ព្រះគម្ពីរ
នីហ្វៃ ទី ២ 4


ជំពូក​ទី ៤

លីហៃ​ទូន្មាន ហើយ​ឲ្យ​ពរ​ដល់​កូន​ចៅ​របស់​លោក — លោក​ស្លាប់ ហើយ​បាន​បញ្ចុះ — នីហ្វៃ​សរសើរ​តម្កើង​ចំពោះ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ ដែល​ប្រទាន​ដល់​លោក — នីហ្វៃ​ទុកចិត្ត​លើ​ព្រះ​អម្ចាស់​ដរាប​តទៅ។ ប្រមាណ​ជា​ឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ និយាយ​ពី​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ ដែល​ឪពុក​ខ្ញុំ​បាន​និយាយ​អំពី​យ៉ូសែប ដែល​ត្រូវ​ចាប់​យក​ទៅ​ស្រុក​អេស៊ីព្ទ។

ត្បិត​មើល​ចុះ លោក​បាន​ព្យាករ​យ៉ាង​ពិត​ប្រាកដ អំពី​ពូជ​របស់​លោក។ ហើយ​ពាក្យ​ព្យាករណ៍​ទាំង​ប៉ុន្មាន ដែល​លោក​បាន​សរសេរ នោះ​គ្មាន​អ្វី​សំខាន់​ជាង​នេះ​ទេ។ ហើយ​លោក​បាន​ព្យាករ​អំពី​ពួក​យើង និង​តំណ​របស់​យើង​នៅ​អនាគត ហើយ​ពាក្យ​ព្យាករណ៍​ទាំង​នោះ ត្រូវ​បាន​សរសេរ​ទុក​នៅ​លើ​ផ្ទាំង​លង្ហិន។

ហេតុ​ដូច្នោះ​ហើយ បន្ទាប់​ពី​ឪពុក​ខ្ញុំ​បាន​បញ្ចប់​នូវ​ការ​និយាយ​អំពី​ពាក្យ​ព្យាករណ៍​ទាំង​ឡាយ​របស់​យ៉ូសែប​ហើយ នោះ​លោក​បាន​ហៅ​កូនៗ​របស់​លេមិន គឺ​កូន​ប្រុស​ទាំង​ឡាយ​របស់​គាត់ និង​កូន​ស្រី​ទាំង​ឡាយ​របស់​គាត់ ហើយ​បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ មើល​ចុះ ចៅ​ប្រុស​ទាំង​ឡាយ​របស់​តា និង​ចៅ​ស្រី​ទាំង​ឡាយ​របស់​តា ដែល​ជា​កូន​ប្រុស​ទាំង​ឡាយ និង​កូន​ស្រី​ទាំង​ឡាយ​របស់​កូន​ច្បង​របស់​តា​អើយ តា​ចង់​ឲ្យ​ចៅ​រាល់​គ្នា​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​សម្ដី​របស់​តា។

ត្បិត​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ដរាបណា​អ្នក​រាល់​គ្នា កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី ហើយ​បើ​ដរាបណា​អ្នក​រាល់​គ្នា​មិន​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្តមាន​របស់​យើង។

ប៉ុន្តែ​មើល​ចុះ ឱ​ចៅ​ប្រុស​ទាំង​ឡាយ​របស់​តា និង​ចៅ​ស្រី​ទាំង​ឡាយ​របស់​តា​អើយ តា​ពុំ​អាច​ចុះ​ទៅ​ក្នុង​ផ្នូរ​របស់​តា លើក​លែង​តែ​តា​បាន​ទុក​ពរ​ឲ្យ​ចៅ​ទាំង​ឡាយ​សិន ត្បិត​មើល​ចុះ តា​បាន​ដឹង​ថា បើ​សិន​ជា​ចៅ​រាល់​គ្នា​ត្រូវ​បាន​ដឹកនាំ​ទៅ​តាម​ផ្លូវ​ដែល​ចៅ​រាល់​គ្នា​ត្រូវ​ដើរ នោះ​ចៅ​រាល់​គ្នា​នឹង​មិន​បែរ​ចេញ​ពី​ផ្លូវ​នោះ​ឡើយ។

