ជំពូកទី ៤
លីហៃទូន្មាន ហើយឲ្យពរដល់កូនចៅរបស់លោក — លោកស្លាប់ ហើយបានបញ្ចុះ — នីហ្វៃសរសើរតម្កើងចំពោះសេចក្ដីល្អសប្បុរសនៃព្រះ ដែលប្រទានដល់លោក — នីហ្វៃទុកចិត្តលើព្រះអម្ចាស់ដរាបតទៅ។ ប្រមាណជាឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។
១ហើយឥឡូវនេះ ខ្ញុំ នីហ្វៃ និយាយពីពាក្យព្យាករណ៍ទាំងឡាយ ដែលឪពុកខ្ញុំបាននិយាយអំពីយ៉ូសែប ដែលត្រូវចាប់យកទៅស្រុកអេស៊ីព្ទ។
២ត្បិតមើលចុះ លោកបានព្យាករយ៉ាងពិតប្រាកដ អំពីពូជរបស់លោក។ ហើយពាក្យព្យាករណ៍ទាំងប៉ុន្មាន ដែលលោកបានសរសេរ នោះគ្មានអ្វីសំខាន់ជាងនេះទេ។ ហើយលោកបានព្យាករអំពីពួកយើង និងតំណរបស់យើងនៅអនាគត ហើយពាក្យព្យាករណ៍ទាំងនោះ ត្រូវបានសរសេរទុកនៅលើផ្ទាំងលង្ហិន។
៣ហេតុដូច្នោះហើយ បន្ទាប់ពីឪពុកខ្ញុំបានបញ្ចប់នូវការនិយាយអំពីពាក្យព្យាករណ៍ទាំងឡាយរបស់យ៉ូសែបហើយ នោះលោកបានហៅកូនៗរបស់លេមិន គឺកូនប្រុសទាំងឡាយរបស់គាត់ និងកូនស្រីទាំងឡាយរបស់គាត់ ហើយបាននិយាយទៅពួកគេថា ៖ មើលចុះ ចៅប្រុសទាំងឡាយរបស់តា និងចៅស្រីទាំងឡាយរបស់តា ដែលជាកូនប្រុសទាំងឡាយ និងកូនស្រីទាំងឡាយរបស់កូនច្បងរបស់តាអើយ តាចង់ឲ្យចៅរាល់គ្នាផ្ទៀងត្រចៀកស្ដាប់ពាក្យសម្ដីរបស់តា។
៤ត្បិតព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ៖ ដរាបណាអ្នករាល់គ្នា កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងបានចម្រើនឡើងនៅលើដែនដី ហើយបើដរាបណាអ្នករាល់គ្នាមិនកាន់តាមបញ្ញត្តិទាំងឡាយរបស់យើងទេ នោះអ្នករាល់គ្នានឹងត្រូវកាត់ចេញពីវត្តមានរបស់យើង។
៥ប៉ុន្តែមើលចុះ ឱចៅប្រុសទាំងឡាយរបស់តា និងចៅស្រីទាំងឡាយរបស់តាអើយ តាពុំអាចចុះទៅក្នុងផ្នូររបស់តា លើកលែងតែតាបានទុកពរឲ្យចៅទាំងឡាយសិន ត្បិតមើលចុះ តាបានដឹងថា បើសិនជាចៅរាល់គ្នាត្រូវបានដឹកនាំទៅតាមផ្លូវដែលចៅរាល់គ្នាត្រូវដើរ នោះចៅរាល់គ្នានឹងមិនបែរចេញពីផ្លូវនោះឡើយ។
៦ហេតុដូច្នោះហើយ បើសិនជាចៅរាល់គ្នាត្រូវបណ្ដាសា មើលចុះ តាទុកពរឲ្យចៅ ដើម្បីឲ្យពាក្យបណ្ដាសានោះបានដកចេញពីចៅទាំងឡាយ ហើយធ្លាក់ទៅលើក្បាលទាំងឡាយនៃឪពុកម្ដាយរបស់ចៅវិញ។
