ព្រះគម្ពីរ
នីហ្វៃ ទី ២ 1


គម្ពីរ​ទី​ពីរ​នៃ​នីហ្វៃ

ដំណើរ​រឿង​មួយ​អំពី​មរណភាព​របស់​លីហៃ។ ពួក​បង​ប្រុស​របស់​នីហ្វៃ​បះបោរ​ទាស់​នឹង​នីហ្វៃ។ ព្រះ​អម្ចាស់​ទ្រង់​ព្រមាន​នីហ្វៃ​ឲ្យ​ចាកចេញ​ទៅ​ក្នុង​ទីរហោស្ថាន។ ដំណើរ​របស់​លោក​នៅ​ក្នុង​ទីរហោស្ថាន។ល។

ជំពូក​ទី ១

លីហៃ​ព្យាករ​អំពី​ដែនដី​នៃ​ឥស្សរភាព​មួយ — កូន​ចៅ​របស់​លោក​នឹង​ត្រូវ​ខ្ចាត់​ព្រាត់ ហើយ​បរាជ័យ ប្រសិនបើ​ពួក​គេ​បដិសេធ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល — លោក​ទូន្មាន​កូន​ប្រុស​ទាំង​ឡាយ​របស់​លោក ឲ្យ​ប្រដាប់​នូវ​គ្រឿង​ការ​ពារ​នៃ​សេចក្ដី​សុចរិត។ ប្រមាណ​ជា​ឆ្នាំ ៥៨៨–៥៧០ ម.គ.ស.។

ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់ពី​ខ្ញុំ នីហ្វៃ បាន​បញ្ចប់​នូវ​ការ​ប្រៀន​ប្រដៅ​បងៗ​ខ្ញុំ​ហើយ នោះ​ឪពុក​របស់​យើង គឺ​លីហៃ ក៏​មាន​ប្រសាសន៍​អំពី​រឿង​ជាច្រើន​ដល់​ពួក​គេ​ដែរ ហើយ​តំណាល​ប្រាប់​ដល់​គេ​អំពី​ការណ៍​ដ៏​ធំ​ក្រៃលែង ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​មេត្តាប្រោស​ដល់​ពួក​គេ ដើម្បី​ជួយ​នាំ​ពួក​គេ​ចេញ​ពី​ដែនដី​យេរូសាឡិម។

ហើយ​លោក​បាន​និយាយ​ទៅ​កាន់​ពួក​គេ អំពី​ការ​បះបោរ​របស់​ពួក​គេ កាល​ធ្វើ​ដំណើរ​តាម​ទឹក និង​អំពី​សេចក្ដី​មេត្តាករុណា​នៃ​ព្រះ ដោយ​ទ្រង់​បាន​ប្រណី​ជីវិត​ដល់​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​ត្រូវ​លេប​លិច​បាត់​នៅ​ក្នុង​សមុទ្រ។

ហើយ​លោក​ក៏​បាន​និយាយ​ទៅ​កាន់​ពួក​គេ​អំពី​ដែនដី​សន្យា ដែល​ពួក​គេ​បាន​ទទួល​យក — គឺ​ព្រះ​អម្ចាស់​ទ្រង់​ប្រកប​ដោយ​សេចក្ដី​មេត្តា ដែល​បាន​ព្រមាន​ដល់​យើង​ឲ្យ​យើង​រត់​ភៀស​ខ្លួន​ចេញ​ពី​ដែនដី​យេរូសាឡិម។

ត្បិត​មើល​ចុះ លោក​បាន​និយាយ​ថា ឪពុក​បាន​ឃើញ​ការ​និមិត្ត​មួយ ហើយ​ដោយ​ការ​និមិត្ត​នោះ ឪពុក​ដឹង​ថា ក្រុង​យេរូសាឡិម​ត្រូវ​បាន​បំផ្លាញ​ចោល ហើយ​ប្រសិនបើ​យើង​រស់នៅ​ក្រុង​យេរូសាឡិម​ត​ទៅ នោះ​យើង​ក៏​នឹង​ត្រូវ​វិនាស​ទៅ​ហើយ​ដែរ។

