២០១៩
ការយល់​ដឹង​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​បាន​ផ្តល់​ភាព​សុខសាន្ត​ដល់​ខ្ញុំ
ខែ មិថុនា ឆ្នាំ ២០១៩


ការយល់​ដឹង​អំពី ផែនការ​នៃ​សេចក្ដី​សង្គ្រោះ បាន​ផ្តល់​ភាព​សុខសាន្ត​ដល់​ខ្ញុំ

អ្នក​និពន្ធ​រស់​នៅ​ប្រទេស​ហ្វីលីពីន ។

ពេល​ម្តាយ​ខ្ញុំ​ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ដឹង​ថា​មាន​ជំងឺ​មហារីក​កម្រិត​ចុង​ក្រោយ នោះ​ខ្ញុំ​គ្រាន់តែ​អាច​មើល​ឃើញ​ពីទុក្ខព្រួយ​នាពេល​អនាគត​របស់​ខ្ញុំតែប៉ុណ្ណោះ ។ បន្ទាប់​មក​គាត់​បាន​ថ្លែង​ទីបន្ទាល់​របស់​គាត់​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។

រូបភាព
earth and dove

ពីរបី​ឆ្នាំ​កន្លង​ទៅ នៅ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​របស់​ម្តាយ​ឪពុក​ខ្ញុំ ម្តាយ​ខ្ញុំ​ត្រូវបាន​ធ្វើរោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​មហារីក​លំពែង​ដំណាក់​ទី ៤ ។ លទ្ធផល​ស៊ីធី​ស្កេន​របស់​គាត់​បាន​បង្ហាញ​ថា ជំងឺ​មហារីក​របស់​គាត់​គំរាមកំហែង​អាយុជីវិត​គាត់ ហើយ​រូបកាយ​របស់​គាត់​ទ្រុឌទ្រោម​ជា​ខ្លាំង ។ នៅគ្រានោះហើយ ដែល​ខ្ញុំ​បាន​ដឹង​ថា ម្តាយ​របស់​ខ្ញុំ​ពុំ​អាច​រស់នៅ​បាន​យូរ​ទៀត​ទេ ។

ខ្ញុំ​ពុំទាន់បាន​ត្រៀម​ខ្លួន​ចំពោះ​រឿង​នោះទេ ។ ខ្ញុំ​បាន​ស្រមៃ​ពី​សភាព​នៃ​ជីវិត​ខ្ញុំ ពេល​គ្មាន​ម្តាយ​ខ្ញុំ ។ អ្វីៗគ្រប់​យ៉ាង​នឹង​អាប់អួរ គ្មាន​សង្ឃឹម និង​ទុក្ខព្រួយ ។ គ្មាន​អំណរ ឬ​ការសើច​សប្បាយ​ទៀត​ឡើយ—ហើយ​គ្មាន​​ការឱប​ដ៏​កក់ក្តៅ​ពី​ម្តាយ​ខ្ញុំ​ដែល​នឹង​លួងលោម​ខ្ញុំ​ទៀត​ដែរ ។ វាហាក់ដូចជា​ខ្ញុំ​គ្មាន​ជីវិត​ផងដែរ ។

ជាច្រើន​ខែ​បាន​កន្លង​ផុត​ទៅ ហើយ​រាងកាយ​ម្តាយ​របស់​ខ្ញុំ​បាន​ចុះខ្សោយទៅៗ ។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​បំផុត​នោះ គឺ​បំណង​ប្រាថ្នា​របស់​គាត់​ក្នុង​ការទៅ​ព្រះវិហារ ចូលរួម​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ​ជាមួយ​គ្រួសារ​យើង បង្រៀន​មេរៀន​នៅក្នុង​រាត្រីជួបជុំ​គ្រួសារ ហើយ​ថែមទាំង​សើច​ជាមួយ​យើង​ផងដែរ ។

ថ្ងៃ​មួយ ខ្ញុំ​បាន​សួរ​គាត់​ថា « តើ​ម៉ាក់​គ្មាន​សំណួរ​ទៅកាន់​ព្រះវរបិតាសួគ៌​ទេឬ ? តើ​ម៉ាក់​ដែល​ឆ្ងល់​ទេ​ថា ហេតុអ្វី ម៉ាក់ មាន​ជំងឺមហារីក ? ម្តាយ​ខ្ញុំ​បាន​ញញឹម ហើយ​បានចែកចាយ​ទីបន្ទាល់​របស់​គាត់​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវតែ​យល់​ពី​ផែនការណ៍​នៃ​សេចក្តីសង្គ្រោះ ដើម្បី​ទទួល​អារម្មណ៍​នៃ​ភាព​សុខសាន្ត​ដ៏​ប្រពៃ​ដែល​យើង​នឹងទទួល ។ គាត់​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើ​ខ្ញុំ​យល់​ពី​កន្លែង​ដែល​យើង​បាន​មក គោលបំណង​របស់យើង​ក្នុង​ជីវិត​នេះ និង​កន្លែង​ដែល​យើង​ទៅ នោះ​ខ្ញុំ​នឹង​យល់​ថា យើង​នឹង​នៅជាមួយ​គ្នា​ជា​និច្ច ខ្ញុំ​នឹង​ពុំ​បាត់បង់​គាត់​នោះទេ ។ គាត់​បាន​លើក​ទឹកចិត្ត​ខ្ញុំ​ឲ្យ​បន្ត​រៀបចំ​ខ្លួ​ន​បម្រើ​បេសកកម្ម ហើយ​ចែកចាយ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​ជាមួយ​មនុស្ស​ដទៃ ដើម្បី​ពួកគេ​អាច​ទទួល​ពរជ័យ​នៃ​ការលួងលោម និង​សុភមង្គល​នេះ​ផងដែរ ។

