ព្រះគម្ពីរ
    អាលម៉ា 17
    កំណត់ចំណាំ​នៅ​បាត
    បាវចនា

    ដំណើរ​រឿង​របស់​ពួក​បុត្រា​នៃ​ម៉ូសាយ ដែល​បាន​បដិសេធ​សិទ្ធិ​របស់​គេ​ក្នុង​ការ​ទទួល​នគរ ព្រោះ​តែ​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​បាន​ឡើង​ទៅ​ដែនដី​នីហ្វៃ ដើម្បី​ទៅ​ប្រកាស​ប្រាប់​ពួក​លេមិន សេចក្ដី​វេទនា​ទាំង​ឡាយ និង​ការ​ដោះ​លែង​របស់​ពួក​គេ — ស្រប​តាម​បញ្ជី​របស់​អាលម៉ា។

    មាន​រួម​ពី​ជំពូក​ទី ១៧ ដល់ ២៧។

    ជំពូក​ទី ១៧

    ពួក​បុត្រា​នៃ​ម៉ូសាយមាន​ប្រកប​ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​វិវរណៈ — ពួក​គេ​ទៅ​ផ្លូវ​រៀងៗ​ខ្លួន ទៅ​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​ដល់​ពួក​លេមិន — អាំម៉ូន​ទៅ​ដែនដី​អ៊ីសម៉ាអែល ហើយ​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ស្ដេច​ឡាម៉ូណៃ — អាំម៉ូន​ជួយសង្គ្រោះ​ហ្វូង​ចៀម​របស់​ស្ដេច ហើយ​សម្លាប់​ពួក​ខ្មាំងសត្រូវ​របស់​ទ្រង់​នៅ​ត្រង់​ទឹក​ស៊ីប៊ុស។ ខ​ទី ១–៣, ប្រមាណ​ជា​ឆ្នាំ ៧៧ ម.គ.ស. ខ​ទី ៤, ប្រមាណ​ជា​ឆ្នាំ ៩១–៧៧ ម.គ.ស. ហើយ​ខ​ទី ៥–៣៩, ប្រមាណ​ជា​ឆ្នាំ ៩១ ម.គ.ស.។

    ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​អាលម៉ា​កំពុងតែ​ធ្វើ​ដំណើរ​ពី​ដែនដី​គេឌាន ទៅ​ឯ​ទិស​ខាង​ត្បូង គឺ​ឆ្ពោះ​ទៅ​រក​ដែនដី​ម៉ាន់តៃ មើល​ចុះ លោក​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង​ដោយ​បាន​ជួប​នឹង​ពួក​បុត្រា​នៃ​ម៉ូសាយ ដែល​កំពុងតែ​ធ្វើ​ដំណើរ​ទៅ​ដែនដី​សារ៉ាហិមឡា។

    ឥឡូវ​នេះ ពួក​បុត្រា​នៃ​ម៉ូសាយ​ទាំង​នេះ បាន​នៅ​ជាមួយ​នឹង​អាលម៉ា នៅ​ពេល​ដែល​ទេវតា​បាន​លេច​មក​ជា​លើក​ដំបូង​ដល់​លោក ហេតុ​ដូច្នេះ​ហើយ អាលម៉ា​បាន​អរ​រីករាយ​ជា​ខ្លាំង នៅ​ពេល​បាន​ជួប​បង​ប្អូន​របស់​លោក​ទៀត រីឯ​សេចក្ដី​អំណរ​របស់​លោក​កាន់តែ​កើន​ឡើង​ថែម​ទៀត ព្រោះ​ពួក​គេ​នៅ​ជា​បង​ប្អូន​របស់​លោក​ក្នុង​ព្រះ​អម្ចាស់​នៅ​ឡើយ មែន​ហើយ ពួក​គេ​បាន​មាំមួន​នៅ​ក្នុង​ការ​ស្គាល់​ពី​សេចក្ដី​ពិត ព្រោះ​ពួក​គេ​ជា​មនុស្ស​ដែល​មាន​យោបល់​ដ៏​ជ្រាលជ្រៅ ហើយ​គេ​បាន​ព្យាយាម​ពិចារណា​មើល​បទគម្ពីរ ដើម្បី​ឲ្យ​គេ​អាច​ស្គាល់​ព្រះ​បន្ទូល​នៃ​ព្រះ។