ប៉ុន្តែ​លោក​បាន​និយាយ​ថា ទោះ​បី​បាន​ឆ្លងកាត់​ការ​វេទនា​របស់​យើង​ជាច្រើន​ក៏​ដោយ គង់តែ​យើង​បាន​ទទួល​ដែនដី​សន្យា​ដែរ គឺជា​ដែនដី​មួយ​ដែល​ជា​ទី​ជម្រើស​លើ​អស់​ទាំង​ដែនដី​ឯ​ទៀត ជា​ដែនដី​មួយ​ដែល​ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ឪពុក​ថា ជា​ដែនដី​ទុក​ជា​កេរ្តិ៍អាករ​សម្រាប់​ពូជ​ឪពុក។ មែន​ហើយ ព្រះ​អម្ចាស់​ទ្រង់​បាន​ធ្វើ​សេចក្ដី​សញ្ញា​ថា​ឲ្យ​ដែនដី​នេះ​ដល់​ឪពុក ហើយ​ដល់​កូន​ចៅ​ឪពុក​រហូត​តទៅ និង​ដល់​អស់​អ្នក​ផង​ទាំង​ឡាយ​ណា ដែល​ត្រូវ​ដឹកនាំ​ចេញ​ពី​ប្រទេស​ផ្សេងៗ​មក​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់។

ហេតុ​ដូច្នោះ​ហើយ ឪពុក គឺ​លីហៃ ព្យាករ​តាម​កិច្ចការ​នៃ​ព្រះ​វិញ្ញាណ ដែល​នៅ​ក្នុង​ខ្លួន​ឪពុក ថា​គ្មាន​អ្នក​ណាមួយ​នឹង​អាច​មក​ដល់​ដែនដី​នេះ​បាន​ឡើយ លើកលែង​តែ​មក​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់​ប៉ុណ្ណោះ។

ហេតុ​ដូច្នោះ​ហើយ ដែនដី​នេះ​ញែក​ទុក​សម្រាប់​តែ​អ្នក​ណា ដែល​ទ្រង់​នឹង​នាំ​មក​តែ​ប៉ុណ្ណោះ។ ហើយ​បើសិនជា​ពួក​គេ​នឹង​បម្រើ​ព្រះ​អង្គ ស្រប​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ដែល​ព្រះ​អង្គ​បាន​ប្រទាន​មក​នោះ នោះ​ដែនដី​នេះ​នឹង​ទៅ​ជា​ដែនដី នៃ​ឥស្សរភាព​ដល់​ពួក​គេ ហេតុ​ដូច្នោះ​ហើយ ពួក​គេ​នឹង​មិន​ត្រូវ​នាំ​ចុះ​ទៅ​ក្នុង​ការ​ជាប់​ឃុំឃាំង​ឡើយ បើ​ពុំ​នោះ​សោត​ទេ គឺ​ការណ៍​នោះ​កើត​មក​ពី​សេចក្ដី​ទុច្ចរិត ត្បិត​បើ​សិន​ជា​មាន​សេចក្ដី​ទុច្ចរិត​ពាសពេញ នោះ​ដែនដី​នឹង​ត្រូវ​បណ្ដាសា​ដោយ​ព្រោះ​ពួក​គេ ប៉ុន្តែ​ចំពោះ​ពួក​សុចរិត​វិញ ដែនដី​នេះ​នឹង​ត្រូវ​បាន​ពរ​រហូត​តទៅ។

ហើយ​មើល​ចុះ គឺ​ដោយ​សារ​ប្រាជ្ញា​របស់​ព្រះ ដែល​ដែនដី​នេះ​ត្រូវ​បាន​ថែរក្សា​ទុក​មិន​ឲ្យ​ដឹង​ដល់​សាសន៍​ដទៃ​ឡើយ ត្បិត​មើល​ចុះ សាសន៍​ជាច្រើន​នឹង​មក​ជិះជាន់​ដែនដី​នេះ ដើម្បី​មិន​ឲ្យ​មាន​កន្លែង​ណា​ទុក​ជា​កេរ្តិ៍អាករ​ឡើយ។

