២០២០
ប៊ឺកលីនដ៍ ហ្គនណាសុន—ទីក្រុង​អានេស៊ីសឡា ប្រទេស​អ៊ីស្លង់
ខែ មេសា ឆ្នាំ ២០២០


ការបង្ហាញ​អំពី​សេចក្តី​ជំនឿ

ប៊ឺកលីនដ៍ ហ្គនណាសុន

ទីក្រុង​អានេស៊ីសឡា ប្រទេស​អ៊ីស្លង់

រូបភាព
sisters hugging

ប៊ឺកលីនដ៍ ( ខាង​ឆ្វេង ) ជាមួយ​ប្អូន​ស្រី​នាង អេលីន ( ខាងស្ដាំ ) ពេល​ប៊ឺកលីនដ៍​ស្ថិត​នៅក្នុង​ការធ្លាក់​ទឹកចិត្ត​ដ៏​ខ្លាំង​បំផុត​ដែល​នាង​មិន​ធ្លាប់​ជួប​ប្រទះ នាង​បាន​មាន​អារម្មណ៍​ថា នាង​មិន​អាច​បន្ត​ទៀត​បាន​ទេ ។ ដោយ​ការបង្ហើប​ប្រាប់​អំពី​ការលំបាក​របស់​នាង​ដល់​គ្រួសារ និង​មិត្តភក្ដិ នាង​បាន​រកឃើញ​ការព្យាបាល​ខាង​វិញ្ញាណ និង​ខាង​អារម្មណ៍ តាមរយៈ​ឧបករណ៍​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ឲ្យ ។

មីនឌី សេលូ ជាង​ថតរូប

ខ្ញុំ​បាន​ប្រឈម​នឹង​ការធ្លាក់​ទឹកចិត្ត​តាំង​ពី​ខ្ញុំ​មាន​អាយុ ១៣ ឆ្នាំ ។ មាន​ម្ដង ស្ថានភាព​នានា​វា​អាក្រក់​ណាស់​រហូត​ដល់​ខ្ញុំ​បាន​ព្យាយាម​សម្លាប់​ខ្លួន ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថា​អស់សង្ឃឹម​នៅ​ពេល​នោះ ។ ខ្ញុំ​បាន​គិត​ថា « ខ្ញុំ​នឹង​មិនដែល​មាន​ភាព​រីករាយ​ឡើយ ។ ខ្ញុំ​នឹង​មិនដែល​ធ្វើ​អ្វី​បាន​សម្រេច​ឡើយ » ។

មាន​គ្រា​មួយ​ដែល​ខ្ញុំ​បាន​គិត​ថា ការចាកចេញ​ពី​ព្រះវិហារ​គឺ​ជា​ចម្លើយ​ចំពោះ​បញ្ហា​របស់​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​មាន​អារម្មណ៍​អស់សង្ឃឹម​នឹង​អ្វីៗ​គ្រប់​យ៉ាង ។ វា​ងាយស្រួល​ណាស់​ដើម្បី​ធ្វើ​អ្វី​ដែល​អ្នក​មិន​ត្រូវ​ធ្វើ​នៅក្នុង​ប្រទេស​អ៊ីស្លង់ ។ សាសនាចក្រ​នៅទីនេះ​តូច​ណាស់ ។ មានតែ​ខ្ញុំ និង​បងប្អូន​​ខ្ញុំ​ប៉ុណ្ណោះ​នៅក្នុង​ថ្នាក់​នៅ​សាសនាចក្រ​របស់​យើង ពេល​យើង​កំពុង​ធំឡើង ។ ខ្ញុំ​បាន​មាន​អារម្មណ៍​ឯកោ ហើយ​អស់មួយ​រយៈ​ខ្ញុំ​មិន​ចូលចិត្ត​ទៅ​ព្រះវិហារ​នោះទេ ។

