២០១៩
បាន​ទទួល​ពរ​តាមរយៈ​ការមាន​កូន
ខែ មិថុនា ឆ្នាំ ២០១៩


យុវមជ្ឈិមវ័យ

បាន​ទទួល​ពរ​តាមរយៈ​ការមាន​កូន

អ្នក​និពន្ធ​រស់​នៅទីក្រុង​ម៉ាណាហ្គោ ប្រទេស​នីការ៉ាហ្គោ ។

មនុស្ស​ជាច្រើន​បាន​​មាន​ការសង្ស័យ​ពី​យើង​ដែល​ចេះ​តែ​មាន​កូន​ថែមទៀត ប៉ុន្តែ​តាមរយៈ​កូន​របស់យើង យើង​អាច​យល់​បាន​ប្រសើរ​ឡើង​ពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ ហើយ​អភិវឌ្ឍសក្តានុពលនៃភាព​ជាព្រះ​របស់យើង ។

រូបភាព
family and data-posterity

រចនា​រូបភាព​ដោយ តោស្សា ខូតេស

តើ​នេះ​ជាកូន​ពៅ​របស់​អ្នក​ឬ ? » ដោយ​មាន​កូន​ពីរ​នាក់​អាយុ​ក្រោម​ប្រាំឆ្នាំ​រួច​ទៅហើយ នោះពេល​ខ្ញុំ​មាន​ផ្ទៃពោះ​កូនទីបី ​ជារឿយៗ​មនុស្ស​ហាក់ដូចជា​មាន​គំនិត​មួយ​អំពី​កូន​របស់យើង ។ « តើ​នេះ​ជាកូន​ពៅ​របស់​អ្នក​ឬ ? តើ​អ្នក​គិត​ថា វា​មិន​លឿន​ពេក​ទេ​ឬអី ? តើ​អ្នក​នឹងធ្វើ​អ្វី​ជាមួយ​កូន​ទាំងបីនាក់​នោះ ? » ទាំងនេះ​គឺជាសំណួរ​ដែល​ខ្ញុំ​ឮ​ជារឿយ ។ ទោះបីវា​ជារឿង​អាច​យល់​បាន​ក្តី ជារឿយៗ​ប្រជាជននៅក្នុង​ប្រទេស​ខ្ញុំ​មាន​កូន​តែម្នាក់ ឬពីរ​នាក់​ប៉ុណ្ណោះ ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច អ្វី​ដែល​គេ​ពុំ​ដឹងនោះ​គឺថា ពេល​ស្វាមី​ខ្ញុំ និង​ខ្ញុំ​បានណាត់​ដើរ​លេង​ជាគូរ​នោះ យើង​បាន​និយាយ​អំពី​ចំនួន​កូន​ដែល​យើង​ចង់​បាន និង​ពេលវេលា​ដែល​យើងចង់​បាន​ពួកគេ ។ ផែនការ​គ្រួសារ​គឺជា​រឿង​សំខាន់ ហើយ​ជា​ការសម្រេច​ចិត្ត​សំខាន់​មួយ​ចំពោះពួកយើង ដូច្នេះ​វា​ត្រូវ​ធ្វើ​ឡើង​រវាង​យើង​ទាំងពីរនាក់ ដោយ​ស្វែងរក​ការណែនាំ​ពី​ព្រះ​ជានិច្ច ។ យើង​បាន​ស្តាប់​ព្រះវិញ្ញាណ ជាជាង​ស្តាប់​មនុស្ស​ដែល​នៅជុំវិញ​យើង ហើយ​យើង​មាន​ពរ​ដោយ​ការ​មាន​កូន ។

