២០១៩
ប្រជាជន​នៅ​កាលីឡេ
ខែ មិថុនា ឆ្នាំ ២០១៩


ប្រជាជន​នៅ កាលីឡេ

អំឡុងពេល​ព្រះអង្គសង្គ្រោះ​គង់​នៅ​លើ​ផែនដី ទ្រង់​បាន​បង្រៀន និង​ប្រទាន​ការងារ​បម្រើ​ដល់​មនុស្ស​ជាច្រើន ។ មាន​មនុស្ស​មួយ​ចំនួន​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រទាន​ការងារ​បម្រើ​នៅ​កាលីឡេ ។ តើ​ប្រជាជន​ទាំង​នេះ​នឹងថ្លែង​អ្វី​ខ្លះ ប្រសិនបើ​ពួកគេ​អាច​ប្រាប់​ពី​រឿង​របស់​ពួកគេ​ផ្ទាល់​ដែល​មាន​នៅក្នុង​ព្រះគម្ពីរ​នោះ ? ទាំងនេះ​គឺជា​គំនិតយោបល់​មួយ​ចំនួន ។

រូបភាព
children in Galilee

កុមារ ៖ ខ្ញុំ​បាន​ឈរ​ក្បែរ​ព្រះយេស៊ូវគ្រីស្ទ និង សាវក​របស់​ទ្រង់ ។ ពួកសាវក​កំពុង​ប្រកែក​គ្នា​អំពី​អ្វី​មួយ ហើយ​ព្រះយេស៊ូវ​បាន​សួរ​ពួកលោក​អំពី​រឿង​នោះ ។ ពួក​សាវក​បាន​ស្ងាត់ ហើយ​គ្មាន​នរណា​ម្នាក់​និយាយ​ឡើយ ដោយសារ​ពួកលោក​បាន​ប្រកែក​គ្នា​ថា តើ​ពួកលោក​ណា​ម្នាក់​ដែល​នឹង​បាន​ទៅជា​ធំ​នៅក្នុង​នគរ​ស្ថានសួគ៌ ។ បន្ទាប់​មក ព្រះអង្គ​សង្គ្រោះ​បាន​មក​រក​ខ្ញុំ ។ ខ្ញុំ​បាន​ឈរ​នៅកណ្តាល​ពួកលោក ហើយ​ទ្រង់​បាន​លើកបី​ខ្ញុំ​ក្នុង​រង្វង់​ព្រះហស្ត​ទ្រង់ ។ ទ្រង់​បាន​ប្រាប់​ពួកលោក​ថា នរណា​ដែល​បន្ទាប​ខ្លួន​ដូចជា​កូន​ក្មេង​តូច​នេះ គឺ​នឹង​បាន​ធំ​នៅក្នុង​នគរ​ស្ថានសួគ៌​ហើយ ។ ( សូមមើល ម៉ាកុស ៩:៣៣–៣៧; ម៉ាថាយ ១៨:១–៥ ) ។

កុមារា​តូច ៖ ខ្ញុំ​បាន​ឮ​ពី​ព្រះយេស៊ូវគ្រីស្ទ និង​អព្ភូតហេតុ​ដែល​ទ្រង់​បាន​សម្តែង​ដល់​ពួក​អ្នក​ឈឺ ។ ដូច្នេះពេល​ទ្រង់​យាង​ទៅ​ទីបេរាស នោះ​ខ្ញុំ​បាន​ចូលរួម​នឹង​ហ្វូង​មនុស្ស​ដែល​បាន​ដើរ​តាម​ទ្រង់ ។ ពួកយើង​មាន​គ្នា​ច្រើន​ណាស់ គឺ​ប្រហែល​ជា ៥០០០ នាក់ ។ ខ្ញុំ​មាន​តែ​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ ។ ព្រះយេស៊ូវគ្រីស្ទ​បាន​យក​វា ហើយ​ប្រទានពរ​វា ។ ដោយ​អព្ភូតហេតុ មនុស្ស​គ្រប់​គ្នា​បាន​បរិភោគ​អាហារ​ដែល​ខ្ញុំ​មាន​នោះ ។ ប៉ុន្តែ​វា​ពុំ​បាន​បញ្ចប់​ត្រឹម​នោះ​ទេ ។ ពេល​មនុស្ស​ទាំង​នោះ​បានបរិភោគ​ឆ្អែត​ហើយ ពួកសិស្ស​បាន​ប្រមូល​អាហារ​ដែល​នៅសល់​នោះ ។ អាហារ​ទាំងនោះ​ដាក់បាន​ពេញ ១២ កន្ត្រក់​ទៀត ។ ( សូមមើល យ៉ូហាន ៦:៥–១៤ ) ។

