២០១៩
ទីកន្លែង​របស់​យើង
ខែ មិថុនា ឆ្នាំ ២០១៩


ទីកន្លែង​របស់​យើង

រត់ !

រូបភាព
boy running

ល្ងាច​មួយ ពេល​ខ្ញុំ​កំពុង​ដើរ​ទៅ​ផ្ទះ ។ វា​នៅ​សល់​តែ​ចម្ងាយ​ប្រហែល​បីបួន​ច្រក​ប៉ុណ្ណោះ ពីកន្លែង​ដែល​ខ្ញុំ​បាន​ជួប​ជាមួយ​មិត្តភក្តិ​ខ្ញុំ​មួយ​ចំនួន​កាលពីមិនទាន់ងងឹត ប៉ុន្តែ​ឥឡូវ​នេះ មេឃ​ងងឹត​ទាំងស្រុង​តែម្តង ។ ខ្ញុំពិបាក​នឹង​មើលឃើញ​កន្លែង​ដែល​ខ្ញុំកំពុង​ដើរ ។

ខ្ញុំ​បាន​ដឹង​ថា មាន​យុវជន​បីនាក់​កំពុង​ដើរ​តាម​ខ្ញុំ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ដើរ​កាន់តែ​លឿន​ចេញ​ពី​ពួកគេ ប៉ុន្តែ​ពួកគេ​បាន​បន្ត​ដើរ​តាម​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​ភិតភ័យ​ក្នុង​ចិត្ត​ខ្ញុំ ។ បន្ទាប់​មក មាន​គំនិត​ដ៏​ច្បាស់​មួយ​បាន​ផុស​ឡើង​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ថា ៖ រត់​ទៅ ! ខ្ញុំ​បាន​ចាប់ផ្តើម​រត់​ឡើង​ទួល ។ ទួល​នោះ​ចោត​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មាន​កម្លាំង​មួយ​ដែល​ពុំមែន​ជា​កម្លាំង​ខ្ញុំ​ទេ ។ វា​ហួស​ពី​កម្លាំង​ខ្ញុំ ។

ឥឡូវ​នេះ​ពួកយុវជន​កំពុង​រត់មក​ដែរ ហើយ​ខិត​មក​កៀក​នឹង​ខ្ញុំ ។ ខ្ញុំ​ពុំ​ដឹង​ប្រាកដ​ថា ត្រូវធ្វើអ្វី​បន្ទាប់ទៀត​ឡើយ ។ ជាថ្មី​ម្តង​ទៀត គំនិត​មួយ​ដ៏ច្បាស់លាស់​បាន​ផុស​ក្នុង​គំនិត​ខ្ញុំ ដែល​ប្រាប់​ខ្ញុំ​ថា ត្រូវ​រត់​ចុះ​ទៅ​តាម​ផ្លូវ​តូច​មួយ ។ ពេល​ខ្ញុំ​រត់​តាម​ផ្លូវ​នោះ ខ្ញុំ​រំភើប​ចិត្ត​ជា​ខ្លាំង​ដោយសារ​ខ្ញុំ​បាន​ឃើញ​មន្ត្រី​ប៉ូលីស​ម្នាក់ ។ ដោយ​រត់​ខ្សោះកម្លាំង​អស់​ចម្ងាយ​ជា​ច្រើន​ច្រក​មក ហើយ​ហត់​ស្ទើរតែ​ដាច់ខ្យល់ នោះ​ខ្ញុំ​បាន​សូម​ជំនួយ​ពីប៉ូលីស​នោះ ។ ពេល​ពួកយុវជន​ទាំង​នោះ​បាន​ឃើញ​ខ្ញុំ​និយាយ​ជាមួយ​មន្ត្រីប៉ូលីស នោះ​ពួកគេ​បាន​ឈប់​រត់​ដេញ​តាម​ខ្ញុំ​ទៀត ហើយ​ទីបំផុត​ពួកគេ​បាន​ដើរ​ចេញ​បាត់​ទៅ ។ ដើម្បី​ប្រាកដ​ថា ខ្ញុំ​មាន​សុវត្ថិភាព មន្ត្រី​ប៉ូលីស​រូប​នោះ​បាន​ដើរ​ទៅ​ផ្ទះ​ជាមួយ​ខ្ញុំ ។

នា​យប់​នោះ ខ្ញុំ​បាន​បន្ត​គិត​អំពី​ការបំផុសគំនិត​ដែល​ខ្ញុំ​បាន​ទទួល ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​សុខសាន្ត ដោយ​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ជួយ​ខ្ញុំ ។ ខ្ញុំ​បាន​អធិស្ឋាន​ថ្លែង​អំណរគុណ​ទ្រង់​ចំពោះ​ការណែនាំ​របស់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា ពេល​យើងធ្វើ​តាម​សំឡេង​នៃ​ព្រះវិញ្ញាណ នោះ​យើង​នឹង​មាន​សុវត្ថិភាព ។