ហេតុ​ដូច្នោះ​ហើយ ឪពុក គឺ​លីហៃ បាន​ទទួល​ពាក្យ​សន្យា​ថា ដរាបណា​ពួក​អ្នក​ដែល​ព្រះ​អម្ចាស់ ទ្រង់​បាន​នាំ​ចេញ​ពី​ដែនដី​យេរូសាឡិម​មក​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ​អង្គ នោះ​ពួក​គេ​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ផ្ទៃ​នៃ​ដែនដី​នេះ ហើយ​ពួក​គេ​នឹង​ត្រូវ​បាន​រក្សាទុក​ពី​អស់​ទាំង​សាសន៍​ឯ​ទៀត ដើម្បី​ឲ្យ​ពួក​គេ​អាច​គ្រង​ដែនដី​នេះ​ទុក​ដល់​ខ្លួន។ ហើយ​ប្រសិនបើ​ពួក​គេ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ព្រះ​អង្គ នោះ​ពួក​គេ​នឹង​បាន​ពរ​នៅ​លើ​ផ្ទៃ​នៃ​ដែនដី​នេះ ហើយ​នឹង​គ្មាន​នរណា​មួយ​មក​បៀតបៀន​ពួក​គេ ឬ​ក៏​ដណ្ដើម​យក​ដែនដី​នៃ​កេរ្តិ៍អាករ​របស់​គេ​ឡើយ ហើយ​ពួក​គេ​នឹង​រស់នៅ​ដោយ​សុខសាន្ត​ជា​រៀង​ត​ទៅ។

១០ប៉ុន្តែ​មើល​ចុះ កាល​ពេល​នោះ​មក​ដល់ ដែល​ពួក​គេ​ចុះ​អន់ថយ​ក្នុង​ការ​ឥត​ជំនឿ បន្ទាប់ពី​ពួក​គេ​បាន​ពរ​ជាច្រើន​ពី​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ — ដោយ​មាន​ការ​ចេះ​ដឹង​អំពី​ការ​បង្កើត​ផែនដី និង​មនុស្ស​លោក​ទាំង​អស់ ដោយ​ដឹង​អំពី​កិច្ចការ​ទាំង​ឡាយ​របស់​ទ្រង់​ដែល​ធំ ហើយ​អស្ចារ្យ ចាប់​តាំង​ពី​ការ​បង្កើត​លោកិយ​មក ដោយ​មាន​អំណាច​ដែល​បាន​ប្រទាន​ដល់​ពួក​គេ​សម្រាប់​ឲ្យ​ធ្វើ​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដោយ​សារ​សេចក្ដី​ជំនឿ ដោយ​មាន​ព្រះ​បញ្ញត្តិ​ទាំង​អស់ ចាប់​តាំង​ពី​ដំបូង​មក ហើយ​ដោយ​បាន​នាំ​មក​ដល់​ដែនដី​សន្យា​ដ៏​ពិសេស​នេះ ដោយ​សារ​សេចក្ដី​ល្អ​ដ៏​និរន្តរ៍​របស់​ទ្រង់ — មើល​ចុះ ឪពុក​និយាយ​ថា បើសិនជា​ថ្ងៃ​នោះ​មក​ដល់ ដែល​ពួក​គេ​មិន​ទទួល​ស្គាល់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​ពួក​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​មែស៊ី​ដ៏​ពិត ជា​ព្រះ​ដ៏​ប្រោស​លោះ​របស់​គេ និង​ជា​ព្រះ​របស់​គេ​ទេ មើល​ចុះ សេចក្ដី​ជំនុំជំរះ​ទាំង​ឡាយ​របស់​ទ្រង់​ដែល​ត្រឹម​ត្រូវ​នឹង​ធ្លាក់​មក​លើ​ពួក​គេ។

១១មែន​ហើយ ទ្រង់​នឹង​នាំ​ពួក​សាសន៍​ឯ​ទៀត​មក​ទី​នេះ ហើយ​ទ្រង់​នឹង​ប្រទាន​អំណាច​ដល់​ពួក​សាសន៍​ទាំង​នេះ ហើយ​ទ្រង់​នឹង​ដក​យក​ដែនដី​ជា​កេរ្តិ៍អាករ​របស់​ពួក​គេ​មក​វិញ ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់ខ្ចាយ ហើយ​រងទុក្ខ។