មនុស្ស​ភាគ​ច្រើន​នៅ​ប្រទេស​អ៊ីស្លង់​ច្រាន​សាសនា​ចោល ។ មនុស្ស​ចាប់​ផ្ដើម​ផឹក​គ្រឿង​ស្រវឹង​តាំង​ពី​នៅ​ក្មេង ។ ខ្ញុំ​បាន​ធ្វើ​ដូច្នោះ​ដែរ ហើយ​បាន​អសកម្ម​អស់មួយ​គ្រា​នៅក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​មិន​មាន​មោទនភាព​នឹង​ការណ៍​នោះ​ទេ ប៉ុន្តែ​វា​ជា​ផ្នែក​មួយ​នៃ​បទពិសោធន៍​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​រៀន​ពី​វា ។ ខ្ញុំ​បាន​សិក្សា​សុន្ទរកថា​របស់​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន ហើយ​ចូលចិត្ត​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍ ៖ « អតីតកាល​គឺ​ដើម្បី​រៀន​ពី​វា ប៉ុន្តែ​មិនមែន​រស់នៅក្នុង​វា​នោះ​ទេ ។… ហើយ​នៅពេល​យើង​បាន​រៀន​នូវអ្វី​ដែល​យើង​ចាំបាច់​ត្រូវ​រៀន … នោះ​យើង​សម្លឹងមើល​ទៅមុខ ហើយ​ចងចាំ​ថា សេចក្ដីជំនឿ​គឺ​តែងតែ​ចង្អុលទៅ​រក​អនាគតកាល » ។

ថ្ងៃ​មួយ ពេល​ខ្ញុំ​កំពុង​លំបាក​ខ្លាំង ខ្ញុំ​បាន​អាន​ពរជ័យ​លោកអយ្យកោ​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​អាន​វា ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ពិតជា​មាន​អនាគត​មួយ ។ ព្រះ​មាន​ផែនការ​មួយ​សម្រាប់​ខ្ញុំ ហើយ​ទ្រង់​ពិតជា​ស្រឡាញ់​ខ្ញុំ ។ ការទៅ​ព្រះវិហារ ការទទួលទាន​សាក្រាម៉ង់ ការអាន​ព្រះគម្ពីរ និង​ការអធិដ្ឋាន បាននាំ​ពន្លឺ និង​សុភមង្គល​ជាច្រើន​មក​ក្នុង​ជីវិត​ខ្ញុំ ។ ភ្លាមៗ​នោះ​ខ្ញុំ​បាន​ដឹង​ថា « វា​ពិត​ជា​ជួយ​ខ្ញុំ​មែន » ។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​តែងតែ​ចង់បាន​ដំណឹង​ល្អ​ក្នុង​ជីវិត​ខ្ញុំ​ជានិច្ច ។ បន្ទាប់​ពី​អ្វីៗ​ដែល​ខ្ញុំ​បាន​ឆ្លងកាត់ ខ្ញុំ​ដឹង​ថា ដំណឹងល្អ​បាន​សង្គ្រោះ​ជីវិត​ខ្ញុំ ហើយ​ខ្ញុំ​សប្បាយចិត្ត​ណាស់​អំពី​ការណ៍​នោះ ។

ការនិយាយ​អំពី​ការធ្លាក់​ទឹកចិត្ត​របស់​ខ្ញុំ​ជាមួយ​គ្រួសារ និង​មិត្តភក្ដិ​ខ្ញុំ​បាន​ជួយ​ខ្ញុំ​យ៉ាង​ច្រើន ។ វា​ក៏​នាំ​ទៅរក​ជំនួយ​បន្ថែម​ទៀត​ផងដែរ ។ ខ្ញុំ​មិន​ចង់​ញ៉ាំ​ថ្នាំ ឬ​ទទួល​ការព្យាបាល​ឡើយ ។ ខ្ញុំ​បាន​បន្ត​ប្រាប់​ខ្លួន​ឯង​ថា « ខ្ញុំ​មាន​ព្រះ » ។ ប៉ុន្តែ​ព្រះ​ប្រទាន​ឧបករណ៍​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជា​ថ្នាំ និង​ការព្យាបាល សម្រាប់​យើង​ដើម្បី​ប្រើប្រាស់​ជា​ការបន្ថែម​ដល់​ការណ៍​ខាង​វិញ្ញាណ ។