រូបភាព
people in Galilee 1

បុរស ៖ ខ្ញុំ​បាន​មាន​ជំងឺ​ស្លាប់​ដៃ​ស្លាប់​ជើង ដូច្នេះ​ខ្ញុំ​ពុំ​អាច​កម្រើក​បាន​ទេ ។ ហើយ​ក្រៅពី​នោះ ខ្ញុំ​មាន​ការញ័រ​ដែល​ពុំ​អាចគ្រប់គ្រង​បាន ។ វា​មាន​ការឈឺចាប់​ណាស់ ។ មិត្តភក្ដិ​របស់​ខ្ញុំ​បាន​ឮ​ថា ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​បង្រៀន​គេ​នៅក្នុង​ផ្ទះ​មួយ ។ ពួកគេ​បាន​ដឹង​ថា ទ្រង់​អាច​ជួយ​ខ្ញុំ​បាន ដូច្នេះ​ពួកគេ​បាន​ព្យាយាម​នាំ​ខ្ញុំ​ទៅ​រក​ទ្រង់ ។ នៅ​ផ្ទះ​នោះមាន​មនុស្ស​ច្រើន​កកកុញ ដូច្នេះ​ពួកគេ​បាន​សម្រេច​ចិត្ត​ដាក់​ខ្ញុំ​ចុះ​តាម​ដំបូល​ផ្ទះ ។ ពួកគេ​បាន​បើក​ដំបូល​ផ្ទះ​នោះ ហើយ​ដាក់​ខ្ញុំ​ចុះ​នៅ​មុខ​ព្រះភ័ក្រ​ព្រះ​យេស៊ូវគ្រីស្ទ ។ ពេលទ្រង់​បាន​ទត​ឃើញ​ខ្ញុំ ទ្រង់​មាន​បន្ទូល​ថា អំពើ​បាប​របស់​ខ្ញុំ​ត្រូវបាន​អត់ទោស​ឲ្យ​ហើយ ។ ទ្រង់​បាន​ប្រាប់​ខ្ញុំ​ថា ចូរ​ក្រោក​ឡើង​យក​គ្រែ​របស់​ខ្ញុំ​ដើរ​ទៅ​ចេញ ។ ដូច្នេះ​ខ្ញុំ​ជា ហើយ​ដើរ​ចេញ​ទៅ—ហើយ​មនុស្ស​គ្រប់គ្នា​មាន​ក្តីអស្ចារ្យ​ណាស់ ! ( សូមមើល ម៉ាកុស ២:១–១២ ) ។

នាម៉ឺន ៖ ខ្ញុំ​នៅ​ស្រុក​កាណា​កាល​គ្រា​នោះ ។ ហើយ​កូន​ប្រុស​ខ្ញុំ​នៅ​ក្រុង​កាពើណិម​ហៀបនឹង​ស្លាប់ ។ ខ្ញុំបាន​ឮ​ថា ព្រះយេស៊ូវគ្រីស្ទ​គង់​នៅ​តំបន់នោះ ដូច្នោះ​ខ្ញុំ​បាន​ទៅ​រកទ្រង់ ។ ពេល​ខ្ញុំ​បាន​ជួប​ទ្រង់ ខ្ញុំ​បាន​ទូល​សុំ​ទ្រង់​ឲ្យ​ទៅ​កាពើណិម​ដើម្បី​ព្យាបាល​កូន​ប្រុស​របស់​ខ្ញុំ ។ ទ្រង់​បាន​មាន​បន្ទូល​ប្រាប់​ខ្ញុំ​ឲ្យ​ទៅ​ផ្ទះ ដោយសារ​កូនប្រុស​របស់​ខ្ញុំ​នៅរស់ទេ ។ ខ្ញុំ​បាន​ជឿ​ទ្រង់ ។ ពេល​ខ្ញុំ​ទៅដល់​ផ្ទះ​វិញ អ្នកបម្រើ​ខ្ញុំ​បាន​ចេញ​មក​ទទួល​ខ្ញុំ ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា កូន​ប្រុស​ខ្ញុំ​នៅរស់​ទេ ។ ខ្ញុំ​បាន​សួរ​ពួកគេ​ថា តើ​កូន​ប្រុស​ខ្ញុំ​បាន​ចាប់ផ្តើម​មាន​សុខភាព​ល្អ​វិញ​តាំង​ពីពេល​ណា ។ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា កាលពីម្សិលមិញ​នៅយាមទី​ប្រាំពីរ ។ វា​នៅចំពេល​ដែល​ព្រះគ្រីស្ទ​បាន​ប្រាប់​ខ្ញុំ​ថា កូន​ប្រុស​ខ្ញុំ​នៅ​រស់ទេ ! ( សូមមើល យ៉ូហាន ៤:៤៦–៥៣ ) ។