១២មែន​ហើយ ពី​តំណ​មួយ​ទៅ​តំណ​មួយ នឹង​មាន​ការ​ខ្ចាយ​ឈាម​ទាំង​ឡាយ និង​ការ​ពិនិត្យពិច័យ​ដ៏​ធំ​ក្នុង​ចំណោម​ពួក​គេ ហេតុ​ដូច្នោះ​ហើយ ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ ឪពុក​ចង់​ឲ្យ​កូន​ចងចាំ មែន​ហើយ ឪពុក​ចង់​ឲ្យ​កូន​ប្រុង​ស្ដាប់​តាម​វាចា​របស់​ឪពុក​ចុះ។

១៣ឱ ចូរ​ឲ្យ​កូន​រាល់​គ្នា​ភ្ញាក់​ឡើង ចូរ​ភ្ញាក់​ពី​ដំណេក​ដ៏​លង់លក់ មែន​ហើយ ព្រម​ទាំង​ពី​ដំណេក​នរក ហើយ​រលាស់​ចោល​នូវ​ច្រវាក់​ដ៏​អប្រីយ៍​ដែល​ចង​កូន​រាល់​គ្នា ដែល​ជា​ច្រវាក់​ចង​កូន​ចៅ​មនុស្ស​លោក ដើម្បី​នាំ​យក​ទៅ​ជា​ជាប់​ឃុំឃាំង ចុះ​ទៅ​កាន់​ជង្ហុក​នៃ​សេចក្ដី វេទនា និង​ទុក្ខ​លំបាក។

១៤ចូរ​ភ្ញាក់​ឡើង! ហើយ​ងើប​ពី​ធូលី​ដី ហើយ​ស្ដាប់​នូវ​វាចា​របស់​ឪពុក​ដែល​ញ័រ ហើយ​មិនយូរប៉ុន្មាន ខ្លួន​ប្រាណ​របស់​ឪពុក​នេះ​នឹង​ត្រូវ​កូន​រាល់​គ្នា​បញ្ចុះ​ទៅ​ក្នុង​ផ្នូរ​ដ៏​ត្រជាក់ ហើយ​ស្ងប់ស្ងាត់ ជា​កន្លែង​ដែល​ពុំ​មាន​អ្នក​ធ្វើ​ដំណើរ​ណា​អាច​ត្រឡប់​មក​វិញ​បាន​ឡើយ នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត ឪពុក​នឹង​ទៅ​តាម​ផ្លូវ​នៃ​អស់​ទាំង​ផែនដី​ហើយ។

១៥ប៉ុន្តែ​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រោសលោះ​ព្រលឹង​របស់​ឪពុក​ឲ្យ​រួច​ពី​ស្ថាន​នរក​ហើយ ឪពុក​បាន​ឃើញ​សិរីល្អ​របស់​ទ្រង់ ហើយ​ឪពុក​ត្រូវ​បាន​ឱប​ក្រសោប​ជា​អង្វែង​តទៅ ដោយ​ព្រះ​ពាហុ​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់។

១៦ហើយ​ឪពុក​ចង់​ឲ្យ​កូន​រាល់​គ្នា​ចងចាំ​ថា ត្រូវ​ប្រតិបត្តិ​តាម​មាត្រា និង​សេចក្ដី​ជំនុំជំរះ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ មើល​ចុះ នេះ​គឺ​ជា​សេចក្ដី​បារម្ភ​នៅ​ក្នុង​ដួង​ព្រលឹង​ឪពុក​ចាប់​ពី​ដំបូង​មក​ម្ល៉េះ។

១៧ជួន​ពេល​ខ្លះ ចិត្ត​ឪពុក​ធ្ងន់​ជាប់​ទៅ​ដោយ​សេចក្ដី​សោកសៅ ព្រោះ​ឪពុក​ខ្លាចក្រែង​ភាព​រឹងរូស​នៃ​ចិត្ត​របស់​ពួក​កូន នាំ​ឲ្យ​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​កូន ទ្រង់​កើត​សេចក្ដី​ខ្ញាល់​មក​លើ​កូន​ទាំង​ស្រុង ដែល​នឹង​ធ្វើ​ឲ្យ​កូន​រាល់​គ្នា​ត្រូវ​កាត់​ចេញ ហើយ​ត្រូវ​បំផ្លាញ​ចោល​ជា​ដរាប។

