅសងខាង​នៃ​វាំងនន យើង​ទាំងអស់​គ្នា​ដែល​អាច​បម្រើ​បេសកកម្ម​ពេញ​ម៉ោង​គួរតែ​ពិចារណា​ដោយ​យកចិត្ត​ទុកដាក់​ពី​ឱកាស​នោះ ។ ខ្ញុំ​រាប់​វា​ថា​ជា​ឱកាស​ដ៏​អស្ចារ្យ​មួយ​ដែល​ខ្ញុំ​អាច​ទៅ​បម្រើ​បេសកកម្ម​នៅ​ប្រទេស​អ៊ីតាលី​នៅ​គ្រា​មួយ​ដែល​សាសនាចក្រ​នៅ​ថ្មីថ្មោង​នៅឡើយ​នៅ​ទីនោះ ។ សាខា​ទាំងឡាយ​បាន​ជួប​នៅ​អគារ​ជួល​នានា ហើយ​យើង​បាន​សង្ឃឹម​ថា ថ្ងៃណា​មួយ​នឹង​មាន​ស្តេក និង​វួដ​នៅ​ទីនោះ ។ ខ្ញុំ​បាន​មើល​ឃើញ​ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ដ៏​ក្លាហាន​ចូល​ក្នុង​សាសនាចក្រ ហើយ​បាន​ដាក់​គ្រឹះ​ដើម្បី​ប្រមូលផ្ដុំ​វង្ស​អ៊ីស្រាអែល​នៅក្នុង​ដែនដី​ដ៏​អស្ចារ្យ​នោះ ។

ម្នាក់​ក្នុង​ចំណោម​នេះ​គឺ អេកនេស ហ្គាលឌីអូឡូ ។ យើង​ទាំងអស់​គ្នា​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ដ៏​មាន​ព្រះចេស្ដា ពេល​នាង​បាន​រៀន​ពី​មេរៀន​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ប៉ុន្តែ សូម្បី​តែ​ការទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នោះ នាង​បានដឹង​ថា គ្រួសារ​របស់​នាង​នឹង​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​បុណ្យ​ជ្រមុជទឹក​របស់​នាង ។ ទោះយ៉ាងណា នៅ​ពេល​ជាក់លាក់​មួយ ដោយ​បាន​ពោរពេញ​ដោយ​ព្រះវិញ្ញាណ នាង​បាន​យល់​ព្រម​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ ប៉ុន្តែ​នាង​បាន​ផ្លាស់​ចិត្ត​នាង​នៅ​ព្រឹក​នៃ​ថ្ងៃ​បុណ្យ​ជ្រមុជ​ទឹក​ដែល​បាន​គ្រោងទុក​របស់​នាង ។ នាង​បាន​មក​អគារ​ជួល​នោះ​មុនម៉ោង ជា​កន្លែង​ដែល​នាង​ត្រូវ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដើម្បី​ប្រាប់​យើង​ថា នាង​មិន​អាច​ធ្វើ​វា​បាន​ទេ ដោយសារ​មាន​សម្ពាធ​ពី​គ្រួសារ ។

ពីមុន​ពេល​នាង​ចាកចេញ​ទៅ នាង​បាន​យល់ព្រម​ថា យើង​អាច​និយាយ​គ្នា​ពីរបី​នាទី ។ យើង​បាន​ទៅ​ថ្នាក់​រៀន​មួយ​ដែល​យើង​បាន​ផ្ដល់​យោបល់​ថា យើង​អធិស្ឋាន​ជាមួយ​គ្នា ។ បន្ទាប់​ពី​យើង​បាន​លុត​ជង្គង់​ចុះ យើង​បានសូម​នាង​ឲ្យ​អធិស្ឋាន ។ បន្ទាប់​ពី​ការអធិស្ឋាន នាង​បាន​ក្រោកឈរ​ឡើង​ទាំង​ទឹក​ភ្នែក ហើយ​និយាយ​ថា « មែនហើយ ខ្ញុំ​នឹង​ទទួល​បុណ្យ​ជ្រមុជ​ទឹក » ។ ហើយ​ពីរបី​នាទី​ក្រោយមក នាង​បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ។ នា​ឆ្នាំ​បន្ទាប់ នាង​បាន​រៀបការ​នឹង សេបាធាណូ ខារូសូ ហើយ​ពួកគេ​បានចិញ្ចឹម​បីបាច់​កូន​បួន​នាក់ ដែល​ពួកគេ​ទាំងអស់​គ្នា​បាន​បម្រើ​បេសកកម្ម ហើយ​បាន​បន្ត​ដើម្បី​បម្រើ​នៅក្នុង​សាសនាចក្រ​តាំង​ពី​នោះ​មក ។