ហេតុ​ដូច្នោះ​ហើយ បើ​សិន​ជា​ចៅ​រាល់​គ្នា​ត្រូវ​បណ្ដាសា មើល​ចុះ តា​ទុក​ពរ​ឲ្យ​ចៅ ដើម្បី​ឲ្យ​ពាក្យ​បណ្ដាសា​នោះ​បាន​ដក​ចេញ​ពី​ចៅ​ទាំង​ឡាយ ហើយ​ធ្លាក់​ទៅ​លើ​ក្បាល​ទាំង​ឡាយ​នៃ​ឪពុក​ម្ដាយ​របស់​ចៅ​វិញ។

ហេតុ​ដូច្នោះ​ហើយ ពី​ព្រោះ​មក​ពី​ពរ​របស់​តា នោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​មិន​អនុញ្ញាត​ឲ្យ​ចៅ​រាល់​គ្នា​ត្រូវ​វិនាស​ឡើយ ហេតុ​ដូច្នោះ​ហើយ ទ្រង់​នឹង​មាន​សេចក្ដី​មេត្តាករុណា​ដល់​ចៅ និង​ដល់​ពូជពង្ស​របស់​ចៅ​រហូត​តទៅ។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ឪពុក​ខ្ញុំ​បាន​បញ្ចប់​នូវ​ការ​និយាយ​ទៅ​កូន​ប្រុស​ទាំង​ឡាយ និង​កូន​ស្រី​ទាំង​ឡាយ​របស់​លេមិន​ហើយ នោះ​លោក​ក៏​ឲ្យ​នាំ​កូន​ប្រុស​ទាំង​ឡាយ និង​កូន​ស្រី​ទាំង​ឡាយ​របស់​លេមយួល​មក​ចំពោះ​លោក។

ហើយ​លោក​បាន​និយាយ​ទៅ​ពួក​គេ​ថា ៖ មើល​ចុះ ឱ​ចៅ​ប្រុស​ទាំង​ឡាយ​របស់​តា និង​ចៅ​ស្រី​ទាំង​ឡាយ​របស់​តា ដែល​ជា​កូន​ប្រុស​ទាំង​ឡាយ និង​កូន​ស្រី​ទាំង​ឡាយ​របស់​កូន​ប្រុស​ទី​ពីរ​របស់​តា​អើយ មើល​ចុះ តា​ទុក​ពរ​ឲ្យ​ចៅ​ដូច​គ្នា​ដែល​តា​បាន​ទុក​ឲ្យ​កូន​ប្រុស​ទាំង​ឡាយ និង​កូន​ស្រី​ទាំង​ឡាយ​របស់​លេមិន​ដែរ ហេតុ​ដូច្នោះ​ហើយ ចៅ​នឹង​មិន​ត្រូវ​បាន​បំផ្លាញ​សូន្យបង់​ឡើយ ប៉ុន្តែ​នៅ​ទីបញ្ចប់​ពូជ​របស់​ចៅ​នឹង​បាន​ពរ​វិញ។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ឪពុក​ខ្ញុំ​បាន​បញ្ចប់​នូវ​ការ​និយាយ​ទៅ​ពួក​គេ​ហើយ មើល​ចុះ លោក​ក៏​បាន​និយាយ​ទៅ​កូន​ប្រុស​ទាំង​ឡាយ​របស់​អ៊ីសម៉ាអែល មែន​ហើយ គឺ​អស់​ទាំង​គ្រួសារ​របស់​ពួក​គេ​ផង។

១១ហើយ​បន្ទាប់ពី​លោក​បាន​បញ្ចប់​នូវ​ការ​និយាយ​ទៅ​ពួក​គេ​ហើយ លោក​បាន​និយាយ​ទៅ​សាំ​ថា ៖ កូន​មាន​ពរ​ហើយ ព្រម​ទាំង​ពូជ​កូន​ផង ព្រោះ​អី​កូន​នឹង​គ្រង​ដែនដី​នេះ​ទុកជា​មរតក​ដូច​នីហ្វៃ ជា​ប្អូន​ប្រុស​របស់​កូន​ដែរ។ ហើយ​ពូជ​កូន​នឹង​ត្រូវ​បាន​រាប់​ជាមួយ​នឹង​ពូជ​របស់​នីហ្វៃ​ដែរ ហើយ​កូន​នឹង​បាន​ដូច​ជា​ប្អូន​ប្រុស​កូន​ដែរ ឯ​ពូជ​កូន​នឹង​បាន​ដូច​ជា​ពូជ​របស់​នីហ្វៃ​ដែរ ហើយ​កូន​នឹង​បាន​ពរ​អស់​មួយ​ជីវិត​របស់​កូន។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​ឪពុក​ខ្ញុំ គឺ​លីហៃ បាន​ផ្ដែផ្ដាំ​ដល់​គ្រួសារ​លោក ស្រប​តាម​មនោសញ្ចេតនា​របស់​លោក និង​តាម​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ដែល​មាន​នៅ​ក្នុង​លោក​ហើយ លោក​ចាស់​ជរា​ណាស់។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា លោក​ក៏​ស្លាប់ ហើយ​បាន​បញ្ចុះ​ទៅ។