    ប៉ុន្តែ​នេះ​ពុំ​ទាន់​អស់​នៅ​ឡើយ​ទេ ពួក​គេ​បាន​ប្រគល់​ខ្លួន​ទៅ​ក្នុង​ការ​អធិស្ឋាន និង​ការ​តម​អាហារ​ជា​ច្រើន ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ប្រកប​ដោយ​វិញ្ញាណ​នៃ​ការ​ព្យាករណ៍ និង​វិញ្ញាណ​នៃ​វិវរណៈ ហើយ​កាលណា​គេ​បង្រៀន គឺ​គេ​បង្រៀន​ដោយ​អានុភាព និង​សិទ្ធិ​អំណាច​ពី​ព្រះ។

    ហើយ​ពួក​គេ​បាន​បង្រៀន​ព្រះ​បន្ទូល​នៃ​ព្រះ​អស់​រយៈ​ពេល​ដប់​បួន​ឆ្នាំ​នៅ​ក្នុង​ចំណោម​ពួក​លេមិន ដោយ​បាន​ទាំង​ទទួល​ការ​ជោគ​ជ័យ​ជា​ច្រើន​ក្នុង​ការ​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​បាន​ស្គាល់​ពី​សេចក្ដី​ពិត មែន​ហើយ ដោយ​អំណាច​នៃ​ពាក្យ​របស់​គេ នោះ​មនុស្ស​ជា​ច្រើន​ត្រូវ​បាន​នាំ​ទៅ​ខាង​មុខ​អាសនា​នៃ​ព្រះ ដើម្បី​អំពាវនាវ​ដល់​ព្រះ​នាម​ទ្រង់ ហើយ​ទទួល​សារ​ភាព​នូវ​អំពើ​បាប​ទាំង​ឡាយ​របស់​គេ​នៅ​ចំពោះ​ទ្រង់។

    ឥឡូវ​នេះ នេះ​គឺជា​កាលៈទេសៈ ដែល​បាន​កើត​ឡើង​ដល់​គេ​ក្នុង​ការ​ធ្វើ​ដំណើរ ព្រោះ​គេ​មាន​ការ​វេទនា​ជា​ច្រើន គេ​បាន​រង​ទុក្ខ​ជា​ច្រើន ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ដូច​ជា​ការ​អត់ឃ្លាន ការ​ស្រេក និង​ការ​នឿយហត់ ព្រម​ទាំង​ការ​នឿយហត់​ខាង​ផ្លូវ​វិញ្ញាណ​ផង។

    ឥឡូវ​នេះ នេះ​គឺ​ដំណើរ​របស់​គេ ៖ ក្រោយ​ពី​បាន​លា​បិតា​ខ្លួន គឺ​ម៉ូសាយ នៅ​ឆ្នាំ​ទី​មួយ​នៃ​រជ្ជកាល​នៃ​ពួក​ចៅក្រម ដោយ​បាន​ប្រកែក​មិន​ព្រម​ទទួល​នគរ ដែល​បិតា​គេ​ចង់​ប្រគល់​ឲ្យ​គេ ឯ​បំណង​របស់​ប្រជាជន​ក៏​ដូច្នោះ​ដែរ

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​គេ​បាន​ចាក​ចេញ​ពី​ដែនដី​សារ៉ាហិមឡា​ទៅ ហើយ​បាន​យក​ដាវ​របស់​គេ លំពែង​របស់​គេ ធ្នូ​របស់​គេ ព្រួញ​របស់​គេ និង​ខ្សែ​ដង្ហក់​របស់​គេ​ទៅ​ផង ហើយ​គេ​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​គេ​អា​ចរក​អាហារ​សម្រាប់​ខ្លួន​គេ​ពេល​នៅ​ក្នុង​ទី​រហោស្ថាន។