១៨ឬ​ក៏​បណ្ដា​សា​នឹង​ធ្លាក់​មក​លើ​ពួក​កូន​អស់​រយៈ​ជាច្រើន​តំណ ហើយ​កូន​រាល់​គ្នា​នឹង​ត្រូវ​ពិនិត្យពិច័យ​ដោយ​មុខ​ដាវ និង​ដោយ​អំណត់អត់ ហើយ​នឹង​ត្រូវ​ស្អប់ខ្ពើម ហើយ​នឹង​ត្រូវ​ដឹកនាំ​ទៅ​តាម​ចំណង់ និង​ការ​ជាប់​ឃុំឃាំង​របស់​អារក្ស

១៩ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ សូម​កុំ​ឲ្យ​ការណ៍​ទាំង​នេះ​ធ្លាក់​មក​លើ​ពួក​កូន​ឡើយ ប៉ុន្តែ​សូម​ឲ្យ​កូន​រាល់​គ្នា​ក្លាយ​ទៅ​ជា​ប្រជាជន​ជម្រើស និង​សំណប់​នៃ​ព្រះ​អម្ចាស់​ចុះ។ ប៉ុន្តែ​មើល​ចុះ ព្រះ​ហឫទ័យ​ទ្រង់​នឹង​បាន​សម្រេច ត្បិត​ផ្លូវ​ទាំង​ឡាយ​របស់​ទ្រង់ គឺ​ជា​សេចក្ដី​សុចរិត​ជា​រៀង​ដរាប។

២០ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ថា ៖ ដរាបណា​អ្នក​រាល់​គ្នា​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី ប៉ុន្តែ​បើ​ដរាបណា​អ្នក​រាល់​គ្នា​មិន​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​កាត់​ចេញ​ពី​វត្តមាន​របស់​យើង។

២១ហើយ​ឥឡូវ​នេះ ដើម្បី​ឲ្យ​ព្រលឹង​ឪពុក​អាច​មាន​សេចក្ដី​អំណរ​ទៅ​លើ​កូន ហើយ​ដើម្បី​ឲ្យ​ដួងចិត្ត​ឪពុក​អាច​ចាក​ចេញ​ពី​លោក​នេះ​ទៅ​ទាំង​ត្រេកអរ​ដោយ​សារ​កូន ដើម្បី​កុំ​ឲ្យ​ឪពុក​អាច​ត្រូវ​បាន​នាំ​ចុះ​ទៅ​ក្នុង​ផ្នូរ​ដោយ​សារ​សេចក្ដី​ទុក្ខសោក និង​សេចក្ដី​សោកសៅ ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ ចូរ​កូន​ទាំង​អស់​ក្រោក​ពី​ធូលី​ដី​ឡើង ហើយ​ធ្វើ​ជា​មនុស្ស ហើយ​តាំងស្មារតី​ក្នុង​គំនិត​តែមួយ និង​ក្នុង​ចិត្ត​តែមួយ គឺ​សាមគ្គី​គ្នា​ក្នុង​ការណ៍​គ្រប់មុខ ដើម្បី​កុំ​ឲ្យ​កូន​រាល់​គ្នា អាចធ្លាក់​ចុះ​ទៅ​ការ​ជាប់​ឃុំឃាំង​ឡើយ

២២ដើម្បី​កុំ​ឲ្យ​កូន​ត្រូវ​ពាក្យ​បណ្ដា​សា​ដ៏​ធ្ងន់ធ្ងរ ហើយ​ព្រម​ទាំង​កុំ​ឲ្យ​កូន​រាល់​គ្នា​បាន​ការ​អ​ព្រះ​ហឫទ័យ​នៃ​ព្រះ​ដ៏​យុត្តិធម៌​មក​លើ​កូន​ដល់​សេចក្ដី​បំផ្លិចបំផ្លាញ​ឡើយ មែន​ហើយ គឺ​ជា​សេចក្ដី​បំផ្លិចបំផ្លាញ​ដ៏​អស់កល្ប​ជានិច្ច​នៃ​ព្រលឹង និង​ទាំង​រូបកាយ​ដែរ។