៧ហេតុដូច្នោះហើយ ពីព្រោះមកពីពររបស់តា នោះព្រះអម្ចាស់ទ្រង់នឹងមិនអនុញ្ញាតឲ្យចៅរាល់គ្នាត្រូវវិនាសឡើយ ហេតុដូច្នោះហើយ ទ្រង់នឹងមានសេចក្ដីមេត្តាករុណាដល់ចៅ និងដល់ពូជពង្សរបស់ចៅរហូតតទៅ។
៨ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីឪពុកខ្ញុំបានបញ្ចប់នូវការនិយាយទៅកូនប្រុសទាំងឡាយ និងកូនស្រីទាំងឡាយរបស់លេមិនហើយ នោះលោកក៏ឲ្យនាំកូនប្រុសទាំងឡាយ និងកូនស្រីទាំងឡាយរបស់លេមយួលមកចំពោះលោក។
៩ហើយលោកបាននិយាយទៅពួកគេថា ៖ មើលចុះ ឱចៅប្រុសទាំងឡាយរបស់តា និងចៅស្រីទាំងឡាយរបស់តា ដែលជាកូនប្រុសទាំងឡាយ និងកូនស្រីទាំងឡាយរបស់កូនប្រុសទីពីររបស់តាអើយ មើលចុះ តាទុកពរឲ្យចៅដូចគ្នាដែលតាបានទុកឲ្យកូនប្រុសទាំងឡាយ និងកូនស្រីទាំងឡាយរបស់លេមិនដែរ ហេតុដូច្នោះហើយ ចៅនឹងមិនត្រូវបានបំផ្លាញសូន្យបង់ឡើយ ប៉ុន្តែនៅទីបញ្ចប់ពូជរបស់ចៅនឹងបានពរវិញ។
១០ហើយហេតុការណ៍បានកើតឡើងថា កាលឪពុកខ្ញុំបានបញ្ចប់នូវការនិយាយទៅពួកគេហើយ មើលចុះ លោកក៏បាននិយាយទៅកូនប្រុសទាំងឡាយរបស់អ៊ីសម៉ាអែល មែនហើយ គឺអស់ទាំងគ្រួសាររបស់ពួកគេផង។
១១ហើយបន្ទាប់ពីលោកបានបញ្ចប់នូវការនិយាយទៅពួកគេហើយ លោកបាននិយាយទៅសាំថា ៖ កូនមានពរហើយ ព្រមទាំងពូជកូនផង ព្រោះអីកូននឹងគ្រងដែនដីនេះទុកជាមរតកដូចនីហ្វៃ ជាប្អូនប្រុសរបស់កូនដែរ។ ហើយពូជកូននឹងត្រូវបានរាប់ជាមួយនឹងពូជរបស់នីហ្វៃដែរ ហើយកូននឹងបានដូចជាប្អូនប្រុសកូនដែរ ឯពូជកូននឹងបានដូចជាពូជរបស់នីហ្វៃដែរ ហើយកូននឹងបានពរអស់មួយជីវិតរបស់កូន។
១២ហើយហេតុការណ៍បានកើតឡើងថា បន្ទាប់ពីឪពុកខ្ញុំ គឺលីហៃ បានផ្ដែផ្ដាំដល់គ្រួសារលោក ស្របតាមមនោសញ្ចេតនារបស់លោក និងតាមព្រះវិញ្ញាណនៃព្រះអម្ចាស់ ដែលមាននៅក្នុងលោកហើយ លោកចាស់ជរាណាស់។ ហើយហេតុការណ៍បានកើតឡើងថា លោកក៏ស្លាប់ ហើយបានបញ្ចុះទៅ។
១៣ហើយហេតុការណ៍បានកើតឡើងថា មិនយូរថ្ងៃប៉ុន្មានមក បន្ទាប់ពីលោកបានស្លាប់ទៅ លេមិន និងលេមយួល ហើយនឹងកូនប្រុសទាំងឡាយរបស់អ៊ីសម៉ាអែល ក៏ខឹងនឹងខ្ញុំពីព្រោះតែសេចក្ដីដាស់តឿនរបស់ព្រះអម្ចាស់។