    ម្ល៉ោះ​ហើយ ពួក​គេ​បាន​ចេញ​ទៅ​ក្នុង​ទី​រហោស្ថាន​ជាមួយ​នឹង​មនុស្ស​មួយ​ចំនួន ដែល​គេ​បាន​រើស ដើម្បី​ឡើង​ទៅ​ឯ​ដែនដី​នីហ្វៃ គឺ​ទៅ​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​នៃ​ព្រះ​ដល់​ពួក​លេមិន។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ធ្វើ​ដំណើរ​អស់​ជា​ច្រើន​ថ្ងៃ​នៅ​ក្នុង​ទី​រហោស្ថាន ហើយ​គេ​បាន​តម​អាហារ​ជា​ខ្លាំង ហើយ​បាន​អធិស្ឋាន​ជា​ខ្លាំង ដើម្បី​សូម​ឲ្យ​ព្រះ​អម្ចាស់ ទ្រង់​ប្រទាន​ចំណែក​នៃ​ព្រះ​វិញ្ញាណ​របស់​ទ្រង់​ដល់​គេ ឲ្យ​ទៅ​ជាមួយ​នឹង​គេ ហើយ​ស្ថិតនៅ​ជាមួយ​នឹង​គេ ដើម្បី​ឲ្យ​គេ​អាច​បាន​ទៅ​ជា​គ្រឿង​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ប្រសិនបើ​មាន​លទ្ធ​ភាព គឺ​ដើម្បី​នាំ​បង​ប្អូន​គេ គឺ​ពួក​លេមិន​ឲ្យ​ស្គាល់​សេចក្ដី​ពិត ឲ្យ​ស្គាល់​នូវ​សេចក្ដី​អាក្រក់​នៃ​សណ្ដាប់​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ​របស់​គេ ដែល​ជា​សណ្ដាប់​មិន​ត្រឹម​ត្រូវ។

    ១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​យាង​មក​រក​គេ ដោយ​ព្រះ​វិញ្ញាណ​របស់​ទ្រង់ ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា ៖ ចូរ​ក្សាន្ត​ចិត្ត​ចុះ ហើយ​ពួក​គេ​ក៏​បាន​ក្សាន្ត​ចិត្ត​ទៅ។

    ១១ហើយ​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​គេ​ដែរ​ថា ៖ ចូរ​ទៅ​ក្នុង​ចំណោម​ពួក​លេមិន ដែល​ជា​បង​ប្អូន​អ្នក ហើយ​តាំង​ពាក្យ​របស់​យើង​ចុះ តែ​អ្នក​ត្រូវ​អត់ធន់​ក្នុង​ការ​អត់ធ្មត់ និង​ការ​ឈឺ​ចាប់ ដើម្បី​អ្នក​អាច​បង្ហាញ​នូវ​គំរូ​ល្អ​ទាំង​ឡាយ​ដល់​ពួក​គេ​ក្នុង​យើង ហើយ​យើង​នឹង​យក​អ្នក​ធ្វើ​ជា​គ្រឿង​ឧបករណ៍​មួយ​ក្នុង​ដៃ​យើង​ដល់​ការ​សង្គ្រោះ​ព្រលឹង​ជា​ច្រើន។

    ១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ចិត្ត​របស់​ពួក​បុត្រា​នៃ​ម៉ូសាយ ព្រម​ទាំង​ជន​ទាំង​ឡាយ​ដែល​នៅ​ជាមួយ​នឹង​គេ ក៏​មាន​សេចក្ដី​ក្លាហាន​ឡើង​ដើម្បី​ទៅ​ជួប​នឹង​ពួក​លេមិន ដើម្បី​ប្រកាស​ប្រាប់​គេ​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ។

    ១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​មក​ដល់​ព្រំប្រទល់​ដែនដី​នៃ​ពួក​លេមិន​ហើយ នោះ​គេ​បាន​បែក​គ្នា ហើយ​បាន​ដើរ​ចេញ​ពី​គ្នា​រៀងៗ​ខ្លួន ដោយ​ទុកចិត្ត​ទៅ​លើ​ព្រះ​អម្ចាស់​ថា ពួក​គេ​នឹង​ជួប​គ្នា​ទៀត​នៅ​ពេល​ចប់​រដូវ​ច្រូតកាត់ ព្រោះ​គេ​បាន​សន្និដ្ឋាន​ថា កិច្ច​ការ​ដែល​គេ​បាន​ទទួល​ធ្វើ​នេះ មាន​ទំហំ​ធំ​ធេង​ណាស់។

