២០២០
គ្រួសារ​ដ៏​និរន្តរ៍​របស់​អាឡូនសូ
ខែ មេសា ឆ្នាំ ២០២០


គ្រួសារ​ដ៏​និរន្តរ៍​របស់​អាឡូនសូ

« ដ្បិត​ដំណាក់​នោះ​ជា​ទី​បរិសុទ្ធ ជាកន្លែង​យើង​ផ្សារ​ភ្ជាប់​គ្នា » ( សៀវភៅ​ចម្រៀង​កុមារ ៩៩ ) ។

« តើ​ខ្ញុំ​អាច​នៅ​ជាមួយ​នឹង​ម៉ាម៉ា និង​ប៉ាប៉ា​ម្ដង​ទៀត​ឬ ? »

រូបភាព
Alonsos Forever Family

បងស្រី​រូហាស​បាន​និយាយ​ថា « បុណ្យ​អ៊ីស្ទើរ​គឺ​ជា​ពេលវេលា​ដ៏​ល្អ​មួយ​ដើម្បី​គិត​អំពី​ព្រះយេស៊ូវ និង​ដើម្បី​ចងចាំ​ពី​ដង្វាយធួន​របស់​ទ្រង់ » ។ គាត់​បាន​កាន់​រូបភាព​របស់​ព្រះយេស៊ូវ​ឡើង ។ « ដោយសារ​ទ្រង់ មនុស្ស​ដែល​បាន​ស្លាប់​ទៅ​អាចរស់​ឡើង​វិញ​ម្ដងទៀត » ។

អាឡូនសូ​បាន​សម្លឹង​មើល ពេល​គ្រូបង្រៀន​ថ្នាក់​កុមារ​របស់​គាត់​បាន​និយាយ​យ៉ាង​នេះ ។ តើ​នោះ​មានន័យ​ថា ខ្ញុំ​អាច​ជួប​នឹង​ឪពុក​ម្ដាយ​ខ្ញុំ​ម្ដងទៀត​ឬ ? អាឡូនសូ​បាន​ឆ្ងល់ ។

ម៉ាម៉ា​បាន​ទទួល​មរណភាព​ជាច្រើន​ឆ្នាំ​កន្លង​មក​ហើយ ។ អាឡូនសូ​ពុំ​ចងចាំ​គាត់​ច្បាស់​ទេ ប៉ុន្តែ​គាត់​ចូលចិត្ត​មើល​រូបថតគាត់ ។ ក្រោយមក​ប៉ាប៉ា​ក៏​បាន​ទទួល​មរណភាព​ដែរ ។

ឥឡូវនេះ​អាឡូនសូ​រស់នៅ​ជាមួយ​អាប៊ូឡា ជា​យាយ​របស់​គាត់ ។ គាត់​បាន​បង្រៀន​អាឡូនសូ​អំពី​សាសនាចក្រ​របស់​គាត់ សាសនាចក្រ​នៃ​ព្រះ​យេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ អាឡូនសូ​នឹង​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ពិធី​បញ្ជាក់​នៅ​ឆ្នាំ​ក្រោយ ពេល​ដែល​គាត់​ធំ​ល្មម ។

បន្ទាប់​មក បងស្រី​រូហាស បាន​កាន់​រូបភាព​អគារ​ពណ៌ស​មួយ​ឡើង ។ « អំណោយ​ដ៏​អស្ចារ្យ​មួយ​ទៀត​ពី​ព្រះយេស៊ូវ​គឺ​ព្រះវិហារ​បរិសុទ្ធ ។ នេះ​ជា​ព្រះវិហារ​មួយ​នៅ​ក្នុង​ប្រទេស​ឈីលី​នេះ » ។

អាឡូនសូ​បាន​សម្លឹង​មើល​រូបសំណាក​ពណ៌​មាស​ដែល​នៅ​លើ​កំពូល​អគារ​នោះ ។ វា​ស្រស់ស្អាត ! គាត់​ឆ្ងល់​ថា​មាន​អ្វី​កើតឡើង​នៅ​ខាងក្នុង​នោះ ។