១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មិន​យូរ​ថ្ងៃ​ប៉ុន្មាន​មក បន្ទាប់ពី​លោក​បាន​ស្លាប់​ទៅ លេមិន និង​លេមយួល ហើយ​នឹង​កូន​ប្រុស​ទាំង​ឡាយ​របស់​អ៊ីសម៉ាអែល ក៏​ខឹង​នឹង​ខ្ញុំ​ពី​ព្រោះ​តែ​សេចក្ដី​ដាស់តឿន​របស់​ព្រះ​អម្ចាស់។

១៤ព្រោះ​ខ្ញុំ នីហ្វៃ ត្រូវ​បាន​បង្ខំ​ឲ្យ​និយាយ​ទៅ​ពួក​គេ ស្រប​តាម​ព្រះ​បន្ទូល​របស់​ទ្រង់ ត្បិត​ខ្ញុំ​បាន​និយាយ​នូវ​រឿង​ជាច្រើន​ទៅ​ពួក​គេ ហើយ​ឪពុក​ខ្ញុំ​ក៏​ដូច្នោះ​ដែរ មុន​ពេល​ដែល​លោក​ស្លាប់, ពាក្យ​ជាច្រើន​ត្រូវ​បាន​សរសេរ​ទុក​នៅ​លើ​ផ្ទាំង​របស់​ខ្ញុំ​ផ្សេង​ទៀត ឯ​ភាគ​ដែល​ច្រើន​ទៅ​ដោយ​ប្រវត្តិសាស្ត្រ នោះ​ត្រូវ​បាន​សរសេរ​ទុក​នៅ​លើ​ផ្ទាំង​របស់​ខ្ញុំ​ផ្សេង​ទៀត។

១៥ហើយ​នៅ​លើ​ផ្ទាំង​ទាំង​នេះ ខ្ញុំ​សរសេរ​អំពី​រឿង​ទាំង​ឡាយ​នៃ​ព្រលឹង​ខ្ញុំ ហើយ​បទគម្ពីរ​ភាគច្រើន មាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន។ ត្បិត​ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​បទគម្ពីរ​ទាំង​ឡាយ ឯ​ចិត្ត​ខ្ញុំ​រំពឹង​គិត​ពី​បទគម្ពីរ​ទាំង​នោះ ហើយ​ខ្ញុំ​ក៏​សរសេរ​ទុក​ដើម្បី​ជា​ការ​ចេះ​ដឹង និង​ជា​ប្រយោជន៍​ដល់​កូន​ចៅ​ខ្ញុំ។

១៦មើល​ចុះ ព្រលឹង​ខ្ញុំ​ត្រេកអរ​ចំពោះ​ការណ៍​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ឯ​ចិត្ត​ខ្ញុំ​រំពឹងគិត​ជា​រៀង​រហូត​អំពី​ការណ៍​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ឮ​មក។

១៧តែ​ទោះ​បី​សេចក្ដី​ល្អ​ដ៏​ធំ​របស់​ព្រះ​អម្ចាស់ ដែល​បាន​បង្ហាញ​ដល់​ខ្ញុំ​ពី​ការណ៍​ដ៏​ធំ ហើយ​អស្ចារ្យ​ក៏​ដោយ គង់តែ​ចិត្ត​ខ្ញុំ​ស្រែក​ថា ៖ ឱ​រូប​ខ្ញុំ​អើយ​វេទនា​អ្វី​ម្ល៉េះ! មែន​ហើយ ចិត្ត​ខ្ញុំ​សោកសៅ ព្រោះ​តែ​សាច់ឈាម​របស់​ខ្ញុំ ឯ​ព្រលឹង​ខ្ញុំ​ព្រួយ​ដោយ​ព្រោះ​សេចក្ដី​ទុច្ចរិត​ទាំង​ឡាយ​របស់​ខ្ញុំ។