    ១៤ហើយ​ការ​នេះ​ជា​ការ​ធំ​ប្រាកដ​មែន ព្រោះ​ពួក​គេ​បាន​ទទួល​ភារកិច្ច​ដើម្បី​ទៅ​ប្រកាស​ប្រាប់​ព្រះ​បន្ទូល​នៃ​ព្រះ​ដល់​ប្រជាជន​មួយ ដែល​ព្រៃ​ផ្សៃ រឹងរូស និង​សាហាវ ជា​ប្រជាជន​មួយ​ដែល​ចូល​ចិត្ត​ក្នុង​ការ​ធ្វើ​ឃាត​កម្ម​ដល់​ពួក​នីហ្វៃ និង​ការ​លួច​ប្លន់​គេ ហើយ​ចិត្ត​គេ​ត្រូវ​បាន​ភ្ជាប់​ទៅ​លើ​ទ្រព្យសម្បត្តិ ឬ​ទៅ​លើ​មាស និង​ប្រាក់ និង​ត្បូង​ដ៏​មាន​តម្លៃ តែ​គេ​តែងតែ​ស្វែងរក​របស់​ទាំង​នេះ ដោយ​ការ​ធ្វើ​ឃាតកម្ម និង​ការ​លួច​ប្លន់ ដែល​គេ​មិន​ចាំ​បាច់​ធ្វើ​ការ​នឿយហត់ ដើម្បី​រក​របស់​ទាំង​នោះ​ដោយ​ដៃ​ឯង​ឡើយ។

    ១៥ម្ល៉ោះ​ហើយ ពួក​គេ​ជា​ប្រជាជន​មួយ​ដ៏​ខ្ជិលច្រអូស ពួក​គេ​ជា​ច្រើន​បាន​ថ្វាយ​បង្គំ​រូប​ព្រះ ហើយ​បណ្ដា​សា​នៃ​ព្រះ​បាន​ធ្លាក់​មក​លើ​ពួក​គេ ពី​ព្រោះ​តែ​សណ្ដាប់​ទាំង​ឡាយ​នៃ​ពួក​អយ្យកោ​គេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​សេចក្ដី​សន្យា​នៃ​ព្រះ​អម្ចាស់ ក៏​ប្រទាន​ដល់​ពួក​គេ​ដែរ កាលណា​គេ​ប្រែចិត្ត។

    ១៦ហេតុ​ដូច្នេះ​ហើយ នេះ​គឺជា​មូលហេតុ ដែល​នាំ​ឲ្យ​ពួក​បុត្រា​នៃ​ម៉ូសាយ​បាន​ទទួល​ធ្វើ​កិច្ចការ​នេះ ក្រែង​ពួក​គេ​អាច​នាំ​ឲ្យ​មាន​ការ​ប្រែចិត្ត​ដល់​គេ​ផង ក្រែង​ពួក​គេ​អាច​នាំ​គេ​ឲ្យ​ស្គាល់​ផែនការ​នៃ​សេចក្ដី​ប្រោស​លោះ។

    ១៧ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​បែក​គ្នា ហើយ​បាន​ចេញ​ទៅ​ក្នុង​ចំណោម​ពួក​គេ​រៀងៗ​ខ្លួន តាម​ព្រះ​បន្ទូល និង​តាម​ព្រះ​ចេស្ដា​នៃ​ព្រះ ដែល​បាន​ប្រទាន​ដល់​គេ។

    ១៨ឥឡូវ​នេះ អាំម៉ូន ធ្វើ​ជា​មេដឹកនាំ​គេ ឬ​បើ​និយាយ​ឲ្យ​ចំ គឺ​លោក​បាន​ធ្វើ​ការងារ​បម្រើ​ពួក​គេ ហើយ​លោក​បាន​ចាក​ចេញ​ពី​គេ​ទៅ បន្ទាប់​ពី​បាន​ប្រទាន​ពរ​ដល់​គេ​តាម​តំណែង​នានា​របស់​គេ ដោយ​បាន​រំលែក​នូវ​ព្រះ​បន្ទូល​នៃ​ព្រះ​ដល់​គេ ឬ​បាន​ធ្វើ​ការងារ​បម្រើ​គេ​មុន ពេល​លោក​ចេញ​ដំណើរ​ទៅ ហើយ​ដោយ​របៀប​នេះ គេ​បាន​ធ្វើ​ដំណើរ​រៀងៗ​ខ្លួន​ទូ​ទៅ​ទាំង​ដែនដី។

    ១៩ហើយ​អាំម៉ូន​បាន​ទៅ​ដែនដី​អ៊ីសម៉ាអែល ជា​ដែនដី​ដែល​បាន​ហៅ​តាម​ឈ្មោះ​ពួក​កូន​ប្រុស​របស់​អ៊ីសម៉ាអែល ដែល​បាន​ក្លាយ​ទៅ​ជា​ពួក​សាសន៍​លេមិន​ដែរ។