ម៉ារា ម៉ាក់ដាឡា ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​បណ្តេញ​អារក្ស​ប្រាំពីរ​ចេញពីខ្ញុំ ។ ខ្ញុំ​បាន​ដើរ​តា​ម​ទ្រង់ ពេល​ទ្រង់​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​ជាច្រើន​ប្រកាស​ដំណឹងល្អ ។ ( សូមមើល លូកា ៨:១–៣ ) ។ ពេលព្រះគ្រីស្ទ​ត្រូវបាន​គេ​ឆ្កាង នោះ​ខ្ញុំ​នៅ​ក្បែរ​ឈឺ​ឆ្កាង​នោះ ( សូមមើល យ៉ូហាន ១៩:២៥ ) ។ ខ្ញុំ​បាន​ទៅ​ឯផ្នូរ​ដែល​គេ​បាន​បញ្ចុះ​ព្រះសព​របស់​ទ្រង់ ។ ខ្ញុំ​គឺជា​បុគ្គល​ទី​មួយ​ដែល​បាន​ឃើញ​ទ្រង់ បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។ ដំបូង​ខ្ញុំ​បាន​គិត​ថា ទ្រង់​គឺជា​អ្នក​ថែសួន ប៉ុន្តែ​ពេល​ទ្រង់​បាន​ហៅ​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​បាន​ដឹង​ថា ទ្រង់​គឺជា​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ ។ ( សូមមើល យ៉ូហាន ២០:១១–១៦ ) ។

រូបភាព
people in Galilee 2

សាឡូមេ ៖ ខ្ញុំ​ជា​ភរិយា​របស់​សេបេដេ និង​ជា​ម្តាយ​របស់​យ៉ាកុប និង​យ៉ូហាន ដែល​ជា​សាវក​ពីរ​រូប​របស់​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំបាន​ដើរ​តាម និង​បម្រើ​ទ្រង់ អំឡុងពេល​ទ្រង់​គង់នៅ​កាលីឡេ ។ ខ្ញុំ​បាន​នៅ​គាល់កូថា ពេលទ្រង់​ត្រូវបាន​គេ​ឆ្កាង ។ ( សូមមើល ម៉ាកុស ១៥:៣៧–៤១ ) ។ ខ្ញុំ​បាន​យក​គ្រឿង​ក្រអូប​ទៅ​ផ្នូ​របស់​ទ្រង់ ដើម្បី​លាប​តាំង​ប្រកាយ​ទ្រង់ ប៉ុន្តែ​ពេល​ខ្ញុំ​ទៅដល់​ផ្នូរ ទ្រង់​ពុំ​បានគង់​នៅទីនោះទេ ។ ផ្ទុយទៅវិញ ខ្ញុំ​បាន​ឃើញបុរស​ម្នាក់​ដែល​ស្លៀកពាក់​រ៉ូប​ពណ៌​ស ។ ដំបូង​ខ្ញុំ​ខ្លាច ប៉ុន្តែ​លោក​បាន​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​ខ្លាច​អី ។ លោក​បាន​មាន​បន្ទូល​ថា ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញហើយ ហើយ​ខ្ញុំ​គួរតែ​ប្រាប់​ពួកសាវក​អំពី​រឿង​នេះ ។ ( សូមមើល ម៉ាកុស ១៦:១–៨ ) ។