១៤ព្រោះខ្ញុំ នីហ្វៃ ត្រូវបានបង្ខំឲ្យនិយាយទៅពួកគេ ស្របតាមព្រះបន្ទូលរបស់ទ្រង់ ត្បិតខ្ញុំបាននិយាយនូវរឿងជាច្រើនទៅពួកគេ ហើយឪពុកខ្ញុំក៏ដូច្នោះដែរ មុនពេលដែលលោកស្លាប់, ពាក្យជាច្រើនត្រូវបានសរសេរទុកនៅលើផ្ទាំងរបស់ខ្ញុំផ្សេងទៀត ឯភាគដែលច្រើនទៅដោយប្រវត្តិសាស្ត្រ នោះត្រូវបានសរសេរទុកនៅលើផ្ទាំងរបស់ខ្ញុំផ្សេងទៀត។
១៥ហើយនៅលើផ្ទាំងទាំងនេះ ខ្ញុំសរសេរអំពីរឿងទាំងឡាយនៃព្រលឹងខ្ញុំ ហើយបទគម្ពីរភាគច្រើន មានឆ្លាក់នៅលើផ្ទាំងលង្ហិន។ ត្បិតព្រលឹងខ្ញុំត្រេកអរចំពោះបទគម្ពីរទាំងឡាយ ឯចិត្តខ្ញុំរំពឹងគិតពីបទគម្ពីរទាំងនោះ ហើយខ្ញុំក៏សរសេរទុកដើម្បីជាការចេះដឹង និងជាប្រយោជន៍ដល់កូនចៅខ្ញុំ។
១៦មើលចុះ ព្រលឹងខ្ញុំត្រេកអរចំពោះការណ៍ទាំងឡាយនៃព្រះអម្ចាស់ ឯចិត្តខ្ញុំរំពឹងគិតជារៀងរហូតអំពីការណ៍ទាំងឡាយដែលខ្ញុំបានឃើញ ហើយបានឮមក។
១៧តែទោះបីសេចក្ដីល្អដ៏ធំរបស់ព្រះអម្ចាស់ ដែលបានបង្ហាញដល់ខ្ញុំពីការណ៍ដ៏ធំ ហើយអស្ចារ្យក៏ដោយ គង់តែចិត្តខ្ញុំស្រែកថា ៖ ឱរូបខ្ញុំអើយវេទនាអ្វីម្ល៉េះ! មែនហើយ ចិត្តខ្ញុំសោកសៅ ព្រោះតែសាច់ឈាមរបស់ខ្ញុំ ឯព្រលឹងខ្ញុំព្រួយដោយព្រោះសេចក្ដីទុច្ចរិតទាំងឡាយរបស់ខ្ញុំ។
១៨ខ្ញុំត្រូវបានហ៊ុមព័ទ្ធ ព្រោះតែការល្បួងទាំងឡាយ និងអំពើបាបទាំងឡាយដែលរំខានខ្ញុំដោយងាយ។
១៩ហើយពេលខ្ញុំចង់សប្បាយ ចិត្តខ្ញុំថ្ងូរទៅវិញ ព្រោះតែអំពើបាបទាំងឡាយរបស់ខ្ញុំ ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំស្គាល់អ្នកដែលខ្ញុំទុកចិត្ត។
២០ព្រះរបស់ខ្ញុំ គឺជាទីផ្អែករបស់ខ្ញុំ ទ្រង់បានដឹកនាំខ្ញុំឲ្យឆ្លងកាត់សេចក្ដីទុក្ខវេទនាទាំងឡាយរបស់ខ្ញុំនៅក្នុងទីរហោស្ថាន ហើយទ្រង់បានរក្សាខ្ញុំទុកនៅលើផ្ទៃទឹកនៃទីជម្រៅដ៏ធំ។
២១ទ្រង់បានបំពេញចិត្តខ្ញុំ ដោយសេចក្ដីស្រឡាញ់របស់ទ្រង់ គឺដល់ទៅឆេះឆាបទៅពេញសាច់ឈាមខ្ញុំ។
២២ទ្រង់បានធ្វើឲ្យពួកខ្មាំងសត្រូវរបស់ខ្ញុំជ្រប់មុខ រហូតដល់ធ្វើឲ្យពួកគេញ័ររន្ធត់នៅចំពោះមុខខ្ញុំ។
២៣មើលចុះ ទ្រង់បានឮសម្រែកអំពាវនាវរបស់ខ្ញុំនៅពេលថ្ងៃ ហើយទ្រង់បានប្រទានតម្រិះដល់ខ្ញុំ ដោយការនិមិត្តនៅពេលយប់។