    ២០ហើយ​កាល​អាំម៉ូន​បាន​ចូល​ទៅ​ក្នុង​ដែនដី​អ៊ីសម៉ាអែល នោះ​ពួក​លេមិន​បាន​ចាប់​លោក ហើយ​ចង​លោក តាម​សណ្ដាប់​របស់​ពួក​គេ​គឺ​ចង​សាសន៍​នីហ្វៃ​ទាំង​អស់​ណា ដែល​ធ្លាក់​មក​ក្នុង​កណ្ដាប់​ដៃ​របស់​គេ ហើយ​ក៏​នាំ​យក​ទៅ​ទូល​ស្ដេច ម្ល៉ោះ​ហើយ តាម​តែ​ព្រះ​ទ័យ​ស្ដេច ទោះ​ជា​ចង់​សម្លាប់​ពួក​គេ ឬ​ទុក​ពួក​គេ​ឲ្យ​នៅ​ក្នុង​ការ​ជាប់​ឃុំឃាំង ឬ​យក​ពួក​គេ​ទៅ​ដាក់​គុក ឬ​ដេញ​ពួក​គេ​ចេញ​ក្រៅ​ដែនដី​ក្ដី ក៏​ស្រេច​តែ​បំណង និង​ព្រះ​ទ័យ​របស់​ស្ដេច។

    ២១ម្ល៉ោះ​ហើយ អាំម៉ូន​ក៏​ត្រូវ​បាន​នាំ​ទៅ​ចំពោះ​ស្ដេច ដែល​ត្រួតត្រា​លើ​ដែនដី​អ៊ីសម៉ាអែល ហើយ​ទ្រង់​មាន​ព្រះ​នាម​ថា ឡាម៉ូណៃ ហើយ​ទ្រង់​ត្រូវ​ជា​ពូជ​ពង្ស​របស់​អ៊ីសម៉ាអែល។

    ២២ហើយ​ស្ដេច​ក៏​សួរ​អាំម៉ូន ចង់​ដឹង​ថា​តើ​លោក​ចង់​អាស្រ័យ​នៅ​ក្នុង​ដែនដី​ក្នុង​ចំណោម​ពួក​លេមិន ឬ​ក្នុង​ចំណោម​ប្រជាជន​របស់​ទ្រង់​ឬ​ទេ។

    ២៣ហើយ​អាំម៉ូន​ទូល​ទៅ​ទ្រង់​ថា ៖ ព្រះ​ពរ ទូលបង្គំ​ចង់​អាស្រ័យ​នៅ​ក្នុង​ចំណោម​ប្រជាជន​នេះ​មួយ​រយៈ​ពេល​ដែរ មែន​ហើយ គឺ​ប្រហែលជា​រហូត​ដល់​ថ្ងៃ​ទូលបង្គំ​ស្លាប់។

    ២៤ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​ឡាម៉ូណៃ​សព្វ​ព្រះ​ទ័យ​នឹង​អាំម៉ូន ហើយ​បាន​បញ្ជា​ឲ្យ​ស្រាយចំណង​លោក​ចេញ ហើយ​ទ្រង់​ចង់​ឲ្យ​អាំម៉ូន​យក​បុត្រី​របស់​ទ្រង់​ម្នាក់​ធ្វើ​ជា​ភរិយា។

    ២៥តែ​អាំម៉ូន​ទូល​ទៅ​ទ្រង់​ថា ៖ ទេ តែ​ទូលបង្គំ​នឹង​ធ្វើ​ជា​អ្នក​បម្រើ​របស់​ទ្រង់​វិញ។ ហេតុ​ដូច្នេះ​ហើយ អាំម៉ូន​បាន​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ស្ដេច​ឡាម៉ូណៃ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​ត្រូវ​ចាត់​ឲ្យ​ទៅ​ឃ្វាល​ហ្វូង​ចៀម​របស់​ឡាម៉ូណៃ​ជាមួយ​នឹង​ពួក​អ្នក​បម្រើ​ឯ​ទៀត តាម​សណ្ដាប់​របស់​ពួក​លេមិន​ទៅ។