១៨ខ្ញុំ​ត្រូវ​បាន​ហ៊ុម​ព័ទ្ធ ព្រោះ​តែ​ការ​ល្បួង​ទាំង​ឡាយ និង​អំពើ​បាប​ទាំង​ឡាយ​ដែល​រំខាន​ខ្ញុំ​ដោយ​ងាយ។

១៩ហើយ​ពេល​ខ្ញុំ​ចង់​សប្បាយ ចិត្ត​ខ្ញុំ​ថ្ងូរ​ទៅ​វិញ ព្រោះ​តែ​អំពើ​បាប​ទាំង​ឡាយ​របស់​ខ្ញុំ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​ស្គាល់​អ្នក​ដែល​ខ្ញុំ​ទុកចិត្ត។

២០ព្រះ​របស់​ខ្ញុំ គឺ​ជា​ទី​ផ្អែក​របស់​ខ្ញុំ ទ្រង់​បាន​ដឹកនាំ​ខ្ញុំ​ឲ្យ​ឆ្លងកាត់​សេចក្ដី​ទុក្ខវេទនា​ទាំង​ឡាយ​របស់​ខ្ញុំ​នៅ​ក្នុង​ទីរហោស្ថាន ហើយ​ទ្រង់​បាន​រក្សា​ខ្ញុំ​ទុក​នៅ​លើ​ផ្ទៃ​ទឹក​នៃ​ទីជម្រៅ​ដ៏​ធំ។

២១ទ្រង់​បាន​បំពេញចិត្ត​ខ្ញុំ ដោយ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ គឺ​ដល់​ទៅ​ឆេះ​ឆាប​ទៅ​ពេញ​សាច់ឈាម​ខ្ញុំ។

២២ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំងសត្រូវ​របស់​ខ្ញុំ​ជ្រប់​មុខ រហូត​ដល់​ធ្វើ​ឲ្យ​ពួក​គេ​ញ័រ​រន្ធត់​នៅ​ចំពោះ​មុខ​ខ្ញុំ។

២៣មើល​ចុះ ទ្រង់​បាន​ឮ​សម្រែក​អំពាវនាវ​របស់​ខ្ញុំ​នៅ​ពេល​ថ្ងៃ ហើយ​ទ្រង់​បាន​ប្រទាន​តម្រិះ​ដល់​ខ្ញុំ ដោយ​ការ​និមិត្ត​នៅ​ពេល​យប់។

២៤ហើយ​នៅ​ពេល​ថ្ងៃ ខ្ញុំ​មាន​ការ​ក្លាហាន​ឡើង​ខាង​ការ​អធិស្ឋាន​ដ៏​អស់​ពី​ចិត្ត​នៅ​ចំពោះ​ទ្រង់ មែន​ហើយ ខ្ញុំ​បាន​បង្ហើរ​សំឡេង​ទៅ​ស្ថាន​លើ ហើយ​ទេវតា​បាន​ចុះ​មក ហើយ​បាន​ធ្វើ​ការងារ​បម្រើ​ដល់​ខ្ញុំ។

២៥ហើយ​នៅ​លើ​ស្លាប​នៃ​ព្រះ​វិញ្ញាណ​របស់​ទ្រង់ នោះ​រូបកាយ​ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​លើ​ភ្នំ​ដ៏​ខ្ពស់​លើសលប់។ ហើយ​ភ្នែក​ខ្ញុំ​បាន​ឃើញ​ការណ៍​ដ៏​អស្ចារ្យ​នានា មែន​ហើយ គឺ​ជា​ការណ៍​ហួស​វិស័យ​របស់​មនុស្ស ហេតុ​ដូច្នោះ​ហើយ ខ្ញុំ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​សរសេរ​ពី​ការណ៍​ទាំង​នោះ​ឡើយ។

២៦ឱ​បើ​ដូច្នេះ បើ​សិន​ខ្ញុំ​បាន​ឃើញ​ការណ៍​ដ៏​អស្ចារ្យ​ជាច្រើន បើ​សិន​ជា​ព្រះ​អម្ចាស់​ទ្រង់​បាន​យាង​ចុះ​មក​ឯ​កូន​ចៅ​មនុស្ស ហើយ​បាន​មក​រក​មនុស្ស​លោក​ដោយ​សេចក្ដី​មេត្តាករុណា​ដ៏​ទន់ភ្លន់ ហេតុ​អ្វី​បាន​ជា​ចិត្ត​ខ្ញុំ​យំ ហើយ​ព្រលឹង​ខ្ញុំ​រេរា​នៅ​លើ​ច្រក​ភ្នំ​នៃ​សេចក្ដី​សោកសៅ ហើយ​សាច់​ខ្ញុំ​រីងរៃ​ទៅ ហើយ​កម្លាំង​ខ្ញុំ​ត្រូវ​ទន់ខ្សោយ ព្រោះ​តែ​ទុក្ខវេទនា​ទាំង​ឡាយ​របស់​ខ្ញុំ​ដូច្នេះ?