ពេល​ព្រះអម្ចាស់​បាន​ធ្វើ​សេចក្ដីសញ្ញា​មួយ​ជាមួយ​អ័ប្រាហាំ ទ្រង់​បានសន្យា​ថា លោក​នឹង​មាន​កូនច្រើន ( សូមមើល លោកុប្បត្តិ ១៧:៥–៦; ២២:១៧ ) ។ តាមរយៈ​វគ្គបទគម្ពីរ​នោះ យើង​បាន​ទទួល​អារម្មណ៍ថា ចំពោះ​ព្រះវរបិតាសួគ៌​យើង ការមាន​កូន​គឺជា​ពរជ័យ​មួយ​ដ៏អស្ចារ្យ​បំផុត​ដែល​យើង​អាច​ទទួល ។ តាមរយៈ​កូន​របស់យើង យើង​អាច​យល់​បាន​ប្រសើរ​ឡើង​ពី​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​យើង ហើយ​យើង​អភិវឌ្ឍ​សក្តានុពល​នៃ​ភាព​ជាព្រះ​របស់យើង ។ ពេល​អ្នក​មាន​កូន អ្នកពុំគ្រាន់តែ​ជួយ​វិញ្ញាណ​ទាំងនោះ​ដែល​នៅក្នុងជីវិត​មុន​ឆាក​ជីវិត​នេះ​ឲ្យ​មក​កាន់​ផែនដី ហើយ​ទទួល​រូបរាង​កាយ​ប៉ុណ្ណោះ​ទេ អ្នក​ក៏ថែមទាំង​មាន​ឯកសិទ្ធិ​នៃការបង្រៀន​ដំណឹងល្អ​ដល់ពួកគេ​ផងដែរ ។ ខ្ញុំ​ជឿ​ថា ចំណុច​ពីរបី​នៅក្នុង​ជីវិត​យើង​រៀបចំ​យើង​កាន់តែប្រសើរ​ឡើង​សម្រាប់​ជីវិត​អស់កល្ប​ជានិច្ច ជាងការមាន​កូន ។ ក្រុម​គ្រួសារ​យើង​គឺជាកន្លែង​ល្អបំផុត​ដែល​យើង​រៀន​អនុវត្ត​បុគ្គលិលក្ខណៈ​របស់ព្រះអម្ចាស់ ។ ឥឡូវនេះ ខ្ញុំ​គឺជា​ម្តាយ​មួយ​រូប ខ្ញុំ​ត្រូវបាន​រំឭក​ពី​សារៈសំខាន់​ដើម្បី​បន្ត​នៅ​ជិត​នឹង​ព្រះវរបិតាសួគ៌​ខ្ញុំ​ប្រចាំ​ថ្ងៃ ។ ខ្ញុំ​អធិស្ឋាន​គ្រប់ពេល ទូលសូម​ការណែនាំ កម្លាំង និង​ការអត់ធ្មត់ ហើយ​ថ្លែងអំណរគុណ​ទ្រង់​សម្រាប់​ពរជ័យ​ជាច្រើន ដែល​កើត​ឡើង​ជាមួយ​នឹងការមាន​កូន ។

ភាពជា​ឪពុកម្តាយ​គឺជា​បទពិសោធន៍​ផ្លាស់ប្តូរជីវិត​មួយ​ដែល​ពោរពេញ​ដោយ​ឧបសគ្គ​មួយ​ចំនួន ប៉ុន្តែ​ក៏​មាន​អំណរ​ជា​ច្រើន​ផងដែរ ។ គ្រប់ពេល​ដែល​ខ្ញុំ​ស្តាប់​កូនស្រីច្បង​របស់​ខ្ញុំ​ច្រៀងចម្រៀង​ថ្នាក់​អង្គការ​បឋមសិក្សា ឬ​មើល​កូនប្រុស​អាយុពីរឆ្នាំ​របស់​ខ្ញុំ ព្យាយាម​បិទភ្នែក​គាត់​អំឡុងពេល​អធិស្ឋាន​ជាគ្រួសារ​របស់យើង ឬពេល​ខ្ញុំ​បី​កូន​ប្រុស​ខ្ញុំ​ដែល​កំពុង​ដេក​នៅក្នុង​រង្វង់​ដៃ​ខ្ញុំ នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា ចិត្ត​ខ្ញុំ​ពោរពេញ​ដោយ​អំណរ​ដែល​ពុំ​អាច​ថ្លែងបាន ។ កូនៗ​របស់យើង​គឺជាកម្លាំង​ដែល​បន្ត​ឲ្យ​យើង​ស៊ូទ្រាំ​រហូត​ដល់​ទីបញ្ចប់ ទោះបីជាមាន​ឧបសគ្គច្រើន​ប៉ុណ្ណា​ដែល​យើង​ប្រឈមមុខ​ក្នុង​ជីវិត​ក្តី ។ ខ្ញុំ​ពិតជាមាន​អំណរគុណ​ចំពោះ​ព្រះវរបិតាសួគ៌​ខ្ញុំ​ចំពោះ​ការផ្តល់ឱកាស​ដើម្បី​ក្លាយ​ជាម្តាយ​នៃ​កូនៗ​របស់​ខ្ញុំ ។

ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​របស់​យើង​ស្រឡាញ់​យើង ។ ខ្ញុំបាន​ទទួល​អារម្មណ៍​នៃសេចក្តីស្រឡាញ់​របស់ទ្រង់ អំឡុងពេល​នៃ​គ្រា​ដ៏​ផ្អែមល្ហែម​នៃ​សុភមង្គល​យូរអង្វែង​ដ៏ពិត និង​អំឡុងពេល​នៃ​ការសាកល្បង​របស់​យើង ។ ទ្រង់​បាន​បញ្ជូន​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​បង្ហាញ​យើង​នូវ​ផ្លូវ​ដែល​ត្រឡប់​ទៅកាន់​ផ្ទះ​សួគ៌ា​របស់យើង​វិញ ។ ខ្ញុំ​ស្រឡាញ់​គ្រួសារ​របស់ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា ក្រុម​គ្រួសារ​អាច​នៅ​ជុំ​គ្នា​ជា​និរន្ដរ ។