    ២៦ហើយ​ក្រោយ​ពី​លោក​បាន​បម្រើ​ស្ដេច​អស់​បី​ថ្ងៃ នៅ​ពេល​ដែល​លោក​នៅ​ជាមួយ​នឹង​ពួក​អ្នក​បម្រើ​សាសន៍​លេមិន​ឯ​ទៀត កំពុង​តែ​នាំ​ហ្វូង​ចៀម​ទៅ​កាន់​កន្លែង​ដែល​មាន​ទឹក ដែល​បាន​ហៅ​ថា ទឹក​ស៊ីប៊ុស គឺជា​កន្លែង​ដែល​ពួក​លេមិន​ទាំង​អស់​នាំ​ហ្វូង​ចៀម​គេ​ទៅ​ផឹកទឹក​ដែរ —

    ២៧ហេតុ​ដូច្នេះ​ហើយ កាល​អាំម៉ូន និង​ពួក​អ្នក​បម្រើ​របស់​ស្ដេច កំពុងតែ​នាំ​ហ្វូង​ចៀម​ទៅ​កាន់​កន្លែង​ដែល​មាន​ទឹក​នោះ មើល​ចុះ មាន​ពួក​លេមិន​មួយ​ចំនួន​ដែល​បាន​នាំ​ហ្វូង​ចៀម​របស់​គេ​ទៅ​រក​ទឹក​នោះ​ដែរ បាន​ក្រោក​ឈរ​ឡើង ហើយ​បាន​ដេញ​បង្អើល​ហ្វូង​ចៀម​របស់​អាំម៉ូន និង​ពួក​អ្នក​បម្រើ​របស់​ស្ដេច ហើយ​គេ​ធ្វើ​ឲ្យ​ចៀម​ទាំង​ឡាយ​រត់​បែកខ្ញែក​ទៅ​គ្រប់​ទិសទី។

    ២៨ឥឡូវ​នេះ ពួក​អ្នក​បម្រើ​របស់​ស្ដេច ក៏​ចាប់​ផ្ដើម​រអ៊ូរទាំ​ថា ៖ ឥឡូវ​នេះ ស្ដេច​នឹង​សម្លាប់​យើង​ហើយ ដូច​ជា​ទ្រង់​ធ្លាប់​បាន​សម្លាប់​បង​ប្អូន​យើង​ឯ​ទៀត​ដែរ ពី​ព្រោះ​ហ្វូង​ចៀម​គេ​ត្រូវ​ខ្ចាត់ខ្ចាយ​ដោយ​អំពើ​ទុច្ចរិត​របស់​ពួក​មនុស្ស​ទាំង​នេះ។ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​យំ​ជា​ខ្លាំង​ថា ៖ មើល​ចុះ ហ្វូង​ចៀម​របស់​យើង​ត្រូវ​ខ្ចាត់ខ្ចាយ​អស់​ហើយ។

    ២៩ឥឡូវ​នេះ ពួក​គេ​បាន​យំ​ព្រោះ​ខ្លាច​ត្រូវ​ប្រហារ​ចោល។ ឥឡូវ​នេះ កាល​អាំម៉ូន​បាន​ឃើញ​ការណ៍​នេះ ចិត្ត​លោក​រីក​ឡើង​ដោយ​សេចក្ដី​អំណរ ព្រោះ​លោក​និយាយ​ថា ខ្ញុំ​នឹង​បង្ហាញ​អំណាច​របស់​ខ្ញុំ​ដល់​ពួក​អ្នក​បម្រើ​ទូ​ទៅ​ដូច​រូប​ខ្ញុំ​ទាំង​នេះ ឬ​ក៏​អំណាច​ដែល​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ក្នុង​ការ​នាំ​ហ្វូង​ចៀម​ទាំង​នេះ​មក​ឲ្យ​ស្ដេច​វិញ ដើម្បី​ខ្ញុំ​អាច​យក​ចិត្ត​ពួក​អ្នក​បម្រើ​ទូ​ទៅ​ដូច​រូប​ខ្ញុំ​នេះ ដើម្បី​ខ្ញុំ​អាច​ដឹកនាំ​ពួក​គេ​ឲ្យ​ជឿ​ដល់​ពាក្យ​ពេចន៍​របស់​ខ្ញុំ​ផង។

    ៣០ហើយ​ឥឡូវ​នេះ នេះ​គឺជា​ការ​គិត​របស់​អាំម៉ូន កាលដែល​លោក​បាន​ឃើញ​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​ទាំង​នោះ ដែល​លោក​បាន​ចាត់​ទុក​ថា​ជា​បង​ប្អូន​របស់​លោក។