២៧ហើយ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​បណ្ដោយ​ទៅ​តាម​អំពើ​បាប ព្រោះ​តែ​សាច់ឈាម​ខ្ញុំ? មែន​ហើយ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​បណ្ដោយ​ទៅ​តាម ការ​ល្បួង​ទាំង​ឡាយ ដែល​អ្នក​អាក្រក់​បាន​ដាក់​ក្នុង​ចិត្ត​របស់​ខ្ញុំ ដើម្បី​បំផ្លាញ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ ហើយ​ធ្វើ​ទុក្ខ​ដល់​ព្រលឹង​របស់​ខ្ញុំ? ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ខឹង ព្រោះ​តែ​ខ្មាំងសត្រូវ​របស់​ខ្ញុំ?

២៨ឱ​ព្រលឹង​ខ្ញុំ​អើយ ចូរ​ភ្ញាក់​ឡើង កុំ​ងប់ងុល​ក្នុង​អំពើ​បាប​ទៀត​ឡើយ។ ឱ​ចិត្ត​ខ្ញុំ​អើយ ចូរ​រីករាយ​ឡើង ហើយ​កុំ​ទុក​កន្លែង​សម្រាប់​ខ្មាំង​សត្រូវ​នៃ​ព្រលឹង​ខ្ញុំ​ទៀត​ឡើយ។

២៩ចូរ​កុំ​ខឹង​ទៀត​ឡើយ ព្រោះ​តែ​ខ្មាំងសត្រូវ​របស់​ខ្ញុំ។ ចូរ​កុំ​ធ្វើ​ឲ្យ​កម្លាំង​ខ្ញុំ​ទន់ខ្សោយ ព្រោះ​តែ​ទុក្ខវេទនា​ទាំង​ឡាយ​របស់​ខ្ញុំ​ឡើយ។

៣០ឱ​ចិត្ត​ខ្ញុំ​អើយ ចូរ​រីករាយ​ឡើង ហើយ​អំពាវនាវ​ដល់​ព្រះ​អម្ចាស់​ចុះ ហើយ​ចូរ​និយាយ​ថា ៖ ឱ​ព្រះ​អម្ចាស់​អើយ ទូលបង្គំ​សរសើរ​ដំកើង​ព្រះ​អង្គ​ជានិច្ច មែន​ហើយ ព្រលឹង​ទូលបង្គំ​រីករាយ​ទៅ​លើ​ទ្រង់ ឱ​ព្រះ​របស់​ទូលបង្គំ ដែល​ជា​ថ្ម​នៃ​សេចក្ដី​សង្គ្រោះ​របស់​ទូលបង្គំ​អើយ។

៣១ឱ​ព្រះ​អម្ចាស់​អើយ តើ​ព្រះ​អង្គ​នឹង​ប្រោស​លោះ​ព្រលឹង​ទូលបង្គំ​ឬ​ទេ? តើ​ព្រះ​អង្គ​នឹង​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​កណ្ដាប់ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​ទូលបង្គំ​ឬ​ទេ? តើ​ព្រះ​អង្គ​នឹង​ធ្វើ​ឲ្យ​ទូលបង្គំ​ញ័រ​នៅ​ចំពោះ​អំពើ​បាប​ឬ​ទេ?

៣២សូម​ទ្វារ​នៃ​ស្ថាន​នរក បិទ​ជិត​ពីមុខ​ទូលបង្គំ​ជានិច្ច ពី​ព្រោះ​ចិត្ត​ទូលបង្គំ​សង្រេង ហើយ​វិញ្ញាណ​ទូលបង្គំ​ទន់ទាប! ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​កុំ​បិទទ្វារ​ទាំង​ឡាយ​នៃ​សេចក្ដី​សុចរិត​របស់​ទ្រង់​ពី​មុខ​ទូលបង្គំ​ឡើយ ដើម្បី​ឲ្យ​ទូលបង្គំ​អាច​ដើរ​តាម​ផ្លូវ​នៃ​ទីវាល​ទំនាប ដើម្បី​ឲ្យ​ទូលបង្គំ​អាច​ដើរ​តាម​ផ្លូវ​ទៀងត្រង់។