រូបភាព
Caruso family

អែលឌើរ និង​ស៊ីស្ទើរ ខឺតធិស ជាមួយ​នឹង​សមាជិក​មួយ​ចំនួន​នៃ​គ្រួសារ​ខារូសូ ។

អេកនេស និង សេបាធាណូ ក៏​បាន​បម្រើ​បេសកកម្ម​មួយ​ផងដែរ ដោយ​សេបាធាណូ​ជា​​ប្រធាន​បេសកកម្ម ។ ពេល​ខ្ញុំ​បាន​បម្រើ​បេសកកម្ម​ទី​ពីរ​របស់​ខ្ញុំ​នៅ​ប្រទេស​អ៊ីតាលី ២៥ ឆ្នាំ​ក្រោយ​ពី​បេសកកម្ម​ទីមួយ ខ្ញុំ​បាន​ឃើញ​ពី​អ្វី​ដែល​គ្រួសារ​ខារូសូ និង​អ្នក​ត្រួសត្រាយ​ផ្លូវ​ផ្សេង​ទៀត​បាន​ធ្វើ ដើម្បី​ពង្រីក​នគរ​របស់​ព្រះ​នៅ​ទី​នោះ ។ ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ និង​ខ្ញុំ បាន​ធ្វើ​កិច្ចការ​ដើម្បី​ស្ថាបនា​សាសនា ដោយ​សុបិន​ថា ថ្ងៃ​មួយ​អាច​មាន​ព្រះវិហារ​បរិសុទ្ធ​មួយ ប្រហែល​នឹង​ត្រូវបាន​សាងសង់​នៅក្នុង​ប្រទេស​អ៊ីតាលី ។ សូម​ស្រមៃ​មើល​ពី​អំណរ​របស់​ខ្ញុំ ដែល​ឥឡូវ​នេះ​យើង​ពិត​ជា​មាន​ព្រះវិហារ​បរិសុទ្ធ​រ៉ូម​អ៊ីតាលី ។

មាន​អំណរ​មួយ​ចំនួន​ដែល​អាច​ប្រៀបធៀប​នឹង​អំណរ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ឱ វា​ជា​ពរជ័យ​ដ៏​អស្ចារ្យ​មួយ ដែល​បាន​កើត​មក​នៅ​គ្រា​មួយ ដែល​យើង​អាច​ចូលរួម​ដោយ​អំណរ​រីករាយ​នៅក្នុង​ការស្ដារ​ឡើងវិញ​ដែល​កំពុង​កើតឡើង គឺ​ដោយ​ការជួយ​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​នោះ !

ពិតណាស់ អំណរ​នៃ​អ្នក​ផ្សព្វផ្សាយ​សាសនា​មិន​ត្រឹម​តែ​មាន​ចំពោះ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង​ប៉ុណ្ណោះ​ទេ ។ យើង​ម្នាក់ៗ​អាច​ជួយ​នៅក្នុង​ការប្រែចិត្ត​ជឿ ឬ​ការធ្វើ​ឲ្យ​សកម្ម​ឡើងវិញ​របស់​បងប្អូន​ប្រុស​ស្រី​យើង ដោយ​ការប្រកៀក​ដៃ​គ្នា​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង ។ យើង​មាន​ឱកាស​ដើម្បី​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល ដោយ​ការអញ្ជើញ​អ្នក​ផ្សេងទៀត​ឲ្យ​មក ហើយ​មើល និង​ដោយ​ការរាក់ទាក់​ពួក​អ្នក​ដែល​កំពុង​រៀន ។

វា​គឺ​ដោយសារកិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​ដែល​យើង​ជួយ​ប្រមូល​ផ្ដុំ​វង្ស​អ៊ីស្រាអែល​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​វាំង​នន ។ វា​ជា​ការទទួល​ខុសត្រូវ​ដ៏​ពិសិដ្ឋ​របស់​យើង​ក្នុង​ការធ្វើ​កិច្ចការ​អស់ជាច្រើន​ឆ្នាំ​មក​ហើយ ។ មុនពេល​មរណភាព​របស់ យ៉ូសែប ស៊្មីធ ពួក​បរិសុទ្ធ​បាន​ធ្វើ​ពិធី​បុណ្យ​ជ្រមុជ​ទឹក​សម្រាប់​មរណជន ហើយ​មាន​មនុស្ស​មួយ​ចំនួន​បាន​ទទួល​អំណោយទាន​ពិសិដ្ឋ និង​ពិធី​ផ្សារភ្ជាប់​របស់​ពួកគេ ។ ជាមួយ​នឹង​ការបញ្ចប់​នៃ​ព្រះវិហារ​បរិសុទ្ធ​ណៅវូ អំណោយទាន​ពិសិដ្ឋ​សម្រាប់​អ្នក​នៅរស់​បាន​ចាប់ផ្ដើម​ធ្វើ​ឡើង​ច្រើន​ឡើង ។ អំណោយទាន​ពិសិដ្ឋ និង​ពិធី​ផ្សារភ្ជាប់​សម្រាប់​បុព្វការីជន​ក៏​បាន​ចាប់ផ្ដើម​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​នានា​នៅ​រដ្ឋ​យូថាហ៍​ផងដែរ ។