ម្តាយ​ក្មេក​របស់​ស៊ីម៉ុន​ពេត្រុស ៖ ខ្ញុំ​មាន​ជំងឺគ្រុនក្តៅ​ធ្ងន់ធ្ងរ ។ ពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​ឮ​ថា​ខ្ញុំ​ឈឺ ទ្រង់​បាន​យាង​មក​រក​ខ្ញុំ ។ ទ្រង់​បាន​ចាប់​ដៃ​ខ្ញុំ ហើយ​បាន​លើក​ខ្ញុំ​ឡើង ។ ជំងឺ​គ្រុនក្តៅ​នោះ​បាន​បាត់​ពី​ខ្ញុំ​មួយ​រំពេច ។ ខ្ញុំ​មាន​អារម្មណ៍​ស្រួលខ្លួន​ឡើង​វិញ ហើយ​ខ្ញុំ​ថែមទាំង​បាន​ផ្តល់​ការងារ​បម្រើ​ដល់មនុស្ស​ដែល​នៅជុំវិញ​ខ្ញុំ​ផងដែរ ។ ( សូមមើល ម៉ាកុស ១:២៩–៣១ ) ។

ស្ត្រី​ម៉េមាយ​នៃស្រុក​ណាអ៊ីន ៖ កូន​ប្រុស​របស់ខ្ញុំ​ទើបតែ​ស្លាប់ ។ ខ្ញុំ​ទើប​តែ​បាត់បង់​ស្វាមី​របស់​ខ្ញុំ ។ ខ្ញុំ​មាន​ទុក្ខ​ក្រៀមក្រំ​ណាស់ ។ ទោះបី​មាន​មនុស្ស​ជា​ច្រើន​នៅជាមួយ​ខ្ញុំ​ក្តី ខ្ញុំ​នៅតែ​យំពុំ​ឈប់ ។ ពេលយើង​សែង​សព​កូន​ប្រុស​របស់ខ្ញុំចេញពី​ទ្វារ​ក្រុង បុរស​ម្នាក់​បាន​មក​ជួប​ខ្ញុំ ។ ទ្រង់​គឺ​ជា​ព្រះ​យេស៊ូវគ្រីស្ទ ។ ទ្រង់​មាន​ព្រះទ័យ​អាណិត​ដល់​ខ្ញុំ ហើយ​បាន​មាន​បន្ទូល​ប្រាប់​ខ្ញុំ​កុំ​ឲ្យ​ខ្ញុំ​យំ ។ បន្ទាប់​មក ទ្រង់បាន​យាង​ទៅ​រកកូន​ប្រុស​ខ្ញុំ ។ មនុស្ស​ដែល​សែងសព​កូន​ខ្ញុំ​ពួកគេ​នៅឈរ​ស្ងៀម ។ ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​បន្ទូល​ប្រាប់​កូន​ប្រុស​ខ្ញុំ​ឲ្យ​ក្រោក​ឡើង ។ ហើយ​គាត់​បាន​ក្រោក​ឡើង​មែន ។ គាត់​បាន​ក្រោក​ឡើង​អង្គុយ ហើយ​ចាប់​តាំង​និយាយ ហើយ​គាត់​បាន​មក​រក​ខ្ញុំ​វិញ ។ គាត់​នៅរស់ទេ ! យើង​ទាំងអស់​គ្នា​បាន​សរសើរ​តម្កើង​ព្រះ ហើយ​បាន​ដឹង​ថា មាន​ព្យាការី​ម្នាក់​ដ៏អស្ចារ្យ​នៅក្នុង​ចំណោម​ពួកយើង ។ ( សូមមើល លូកា ៧:១១–១៧ ) ។