ខ្ញុំ​បាន​ដឹង​ថា ម្តាយ​ខ្ញុំ​មាន​ប្រសាសន៍​ត្រឹមត្រូវ​ណាស់ ។ ហេតុអ្វី​ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ខ្លាច​បាត់បង់​គាត់​នៅលើផែនដី​នេះ ប្រសិនបើ​ខ្ញុំ​បានដឹង​ថា ដរាប​ណា​ខ្ញុំ​រក្សា​សេចក្តីសញ្ញា ហើយ​បំពេញ​តាម​ព្រះទ័យ​របស់​ព្រះវរបិតា នោះ​ខ្ញុំ​នឹង​ជួប​គាត់​នៅក្នុង​ជីវិត​បន្ទាប់​ទៀត ? ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត ។

មួយ​រយៈ​ក្រោយ​មក ម្តាយ​របស់​ខ្ញុំ​បាន​ស្លាប់ ។ អំឡុងពេល​ធ្វើ​ពិធីបុណ្យ​សព—ជា​ពិធីដែល​យើង​បាន​ធ្វើ​ពីមុន​ការបញ្ចុះ​សព​គាត់—ទោះបី​នោះ​ជាគ្រា​លំបាក ហើយ​ខ្ញុំ​មាន​ទុក្ខ​ក្តី អ្វីៗគ្រប់​យ៉ាង​ហាក់ដូចជា​មាន​ភាពសុខសាន្ត ហើយ​ខ្ញុំ​នៅតែ​មានអារម្មណ៍​ថា ម្តាយ​ខ្ញុំ​មាន​វត្តមាន​នៅទីនោះ ។ សូម្បី​តែ​អ្នក​ដែល​នៅជុំវិញ​ខ្ញុំ ក៏​ហាក់ដូចជា​ត្រូវបាន​លើក​ស្ទួយ​ចិត្ត​ផងដែរ ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​ពរជ័យ​ពិតប្រាកដ​នៃ​ការយល់​អំពី​ផែនការ​ដ៏ទេវភាព​របស់​ព្រះ ។

ក្រោយ​មក នៅពេល​ដែល​ត្រូវ​យក​សព​ម្តាយ​ខ្ញុំ​ទៅ​ទីបញ្ចុះ​សព ក្មេងប្រុស​ម្នាក់​បាន​មក​ជួប​ខ្ញុំ ហើយ​បាន​សួរ​ខ្ញុំ​ថា ហេតុអ្វី​ខ្ញុំ​អត់យំ ។ ខ្ញុំ​បាន​ចាំ​ពី​អារម្មណ៍​ដែល​ខ្ញុំ​បាន​គិត​អំពី​មរណភាព​របស់​ម្តាយ​ខ្ញុំ​ពីមុន និង​អារម្មណ៍​ដែ​ល​ខ្ញុំបាន​ឃើញ​តែ​ពីទុក្ខព្រួយ និង​ភាពសោកសៅ​ដ៏​ខ្លាំង ។ ខ្ញុំ​បាន​ញញឹម ហើយ​លុតជង្គង់​ចុះ​ត្រឹម​កម្ពស់​គាត់ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា « បង​ដឹង​ថា បង​នឹង​ជួប​ម្តាយ​បង​ម្តង​ទៀត ប្រសិនបើ​បង​បន្ត​ធ្វើ​តាម​បទបញ្ញត្តិ​របស់​ព្រះ » ។ ក្មេងប្រុស​នោះបាន​ញញឹម​ផងដែរ ហើយ​ខ្ញុំ​បានដឹង​ថា គាត់​បាន​ទទួល​អារម្មណ៍​សុខសាន្ត​ដូច​ខ្ញុំ​បាន​ទទួល​ដែរ ។

ម្តាយ​របស់​ខ្ញុំ​បានចែកឋាន​ទៅ​មែន ប៉ុន្តែ​ភាពអាប់អួរ ក្តីអស់សង្ឃឹម និង​ភាពសោកសៅ​ដែល​ខ្ញុំ​បាន​គិតថា នឹង​មាន​ក្នុង​ជីវិត​ខ្ញុំ​នោះ​ពុំ​មាន​វត្តមាន​ឡើយ ។ ខ្ញុំ​បាន​លា​ម្តាយ​ខ្ញុំ ហើយ​ប្រាប់​គាត់​ថា យើង​នឹង​ជួប​គ្នា​នៅ​ក្នុង​ជីវិត​ខាង​មុខ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​លួងលោម ទោះបី​ជា​យើង​បាត់បង់​គ្នា​ក្តី ។ វា​គឺជា​ពរជ័យ​មួយ​ដែល​កើត​ឡើង​ពីការ​យល់​អំពី ផែនការ​នៃ​សេចក្ដី​សង្គ្រោះ​ ។