អ៊ីឡៃស្សា អរ ស្នូ ជា​អ្នក​ចូលរួម​ដ៏​សំខាន់​ម្នាក់​នៅក្នុង​ដំណើរការ​នៃ​ការស្ដារឡើងវិញ​នោះ បាន​យល់​ពី​សារសំខាន់​នៃ​ផ្នែក​នោះ​នៃ​ការស្ដារ​ឡើងវិញ ។ គាត់​បាន​ចំណាយ​ពេល​ជាច្រើន​នៅក្នុង​បន្ទប់​ធ្វើ​ពិធី​អំណោយទាន​ពិសិដ្ឋ ដោយ​បាន​ជួយ​នៅក្នុង​ពិធី​បរិសុទ្ធ​នានា​នៅទី​នោះ ។ ក្នុង​អំឡុង​នៃ​ការសួរសុខទុក្ខ​របស់​សមាគម​សង្គ្រោះ​មួយ​នៅក្នុង​ឆ្នាំ ១៨៦៩ គាត់​បាន​បង្រៀន​ដល់​បងប្អូន​ស្ត្រី​របស់​គាត់​ថា « ខ្ញុំ​បាន​សញ្ជឹង​គិត​ពី​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​យើង​មាន​ដើម្បី ជួយ​ដល់​សេចក្ដី​សង្គ្រោះ​នៃ​អ្នក​នៅរស់ និង​មរណជន ។ យើង​ចង់​ធ្វើ​ជា … ដៃគូ​ដ៏​សក្ដិសម​របស់​ព្រះ និង​ពួក​បរិសុទ្ធ​ទាំងឡាយ » ។

ហើយ​ពិតណាស់ លទ្ធភាព​ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​ព្រះវិហារ​បរិសុទ្ធ​ត្រូវបាន​ពង្រីក​យ៉ាង​ធំទូលាយ ជាមួយ​នឹង​ការកសាង​ព្រះវិហារ​បរិសុទ្ធ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក ដោយ​មាន​ច្រើន​ទៀត​នឹង​ត្រូវ​សាងសង់​ឡើង ។

ដោយ​មាន​ឧបករណ៍​ជា​ច្រើន​ដែល​យើង​អាច​ប្រើប្រាស់​បាន នោះ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្ស​ប្រវត្តិ​អាច​ជា​ផ្នែក​ដ៏​ទៀងទាត់​មួយ​នៃ​ការចូលរួម​របស់​យើង​នៅក្នុង​ការស្ដារ​ឡើងវិញ​ដែល​កំពុង​កើតឡើង​នេះ ។ ខ្ញុំ​មាន​ចំណាប់​អារម្មណ៍ និង​បាន​ចូលរួម​នៅក្នុង​កិច្ចការ​ពង្សប្រវត្តិ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ឧបករណ៍​នៅលើ​អ៊ិនធើណិត​បាន​ពង្រីក​ជោគជ័យ​របស់​ខ្ញុំ​យ៉ាង​សម្បើម​នៅក្នុង​ការយក​ឈ្មោះ​គ្រួសារ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ ។ ខ្ញុំ​មាន​ការចងចាំ​ដ៏​ពិសិដ្ឋ​មួយ​ពី​ពេល​ដែល​ខ្ញុំ​អង្គុយ​នៅ​តុ​មួយ​នៅក្នុង​ផ្ទះ​យើង​នៅ​ប្រទេស​ហ្គាណា ហើយ​ស្វែងរក​ឈ្មោះ​បុព្វការីជន​ជនជាតិ​អ៊ឺរ៉ុប​របស់​ខ្ញុំ ដែល​ភរិយា​ខ្ញុំ និង​ខ្ញុំ​អាច​យក​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ​អាក្រា​ហ្គាណា ។ ឱកាស​ដ៏​ប្រកប​ដោយ​អំណរ​បាន​ទៅតាម​យើង​ទៅ កន្លែង​ផ្សេងៗ​ទៀត​ដែល​យើង​បាន​ទៅ ។