    ៣១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​បាន​លួងលោម​គេ​ដោយ​ពាក្យ​សម្ដី​លោក​ថា ៖ ឱ​បង​ប្អូន​ទាំង​ឡាយ​របស់​ខ្ញុំ​អើយ ចូរ​មាន​សេចក្ដី​សង្ឃឹម​ចុះ ហើយ​ចូរ​យើង​នាំ​គ្នា​ទៅ​រក​ហ្វូង​ចៀម នោះ​យើង​នឹង​ប្រមូល​ពួក​វា​មក​វិញ ហើយ​នាំ​វា​ទៅ​ឯ​កន្លែង​ដែល​មាន​ទឹក​ចុះ ហើយ​ដោយ​បែប​នេះ យើង​នឹង​រក្សា​ហ្វូង​ចៀម​ឲ្យ​ស្ដេច ហើយ​ទ្រង់​នឹង​ពុំ​សម្លាប់​យើង​ចោល​ឡើយ។

    ៣២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​ទៅ​រក​ហ្វូង​ចៀម​ទាំង​នោះ ហើយ​ពួក​គេ​បាន​ដើរ​តាម​អាំម៉ូន ហើយ​គេ​បាន​រត់​យ៉ាង​លឿន ហើយ​បាន​ស្ទាក់​មុខ​ហ្វូង​ចៀម​ទាំង​ឡាយ​របស់​ស្ដេច ហើយ​បាន​ប្រមូល​ហ្វូង​ចៀម​ទាំង​នោះ​មក​វិញ​ទៀត ហើយ​បាន​នាំ​ទៅ​កាន់​កន្លែង​ដែល​មាន​ទឹក។

    ៣៣ហើយ​ពួក​ជន​ទាំង​នោះ ក៏​ក្រោក​ឡើង​បង្អើល​ហ្វូង​ចៀម​របស់​គេ​ទៀត តែ​អាំម៉ូន​ពោល​ទៅ​កាន់​បង​ប្អូន​លោក​ថា ៖ ចូរ​ហ៊ុម​ជុំវិញ​ហ្វូង​ចៀម​កុំ​ឲ្យ​វា​រត់​បាន ហើយ​ខ្ញុំ​នឹង​ទៅ​តតាំង​ជាមួយ​នឹង​ជន​ទាំង​នេះ ដែល​បង្អើល​ហ្វូង​ចៀម​របស់​យើង។

    ៣៤ហេតុ​ដូច្នេះ​ហើយ ពួក​គេ​បាន​ធ្វើ​តាម​បង្គាប់​របស់​អាំម៉ូន ហើយ​លោក​បាន​ចេញ​ទៅ​តតាំង​នឹង​ពួក​ជន ដែល​ឈរ​នៅ​ក្បែរ​ទឹក​ស៊ីប៊ុស ឯ​ពួក​នោះ​មាន​គ្នា​មិន​តិច​ទេ។

    ៣៥ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ពុំ​ខ្លាច​អាំម៉ូន​សោះ ព្រោះ​គេ​បាន​គិត​ស្មាន​ថា ពួក​គេ​តែ​ម្នាក់​ក៏​អាច​សម្លាប់​លោក តាម​ទំនើងចិត្ត​គេ​បាន​ដែរ ព្រោះ​ពួក​គេ​ពុំ​ដឹង​ថា ព្រះ​ទ្រង់​បាន​សន្យា​នឹង​ម៉ូសាយ​ថា ទ្រង់​នឹង​ដោះ​ពួក​បុត្រា​លោក​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​ពួក​គេ ហើយ​ពួក​គេ​ក៏​ពុំ​បាន​ដឹង​អ្វី​ទាល់​តែ​សោះ​អំពី​ព្រះ​អម្ចាស់ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​ចូល​ចិត្ត​ក្នុង​ការ​បំផ្លិចបំផ្លាញ​បង​ប្អូន​គេ ហើយ​ដោយ​ហេតុ​នេះ បាន​ជា​គេ​ឈរ​ចាំ​បង្អើល​ហ្វូង​ចៀម​របស់​ស្ដេច។