៣៣ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​រុំព័ទ្ធ​ខ្លួន​ទូលបង្គំ ដោយ​សំលៀកបំពាក់​ដ៏​សុចរិត​របស់​ទ្រង់! ឱ​ព្រះ​អម្ចាស់​អើយ សូម​ព្រះ​អង្គ​ធ្វើ​ផ្លូវ​សម្រាប់​ឲ្យ​ទូលបង្គំ​ភៀសខ្លួន​រួច​ផុត​ពី​ពួក​ខ្មាំងសត្រូវ​របស់​ទូលបង្គំ​ផង! សូម​ព្រះ​អង្គ​ធ្វើ​ឲ្យ​ផ្លូវ​ខាង​មុខ​ទូលបង្គំ​ត្រង់! សូម​ព្រះ​អង្គ​កុំ​ដាក់​ថ្ម​ជំពប់​តាម​ផ្លូវ​ទូលបង្គំ​ឡើយ — ប៉ុន្តែ​សូម​ព្រះ​អង្គ​ឆ្ការ​ផ្លូវ​ខាង​មុខ​ទូលបង្គំ​ផង ហើយ​សូម​កុំ​ស្រាស់​លើ​ផ្លូវ​ទូលបង្គំ​ឡើយ ប៉ុន្តែ​សូម​ស្រាស់​នៅ​លើ​ផ្លូវ​ទាំង​ឡាយ​នៃ​ខ្មាំងសត្រូវ​ទូលបង្គំ​វិញ។

៣៤ឱ​ព្រះ​អម្ចាស់​អើយ ទូលបង្គំ​បាន​ទុកចិត្ត​ទៅ​លើ​ព្រះ​អង្គ ហើយ​ទូលបង្គំ​នឹង​ទុកចិត្ត​ទៅ​លើ​ព្រះ​អង្គ​ជា​រៀង​ដរាប។ ទូលបង្គំ​នឹង​មិន​ដាក់​ទី​ទុកចិត្ត​របស់​ទូលបង្គំ​ទៅ​លើ​ដៃ​នៃ​មនុស្ស​ឡើយ ត្បិត​ទូលបង្គំ​ដឹង​ថា​ត្រូវ​បណ្ដាសា​ហើយ ដល់​អ្នក​ណា​ដែល​ដាក់​ទី​ទុកចិត្ត​របស់​ខ្លួន ទៅ​លើ​ដៃ​នៃ​មនុស្ស។ មែន​ហើយ ត្រូវ​បណ្ដាសា​ហើយ ដល់​អ្នក​ណា​ដែល​ដាក់​ទី​ទុកចិត្ត​របស់​ខ្លួន​ទៅ​លើ​មនុស្ស ឬ​ក៏​យក​សាច់ឈាម​ធ្វើ​ជា​ដៃ​របស់​ខ្លួន។

៣៥មែន​ហើយ ទូលបង្គំ​ដឹង​ថា ព្រះ​ទ្រង់​នឹង​ប្រទាន​ឲ្យ​អ្នក​ណា ដែល​សូម​ដល់​ទ្រង់​ដោយ​សទ្ធា។ មែន​ហើយ ព្រះ​របស់​ទូលបង្គំ​នឹង​ប្រទាន​ឲ្យ​ទូលបង្គំ បើ​សិន​ជា​ទូលបង្គំ​មិនសូម​នូវ​អ្វី​ដែល​ទុច្ចរិត ហេតុ​ដូច្នេះ​ហើយ ទូលបង្គំ​នឹង​បន្លឺ​សំឡេង​ឡើង​ដល់​ព្រះ​អង្គ មែន​ហើយ ទូលបង្គំ​នឹង​អំពាវនាវ​ដល់​ព្រះ​អង្គ ឱ​ព្រះ​របស់​ទូលបង្គំ ដែល​ជា​ថ្ម​នៃ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ​អើយ។ មើល​ចុះ សំឡេង​របស់​ទូលបង្គំ នឹង​អណ្ដែត​ឡើង​ទៅ​ដល់​ព្រះ​អង្គ​ជា​រៀង​ដរាប ដែល​ជា​ថ្ម ហើយ​ជា​ព្រះ​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច​របស់​ទូលបង្គំ។ អាម៉ែន ៕