២០១៩
ការរស់នៅ​តាម​បទដ្ឋាន​របស់​ខ្ញុំ
ខែ មិថុនា ឆ្នាំ ២០១៩


ការរស់នៅ​តាម បទដ្ឋានរបស់​ខ្ញុំ

« ឈរ​ជា​សាក្សី​ដល់​ព្រះ​នៅ​គ្រប់​ពេល » ( ម៉ូសាយ ១៨:៩ ) ។

រូបភាព
Living My Standards

ឪពុក​របស់​ខ្ញុំ​បាននៅ​ក្នុង​ជួរ​កងទ័ព ដូច្នេះ​យើង​បាន​ប្តូរ​ទីលំនៅ​ច្រើន​ដង កាល​ខ្ញុំ​នៅ​ក្មេង ។ រឿងមួយ​ដ៏​លំបាក​បំផុត​អំពីការប្តូរ​ទីលំនៅ​នោះ​គឺ ការចេញពី​មិត្តភក្តិ​របស់ខ្ញុំ ។ ខ្ញុំ​មាន​ការលំបាក​ក្នុងការ​រាប់អាន​មិត្តភក្តិ​ថ្មី ដោយសារ​ខ្ញុំ​អៀនខ្មាស ។ ដោយ​អំណរគុណ មនុស្ស​មាន​ភាពរួសរាយ​ជានិច្ច​ទាំង​នៅ​សាលា​រៀន និង​នៅ​ថ្នាក់​អង្គការ​បឋម​សិក្សា ។ នៅ​ព្រះវិហារ​វា​មិន​ជា​បញ្ហា​អ្វី​នោះទេ ទោះបី​យើង​មានភាព​ខុសប្លែក​គ្នា​ប៉ុណ្ណា​ក្តី ។ យើង​ទាំងអស់​គ្នា​គឺ​ជា​មិត្ត​ភក្តិ​នឹង​គ្នា ។

របៀប​មួយ​ដែល​ខ្ញុំ​យក​ឈ្នះ​លើ​ភាព​អៀន​ខ្មាស​របស់​ខ្ញុំ​គឺ​ជួយ​កិច្ចការ​នៅ​ព្រះវិហារ ។ ខ្ញុំ​បាន​ចាប់ផ្តើម​ជាមួយ​ថ្នាក់​អង្គការ​បឋម​សិក្សា ។ ខ្ញុំ​បាន​ចែកចាយ​ខគម្ពីរ​មួយ​នៅម៉ោង​ពេលវេលា​ចែកចាយ ។ ខ្ញុំ​បាន​អាន​ខគម្ពីរ​នោះឭៗ​នៅ​ក្នុង​ថ្នាក់ ។ បន្តិច​ម្តងៗ ខ្ញុំ​មាន​អារម្មណ៍​ថា មាន​ទំនុកចិត្ត​កាន់តែ​ច្រើន ។ វា​បាន​ជួយ​ខ្ញុំ​ឈរ​រឹងប៉ឹង​ចំពោះ​ជំនឿ​របស់​ខ្ញុំ ។

កាល​ខ្ញុំ​រៀន​ថ្នាក់​ទី​បួន ឬទី​ប្រាំ គ្រួសារ​ខ្ញុំ​បាន​រស់នៅ​រដ្ឋ​ម៉ារីលែន ស.រ.អា. ។ គ្មាន​សមាជិក​សាសនាចក្រ​ច្រើន​នៅសាលា​ខ្ញុំ​ទេ ។ ខ្ញុំ​មាន​មិត្តភក្តិ​ដែលជា​សមាជិក​សាសនាចក្រ និង​មិនមែន​ជាសមាជិក​សាសនាចក្រ ។

កាល​នៅ​វ័យ​ជំទង់ មិត្តភក្ដិ​មួយ​ចំនួន​របស់​ខ្ញុំ​បាន​ធ្វើ​រឿង​ដែល​ផ្ទុយ​ពី​បទដ្ឋាន​របស់ខ្ញុំ ។ ប៉ុន្តែ​​ពួកគេ​ពុំ​បាន​ព្យាយាម​ឲ្យ​ខ្ញុំ​ធ្វើ​រឿង​ទាំងនោះ​ទេ ។ ខ្ញុំ​មាន​អំណរគុណ​ដែលមិត្តភក្តិ​របស់​ខ្ញុំ​បាន​គោរព​សេចក្តីជំនឿ​របស់​ខ្ញុំ ។ ជួនកាល​ខ្ញុំ​មាន​អារម្មណ៍​ថា​ឯកោ ដោយសារ​ខ្ញុំ​ពុំ​អាច​ធ្វើ​អ្វី​គ្រប់​យ៉ាង ដែល​មិត្តភក្តិ​នៅ​សាលា​របស់ខ្ញុំ​ធ្វើ​បានទេ ។ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ល្អ​ពី​ការធ្វើតាម​បទដ្ឋាន​របស់​ខ្ញុំ​ជានិច្ច ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​ចង់​រស់នៅតាម​ដំណឹង​ល្អ មិន​ថា​មាន​អ្វី​កើត​ឡើង​នោះទេ ។ ទីបន្ទាល់​របស់​ខ្ញុំ​បាន​រឹងមាំ​ឡើង​នៅក្នុង​ថ្នាក់​អង្គការ​បឋម​សិក្សា និង​រាត្រីជួបជុំ​ក្រុមគ្រួសារ ។ ខ្ញុំ​បាន​ដឹង​ច្បាស់​ថា ខ្ញុំ​ជា​កូន​របស់​ព្រះ ។

ជាច្រើន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បានដឹង​ថា មិត្តភក្ដិពីរ​នាក់​នៅ​សាលា​រៀន​របស់​ខ្ញុំ​បាន​ចូល​ជាសមាជិក​សាសនាចក្រ ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ! ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ការមើល​ខ្ញុំ​រស់នៅតាម​ដំណឹងល្អ កាល​ពី​ពួកគេ​នៅ​តូច​បាន​ជួយ​ពួកគេ​សម្រេច​ចិត្ត​ស្តាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។

មិត្ត​វ័យ​ក្មេង​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ក្មួយៗ​គឺជា​បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​របស់យើង ។ ពេល​ក្មួយៗ​​ចងចាំ​អំពី​សេចក្តីពិត​ដ៏​សំខាន់នេះ រៀងរាល់​ថ្ងៃ នោះ​ការរស់នៅ​តាម​ដំណឹងល្អ​របស់ក្មួយៗ​​នឹង​កាន់តែ​ងាយ​ស្រួល ។