    ៣៦តែ​អាំម៉ូន​បាន​ក្រោក​ឈរ​ឡើង ហើយ​បាន​ចាប់​ផ្ដើម​បាញ់​ក្រួស​ទៅ​លើ​គេ​នឹង​ខ្សែ​ដង្ហក់​របស់​លោក មែន​ហើយ លោក​បាន​បាញ់​ក្រួស​ទៅ​លើ​គេ​ដោយ​អំណាច​ដ៏​ខ្លាំង ហើយ​ហេតុ​នេះ លោក​បាន​សម្លាប់​ពួក​គេ​មួយ​ចំនួន រហូត​ដល់​ធ្វើ​ឲ្យ​ពួក​គេ​បាន​ចាប់​ផ្ដើម​មាន​សេចក្ដី​អស្ចារ្យ​នឹង​អានុភាព​របស់​លោក ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ខឹង​ដែរ មក​ពី​បង​ប្អូន​គេ​ត្រូវ​ស្លាប់ ហើយ​ពួក​គេ​តាំងចិត្ត​ថា នឹង​រំលំ​លោក ហេតុ​ដូច្នេះ​ហើយ ដោយ​ឃើញ​ថា ពួក​គេ​មិន​អាច​បាញ់​ក្រួស​ត្រូវ​លោក​ទេ នោះ​គេ​ក៏​វាយ​លោក​នឹង​ដំបង ដើម្បី​សម្លាប់​លោក​ចោល។

    ៣៧ប៉ុន្តែ​មើល​ចុះ នៅ​ពេល​មនុស្ស​ម្នាក់​លើក​ដំបង​ឡើង​វាយ​អាំម៉ូន នោះ​លោក​ក៏​កាត់​ដៃ​គេ ដោយ​ដាវ​របស់​លោក ត្បិត​លោក​បាន​ទប់​នឹង​ការ​វាយ​របស់​គេ ដោយ​កាប់​ដៃ​គេ​នឹង​មុខ​ដាវ​របស់​លោក ដរាប​ដល់​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​ផ្ដើម​មាន​សេចក្ដី​អស្ចារ្យ​ជា​ខ្លាំង ហើយ​បាន​ចាប់​ផ្ដើម​រត់គេច​ពី​លោក មែន​ហើយ ហើយ​ពួក​គេ​ពុំ​មែន​មាន​ចំនួន​តិច​ទេ ហើយ​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​រត់​ដោយ​កម្លាំង​ដៃ​របស់​លោក។

    ៣៨ឥឡូវ​នេះ ពួក​គេ​ចំនួន​ប្រាំមួយ​នាក់​ដែល​ត្រូវ​ដួល​ដោយ​សារ​ខ្សែ​ដង្ហក់ តែ​លោក​មិន​បាន​សម្លាប់​នរណា​ម្នាក់​ដោយ​ដាវ​របស់​លោក​ឡើយ លើក​លែង​តែ​អ្នក​នាំ​មុខ​ប៉ុណ្ណោះ ហើយ​លោក​បាន​កាត់​ដៃ​របស់​ពួក​គេ នៅ​ពេល​គេ​លើកដៃ​មក​វាយ​លោក ហើយ​ដៃ​ទាំង​នោះ​ពុំ​មែន​តិច​ទេ។

    ៣៩ហើយ​កាលដែល​លោក​បាន​រុញច្រាន​ពួក​គេ​ទៅ​ឆ្ងាយ​ហើយ នោះ​លោក​ក៏​ត្រឡប់​មក​វិញ ហើយ​គេ​បាន​ឲ្យ​ហ្វូង​ចៀម​របស់​គេ​ផឹកទឹក ហើយ​ក៏​នាំ​ហ្វូង​ចៀម​ត្រឡប់​ទៅ​វាលស្មៅ​របស់​ស្ដេច​វិញ រួច​ហើយ​បាន​ទៅ​គាល់​ស្ដេច ដោយ​បាន​យកដៃ​ទាំង​ឡាយ​ដែល​បាន​កាត់​ផ្ដាច់​ដោយ​ដាវ​របស់​អាំម៉ូន គឺជា​ដៃ​របស់​ពួក​ដែល​រក​សម្លាប់​លោក​ចោល ហើយ​ដៃ​ទាំង​នោះ​ត្រូវ​បាន​នាំ​យក​ទៅ​គាល់​ស្ដេច ដើម្បី​ជាទី​បន្ទាល់​ដល់​ការណ៍​ដែល​បាន​ធ្វើ​មក៕