ពេល​ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ​កាន់តែ​ច្រើន​ជា​រៀងរាល់​ថ្ងៃ និង​ការកាន់តែ​ខិត​ទៅ​ជិត​ព្រះ​តាមរយៈ​ការអធិស្ឋាន នោះ​ខ្ញុំ​បាន​ទទួល​ពរជ័យ និង​វិវរណៈ​ជាច្រើន​ថា គោលបំណង​របស់​ខ្ញុំ​គឺ​ដើម្បី​ជួយ​អ្នក​ដទៃ​ទៀត ។ ខ្ញុំ​មាន​អារម្មណ៍​ថា ពួក​យើង​ជា​ច្រើន​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត ហើយ​យើង​ព្យាយាម​លាក់​វា ។ ការធ្លាក់​ទឹកចិត្ត និង​ការលំបាក​របស់​ខ្ញុំ បាន​បង្រៀន​ខ្ញុំ​ថា វា​ល្អ​ជាង​ដើម្បី​បើក​ចំហរ ហើយ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេង​ទៀត ។ ថ្មីៗ​នេះ មិត្ត​របស់​ខ្ញុំ​បាន​បង្ហើប​ប្រាប់​ដល់​ខ្ញុំ​អំពី​ការលំបាក​របស់​នាង​ជាមួយ​នឹង​ការធ្លាក់​ទឹកចិត្ត ។ យើង​បាន​និយាយ​អំពី​វា ហើយ​យើង​ពិតជា​បាន​យល់​គ្នា​ទៅវិញ​ទៅ​មក ។

យើង​មិន​តែងតែ​កត់សម្គាល់​ពី​ការលំបាក​ដែល​អ្នក​ផ្សេង​ទៀត​កំពុង​ជួប​ប្រទះ​ឡើយ ប៉ុន្តែ​ពេលខ្លះ​យើង​គ្រាន់តែ​ដើរ​ជុំវិញ ហើយ​មើល​ទៅ​មនុស្ស​ផ្សេង​ទៀត ហើយ​ដឹង​ថា ព្រះ​ស្គាល់​យើង​ម្នាក់ៗ ។ ទ្រង់​ស្រឡាញ់​យើង ហើយ​ដឹង​យ៉ាង​ប្រាកដ​ពី​អ្វី​ដែល​យើង​ទាំងអស់​គ្នា​កំពុង​ហែល​ឆ្លង ។ ហើយ​យើង​អាច​ជួយ​គ្នា​ទៅវិញ​ទៅ​មក ។

តាមរយៈ​ការលំបាក​ជាមួយ​នឹង​ការធ្លាក់​ទឹកចិត្ត​របស់​ខ្ញុំ ខ្ញុំ​បាន​រៀន​ដើម្បី​សួរ​ថា « តើ​ខ្ញុំ​អាច​រៀន​អ្វី​ខ្លះ​ពី​ការសាកល្បង​នេះ ? » ជំនួស​ឲ្យ « តើ​ហេតុអ្វី​ខ្ញុំ​មាន​ការសាកល្បង​នេះ ? » ខ្ញុំ​ស្រឡាញ់ អេធើរ ១២:២៧ ដែល​វា​បាន​ថ្លែង​ថា អ្វី​ដែលទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ប្រសិន​បើ​យើង​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ខ​នេះ​តែងតែ​ជា​ការលួងលោម​មួយ​ដល់​ខ្ញុំ ។