បងស្រី​រូហាស​បាន​និយាយ​ថា « ព្រះវិហារ​បរិសុទ្ធ​គឺ​ជា​កន្លែង​ដែល​គ្រួសារ​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​គ្នា​ជា​រៀង​រហូត » ។ « ព្រះវិហារ​បរិសុទ្ធ​នេះ​គឺនៅ​សាន់ទីអាហ្គោ ជា​កន្លែង​ដែល​ខ្ញុំ​បាន​ផ្សារភ្ជាប់​នឹង​ឪពុកម្ដាយ​ខ្ញុំ​បន្ទាប់​ពី​យើង​បាន​ចូលព្រះវិហារ ។ ដោយសារ​យើង​ត្រូវបាន​ផ្សារភ្ជាប់ នោះ​យើង​អាច​រស់នៅ​ជាមួយ​ពួកគាត់​សូម្បី​តែ​បន្ទាប់​ពី​ជីវិត​នេះ » ។

អាឡូនសូ​មាន​អារម្មណ៍​រំភើប​ពេល​គាត់​បានឮ​ដូច្នោះ ។ គាត់​បាន​សួរ​ថា « តើ​ខ្ញុំ​អាច​ផ្សារ​ភ្ជាប់​ជាមួយ​ឪពុក​ម្ដាយ​ខ្ញុំបាន​ទេ ? » « សូម្បី​តែ​ពួកគាត់​បាន​ទទួល​មរណភាព​ហើយ​នោះ ? »

បងស្រី​រូហាស​បាន​ងក់ក្បាល ។ « ចាស៎ ! វា​គឺ​ជា​មូលហេតុ​មួយ​ដែល​ព្រះវិហារ​បរិសុទ្ធ​គឺ​សំខាន់​ណាស់ ។ ព្រះវិហារ​បរិសុទ្ធ​ផ្ដល់​ពរ​ដល់​សមាជិក​គ្រួសារ​យើង​ទាំងអស់ រួម​ទាំង​អ្នក​ដែល​បាន​ទទួល​មរណភាព​ហើយ​ក្ដី » ។

អស់ពេញ​មួយ​ថ្ងៃ អាឡូនសូ​បន្ត​គិត​អំពី​ព្រះវិហារ​បរិសុទ្ធ ។ គាត់​បានសូម​យាយ​គាត់​ឲ្យ​បង្រៀន​គាត់​បន្ថែម​ទៀត ។ លោកយាយ​បាន​និយាយ​អំពី​សំលៀក​បំពាក់​ពណ៌ស ដែល​មនុស្ស​ស្លៀកពាក់​នៅ​ខាង​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង​សិល្បៈកម្ម​ដ៏​ស្រស់ស្អាត​នៅលើ​ជញ្ជាំង ។

លោកយាយ​បាន​និយាយ​ថា « អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ វា​ជា​កន្លែង​ដែល​ចៅ​អាច​ផ្សារភ្ជាប់​ជាមួយ​នឹង​ឪពុក​ម្ដាយ​ចៅ​បាន » ។ « យើង​សូម​មនុស្ស​ពីរនាក់​ពី​វួដ​ដើម្បី​តំណាង​ពួកគេ​អំឡុង​ពេល​ផ្សារភ្ជាប់ » ។

« តើ​យើង​អាច​ទៅ​ថ្ងៃ​ស្អែក​បានទេ ? » អាឡូនសូ​បាន​សួរ ។ « ខ្ញុំ​ចង់​នៅ​ជាមួយ​នឹង​ម៉ាម៉ា និង​ប៉ាប៉ា​ជា​រៀង​រហូត ! »

លោកយាយ​បាន​ញញឹម ។ គាត់​បាន​និយាយ​ថា « យាយ​សប្បាយចិត្ត​ណាស់​ដែល​ចៅ​ចង់​ទៅ » ។ « ប៉ុន្តែ​ព្រះវិហារ​បរិសុទ្ធ​ដែល​នៅ​ជិត​បំផុត​គឺ​នៅ​ខានស៊ិបស៊ីអន ។ យើង​គ្មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​សំបុត្រ​ឡាន​ក្រុង​របស់​យើង​ទេ » ។

« ខ្ញុំ​នឹង​ជួយ​សន្សំ​សម្រាប់​ការធ្វើ​ដំណើរ » ! អាឡូនសូ​បាន​និយាយ ។

តាំង​ពី​ពេល​នោះ​មក គ្រប់ពេល​ដែល​អាឡូនសូ​រើសបាន​កាក់​នៅ​តាម​ផ្លូវ ឬ​មាន​ឱកាស​ដើម្បី​រក​លុយ គាត់​បង់​ដង្វាយ​មួយ​ភាគ​ក្នុង​ដប់ ហើយ​បន្ទាប់​មក​ថែម​អ្វី​ដែល​នៅ​សល់​ទៅក្នុង​មូលនិធិ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ ។