ម៉ាទីន អេស ទីក្រុង​ពើតូ ប្រទេស​អាហ្សង់ទីន

ការក្រោក​ពី​ដេក​គឺជា​ការទទួល​ខុសត្រូវ​របស់​ខ្ញុំ

រូបភាព
girl waking up

នៅ​ថ្ងៃ​អាទិត្យ​ម្តាយ​ខ្ញុំ​តែងតែ​ដាស់​ខ្ញុំ ដើម្បី​ខ្ញុំ​អាចរៀបចំ​ខ្លួន​ទៅ​ព្រះវិហារ ហើយ​ទៅ​ដល់​ទីនោះ​មុន​ការប្រជុំ​ចាប់ផ្តើម ។ ប៉ុន្តែ​នៅ​ថ្ងៃ​អាទិត្យ​មួយ ម្តាយ​ខ្ញុំ​ពុំ​បាន​មក​ដាស់​ខ្ញុំ​ទេ ។ ខ្ញុំ​បាន​ក្រោកពីដេក​ដោយ​ខ្លួន​ឯង ហើយ​បាន​សង្កេត​ឃើញ​ថា ខ្ញុំ​ពុំ​ឮ​សំឡេង​ដូច​សព្វ​មួយ​ដង​ដែល​គ្រួសារ​ខ្ញុំ​រៀបចំ​ខ្លួន​ទៅ​ព្រះវិហារ​ឡើយ ។ ខ្ញុំ​បាន​មើល​នាឡិកា​ទាំង​អន្ទះសារ ហើយ​បាន​ដឹង​ថា ខ្ញុំ​បាន​យឺត​កន្លះ​ម៉ោង​ចូល​ប្រជុំ​នៅ​ព្រះវិហារ​ហើយ ។ ខ្ញុំ​បាន​ខកខាន​ទទួល​ទាន​សាក្រាម៉ង់ ។ ខ្ញុំ​ប្រហែល​ជា​នឹង​ខកខាន​រៀន​ថ្នាក់​សាលា​ថ្ងៃ​អាទិត្យ​ផងដែរ ។

ខ្ញុំ​បាន​ទទួល​អារម្មណ៍​ច្របូកច្របល់ និង​ត្រូវគេ​បោះបង់​ចោល ។ ហេតុអ្វី​ម៉ាក់​ខ្ញុំ​មិន​ដាស់​ខ្ញុំ​ព្រឹក​នេះ ? គាត់​ដាស់​ខ្ញុំ​ជានិច្ច ។ ប៉ុន្តែ​ក្រោយ​មក​ខ្ញុំ​បាន​ដឹង​ថា ៖ វា​ពុំមែន​ជា​ការទទួល​ខុសត្រូវ​របស់ម្តាយ​ខ្ញុំ​ដើម្បី​ដាស់​ខ្ញុំ ដើម្បី​ខ្ញុំ​អាច​ទៅ​ព្រះវិហារ​ទាន់​ម៉ោង​នោះ​ទេ—វា​ជាការទទួល​ខុសត្រូវ​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ចុះ​សេចក្តីសញ្ញា​ជាមួយ​ព្រះវរបិតាសួគ៌ ហើយ​វា​ជា​ការទទួល​ខុសត្រូវ​របស់​ខ្ញុំ​ដើម្បី​រក្សា​សេចក្តីសញ្ញា​នោះ ។

ក្រោយ​មក​នៅ​ថ្ងៃ​ដដែល​នោះ ម្តាយ​ខ្ញុំ​បាន​ប្រាប់​ថា គាត់​មិន​ដាស់​ខ្ញុំ​ឲ្យ​ក្រោក​ទៅ​ព្រះវិហារ​ទៀត​ទេ ។ គាត់​បាន​និយាយ​ថា គាត់​មិនដាស់​ខ្ញុំ​ទៀត​ទេ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​គួរតែ​ខិតខំ​ដោយ​ខ្លួន​ឯង ហើយ​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន ។

អំឡុងពេល​សប្តាហ៍​នោះ ខ្ញុំ​បាន​គិត​អំពី​របៀប​ដែល​ខ្ញុំ​ពុំ​អាច​រស់នៅ​ដោយ​ពឹង​លើ​ទីន្ទាល់​របស់​ឪពុកម្តាយ​ខ្ញុំ​ជា​រៀង​រហូត និង​របៀប​ដែល​ខ្ញុំ​គួរតែ​ព្យាយាមកាន់តែ​ខ្លាំង​ឡើង ដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​ខ្ញុំ​ផ្ទាល់ ។ ចាប់តាំង​ពី​នោះ​មក ខ្ញុំ​បាន​ខិតខំ​ក្រោក​ពី​ព្រលឹម​រៀងរាល់​សប្តាហ៍ ដើម្បី​ខ្ញុំ​អាច​ទៅ​ព្រះវិហារ​ទាន់ម៉ោង ហើយ​ទទួលទាន​សាក្រាម៉ង់ ។ ខ្ញុំ​កំពុង​រៀន​ដើម្បី​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួនខាង​វិញ្ញាណ ។