យើង​ទាំងអស់​គ្នា​បាន​ជ្រើសរើស​ដើម្បី​មក​ផែនដី​នេះ ។ យើង​បាន​ដឹង​ថា យើង​នឹង​រងទុក្ខ​ឆ្លងកាត់​ការសាកល្បង​ទាំងឡាយ ។ ហើយ​និយាយ​តាម​ត្រង់​ទៅ នោះ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ជីវិត​នេះ​អស្ចារ្យ ។ ដោយសារ​យើង​ដឹង​ថា មានរឿង​ល្អៗ​នៅ​ពេល​ខាង​មុខ ។ យើង​ដឹង​ថា ប្រសិន​បើ​យើង​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​នៅ​គ្រប់​គ្រា​លំបាក​ទាំងអស់ នោះ​យើង​អាច​មាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​អស់​ទាំង​ពរជ័យ​ទាំងនោះ​ដែល​កំពុង​រង់ចាំ​យើង ។

ខ្ញុំ​ពិត​ជា​បាន​កត់សម្គាល់​ពី​របៀប​ដែល​ខ្ញុំ​បាន​ផ្លាស់ប្ដូរ​តាមរយៈ​ការធ្លាក់​ទឹកចិត្ត​របស់​ខ្ញុំ ។ ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ​គឺ​ពិត ដួងចិត្ត​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ ហើយ​ខ្ញុំ​កាន់តែ​មាន​កម្លាំង​រឹងមាំ​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​មនុស្ស​ម្នាក់​ផ្សេង​ពី​មុន ។ មនុស្ស​ម្នា​កត់សម្គាល់ ហើយ​និយាយ​ថា « អ្នក​បាន​ផ្លាស់ប្ដូរ​ហើយ » ។ ក្មេងស្រី​ម្នាក់​នៅ​សាលា​ថែមទាំង​បាន​និយាយ​ថា « ខ្ញុំ​ឃើញ​ភាពខុសគ្នា និង​ពន្លឺ​មួយ​នៅក្នុង​អ្នក » ។ វា​ចម្លែក ដោយសារ​នាង​មិនមែន​ជា​សមាជិក​សាសនាចក្រ​នោះទេ ហើយ​យើង​មិន​សូវ​ដែល​និយាយ​គ្នា​ផង​ពីមុន​មក ។

ពេល​ខ្ញុំ​ស្ថិត​នៅក្នុង​ការបាក់​ទឹកចិត្ត​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​ខ្ញុំ មនុស្ស​ម្នា​បាន​ប្រាប់​ខ្ញុំ​ថា « វា​នឹង​បាន​ប្រសើរ​ឡើង » ។ ខ្ញុំ​ធុញ​ទ្រាន់​នឹង​ឮ​ពាក្យ​ទាំងនោះ​ណាស់ ប៉ុន្តែ​វា​ពិត​មែន​ទោះ​វា​ស្ដាប់​ទៅ​ដូច​ជា​ចម្លែក​ក្ដី ។

ប៉ុន្តែ​អ្នក​ត្រូវតែ​ចង់​បាន​ប្រសើរ​ឡើង ។ ខ្ញុំ​បាន​រៀន​ថា អ្នក​មិន​អាច​រំពឹង​ឲ្យ​វា​បាន​ប្រសើរ​ឡើង​ដោយ​មិន​ចាំបាច់​ធ្វើ​អ្វី​នោះ​ឡើយ ។ អ្នក​ត្រូវតែ​ចង់​បាន​ភាពរីករាយ ហើយ​ជឿ​ថា អ្នក​មាន​សក្ដានុពល និង​មាន​អនាគត​មួយ ។ វា​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា មាន​មនុស្ស​ជាច្រើន​ស្រឡាញ់​អ្នក រួម​ទាំង​ព្រះវរបិតាសួគ៌​របស់​អ្នក ។ ពួកគេ​ទាំងអស់​គ្នា​នៅទីនោះ​ដើម្បី​ជួយ​អ្នក ។