២៣ឱ​កូន​ប្រុស​ទាំង​ឡាយ​របស់​ឪពុក​អើយ ចូរ​ភ្ញាក់​ឡើង ហើយ​ចូរ​ប្រដាប់​នូវ​គ្រឿង​ការពារ​នៃ​សេចក្ដី​សុចរិត​ចុះ។ ចូរ​រលាស់​ចោល​នូវ​ច្រវាក់​ដែល​ចង​កូន ហើយ​ចូរ​ចេញ​ពី​ទី​អាប់អួ​មក ហើយ​ចូរ​ក្រោក​ពី​ធូលី​ដី​ឡើង។

២៤ចូរ​កុំ​បះបោរ​ទាស់​នឹង​ប្អូន​ទៀត​ឡើយ វា​ធ្លាប់​មាន​ទស្សនៈ​ដ៏​រុងរឿង ហើយ​វា​បាន​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ ចាប់​តាំង​ពី​ពេល​ដែល​យើង​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​មក​ម្ល៉េះ ហើយ​វា​ធ្លាប់​ទៅ​ជា​គ្រឿង​ឧបករណ៍​មួយ​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ ក្នុង​ការ​នាំ​យើង​មក​ដល់​ដែនដី​សន្យា ត្បិត​បើសិនជា​មិនមែន​ដោយ​សារ​វា​ទេ នោះ​យើង​ទាំង​អស់​គ្នា​ច្បាស់​ជា​ត្រូវ​វិនាស​ដោយ​ការ​អត់ឃ្លាន​នៅ​ក្នុង​ទីរហោស្ថាន​ទៅ​ហើយ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ គង់តែ​កូន​រាល់​គ្នា​បាន​ព្យាយាម​ចង់​យក​ជីវិត​វា​ដែរ មែន​ហើយ ហើយ​វា​បាន​រងទុក្ខ​វេទនា​នូវ​ការ​សោកសៅ​ដ៏​ច្រើន ពី​ព្រោះ​តែ​ពួក​កូន។

២៥ហើយ​ឪពុក​ភិតភ័យ ហើយ​ញ័រ​រន្ធត់​ក្រៃលែង​ពី​ព្រោះ​តែ​ពួក​កូន ក្រែង​វា​នឹង​រងទុក្ខ​ទៀត ត្បិត​មើល​ចុះ កូន​រាល់​គ្នា​បាន​ចោទ​ប្រកាន់​ថា​វា​ស្វែងរក​អានុភាព និង​សិទ្ធិ​អំណាច​លើ​ពួក​កូន ប៉ុន្តែ​ឪពុក​ដឹង​ថា វា​មិន​បាន​ស្វែងរក​អានុភាព ឬ​សិទ្ធិ​អំណាច​លើ​ពួក​កូន​ទេ ប៉ុន្តែ​វា​បាន​ស្វែងរក​សិរីល្អ​នៃ​ព្រះ និង​សុខុមាលភាព​ដ៏​អស់កល្ប​ជានិច្ច​ដល់​ពួក​កូន​វិញ។

២៦ហើយ​កូន​រាល់​គ្នា​បាន​រអ៊ូរទាំ ពី​ព្រោះ​វា​បាន​និយាយ​ដោយ​ច្បាស់លាស់​ដល់​កូន។ កូន​រាល់​គ្នា​ថា វា​បាន​ប្រើ​វាចា​តឹងរឹង កូន​រាល់​គ្នា​ថា វា​បាន​ខឹង​នឹង​ពួក​កូន ប៉ុន្តែ​មើល​ចុះ ការ​តឹងរឹង​របស់​វា គឺ​ជា​ការ​តឹងរឹង​របស់​ចេស្ដា​នៃ​ព្រះ​បន្ទូល​នៃ​ព្រះ ដែល​នៅ​ក្នុង​ខ្លួន​វា ហើយ​អ្វី​ដែល​កូន​រាល់​គ្នា​ហៅ​ថា​កំហឹង​នោះ គឺជា​សេចក្ដី​ពិត ស្រប​តាម​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​ព្រះ ដែល​វា​ពុំ​អាច​ទប់​បាន ទើប​សម្ដែង​ប្រាប់​ដោយ​ក្លាហាន​អំពី​សេចក្ដី​ទុច្ចរិត​ទាំង​ឡាយ​របស់​ពួក​កូន។