លីអា អាលវេស ទីក្រុង​សេអារ៉ា ប្រទេស​ប្រេស៊ីល

ពីការទាត់​ទៅជាការ​មាន​សន្តាន​ចិត្ត​ល្អ

រូបភាព
boy kicking womans heel

ខ្ញុំ​កំពុង​ឈរ​តម្រង់ជួរ​ជាមួយ​ម្តាយ​ខ្ញុំ​ដើម្បី​បង់​ថ្លៃ​គ្រឿងទេស​ដែល​យើង​បាន​ទិញ ។ ការតម្រង់​ជួរ​ឈរ​ចាំ​នោះ​មាន​មនុស្ស​ច្រើន ដូច្នេះ​ម្តាយ​ខ្ញុំ​បាន​ដើរ​ចៀស​ក្មេង​ប្រុសតូច​ម្នាក់​ដែល​នៅពីមុន​យើង ដើម្បីយើង​ទៅទិញ​ទំនិញ ។ ក្មេង​ប្រុស​តូច​នោះ​បាន​ចាប់ផ្តើម​ទាត់​ម្តាយ​ខ្ញុំ ។ លើកទីពីរ​ដែល​គាត់​បាន​ទាត់​ម្តាយ​ខ្ញុំ នោះ​ម្តាយ​ខ្ញុំ​បាន​ងាកក្រោយ ហើយ​និយាយ « សូម​ក្មួយ​កុំ​ទាត់​មីង​ទៀត​បាន​ទេ ? »

ម្តាយ​របស់​ក្មេង​ប្រុស​នោះ​បាន​ងាកមក ហើយ​បាន​ប្រាប់​ម្តាយ​ខ្ញុំ​ថា វា​ជា​កំហុស​របស់​ម្ដាយ​ខ្ញុំ​ទើប​បាន​កូន​គាត់​ទាត់​​ម្ដាយ​ខ្ញុំ ។ គាត់​បាន​និយាយ​ពាក្យ​បែប​មើល​ងាយ​ដល់​ពួកយើង ។ ខ្ញុំ​បាន​ចាប់ផ្តើម​សម្លឹង​មើល​ទៅ​គាត់​ទាំង​ខឹង ពេល​គាត់​ងាក​ក្រោយ ហើយ​មាន​ភាពក្រអឺត​ក្រទម​ដាក់​អ្នក​គិត​លុយ​ផងដែរ ! ខ្ញុំ​បាន​ធ្វើ​ដូចជា​ត្រជាក់ចិត្តទេ ប៉ុន្តែ​ក្នុង​ចិត្ត​ខ្ញុំ​វិញ​គឺ​ខឹង​ណាស់ ។ វា​បាន​រំខាន​ចិត្ត​ខ្ញុំ ។ ខ្ញុំ​បាន​ដឹង​ថា អ្វី​ដែល​បាន​កើត​ឡើង​ពុំមែន​ជាកំហុស​របស់​ម្តាយ​ខ្ញុំ ឬ​កំហុស​ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​អារម្មណ៍​ឈឺចាប់ ។

នៅពេល​យើង​ទៅដល់​ផ្ទះ ខ្ញុំ​បាន​ទៅ​ក្នុង​បន្ទប់​ខ្ញុំ ហើយ​បាន​យក​ព្រះគម្ពីរ​ខ្ញុំ​មក​អាន ។ បន្ទាប់​ពី​អាន​បាន​មួយ​នាទី​មក ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ត្រូវតែ​អធិស្ឋាន ។ ខ្ញុំ​គ្មាន​អារម្មណ៍​អធិស្ឋាន​ទេ ប៉ុន្តែ​ខ្ញុំ​បាន​លុតជង្គង់​ចុះ ហើយ​ចាប់ផ្តើម​អធិស្ឋាន ។ ទីបំផុត ខ្ញុំ​បាន​ឃើញ​ថា ខ្ញុំ​បានអធិស្ឋាន​អំពី​ស្ត្រី​នោះ ដែល​បាន​ប្រព្រឹត្ត​អាក្រក់​ដាក់​យើង ។ អារម្មណ៍​ស្ងប់សុខ​ដ៏​ខ្លាំង ដែល​ខ្ញុំ​ធ្លាប់​មាន​បាន​មាន​ពេញ​ក្នុង​ខ្លួន​ខ្ញុំ ។ ខ្ញុំ​គ្មាន​កំហឹង​ក្នុង​ចិត្ត​ខ្ញុំ​ចំពោះ​ស្ត្រីនោះ​ទៀត​ឡើយ ។ ខ្ញុំ​បាន​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់ ។

តេរេសា ជី រដ្ឋ​អៃដាហូ ស.រ.អា.