ខ្ញុំ​មិនដែល​បាន​គិត​ថា ខ្ញុំ​នឹង​បាន​រីករាយ​ដូច​ដែល​ខ្ញុំ​រីករាយ​ឥឡូវ​នេះ​នោះ​ទេ ។ ថ្ងៃ​ខ្លះ ខ្ញុំ​នៅ​តែ​លំបាក ប៉ុន្តែ​ជាមួយ​នឹង​ឧបករណ៍​នានា​ដែល​ព្រះវរបិតាសួគ៌​បាន​ប្រទាន​ដល់​ខ្ញុំ នោះ​ខ្ញុំ​អាច​ដោះស្រាយ​វា​បាន ។ ឥឡូវ​នេះ ពេល​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួនឯង​រអិល​ចូល​ក្នុង​ការធ្លាក់​ទឹកចិត្ត ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា មាន​អ្នក​ស្រឡាញ់​ខ្ញុំ ខ្ញុំ​មាន​មនុស្ស​ដើម្បី​និយាយ​ជាមួយ ហើយ​អ្វីៗ​នឹង​បាន​ប្រសើរ​ឡើង ។

រូបភាព
Berglind sitting down

ការប្រឈម​នឹង​ការធ្លាក់​ទឹកចិត្ត​បាន​ធ្វើ​ឲ្យ​ប៊ឺកលីនដ៍ កាន់តែ​ដឹង​ពី​របៀប​ដែល​អាច​ជួយ​គ្នា​ទៅវិញ​ទៅមក​តាមរយៈ​ការលំបាក​នានា ។ « ព្រះ​ស្គាល់​យើង​ម្នាក់ៗ ទ្រង់​ស្រឡាញ់​យើង​ ហើយ​ដឹង​យ៉ាង​ប្រាកដ​ពី​អ្វី​ដែល​យើង​ទាំងអស់​គ្នា​កំពុង​ហែល​ឆ្លង ។ ហើយ​យើង​អាច​ជួយ​គ្នា​ទៅវិញ​ទៅ​មក » ។

រូបភាព
Berglind smiling

ប៊ឺកលីនដ៍​បាន​ឃើញ​ការផ្លាស់​ប្ដូរ​មួយ​នៅក្នុង​ខ្លួន​នាង​តាមរយៈ​ការលំបាក​របស់​នាង ។ នាង​និយាយ​ថា « ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​គឺ​ពិត » ។ « ដួងចិត្ត​ខ្ញុំ​បាន​ផ្លាស់​ប្ដូរ ហើយ​ខ្ញុំ​កាន់តែ​រឹងមាំ​ឡើយ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ជា​មនុស្ស​ម្នាក់​ផ្សេង​ពី​មុន » ។

រូបភាព
Berglind reading scriptures

ប៊ឺកលីនដ៍​និយាយ​ថា « ពេល​ខ្ញុំ​បាន​ចាប់ផ្ដើម​អាន​ព្រះគម្ពីរ​របស់​ខ្ញុំ​កាន់តែ​ច្រើន​ជា​រៀងរាល់​ថ្ងៃ …នោះ​ខ្ញុំ​បាន​ទទួល​ពរជ័យ និង​វិវរណៈ​ជាច្រើន​ថា គោលបំណង​របស់​ខ្ញុំ​គឺ​ដើម្បី​ជួយ​អ្នក​ដទៃ​ទៀត ។ ខ្ញុំ​ស្រឡាញ់ អេធើរ ១២:២៧ ដែល​វា​បាន​ថ្លែង​ថា អ្វី​ដែលទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ​ប្រសិន​បើ​យើង​មាន​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ ខ​នេះ​តែងតែ​ជា​ការលួងលោម​មួយ​ដល់​ខ្ញុំ » ។

កំណត់​ចំណាំ

  1. ជែហ្វ្រី អ័រ ហូឡិន « ‹ Remember Lot’s Wife’: Faith Is for the Future › » ( ការ​ប្រជុំ​ធម្មនិដ្ឋាន​នៅ​សាកលវិទ្យាល័យ​ព្រិកហាំ យ៉ង់ នៅថ្ងៃ​ទី ១៣ ខែ មករា ឆ្នាំ ២០០៩ ) speeches.byu.edu ។