២៤ហើយនៅពេលថ្ងៃ ខ្ញុំមានការក្លាហានឡើងខាងការអធិស្ឋានដ៏អស់ពីចិត្តនៅចំពោះទ្រង់ មែនហើយ ខ្ញុំបានបង្ហើរសំឡេងទៅស្ថានលើ ហើយទេវតាបានចុះមក ហើយបានធ្វើការងារបម្រើដល់ខ្ញុំ។
២៥ហើយនៅលើស្លាបនៃព្រះវិញ្ញាណរបស់ទ្រង់ នោះរូបកាយខ្ញុំត្រូវបាននាំទៅលើភ្នំដ៏ខ្ពស់លើសលប់។ ហើយភ្នែកខ្ញុំបានឃើញការណ៍ដ៏អស្ចារ្យនានា មែនហើយ គឺជាការណ៍ហួសវិស័យរបស់មនុស្ស ហេតុដូច្នោះហើយ ខ្ញុំត្រូវបានហាមឃាត់មិនឲ្យសរសេរពីការណ៍ទាំងនោះឡើយ។
២៦ឱបើដូច្នេះ បើសិនខ្ញុំបានឃើញការណ៍ដ៏អស្ចារ្យជាច្រើន បើសិនជាព្រះអម្ចាស់ទ្រង់បានយាងចុះមកឯកូនចៅមនុស្ស ហើយបានមករកមនុស្សលោកដោយសេចក្ដីមេត្តាករុណាដ៏ទន់ភ្លន់ ហេតុអ្វីបានជាចិត្តខ្ញុំយំ ហើយព្រលឹងខ្ញុំរេរានៅលើច្រកភ្នំនៃសេចក្ដីសោកសៅ ហើយសាច់ខ្ញុំរីងរៃទៅ ហើយកម្លាំងខ្ញុំត្រូវទន់ខ្សោយ ព្រោះតែទុក្ខវេទនាទាំងឡាយរបស់ខ្ញុំដូច្នេះ?
២៧ហើយហេតុអ្វីបានជាខ្ញុំបណ្ដោយទៅតាមអំពើបាប ព្រោះតែសាច់ឈាមខ្ញុំ? មែនហើយ ហេតុអ្វីបានជាខ្ញុំបណ្ដោយទៅតាម ការល្បួងទាំងឡាយ ដែលអ្នកអាក្រក់បានដាក់ក្នុងចិត្តរបស់ខ្ញុំ ដើម្បីបំផ្លាញសេចក្ដីសុខសាន្តរបស់ខ្ញុំ ហើយធ្វើទុក្ខដល់ព្រលឹងរបស់ខ្ញុំ? ហេតុអ្វីបានជាខ្ញុំខឹង ព្រោះតែខ្មាំងសត្រូវរបស់ខ្ញុំ?
២៨ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង កុំងប់ងុលក្នុងអំពើបាបទៀតឡើយ។ ឱចិត្តខ្ញុំអើយ ចូររីករាយឡើង ហើយកុំទុកកន្លែងសម្រាប់ខ្មាំងសត្រូវនៃព្រលឹងខ្ញុំទៀតឡើយ។
២៩ចូរកុំខឹងទៀតឡើយ ព្រោះតែខ្មាំងសត្រូវរបស់ខ្ញុំ។ ចូរកុំធ្វើឲ្យកម្លាំងខ្ញុំទន់ខ្សោយ ព្រោះតែទុក្ខវេទនាទាំងឡាយរបស់ខ្ញុំឡើយ។
៣០ឱចិត្តខ្ញុំអើយ ចូររីករាយឡើង ហើយអំពាវនាវដល់ព្រះអម្ចាស់ចុះ ហើយចូរនិយាយថា ៖ ឱព្រះអម្ចាស់អើយ ទូលបង្គំសរសើរដំកើងព្រះអង្គជានិច្ច មែនហើយ ព្រលឹងទូលបង្គំរីករាយទៅលើទ្រង់ ឱព្រះរបស់ទូលបង្គំ ដែលជាថ្មនៃសេចក្ដីសង្គ្រោះរបស់ទូលបង្គំអើយ។
៣១ឱព្រះអម្ចាស់អើយ តើព្រះអង្គនឹងប្រោសលោះព្រលឹងទូលបង្គំឬទេ? តើព្រះអង្គនឹងរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវទូលបង្គំឬទេ? តើព្រះអង្គនឹងធ្វើឲ្យទូលបង្គំញ័រនៅចំពោះអំពើបាបឬទេ?