នៅ​ទីបំផុត បន្ទាប់​ពី​ការសន្សំ​អស់​ជាច្រើន​ខែ អាឡូនសូ និង​លោកយាយ​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ ។ ពួកគេ​បាន​សូម​ដល់​បងប្រុស និង​បងស្រី​ស៊ីលវ៉ា ដើម្បី​មក​ជាមួយ​ពួកគេ ។ នៅ​ថ្ងៃ​នៃ​ការធ្វើ​ដំណើរ​នោះ ពួកគេ​បាន​ជិះ​រថយន្ត​ក្រុង​យ៉ាង​យូរ​ទៅកាន់​ទីក្រុង​ខានស៊ិបស៊ីអន ។ វា​ស្ទើរ​តែ​ជិត​ថ្ងៃ​លិច​ហើយ ពេល​ដែល​អាឡូនសូ​បាន​ឃើញ​អ្វីមួយ​ពណ៌មាស​ពី​ចំណាយ ។

« ខ្ញុំ​អាច​មើល​ឃើញ​ទេវតា​មរ៉ូណៃ ! » អាឡូនសូ​បាននិយាយ ដោយ​ចង្អុល​ទៅ​រូបសំណាក​នៅលើ​កំពូល​រាង​ក្រឡូម​ពណ៌ខៀវ​នៃ​ព្រះវិហារ​បរិសុទ្ធ ។

ពួកគេ​បាន​ចំណាយ​ពេល​មួយ​យប់​នៅក្នុង​ផ្ទះ​ស្នាក់​នៅ​ក្បែរ​ព្រះវិហារ​បរិសុទ្ធ ។ ពេល​ព្រឹក​ឡើង អាឡូនសូ​​បានចូល​ទៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​លើក​ដំបូង ។ គាត់​បានឃើញ​រូបភាព​ដ៏​ធំ​មួយ​របស់​ព្រះយេស៊ូវ ។ គាត់ និង​យាយ​បាន​ស្លៀកពាក់​ពណ៌ស ។ គាត់​មាន​អារម្មណ៍​រីករាយ និង​សុខសាន្ត ។

ពេល​ដល់​ពេល​ផ្សារភ្ជាប់ អាឡូនសូ​បាន​ដើរ​ចូល​ទៅក្នុង​បន្ទប់​ដ៏​ស្រស់ស្អាត​មួយ​ដោយ​មាន​កញ្ចក់​នៅលើ​ជញ្ជាំង ។ អ្នក​ធ្វើការ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​បាន​បង្ហាញ​អាឡូនសូ លោកយាយ និង​បងប្រុស​បងស្រី​ស៊ីលវ៉ា ពី​របៀប​លុត​ជង្គង់​នៅ​ជុំវិញ​តុពិសេស​មួយ​ដែល​ហៅ​ថា​អាសនៈ ។ វា​គ្រប់ដណ្ដប់​ដោយ​ក្រណាត់​ដ៏​ទន់ ។

បង​ប្រុស និង​បង​ស្រី​ស៊ីលវ៉ា​បាន​នៅ​ទីនោះ​ជំនួស​ឲ្យ​ឪពុក​ម្ដាយ​អាឡូនសូ ។ លោកយាយ​បាន​នៅទីនោះ​សម្រាប់​បងស្រី​របស់​អាឡូនសូ ដែល​បាន​ស្លាប់​តាំង​ពីមុន​អាឡូនសូ​បាន​កើត​ម្ល៉េះ ។

ដោយ​បិទ​ភ្នែក​គាត់ អាឡូនសូ​បាន​ស្រមៃ​ពី​គ្រួសារ​គាត់​ជួបជុំ​គ្នា ។

អាឡូនសូ​បាន​គិត​ថា ខ្ញុំ​ទន្ទឹង​ចាំ​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ជួប​ពួកគាត់​ម្ដង​ទៀត ។ ខ្ញុំ​មាន​អំណរគុណ ដែល​​ក្រុម​គ្រួសារ​អាច​រស់នៅ​ជាមួយ​គ្នា​ជា​និរន្ដរ៍ ។

រូបភាព​ដោយ ម៉ាក ចាមែន