តាមរយៈ​ព្យាការី យ៉ូសែប ស៊្មីធ ព្រះ​បាន​ចាប់ផ្ដើម​ដំណើរការ​នៃ « ការ​សម្រេច​នូវ​ការ​សាង​ឡើង​វិញ​នៃ​របស់​ទាំង​អស់ ដែល​បាន​ពោល​ដោយ​មាត់​នៃ​ពួក​ព្យាការី​បរិសុទ្ធ ចាប់​តាំង​ពី​ដើម​មក » ( គោលលទ្ធិ និង​សេចក្ដី​សញ្ញា ២៧:៦ ) ។ ការស្ដារ​ឡើងវិញ​នោះ​បាន​បន្ត​ដល់​បច្ចុប្បន្ន​នេះ ដូច​ដែល​ព្រះ « បើក​សម្ដែង​នៅ​ពេល​ឥឡូវ​នេះ » ហើយ « នឹងបើក​សម្ដែង​នូវ​ការណ៍​ដ៏​ធំ និង​សំខាន់ៗ​ជា​ច្រើន ដែល​ទាក់​ទង​ទៅ​នឹង​នគរ​នៃ​ព្រះ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ ១:៩ ) ។ ខ្ញុំ​មាន​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​យើង​អាច​ចូលរួម​នៅក្នុង​ការស្ដារ​ឡើងវិញ​ដែល​កំពុង​កើតឡើង​នេះ ។

កំណត់​ចំណាំ

  1. សូមមើល អេភេសូរ ១:១០; គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:១៣ ។

  2. សូមមើល ដានីយ៉ែល ២:៣៥–៤៥; គោលលទ្ធិ និង​សេចក្ដី​សញ្ញា ៦៥ ។

  3. រ័សុល អិម ណិលសុន នៅក្នុង « Latter-day Saint Prophet, Wife and Apostle Share Insights of Global Ministry » ថ្ងៃ​ទី ៣០ ខែ តុលា ឆ្នាំ្ន ២០១៨ newsroom.ChurchofJesusChrist.org ។

  4. សូមមើល « Inspired Direction » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១២១ ។

  5. ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ( ឆ្នាំ ២០០៧ ) ទំព័រ ១៣៧ ។

  6. ប៉ូនី ឌី ផាកកិន « With Holiness of Heart » Liahona ខែ វិច្ឆិកា ឆ្នាំ ២០០២ ទំព័រ ១០៣ ។

  7. រ័សុល អិម ណិលសុន « Let Us All Press On » Liahona ខែ ឧសភា ឆ្នាំ ២០១៨ ទំព័រ ១១៨–១៩ ។ ដោយ​បន្លឺ​នូវ​គំនិត​នោះ ប្រធាន​ណិលសុន​បាន​មាន​ប្រសាសន៍​នៅក្នុង​សន្និសីទ​ទូទៅ​មួយ​ឆ្នាំ​ក្រោយ​នោះ ៖ « សូម​ឲ្យ​យើង​បូជា​ខ្លួន​យើង និង​បូជា​ជីវិត​របស់​យើង​សារជាថ្មី​ក្នុង​ការ​បម្រើ​ព្រះ និង​កូនចៅ​របស់​ទ្រង់—នៅ​ទាំងសងខាង​នៃ​វាំងនន » ( « Closing Remarks » Liahona ខែ ឧសភា ឆ្នាំ ២០១៩ ទំព័រ ១១២ ) ។

  8. ផ្ទះ​ធ្វើ​ពិធី​អំណោយទាន​ពិសិដ្ឋ​ត្រូវបាន​សង់​នៅក្នុង​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ ខណៈ​ដែល​ព្រះវិហារ​បរិសុទ្ធ​សលត៍លេក​កំពុង​ត្រូវបាន​សាងសង់ ។ ដោយ​បាន​ឧទ្ទិស​ឆ្លង​នៅក្នុង​ឆ្នាំ ១៨៥៥ នោះ​ផ្ទះ​ធ្វើ​ពិធី​អំណោយទាន​ពិសិដ្ឋ ត្រូវបាន​ប្រើប្រាស់​សម្រាប់​ពិធី​បរិសុទ្ធ​ព្រះវិហារ​បរិសុទ្ធ​រហូត​ដល់​ឆ្នាំ ១៨៨៩ ។

  9. អ៊ីឡៃស្សា អរ ស្នូ ថ្លែង​ទៅកាន់​សមាគមន៍​សង្គ្រោះ​នៅ​វួដ​លីហៃ នា​ថ្ងៃ​ទី ២៧ ខែ តុលា ឆ្នាំ ១៨៦៩ សៀវភៅ​កំណត់ហេតុ​សមាគមន៍​សង្គ្រោះ ឆ្នាំ ១៨៦៨–៧៩ បណ្ណាល័យ​ប្រវត្តិ​សាសនាចក្រ ទំព័រ ២៦–២៧ ។