៣២សូមទ្វារនៃស្ថាននរក បិទជិតពីមុខទូលបង្គំជានិច្ច ពីព្រោះចិត្តទូលបង្គំសង្រេង ហើយវិញ្ញាណទូលបង្គំទន់ទាប! ឱព្រះអម្ចាស់អើយ សូមព្រះអង្គកុំបិទទ្វារទាំងឡាយនៃសេចក្ដីសុចរិតរបស់ទ្រង់ពីមុខទូលបង្គំឡើយ ដើម្បីឲ្យទូលបង្គំអាចដើរតាមផ្លូវនៃទីវាលទំនាប ដើម្បីឲ្យទូលបង្គំអាចដើរតាមផ្លូវទៀងត្រង់។
៣៣ឱព្រះអម្ចាស់អើយ សូមព្រះអង្គរុំព័ទ្ធខ្លួនទូលបង្គំ ដោយសំលៀកបំពាក់ដ៏សុចរិតរបស់ទ្រង់! ឱព្រះអម្ចាស់អើយ សូមព្រះអង្គធ្វើផ្លូវសម្រាប់ឲ្យទូលបង្គំភៀសខ្លួនរួចផុតពីពួកខ្មាំងសត្រូវរបស់ទូលបង្គំផង! សូមព្រះអង្គធ្វើឲ្យផ្លូវខាងមុខទូលបង្គំត្រង់! សូមព្រះអង្គកុំដាក់ថ្មជំពប់តាមផ្លូវទូលបង្គំឡើយ — ប៉ុន្តែសូមព្រះអង្គឆ្ការផ្លូវខាងមុខទូលបង្គំផង ហើយសូមកុំស្រាស់លើផ្លូវទូលបង្គំឡើយ ប៉ុន្តែសូមស្រាស់នៅលើផ្លូវទាំងឡាយនៃខ្មាំងសត្រូវទូលបង្គំវិញ។
៣៤ឱព្រះអម្ចាស់អើយ ទូលបង្គំបានទុកចិត្តទៅលើព្រះអង្គ ហើយទូលបង្គំនឹងទុកចិត្តទៅលើព្រះអង្គជារៀងដរាប។ ទូលបង្គំនឹងមិនដាក់ទីទុកចិត្តរបស់ទូលបង្គំទៅលើដៃនៃមនុស្សឡើយ ត្បិតទូលបង្គំដឹងថាត្រូវបណ្ដាសាហើយ ដល់អ្នកណាដែលដាក់ទីទុកចិត្តរបស់ខ្លួន ទៅលើដៃនៃមនុស្ស។ មែនហើយ ត្រូវបណ្ដាសាហើយ ដល់អ្នកណាដែលដាក់ទីទុកចិត្តរបស់ខ្លួនទៅលើមនុស្ស ឬក៏យកសាច់ឈាមធ្វើជាដៃរបស់ខ្លួន។
៣៥មែនហើយ ទូលបង្គំដឹងថា ព្រះទ្រង់នឹងប្រទានឲ្យអ្នកណា ដែលសូមដល់ទ្រង់ដោយសទ្ធា។ មែនហើយ ព្រះរបស់ទូលបង្គំនឹងប្រទានឲ្យទូលបង្គំ បើសិនជាទូលបង្គំមិនសូមនូវអ្វីដែលទុច្ចរិត ហេតុដូច្នេះហើយ ទូលបង្គំនឹងបន្លឺសំឡេងឡើងដល់ព្រះអង្គ មែនហើយ ទូលបង្គំនឹងអំពាវនាវដល់ព្រះអង្គ ឱព្រះរបស់ទូលបង្គំ ដែលជាថ្មនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ។ មើលចុះ សំឡេងរបស់ទូលបង្គំ នឹងអណ្ដែតឡើងទៅដល់ព្រះអង្គជារៀងដរាប ដែលជាថ្ម ហើយជាព្រះដ៏គង់នៅអស់កល្បជានិច្ចរបស់ទូលបង្គំ។ អាម៉ែន ៕