២៧ហើយ​ជា​ប្រាកដ​ថា ព្រះ​ចេស្ដា​នៃ​ព្រះ​ច្បាស់​ជា​មាន​នៅ​ក្នុង​ខ្លួន​វា សូម្បីតែ​ការ​បញ្ជា​របស់​វា កូន​ត្រូវ​ធ្វើ​តាម​ដែរ។ ប៉ុន្តែ​មើល​ចុះ គឺ​មិនមែន​វា​ទេ តែ​ជា​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ដែល​នៅ​ក្នុង​ខ្លួន​វា​ទេ​តើ ដែល​បើក​មាត់​វា​ឲ្យ​ចេញ​សម្ដី ដែល​វា​មិន​អាច​បិទមាត់​បាន។

២៨ហើយ​ឥឡូវ​នេះ លេមិន ឱ​កូន​ប្រុស​របស់​ឪពុក​អើយ! ព្រម​ទាំង​លេមយួល និង​សាំ ហើយ​នឹង​កូន​ទាំង​ឡាយ ដែល​ជា​កូន​របស់​អ៊ីសម៉ាអែល​អើយ មើល​ចុះ បើសិនជា​កូន​រាល់​គ្នា​ប្រុង​ស្ដាប់​តាម​សំឡេង​របស់​នីហ្វៃ កូន​រាល់​គ្នា​នឹង​មិន​ត្រូវ​វិនាស​ឡើយ។ ហើយ​បើ​សិន​ជា​កូន​រាល់​គ្នា​ប្រុង​ស្ដាប់​តាម​វា នោះ​ឪពុក​នឹង​ប្រទាន​ពរ​ដល់​កូន មែន​ហើយ គឺ​ជា​ពរ​មុន​ដំបូង​របស់​ឪពុក។

២៩ប៉ុន្តែ​បើសិនជា​កូន​រាល់​គ្នា​ពុំ​ស្ដាប់​តាម​វា​ទេ នោះ​ឪពុក​នឹង​ដក​យក​ពរ​មុនដំបូង​របស់​ឪពុក​វិញ មែន​ហើយ គឺជា​ពរ​ដំបូង​របស់​ឪពុក ហើយ​ពរ​នោះ​នឹង​បាន​ស្ថិត​ទៅ​លើ​វា។

៣០ហើយ​ឥឡូវ​នេះ សូរាំ យើង​សូម​និយាយ​ទៅ​កាន់​អ្នក​ថា ៖ មើល​ចុះ អ្នក​គឺជា​អ្នក​បម្រើ​របស់​ឡាបាន់ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​អ្នក​ត្រូវ​បាន​នាំ​ចេញ​ពី​ដែនដី​យេរូសាឡិម​ដែរ ហើយ​យើង​ដឹង​ថា អ្នក​គឺជា​មិត្ត​ដ៏​ពិត​ដល់​កូន​យើង គឺ​នីហ្វៃ ជា​រៀង​រហូត​តទៅ។

៣១ហេតុ​ដូច្នោះ​ហើយ ដោយ​មក​ពី​អ្នក​មាន​ចិត្ត​ស្មោះត្រង់ នោះ​ពូជ​អ្នក​នឹង​បាន​ពរ ជាមួយ​នឹង​ពូជ​វា គឺ​ពួក​គេ​នឹង​រស់នៅ​ដ៏​ចម្រុង​ចម្រើន​ដ៏​យូរលង់​នៅ​លើ​ដែនដី​នេះ ហើយ​គ្មាន​អ្វី​ក្រៅពី​សេចក្ដី​ទុច្ចរិត​របស់​ពួក​គេ ដែល​នឹង​ធ្វើ​ឲ្យ​ខូចខាត ឬ​រំខាន​ដល់​សេចក្ដី​ចម្រុង​ចម្រើន​របស់​ពួក​គេ​នៅ​លើ​ដែនដី​នេះ​ជា​រៀង​រហូត​តទៅទេ។

៣២ហេតុ​ដូច្នោះ​ហើយ បើសិនជា​អ្នក​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ នោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​ញែក​ដែនដី​នេះ​ទុក​ជាទី​សន្តិសុខ​ដល់​ពូជ​អ្នក ជាមួយ​នឹង​ពូជ​កូន​របស់​យើង ៕