រូបភាព
people in Galilee 3

ម៉ារា ៖ ខ្ញុំ​បាន​ឮ​ពី​ព្រះមេស៊ី​ដែល​នឹង​យាង​មក ។ ខ្ញុំ​ពុំ​បាន​រំពឹង​ថា នឹង​ធ្វើ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​នេះ​ទេ ។ ខ្ញុំ​បាន​ភ្ជាប់ពាក្យ​ជាមួយយ៉ូសែប​ហើយ ពេល​ទេវតា​មួយ​អង្គ​បាន​មក​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​កូន​ប្រុស​មួយ ដែល​នឹង​ក្លាយ​ជា​ព្រះរាជបុត្រា​នៃ​ព្រះ ហើយ​ដាក់​ព្រះនាម​ទ្រង់​ថាយេស៊ូវ ។ ( សូមមើល លូកា ១:២៦–៣៨ ) ។ ហើយ​ព្រះមែស៊ី​បាន​យាង​មកមែន ។ ខ្ញុំ​បាន​ផ្ដល់​កំណើត​ដល់​ទ្រង់​នៅក្នុង​ក្រោល​សត្វ ។ ពួក​អ្នក​គង្វាល និង​ពួកហោរា​បាន​មក​ឯ​ទ្រង់ ហើយ​ថ្វាយ​អំណោយ​ដល់​ទ្រង់ ។ ( សូមមើល ម៉ាថាយ ២:១–១២; លូកា ២:១–២០ ) ។ យ៉ូសែប និង​ខ្ញុំ​បានចិញ្ចឹម​ទ្រង់ ប៉ុន្តែ​ទ្រង់​ធ្វើ​ឲ្យ​យើង​មាន​ក្តីអស្ចារ្យ​ជានិច្ច ។ មាន​គ្រា​មួយ​ទ្រង់​បាន​បាត់​ខ្លួន​បី​ថ្ងៃ ។ ទីបំផុត​យើង​បាន​រកទ្រង់​ឃើញ​នៅ​ព្រះវិហារបរិសុទ្ធ ។ ពួក​អ្នក​ប្រាជ្ញា​កំពុង​ស្តាប់​ទ្រង់ ហើយ​សួរ​សំណួរ​ដល់​ទ្រង់ ។ ( សូមមើល លូកា ២:៤០–៥២ ) ។

ហ្វីលីព ៖ ខ្ញុំ​គឺជា​សាវក​ម្នាក់​របស់​ព្រះគ្រីស្ទ ។ ទ្រង់​បាន​បញ្ជូន​យើង​ឲ្យ​ទៅ​ប្រកាស​ដំណឹងល្អ​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រាប់​យើង​ឲ្យ​ផ្តោត​ចិត្ត​ទុកដាក់​លើ​ចៀម​អ៊ីស្រាអែល​ដែល​បាន​បាត់ ។ ទ្រង់​ក៏​បាន​ប្រទាន​អំណាច​ដល់យើង​ដើម្បី​ព្យាបាល​អ្នកឈឺ ព្យាបាល​មនុស្ស​ឃ្លង់ ប្រោស​មនុស្ស​ឲ្យ​រស់ឡើង​វិញ និង​បណ្តេញ​អារក្ស ។ ទ្រង់​បាន​ប្រាប់​យើង​កុំ​ឲ្យ​យក​ប្រាក់ ឬ​សម្លៀកបំពាក់​ឡើយ ប៉ុន្តែ​ទ្រង់​បាន​ព្រមាន​យើង​ថា យើ​ង​នឹង​ត្រូវបាន​គេ​បៀតបៀន ។ ប៉ុន្តែ​យើង​បាន​ទុកចិត្ត​លើ​ទ្រង់ ដោយសារ​យើង​ដឹង​ថា ប្រសិនបើ​យើង​កាន់​ខ្ជាប់​ដរាប​ដល់​ចុង​បំផុត នោះ​យើង​នឹង​បាន​សង្គ្រោះ ។ ( សូមមើល ម៉ាថាយ ១០:១–១០, ១៧–១៨, ២២–២៣ ) ។

ថា​ថាដេ យូដាស ៖ ខ្ញុំ​គឺ​ជា​សាវក​ម្នាក់​របស់​ព្រះគ្រីស្ទ ។ ថ្ងៃ​មួយ ពេល​ទ្រង់​កំពុង​បង្រៀន​យើង—ទ្រង់​បង្រៀន​យើង​ជារឿយៗ—នោះ​ទ្រង់​បាន​ប្រាប់យើង​ថា ទ្រង់​នឹង​ពុំ​គង់នៅលើ​ផែនដី​បាន​យូរ​ទៀតទេ ។ ទ្រង់​បាន​ប្រាប់​យើង​ថា ប្រសិនបើ​យើង​រក្សា​បទបញ្ញត្តិ​ទ្រង់ ហើយ​ស្រឡាញ់​ទ្រង់ នោះ​ទ្រង់​នឹង​យាង​មក ហើយ​បង្ហាញ​ព្រះកាយ​ទ្រង់​ដល់​ពួកយើង ។ ទ្រង់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​បញ្ជូន​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ជួយ​យើង​ឲ្យ​ចាំ​អ្វី​ដែល​ទ្រង់​បាន​បង្រៀន​យើង ។ ( សូមមើល យ៉ូហាន ១៤:១៩–២៧ ) ។